Thursday, October 22, 2015

ព្រះមហា​ក្សត្រកម្ពុជា​ យាងមកកាន់​មាតុប្រទេសវិញ នៅវេលា​ម៉ោងប្រមាណ១​១ព្រឹកថ្ងៃនេះ​

បន្ទាប់ពីយាង​បំពេញទស្សនកិច្ច នៅប្រទេ​សវៀតណាម រយៈពេល​៤ថ្ងៃ របស់ព្រះ​មហាក្សត្រខ្មែរ ព្រះករុណា ព្រះ​បាទសម្តេច ព្រះបរម​នាថ នរោត្តម សីហមុនី នៅថ្ងៃនេះម៉ោ​ងប្រមាណ១១ព្រឹក​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ​ ព្រះករុណា នឹងយាងម​កកាន់មាតុប្រទេស។
នៅក្នុងព្រះរាជដំណើ​រយាង មកកាន់មាតុប្រទេ​សវិញនេះ មានមន្រ្តីជាន់​ខ្ពស់កំពូលៗ បានអញ្ជើញចូ​លរួម ទទួលដំណើរយា​ងនិវត្តន៍មាន៖ សម្តេច សាយ ឈុំ, សម្តេច ហេ​ង សំរិន និង សម្តេច ហ៊ុ​ន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់ សំខា​ន់ៗជាច្រើនរូបទៀត។
គួរបញ្ជាក់​ផងដែរថា កាលពីម៉ោង​ប្រមាណ១០ព្រឹក​ថ្ងៃចន្ទ ទី១៩​ ខែតុលា ព្រះមហា​ក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាង​ចាកចេញបំពេញទស្ស​នកិច្ច នៅប្រទេ​សវៀតណាម រយៈ​ពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៩ រហូ​តដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥។
 យោងតា​មព្រះ​រាជសារ រប​ស់ព្រះម​ហាក្សត្រខ្មែរ ដែលចេញ​ផ្សាយនៅថ្ងៃ១៨ ខែតុលា​នេះ បានឲ្យដឹងថា ព្រះរាជ​ដំណើរទស្ស​នកិច្ចនេះ ធ្វើឡើងតបតាមការ​អញ្ជើញ របស់រដ្ឋាភិ​បាលវៀតណាម។ ព្រះរា​ជដំណើ​រទស្សនកិច្ច ៤ថ្ងៃនេះ អង្គព្រះមហា​ក្សត្រខ្មែរ នឹងយាងទៅទ​ស្សនកិច្ចនៅទីក្រុង Hue ​និងទីក្រុង Dalat៕




កម្ពុជា​ នឹងដាក់​ប​ញ្ចាំងភ្លើងពណ៌​ខៀ​វចំនួន២កន្លែ​ងដើ​ម្បីអប​អរខួប​៧០ឆ្នាំថ្ងៃ​ប​ង្កើតអង្គ​កា​រសហប្រជា​ជាតិ

