Friday, October 2, 2015

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន និង លោកជំទាវរួមជាមួយមន្រ្តីរាជការ នៃទីស្តីការគណរដ្ឋមន្ត្រីចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័ន្តតេជោ

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទីស្តីការគណរដ្ឋមន្ត្រី បានអញ្ជើញទៅចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ​​វេន ទី៤ជា​មួយ​ពុទ្ធ​បរិស័ទចំណុះជើងវត្តសារាវ័ន្តតេជោ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១​​ ខែតុលា ឆ្នាំ២០១៥ ដើម្បីប្រតិបត្តិនូវទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនាផង​ និងជាការឧទ្ទិស​កុសលជូនដល់បុព្វការីជនផង។
គិតចាប់ពីថ្ងៃបុណ្យកាន់បិណ្ឌវេនទី១ ជាបន្តបន្ទាប់មក ពុទ្ធប​រិស័ទដែលគោរពប្រតិបត្តិជំនឿ​ព្រះ​ពុទ្ធ​សាសនា បាននាំគ្នាអញ្ជើញទៅចូលរួមធ្វើបុណ្យដាក់បិណ្ឌ នៅតាមទី​អា​រាម​ដែលគេនិយមពេញ​ចិត្ត ដើម្បី​នាំយកនូវ ចង្ហាន់ និងទេយ្យទាន ទេយ្យវត្ថុ ផ្សេងៗទៅប្រគេនព្រះសង្ឃ ដែលកំពុងគង់ចាំ​ព្រះវស្សាអស់ត្រីមាសនៅតាមទីវត្តអារាមនីមួយៗ។
ដោយឡែកនៅថ្ងៃវេនទី៤ នៃពិធីបុណ្យកាន់បិណ្ឌនេះដែរ ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោក​ជំទាវ ក៏បាន​អញ្ជើញទៅចូលរួមធ្វើបុណ្យទានតាម​ប្រពៃណី ជាមួយពុទ្ធបរិស័ទយ៉ាង​​​ច្រើនកុះករនៅ​វត្តសារាវ័ន្ត​តេជោ ដើម្បីជួយលើកតំកើង និងទ្រទ្រង់ទំនៀម ទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ឲ្យបានកាន់តែរុងរឿងរីកចំរើនផង ​និង​ក៏ជាការធ្វើបុណ្យ ឧទ្ទិសកុសលជូន​​ដល់ញាត្តិការ បុព្វការរីជន ​ដែល​បាន​រំលត់ក្ខន្ធ័ទៅកាន់​លោកខាងមុខ​ ឲ្យទទួលបាន នូវមគ្គផលដែលកើតចេញពីសទ្ធាជ្រះថ្លានេះ ឲ្យបាន​ដល់ពួក​គាត់​​ដើម្បីបានទៅសោយសុខ ក្នុង សុគតិភពផង
ក្នុងនាមជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកគោរពប្រតិបត្តិទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ឯកឧត្តមឧបនាយក​រដ្ឋ​មន្ត្រី សុខ ​អាន និងលោកជំទាវ តែងបានចូលរួមចំណែកលើកស្ទួយ នូវវិស័យព្រះពុទ្ធសាសនា ក្នុងការខិតខំ​ជួយ​កសាង​សមិទ្ធផលនានា ដើម្បីបំរើឲ្យវិស័យពុទ្ធចក្រ ពីព្រោះថាវត្តអារាម គឺជាទីបណ្តុះបណ្តាល​ធនធានមនុស្ស ជា​ថ្នាល​បណ្តុះប្រាជ្ញាស្មារតី និងរក្សាកេរ្តិ៍តំណែលវប្ប​ធម៌ អក្សរសាស្ត្រជាតិ និងជាទីបង្កើតឡើង​នូវវប្បធម៌សន្តិភាព។
ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ​ ​អាន និង​លោកជំទាវ បាននាំមកនូវ​ទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើន ដូចជា ទឹក​ក្រូច១០កេស, ទឹកបរិសុទ្ធ១០កេស​, ទឹកដោះគោខាប់០១កេស, កាកាវ០១កេស, មៀនកំប៉ុង ០១កេស, ស្ករស១០គីឡូក្រាម,​ តែ០៥គីឡូក្រាម, ​ត្រីខ០២កេស,​ មី០២កេសធំ,​ នំ០១កេស, ​អង្ករ ២០០គីឡូក្រាម, ប្រគេនបច្ច័យសម្រាប់កសាងវត្ត ២.០០០.០០០រៀល, ប្រគេនទេយ្យទាន និងបច្ច័យចៅអធិការ ២០០ ០០០ រៀល, ប្រគេនទេយ្យទាន និងបច្ច័យ​ព្រះសង្ឃ ចំនួន១០អង្គទៀត ក្នុងមួយអង្គបច្ច័យ ១០០ ០០០រៀល, ជូន សីលវ័ន្ត សីលវត្តី ចំនួន៣០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និង ថវិកា ១០ ០០០រៀល, ឧបត្ថមសិស្ស-និស្សិត ស្នាក់នៅក្នុងវត្តចំនួន ៣០ នាក់ ម្នាក់ៗ ថវិកា១០០ ០០០រៀល និងប្រគេនបច្ច័យ​ព្រះសង្ឃ​ចំនួន៣៣០អង្គ ក្នុងមួយអង្គៗ ១០ ០០០រៀល៕
អត្ថបទ៖ តារា




បណ្តាក្រុមហ៊ុនរុស្ស៊ីមានការចាប់អារម្មណ៍ ចង់វិនិយោគលើសេវាកម្មវិស័យទេសចរណ៍ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ​ដែលត្រូវបាន​កំណត់ថា ​ជាប៉ូលសេដ្ឋកិច្ច​ដ៏សំខាន់មួ​យរបស់កម្ពុជា​កំពុងទាក់ ទាញចំ​ណាប់​អារម្មណ៍​ក្រុមហ៊ុនធំៗរ​បស់រុស្ស៊ីឲ្យ​មកវិនិយោគ ​លើសេវាកម្ម​បំរើវិស័យ​ទេសចរណ៍ នៅក្នុង​ខេត្តតំបន់ឆ្នេរ​ ដ៏ស្រស់​ស្អាតមួយនេះ។​

បន្ទាប់ពី​ជំនួបពិភាក្សា​ការងាររវាង​ ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន ​ ឧបនាយក​រដ្ឋមន្ត្រីរដ្ឋ​មន្ត្រី​ទទួល​បន្ទុកទី​ស្តី​ការគណៈ​រដ្ឋមន្ត្រី​ ជាមួយ ឯកឧត្តម​ Dmitry​ Tsvetkov ឯកអគ្គ​រដ្ឋ​ទូតសហ​ព័ន្ធរុស្ស៊ីប្រចាំ​កម្ពុជា​ បានបញ្ចប់​ទៅ ​នៅ​វិមាន​មិត្តភាព​ នារសៀល​ថ្ងៃទី០១​ ខែ​តុលា ឆ្នាំ២០១៥នេះ​ លោក​ ឯក ថា អនុ​ប្រធាននាយក​ដ្ឋានព័ត៌មាន​ នៃអង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស​ នៃទីស្តីកា​រគណៈ​រដ្ឋមន្ត្រី បាន​ឲ្យដឹងថា​ ឯកអគ្គរដ្ឋ​ទូតរុស្ស៊ី​ បានលើក​ឡើងថា បណ្តា​​ក្រុមហ៊ុនវិនិ​យោគរបស់រុស្ស៊ី​ មានការចាប់​អារម្មណ៍​ចង់មក​វិនិយោគ ​លើសេវាកម្មគាំទ្រឲ្យ​វិស័យ​​ទេសចរណ៍​នៅក្នុង​ខេត្តព្រះសីហនុ ​ក្នុងការសាងសង់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដោយ​មាន​សុទិដ្ឋិនិយមថា ទៅ​អនាគត​​​​ក្រុង​កំពង់​សោម នឹង​ក្លាយ​ទៅជាប៉ូល​សេដ្ឋកិច្ច​ ដ៏សំ​ខាន់​របស់​កម្ពុជា។

សូមបញ្ជាក់ថា​ ខេត្តព្រះសីហនុ​ គឺជាតំបន់​ទេសចរណ៍​ឆ្នេរដ៏ស្រស់ស្អាត​ ប្រកបដោយ​ភាព ទាក់ទាញ​ រីឯសេវាក​ម្មបម្រើវិស័យ​​​ទេសចរណ៍ ​ក៏មានការ​រីកចម្រើន​ ទន្ទឹមនឹង​កំណើន ភ្ញៀវទេសច​រកាន់តែច្រើន​ ផ្នែកសេវាកម្ម​គាំទ្រភ្ញៀវទេសចរ​ ក៏មាន​តម្រូវ​​កា​រ​​បន្ថែម​ទៀតដែរ។ ចំណុចនេះ​ ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី​ សុខ​ អាន បានគាំទ្រនូវ​បំណង​ចង់វិនិយោគ​លើវិស័យ​ទេសចរណ៍​ និង​បាន​ស្វាគមន៍គ្រប់វិនិ​យោគទុន​ទាំងអស់​ ដែលមាន​បំណងចង់​មកវិនិយោគ​នៅ​កម្ពុជា​ ដោយរាជរដ្ឋាភិបាល​សូមគាំទ្រ​លើក​ទឹក​ចិត្ត និងខិត​ខំជួយសម្រួល​លើផ្នែកច្បាប់​ផ្សេងៗ។ ឯកឧត្តម​ បានឲ្យដឹងដែរថា ​ខេត្តព្រះសីហនុ​ មានលក្ខណៈពិសេស​ ដោយ​មាន​​​ព្រលាន​យន្តហោះ ជាស្រេច​ នៅក្រោយ​ពេលភ្ញៀវ​ទេសចរមក​លំហែកំសាន្ត​ រួចគេអាចធ្វើ​ដំណើរតាម​ផ្លូវអាកាសបន្ត​​​ទៅ​​​ទស្សនា​​​ខេត្ត​សៀ​មរាប ​ដែល​ជាទីក្រុងវប្បធម៌​យ៉ាងល្បីល្បាញ​ ខាងសម្បត្តិ​បេតិកភណ្ឌ វ​ប្បធម៌របស់កម្ពុជា។ ​ចំណែក​អ្នក​ទេស​ចរ​ ដែល​បាន​ទស្សនា​​ខេត្ត​សៀមរាប រួចហើយ ក៏គេអាច​ជិះយន្តហោះ ​មកកំសាន្ត​ នៅតំបន់ឆ្នេរនា​ខេត្តព្រះសី​ហនុ​ផង​ដែរ។
ចំណុចមួយទៀត​ ឯកអគ្គ​រដ្ឋទូតសហពន្ធ័​រុស្ស៊ីបានប្រាប់ថា​ រុស្ស៊ីមាន​បំណងចង់​បង្កើត កម្មវិធី​ទូរទស្សន៍​ តាមរយៈធ្វើកិច្ច​សហការ​ជាមួយទូរទស្សន៍​ របស់​កម្ពុជា​ គឺភាគីរុស្ស៊ី​ នឹងផ្តល់ជូន នូវ​ខ្សែភាព​យន្តឯកសារ​ និង​កម្មវិធីផ្សេងៗ​មិន​គិត​ថ្លៃ​ ចំពោះ​ស្ថានីយ​ទូរទស្សន៍ណា​ដែល សហការជាមួយ។

ឯកឧត្តម​ Dmitry​ Tsvetkov ​ក៏បានបង្ហាញ ​ពីចំណាប់អា​រម្មណ៍ចង់ចូល​ជាសមាជិក នៃ​គណៈកម្មាធិការ​ សម្របសម្រួល​អន្តរ​ជាតិ​ សម្រាប់ការ​ងារអភិរក្ស ​ប្រាសាទព្រះវិហារ​ (ICC Preah Vihear)​ ផងដែរ។​ គួរបញ្ចាក់ថា​ ICC Preah Vihear​ ត្រូវ​បានបង្កើតឡើង​ នាខែធ្នូ ឆ្នាំ២០១៤​  ដែលមានចិន​ និងឥណ្ឌា​ ធ្វើជា​សហប្រធាន​ ដោយទទួល​បានការឯកភាព​ និងគាំ​ទ្រ​ពី​គណៈកម្មាធិកា​របេតិកភណ្ឌ​ពិភពលោក។​ នៅពេលខាង​មុខនេះ​  គណៈកម្មាធិការ​ សម្រប​សម្រួល​អន្តរជាតិ​ សម្រាប់​ការ​ងារអភិរក្ស​ប្រាសាទព្រះវិហា​ (ICC Preah Vihear) នឹង​មានរៀបចំ កិច្ច​ប្រជុំរបស់​ខ្លួនមួយ​ ហើយរុស្ស៊ីក៏មាន​បំណង​សុំចូលជាសមាជិក​ របស់គណៈកម្មាធិកា​រនេះ នៅ​ពេលនោះ​តែម្តង​។


រាល់ចំណុច​លើកឡើង​ខាងលើ​ ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី សុខ​​ អាន បានគាំទ្រ​ ហើយបាន ជំរាបជូនថា​ កម្ពុជា​នឹងខិត​ខំជួយ​សម្រប​​​សម្រួល​លើ​បញ្ហាទាំងអស់​នោះជូន​៕



បទវិភា​គ ដោយ៖ សួន​ ចំរើន, តើជាការ​ពិតដែរឬទេ ដែលគ​ណបក្សប្រ​ឆាំងប្រកា​សពីភាពខ្លាំង ចំពេល​សកម្មជន កំពុង​ជាប់ឃុំ?

ក្រុម​អ្នក​វិភាគ​យល់​ថា​ វាជារឿង​ផ្ទុយ​ពីការ​ពិត​ ចំពោះ​ការ​ប្រកាស​ពីភាព​ខ្លាំង​ថ្មីទៀត​ របស់​មេ ដឹក​នាំ​គណបក្ស​ប្រឆាំង​ ស្រប​ពេល​ដែល​​សកម្មជន​របស់​ខ្លួន​​ ១៥​ នាក់​កំពុង​ជាប់​ពន្ធនាគារ​ ហើយ​​ដែល​ប្រធាន​បទ​លើ​សមរភូមិ​​​ចរចា​ ហាក់​ដូច​ជា​អស់​ប្រសិទ្ធភាព​​ ឬ​អស់​សន្លឹក​បៀរ​លេង​ ទៅហើយ​​​។
អនុប្រធាន​បក្ស​ប្រឆាំង​ លោក កឹម ​សុខា​ បាន​អួតកាល​ពី​ថ្ងៃ​ទី​២៧ ខែកញ្ញា​ នៅខេត្ត​ត្បូង​ឃ្មុំ​ថា ខ្លួន​​នឹង​ឡើង​កាន់​អំណាច​នៅ​អាណត្តិ​ក្រោយ​​ នៅពេល​ដែល​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ដាំក្បាល​ធ្លាក់​ចុះ​ជាលំដាប់​ ដោយ​សារ​តែ​ការ​បែក​បាក់​ផ្ទៃក្នុង​នូវ​រឿង​អាស្រូវ​ជាច្រើន​ ដូច​ជា​អំពើ​ពុករលួយ​ ទំនាស់​ផល​ប្រយោជន៍​ បក្ខពួក​និយម​ និង​គ្រួសារ​និយម​ ជាដើម​។
ក្នុង​នោះក្រុម​អ្នក​វិភាគ និង​​ប្រជាពលរដ្ឋ​​បាន​មើលឃើញ​​​ថា​ ក្រុម​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំងមួយ​ចំនួន​ បាន​​ខ្វែង​គំនិត​គ្នា​ឈប់​គាំទ្រ​ លែង​រវីរវល់​នឹង​កិច្ច​ការ​ដែល​មេ​ដឹក​នាំ​ជំរុញ​ឲ្យ​ធ្វើទាំង​នៅ​ថ្នាក់​ជាតិ​ និង​នៅ​មូល​ដ្ឋាន​។​ មន្ត្រី​ជាន់​ខ្ពស់របស់​បក្ស​​មួយចំនួន​បាន​គេច​វេស​ទៅ​បរទេស​បាត់​មុខ​ លែង​មាន​សកម្មភាព​​ លែងហ៊ានចូលស្រុក ដូចជា​ លោក អ៊ុំ សំអាន លោក រៀល​ ខេមរិន្ត្រ អ្នក​ស្រី​ មួរ​ សុខហួរ​ ។ល។​​ ដោយ​ក្រុម​អ្នក​គាំទ្រ​​ទាំង​នោះ​យល់​ថា​ មក​ដល់​ពេល​នេះ​ ពួក​គេ​គ្មាន​បាន​ទទួល​​ផល​អ្វី​បន្តិច​ពី​ការ​ខិត​ខំប្រឹង​ប្រែង​​ ហើយ​​បែរ​​ជា​ត្រូវ​ទទួល​ការ​ស្តីបន្ទោស​ និង​ទម្លាក់​កំហុស​មក​លើ​ពួកគេ​ទាំង​ស្រុង​ទៅ​វិញ​​​​។​ ក្រុម​អ្នក​គាំទ្រ​​ខ្លះ​ទៀត​ បាន​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​​ ទៅ​​បង្កើត​គណបក្ស​​ថ្មី​ៗ​ជាច្រើន​​។
 កន្លង​មកផ្ទៃក្នុង​​គណបក្សនេះ ​ធា្លប់​មានភាពរកាំរកូសគ្នាជាច្រើន រវាង​លោក​ប្រធាន​​​​ទាំង​​២​​​រហូត​​​​ដល់​​ថ្នាក់​​មូលដ្ឋាន តែគេនៅមិនទាន់ដឹងថា តើពួកគេអាចទ្រាំឱប​ភ្នំភ្លើង​នេះ​បាន​យូរ​​ប៉ុណ្ណា​នោះ​ទេ។ ចំណុច​ដែល​ក្រុម​អ្នក​វិភាគ​ និង​ប្រជាពលរដ្ឋ​ នៅតែ​សង្ស័យ​​ គឺថា​គណបក្ស​សង្គ្រោះជាតិ​ បាន​រក្សា​ទុក​គណបក្ស​ដើម​រៀងៗខ្លួន ​​​​បើទោះជា​គណបក្ស​សិទ្ធិមនុស្ស​ និង​គណបក្ស​សម​រង្ស៊ី​ ​​បានរួម​គ្នា​​ជិត​៣​​ឆ្នាំ​ហើយ​ក៏ពិតមែន​​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​​ហ៊ាន​ធានា​ថា​ គណបក្ស​សង្គ្រោះជាតិ​​អាច​​មាន​ជីវិតរស់​​ដល់ពេល​ណានោះទេ ព្រោះ​ទាំង​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា នៅមិន​ទាន់​ហ៊ាន​​រំលាយ​​គណបក្ស​ដែល​ខ្លួន​បង្កើត​ចោល​ទេ គឺ​ទុក​ផ្លូវ​ដើរ​​ទៅរក​បក្សដើម​ ធ្វើប្រធាន​រៀងៗ​ខ្លួន​វិញ​ គ្រាន់​តែ​ទុក​មនុស្ស​ទុកចិត្ត​ម្នាក់​ឲ្យ​នៅ​ចាំ​យាម​ខ្ទម​ចាស់របស់​ខ្លួន​ប៉ុណ្ណោះ នេះម្យ៉ាង និងម្យ៉ាងទៀត លោក សម រង្ស៊ី លោក​ កឹម សុខា និងមនុស្សមួយចំនួនទៀត ក៏បាននិងកំពុងប្រជែងគ្នាយ៉ាងស៊ីសាច់ហុតឈាមគ្នា ដើម្បីឥទ្ធិពល ឈានទៅដឹកនាំគណបក្សផ្តាច់មុខ​​។
ការ​បន្ត​ភូត​កុហក់​របស់​​​​​លោក​ កឹម សុខា​ ពេល​នេះ​ គឺ​វា​ហាក់​ដូច​ជាមិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​​ទាល់​តែសោះ​​ ព្រោះ​ថា​លោក​បាន​ស្រែក​អំពាវ​នាវ​ឲ្យ​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​ មក​ចូលរួម​ជាមួយ​គណបក្ស​​លោក​​វិញ​ នៅពេល​ដែល​មេដឹកនាំគណ​បក្ស​ថ្មី​​ទាំង​នោះ​ បាន​រិះ​គន់​គណបក្ស​សង្គ្រោះជាតិ​ ថា​​ជា​បក្សផច់​​ការ​ លក់​ឧត្តម​គតិ​ប្រជាពលរដ្ឋ​ ដើម្បី​បុណ្យសក្តិ និង​លាភសក្ការៈ។​​
បើ​តាម​អ្នក​វិភាគ​ ការ​ប្រកាស​របស់​លោក កឹម សុខា​ ពេល​នេះ​ គឺ​ដើម្បី​ពង្រឹង​ជំហរ​សកម្មជន​របស់​ខ្លួន​ នៅមូល​ដ្ឋាន​ឡើង​វិញ​ នៅពេល​ដែល​យុទ្ធវិធីវាយ​ប្រហារ​​គណបក្ស​កាន់​អំណាច​​របស់​ខ្លួន​លើ​បញ្ហា​​ព្រំដែន ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​វាយ​សំពង​​លែងឲ្យ​​ហើប​មាត់​រួច​ តាម​រយះ​ការ​ខ្ចី​ និង​ផ្ទៀង​ផ្ទាត់​​ផែន​ទី ពី​អង្គការ​សហប្រជាជាតិ​ និង​ពី​ប្រទេស​មហា​អំណាច​​​។​
ក្រុមអ្នក​​​វិភាគ​ បាន​វាយ​តម្លៃ​ថា​ នៅ​អាណត្តិ​ក្រោយ​​ គណបក្ស​សង្គ្រោះជាតិ​ ច្បាស់​ជា​​នឹង​ក្លាយ​​​​ជា​​គណបក្ស​​តូច​តាច​មួយ​ដូច​ដើម​​​។​ ហើយ​​សូម្បី​តែ​ លោក ម៉ម សូណង់​ដូ​ ប្រធាន​គណបក្ស​ សំបុកឃ្មុំ​ ក៏​ធ្លាប់​បាន​​វាយ​តម្លៃ​ដែរ​ថា​ ​គណបក្ស​សង្គ្រោះជាតិ​ នឹង​មិន​អាច​ឈ្នះ​ឆ្នោត​បាន​​ទេ​​ លោក​ថែម​​ទាំង​ហ៊ាន​​​ភ្នាល់ដាក់​ជី​វិត​​ថែម​ទៀត​។​
 ​ជារួម​​​នៅពេល​​​ដល់ដំណាក់កាលចុង​ក្រោយ​នោះ​ មេបក្ស​​ប្រឆាំង​ទាំង​ពីរ​ នឹង​ចែក​ផ្លូវ​គ្នា​​ដើរ​​សារ​ជាថ្មី​ ហើយ​ក៏​​ជាពេលវេលា​ដែល​លោក សម រង្ស៊ី និង​លោក​ កឹម សុខា ត្រូវ​ចោទ​គ្នា​ទៅវិញ​ទៅមក​ដែរ​។ លោកសម​ រង្ស៊ី នឹងចោទថា កឹម សុខា លក់ខ្លួន​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​ ចំណែក​​លោក កឹម សុខា ក៏នឹងចោទ​វិញដែរ​ថា គណបក្សប្រជាជនច្បាស់​ជា​​​ទិញ​​ខ្លួន​លោក សម រង្ស៊ី បាន​ហើយ​។​ ធ្វើ​បែប​នេះ​ ទើប​ពួក​គេ​អាច​បិទបាំង​នូវ​ភាព​អាម៉ាស់​ និង​ភាព​បរាជ័យ​​របស់​ពួក​គេ​នូវ​ការ​សន្យា​ រាប់​រយ​ រាប់​ពាន់​សន្យា​ចំពោះ​មុខ​ប្រជា​ពលរដ្ឋ​​បាន​​៕