Friday, August 1, 2014

ទស្សនៈ Brad Adams មិនយល់ទាល់តែសោះអំពី «កិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ២០១៤» ជាពិសេសគឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលអាចបង្កើតឡើងថ្មីមួយ និង សមាជិកទី៩ របស់គណៈកម្មាធិការនេះ


នៅក្នុងបទសម្ភាសន៍ជាមួយនឹង Chi Vita ដែលបានបង្ហោះលើគេហទំព័រវិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ លោក Brad Adams បានបើកការវាយប្រហារបង្កាទុកជាមុន ដើម្បីរារាំងឱកាស​ដ៏ល្អមួយ​សម្រាប់​ឱ្យ ប្រជាជនកម្ពុជាមាននូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយ ដែលល្អជាង​គណៈ​កម្មាធិការ​ដែល​មាន ស្រាប់នេះរាប់រយរាប់ពាន់ដង។

ប្រការ២នៃកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងCPP និងCNRP បានចែងអំពីការបង្កើត គ.ជ.ប ដែលមានសមាជិកចំនួនប្រាំបួនរូប ដែលបួនរូបតែងតាំងដោយគណបក្សកាន់អំណាច (គឺគណ​បក្ស​ប្រជា​ជនកម្ពុជា) បួនរូបតែងតាំងដោយគណបក្សដែលមិនមែននៅក្នុងរដ្ឋាភិបាល (គឺគណបក្សសង្គ្រោះជាតិ) ហើយ​សមាជិក​ទី៩ តែង តាំងដោយការយល់ព្រមជាឯកច្ឆន្ទរវាងគណបក្សនយោបាយដែលមានអាសនៈនៅក្នុង រដ្ឋ​សភាជាតិ។


 ការររៀបចំសមាសភាពនៃគ.ជ.ប បែបនេះ មិនបានផ្តល់ប្រៀបទៅឱ្យ CPPCNRP នោះទេ។ សមាជិកទី៩ ប្រសិនបើត្រូវបានរកឃើញ ហើយត្រូវបានតែងតាំងដោយកុងសង់ស៊ីសពីគណបក្សទាំងអស់ និងត្រូវ​បាន​ទទួល​យក ដោយអ្នកដែលត្រូវបានតែងតាំងនោះ នឹងនាំមកនូវតុល្យភាព និងអព្យាក្រឹតភាពនៅក្នុងដំណើរការនៃ គ.ជ.ប។ អាស្រ័យ ដោយមានមហិច្ឆតាសងសឹងដោយងងឹតងងល់របស់ខ្លួនមកលើមេដឹកនាំ និងប្រជាជន​កម្ពុជា Brad Adams បាន បង្ហាញនូវ​ប្រភេទ​ទស្សនៈអួតអាង​លើកតំកើង​ខ្លួនឯងដ៏​អាក្រក់​របស់លោក​ដោយ​ខកខានមិនព្រមទទួលយកការពិត និងភាពត្រឹមត្រូវនៃអ្វីៗដែលមិនមែនជាគំនិត និងដំបូន្មានរបស់លោក។


 នៅថ្ងៃទី២៨ ខែកក្កដា សេចក្តីរាយការណ៍ព័ត៌មានក្នុងប្រទេសកម្ពុជា បានផ្តល់ព័ត៌មានថា CPP និង CNRP បានយល់ព្រមតែងតាំងសមាជិកទី៩នៃគ.ជ.បហើយ ដែលនេះ គឺជាវិញ្ញាសារ​ធំបំផុត​ដំបូង​សម្រាប់​សាក​ល្បង សមត្ថភាពរបស់គណបក្សទាំងពីរនេះនៅក្នុងការសម្របសម្រួល។ ប្រសិនបើអ្នក​ដែលត្រូវ​បាន​តែងតាំងនេះ ទទួល យកការតែងតាំងជាសមាជិកទី៩នេះ នោះវានឹងកាន់តែធ្វើឱ្យមានតុល្យភាព និង​អព្យា​ក្រឹតភាព​នៅក្នុងដំណើរការ គ.ជ.ប ថែមទៀត។ ត្រឹមម៉ោង៧យប់ថ្ងៃដដែលនោះ ស្ថាប័នព័ត៌មាន​មួយ​ចំនួនក្នុងកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ថាក្រោយពេល​ដែលមានការ​ឆ្លើយឆ្លង​លិខិតទៅ​វិញទៅ​មករ​វាង​អ្នកដែលត្រូវបានតែងតាំងនោះ ជាមួយនិង CPP និង CNRP លោកស្រី ពុង ឈីវកេក ប្រធានអង្គការ LICADHO កម្ពុជា ត្រូវបានបង្ហាញថាជាអ្នកដែលត្រូវបានតែងតាំងនោះ ហើយ ហើយលោក​ស្រីក៏បាន​យល់ព្រម​ធ្វើជាសមាជិកទី៩នៃ គ.ជ.ប ក្រោយពេលទទួលបានកិច្ចព្រមព្រៀងជាមូលដ្ឋាន មួយពីគណ​បក្សនយោបាយ​ទាំងពីរ ដើម្បីអាចឱ្យលោកស្រីអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយឯករាជ្យពេញលេញ និង ស្មារតីសេ្នហាជាតិ និងគ្មានសម្ពាធនយោបាយ។