នៅរាត្រីថ្ងៃ​ទី២៤ ខែតុ​លា ឆ្នាំ២០១​៥ ខាងមុ​ខនេះ ព្រះរាជា​ណាចក្រ​កម្ពុជា នឹងប្រា​រព្ធខួបលើក ទី៧០ឆ្នាំ ថ្ងៃប​ង្កើតអង្គការស​ហប្រជាជាតិក្រោ​មប្រធានបទ ប្រែក្លាយ​ពិភពលោកឲ្យ​ក្លាយទៅជាពណ៌​ខៀវ របស់​អង្គការសហប្រ​ជាជាតិ (Turn the W​orld UN Blue) ហើយក៏​មានការដាក់បញ្ចាំង​ភ្លើង ពណ៌ខៀវនៅវិ​មានសន្តិភាព និងវិមានរដ្ឋ​សភាផងដែរ។
យោងតាម​ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋ​មន្រ្តី បានថ្លែងឲ្យដឹ​ងនៅព្រឹកថ្ងៃទី២១ ខែតុលាថា តបតាមសេច​ក្តីស្នើសុំគាំទ្រ​គំនិតផ្តួចផ្តើម ក​ម្មវិធី «ប្រែក្លាយពិភ​ពលោកឲ្យក្លាយទៅជាព​ណ៌ខៀវរបស់អង្គការ​សហប្រជាជាតិ» ដែលបាន​ស្នើឲ្យគ្រប់ប្រទេ​សទាំងអស់នៅលើពិភ​ពលោក ដាក់បញ្ចាំង​ភ្លើង ពណ៌​ខៀវ នៅតា​មស្ថាប័ន-ក្រសួង​នានា។ ​ដូច្នេះនៅថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៥ រាជរដ្ឋាភិ​បាលកម្ពុជា ដោយមានកា​រឯកភាពពីសម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណា​ចក្រកម្ពុជា បានអនុញ្ញា​តិឱ្យប្រា​រព្ធពិធីនេះ។
ឯកឧត្តម ផៃ ស៊ីផាន ក៏បានបញ្ជាក់​បន្ថែមទៀតថា ការសម្រេចឲ្យ​ដាក់បញ្ចាំង​នៅតែវិមានសន្តិភាព និងវិមានរដ្ឋស​ភានោះ គឺអាស្រ័​យដោយកិ​ច្ចសន្សំសំ​ចៃលើការ​ចំណាយថវិ​កាជាតិ។
សូមបញ្ជាក់ដែរថា​គោលបំណងនៃ​ការប្រារព្ធពិធីដាក់បញ្ចាំ​ងភ្លើងពណ៌ខៀវ​នេះគឺដើម្បីអបអរសាទរ និងរំលឹកដល់ថ្ងៃ​បង្កើតអង្គ​ការស​ហប្រជាជាតិ ហើយក៏ដូចជាផ្ត​ល់ឱកាស សាមគ្គីភាពសម្រាប់ប្រជាជាតិនា​នាលើពិភពលោក គាំទ្រដល់កា​រការពារសន្តិភា​ព ការអភិវឌ្ឍ​ន៍ សិទ្ធិមនុស្ស និង​បង្ហាញការ​ប្តេជ្ញាចិត្តចំពោះ​គោលការណ៍នៃ​សេចក្តីថ្លៃថ្នូរ និងសុខមាល​ភាពរបស់ប្រជាជាតិទាំង​អស់នៅលើពិភពលោក។




សម្តេច​តេជោ ហ៊ុន សែន ប្រកា​សនឹងបន្តសាង​សង់ស្ពានទៅតំបន់​អរិយក្សត្រ តាមសំ​ណើប្រជាពលរដ្ឋ

សម្តេច​តេជោ ហ៊ុន សែន បានប្រកាសបន្ត​សាងសង់ស្ពានទៅ​តំបន់អរិយក្សត្រ តាមសំណើ​ប្រជាពលរដ្ឋនៅក្នុងពិធីអញ្ជើញ ជាអធិប​តីភាព បើកសម្ពោធដាក់​ឲ្យប្រើប្រាស់ ស្ពានជ្រោយ​ចង្វារមិត្តភាព​កម្ពុជា-ចិន (ស្ពានជ្រោយចង្វារទី២) សួនច្បាររង្វង់​មូលស្តាតចាស់ និង សួនច្បាររង្វង់​មូលជ្រោយចង្វារ​ត្រើយខាងកើត ​នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥នេះ។
ការប្រកាសបន្ត​សា​ងសង់ស្ពានឆ្លង​កាត់ទៅ​តំបន់ អរិយក្សត្រ របស់ប្រមុ​ខរាជរដ្ឋា​ភិបាលនេះ​ជាភាព​ត្រេកអរយ៉ាងខ្លាំង​ពីសំណាក់​ប្រជាពលរដ្ឋ រស់នៅតំបន់​អរិយក្សត្រ បន្ទាប់ពីបាន​លឺប្រសាសន៍ដ៏​ប្រពៃ​របស់ សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិ​បាលកម្ពុជា បាននឹងកំពុង​សិក្សាដើម្បីបន្តសាង​សង់ស្ពាន ឆ្លងទន្លេមេគង្គ ទៅតំបន់អរិ​យក្សត្រ តាមសំណើ​ប្រជាពលរដ្ឋ​រស់នៅតំបន់​អរិយក្សត្រនោះ នាពេ​លខាងមុខ។
ក្រៅពីការប្រ​កាស​បន្តសាងសង់ស្ពានអរិយក្សត្រ​ជាបន្តទៀតនោះ សម្តេចតេជោ ក៏បានលើក​ឡើងអំពីការបន្តសាងសង់​ស្ពាន​១ទៀត (សរុបស្ពានចំនួន២) នៅ​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ រាជ​ធានីភ្នំពេញ។
សម្តេចតេជោ​បានបញ្ជា​ក់ថា«យើងកំពុងតែធ្វើការ​សិក្សាស្រាវជ្រាវ ឲ្យក្រុមហ៊ុនសា​ជីវកម្មចិនគម្រោង​របស់យើងគឺនឹង​សិក្សាស្ពាន២ ស្ពានទី១គឺស្ថិត​នៅភូមិស្វាយជ្រុំ ខ័ណ្ឌឬស្សីកែវ ទៅសង្កាត់​ជ្រោ​យចង្វារ ខ័ណ្ណជ្រោយចង្វារ រា​ជធានីភ្នំពេញ ស្ពានទី២ គឺស្ថិ​តនៅភូមិអរិយ​ក្សត្រ​សុ្រកល្វាយឯម ឆ្លងទន្លេ​មេគង្គក្រោម ភ្ជាប់ទៅភូមិក្តីតាកុយ សង្កា​ត់ព្រែកឯង ខ័ណ្ឌច្បារអំពៅ​រាជធានីភ្នំពេញ។»
សូមជំរាបថា​ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០​១៥នេះ ប្រជាពលរដ្ឋ​ដែលចង់បានស្ពាន រស់នៅតំ​បន់អរិយក្សត្របាន​និយាយថា «បើបានស្ពានមែនកុំថាឡើយ​ប្រជាពលរដ្ឋ ឃុំអរិយក្សត្រ ត្រេកអរ ​សូម្បីតែ​ប្រជាពលរដ្ឋនៅខាងកើត​ទន្លេក៏សប្បា​យចិត្តដែរ គឺស្ថិត​នៅក្នុង​ស្រុកល្វាឯម ខេត្តកណ្តា​ល ធ្វើដំណើរ និងដឹកទំនិញលែងយឺត​យ៉ាវដោយ​ទឹកទន្លេជាឧបសគ្គហើយ»។
ម្យ៉ាងវិញទៀត​ប្រសិនជាមានស្ពាន​នេះជាការល្អណាស់ ព្រោះរថយន្តធំៗ មិនចាំបាច់ឆ្លង​កាត់ទីក្រុង ដោយពួកគេអាច​វាងទៅតា​មស្ពាននេះ ជាផ្នែកមួយ​ជួយរំដោះចរាចរណ៍ ក្នុងទីក្រុងដែល​មានភាពកកស្ទះ នៅពេលបច្ចុប្បន្នឲ្យ​មានភា​ពធូរស្បើយ​មួយកម្រិត។ បើគិតពីភ្នំពេ​ញ ទៅកាន់ឃុំ​អរិយក្សត្រ មានចម្ងាយ​ប្រហែល២គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែការអភិវឌ្ឍន៍​នៅតំបន់នេះ នាពេ​លកន្លង​មកហាក់ដូចជា មានភាពយឺតយ៉ាវ​ណាស់ ដោយសារទឹក​ទន្លេជាឧបសគ្គក្នុង​ការធ្វើដំណើ​រ និងដឹកជញ្ជូន​ទំនិញផ្សេងៗ។


