យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៥ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិទី៥នេះ បានសម្រេចអនុម័ត សេក្តីព្រាងច្បាប់ ស្តីពីស្ថិតិ និងសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំ រំកិល ២០១៦-២០១៨។
សំរាប់សេចក្តីព្រាងច្បាប់ ស្តីពីស្ថិតិ កន្លងមកច្បាប់ស្តីពីស្ថិតិ ឆ្នាំ២០០៥ បានផ្តល់មូលដ្ឋានគតិយុត្តប្រកបដោយសក្តានុពល អនុញ្ញាតឲ្យវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការអាចប្រតិបត្តិការយ៉ាងទូលំទូលាយពេញទូទាំងប្រទេស ក្នុងការផលិតទិន្នន័យស្ថិតិស្ទើរគ្រប់វិស័យ តាមវិធីសាស្ត្របច្ចេកទេសទំនើប គឺការធ្វើជំរឿន និងការធ្វើអង្កេតដើម្បីទទួលបានទិន្នន័យស្ថិតិត្រឹមត្រូវ ជឿទុកចិត្តបាន និងទាន់ពេលវេលាជូនអ្នកប្រើប្រាស់ជាតិ និងអន្តរជាតិ ជាពិសេសអ្នករៀបចំផែនការគោលនយោបាយអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព សម្រេចបានតាមគោលដៅជាក់លាក់។
ផ្អែកតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីស្ថិតិឆ្នាំ២០០៥ វិទ្យាស្ថានជាតិស្ថិតិបានអនុវត្ត និងបំពេញភារកិច្ចស្ទើរតែគ្រប់ទាំងអស់ដូចមានចែងក្នុងច្បាប់ ឧទាហរណ៍ៈ ដូចជាជំរឿនដែលជាការងារធំ ហើយសំខាន់ជាងគេបំផុតក្នុងច្បាប់ស្តីពីស្ថិតិបានចែងថា វិទ្យាស្ថានជាតិស្ថិតិត្រូវអនុវត្តជំរឿនចំនួន៣ មានជំរឿនប្រជាជន ជំរឿនកសិកម្ម និងជំរឿនសេដ្ឋកិច្ច។ មកដល់ពេលនេះ វិទ្យាស្ថានស្ថិតិបានបំពេញការងារដ៏ធំជាប្រវត្តិសាស្ត្រនេះ ប្រកបដោយជោគជ័យឆ្លើយតបបានគ្រប់ភារកិច្ច និងបេសកកម្ម ដូចច្បាប់បានបញ្ញត្តិ គឺជំរឿនប្រជាជនឆ្នាំ១៩៩៨ ឆ្នាំ២០០៨ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ ជំរឿនកសិកម្មឆ្នាំ២០១៣ កំពុងតែដំណើរការ ហើយលទ្ធផលចុងក្រោយ នឹងប្រកាសជាផ្លូវការនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិថ្មីនេះ ក៏ត្រូវបានតាក់តែងឡើងដោយក្រសួងផែនការ និងមានកិច្ចសហប្រតិបត្តិការ ជាមួយនឹងបណ្តាប្រទេសនានាដែលមានប្រព័ន្ធស្ថិតិរឹងមាំ រីកចំរើន ពិសេសគឺការផ្តល់អនុសាសន៍របស់អ្នកជំនាញការស្ថិតិអង្គការ Paris21 (សាធារណរដ្ឋបារាំង) ដែលធ្លាប់មានបទពិសោធន៍យ៉ាងច្រើន លើជំនួយបច្ចេកទេសក្នុងការធ្វើបទប្បញ្ញត្តិស្ថិតិ នៅក្នុងពិភពលោក។ សេចក្តីព្រាងច្បាប់ស្តីពីស្ថិតិថ្មីនេះ មាន ១០ជំពូក និងមាន ៣៨មាត្រា មានវិសាសលភាពអនុវត្តលើរាល់សកម្មភាពស្ថិតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកសំរាប់ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០១៦-២០១៨ ក៏ត្រូវបានកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសំរេចអនុម័តផងដែរ។ សម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០១៦-២០១៨ ក្រសួងផែនការបានបន្តធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគណៈកម្មាធិការនីតិសម្បទាន និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសុខដុមនីយកម្ម ការងារផែនការ ចំណាយវិនិយោគសាធារណៈរបស់រដ្ឋ និងហិរញ្ញប្បទានសហប្រតិបត្តិការ និងដើម្បីពង្រឹងយន្តការស្ថាប័ននៃការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព។
គោលបំណងសំខាន់នៃកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស.) ៣ឆ្នាំរំកិល ២០១៦-២០១៨ គឺធ្វើការបង្ហាញពីទិន្នន័យគម្រោងវិនិយោគដែលមានអាទិភាពខ្ពស់របស់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៤-២០១៨ ជាផែនការ ដែលបានអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤។
កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០១៦-២០១៨ ដែលមានតម្លៃសរុបប្រចាំឆ្នាំប្រមាណ ១៨០០លានដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការចំណាយសរុប សម្រាប់ការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ដើម្បីឲ្យបានស្របតាមស្ថានភាពជាក់ស្តែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណា ហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។
ក្នុងចំនួនគម្រោងសរុប ៤៩៥ គម្រោងនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំ រំកិល២០១៦-២០១៨ នេះមានចំនួន១៦៤ គម្រោង ជាគម្រោងកំពុងដំណើរការដែលត្រូវការទុនចំនួន ៣១៦៩ លានដុល្លារអាមេរិក និងចំនួន ៣៣១ គម្រោងដែលត្រូវដាក់ឲ្យអនុវត្តក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិត្រូវការទុនចំនួន ២៤០១លានដុល្លារអាមេរិក៕
អត្ថបទ៖ សុភាព