 ការប្រញាប់ប្រញាល់របស់Brad Adams ដោយគ្មានការគិតពិចារណាក្នុងការបង្ខូចតម្លៃ «កិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ រវាងCPP និងCNRPនោះ» និងជាពិសេសគ.ជ.ប ថ្មីដែលនឹងត្រូវបង្កើតឡើងនោះ និងក្នុង ការបញ្ចេញភាពខ្វះជំនឿរបស់លោកនៅក្នុងដំណើរការជ្រើសរើសសមាជិកទី៩ គឺជាភ័ស្តុតាង​គ្រប់​គ្រាន់​​សម្រាប់ប្រាប់ ទៅកាន់ពិភពលោកទាំងមូលថា «លោកធ្វើការងារទៅតាមតែរបៀបវារៈរបស់ខ្លួន ទោះ​ជាវាជាអ្វីក៏ដោយ ហើយមិនមែន សម្រាប់បុព្វហេតុនៃប្រជាជនកម្ពុជា ដូចដែល​លោក​ធ្លាប់​ប្រកាស​ថាបានខ្វល់ខ្វាយជាច្រើនដងមកពីមុនហើយនោះ ទេ។»


 ប្រជាជនកម្ពុជា នឹងតាមមើលថាតើរដ្ឋសភាជាតិនឹងបោះឆ្នោតដូចម្ត៉េច នៅក្រោមនីតិវិធីសម្លេងភាគច្រើន ៥០% បូក១ ដើម្បីផ្តល់តំណែងដល់សមាជិកទាំង៩រូបនៅគ.ជ.ប។ នេះគឺជាវិញ្ញាសារដ៏ធំមួយ​ទៀតអំពីឥ​រិយាបទ​នយោបាយ ថ្មីនៃរដ្ឋសភាជាតិក្នុងចំនួនសមាជិកពេញលេញ។ បន្ទុកសម្រាប់​ការទទួល​ខុសត្រូវ​របស់​សមាជិក​សភា CPP នឹងធ្ងន់ ជាងបន្ទុករបស់សមាជិកសភា CNRP

Brad Adams នឹងជាអ្នកឈ្នះចុងក្រោយគេ ប្រសិនបើលទ្ធផលនៃវិញ្ញាសារដ៏ធំនេះបញ្ជាក់ថាវាស្របទៅនឹង គំនិតរបស់លោក។
  
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា





ទស្សនៈ៖ បន្ទាប់ពីពហិការមិនព្រមចូលសភាយ៉ាងយូររបស់គណបក្សសង្គ្រោះជាតិ ឥរិយាបទនយោបាយថ្មីមួយបានចាប់បដិសន្ធិឡើង

     សករាជថ្មីមួយនៅក្នុងនយោបាយកម្ពុជា ត្រូវបានចារទុកសម្រាប់ប្រជាជនខ្មែរជំនាន់ក្រោយ។ ក្រោយ រយៈពេលមួយឆ្នាំដែលគណបក្សសង្រ្គោះជាតិធ្វើពហិការមិនចូលសភាតាំងពីការបោះឆ្នោតសភា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) បានឈាន ដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់វិបត្តិនយោបាយនេះ។ «កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាង CPP និង CNRP គឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ មួយដោយសារហេតុផលមួយចំនួន។