សម្តេ​ច​តេជោ ហ៊ុន​ សែន រំលឹក​ក្នុ​ង ហ្វេស​ប៊ុក ពីដំណើ​រ​ការចរចារ រហូត​​សម្រេច​បាន​​ជាកិ​ច្ចព្រ​ម​ព្រៀង ​សន្តិភា​ព​ក្រុ​ងប៉ា​រីស (២៣/១​០/១៩៩១-២៣​/១០/២០១៥)

ថ្ងៃ ១៩ តុលា​សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវកាលប្បវត្តិ ស្តីពី ការស្វែងរកការចរចាជាមួយព្រះ នរោត្តម សីហនុ ដំណាក់កាលនានានៃការចរចា រហូតដល់សម្រេចបានជា កិច្ចព្រមព្រៀងសន្តិភាពក្រុង​ប៉ារីស នៅថ្ងៃ ២៣ តុលា ១៩៩១ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

នៅប៉ុន្មានថ្ងៃទៀតទេ ខួបលើកទី ២៤ នៃកិច្ចព្រមព្រៀងប៉ារីស (២៣/១០/១៩៩១-២៣/១០/២០១៥) នឹង​ឈាន​មកដល់។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានរំលឹកខ្លះៗ ពីប្រវត្តិពាក់ព័ន្ធទៅនឹងដំណើរការរកសន្តិភាព​នៅ​កម្ពុជា។

ដោយយល់ឃើញថា ការបន្តសង្គ្រាមមានតែធ្វើឲ្យប្រជាជនរងទុក្ខវេទនាតែប៉ុណ្ណោះ និងក្នុងគោលបំណងស្វែង​រកសន្តិភាព និងការបង្រួបបង្រួមជាតិ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនា​សម័យនោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយមួយ។ ដើម្បីសម្រេចបាននូវ​ដំណោះស្រាយនយោបាយ តម្រូវការចាំបាច់ត្រូវតែមានការចរចា។

