Thursday, June 25, 2015

អគ្គនាយក អាជ្ញាធរជាតិអប្សារា ចេញសេចក្តីក្តីជូនដំណឹង ស្តីពីការបញ្ឈប់ សកម្មភាពលក់ ដូរអនាធិបតេយ្យ នៅប្រាសាទប្រែរូប

​យោងតាម​សេចក្តីជូន​ដំណឹង​របស់ ​អគ្គនាយក​អាជ្ញាធរ​ជាតិអប្សារា ​ស្តីពីការបញ្ឈប់​សកម្មភាពលក់​ដូរ​អនាធិបតេយ្យ ​នៅប្រាសាទប្រែរូប​ ក្នុងគោលដៅរៀប​ចំសណ្តាប់ធ្នាប់ ​និងរបៀប​រៀបរយ​លើប្រាសាទ​ប្រែរូប​ ឲ្យសក្កិសម​ជាតំបន់​ទេសចរណ៍​វប្បធម៍ប្រវត្តិសាស្រ្ត​និងជាសម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក ​អគ្គនាយកអាជ្ញាធរ​ជាតិអប្សារា ​សូមជម្រាបជូន​ដំណឹងដល់​បងប្អូន​អាជីវករ​ ដែលបាន​និង​កំពុងលក់ដូរ​លើប្រាសាទ​ទាំងអស់​ ឲ្យបញ្ឈប់​សកម្មភាព​លក់ដូរ​អនាធិបតេយ្យ​លើប្រសាទ​ កំណត់​ត្រឹមថ្ងៃទី ​២៦ ខែ ​មិថុនា​ ឆ្នាំ២០១៥​ ជាកំហិត​ ដោយតម្រូវ​ឲ្យចុះទៅ ​លក់ដូរ​ខាងក្រៅ​ប្រាសាទ​ដូចអាជីវករ​ផ្សេងទៀត​ និង​ហាមដាច់ខាត់​ការសាងសង់​សំណង់ផ្សេងៗ ​បម្រើឲ្យ​ការលក់ដូរ​ដោយគ្មាន​ការអនុញ្ញាត​ ពី​អាជ្ញាធរជាតិ​អប្សរា​ លើសពីនេះ​ ត្រូវគោរព​តាមការ​រៀបចំ​សណ្តាប់ធ្នាប់​របស់ក្រុម​ការងារ​ដែលប្រចាំការ​នៅទីតាំង​ប្រាសាទនេះ ។
​ក្នុងករណីបងប្អូន​ ពុំព្រមអនុវត្ត​តាមសេចក្តី​ជូនដំណឹងនេះ​ អគ្គនាយកដ្ឋាន​អាជ្ញាធរជាតិ​អប្សរា ​សហការជាមួយ​ស្ថាប័នពាក់ព័ន្ឋ​ និង​ចាត់វិធានការ​រដ្ឋបាលទប់ស្កាត់​ទៅតាម​ស្ថាន​ភាពជាក់​ស្តែង​ និង​ពុំទទួល​ខុសត្រូវ​ចំពោះការ​ខាតបង់​ផ្សេងៗ​ឡើយ៕

មេរៀន​​ស្តីពីការ​ប្រឆាំង​អំពើ​ពុករលួយ​​ត្រូវបាន​ ក្រសួងអប់រំ​ សហការគ្នា​ជាមួយ​ អង្គភាព​ប្រឆាំងអំពើ​​ពុករលួយ ​បញ្ចូល​ក្នុង​កម្រិតមធ្យម​សិក្សាបឋមភូមិ

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ ឯកឧត្តម ឱម យ៉ិន​ទៀង ប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ បានថ្លែង​នៅក្នុងពិធីបើកវគ្គបណ្តុះ​បណ្តាលដល់​គ្រូបង្គោល​ប្រឆាំងអំពើពុក​រលួយថា សៀវភៅអប់រំ​ស្តីពីការប្រឆាំងអំពើ​ពុករលួយ សម្រាប់​កម្រិតមធ្យម​សិក្សាបឋមភូមិ គ្រោង​ដាក់ឲ្យអនុវត្ត​ក្នុងកម្មវិធី​សិក្សា ចាប់ពី​ឆ្នាំសិក្សា ២០១៥ ២០១៦ នេះតទៅ។