          ទីមួយ និងសំខាន់បំផុត កិច្ចព្រមព្រៀងនេះផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ជម្រុញប្រជាធិបតេយ្យក្នុង ប្រទេសកម្ពុជា តាមរយៈកំណែទម្រង់ស្ថាប័ន និងច្បាប់​​នៃអំណាចនីតិបញ្ញត្តិក្នុងការឆ្លើយតបទៅនឹងតម្រូវការ នៃអ្នកបោះឆ្នោត ដ៏សកម្មនិងរស់រវើក ដែលកំពុងកាន់តែមិនសប្បាយចិត្តជាមួយនឹង «របៀបធ្វើការចាស់ៗ» ដោយអាជ្ញាធរនានាដែលគ្រប់គ្រងទាំងស្រុងដោយ CPP។ អ្នកបោះឆ្នោតបានបោះឱ្យ CPP ៦៨ អាសនៈ និង CNRP ៥៥អាសនៈ ក្នុងការបោះឆ្នោតទូទៅ ខែកក្កដា ឆ្នាំ២០១៣ ដែលជាលទ្ធផលមួយដែលចាប់ផ្ដើមពង្រឹង អំណាចតថ្លៃរបស់ CNRP និងមិនអនុញ្ញាតឱ្យ CPP គ្របសង្កត់បានដូចមុនទៀតឡើយ។ ការធ្វើពហិការមិន ចូលសភាដោយតំណាងរាស្ត្រជាប់ឆ្នោតរបស់ CNRP ចាប់តាំងពីសម័យប្រជុំដំបូងរបស់សភា ក្រោមការ ចោទប្រកាន់ផ្សេងៗនោះ នឹងត្រូវបញ្ចប់នៅក្រោម «កិច្ចព្រមព្រៀងនេះ»។


          ទីពីរ ហើយសំខាន់ដូចទីមួយដែរនោះគឺ ឆន្ទៈនយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន អនុប្រធាននៃគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនៅទីបំផុតបាន ហុចប្រជាធិបតេយ្យទៅអោយសភា និងតាមរយៈសភានេះទៅអោយប្រជាពលរដ្ឋកម្ពុជានៅពេលដ៏ត្រឹមត្រូវ មួយ គឺនៅពេលដែលសម្តេចគិតថាជាពេលវេលាដ៍សក្តិសមមួយ​ ដែលនេះបង្ហាញថាសម្តេច គឺជាអ្នកការពារ សន្តិសុខ ឯកភាព និងសុខុមាលភាពនៃប្រជាជនកម្ពុជា។ គឺជាការច្បាស់លាស់ណាស់ថា គេមិនអាចរាំចង្វាក់ តង់ហ្គោ (Tango) ដោយមិនមានដៃគូរនោះទេ ដែលមានន័យថាត្រូវតែមាន សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី ឬក្នុងន័យទូលាយជាងនេះត្រូវតែមាន CPP និង CNRP ដើម្បីចុះកិច្ចព្រមព្រៀងមួយ ឬបង្កើតកិច្ចព្រមព្រៀងនេះ។ ក៍ប៉ុន្តែការពិតនៅតែបង្ហាញថា ប្រសិនបើគ្មានគតិបណ្ឌិត និងឆន្ទៈនយោបាយ របស់ សម្តេចតេជោ ហ៊ុន សែន នោះទេ ប្រជាធិបតេយ្យពិតប្រាកដមួយ នឹងត្រូវឆ្លងកាត់អំឡុងពេល អស្ថេរភាព ធ្វើដំណើរទៅជាមួយក្តីសង្ឃឹមផង និងក្តីអស់សង្ឃឹមផង ដកដង្ហើមរស់តាមរយៈការប្រឈមមុខ ដាក់គ្នា និងភាពស្ងប់ស្ងាត់ដោយគ្មានភាពប្រាកដប្រជា និងការធានាបាននូវជោគជ័យដោយសារតែគ្មានការ ដឹកនាំ​ និងទស្សនៈវិស័យនោះទេ។ ប៉ុន្តែ ប្រជាធិបតេយ្យបែបបំផ្លិចបំផ្លាញ និងប្រជានិយមអាចត្រូវបានផ្តល់ យ៉ាងងាយស្រួលទៅឱ្យហ្វូងមនុស្សនៅតាមដងផ្លូវដោយមនុស្សដែលមិនទទួលខុសត្រូវ។