ឆ្នាំ ១៩៨៤ នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ស្ថិតនៅជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស មានការរៀបចំជំនួបមួយ រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស ប្រទេស​បារាំង ដែលជួយរៀបចំដោយរដ្ឋមន្រ្តីក្រសួងការបរទេសបារាំង នាពេលនោះ។ ប៉ុន្តែ ជំនួបនេះត្រូវបានអាក់ខាន​អាស្រ័យដោយប្រទេសមួយចំនួន និងក្រុមខ្មែរក្រហមជំទាស់។

បន្ទាប់ពី ខ្ញុំព្រះករុណាខ្ញុំ ក្លាយជានាយករដ្ឋមន្រ្តី នាខែ មករា ឆ្នាំ ១៩៨៥ ខ្ញុំព្រះករុណាខ្ញុំ និងថ្នាក់ដឹកនាំគណ​បក្សប្រជាជនកម្ពុជា បានប្រឹងប្រែងសារជាថ្មីម្តងទៀត ក្នុងការស្វែងរកការចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ។ ការខិតខំលើកនេះប្រើរយៈពេលវែងបង្គួរ ដោយមានការជ្រោមជ្រែងពីមិត្តភក្តិបរទេស និងឥស្សរជន​ខ្មែរមួយចំនួន ក្នុងនោះ លោកស្រី ពុង ឈីវហ្កិច បច្ចុប្បន្នជាប្រធានអង្គការលីកាដូ ជាអ្នកប្រឹងប្រែងខ្លាំងជាង​គេ ក្នុងទំនាក់ទំនងរវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ និងពីសម្តេចព្រះនរោត្តម សីហនុ មកខ្ញុំព្រះករុណាខ្ញុំ ព្រមទាំងជួយខ្ញុំព្រះករុណាខ្ញុំយ៉ាងច្រើនពេលចរចានៅទីក្រុងប៉ារីស។ ខ្ញុំសូមយកឱកាស​នេះថ្លែងអំណរគុណចំពោះបងស្រី ពុង ឈីវហ្កិច ដែលបានធ្វើការងារពាក់ព័ន្ធនឹងសន្តិភាពនៅកម្ពុជា។

ទោះបីមានការលំបាកដោយសារប្រទេសមួយចំនួន និងភាគីខ្មែរក្រហម ព្រមទាំងភាគីរណសិរ្សរំដោះប្រជាពល​រដ្ឋខ្មែរជំទាស់ ប៉ុន្តែ សម្តេចព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យធ្វើការចរចាជាមួយខ្ញុំព្រះករុណាខ្ញុំ។ ការ​ចាប់ផ្តើមការចរចាដំបូង គឺនៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង​ដែលការចរចានេះមានសេចក្តីប្រកាសរួម ដែលឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងខ្ញុំ​ព្រះករុណាខ្ញុំ (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ ការចរចា សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ​ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង។

ចាប់ផ្តើមពីជំនួបបើកផ្លូវរវាង សីហនុ-ហ៊ុន សែន ទាំងពីរលើក ចរន្តស្វែងរកដំណោះស្រាយនយោបាយនៅ​កម្ពុជាកាន់តែរីកធំឡើង វេទិកាចរចាត្រូវបានពង្រីករវាងភាគីកម្ពុជា និងមានការចូលរួមពីសំណាក់ប្រទេសមួយ​ចំនូន ដូចជា JIM1, JIM2, IMC រហូតទៅដល់សន្និសីទទីក្រុងប៉ារីស ដែលបានបើកធ្វើតាំងពីខែ កក្កដា និងខែ សីហា ឆ្នាំ ១៩៨៩ តែពុំមានលទ្ធផល។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវរកមធ្យោបាយ ដើម្បីធ្វើការជាមួយសម្តេច​ព្រះនរោត្តម សីហនុ តាមរយៈការរៀបចំឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហៅថា អេស អិន ស៊ី (SNC) ដែល​ចែកចេញជា ៣ ដំណាក់កាល៖

ដំណាក់កាលទី ១៖ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៩០ ចុះហត្ថលេខារវាងសម្តេចព្រះរោត្តម សីហនុ និងខ្ញុំព្រះ​ករុណាខ្ញុំ នៅទីក្រុងបាងកក។

