Monday, July 20, 2015
តាមរយៈការអនុវត្តគម្រោងថ្មី រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានកាត់បន្ថយចំងាយ ហោះហើរ និងពេលវេលា សម្រាប់ប្រតិបត្តិការ អាកាស យានអន្តរជាតិភ្នំពេញ និងសៀមរាប
យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៥នេះ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា ការសម្រេចបានរបស់គម្រោងពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មីដែលមានរយៈពេល០៥ ឆ្នាំនេះ គឺ បានកាត់បន្ថយនូវ ចំងាយហោះហើរ និងកាត់បន្ថយពេលវេលា សម្រាប់ប្រតិបត្តិការអាកាសយាន ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ដែលនឹងមានការហោះហើរកើនឡើងច្រើនជាង ៦៤០០០ ជើង ក្នុងឆ្នាំ ២០១៨ ខាងមុខ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់តំបន់គណៈកម្មាការដឹកនាំសម្របសម្រួលលើកទី៤ នៃគម្រោងការពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មីនេះថា តាមរយៈការអនុវត្តគម្រោងនេះ ប្រទេសកម្ពុជា បានសម្រេចបាននូវសមិទ្ឋិផលថ្មីមួយទៀត គឺយើងបានទទួលនូវបច្ចេកវិទ្យាទំនើបដោយអនុវត្តការនាំផ្លូវហោះថ្មី តាមផ្កាយរណប ដែលធានាបាននូវសុវត្ថិភាពខ្ពស់ ចំពោះអ្នកដំណើរតាមផ្លូវអាកាស ចំណេញពេលវេលា កាត់បន្ថយនូវការចំណាយប្រេងសាំង និងរួមចំណែកនូវការការពារបរិស្ថាន កាត់បន្ថយនូវការភាយចេញនូវឧស្ម័នកាបូនិច (CO2) ពីម៉ាស៊ីនអាកាសយាន ជាពិសេសតាមរយៈការអនុវត្តគម្រោងនេះបានកាត់បន្ថយនូវចំណាយ លើប្រេងឥន្ទនៈគិតជាទឹកប្រាក់ ចំនួន១,១លានដុល្លា និង កាត់បន្ថយបាន៥៩០០ តោននៃការភាយចេញនូវឧស្ម័នកាបូនិច (CO2) លើស្រទាប់បរិយាកាសផែនដីជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា កិច្ចប្រជុំថ្នាក់តំបន់គណៈកម្មាធិការដឹកនាំសម្របសម្រួលលើកទី៤ នៃគម្រោងការពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មី តាមផ្កាយរណប នៅថ្ងៃនេះ ធ្វើឡើងនៅស្តីការគណៈរដ្ឋមន្រ្តី ក្រោមកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន អនុវត្តដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅថាអង្គការ JICA ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក Takayoshi Kuromiya ភារៈធារីស្ថានទូតជប៉ុន លោក Itsu Adachi ប្រធានអង្គការ JICA ប្រចាំប្រទេសកម្ពុជា មន្រ្តីជំនាញប្រទេសទាំង០៣ និងតំណាងក្រុមហ៊ុនវិស័យអាកាសចរក្នុងស្រុក សរុបចំនួន១៥០នាក់។
អត្ថបទ៖ ច័ន្ទ ទេវី
វិស័យដឹកជញ្ជូនផ្លូវអាកាស ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់
នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់គណៈកម្មាធិការដឹកនាំសម្របសម្រួលលើកទី៤ នៃគម្រោងការពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មីតាមផ្កាយរណប នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា វិស័យដឹកជញ្ជូនផ្លូវអាកាសក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ឯកឧត្តមបានបន្តថា នៅក្នុងឆ្នាំ២០១៤ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរ ២,៧លាននាក់ កើនចំនួន ១១,៤% ប្រៀបធៀបនឹងឆ្នាំ២០១៣ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរចំនួនជាង ៣ លាននាក់ កើនចំនួន ១៣,៣% ប្រៀបធៀបនឹងឆ្នាំ ២០១៣ ឫ សរុបអ្នកដំណើរចំនួន ៥,៧ លាននាក់ កើនចំនួន ១២,៤% ក្នុងឆ្នាំ២០១៤ ប្រៀបធៀបនឹងឆ្នាំ ២០១៣ ក្នុងនោះអ្នកដំណើរមកពីអាកាសយានដ្ឋានផ្សេងៗ ចំនួន ១១៩ ឫ ពីប្រទេសចំនួន ៤៣។
យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបញ្ជាក់ថាតាមរយៈការអនុវត្តគម្រោងពង្រឹងសមត្ថភាព ដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មីតាមផ្កាយរណប គឺបានកាត់បន្ថយនូវចំងាយហោះហើរចំនួន ៦,១ ម៉ាយ( NM ) ឬ ប្រហែល១០គ.ម និងបានកាត់បន្ថយពេលវេលា១,៧ នាទីសម្រាប់ការហោះហើរនីមួយៗរបស់អាកាសយាន។ ការហោះហើរតាមផ្កាយរណបនេះបានកាត់បន្ថយនូវហានិភ័យដែលអាចកើតមានឡើង របស់ប្រតិបត្តិការអាកាសយានដ្ឋាន ដែលមានកំរិតទាបជាង៣ បើទោះជាបមានការកើនឡើងនៃប្រតិបត្តិការអាកាសយានជារៀងរាល់ឆ្នាំក៏ដោយ។
សេចក្តីប្រកាសព័ត៌មាននេះដែរ បានឲ្យដឹងទៀតថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធនាំផ្លូវអាកាសថ្មី New CNS/ATM បានអនុម័ត និងអនុវត្តដោយបែងចែក ជា០២ដំណាក់កាល គឺ១- ដំណាក់កាលទី០១ គម្រោងនៃការសិក្សាផែនការមេសិក្សាលើការអភិវឌ្ឍន៍ប្រព័ន្ធ New CNS/ATM ថ្មី នេះត្រូវបានអនុវត្ត រយៈពេល១២ខែ គិតចាប់ពី ខែកុម្ភៈ ឆ្នាំ២០១០ ដល់ខែមករា ឆ្នាំ២០១១ អស់ថវិកាចំនួន ០.៥៧ លានដុល្លាអាមេរិក ដោយប្រើប្រាស់ថវិកាបដិភាគរាជរដ្ឋាភិបាល ប្រមាណ ៦៨,១០០ដុល្លា អាមេរិក។ ២- ដំណាក់កាលទី២ រ.ល.អ.ស ទទួលបានគម្រោងបន្តជំនួយបច្ចេកទេសលើប្រព័ន្ធ New CNS/ATM ដែលមាន រយៈពេល 0៥ឆ្នាំ (២០១១-២០១៥) មានឈ្មោះថាគម្រោងការពង្រឹងសមត្ថភាព ដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មី New CNS/ATM ។ ថវិកាចំណាយសរុប ៥០០លានយ៉េន ប្រហែល ៦ លានដុល្លាអាមេរិកសម្រាប់បីប្រទេស កម្ពុជា ឡាវ និង វៀតណាម។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាអស់ថវិកា ប្រហាក់ប្រហែលចំនួន ២ លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាបដិភាគរបស់ភាគីកម្ពុជាសម្រាប់រយៈពេល ប្រាំឆ្នាំមានចំនួន ២៣៤, ៨០០ដុល្លា អាមេរិក៕
អត្ថបទ៖ មៀច សុភាព
កម្ពុជាត្រូវបានសម្រេច ទទួលយកជា « ដៃគូសន្ទនា» របស់អង្គការ សហប្រតិបត្តិការសៀងហៃ
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កិច្ចប្រជុំកំពូលលើកទី១៥ របស់អង្គការសហប្រតិបត្តិការសៀងហៃ ដែលប្រព្រឹត្តទៅនៅទីក្រុងយូហ្វា សហព័ន្ធរស្ស៊ី កាលពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៥ បានសម្រេចជាឯកច្ឆន្ទទទួលកម្ពុជាជា «ដៃគូសន្ទនា» របស់អង្គការនេះ។ បន្ទាប់ពីបានចូលជា «ដៃគូសន្ទនា» ទៅអនាគតកម្ពុជានឹងទទួលជា សមាជិកសង្កេតការ និងសមាជិកពេញសិទ្ធរបស់ «អង្គការសហប្រតិបត្តិការសៀងហៃ»។