សៀវភៅ​មេរៀនការអប់រំ​ប្រឆាំងអំពើពុក​រលួយ ត្រូវបានចង​ក្រងដោយ ក្រសួងអប់រំ យុវជន និង​កីឡា និងអង្គភាពប្រឆាំងអំពើ​ពុករលួយ (ACU) រួចបានបាន​សហការគ្នា  ដាក់បញ្ជូល​ក្នុងកម្មវិធីសិក្សា មុខវិជ្ជា ពលរដ្ឋរិជ្ជា ឬសិក្សាសង្គម នៅក្នុងក​ម្រិតមធ្យមសិក្សា​បឋមភូមិ ចាប់​ពីថ្នាក់ទី៧ ដល់ថ្នាក់៩ បន្ថែមលើការសហការ​ជំហាន​ដំបូង ដែលរៀបចំសៀវភៅ​សំរាប់ការ​អប់រំលើកម្រិត​មធ្យមសិក្សា​ទុតិយភូមិ។ នៅឆ្នាំបន្តប​ន្ទាប់ ក្រសួងនឹង​ដាក់ឲ្យអនុវត្តន៍​ក្នុងកម្រិត​ថ្នាក់ឧត្តម​សិក្សា និងកម្មវិធីបណ្តុះបណ្តាល​វិជ្ជាជីវៈផង​ដែរ។
 ឯក​ឧត្តម ឱម យ៉ិនទៀង បានគូសបញ្ជាក់​ថា សៀវ​ភៅនេះមានគោល​បំណង​កសាង​ធនធានមនុស្ស​ជំនាន់​ក្រោយ ឲ្យចូលរួមប្រយុទ្ធ​ប្រឆាំងអំពើពុករ​លួយ ប្រកាន់ខ្ជាប់​នូវភាពស្អាត​ស្អំ ស្រឡាញ់​យុត្តិធម៌ ប្រកាន់​សុចរិតភាព តម្លាភាព គោរព​ច្បាប់ គោរព​ខ្លួនឯង និងអ្នក​ដទៃ។
ការរៀប​ចំវគ្គបណ្តុះ​បណ្តាលសៀវ​ភៅអប់រំស្តីពី​ការប្រឆាំង​អំពើពុករលួយ សម្រាប់​កម្រិតមធ្យមសិក្សាបឋម​ភូមិនេះ ប្រព្រឹត្តទៅរយៈ​ពេល ៣ថ្ងៃ ចាប់ពី​ថ្ងៃទី២៤ ដល់ទី២៦ ខែមិថុនា​នេះ នៅអង្គភាព​ប្រឆាំងអំពើពុករ​លួយ ដែលមានសិក្ខាកាម​ដែលជាគ្រូបង្គោល​មកពីទូទាំង​ប្រទេសចំនួន​៦០​រូប។ ក្រោយពីគ្រូបង្គោល​បានចេះ​ពីខ្លឹមសារ និងរបៀបបង្រៀន​មេរៀន ស្តីពី​ការប្រឆាំងអំពើពុក​រលួយ ក្នុងកម្រិត​សិក្សាបឋម​ភូមិរួច ពួកគាត់​នឹងក្លាយ​ជាគ្រូប​ង្គោល ដែល​មានភារកិច្ចបណ្តុះ​បណ្តាល​បន្តដល់ លោក​គ្រូអ្នកគ្រូដែល​ត្រូវបង្រៀន​មុខវិជ្ជានេះ​នៅតាម​សាលារៀន នៅទូទាំង​ប្រទេសទូទាំង​ប្រទេស ចាប់ពីឆ្នាំសិក្សា ២០១៥-២០១៦តទៅ។
យោងតាម​សេចក្តី​ប្រកាស់​ព័ត៌មានចុះថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ២០១៥នេះ​របស់​អង្គភាពប្រឆាំងអំពើពុក​រលួយ បានឲ្យដឹងថា ការអប់រំប្រឆាំង​អំពើពូករលួយនេះ ត្រូវបាន​រៀប​ចំឡើងស្រប​តាមគោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ និងកម្មវិធីគោល​នយោបាយ​របស់រាជរដ្ឋាភិបាលអាណត្តិ​ទី៥ ដែលនៅកំរិតសិក្សា​នេះ គឺធ្វើឡើង​ក្នុងគោលបំណង កសាង​ផ្នត់គំនិតស្រលាញ់​ការសិក្សា ឧស្សាហ៍ព្យា​យាមស្មោះត្រង់ មានវិន័យផ្ទាល់​ខ្លួន និងមានសុច​រិតភាព ត្រិះរិះ​ពិចារណា និងជ្រើស​រើសយកនូវអ្វីដែល​ល្អសម្រាប់ជីវិត សង្គម​គ្រួសារ និងសង្គម​ជាតិ ណែនាំដល់​មិត្តភក្តិដទៃ​ពីសកម្មភាព​ទាក់ទង​នឹងការ​អប់រំ បង្ការ ទប់ស្កាត់អំពើពុករលួយ និងចូលរួមក​សាងគុណ​តំលៃ និងពង្រឹងសមត្ថភាពរបស់សិស្ស បន្ថែម​លើកម្មវិធីសិក្សា​ដែលមាន។
កម្មវិធីថ្ងៃនេះ​គឺជាការសហការ​គ្នាលើកទី២ ដែលលើកទី១ នៅឆ្នាំមុនកាល​ពីឆ្នាំសិក្សា ២០១៤-២០១៥ អង្គភាពប្រឆាំង​អំពើពុករ​លួយ និងក្រសួង​ក្រសួងអប់រំ យុវជន និងកីឡា ក៏បាន​រួមគ្នារៀបចំសៀវ​ភៅអប់រំស្តី​ពីការប្រឆាំង​អំពើពុករលួយ​សម្រាប់កម្រិតមធ្យម​សិក្សាទុតិយ​ភូមិ និងមានគម្រោង​បង្កើតនៅឆ្នាំ​បន្តបន្ទាប់ ដោយ​ដាក់ឲ្យអនុវត្តន៍​ក្នុង​កំរិតថ្នាក់ឧត្តម​សិក្សា៕



សម្តេចតេជោ ហ៊ុន សែន រំលឹកពីវប្បធម៌សន្ទនា ជាមួយឯកឧត្តម សម រង្ស៊ី និងជម្រុញឲ្យរក្សាភាពស្មោះត្រង់ទៅវិញទៅមក

សម្តេច​តេ​ជោ ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ស្តីពី​​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​​សង្គ្រោះ​ជាតិ បាន​នាំមក​នូវ​លទ្ធផល​ដ៏​ល្អ​សម្រាប់​ជាតិ និង​ប្រជាជន​។​
​ក្នុង​លិខិត​ឆ្លើយតប​ទៅកាន់ឯកឧត្តម សម រង្ស៊ី សម្តេច​តេ​ជោ លើកឡើងថា "​ខ្ញុំ​សង្ឃឹមថា គណបក្ស​យើង​ទាំងពីរ នៅតែ​ពង្រឹងពង្រីក​កិច្ចសហការ​គ្នា​ដោយ​ស្មារតី​ស្មោះត្រង់​​​លើ​ការអនុវត្ត​វប្បធម៌​សន្ទនា​នេះ នៅតាម​ថ្នាក់​បន្តទៀត ដើម្បី​ភាពសុខដុមរមនា​សម្រាប់​ប្រជាជន​យើង​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​"​។​
​ការបញ្ជាក់​បែបនេះ​រប​ស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ឡើង នៅក្នុង​លិខិត​ផ្ញើជូន​ឯកឧត្តម ​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​លិខិត​ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ របស់ឯកឧត្តម ​សម រង្ស៊ី ដែល​បាន​អបអរសាទរ និង​ជូនពរ​សម្តេច ក្នុងពេលដែល​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៣៨ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​ជ្រើសតាំង​សម្តេច​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​
​ក្នុង​លិខិត​នោះ ឯកឧត្តម ​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវបាន​សន្និបាត​ គណៈកម្មាធិការ​កណ្តាល លើក​ទី​៣៨ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​
​ឯកឧត្តម​សម រង្ស៊ី បានបញ្ជាក់​នៅក្នុង​លិខិត​ផ្ញើជូន​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែមិថុនា​ថា "​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​រីកចំរើន​រឹងមាំ​ជា​លំដាប់ ហើយ​ចំណងទាក់ទង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាក់ឫស ចាក់​គល់​កាន់តែ​ជ្រៅ ហើយនឹង​បន្ត​ពង្រឹង និង​ពង្រីក​កាន់តែ​ទូលំទូលាយ​ថែមទៀត ក្នុង​គោលដៅ​រួម គឺ​ដើម្បី​សន្តិភាព ស្ថិរភាព សេរីភាព យុត្តិធម៌ និង​ការបង្រួបបង្រួម​ជាតិ សម្រាប់​ជា​ប្រយោជន៍​ប្រទេសជាតិ​យើង និង​ផលប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​"៕​
សូមអានខ្លឹមសារ​នៃលិខិតរបស់​ឯកឧត្តម ​សម រង្ស៊ី​ អបអរសាទរ ​និងគោរពជូនពរ​ចំពោះស​ម្តេចតេជោ ​ហ៊ុន សែន ​និងលិខិត​របស់សម្តេចតេជោ​ ហ៊ុន ​សែន​ ថ្លែងអំណរគុណ​ចំពោះ ​ឯកឧត្តម ​សម រង្ស៊ី៖

សហព័​ន្ធ​សិទ្ធិមនុស្ស​​ និងអភិវឌ្ឍន៍កម្ពុជា​​ ស្នើឲ្យសម្តេច​​ប្រធានរដ្ឋសភា​ អនុម័ត​ច្បាប់​សមាគម​-អង្គការមិនមែន​​រដ្ឋាភិបាល​​ឲ្យបាន​​ឆាប់ ​

តាមលិខិត​ចំហរបស់ លោក ថៅ វាសនា ប្រធាន​សហព័ន្ធ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍​កម្ពុជា ផ្ញើជូនសម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋស​ភាជាតិ នៃព្រះរាជាណាច​ក្រកម្ពុជា ចុះថ្ងៃ​ទី ២៥ ខែមិថុនា ឆ្នាំ២០១៥នេះ បានស្នើសុំ​ជំរុញការពិនិត្យ និងអមុន័ត​ច្បាប់ស្តីពី​សមាគម អង្គការមិនមែន​រដ្ឋាភិបាល​ឲ្យបានឆាប់រហ័ស​តាមដែល​អាចធ្វើ​ទៅបាន។ នៅក្នុងលិខិត​ចំហ​នោះបានលើក​ឡើងថា កម្ពុជាត្រូវ​មានច្បាប់ស្តី​ពីសមាគម-អង្គការមិនមែន​រដ្ឋាភិបាល​មួយ អនុលោមតាម​មាត្រា ៤២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា​ចក្រកម្ពុជា ដែលជា​ច្បាប់កំ​ពូល ដែលបាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរមាន​សិទ្ធិបង្កើត សមាគម និងគណបក្ស​នយោ​បាយ សិទ្ធនេះត្រូវកំណត់​ក្នុងច្បាប់។ ម្យ៉ាងទៀត បច្ចុប្បន្ននេះ NGOs នៃបណ្តា​ប្រទេសជឿន​លឿន និងប្រកាន់លទ្ធិប្រជាធិប​តេយ្យ លើពិភពលោក​កំពុងគ្រប់គ្រង​ដោយ​ច្បាប់។ នៅក្នុង​លិខិត​ដដែលនេះ លោក ថៅ វាសនា បានគូស​បញ្ជាក់​ថា សេក្តីព្រាងច្បាប់​ស្តីពី​សមាគម-អង្គការមិន​មែនរដ្ឋាភិបាលនេះ ត្រូវបាន​ក្រសួង​មហាផ្ទៃ បើកទូលាយ​ឲ្យមាន​ការចូលរួម​ពិនិត្យ និងផ្តល់យោបល់​ច្រើន​លើក​ច្រើនសារ ជាមួយសហគម​អឺរ៉ុប ឧត្តមស្នង​ការសិទ្ធិ​មនុស្សអង្គ​ការសហប្រជាជាតិ​ប្រចាំកម្ពុជា ស្ថាន​ទូតនានា NGOs និងសមាគម និងបានធ្វើសិក្ខាសាលា​ថ្នាក់​ជាតិ ដើម្បី​ប្រមូលផ្តុំគំនិត​យោបល់ ពីគ្រប់មជ្ឍដ្ឋានរួច​ហើយ ដែលសមល្មម​ឲ្យអង្គនីតិបញ្ញត្តិ​ជំរុញការពិនិត្យ និងអនុម័ត។ លោក ថៅ វាសនា បញ្ជាប់ប​ន្ថែមទៀតថា បើពិនិត្យ​លើខ្លឹមសាររួម​នៃសេចក្តីព្រាង​ច្បាប់ស្តីពី​សមាគម-អង្គការមិនមែនរដ្ឋាភិ​បាលមាន ៩ ជំពូក និង៣៩មាត្រា ដែលគណ:រដ្ឋមន្រ្តីបានពិនិត្យ និងបញ្ជូនមករដ្ឋសភាជាតិ គឺគ្មានមាត្រាណាមួយ ធ្វើឲ្យបាត់បង់ផលប្រយោជន៍ស្របច្បាប់ ឬប៉ះពាល់ដល់សិទ្ធិសេរីភាពសម្តែងមតិ និងរាំងស្ទះដំណើរការប្រព្រឹត្តទៅរបស់សមាគម-អង្គការមិនមែនរដ្ឋាភិបាលនោះឡើយ។ សហពន្ធ័សិទ្ធិមនុស្ស និងអភិវឌ្ឍន៏កម្ពុជាយល់ឃើញថា ការមិនមានច្បាប់ជាបទពិសោធន៍របស់ប្រទេសមួយចំនួនលើពិភពលោក គឺជាមេរៀនដ៍សំខាន់បំផុតសម្រាប់កម្ពុជា ព្រោះ NGOs មួយចំនួន បានក្លាយ​ជាយន្តការនៃ​ការអនុវត្តបដិវត្ត​លាបពណ៌ និងជាឧបករណ៍របស់​ពួកភេរវករ ធ្វើសកម្មភាព​វាយ​ប្រហារដោយជ្រក​ក្រោមស្លាក NGOs និងសមាគម។ គួរបញ្ជាក់​ថា សហព័ន្ធ​សិទ្ធមនុស្ស និង​អភិវឌ្ឍកម្ពុជា ជាអង្គការ​មិនមែន​រដ្ឋា-ភិបាលដែល​មានអង្គការ សមាគមជា​សមាជិក​ចំនួន ៣០ បាននិងកំពុង​ធ្វើសកម្មភាព​ស្របច្បាប់​បំរើប្រយោជន៍​សាធារណៈជន នៅតាមរាជ​ធានី-ខេត្ត​ក្រុងនានា ក្នុងព្រះរាជាណាច​ក្រកម្ពុ​ជា៕
 អត្ថបទ៖ សុភាព

កម្ពុជា-ចិន​ បន្តជម្រុញ​កិច្ចសហ​ប្រតិបត្តិការ​ក្នុងក្របខ័ណ្ឌ​ប្រទេស​និងប្រទេស​ បក្សនិងបក្ស​

អគ្គលេខា​ធិការនៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស កុម្មុយ​នីស្ត​ចិន ឯកឧត្តម Xi Jinping បាន​ផ្ញើសារចូល​រួមអបអរ​សាទរ ចំពោះសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាស​ដែលសម្តេចត្រូ​វបាន សន្និបាតគណៈកម្មាធិការកណ្តាល​លើកទី ៣៨ របស់​គណបក្ស បោះឆ្នោតជ្រើស​តាំងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅ។
នៅក្នុង​លិខិត​របស់ ឯកឧត្តម Xi Jinping ដដែល ចុះថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៥ បាន​លើកឡើង​ទៀតថា នាពេល​បច្ចុប្បន្ននេះ ទំនាក់ទំនង​រវាងចិន និង​កម្ពុជា កំពុងស្ថិត​នៅក្នុង​ឱកាសនៃការអភិវឌ្ឍ​ន៍។ ឯកឧត្តម Xi Jinping បន្ថែមថា ភាគីចិននឹង​បន្តជំរុញកិច្ច​សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ រវាងចិន និងកម្ពុជា ហើយ​ចិននឹង​បន្តគាំ​ទ្រកម្ពុជាក្នុងការថែរក្សា​ស្ថិរភាព និងការអភិវឌ្ឍន៍។
ឯកឧត្តម Xi Jinping បានសង្កត់​ធ្ងន់ថា ឯកឧត្តម​បានយក​ចិត្តទុកដាក់​ជា​សំខាន់ លើកិច្ច​សហប្រតិបត្តិការ​ជាមិត្តភាព រវាងបក្សកុម្មុយនីស្ត​ចិន និង​គណបក្ស​ប្រជាជនកម្ពុជា។ គណបក្សទាំងពីរ និងជំរុញ​ការប្រាស្រ័យទាក់​ទងគ្នា និងកិច្ចសហ​ប្រតិបត្តិការ ផ្លាស់​ប្តូរបទពិសោធន៍​គ្នាអំពីអភិបាលកិច្ច និងជំរុញទំនាក់ទំនងរវាងចិន និងកម្ពុជាឲ្យកាន់តែស៊ីជម្រៅជាបន្តទៀត ដើម្បីជាផល​ប្រយោជន៍​ប្រជាជន​នៃប្រទេស​ទាំងពីរ។
ឆ្លើយតបនិង​សារលិខិត​របស់ ឯកឧត្តម Xi Jinping សម្តេចតេជោ ហ៊ុន សែន បានថ្លែង​អំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះឯកឧត្តម Xi Jinping ក៏ដូចជាបក្ស​កុម្មុយនិស្ត និងបានវាយ​តំលៃខ្ពស់ ចំពោះ​ការយកចិត្ត​ទុកដាក់របស់​ភាគីចិន លើកិច្ចសហ​ប្រតិបត្តិការ​ជាមិត្តភាព រវាង​បក្សកុម្មុយនី​ស្តចិន និងគណបក្ស​ប្រជាជនកម្ពុជា និងការបន្តជម្រុញ​កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​រវាងចិន និងកម្ពុជា។
សម្តេចក៏បាន​ថ្លែងអំណរគុណ​ចំពោះការអះ​អាងរបស់ភាគី​ចិន អំពីការ​បន្តគាំទ្រដល់​កម្ពុជា​ក្នុងការថែរក្សា​ស្ថិរភាព និង​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ៕

គណបក្ស​ប្រជា​ជន​កម្ពុជា​ ប្រារព្ធ​ខួប​ ៦៤ ឆ្នាំ ​ថ្ងៃ​បង្កើត​គណបក្ស​ ថ្ងៃ​ទី២៨ ​ខែ​មិថុនាខាងមុខ​​ ដោយ​រំ​ពឹង​ថា​ នឹង​​មាន​សមាជិក​​ចូល​រួម​​ប្រមាណ​ជាង​​១ម៉ឺន​​នាក់

គណបក្ស​ប្រជា​ជនកម្ពុជានឹង​ប្រារព្ធខួប​​អនុស្សាវរីយ៍ លើក​ទី​៦៤ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ( គ​៨៥)​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥​​ខាង​មុខ ដោយ​រំ​ពឹង​ថា នឹង​មាន​សកម្ម​ជន​ចូល​រួម​ប្រមាណ​ជា​ង​១ម៉ឺន​នាក់។ នេះ​បើ​តាម​​ការ​ថ្លែង​ឲ្យ​ដឹង​របស់​ ឯកឧត្តម សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្សប្រជាជនកម្ពុជានៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ។
ឯកឧត្តម សុខ ឥសាន្ត បានមាន​ប្រសាសន៍​ប្រាប់​គេហទំ​ព័របណ្តាញ​ព័ត៌មាន​រាជ​រដ្ឋាភិបាល GNN ថា អង្គ​មិ​ទ្ទិញ​នោះ នឹង​ប្រារព្ធ​ឡើង​​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជា​ជនកម្ពុជា សម្តេចអគ្គមហា​ពញាចក្រី​ ហេង សំរិន ប្រធានកិត្តិយសព្រមទាំង​សម្តេចក្រឡាហោម ស ខេង និង​សម្តេចវិបុល​សេនាភក្តី​ សាយ ឈុំ អនុប្រធាន​គណបក្ស​។
ឯកឧត្តម សុខ ឥសាន្ត បាន​ឲ្យ​ដឹង​ថា  បញ្ហាសំខាន់​នៃ​ការ​ប្រារព្ធ​ខួប​នេះ គឺចង់និយាយពីភាព​ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាមរយៈរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែ​ន ជា​នាយករដ្ឋមន្រ្តី​ ហើយសភាពការណ៍ថ្មីៗ សម្តេចតេជោ​ទើបតែជាប់ឆ្នោតដោយសន្និ​បាត​​​គណៈ​កម្មាធិការកណ្តាល ប្រគល់ភារៈកិច្ចជាប្រធានបក្សជូនសម្តេច។
ដូច្នេះ គោលបំណងសំ​ខាន់​នៃការប្រារព្ធខួប​ គឺ​ក្នុង​អត្ថន័យ​រំ​លឹក​ពី​ការដឹកនាំរបស់គណបក្ស ដែល​បានដំណើរការ​រយៈ​ពេល៦៤ឆ្នាំ និងក៏រំលឹក​ឡើង​វិញ​នូវ​ស្នាដៃដែលបក្សបានដឹកនាំ​តាំង​ពីកើតរហូតមកដល់​ពេល​នេះ​ជូនសង្គមជាតិបានអីខ្លះ គឺ​គណបក្សប្រជាជនកម្ពុជា​មានសមិទ្ធ​ផល​យ៉ាងច្រើន ដែល​ប្រជាជនចងចាំ។ ក្រៅ​ពី​នេះ មិទ្ទិញ​អនុស្សាវរីយ៍​នេះ ក៏​ដើម្បីពង្រឹង​គោលជំហរ រួមកម្លាំងគ្នា​សាមគ្គី​គ្នា​កសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើន ស្របទៅ​នឹង​កម្មវិធី​នយោ​បាយ​របស់​គណបក្ស​ផង​ដែរ៕