ដំណាក់កាលទី ២៖ ថ្ងៃទី ០៤-០៥ ខែ មិថុនា ឆ្នាំ ១៩៩០ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលចុះហត្ថលេខារវាង សម្តេចព្រះនរោត្តម សីហនុ ក្នុងនាមប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ អមដំណើរដោយសម្តេច សឺន សាន ក្នុង​នាមនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ តែពហិកាដោយលោក ខៀវ សំផន ដែលជាអនុប្រធានរដ្ឋកម្ពុជា​ប្រជាធិបតេយ្យ ជាមួយខ្ញុំព្រះករុណាខ្ញុំ បង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត ៦+៦ ឬ ៦+២+២+២=១២ មានន័យថា ត្រីភាគី ក្នុងមួយភាគីដាក់មនុស្ស ២ នាក់ ឯរដ្ឋកម្ពុជាដាក់មនុស្ស ៦ នាក់។
ដំណាក់កាលទី ៣៖ ថ្ងៃទី ០៩-១០ ខែ កញ្ញា ឆ្នាំ ១៩៩០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រៀបចំ បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលពេលនោះ ភាគីហ្វ៊ុនស៊ិនប៉ិច ពុំមានព្រះនាមសម្តេចព្រះ​នរោត្តម សីហនុ នោះទេ  ព្រោះព្រះអង្គពុំបានយាងទៅហ្សាកាតានោះទេ ហើយត្រូវជំនួសដោយ សម្តេចចៅ សែន កុសល។

ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ធ្វើឡើងនៅទី ១៦-១៧ ខែកញ្ញា ឆ្នាំ ១៩៩០ នៅស្ថានទូតកម្ពុជាប្រចាំ​នៅទីក្រុងបាងកក ប៉ុន្តែការប្រជុំនេះពុំមានលទ្ធផលសូម្បីតែបន្តិច។

បន្ទាប់ពីមានការជ្រោមជ្រែងប្រទេសធំទាំង ៥ ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជាជាតិ ដោយរៀបចំជាពង្រាងកិច្ចព្រមព្រៀង​ស្តីពី ដំណោះស្រាយនយោបាយចំពោះបញ្ហាកម្ពុជា ប៉ុន្តែ ដំណើរនៅតែមិនទៅមុខ។

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ បានខិតខំសារជាថ្មី នៅថ្ងៃទី ០២ និងថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ​ ១៩៩១ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាជាសម្ងាត់ ដោយសម្តេច​ព្រះនរោត្តម សីហនុ, សម្តេចម៉ែ, រាជវង្សានុវង្ស នឹងយាងមករួមរស់ជាមួយរដ្ឋកម្ពុជា ដោយរក្សាទុកនូវរដ្ឋធម្ម​នុញ្ញ, ទង់ជាតិ, ភ្លេងជាតិរបស់រដ្ឋកម្ពុជា, សម្តេច ហេង សំរិន នៅតែជាប្រធានក្រុមប្រឹក្សារដ្ឋ សម្តេច ជា ស៊ីម នៅតែជាប្រធានរដ្ឋសភា ឯខ្ញុំព្រះករុណាខ្ញុំ នៅតែជានាយករដ្ឋមន្ត្រី តែព្រះអង្គបានស្នើឲ្យបង្កើតឡើងនូវ​គណៈប្រធានជាតិ ដែលព្រះអង្គជាប្រធាន ខ្ញុំព្រះករុណាខ្ញុំ ជាអនុប្រធាន ខ្ញុំព្រះករុណាខ្ញុំ បានឯកភាពលើ​សំណើនេះ។ សម្តេចព្រះនរោត្តម សីហនុ​ បានមានបន្ទូលម្តងហើយម្តងទៀត ប្រាប់ខ្ញុំព្រះករុណាខ្ញុំថា ទោះ​មាន ឬគ្មានដំណោះស្រាយនយោបាយ ក៏ខ្ញុំត្រូវតែវិលត្រឡប់ទៅនៅជាមួយឯកឧត្តម ហ៊ុន សែន ដែរ ព្រោះ​មិន​អាចនៅជាមួយពួកខ្មែរក្រហមបានបន្តទៀតទេ។

ការសម្ងាត់ត្រូវបានបែកធ្លាយនៅទីក្រុងបាងកក ប្រទេសថៃ​ វាជាសម្ពាធខាងនយោបាយដ៏ធំមួយ សម្រាប់ ពួកខ្មែរក្រហម និងបរទេសខ្លះ។ ដើម្បីកុំឲ្យសម្តេចព្រះ នរោត្តម សីហនុ យាងមកកម្ពុជាតែអង្គឯង ក្រៅដំ ណោះស្រាយនយោបាយ ប្រទេសមួយចំនួនបានរកវិធីរារាំង តាមរយៈការដាក់បញ្ចូលសម្តេចព្រះនរោត្តម សីហនុ ទៅជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់ជំនួសសម្តេច ចៅ សែន កុសល។ ចាប់ពីពេលនោះមក អ្វីៗគឺដើរលឿនណាស់ នៅថ្ងៃទី ២៤-២៦ ខែមិថុនា ឆ្នាំ ១៩៩១ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់បានប្រជុំឡើង វិញនៅប៉ាតាយ៉ា ប្រទេសថៃ ក្រោមអធិបតីភាពរបស់សម្តេចព្រះនរោត្តម សីហនុ ជាប្រធានអង្គប្រជុំ តែមិន មែនជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ទេ។ លោក ខៀវ សំផន បានបន្ទន់ឥរិយាបថ ព្រមប្រកាសឈប់បាញ់ និងឈប់ទទួលយកជំនួយយោធាបរទេស ដែលជាលើកដំបូងនៃការបន្ទន់ឥរិយាបថពីភាគីរឹងរុះមួយនេះ។

ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ១៩៩១ ប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពេលនោះហើយដែលខ្ញុំព្រះករុណាខ្ញុំបានជួបជាសម្ងាត់ជាមួយសម្តេចព្រះនរោត្តម សីហនុ និងថ្វាយព្រះរាជ​តួនាទីព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដែលឡាយព្រះហស្ដលេខា និងហត្ថលេខា ដោយខ្ញុំព្រះ​ករុណាខ្ញុំ លើសេចក្តីប្រកាសរួមមួយដែលព្រាងឡើងដោយខ្ញុំព្រះករុណាខ្ញុំផ្ទាល់ និងដោយមានការយល់ព្រម​ពីសម្តេចព្រះនរោត្តម សីហនុ។ (នឹងមានភ្ជាប់ជាមួយនូវសេចក្តីប្រកាសរួមនេះ)។

អ្វីៗស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ការប្រជុំក្រុមប្រឹក្សាជាតិជាន់ខ្ពស់ បូកប្រទេសធំទាំង ៥ សហប្រធាន សន្និសីទទីក្រុងប៉ារីស ដែលមានបារាំង និងឥណ្ឌូនេស៊ី ព្រមទាំងតំណាងពិសេសរបស់អគ្គលេខាអង្គការសហ​ប្រ​ជាជាតិបានបន្តធ្វើពីថ្ងៃទី ២៦-៣០ ខែសីហា ឆ្នាំ ១៩៩១ នៅប៉ាតាយ៉ា ប្រទេសថៃ។

ចំណុច ៣ ដែលសំខាន់នាដំណាក់កាលចុងក្រោយនៃការចរចា រួមមាន៖

ទី ១៖ ការឈប់បាញ់ និងការរំសាយកងទ័ព ការឈប់បាញ់ យើងបានឯកភាពឈប់បាញ់នៅនឹងកន្លែង ភាគី​ណានៅទីណាត្រូវឈរជើងនៅទីនោះ។ អ្វីដែលលំបាក គឺការរំសាយកងទ័ព។ ត្រីភាគីតំណាងដោយ លោក ខៀវ សំផន បានស្នើភាគីនីមួយៗរក្សាទុកកងទ័ពចំនួន ២ ០០០ នាក់ តាមរូបមន្តនេះ ត្រីភាគីនឹង រក្សា​ទុក​បានកងទ័ពចំនួន ៦,០០០ នាក់ដែលតាមការប៉ាន់ស្មានពេលនោះ កងទ័ពទាំង ៣ ភាគីមានមិនដល់ ៤០, ០០០ នាក់ ហើយគ្រប់គ្រងទឹកដីមិនដល់ ១០ ភាគរយ។ ឯរដ្ឋកម្ពុជាដែលមានកងទ័ពជាង ១៤០,០០០ នាក់ និងគ្រប់គ្រងទឹកដីជាង ៩០ ភាគរយ ក៏រក្សាកងទ័ពបាន ២,០០០ នាក់ ដូចគេឯងដែរ។ ដើម្បីរកច្រកចេញ ខ្ញុំព្រះករុណាខ្ញុំបានពិគ្រោះជាមួយឯកឧត្តម ទៀ បាញ់ និងឯកឧត្តម ហោ ណាំហុង អំពីលទ្ធភាព​រំសាយ​កងទ័ព ៧០ ភាគរយ បន្ទាប់ពីការពិគ្រោះគ្នាហើយ នាថ្ងៃបន្ទាប់ខ្ញុំព្រះករុណាខ្ញុំ បាន អញ្ជើញប្រធាន​គណៈ​ប្រតិភូបារាំង ដែលជាសហប្រធានសន្និសីទប៉ារីសមកស្រស់ស្រូបពេលព្រឹក ហើយខ្ញុំព្រះ​ករុណាខ្ញុំ បានសួរទៅ​កាន់​ប្រធានប្រតិភូបារាំងថា ប្រសិនបើរំសាយកងទ័ពចំនួន ៧០ ភាគរយ តើប្រទេសធំ​ទាំង ៥ យល់យ៉ាង​ណា? ប្រធានប្រតិភូបារាំងបានឆ្លើយតបមកខ្ញុំព្រះករុណាខ្ញុំវិញថា ច្បាស់ជាមានការគាំទ្រ។ ខ្ញុំព្រះករុណាខ្ញុំ បានប្រាប់ទៅប្រធានប្រតិភូបារាំងថា លោក ខៀវ សំផន  និងលោក សឺន សាន រង់ចាំតែ​ជំទាស់នឹង​ការ​ស្នើ​របស់​ខ្ញុំ។ ដូច្នេះ សូមឯកឧត្តមទៅទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ ថាប្រទេសធំទាំង ៥ មានបំណង​ឱ្យ​ភាគី​កម្ពុជារំសាយកងទ័ព ៧០ ភាគរយ ពេលសម្តេចព្រះនរោត្តម សីហនុ លើកឡើង​ខ្ញុំនឹង​គាំទ្រភ្លាម។