គួរបញ្ជាក់ថា អង្គការសហប្រតិបត្តិការសៀងហៃ មានប្រទេសស្ថាបនិកចំនួន ៦ ដែលរួមមាន៖ ចិន, រុស្ស៊ី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, តាហ្ស៊ីគីស្ថាន, អ៊ូសបេគីស្ថាន ដែលមានទិសដៅពង្រឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពក្នុងតំបន់៕
អត្ថបទ៖ សុ ភាព
ឯកឧត្តម សោម អូន ស្វាគមន៏ ការផ្តួចផ្តើមគំនិតរបស់នាយករដ្ឋមន្ត្រី ឲ្យមានការធារ៉ាប់រងសុខភាពកម្មករ និយោជិត និងព្យាបាលជំងឺអត់យកលុយ
ឯកឧត្តម សោម អូន ក្នុងនាមជាមេសហជីពមួយនៅ ក្នុងប្រទេសកម្ពុជា បានប្រាប់និងជូនដំណឹងថ្មី ទៅក្រុមកម្មករ កម្មការិនី នៅខេត្តតាកែវ ថា លោកមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្តួចផ្តើមគំនិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ឲ្យមានការធនារ៉ាប់រងសុខភាពកម្មករ និងនិយោជិត ព្រមទាំងការព្យាបាលអត់យកប្រាក់។
ការលើកឡើង និងបង្ហើបពីដំណឹងថ្មីនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ខណ:ដែល ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជាដឹកនាំដោយ ឯកឧត្តម សោម អូន តំណាងឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះឃុំកុមារាជា បានដឹកនាំក្រុមការងារសហជីព បើកវគ្គសិក្ខាសាលាស្តីពីច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា និងបទដ្ឋានផ្សេងៗ ដល់កម្មករនិយោជិតដែលរស់នៅក្នុងភូមិត្រពាំងផ្លុង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
ពាក់ព័ន្ឋទៅនិង បញ្ហាប្រាក់ឈ្នួលអប្បបរមាកម្មករ ឯកឧត្តម សោម អូន បានពន្យល់ថា ជាធម្មតាប្រាក់ឈ្នួលអប្បបរមា របស់កម្មករត្រូវបានពិភាក្សាតម្លើងជូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ គឺមួយឆ្នាំម្តង ដោយធ្វើទៅតាមការកំណត់របស់គណកម្មការប្រាក់ឈ្នួល ដោយគ្មានការទាមទារ រឺ ការបង្ខិតបង្ខំពីភាគីណាមួយឡើយ ហើយសម្រាប់ការតម្លើងប្រាក់ ឈ្នួលកម្មករនៅឆ្នាំ២០១៦ ខាងមុខនេះ គឺភាគីពាក់ព័ន្ឋបាន និងកំពុងតែពិភាក្សា ដោយមានការចូលរួមផ្តល់យោបល់ពីអង្គការពលកម្មអន្តរជាតិ(ILO) ហើយការចរចានេះ នឹងបញ្ចប់នៅក្នុងរង្វង់ខែតុលា ឆ្នាំ២០១៥ និងចាប់ផ្តើមអនុវត្តនៅខែមករា ឆ្នាំ២០១៦ ។
លោក សោម អូន ក៏បានបង្ហើបឲ្យដឹងដែរថា កន្លងមកថ្មីៗនេះសម្តេចនាយករដ្ឋមន្ត្រីបានផ្តួចផ្តើម ដាក់ឲ្យអនុវត្តការធារ៉ាប់រងសុខមាលភាពកម្មករ ដែលកម្មករនិយោជិតទាំងអស់ នឹងទទួលបាននូវសេវាព្យាបាលសុខភាពដោយមិនគិតថ្លៃ។ នេះគឺជាគំរោងផែនការថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ដែលកម្រកើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា៕
អត្ថបទ៖ ក្រុមការងារចុះមូលដ្ឋាន ឃុំកុមាររាជា
សម្តេចតេជោស្នើឲ្យឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ជួយចលនាវិនិយោគិនហ្វីលីពីនមកកសាងរោង ម៉ាស៊ីនកិនស្រូវនៅកម្ពុជា
សម្តេច អគ្គមហា សេនាបតី តេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះ រាជជា ណាចក្រ កម្ពជាព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៥បានមានប្រសាសន៍ជំរុញឲ្យឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសហ្វ៊ីលីពីនប្រចាំកម្ពុជាជួយចលនាក្រុមហ៊ុនពីប្រទេសហ្វ៊ីលីពីនមកធ្វើការវិនិយោគនៅកម្ពុជាជាពិសេសកសាងរោងម៉ាស៊ីនកិនស្រូវសាងសង់ឃ្លាំង ដើម្បីប្រមូលទិញស្រូវកិនដើម្បីនាំចេញទៅប្រទេសហ្វ៊ីលីពីន។ ឯកឧត្តមអ៊ាងសុផល្លែតជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីបានឲ្យដឹងថា៖ក្នុងឱកាសបានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតប្រទេសហ្វ៊ីលីពីនថ្មី ចូលជួបសំដែងការគួរសម នៅ វិមានសន្តិភាពសម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងនូវការអបអរសាទរជូនចំពោះលោក គ្រីសតូហ្វឺដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដោយសម្តេចសង្ឃឹមថា បេសកកម្មការទូតរបស់ ឯកត្តមគ្រីស្តូហ្វឺ ប៊ី ម៉ុនតេរូ (ChristopherB.Montero) នឹងធ្វើឱ្យប្រទេសយើងទាំងពីរមានការរីកចម្រើនថែមទៀត។ សម្តេចតេជោក៏បានគូសបង្ហាញជូនឯកឧត្តម គ្រីសតូហ្វឺ សូមឲ្យពិនិត្យមើលនូវឱកាសដែលជាសក្តានុពលនៅកម្ពុជា ទៅលើអ្វីដែលអាចធ្វើបានដើម្បីជាមូលដ្ឋានជំរុញទំនាក់ទំនងរវាងកម្ពុជានិងហ្វ៊ីលីពីននិងសូមឱ្យជួយចលនាក្រុមហ៊ុនពីប្រទេសហ្វ៊ីលីពីនមកធ្វើការវិនិយោគនៅកម្ពុជាជាពិសេសកសាងរោងម៉ាស៊ីនកិនស្រូវសាងសង់ឃ្លាំងនិងប្រមូលទិញស្រូវកិនដើម្បីនាំចេញទៅប្រទេសហ្វ៊ីលីពីន ដែលសម្តេចចាត់ទុក ដូចជាការ ទិញស្រូវកិន អង្ករស្តុកទុកក្នុងឃ្លាំងសម្រាប់ប្រទេស ហ្វ៊ីលីពីនផងដែរ ។
តាមរយៈឯកឧត្តមអ៊ាងសុផល្លែតឲ្យដឹងថា៖ឯកឧត្តមគ្រីស្តូហ្វឺ ប៊ី ម៉ុនតេរូ (ChristopherB.Montero) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋហ្វ៊ីលីពីនបានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថាបេសកកម្មរបស់លោកមកកាន់កម្ពុជានាពេលនេះគឺធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងទ្វេភាគីនិងពហុភាគីឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ឯកឧត្តមគ្រីសតូហ្វឺបានមានប្រសាសន៍ថាក្នុងរយៈពេលជាង៣ខែដែលឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជាលោកបានសង្កេតឃើញប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងជាពិសេសលើវិស័យសេដ្ឋកិច្ចតែម្តង។
សម្តេចតេជោបានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីរុស្ស៊ីមកកាន់កម្ពុជាដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតាមរយៈរដ្ឋមន្ត្រីទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធរុស្ស៊ីនៅសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៥បានស្នើឱ្យមានការជួយជំរុញការហោះហើរត្រង់ពីរុស្ស៊ីមកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចចាត់ទុកថាជាផ្នែកមួយ នៃការពង្រឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹង។
នៅវិមានសន្តិភាពពេល អនុញ្ញាតឱ្យឯកឧត្តមនីកូឡៃនីគីហ្វូរ៉ូវ (Nikolai Nikiforov ) រដ្ឋមន្ត្រីទូរ គមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធរុស្ស៊ី និងជាសហប្រធានគណៈកម្ម ការចម្រុះអន្តររដ្ឋាភិបាលរុស្ស៊ីកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការ ងារឯកឧត្តម អ៊ាង សុផល្លែតបានឲ្យដឹងថា៖ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឯកឧត្តមនីកូឡៃ( Nikolai )ធ្វើយ៉ាងណាជួយជំរុញឱ្យមានការហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់ព្រះកម្ពុជា ដែលជាចំណែកមួយក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ដោឡែកចំពោះការអញ្ជើញសម្តេចទៅធ្វើទស្សនកិច្ចនៅសហពន្ធ័រុស្ស៊ីសម្តេចតេជោបានបញ្ជាក់ថាសម្តេចនឹងទៅធ្វើទស្សនកិច្ចនៅមុន ឬក្រោយពេលកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន។
សម្តេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះអតីតសហភាពសូវៀត បច្ចុប្បន្នសហព័ន្ធរុស្ស៊ី ដែលកាលពីទសវត្សរ៍៦០បានជួយកម្ពុជាឱ្យមានសាលាបច្ចេកទេសដ៏ធំមួយនិងមន្ទីរពេទ្យមិត្តភាពកម្ពុជា-រុស្ស៊ី ហើយបន្តមកទៀតនៅទសវត្សរ៍ឆ្នាំ៨០បានជួយកម្ពុជាបន្ទាប់ពីកម្ពុជាបានរំដោះខ្លួនចេញផុតពីរបបប៉ុល ពត ហើយឥឡូវនេះក៏មានវត្តមានអ្នកវិនិយោគរុស្ស៊ីមកកាន់កម្ពុជាជាច្រើនផងដែរ ដូចជាការវិនិយោគនៅកោះពស់ខេត្តព្រះសីហនុជា ដើមដែលនៅទីនោះបានធ្វើឱ្យមានស្ពានតភ្ជាប់ទៅកោះ ពស់ ដែលជួយជំរុញឱ្យមានការវិនិយោគ និងទេសចរណ៍មកកាន់ព្រះរាជាណា ចក្រកម្ពុជា។
ក្នុងជំនួបនោះឯកឧត្តមនីកូឡៃនីគីហ្វូរ៉ូវ (Nikolai Nikiforov ) រដ្ឋមន្ត្រីទូរ គមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយសហព័ន្ធរុស្ស៊ី បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីអំពី ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ គឺដើម្បីបន្តអនុវត្តន៍តាមស្មារតីកិច្ចប្រជុំអន្តរក្រសួងដែលបានប្រារព្ធធ្វើនៅទីក្រុងមូស្គូលើកទី៨នាពេលកន្លងមក ។ឯកឧត្តមនីកូឡៃនីគីហ្វូរ៉ូវ (Nikolai Nikiforov )បានរាយការណ៍ជូនសម្តេចតេជោថា ឯកឧត្តមបានធ្វើការចរចាយ៉ាងល្អជាមួយនឹងឯកឧត្តមឧប នាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងបានសម្របសម្រួលគ្នាបានកិច្ចសន្យាមួយចំនួន ដែលអាចចុះហត្ថលេខាបានដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងរុស្ស៊ី នាពេលខាងមុខ ។ ឯកឧត្តមក៏បានគោរពអញ្ជើញសម្តេចតេជោទៅធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក្នុងឱកាសខួបទី៦០នៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី និងស្របគ្នាជាមួយនឹងខួបលើកទី២០ នៃទំនាក់ ទំនងរវាងរុស្ស៊ី និងអាស៊ានផងដែរ ៕
Subscribe to:
Posts (Atom)