Wednesday, October 7, 2015

អតីតសកម្មជនCNRP ដែលទើបនឹងចុះចូលCPP ហែក្បួនតាមគោយន្តប្រឆាំងមិនឱ្យលោក សម រង្ស៊ី និងលោក កឹម សុខា ចុះទៅមូលដ្ឋានពួកគេ

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទៅ០៧ ខែតុលា ឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋមួយចំនួន ដែលអះអាងថា ជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិ ទើបនឹងចុះចូល ជាមួយគណបក្សប្រជាជន នៅខេត្តឧត្តរមានជ័យ បានហែក្បួនដោយគោយន្ត នៅតាមភូមិ-ឃុំ ដើម្បីប្រឆាំងមិនឱ្យលោក សម រង្ស៊ី និង លោក កឹម សុខា ចុះឃោសនានយោបាយ នៅក្នុងមូលដ្ឋាន របស់ពួគេ ។

ប្រជាពលរដ្ឋ បានអះអាងថា ពួកគេមិនចង់ទទួលបាននូវការសន្យាខ្យល់ ឬការភូតភរកុហកពីថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខានោះទេ ហើយពួកគេនឹងបន្តយុទ្ធនាការរបស់ខ្លួនឱ្យកាន់តែធំឡើង ។ នៅលើបដារបស់ប្រជាពលរដ្ឋទាំងនោះ ក៏បានសរសេរដែរថា «យើងខ្ញុំមិនឱ្យ សម រង្ស៊ី ចូលមកបោកប្រាស់ប្រជារាស្រ្តនៅខេត្តឧត្តរមានជ័យទៀតទេ!»

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានចាត់ទុកថា ការធ្វើយុទ្ធនាការប្រឆាំងមិនឱ្យ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ចុះទៅខេត្តឧត្តរមានជ័យនេះ គ្រាន់តែជាឆាកល្ខោនដែលរៀបចំឡើងដោយគូបដិបក្ខ របស់គណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ។ លោកថា នេះមិនមែនជាសកម្មភាពលើកទី១នោះទេហើយអាណត្តិមុនៗក៏ធ្លាប់មានដែរ ប៉ុន្តែជាក់ស្តែង គណបក្សប្រជាជនកម្ពុជា បានបាត់បង់ជាង២០កៅអី ព្រោះតែបង្កើត សកម្មភាពបែបនេះ ។ លោកថា «គ្រាន់តែជាឆាកល្ខោនដែលគូដិបក្ខគណបក្សសង្រ្គោះជាតិរៀបចំឡើង ជាឆាកល្ខោនដែលគ្មាន ន័យអ្វីទាំងអស់ សម្រាប់គណបក្សសង្រ្គោះជាតិ»


លោកបន្ថែមថា «បើព័ត៌មាននេះកាន់តែច្រើន គណបក្សសង្រ្គោះជាតិកើនសម្លេងកាន់តែច្រើន ដូចកាលឆ្នាំ២០១៣ ឮសូរតែ(CNRP) ចុះចូលជាមួយគណបក្សប្រជាជន គគ្រឹកគក្រេងរាប់ម៉ឺនរាប់សែននាក់ដែរ ប៉ុន្តែទីបំផុតគណបក្សប្រជាជនបាត់កៅអីអស់ ជាង២០កៅ អញ្ចឹងឥឡូវនេះបើបានអញ្ចឹងកាន់តែច្រើន មានន័យថា គណបក្សប្រជាជន បាត់បង់ការគាំទ្រកាន់តែច្រើន គណបក្សសង្រ្គោះជាតិកើនសម្លេងកាន់តែច្រើន»


បទវិភាគ ដោយ៖ សួន ចំរើន,តើអ្វីទៅជាមូលហេតុចម្បងនៃសិក្ខាសាលា បែបតក់ក្រហល់ របស់គណបក្សសង្គ្រោះជាតិ?

នៅក្នុង​ឆាក​នយោបាយ ​នៃ​សង្គមប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ការគ្រប់គ្រង​ និងការ​ដឹកនាំ​របស់គណបក្ស​​មួយ​ ដែល​​​មាន​ភាពរឹងមាំ អាច​ប្រកួតប្រជែង​​​ជាមួយ​បក្ស​ដទៃ​បាន លុះត្រា​​តែ​​គណបក្ស​នយោបាយ​នោះ​ «មាន​ធនធាន​មនុស្ស​​គ្រប់គ្រាន់​ និងមាន​គោលនយោបាយ​ដឹក​នាំ​​ច្បាស់​​លាស់​ គួប​ផ្សំ​នឹង​បទពិសោធន៍​ដឹក​នាំ​ និង​ត្រូវ​តែ​មាន​ធនធាន​សេដ្ឋកិច្ច​​គ្រប់គ្រាន់​​​ដើម្បី​ផ្គត់​ផ្គង់ និង​ចិញ្ចឹមជីវិត​បក្សថែម​ទៀត»​​​។​ ទន្ទឹម​​នឹង​​នោះ​​ ក៏ត្រូវ​​មាន​អ្នក​ចូល​រួម​គាំ​ទ្រ​ ច្រើន​លើស​លុប​ផង​ដែរ​ទើប​អាច​ឈាន​ទៅ​​រក​​ពន្លឺ​​នៃ​​ជ័យ​ជំនះ​ នៅ​​ពេល​​​បោះ​ឆ្នោត​​។​