អ្វីៗដូចគ្រោងទុក ពេលបើកអង្គប្រជុំ សម្តេចព្រះនរោត្តម សីហនុ បានប្រាប់អង្គប្រជុំថា ប្រទេសធំទាំង ៥ មាន បំណងឱ្យភាគីកម្ពុជារំសាយកងទ័ព ៧០ ភាគរយ ពេលនោះខ្ញុំព្រះករុណាខ្ញុំ បានប្រកាសគាំទ្រភ្លាម បន្ទាប់ទៅ លោក ខៀវ សំផន លោក សឺន សាន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាសគាំទ្រដូចគ្នាដែរ។ ត្រង់នេះ​មានន័យថា នំរបស់ ហ៊ុន សែន ផលិតផ្ញើតាមអ្នកដទៃ មកឱ្យ ហ៊ុន សែន​ ទទួលទានវិញឆ្ងាញ់ពិសារ។

ដូច្នេះ ប្រធានបទលើការឈប់បាញ់ និងរំសាយកងទ័ពត្រូវបានដោះស្រាយនៅប៉ាតាយ៉ា ប្រទេសថៃ។

ទី ២៖ អំពីប្រព័ន្ធបោះឆ្នោត ពង្រៀងប្រទេសធំទាំង ៥ គឺប្រព័ន្ធសមាមាត្រទូទាំងប្រទេស ឯភាគីរដ្ឋកម្ពុជាស្នើ ឡើងនូវប្រព័ន្ធឯកត្តនាម។ ចំណុចនេះ មិនត្រូវបានដោះស្រាយនៅទីក្រុងប៉ាតាយ៉ាទេ ខ្ញុំព្រះករុណាខ្ញុំ បានមក ពិភាក្សាជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេស ហើយសម្រេចស្នើឡើងនូវរូបមន្តប្រព័ន្ធសមាមាត្រតាមខេត្ត ហើយ​ត្រូវបានភាគីទាំងអស់យល់ព្រមនៅទីក្រុងញូវយ៉ក ពេលប្រជុំអង្គការសហប្រជាជាតិពីថ្ងៃ ១៤-២១ ខែកញ្ញា ឆ្នាំ ១៩៩១។ ប្រព័ន្ធសមាមាត្រតាមខេត្តកំពុងប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តរហូត​ដល់សព្វថ្ងៃនេះ។

ទី ៣៖ អំពីសិទ្ធិសម្រេចចុងក្រោយ ពង្រាងកិច្ចព្រមព្រៀងត្រូវប្រគល់ទៅអោយប្រធានអាជ្ញាធរអាសន្នរបស់ អង្គការសហប្រជាជាតិហៅកាត់ថា « អ៊ុនតាក់» ឯខ្ញុំព្រះករុណាខ្ញុំ ខាងភាគីរដ្ឋកម្ពុជាចង់ថ្វាយសិទ្ធិសម្រេច ចុង​ក្រោយ​នេះទៅសម្តេចព្រះនរោត្តម សីហនុ ក្នុងឋានៈព្រះអង្គជាព្រះប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់។ ចំណុច​នេះ មិនត្រូវបានដោះស្រាយនៅប៉ាតាយ៉ាទេ តែត្រូវបានដោះស្រាយនៅទីស្នាក់អង្គការសហប្រជាជាតិ ដែល​ពេល​នោះ​ខ្ញុំព្រះករុណាខ្ញុំប្រៀបបានដូចជា កស្ថិតនៅលើជ្រុញ ព្រោះនៅពេលចូលដល់កន្លែងប្រជុំអង្គការ សហប្រជាជាតិ  ខ្ញុំព្រះករុណាខ្ញុំ បានឃើញព្រះរាជសាររបស់សម្តេចព្រះ នរោត្តម សីហនុ នៅលើតុផ្ញើជូន ឯកឧត្តម ប៉េរ៉េស ដឺគូអេឡា អគ្គលេខាធិការអង្គការសហប្រជាជាតិនាពេលនោះ ដោយមានន័យថាសិទ្ធិ សម្រេចចុងក្រោយដោយប្រធាន អេស អ៊ិន ស៊ី ឬប្រធាន អ៊ុន តាក់អាស្រ័យលើ ឯកឧត្តម ហ៊ុន សែន​ ជា​អ្នក​សម្រេច។ ខ្ញុំព្រះករុណាខ្ញុំ គ្មានជម្រើសក្រៅតែពីការយល់ព្រមនោះទេ។ អ្វីៗដែលត្រូវដោះស្រាយរួច រាល់នៅ​ពេល​ដែល អេសអ៊ិនស៊ី ចូលកាន់កាប់អង្គការសហប្រជាជាតិ ក្នុងខែ កញ្ញា ឆ្នាំ ១៩៩១ រាប់ទាំងកំណត់ យក​ថ្ងៃ​ទី ២១ តុលា ឆ្នាំ ១៩៩១ ជាថ្ងៃចុះហត្ថលេខានៅទីក្រុងប៉ារីសផងដែរ។

យោងទៅលើអ្វីដែលជាការរៀបរាប់ដំណើរការស្វែងរកសន្តិភាព វាមានការលំបាកតែវាប្រសើរជាងការបន្ត សង្រ្គាម។ យើងបានឆ្លងកាត់ដំណាក់កាលសង្រ្គាមទាំងស្រុង ដំណាក់កាលវាយផង​ ចរចាផង និងដំណាក់ កាលសន្តិភាពទាំងស្រុង។ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាក់មិនអាចសម្រេចបាន គឺនៅពេល ដែលអ៊ុន តាក់ដកចេញ បានបន្សល់ទុកអោយកម្ពុជាមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។ ជម្រើសចុង ក្រោយសម្រាប់សន្តិភាពទាំងស្រុងនៅកម្ពុជា គឺការដាក់ចេញ និងអនុវត្តនូវនយោបាយឈ្នះៗដែលបានអនុវត្ត​ដ៏ជោគជ័យពីឆ្នាំ ១៩៩៦-១៩៩៨ នេះជាសន្តិភាពដែលជនជាតិកម្ពុជាបានរួមគ្នាបង្កើតឡើងដោយ ខ្លួនឯង គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ និងឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិជាង ៥០០ ឆ្នាំ ដែល​កម្ពុជា ជាប្រទេសមួយ មានតំបន់ត្រួតត្រាមួយ  មានរដ្ឋធម្មនុញ្ញាមួយ មានមហាក្សត្រមួយ មានរាជរដ្ឋា ភិបាលតែមួយមានកម្លាំងប្រដាប់អាវុធតែមួយ គ្មានការបែងចែក ដែលយើងទាំងអស់គ្នាត្រូវរួមគ្នារក្សា នូវ​សន្តិ​ភាពនេះ៕







វេទិកាតុមូល​ រំលឹក​អំពីខ្លឹម​សារ កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទីក្រុងប៉ារីស​ ២៣ តុលា ១៩៩១

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៥

នៅព្រឹក​ថ្ងៃទី២១ ​ខែតុលា ​ឆ្នាំ២០១៥នេះ ​ទីស្តីការគណៈរដ្ឋ​មន្ត្រី បាន​បើកកិច្ច​ប្រជុំពេញ​អង្គ ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់ ​សម្តេចតេជោ ​ហ៊ុន សែន​ នាយករដ្ឋ​មន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ​នៅវិមាន​សន្តិភាព ​ដែលកិច្ច​ប្រជុំនេះ ​បានធ្វើការពិភាក្សា​ទៅលើរបៀបវារៈ​៖
១- សេចក្ដីព្រាង​ច្បាប់ស្តីពីហិរ​ញ្ញវត្ថុ​ សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ២០១៦​។
២- សេចក្តីព្រាង​ច្បាប់ស្តីពី​ការទូទាត់ ​ថវិកាទូទៅ​របស់រដ្ឋ​ សម្រាប់ការ​គ្រប់គ្រងឆ្នាំ២០១៤។​

៣- បញ្ហាផ្សេងៗ៕​