នៅល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៥នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សម រង្ស៊ី គួរបញ្ចប់នូវការយកបញ្ហាព្រំដែន ក៏ដូចជាការយកផែនទីនៅទីផ្សារ មកធ្វើជាល្បែងនយោបាយ ដើម្បីបំភ័ន្តសាធារណមតិក្នុងផលប្រយោជន៍នយោបាយ របស់ក្រុមខ្លួន ដែលទង្វើបែបនេះ វាផ្ទុយទាំងស្រុងទៅនឹងអ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើប្រកបដោយតម្លាភាព ហ្មត់ចត់ និងត្រឹមត្រូវ សមដូចពាក្យស្លោកខ្មែរមួយឃ្លាពោលថា «មាសសុទ្ធ មិនខ្លាចភ្លើង» ។
នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី មានការភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុករបស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ អំពីផែនទីបោនខ្នាត១/១០០.០០០ ដែលគណបក្សសង្គ្រោះជាតិបានទិញពីផ្សារប្រទេសបារាំងក្នុងតម្លៃ ១៥៣.៩១ Euros ស្មើនឹង ១៦៨ដុល្លារអាមេរិក ។
ទង្វើរបស់ឯកឧត្តម សម រង្ស៊ី ខាងលើនេះ បានបង្ហាញយ៉ាងច្បាស់ពីចេតនាដ៏អាក្រក់ក្នុងការបន្ទាបបន្ថោក បន្តុះបង្អាប់នូវតម្លៃការងាររបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលប្រសូត្រចេញពីការបោះឆ្នោត ហើយបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចទាំងបី ជាពិសេសសាធារណរដ្ឋបារាំង ក្នុងការសុំខ្ចីផែនទីផ្លូវការ ដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយនឹងភាពត្រឹមត្រូវពិតប្រាកដរបស់ផែនទីខ្នាត១/១០០.០០០ ដែលរាជរដ្ឋាភិបាល បាននិងកំពុងប្រើប្រាស់ក្នុងការកំណត់ និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានហៅទង្វើរបស់ឯកឧត្តម សម រង្ស៊ី ក៏ជាការបន្ថោកតម្លៃនៃអធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ និងមានចេតនាបង្ហាញឲ្យឃើញថា «ផែនទីដែលទិញនៅតាមផ្សារ នេះ មានតម្លៃជាងផែនទីផ្លូវការដែលរាជរដ្ឋាភិបាល បាននិងកំពុងប្រើ និងជាងផែនទីដែលអាច មានរក្សាទុកនៅប្រទេសមហាអំណាចទាំងបីទៅទៀត»។
ម៉្យាងវិញទៀត តាមព័ត៌មានច្បាស់ការបានឲ្យដឹងថា ថ្មីៗនេះមានការស្នើសុំពីបណ្តាអ្នកស្រាវជ្រាវបញ្ហាប្រវត្តិសាស្ត្រ នូវផែនទីដែលឯកឧត្តម សម រង្ស៊ី បានទិញមកពីផ្សារនោះ ដើម្បីការសិក្សា ស្វែងយល់ពីការពិត ក៏ឯកឧត្តម សម រង្ស៊ី មានការលាក់លៀម មិនព្រមផ្តល់ឲ្យទៀត ដែលមិនស្របទាល់តែសោះទៅនឹងអ្វីដែល ឯកឧត្តម សម រង្ស៊ី ធ្លាប់បានអះអាងនាពេលកន្លងមកអំពីគោលការណ៍ តម្លាភាព ហើយប្រការនេះ វាផ្ទុយទាំងស្រុងទៅនឹងការងាររបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើផងដែរ។
ប្រការដែលគួរឲ្យងឿងឆ្ងល់បំផុតជាងនេះទៅទៀតនោះ តាមរយៈវប្បធម៌សន្ទនារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សនយោបាយទាំងពីរ គឺបានផ្តល់ឱកាសយ៉ាងពេញលេញ ក្នុងការពិភាក្សា និងដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាជាតិ និងសង្គម ចុះហេតុអ្វីបានជាឯកឧត្តម សម រង្ស៊ី មិនបញ្ជូនជាផ្លូវការនូវផែនទីដែលបានទិញពីផ្សារនោះទៅប្រមុខរាជរដ្ឋាភិបាល ក្នុងនាមជាសមភាគីសន្ទនារបស់ខ្លួន ឬក៏បញ្ជូនទៅស្ថាប័នពាក់ព័ន្ធ ដូចជាស្ថាប័ននីតិបញ្ញត្តិ ដែលឯកឧត្តមក៏ជាអ្នក តំណាងរាស្រ្តផងដែរ ដើម្បីកិច្ចសហការដោយស្មោះស នេះបើឯកឧត្តម សម រង្ស៊ី ពិតជាមានសុឆន្ទៈ ពិតប្រាកដ ដើម្បីរួមចំណែកក្នុងស្មារតីស្ថាបនាជាមួយរាជរដ្ឋាភិបាលក្នុងការគិតគូដោះស្រាយបញ្ហា អធិបតេយ្យ និងបូរណភាពទឹកដីមែននោះ។
ទង្វើដែលគ្មានការទទួលខុសត្រូវរបស់ឯកឧត្តម សម រង្ស៊ី គឺអាចមានតម្លៃស្មើទៅនឹងការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យជាតិ និងបូរណភាពទឹកដី និងបានបង្ហាញយ៉ាងច្បាស់អំពីឧបាយកលទុច្ចរិតរបស់ ឯកឧត្តម សម រង្ស៊ី ក្នុងការធ្វើនយោបាយប្រជាភិថុតិ បោកប្រាស់សាធារណមតិ ជាតិ និងអន្តរជាតិដោយមិនអាចប្រកែកបានឡើយ។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងពេលដែលប្រជាពលរដ្ឋជាទូទៅ មានការអបអរសាទរ និងគាំទ្រចំពោះការផ្តួចផ្តើមគំនិតប្រកបដោយភាពក្លាហាន និងការទទួលខុសត្រូវខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះ ជោគវាសនា អធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា តាមរយៈការស្នើសុំខ្ចីជាផ្លូវការនូវផែនទីពីអង្គការសហប្រជាជាតិ និងច្បាប់ចម្លងនៃផែនទីពីប្រទេសមហាអំណាចទាំងបី បែរជាឯកឧត្តម សម រង្ស៊ី យកផែនទីដែលទិញនៅតាមផ្សារ ពីប្រទេសបារាំងមកបង្ហោះផ្សព្វផ្សាយ ក្នុងគោលបំណងបំពុលសាធារណមតិ ជាពិសេសក៏អាចជាការញុះញង់បង្កើតស្មារតីជាតិនិយមជ្រុល ដើម្បីកេងចំណេញខាងនយោបាយ ដោយពុំបានគិតគូទាល់តែសោះ អំពីផលវិបាក និងគ្រោះមហន្តរាយដ៏ធំធេងដល់ជាតិកម្ពុជាទាំងមូលដែលអាចកើតចេញពីទង្វើគ្មានការទទួលខុសត្រូវនេះ៕