ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥ នឹងត្រូវដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ ប្រជាពលរដ្ឋទូទៅដែលត្រូវបង់ពន្ធអាចបង់ពន្ធនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ សាខាពន្ធដារខេត្ត-ខ័ណ្ឌ សាខាធនាគារកាណាឌីយ៉ា សាខាធនាគារ អេស៊ីលីដា។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥។
សំរាប់យានយន្តដែលបង់ពន្ធលើកដំបូង ឬយានយន្តដែលពុំទាន់ទទួលបានបណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទត្រូវបំពេញលិខិតប្រកាសបង់ពន្ធមួយសន្លឹក ដែលត្រូវភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងបណ្ណសម្គាល់យានយន្ត និងច្បាប់ថតចម្លងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន និងច្បាប់ថតចម្លងអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើតរបស់ម្ចាស់យានយន្ត។ ប៉ុន្តែសំរាប់យានយន្តដែលបានទទួលបណ្ណសម្គាល់ការបង់ពន្ធ គឺពុំចាំបាច់ត្រូវបំពេញលិខិតប្រកាសបង់ពន្ធទៀតទេ។
ក្រោយពេលបង់ពន្ធម្ចាស់យានយន្តនឹងទទួលបានលិខិតបញ្ជាក់ការបង់ប្រាក់ពន្ធមួយសន្លឹកបង្កាន់ដៃបង់ពន្ធមួយសន្លឹកដែលត្រូវថែរក្សាទុកជាប់និងយានយន្ត សម្រាប់បង្ហាញមន្ត្រីមានសមត្ថកិច្ច និងជាឯកសារសម្រាប់ប្រកាសបង់ពន្ធនៅឆ្នាំបន្ទាប់ ព្រមទាំងទទួលបាននូវលតាបត្របង់ពន្ធមួយសន្លឹក សម្រាប់បិទភ្ជាប់មធ្យោបាយដឹកជញ្ជូន។
សំរាប់ពន្ធនេះត្រូវបានលើកលែងចំពោះ៖
១/ រថយន្តគិលានសង្គ្រោះ, រថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធរបស់រដ្ឋ
២/ យានយន្តដែលជាកម្មសិទ្ធរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នរគបាលជាតិដែលបម្រើការងារសម្រាប់កិច្ចការការពារជាតិ ជាមធ្យោបាយប្រើប្រាស់ដឹកជញ្ចូនសម្ភារទ័ព ឬដឹកជញ្ជូនកងទ័ព ក៍ដូចជាសម្រាប់កិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដូចមានចែងក្នុងមាត្រា១១ និងមត្រា១២ នៃអនុក្រឹត្យលេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់ យានជំនិះ និងយានយន្តដែលពាក់ស្លាកលេខ ខ.មឬ ន.ប ជាផ្លូវការ ដែលមានការទទួលស្គាល់ និងបញ្ជាក់ពីក្រសួងការពារជាតិ ឬក្រសួងមហាផ្ទៃ។
៣/ យានយន្តដែលជាកម្មសិទ្ធរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ តទៅ អង្គភាពពន្ធដារនឹងចុះត្រួតពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក និងត្រូវបង់ប្រាក់ពន្ធ និងបង់ប្រាក់ពិន័យ ១០០% នៃប្រាក់ដែលត្រូវបង់។