Wednesday, June 10, 2015
សកម្មជន យុវជនហ្វេសប៊ុក គណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ទទួលវគ្គបំពាក់បំប៉នពិសេស លើជំនាញប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម
សកម្មជន យុវជនគណបក្សប្រជាជនកម្ពុជាមកពីគ្រប់ស្រុក ក្រុង ទូទាំងខេត្តតាកែវ និងក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានប្រមាណ២០០នាក់ ក្នុងនោះក៏មានការចូលរួមផងដែរពីក្រុមប្រឹក្សា និងអភិបាលរងស្រុកទាំង១០ នៃខេត្តតាកែវ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ពេញមួយថ្ងៃ ចាប់តាំងពីព្រឹកដល់ម៉ោង៦ល្ងាច នៅទីស្នាក់ការគណបក្សខេត្ត បានចូលរួមវគ្គបំពាក់បំប៉នជំនាញ និងបទពិសោធន៍ស៊ីជម្រៅ អំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេស ការប្រើប្រាស់ហ្វេសប៊ុក ក្នុងគោលបំណងយល់ដឹង និងផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលសម្រេចបាននានារបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងពង្រឹងសមត្ថភាពលើការបកស្រាយ បំភ្លឺតបតទៅនឹងការបំពុលព័ត៌មានរបស់ក្រុមប្រឆាំង ដែលពួកគេ បាននិងកំពុងប្រើប្រាស់ហ្វេសប៊ុក បោកប្រាស់សាធារណមតិ ដើម្បីកេងចំណេញនយោបាយ។
នេះគឺជាវគ្គពិសេស និងដំបូងគេបំផុត ដែលក្រុមការងារហ្វេសប៊ុក នៅក្នុងខេត្តតាកែវត្រូវបានបង្កើតឡើង និងបានទទួលនូវការរៀនសូត្រ បណ្តុះបណ្តាលវគ្គបំពាក់បំប៉នដ៏មានសារៈសំខាន់នេះ ដែលរៀបចំដោយឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវនៃគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារយុវជនបក្ស និងឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានក្រុមការងារយុវជនថ្នាក់កណ្តាលចុះជួយខេត្តតាកែវ សហការជាមួយក្រុមការងារជំនាញថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ដឹកនាំដោយឯកឧត្តម ស្វាយ ស៊ីថា។
បន្ទាប់ពីមានមតិស្វាគមន៍អបអរសាទរគាំទ្រចំពោះការបើកវគ្គបំពាក់បំប៉នដោយឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តមស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវរួចមក ឯកឧត្តម សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា វគ្គបំពាក់បំប៉នជំនាញហ្វេសប៊ុកនេះ បានផ្តល់ឱកាសឲ្យសកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ធ្វើការរួមគ្នាជាក្រុមៗ ដោយសាមគ្គីគ្នាជាធ្លុងមួយតាំងពីថ្នាក់ខេត្ត ស្រុក ដល់មូលដ្ឋានភូមិ ឃុំ សហការគ្នា បកស្រាយបំភ្លឺ បន្សាបព័ត៌មានបំពុលរបស់ក្រុមប្រឆាំង ជម្រុញការផ្សព្វផ្សាយអំពីសមិទ្ធផលរបស់គណបក្សប្រជាជន ចូលរួមការអភិវឌ្ឍប្រទេសជាតិជាមួយនឹងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ឲ្យបានជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ហើយដែលខ្លឹមសារ និងរូបភាពនានាដែលបានបង្ហោះផ្សាយ គឺមិនមែនជាសកម្មភាពហិង្សា និងការបង្កជម្លោះនោះទេ។
ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានមានប្រសាសន៍ថា ដោយការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក និងការរីកចម្រើននៃអ៊ីនធឺណិត តួលេខចុងក្រោយនៃអ្នកប្រើប្រាស់ហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើត និងចុះឈ្មោះប្រើប្រាស់ មានចំនួនប្រមាណ២លាន២សែននាក់ហើយ ដូច្នេះ តាមរយៈវគ្គបំពាក់បំប៉នពិសេសនេះ សិក្ខាកាមទាំងអស់ នឹងបានយល់ដឹងនូវជំនាញលើការប្រើប្រាស់ហ្វេសប៊ុក ការតភ្ជាប់ប្រព័ន្ធបណ្តាញសង្គមរបស់ក្រុមការងារថ្នាក់កណ្តាលជាមួយនិងថ្នាក់ខេត្ត ក្រុង និងស្រុកនៅក្នុងខេត្តតាកែវ ស្វែងយល់ចំណេះដឹងអំពីស្ថានភាពទូទៅនៃការអភិវឌ្ឍបច្ចេកវិទ្យា និងការប្រើប្រាស់អ៊ីនធឺណិត ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា Facebook ,Twitter, Youtube…..