          ទីបី គឺកំណែទម្រង់មូលដ្ឋានដែលមិនបានប្រកាសនៃអំណាចនីតិបញ្ញាត្តិដែលកើតចេញពី «កិច្ចព្រម ព្រៀង» នយោបាយនេះ។ កំណែទម្រង់មួយនេះ​គឺខុសគ្នាទាំងស្រុងពីកញ្ចប់ដ៏ធំមួយនៃកំណែទម្រង់ស៊ីជម្រៅ ដែលបានប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០១៣។ ពេលនេះ ការកោតសរសើរត្រូវតែ ផ្តល់ទៅឱ្យអ្នកនយោបាយកម្ពុជា ទាំង CPP និង CRNP ។ អ្នកនយោបាយកម្ពុជា «ប្រឈមមុខនឹងបញ្ហា ដោយក្លាហាន និងដោះស្រាយវាដោយបើកចំហរ»។ ពួកគេនឹងធ្វើការជាមួយគ្នានៅក្នុងសភា ដើម្បីដោះស្រាយ បញ្ហាជាតិក្រោមគោលគារណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ពួកគេ នឹងរួមគ្នាកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) និងនីតិវិធីបោះឆ្នោត។ ពួកគេនឹងរួមគ្នាធ្វើការកែទម្រង់រដ្ឋសភាជាតិ ដើម្បីឱ្យ ស្ថាប័នជាតិដ៏សំខាន់មួយនេះ ក្លាយទៅជាឯករាជ្យ និងដាច់ចេញពីអំណាចនីតិប្រតិបត្តិ។ អ្នកបោះឆ្នោតនឹង មានឱកាសមើលអង្គនីតិបញ្ញត្តិធ្វើការងារ។ អ្នកបោះឆ្នោតនឹងទាមទារឱ្យមានតម្លាភាព និងការបើកចំហរនៃ ការពិភាក្សាដេញដោល។ ពួកគេនឹងមើលឃើញរបៀបដែលតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សពួកគេប្រតិបត្តិ ខ្លួនដូចម្តេចនៅពេលបំពេញការងារតាមរយៈការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ និងវិទ្យុ។


          ថ្ងៃទី២២ ខែកក្កដា គឺជាថ្ងៃមួយដែលត្រូវចងចាំ។ តើការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន អនុប្រធាននៃ CPP នឹងបន្សល់ទុកនូវកេរ្ត៍តំណែលមួយដល់ប្រជាជនជំនាន់ក្រោយដែលសម្តេច បានដើរតួនាទីដ៏សំខាន់ក្នុងការជម្រុញប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ដែលផ្ទុយទៅនឹងការចោទប្រកាន់ ដែលមានចេតនាអាក្រក់ថាសម្តេច ជាជនផ្តាច់ការនោះដែរឬទេ? ចម្លើយគឺត្រូវហើយវានឹងដូច្នេះ។ លើសពី នេះទៀត មេដឹកនាំ CPP និង CNRP សមទទួលបានការសរសើរដ៏ពេញលេញ និងការគោរពដ៏ជ្រាលជ្រៅ ពីព្រោះពួកគេបានសន្យាថានឹងបំពេញកិច្ចការរបស់ពួកគេប្រកបដោយមនសិការសម្រាប់ ពង្រឹងប្រជាធិប តេយ្យ នៅរដ្ឋសភាជាតិក្រោមមាត្រានៃ «កិច្ចព្រមព្រៀងនេះ» ហើយបន្ទាប់មកពួកគេនឹងរុញទម្លាក់ប្រជាធិប តេយ្យ ទៅឱ្យប្រជាពលរដ្ឌកម្ពុជានៅក្រោមដំណើរការនៃការធ្វើប្រជាធិបតេយ្យរូបនីយកម្មរចនាសម្ព័ន្ធ និង ស្ថាប័ន។ ជាចុងក្រោយ បុគ្គលិកលក្ខណៈនយោបាយមួយដោយផ្អែកលើការពិភាក្សា ការជជែកវែកញែក និង ការសម្របសម្រួលបានចាប់ផ្តើមលេច ជារូបរាងរវាងអ្នកកាន់តំណែងនៃអំណាចនីតិបញ្ញត្តិពីគណបក្ស នយោបាយប្រឆាំង ដែលគួរតែទទួលបានសិទ្ធិស្មើគ្នា កិត្តិយសដូចគ្នាក្នុងនាមជាតំណាងរាស្ត្រ និងទទួលបាន ចំណាប់អារម្មណ៍ដូចគ្នាពីសាធារណៈជន។

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា