Friday, June 27, 2014

សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​ កោះ​ហៅ​លោក សួន សេរី​រដ្ឋា អោយ​ចូល​ខ្លួន​

លោក សួន​ សេរី​រដ្ឋា ​ប្រធាន​ចលនាអំ​ណាច​ពល​រដ្ឋខ្មែរ ដែលមាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង​ជាជន​ដែល​ប្រឆាំង​ដាច់​ខាត​របបរាជានិយម​នៅ​កម្ពុជា ត្រូវ​បាន​សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ កោះ​ហៅ​អោយ​ចូល​ខ្លួន​បំ​ភ្លឺ ពាក់​ព័ន្ធ​នឹង​សំ​ណុំរឿង​ព្រហ្មទណ្ឌ។

យោង​តាម​ដីកាកោះ​ឱ្យ​ចូល​រួម​សវនាការ ចេញ​ដោយ​ លោក មាស ច័ន្ទ​ពិសិដ្ឋ​ តំ​ណាង​អយ្យការ​អម​សាលាដំ​បូង​រាជ​ធានីភ្នំ​ពេញ ចុះ​ថ្ងៃ​ទី​ ១៧ ខែ​មិថុនា ឆ្នាំ​២០១៤ បាន​បង្គាប់​ឱ្យ​ លោក សួន​ សេរី​រដ្ឋា អាយុ៤៤ឆ្នាំ​ ជាតិ​ខ្មែរ ទី​កន្លែង​កំ​ណើត​ នៅ​ឃុំខ្នាចរមាស ស្រុក​បវិល ខេត្ត​ បាត់​ដំ​បង ឱ្យ​ចូល​ទៅកាន់​ សាលាដំ​បូង​រាជធានី​ភ្នំ​ពេញ​ សាលសវនាការទី២ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៤ វេលាម៉ោង២រសៀល​ ដើម្បី​ឆ្លើយ​ដោះ​សារពី​ការ​ចោទ​ប្រកាន់​មកលើ​ខ្លួន ជាប់​ចោទ​ពី​បទ ញុះ​ញង់ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជា​អាទិ៍ ប្រព្រឹត្តនៅ​រាជធានីភ្នំ​ពេញ​ កាលពី​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ​២០១៣ បទ​ល្មើសមាន​ចែង​ឱ្យ​ផ្តន្ទាទោសតាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។

ដីកាកោះ ក៏បាន​បញ្ជាក់​ផង​ដែរថា សាម៉ី​ខ្លួន​ត្រូវ​ចូល​មក​តាម​ដីកាកោះ​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេង​ៗ ទាក់​ទងនឹង​រឿង​ខាង​លើ​មក​ជា​មួយ​ផង​ដែរ ប្រសិន​បើ​មាន​។

គួររំ​លឹក​ផង​ដែរថា លោក សួន សេរី​រដ្ឋា ប្រធាន​អំ​ណាច​ពល​រដ្ឋ​ខ្មែរ ធ្លាប់​ត្រូវ​បាន​ជាប់ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​ជាបទ​ល្មើសនានា កាលពី​ពេល​កន្លង​មក​ ដែល​គេសង្ស័យ​ថា ពាក់​ព័ន្ធ​នឹង​ចលនា CFF ​បង្កើត​កម្លាំងប្រដាប់​អាវុធ ដោយ​សហការជាមួយ​ក្រុម​ប្រឆាំង​ ក្នុង​ការប៉ុនប៉ង​ទម្លាក់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ លោក​ សួន​ សេរី​រដ្ឋា ក៏ធ្លាប់​បាន​យក​ទឹក​ដី​ប្រទេស​ថៃ សហការ​ជា​ក្រុម​អាវ​លឿង ក្នុង​ការ​រិះ​គន់ ជេរប្រមាថ​មក​លើ​រាជ​រដ្ឋាភិបាល ក្នុង​ពេល​ដែល​រាជ​រដ្ឋាភិបាល​ កំ​ពុង​ខំ​ប្រឹង​ទប់​ស្កាត់​គ្រប់​រូប​ភាព​នៃ​ការ​បំ​ពាន​ពី​សំ​ណាក់​យោធាថៃ រំ​លោភទន្ទ្រាន​ព្រំ​ដែន​ខ្មែរ និង​បាញ់​បំ​ផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ កាលពី​ពេល​កន្លង​មក​។ ម៉្យាង​វិញ​ទៀត សួន សេរី​រដ្ឋា ក៏​ជា​ជន​ជ្រុល​និយម​១រូប ដែល​ជា​និច្ច​កាល តែង​តែផ្តល់​កិច្ច​សម្ភាសន៍​ និង​បញ្ចេញ​មតិរិះ​គន់ ជេរប្រមាថយ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​ស្ថាប័ន​ព្រះ​មហាក្សត្រ​ ជា​ពិសេស គឺ​រិះគន់​ទៅ​លើ អតី​តព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ ដែល​ពលរដ្ឋ​កម្ពុជា​គោរព​ស្រឡាញ់​បំ​ផុត។

បន្ទាប់​ពី​មាន​ដីកាកោះ ភ្លាម​ៗគេដឹង​ថា លោក សួន សេរី​រដ្ឋា បាន​ផ្ញើ​លិខិត​១ច្បាប់ ចុះ​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ​២០១៤ ​ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថាន​ទូត​សហរដ្ឋអាមេរិក ​ក្នុង​ឋានៈគេជាខ្មែរសញ្ជាតិ​អាមេរិ កាំង​១រូប​ដែរនោះ​ ដោយ​ប្រាប់​ដំ​ណឹង​ថា លោក​បានរក​មេធាវី​១រូប​ ដើម្បី​ការ​ពារខ្លួន​ គឺលោក​មេធាវី​ សុខ សំ​អឿន ក្នុង​នោះ​លោក សួន​ សេរី​រដ្ឋា ក៏​បាន​ជម្រាប​ជូន​ទូត​អាមេរិក​លើបញ្ហា​​មួយ​ចំ​នួន​ផង​ដែរ ក្នុង​នោះ លោក​បញ្ជាក់​ថា លោក​មិន​បាន​ពាក់​ព័ន្ធ​នឹង​អំ​ពើភេរវកម្ម​ណាមួយ​ឡើយ ហើយលោក​នឹង​នាំ​យក​ឯកសារនានាដើម្បី​ចូល​ទៅ​តុលាការ​ តាម​កាលបរិច្ឆេទ នាថ្ងៃទី ៩ ខែ​កក្កដា ឆ្នាំ​២០១៤ ។

គេនៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ប្រកាសរបស់​លោក​ សួន​សេរី​រដ្ឋា ថា​នឹង​ចូល​ខ្លួន​នៅ​ចំ​ពោះ​មុខ​សវនា​ការ​​នោះ តើ​ពិត​ជា​លោក​នឹង​បង្ហាញ​វត្តមាន​ដែរ ឬ​ក៏​ប្រែ​ក្រឡាស់យ៉ាង​ណាវិញ​នៅ​ឡើយ​ទេ៕
ខាងក្រោម​នេះ​ ជា​ដីកាកោះ​អោយ​ចូល​បំ​ភ្លឺ​៖


By: Cambodia News