។ល។ ក្រៅពីនេះ សកម្មជន យុវជនទាំងអស់ នឹងបានទទួលនូវចំនេះដឹងអំពីការវិវឌ្ឍនៃបច្ចេកវិទ្យា ការផ្តួចផ្តើមគំនិត និពន្ធ បច្ចេកទេសលើការផលិតខ្លឹមសារព័ត៌មាន ការចែកចាយ ផ្សព្វផ្សាយ និងពង្រីកបណ្តាញជាប្រព័ន្ធ ជាក្រុមៗសម្រាប់ការងារហ្វេសប៊ុកដ៏ពេញនិយមនាពេលបច្ចុប្បន្ន។ វគ្គនេះនឹងបានជួយបង្កើន នូវគំនិតជាជំនួយស្មារតីដល់យុវជនបក្សក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេស Facebook ឲ្យមានប្រសិទ្ធភាព។
ឯកឧត្តម ស្វាយ ស៊ីថា ក្រុមការងារជំនាញថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ដែលបានដឹកនាំ មន្ត្រីជំនាញ និងជាអ្នកសម្របសម្រួលបើកវគ្គបំពាក់បំប៉នពិសេសនេះ បានមានប្រសាសន៍ថា គោលដៅធំចម្បងក្នុងការបើកវគ្គបណ្តុះបណ្តាលជំនាញហ្វេសប៊ុកនេះ គឺការប្រែក្លាយពីការលេងហ្វេសប៊ុក ឲ្យសកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ទៅជាអ្នកធ្វើការងារហ្វេសប៊ុក ដោយត្រូវកំណត់ឲ្យមានគោលដៅ និងការដឹកនាំច្បាស់លាស់ ធ្វើការរួមគ្នាជាប្រព័ន្ធ ស្វែងយល់ពីបច្ចេកវិទ្យា ចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមកឲ្យបានលឿនរហ័ស ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ធ្វើការផលិត ផ្សព្វផ្សាយ ពង្រីកបណ្តាញឲ្យបានទូលំទូលាយ។
ឯកឧត្តម ស្វាយ ស៊ីថា បានថ្លែងថា នេះជាវគ្គបណ្តុះបណ្តាលលើកទី១ ចាប់ផ្តើមពីខេត្តតាកែវមុនដំបូងគេ ដែលបានបង្កើតឡើងនូវក្រុមយុវជនហ្វេសប៊ុក នៅក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា ដែលមានក្បាលម៉ាស៊ីនដឹកនាំគ្រប់គ្រងច្បាស់លាស់ សំដៅការពារសមិទ្ធផល ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន និងបន្តអនុវត្តការយកចិត្តទុកដាក់ដោះស្រាយ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ជាពិសេស ជាងនេះទៅទៀត គឺក្រុមការងារទាំងអស់ តាំងពីថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ ត្រូវចូលរួមធ្វើសកម្មភាពឲ្យផុសផុល និយាយការពិត បកស្រាយបំភ្លឺ ប្រឆាំងទៅនឹងការបណ្តុះមនោគមវិជ្ជារបស់ក្រុមប្រឆាំង ដែលបានវាយប្រហារមកលើគណបក្សកាន់អំណាចដោយពុំផ្អែកលើការពិត។ ឯកឧត្តម ស្វាយ ស៊ីថា បានបញ្ជាក់ថា ប្រសិនណាជាយើងមិនធ្វើការបកស្រាយបំភ្លឺ ហើយនិងបន្សាបនូវព័ត៌មានអវិជ្ជមានដែលបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មី ជាពិសេស ហ្វេសប៊ុកនោះទេ ពេលនោះហ្វេសប៊ុក នឹងក្លាយទៅជាឧបករណ៍មួយដូចជា «ច្រែះស៊ីដែក»។
ក្រៅពីនេះ ឯកឧត្តម ស្វាយ ស៊ីថា បានជម្រុញឲ្យក្រុមការងារទាំងអស់ត្រូវខិតខំបំពេញបេសកកម្មរបស់ខ្លួន លើការអនុវត្តជាក់ស្តែង ដោយចងជាបណ្តាញទំនាក់ទំនងគ្នាឲ្យបានគ្រប់ផ្នែក គ្រប់ជំនាញតាំងពីថ្នាក់លើដល់ក្រោម និងត្រូវតែបន្សាបនូវព័ត៌មានបំភ្លើស បំភ្លៃ និងបំភ័ន្តរបស់ក្រុមប្រឆាំង និងត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីធ្វើកិច្ចការ ដ៏មានសារៈសំខាន់មួយនេះបានទទួលជោគជ័យ។ មុននឹងបិទបញ្ចប់វគ្គ ថ្នាក់ដឹកនាំ និងសិក្ខាកាមទាំងអស់បានឯកភាពនឹងជួបប្រជុំគ្នាសារជាថ្មីនៅខែបន្ទាប់ខាងមុខ ដើម្បីត្រួតពិនិត្យការងារដែលបានដាក់ចេញ និងយកទៅអនុវត្ត។ ជាមួយគ្នានេះ ដោយមានការជួយឧបត្ថម្ភពីសប្បុរសជន ឯកឧត្តម ស្វាយ ស៊ីថា ក៏បានប្រគល់ជូននូវទូរស័ព្ទម៉ាក SamSung ចំនួន១០គ្រឿងជូនឯកឧត្តម សុខ សូកាន និងឯកឧត្តម សុខ ពុទ្ធិវុធ ដើម្បីប្រើប្រាស់នៅក្នុងការងារយុវជនហ្វេសប៊ុកខេត្តតាកែវផងដែរ៕
អត្ថបទ៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ
Subscribe to:
Posts (Atom)