សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន បង្ហាញ ពី មោទនភាព ដែលជនពិការកម្ពុជា៦នាក់ បានទទួលមេដាយមាសសរុបទាំងអស់១៦គ្រឿង ក្នុងនោះ មានមេដាយមាសជើងឯកផងដែរ ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តបង្ហាញពីមោទនភាពបែបនេះ ក្នុងឱ្យកាសដែលសម្តេចបានជួបសំណេះសំណាលជាមួយជ័យលាភីជនពិការចំនួន៦រូប ដែលទទួលបានជ័យលាភីពី កម្មវិធី ប្រកួតជាសកលផ្នែកបច្ចេកវិទ្យាព័ត៌មានពិការភាព នៅសាធារណរដ្ឋកូរ៉េ កាលពីពេលកន្លងទៅ។
ក្រោយជំនួបបញ្ចប់នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៦ឧសភានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា៖ ជនពិការកម្ពុជា ៦រូប បានទៅចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ IT សម្រាប់ជនពិការ នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ មានជនពិការ ទៅចូល ពីបណ្តាប្រទេស ជាសមាជិកអាស៊ាន និងកូរ៉េ សរុប ២៧០នាក់ ដោយប្រកួតទៅលើវិញ្ញាសារ eDesign, e Creative, eLifeMap និង eTool។
ជាលទ្ធផលយុវជនពិការកម្ពុជា ៦រូប ដែលបញ្ជូនទៅនោះ ដណ្តើមបានមេដាយមាស ប្រាក់ និង សំរឹទ្ធ សរុប ១៦ គ្រឿង។ យុវជនពិការដែលកម្ពុជា បញ្ជូនទៅនោះរួមមាន៖
១. ឈ្មោះ កែវ ចាន់ឧត្តម ដណ្តើមបានមេដាយមាសជើងឯក ចំនួន១គ្រឿង មេដាយមាស ១គ្រឿង មេដាយ ប្រាក់ ២គ្រឿង,
២. ឈ្មោះ ហែម វិច្ឆិកាណុន ទទួលបានមេដាយ មាស១គ្រឿង ប្រាក់១គ្រឿង សំរឹទ្ធ ១គ្រឿង,
៣. ឈ្មោះ ធី ថូណា ទទួលបានមេដាយ មាស១គ្រឿង ប្រាក់១គ្រឿង,
៤. ឈ្មោះ ញ៉ុត សុភឿន ទទួលបាន មេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង,
៥. ឈ្មោះ ញ៉ាញ់ ផានិត ទទួលបានមេដាយមាស ១គ្រឿង ប្រាក់ ១គ្រឿង
ទី៦. ឈ្មោះ ងិន សុធា ទទួលបានមេដាយមាស ១គ្រឿង និងប្រាក់ ១គ្រឿង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះគឺជាមោទនភាពណាស់សម្រាប់កម្ពុជា ដែល ជន ពិការកម្ពុជាទាំង៦នាក់ បានទទួលមេដាយមាសសរុបទាំងអស់១៦គ្រឿង ក្នុងនោះមានមេដាយ មាស ជើងឯក ដូច្នេះជនពិការមិនពិការចិត្តទេ គឺមានភាពឈ្លាសវៃ ហើយកម្ពុជា ជាប្រទេស ដែលមានស្នាដៃ ហើយចំពោះជនពិការទាំង៦រូបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវការងារជាក្របខណ្ឌ ក្រសួង សង្គមកិច្ច។ បន្ថែមពីនេះ សម្តេចតេជោក៏បានផ្តល់នូវថវិកាផ្ទាល់របស់សម្តេច ជូនដល់ជនពិការទាំង៦រូប ដែលក្នុងម្នាក់ៗទទួលបាន៣ពាន់ដុល្លារ និងគ្រូម្នាក់ទទួលបាន១ពាន់ដុល្លារអាមេរិក៕