ប្រហែល​ដោយសារ​មូល​ហេតុ​មួយ​ចំនួន​ខាងលើ​នេះ​ហើយ​ ទើប​បាន​ជា​ក្រុម​អ្នក​វិភាគ​​បាន​នាំ​គ្នា​​ផ្តោត​អារម្មណ៍​​ និង​តាម​ដាន​អំពី​ការ​បើក​សិក្ខាសាលា​ដោយ​​តក់​ក្រហល់​​មួយ​​​របស់​​​គណបក្ស​​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥​ កន្លង​​ទៅ​ថ្មីៗ​​នេះ​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ​ កំពុង​​ដាំក្បាល​​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ លើ​សមរភូមិ​ប្រជាធិប​តេយ្យ​​ នា​ពេល​ចុង​ក្រោយ​នេះ​។​

ខ្លឹម​សារ​ចម្បង​​ដែល​អង្គសិក្ខាសាលា​ បាន​លើក​យក​មកពិភាក្សា​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​​ អនុប្រធាន​បក្ស​ លោក កឹម សុខា​ បាន​លើក​អំពី​ការ​បាត់​បង់​​ជំនឿទុក​ចិត្ត​របស់​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​ ដែល​ធ្លាប់​គាំ​ទ្រ​ ឲ្យ​មាន​ការ​គាំទ្រ​ឡើង​វិញ​ ដោយ​ត្រូវ​រក្សា​ទាំង​រូបភាព​នយោបាយ និង​គោល​ជំហរ​នយោបាយ ដែលធ្លាប់​​បង្ហាញ​ប្រជា​ពលរដ្ឋពី​ពេល​មុន​ កុំឱ្យមានការ​ផ្លាស់ប្តូរ ​ឬទន់ជ្រាយ ដូច​ពេល​​នេះ​។ ក្នុង​នោះ​លោកអនុប្រធាន​មិនហ៊ាន​បញ្ចេញ​ឈ្មោះ​នោះ​ទេ​ ប៉ុន្តែ​បើតាម​ប្រភព​ពី​ផ្ទៃក្នុង​​គណៈកម្មាធិការនាយ​ករបស់បក្ស​ គឺ​បាន​​ឱ្យ​តម្រុយថា​ លោក អ៊ុំ សំអាន​ លោក រៀល​ ខេមរិន្ទ្រ និង​លោកស្រី​ មួរ​សុខ​ហួរ គឺ​ជាមុខ​សញ្ញា​​​ដែល​​អសកម្មជាង​គេ​មក​ដល់​ពេល​នេះ​ ហើយ​ប្រហែល​ជាអាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​​មុខ​តំណែង​នេះទៀត​ផង​។

ដោយ​សារ​តែ​មាន​ភាព​រង្គោះរង្គើ​ នៅផ្ទៃក្នុងគណបក្ស​​ កាន់​តែ​ធ្ងន់ធ្ងរឡើងៗ​ ទើប​លោក​អនុប្រធាន កឹម សុខា​​​ បាន​ណែនាំ​ឲ្យ​មាន​ការ​រួប​រួម​គ្នា​ឡើង​វិញ​ ជាពិសេស​រវាង​សកម្មជន និង​ថ្នាក់​ដឹក​នាំ​​ ដែល​ចេញ​មក​ពី​ប៉ូល​ទាំង​ពីរ​​នៃ​គណបក្ស​សមរង្ស៊ី និង​គណ​បក្ស​សិទ្ធិមនុស្ស​។ ការ​ប្រកាន់​បក្ខពួក​ និង​សែ​ស្រឡាយ​ គឺ​នៅ​តែ​មាន ហើយមានយ៉ាងសកម្ម និងស្រួចស្រាល់បំផុតនៅ​ក្នុង​​ជួរ​គណបក្ស​សង្គ្រោះជាតិដដែល​។ ជាក់​ស្តែង​សែ​ស្រឡាយ​ខាង​គណបក្ស​សម​រង្ស៊ី គឺ​នៅ​តែ​ត្រួតត្រា​សែ​ស្រឡាយ​ខាង​គណបក្ស​​សិទ្ធិមនុស្ស​ដដែល​។ ដូច្នេះ​ហើយ​​ ទើប​លោក​ កឹម សុខា​ បាន​​ណែនាំ​​ឲ្យ​មាន​ការ​ឯកភាព​គ្នាផ្ទៃ​​ក្នុង​​ដោយ​គោរព​ និងអនុវត្ត​នូវវិន័យ​ ឬវិធាន​​ផ្ទៃក្នុង​​របស់​គណ​បក្ស។

ចំណុច​នេះ​ ក្រុម​អ្នក​វិភាគ​ នៅ​តែ​មិន​អស់​ចិត្ត​ និង​នៅតែ​សង្ស័យ​ថា​ គណបក្ស​​​ប្រឆាំង​​មួយ​នេះ​ គឺ​​នៅ​តែ​រក្សា​ «កង់​ស៊ឺកួរ​» រៀង​ៗ​​ខ្លួន​​ដោយ​មិនហ៊ាន​រំលាយ​គណបក្ស​​​ចាំសំបុក​របស់​ខ្លួន​ចោល​នោះ​ទេ​។ ដូច្នេះ​ មាន​ន័យ​ថា​ នៅ​ថ្ងៃ​​ណា​មួយ​ នៅពេល​​ដែល​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​រវាង​លោក សម រង្ស៊ី និងលោក កឹម សុខា ឬ​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ គឺ​ពួក​គេ​នឹង​វិល​ទៅ​រក​ទ្រ​នំ​ចាស់​ជាមិន​ខាន​។​

ក្រុម​អ្នក​វិភាគ​ក៏បាន​មើល​ឃើញ​ផង​ដែរ​ថា​ ប្រការ​ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​កំពុង​ប្រឈម​​ដែរ​នោះ​ គឺធន​ធាន​មនុស្ស​របស់​គណបក្សតែម្តង​​។ ​មាន​ពាក្យ​មួយ​ឃ្លារ​​ដែល​អ្នក​យុទ្ធ​សាស្ត្រ​​ក្នុ​ង​បក្ស​នយោបាយ​​តែង​លើកនោះ​ ​​គឺថា​​ «បើ​ក្នុង​បក្សនយោបាយ​មួយ​មាន​សុទ្ធ​តែ​អ្នក​នយោ​បាយភ្លើងចម្បើង ភ្នែកបន្ទោរ ហើយ​ក៏​រួមគ្នា​​​ធ្វើ​​នយោបាយ អាយុជីវិត​គណបក្ស​នយោបាយ​​នោះ នឹង​មិនអាច​​ស្គាល់​​ពន្លឺនៃ​​ជ័យជំនះ​បានទេ​»។ យ៉ាង​ណាមិញ​ ធន​ធាន​មនុស្ស​ បន្តិច​បន្តួច​របស់​​គណបក្ស​ប្រឆាំង​ ដែល​មិន​ធ្លាប់​បាន​ដឹក​នាំ​ប្រទេស​ម្តង​ណាសោះ​នោះ​ គឺ​បាន​បញ្ជាក់​ពី​ភាព​បរាជ័យ​​រួច​ទៅ​ហើយ។​ ដូចគ្នា​នេះ​ដែរ​​ ​​​​មេដឹក​នាំ​ប្រទេស​​ដែល​​គ្មាន​​បទពិសោធន៍​​​ដឹកនាំ​ វា​នឹង​នាំ​ប្រទេស​ធ្លាក់​​ទៅ​ក្នុង​សភាព​វឹក​វរ​ជា​មិន​ខាន​​។ ដូច្នេះ​ហើយ​ ទើប​លោក កឹម សុខា​ បាន​ណែនាំ​ឲ្យ​មានការបណ្តុះ​បណ្តាល​ទាំង​សមត្ថភាព គុណភាព និង​គុណធម៌​ដល់​ថ្នាក់​ដឹក​នាំ​​គណ​បក្ស​គ្រប់​ជាន់​ថ្នាក់​ ជាពិសេស​គឺ​គុណធម៌​នេះ​តែម្តង​ ព្រោះ​កន្លង​មក​ សកម្មជន​របស់​គណបក្ស​ តែង​ប្រើ​អំពើ​ហិង្សា នៅគ្រប់​សកម្មភាព​តវ៉ា​​។

កត្តា​មួយ​ទៀត​ដែល​ជាចំណុច​ខ្សោយ​របស់​គណបក្ស​ប្រឆាំង​ គឺ​គោល​នយោបាយ​មិន​សហការ​ជា​មួយ​​​​ក្រុម​​មនុស្ស​​ដែល​មាន​ឥទ្ធិពល​ក្នុង​សង្គម​ ជាពិសេស​ក្រុមមនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​។​ ទាំង​​លោក​ សម រង្ស៊ី និង​លោក កឹម សុខា​ តែង​ព្រមាន​ជាញឹក​ញយ​​ថា​ បើ​គណបក្ស​​ខ្លួន​ឡើង​​កាន់​អំណាច​ ពួក​គេ​នឹង​រឹប​អូស​ដីធ្លី ទ្រព្យ​សម្បត្តិ​ របស់​អ្នក​មាន​ទាំង​នោះ​ទៅឲ្យ​អ្នក​ក្រ​ ឬធ្វើ​ជា​សម្បត្តិ​​រដ្ឋ​។ នេះ​ជា​គោល​នយោ​បាយ​មួយ​ទៀត​ដែល​ប្រជា​ជន​ធ្លាប់​ឆ្លង​កាត់​របបខ្មែរក្រហម លាន់មាត់ថាជានយោបាយរបស់ខ្មែរក្រហមយ៉ាងពិតៗ។ ដូច្នេះ​ហើយ​ទើប​ក្រុម​មនុស្ស ​ដែល​មាន​ឥទ្ធិពល​ទាំង​នោះ​មិន​ហ៊ាន​ចូល​រួម​សកម្មភាព​នយោបាយ​​​ជាមួយ​គណបក្ស​​ប្រឆាំង​​ឡើយ​។​ ដូច្នេះ​​បើ​គ្មាន​អ្នក​ដែល​មាន​ធនធានសេដ្ឋកិច្ច​​ និង​ទ្រព្យ​សម្បត្តិ​​​​​ខ្ពស់​ចូល​រួម​បែប​នេះ​ បក្ស​នោះ​គឺ​មិនអាច​រក្សា​អាយុជីវិត​របស់​ខ្លួន​​បានយូ​អង្វែង​បានទេ ព្រោះ​គ្មាន​​​ការធ្វើ​​​សឹក​​ណា​មួយ​មិនត្រូវ​ការ​ស្បៀង និង​អាវុធ​នោះ​ឡើយ​។


ជារួម​ សិក្ខាសាលា​​តក់​ក្រហល់​របស់​គណបក្ស​ប្រឆាំង​ កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​​វាយ​តម្លៃ​ថា​ គណបក្ស​មួយនេះ​ ពិត​ជាកំពុង​ចុះខ្សោយ​។​ ដូច្នេះ​ប្រសិន​បើ​​ការ​ស្តារ​ប្រជាប្រិយ​ភាព​​​របស់​ខ្លួន​មិន​ទាន់​​សភាព​ការណ៍​ទេ​នោះ​ បក្ស​ប្រឆាំង​មួយ​នេះ​ច្បាស់​ជា​ក្លាយ​ជា​គណ​បក្ស​នយោបាយ​​​កំដរ​គណបក្ស​​​ប្រជាជនកម្ពុជា​​ ក្នុង​ល្បែង​ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ ជា​រៀង​​រហូត៕​

ទស្សនៈ ដោយ៖ ពង្ស សុក្រិត, ល្បិចទុច្ចរិតរបស់សម រង្ស៊ី ត្រូវបានបកអាក្រាត!

ដើម្បីជាការគិតពិចារណារបស់ប្រជាពលរដ្ឋកម្ពុជា យើងសូមបង្ហាញអំពីខ្លឹមសារ នៃកិច្ចព្រមព្រៀង រវាងមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី ជាមួយមេដឹកនាំយួនសេរីឈ្មោះ ម៉ុង ឡាន នូវផែនការ និងកិច្ចសហការគ្នាមួយចំនួន ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហើយដែលខ្លឹមសារនោះយើងសូមលើកយកតែចំណុចមួយចំនួនដែលនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ មានដូចខាងក្រោម៖
ប្រការ៦៖ ក្នុងករណីមានការសង្ស័យពីសំណាក់ប្រជាពលរដ្ឋទូទៅ ដែលទៅបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត ណាមួយ កំលាំងដែលត្រៀមជួយការពារនោះ ត្រូវបង្កហេតុណាមួយ ដើម្បីទម្លាក់កំហុសទៅគណបក្សប្រជាជនកម្ពុជា។
ប្រការ៧៖ VFF នឹងរៀបចំកំលាំងដែលមានសមាសភាពជាជនជាតិវៀតណាមចំនួន២០នាក់ នៅគ្រប់ការិយាល័យបោះឆ្នោតនីមួយៗ។
ប្រការ៨៖ ការស្នាក់នៅ ការហូបចុក និងការចាយវាយផ្សេងៗ ក្នុងកំឡុងពេលឃោសនា រហូតដល់បញ្ចប់ការបោះឆ្នោត ជាបន្ទុករបស់ CNRP
ប្រការ៩៖ ថវិកាដែលឧបត្ថម្ភដល់ CNRP ដោយសហរដ្ឋអាមេរិក កម្លាំង VFF ត្រូវទទួលបន្ទុកដាក់បញ្ចូលក្នុងហិបមូលនិធិនៅតាមគោលដៅមួយចំនួន ដែលមានប្រជាជនច្រើន និងរញ៉េរញ៉ៃ ដូចជានៅផ្សារអូរឡាំពិក ផ្សារអូរឬស្សី និងផ្សារដើមគរ ដើម្បីបំភាន់ភ្នែកមហាជន។
ប្រការ១០៖ បន្ទាប់ពីការបោះឆ្នោត ប្រសិនបើ CNRP ចាញ់ VFF នឹងរៀបចំកម្លាំងទាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជាដើម្បីជួយតវ៉ា និងញុះញង់ឲ្យមានភាពចលាចលនានា។
ប្រការ១១៖ CNRP ធានាថា បន្ទាប់ពីទទួលបានជ័យជំនះក្នុងការបោះឆ្នោត រដ្ឋាភិបាលដែលដឹកនាំដោយCNRP នឹងបន្តរឹតចំណងទាក់ទងប្រកបដោយមិត្តភាពជាមួយ VFF ព្រមទាំងជួយសម្របសម្រួលការងារមួយចំនួនរវាងសហរដ្ឋអាមេរិក និង VFF
ប្រការ១២៖ CNRP ធានាថានឹងដើរតួជាអ្នកសម្របសម្រួល និងជាប្រទេសកណ្តាលក្នុងការទទួលអាវុធដែលជាជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់ VFF
ប្រការ១៣៖ កិច្ចព្រមព្រៀងនេះមានសុពលភាព ៥ឆ្នាំ ហើយនឹងបន្តសុពលភាព ៥ឆ្នាំម្តងដោយស្វ័យប្រវត្តិ វៀរលែងមានការព្រមព្រៀងសារជាថ្មី។
ប្រការ១៤៖ កិច្ចព្រមព្រៀងនេះធ្វើឡើងជា៣ភាសាច្បាប់ដើម(ខ្មែរ វៀតណាម និងអង់គ្លេស) ហើយមានសុពលភាពដូចគ្នា។
ការបែកធ្លាយឯកសារសម្ងាត់នៃកិច្ចព្រមព្រៀង រវាងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ(CNRP) ជាមួយមេដឹកនាំយួនសេរី(VFF) ឈ្មោះ ម៉ុង ឡាន (Mong Lan) ដែលបានផ្សព្វផ្សាយព្រោងព្រាតលើបណ្តាញសង្គម ហ៊្វេសប៊ុក នាពេលថ្មីៗនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវគំនិតទុច្ចរិត និងល្បិចប្រជាភិថុតិ របស់បក្សប្រឆាំង ក្នុងការបោកប្រាស់កម្លាំងប្រជាជនមកចូលរួមតវ៉ា មិនទទួលយកនូវលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៣ កន្លងមក។ គម្រោងផែនការនេះ គឺដូចគ្នាបេះបិទទៅនឹងសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ក្រោយការចាញ់ការបោះឆ្នោត ដែលពួកគេបានរៀបចំសេណារីយូ ដើម្បីបង្កចលាចលទាំងក្នុងអំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត។
ចរិតជាអាយ៉ងបរទេសលោកខាងលិច របស់លោក សម រង្ស៊ី ត្រូវបានបង្ហាញក្នុងកិច្ចព្រមព្រៀងនោះថានឹងយកទឹកដីកម្ពុជា ជាឈ្នាន់សម្រាប់ពួកយួនសេរីធ្វើការតស៊ូ ដើម្បីរំដោះទឹកដីប្រទេសវៀតណាមពីប្រទេសកុំម្មុយនីស្ត និងជាទីតាំងដឹកជញ្ជូនគ្រឿងសព្វាវុធថែមទៀត។ នយោបាយដ៏ឆ្កួតលីលាបែបនេះ វានឹងនាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមសារជាថ្មី ដូចសម័យកាលយួនយៀកកុងខ្ចីទឹកដីកម្ពុជា វាយរំដោះវៀតណាមខាងត្បូងដូច្នោះដែរ។
ដូច្នេះ ការចាត់វិធានការច្បាប់ទាន់ពេលវេលា របស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតនាពេលកន្លងមក គឺជារឿងដ៏ត្រឹមត្រូវបំផុត ដើម្បីបញ្ចៀសនូវភ័យន្តរាយដែលរៀបគម្រោងការណ៍ដោយគណបក្សប្រឆាំង ក្នុងការដណ្តើមអំណាចដោយប្រើវិធីបដិវត្តប្រជាជន។ មួយវិញទៀត ភាពជាអ្នកនយោបាយក្មេងខ្ចី របស់លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិ ដែលស្តែងចេញតាមរយះការបែកធ្លាយនូវកិច្ចព្រមព្រៀងខាងលើនេះ ទោះបីជាពេលកន្លងទៅ និងក្នុងពេលអនាគត វានឹងនាំប្រទេសជាតិ ឈានទៅរកភាពវឹកវរ និងសង្គ្រាម ជាមួយប្រទេសជិតខាងយ៉ាងពិតប្រាកដ។

យើងមិនចង់ឃើញប្រទេសយើងធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមសារជាថ្មី ដូចការធ្វើបដិវត្តពណ៌ដូចបណ្តាប្រទេសនៅអារ៉ាប់ និងប្រទេសស៊ីរីនាពេលនេះឡើយ។ វាជារឿងមួយដ៏អាក្រក់បំផុតដែលមកដល់សតវត្សទី២១ទៅហើយ បែរជាមានជនភៀសខ្លួនរហូតដល់រាប់លាននាក់ ត្រូវបានជម្លៀសចេញពីភ្លើងសង្គ្រាមនៅតំបន់អឺរុប ដែលសុទ្ធសឹងជាប្រទេសអភិវឌ្ឍន៍។ ដូច្នេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស ប្រកបដោយសុខសន្តិភាព៕

រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួន ណារ៉ុន ថា គ្រូបង្រៀនចង់បបួលលោក សម រង្ស៊ី ប្រឡងវិញ្ញាសាខ្មែរ

រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡាលោក ហង់ ជួន ណារ៉ុន បាន​ប្រតិកម្មខ្លាំងៗ នឹង​ការលើកឡើង​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលថា​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ខ្សោយ និង​សញ្ញាបត្រ​មិនសូវ​មានតម្លៃ។ លោក ហង់ ជួន ណា​រ៉ុ​ន បានចាត់ទុកការលើកឡើងលោក​សម រង្ស៊ី ថា ជាការ​មើលងាយ និង​វាយប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ហើយ​លោក​មិនអាច​ទទួលយក​បានឡើយ។ លោក​រដ្ឋមន្ត្រី ក៏​អះអាងថា ក្រោយពី​ការលើកឡើង​នេះ មាន​គ្រូបង្រៀន​ខ្លះ​ចង់​បបួល​លោក សម រង្ស៊ី ប្រឡង​វិញ្ញាសា​ខ្មែរ​ជាមួយគ្នា ដើម្បី​រកឲ្យដឹង​អ្នកខ្សោយ និង​អ្នកខ្លាំង។
លោកបានថ្លែង​យ៉ាងដូច្នេះថា«យើងឃើញថាគ្រូខ្លះនៅពេល​ដែលឯកឧត្តម សម រង្ស៊ី លើកឡើងថាប្រព័ន្ធ​អប់រំនៅខ្សោយ និងគ្រូបង្រៀននៅខ្សោយ គ្រូខ្លះគាត់ថាបើសាក​ប្រលងទាំងអស់គ្នាទាល់តែសាក​ប្រលងបានដឹងថាអ្នកណាខ្សោយ​អ្នកណាខ្លាំង? ជាពិសេសប្រលង​ភាសាខ្មែរ ហើយមានគ្រូខ្លះគាត់​ក៏ចង់ប្រកួតប្រជែងដែរ គាត់ចង់ប្រលងដើម្បី​ដឹងថាអ្នកណា​ខ្លាំងអ្នកណាខ្សោយ អញ្ចឹងកន្លងមកយើង​ក៏ឃើញដែរអ្នកនយោបាយខ្លះតិះទៀន​ថាប្រព័ន្ធអប់រំនៅ
កម្ពុជាខ្សោយ ប៉ុន្តែដល់ពេល​ទៅប្រលង ប្រលងធ្លាក់ ហើយពេលប្រលងធ្លាប់​ទៅវាយប្រហារគេទៀត​ វាជាការតិះទៀនមួយដែល​វាយប្រហារ មិនមែនជាការតិទៀនដែល​ជួយកែលម្អទេ ដូច្នេះការវាយប្រ​ហារនេះ វាគ្មានន័យក៏ដូចជា គ្មានសារសំខាន់​អ្វីនោះទេ ដោយហេតុថា៖ ទី១ (គាត់) ជាអ្នកនយោបាយ​បានតែថា ប៉ុន្តែមិនដែលបានធ្វើយើងមិន​ដែលបានឃើញ ឯកឧត្តម សម រង្ស៊ី កៀងគរធនធានទៅកសាង​សាលាណាមួយនៅកម្ពុជា​នោះទេ អត់ដែល​ឃើញទេ ចំណុចទី២ គាត់មិនដែលឱ្យ​តម្លៃការអប់រំ​នៅកម្ពុជា ដោយសារតែគាត់ និងប្រពន្ធរបស់​គាត់មិនដែលរៀន​នៅកម្ពុជាទេ ហើយយើងក៏មិន​ច្បាស់ថា គាត់ចេះសរសេរខ្មែរ​ឱ្យបានល្អនោះដែរ ហើយទី៣ គ្រូបង្រៀន​ជាឆ្អឹងខ្នង នៃប្រព័ន្ធអប់រំដូច្នេះការវា​យប្រហារគ្រូបង្រៀន​បែបនេះ ក្រសួងអប់រំ​ទទួលយកអត់​បានទេ។»

សុន្ទរ​កថា​ឯកឧត្តម គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គ​រដ្ឋទូត​ជប៉ុន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជា​ផ្លូវការ​អគារ​ជម្ងឺ​ទូទៅ និង​អគារ​សម្ភព នៅមន្ទីរពេទ្យ​បង្អែក​នៃស្រុក​ប្រតិបត្តិកោះ​អណ្តែត






ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​សម្ពោ​ធដាក់​ឱ្យ​​ប្រើ​ប្រាស់​ជាផ្លូវ​ការ​អគារ​ជម្ងឺទូទៅ និងអគារ​សម្ភព នៅមន្ទីរ​ពេទ្យបង្អែកនៃ​ស្រុក​ប្រតិបត្តិ​កោះ​អណ្តែត

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
និងជាប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ
ក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​អគារជម្ងឺទូទៅ និងអគារសម្ភព នៅមន្ទីរពេទ្យបង្អែកនៃស្រុកប្រតិបត្តិ​កោះអណ្តែត
តាកែវ ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៥
šš­››

- សូមថ្វាយបង្គំព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ
- ឯកឧត្ដម យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូត​ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ
- បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្មួយៗ​យុវជន​កាកបាទ​ក្រហម និងក្មួយៗកាយរិទ្ធទាំងអស់ ជាទីមេត្រី!

            ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានសេចក្តីសោមនស្សរីករាយ​ដោយ​បានមក​ចូលរួម​ជា​មួ​យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ក្នុងពិធី​សម្ភោធ​​​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ​អគារជម្ងឺទូទៅនិងអគារសម្ភព នៅមន្ទីរពេទ្យបង្អែកនៃ​ស្រុក​ប្រតិបត្តិ​​​​កោះ​អណ្តែត ដ៏​មាន​សារៈសំខាន់​នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ  ខ្ញុំព្រះករុណាខ្ញុំ សូម​ពាំនាំនូវ​ការផ្ដាំផ្ញើ​សួរ​សុខ​ទុក្ខដល់បងប្អូនទាំងអស់ក្នុង​ស្រុកកោះអណ្តែតយើង ពីសំណាក់ សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល​តែងតែ​លះបង់ពេលវេលាមិនគិត​ពីការ​នឿយ​ហត់ ដើម្បីបុព្វហេតុ​ដ៏​ធំធេង​របស់​ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។

ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង​​​​ប្រជាជន​​ជប៉ុន ដែលបានផ្តល់​ជំនួយឧបត្ថម្ភ​ជាថវិកានិងសម្ភារៈ សម្រាប់សាងសង់អគារ​ជម្ងឺ​ទូទៅ​និង​ជម្ងឺ​កុមារ ព្រមទាំងបំពាក់សម្ភារៈបរិក្ខារពេទ្យនានា ក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះអណ្តែត​យើង​នេះ តាមរយៈ​គម្រោង គុសាណុណេ ដោយចំណាយថវិកាសរុប ប្រមាណជាង ១០ ម៉ឺនដុល្លារ​អាមេរិក​។ កន្លងមក ខ្ញុំព្រះករុណាខ្ញុំនិង​ភរិយា ក៏បានចូលរួម​សាងសង់អគារសម្ភពនិង​រោគស្ត្រី ​នៅ​មន្ទីរពេទ្យបង្អែកនេះដែរ ដែលសមិទ្ធផលថ្មីទាំងនេះ បានប្រែក្លាយ​ពីមណ្ឌលសុខភាព ទៅជា​មន្ទីរ​ពេទ្យ​បង្អែក​ ដែលជាប្រវត្តិសាស្ត្រសម្រាប់ស្រុក​​កោះអណ្តែតយើងនេះ។ ទាំងនេះ ក៏ជា​សក្ខីភាពថ្មី​មួយទៀត​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញយ៉ាងច្បាស់​​ អំពីការយកចិត្តទុក​ដាក់​ខ្ពស់​របស់រាជរដ្ឋាភិបាលកម្ពុជា​​ ក្នុង​​ការកៀរគរការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ ទាំង​ថវិកា និងសម្ភារៈ ​ពីសប្បុរសជនក្នុងនិង​ក្រៅ​ប្រទេស​ ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធសម្រាប់វិស័យសុខាភិបាលនៅ​កម្ពុជា​ សំដៅពង្រឹង​ និងពង្រីក​​សកម្មភាព​​​ផ្តល់​សេវា​​​សុខភាពសាធារណៈជូនប្រជាជនឱ្យកាន់តែប្រសើរថែមទៀត។ ចាប់ពី​ពេល​នេះ​​ត​ទៅ ​​សូមឲ្យ​បងប្អូនស្ត្រី​ដែល​​មានផ្ទៃពោះ​ អញ្ជើញមកពិនិត្យ​ផ្ទៃពោះ និងពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​​​​របស់យើង​ឲ្យ​បាន​ទៀងទាត់ និង​គួរ​ជៀសវាងការ​​សម្រាល​កូននៅតាមផ្ទះ​ ដើម្បីកុំឲ្យជួប​គ្រោះថ្នាក់​ជាយថាហេតុ។

ទន្ទឹមនឹងនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូម​សម្តែង​​នូវ​​ការ​​​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ផងដែរ ចំពោះ ​អស់លោក លោកស្រី មន្ត្រីសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ និងខិតខំ​ប្រឹង​ប្រែង​​​​បំពេញ​ការងារ​ ក្នុងការផ្តល់​សេវាសុខភាពសាធារណៈ​នៅមន្ទីរពេទ្យបង្អែក​នេះ​។

- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ​យុវជន​
ដូចយើងទាំងអស់​ជ្រាបស្រាប់ហើយថា ​សង្គ្រាមជាង​៣០​ឆ្នាំ​មុន​នេះ ជាពិសេស របប​ប្រល័យ​​​ពូជសាសន៍ប៉ុលពត បានបំផ្លិច​បំផ្លាញ​​ប្រទេស​ទាំងមូល​ស្ទើរដល់​ឬស​គល់ ដែល​ជាបន្ទុក​យ៉ាង​ធ្ងន់​ធ្ងរ​​សម្រាប់​យើង​ទាំង​អស់​គ្នា​ត្រូវ​រែកពុន និង​ដោះស្រាយ​បញ្ហា​គ្រប់​បែប​យ៉ាង​ចេញ​ពី​បាតដៃទទេ។ បច្ចុប្បន្ន​នេះ ក្រៅពីការស្តារ កសាង និងអភិវឌ្ឍ​លើ​គ្រប់​​វិស័យ រាជរដ្ឋាភិបាលក្រោម​ការ​ដឹកនាំ​ប្រកប​​ដោយ​គតិបណ្ឌិត​​របស់ ​សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាននិងកំពុងបន្ត​ផ្តល់​អាទិភាព​ខ្ពស់បំផុត​ដល់ការពង្រឹង​សកម្មភាព​ផ្តល់សេវា​សុខា​ភិបាលជូនប្រជាពលរដ្ឋ ដោយ​បាន​បង្កើត បន្តកសាង និងពង្រីកបន្ថែមមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព និងប៉ុស្តិ៍​សុខភាព​នៅទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលមិនត្រឹម​តែ​បាន​ផ្តល់អាទិភាព​ដល់ក្រសួង​សុខាភិបាល​​ក្នុងការជ្រើសរើស​មន្ត្រី​ជំនាញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបាន​បង្កើន​កញ្ចប់​ថវិកា​​សម្រាប់​វិស័យ​សុខាភិបាលជាបន្តបន្ទាប់ សំដៅលើកកម្ពស់ការ​ផ្តល់សេវាថែទាំ​សុខភាព និង​ព្យាបាល​​ជំងឺ​ជូន​ប្រជាជនឱ្យកាន់តែប្រសើរឡើង​។ ជាក់ស្តែង ថវិការដ្ឋចំណាយលើវិស័យនេះ​សម្រាប់ឆ្នាំ​២០១៦​ នឹងកើនឡើង​៨,៦% ធៀបនឹងឆ្នាំ២០១៥ គឺស្មើនឹង១,៣៦% នៃផផស (GDP) គិតជា​ទឹកប្រាក់ ជិត២៨០​លាន​ដុល្លារអាមេរិក​។ រាជរដ្ឋាភិបាល​ទទួលស្គាល់ថា កំណើន​នៃលទ្ធភាព និង​ឱកាស​ទទួលបាននូវ​សេវា​សុខភាព​ប្រកប​ដោយ​សមធម៌ គឺជាកត្តាដ៏មាន​សារៈសំខាន់មួយ​ក្នុង​ការ​លើក​ស្ទួយកំរិតជីវភាពរស់នៅរបស់​ប្រជាជន​នៅទូទាំងប្រទេស ឱ្យឆ្លងផុត​ពីគំនាបនៃ​ភាព​ក្រីក្រ និង​​មាន​​សុខុមាលភាពបរិបូរ ដើម្បីការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកប​ដោយ​ចីរភាព​ និង​សមធម៌​ ។

ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យសុខាភិបាល ក៏បានស្តែង​ឡើង​​ផងដែរ​​ តាមរយៈការជំរុញការអនុវត្តវិធានការលើកកម្ពស់ការផ្តល់សេវាសុខភាព​ដល់​ជន​ក្រី​ក្រ និងក្រុមដែល​ងាយ​រង​គ្រោះដទៃទៀតដល់មូលដ្ឋាន និងតំបន់ដាច់ស្រយាល។ ទន្ទឹមនឹងនេះ ​ការងារ​​​គ្រប់គ្រង និង​ការផ្តល់​សេវា​ទ្រទ្រង់នៅគ្រប់ទីកន្លែង ដូចជា មន្ទីរពិសោធន៍​វេជ្ជ​សាស្ត្រ ការដឹកជញ្ជូន​អ្នកជំងឺ ឱសថ សម្ភារៈវេជ្ជសាស្ត្រ ត្រូវបាន​​ពង្រឹងនៅទូទាំងប្រទេស។ ព្រមជាមួយ​គ្នានេះ រាជរដ្ឋា​ភិបាល​​បាន​និងកំពុងពង្រឹង​កម្មវិធីបង្ការ និងព្យាបាល​ជំងឺឆ្លង កម្មវិធីគាំពារ​មាតា​និងទារក និង​គោល​​ការណ៍​លើកលែងការបង់ថ្លៃ​ក្នុងការ​ពិនិត្យ និងព្យាបាលជំងឺ​ដល់ជន​ក្រីក្រ តាមរយៈការ​បង្កើន​​​មូលនិធិសមធម៌ សំដៅជួយគាំពារជនក្រីក្រ ឱ្យទទួល​បាននូវសេវាសុខភាព​សាធារណៈ​​កាន់​តែ​ប្រពៃ​។ លើសពីនេះ រាជរដ្ឋាភិបាល បានបន្តជំរុញ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្សនៅ​ក្នុងវិស័យ​សុខាភិបាល​​​នៅគ្រប់កម្រិត ជាពិសេសការបណ្តុះបណ្តាលឆ្មប គិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា ព្រមទាំងលើក​កម្ពស់​​មនសិការវិជ្ជាជីវៈ​របស់មន្ត្រីសុខាភិបាល ក្នុង​ការ​បំរើ​ប្រជាជន​ឱ្យកាន់តែ​ប្រសើរ និងមានប្រសិទ្ធភាព។ រាជរដ្ឋាភិបាលក៏បាន និងកំពុងយក​ចិត្តទុក​ដាក់​ខ្ពស់ ក្នុងការបង្កើនការ​ត្រួត​ពិនិត្យ​សេវាឯកជនក្នុងការពិនិត្យ និង​ព្យាបាលជំងឺ និងធ្វើ​អាជីវកម្ម​ឱសថ​តាម​គោលការណ៍​ច្បាប់ ដើម្បីធានាគុណភាពនៃសេវាកម្ម និងសុខភាពរបស់​ប្រជាជន ព្រម​ទាំង​​​ពង្រឹង​​កិច្ចសហ​ប្រតិបត្តិការ​រវាងស្ថាប័នរដ្ឋ ដៃគូរអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល ជាតិ​​និង​អន្តរជាតិ និង​សប្បុរស​ជននានា សំដៅលើក​ស្ទួយ​សុខភាពសាធារណៈនៅកម្ពុជា។​

- ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
សមិទ្ធផលដ៏ល្អប្រពៃទាំងនេះ គឺបានមកដោយសារការយកចិត្តទុកដាក់ និងការខិតខំ​ប្រឹង​ប្រែង​​​​​របស់មន្រ្តីសុខាភិបាល​ និងអាជ្ញាធរដែនដីគ្រប់​លំដាប់​ថ្នាក់ ដោយមានការចូលរួមយ៉ាង​ផុលផុស​ពី​ដៃគូអភិវឌ្ឍន៍ វិស័យ​ឯកជន សង្គមស៊ីវិល និង​សប្បុរសជនក្នុង​និងក្រៅប្រទេសផងដែរ​។ ក្នុងន័យ​នេះ ខ្ញុំព្រះករុណាខ្ញុំ សូមយក​ឱកាសនេះ អំពាវនាវ​ដល់សប្បុរសជន​ជាតិ និងអន្តរជាតិ ​ព្រម​ទាំង​ដៃ​គូ​អភិវឌ្ឍន៍​នានា​ សូមបន្តចូលរួម​គាំទ្រដល់​ការ​អភិវឌ្ឍវិស័យ​សុខា​ភិបាល​​នៅ​កម្ពុជាឲ្យកាន់តែ​មាន​ការ​រីកចំរើនថែមទៀត ដើម្បីឆ្លើយ​តបទៅនឹង​តម្រូវការសេវា​សុខ​ភាព​​​សាធារណៈរបស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​​ប្រទេស។​

ជាថ្មីម្តងទៀត ក្នុង​នាម​រាជរដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែង​អំណរ​គុណ​​​ តាម​រយៈឯកឧត្តម​ យូជី គូម៉ាម៉ារូ ឯកអគ្គរដ្ឋទូត​ជប៉ុន ជូនចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​​ជប៉ុន ដែល​​ជានិច្ចកាលតែងតែចូលរួមចំណែក​យ៉ាង​សកម្ម​​ជួយកសាង និង​អភិវឌ្ឍន៍​កម្ពុជា​លើគ្រប់​វិស័យ ជាពិសេស​ វិស័យសុខាភិបាលកម្ពុជា​។ ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹង​ទឹកចិត្ត​ដ៏​​ប្រពៃ​ថ្លៃថ្លារបស់សប្បុរសជននាពេលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវ​ចំពោះ គិលានុ​ប​ដ្ឋា​ក​ គិ​លា​នុ​ប​ដ្ឋា​​យិការ គ្រូពេទ្យ និងវេជ្ជបណ្ឌិតទាំងអស់ សូមបន្ដយកចិត្តទុកដាក់ផ្តល់សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់រូបឲ្យកាន់តែ​មាន​ប្រសិទ្ធភាព និង​បន្ត​លើកកម្ពស់​សីលធម៌​វិជ្ជាជីវៈរបស់​ខ្លួន​បន្ថែម​ទៀត​។ ខ្ញុំសង្ឃឹមថា គណៈគ្រប់គ្រង​មន្ទីរពេទ្យបង្អែកស្រុកកោះអណ្តែត និង​​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធទាំង​អស់នឹង​សហការ​គ្នា​​ដោយស្មារតីទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ថែរក្សា​ការពារ​សមិទ្ធិផល​ទាំងនេះឲ្យបាន​គង់​វង្ស ​សម្រាប់ការប្រើប្រាស់យូរអង្វែងតរៀងទៅ។

ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនពរឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុង​ក្រុមគ្រួសារ។

ខ្ញុំ​ព្រះករុណាខ្ញុំ សូម​ប្រកាសដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ ​អគារជម្ងឺទូទៅ និងអគារសម្ភព នៅ​មន្ទីរ​ពេទ្យបង្អែកនៃ​ស្រុក​ប្រតិបត្តិ​​​​កោះអណ្តែត ​ចាប់ពីពេលនេះតទៅ ។

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា