ក្រោយពីមានឧបទ្ទេវហេតុដោយចៃដន្យ ដែលមានជនល្មើសមួយក្រុម បង្កអំពើហិង្សាទៅលើតំណាងរាស្ត្រ២រូបរបស់ខ្លួនមក ទាំងមេដឹកនាំ និងកូនចៅនៃគណបក្សសង្គ្រោះជាតិ ហាក់ដូចជាបង្ហាញនូវចរិតចុះញ៉ម ដូចឆ្មារលាកទឹកក្តៅ នាំគ្នារត់ចោលទីស្នាក់ការទាំងអស់គ្នាតែម្តង។ បើឲ្យតែមានស្អីបន្តិចរត់ៗ បែបនេះ តើខំដើរតួជាអ្នកនយោបាយខ្មោចយក៍អី? តើអ្នកគាំទ្រខ្លួននៅក្នុងប្រទេសសង្ឃឹមអ្វី?
មួយថ្ងៃៗ ឃើញតែចេញសេចក្តីថ្លែងការណ៍មិនស្វាង តែចំពោះការខិតខំស្វះស្វែងជួយរកភស្តុតាង និងចង្អុលបង្ហាញជនល្មើស និងការសហការជាមួយសមត្ថកិច្ចក្នុងនាមជាសាក្ស៊ីក៏យឺត និងពន្យាពេលដូចអូសឫស្សីបញ្ច្រាសចុង។ តែទីបំផុតចង់ឲ្យសមត្ថកិច្ចមានចំណាត់ការឲ្យបានលឿន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ សុទ្ធតែបានលើកឡើងថា រយៈពេលជាច្រើនថ្ងៃមកនេះ ការស៊ើបអង្កេតរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែមិនបានបង្ហាញពន្លឺ និងទំនុកចិត្ត ដល់មហាជនខ្មែរឡើយ ហើយថាការដែលខ្វះទំនុកចិត្តនេះ ធ្វើឱ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដ៏ទៃទៀត នៅតែព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការបំពេញតួនាទីជាអ្នកតំណាងរាស្រ្តឱ្យបានពេញលេញ។
ចំណុចនេះ បង្ហាញយ៉ាងច្បាស់នូវភាពខ្សោយ និងភាពកំសាក របស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង យ៉ាងពិតប្រាកដ ដោយហេតុថា ពួកគេបានប្រើលេសនៃអំពើហិង្សានេះ ថាជាការគម្រាមកំហែងពីសុវត្ថិភាព និងបានបោះបង់ចោលនូវតួនាទី និងភារកិច្ច ដែលប្រជាពលរដ្ឋខំបោះឆ្នោតទុកចិត្ត ឲ្យធ្វើការតស៊ូមតិក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ទៅវិញ។ រឿងនេះវាអាចជាហេតុផលនយោបាយមួយក្នុងការដាក់សម្ពាធ គាបសង្កត់មកលើសមត្ថកិច្ចក្នុងការវែកមុខជនប្រព្រឹត្តិអំពើហិង្សាតែប៉ុណ្ណោះ។ នៅប្រទេសប្រជាធិបតេយ្យផ្សេងៗទៀត ក៏ធ្លាប់កើតមានអំពើហិង្សាដល់តំណាងរាស្ត្រដូចគ្នានេះដែរ រហូតដល់មានការវាយតប់គ្នានៅក្នុងសាលប្រជុំថែមទៀត ដូចជានៅប្រទេសជប៉ុន ហ្វីលីពីន ជាដើម។ ប៉ុន្តែ ក្រុមតំណាងរាស្ត្រផ្សេងៗទៀតរបស់គេ គឺនៅតែបន្តកិច្ចការរបស់គេជាបន្តទៀត ដោយមិនបានយកបញ្ហានេះមកធ្វើជាចំណាប់ខ្មាំងនយោបាយដូចគណបក្សប្រឆាំង នៅកម្ពុជានោះទេ។
ការលើកបញ្ហាឡើងរបស់គណបក្សប្រឆាំងនៅពេលនេះ គឺជាការព្រួយបារម្ភជ្រុលហួសហេតុរបៀបកេងចំណេញនយោបាយតែប៉ុណ្ណោះ ពីព្រោះកន្លងមកគណបក្សប្រឆាំងមួយនេះតែងស្រែកក្តែងៗថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក្រុមរបស់គេគឺ «ទិញមិនលក់ សំឡុតមិនខ្លាច» ឡើយ តើហេតុអ្វីបានជាពេលនេះ ខិតខំបំប៉ោងសភាពការណ៍ របៀបបំភ្លៃបែបនេះទៅវិញ? ឬមួយក៏ចង់ទទួលបាននូវការអាណិតពីប្រជាពលរដ្ឋ ឬមួយឆ្លៀតកេងចំណេញនយោបាយដ៏ពិសពុលរបស់ខ្លួន?
ម្យ៉ាងទៀត ការមិនបានបំពេញតួនាទីជាអ្នកតំណាងរាស្ត្រក្នុងការអនុម័តច្បាប់ ឲ្យបានពេញលេញនាពេលនេះ ដោយយកលេសអំពើហិង្សាកន្លងមកនោះ វាជាការបោះបង់នូវតួនាទី និងភារៈកិច្ចរបស់ខ្លួន ដែលប្រជាពលរដ្ឋបានប្រគល់ឲ្យ។ ដូច្នេះការសម្រេចចិត្តរបស់ពួកគេ គឺប្រជាពលរដ្ឋផ្ទាល់ជាអ្នកវិនិច្ឆ័យក្នុងការជ្រើសរើសពួកគេមកបម្រើតទៅទៀតឬយ៉ាងណា? បើគ្រប់ពេលដែលមានបញ្ហា គឺពួកគេតែងតែបោះបង់ចោលនូវសុខទុក្ខរបស់ប្រជាពលរដ្ឋបែបនេះ។
ជាការកត់សម្គាល់កន្លងមក រាល់ការញុះញង់ ប្រមូលផ្តុំបាតុកម្ម និងអំពើហិង្សាដែលបង្កឡើងដោយគណបក្សសង្គ្រោះជាតិ ធ្វើឲ្យមានភាពវឹកវរ កកស្ទះពេញទីក្រុង រហូតដល់មានអ្នកស្លាប់ និងរបួសនោះ គឺក្រុមតំណាងរាស្ត្របក្សប្រឆាំង មិនបានលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងការបំពេញតួនាទីជាអ្នកតំណាងរាស្រ្តឲ្យបានពេញលេញនោះទេ ចុះហេតុអ្វីពេលនេះបែរជាចេញភាពកំសាកបែបនេះ? ឬមួយអំពើហិង្សាមុនៗ មិនបានប៉ះចំលើសាច់ឯង គឺប៉ះចំតែលើប្រជាពលរដ្ឋដែលខ្លួនញុះញង់ឲ្យមកចូលរួម?
ក្នុងស្មារតីគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាប្រទេសជាតិទាំងមូល រាជរដ្ឋាភិបាលបានថ្កោលទោស និងចេញបទបញ្ជាដោយប្រមុខរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការជាបន្ទាន់ចំពោះជនល្មើសរួចហើយ និងបានបង្កើតគណកម្មការស៊ើបអង្កេត ស្រាវជ្រាវ ដឹកនាំដោយក្រសួងមហាផ្ទៃ។ ដោយសារតែការចាត់វិធានការក្តៅគគុក សកម្ម និងល្អិតដូចសំណាញ់នោះ បានធ្វើឱ្យជនល្មើសដែលជាជនដៃដល់ចំនួនបីនាក់ បានចេញមកសារភាពចំពោះមុខគណៈកម្មការស្រាវជ្រាវ ស៊ើបអង្កេតករណីបង្ករបួសស្នាមលើអ្នកតំណាងរាស្ត្ររួចហើយ កាលពីថ្ងៃទី០៣ ខែវិច្ឆិកានេះ។ ហើយនេះកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ។
ដោយឡែក សាក្ស៊ីនៅក្នុងហេតុការណ៍ផ្ទាល់ ដែលជាអ្នកបើកបររថយន្តឲ្យតំណាងរាស្ត្រ មិនទាន់ចូលខ្លួនមកបំភ្លឺ និងមិនទាន់បានទទួលពាក្យបណ្តឹងជាផ្លូវការពីមេធាវីជនរងគ្រោះនៅឡើយដែរ។
ជារួម ក្នុងនាមជាអ្នកតំណាងរាស្ត្រ ដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យ គឺត្រូវមានភារៈកិច្ច និងតួនាទីរបស់ខ្លួនជាចាំបាច់ក្នុងការបម្រើប្រជាពលរដ្ឋ ទោះបីជាមានឧបសគ្គចំពោះមុខក៏ត្រូវតែហ៊ានលះបង់ ដែរ មិនមែនគ្រាន់តែមានព្រឹត្តិការណ៍បន្តិចបន្តួចដូចមេដឹកនាំ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យកលេសឡាំប៉ា មិនចូលធ្វើការ នាំគ្នារត់ចោលពលរដ្ឋបែបនេះទេ៕