Wednesday, July 15, 2015

សម្តេច​តេជោ ហ៊ុន សែន ផ្ញើលិខិត​ជូន​ឯកឧត្តម David Cameron នាយក​រដ្ឋមន្រ្តី នៃចក្រ​ភព​អង់គ្លេស ពាក់ព័ន្ធព្រំដែន​ប្រទេស​កម្ពុជា



ធ្លាយ ទូរសារ​សម្ងា​ត់ ​របស់​ស្ថានទូត​អាមេរិកនៅ​ភ្នំពេញ ផ្ញើទៅ​ក្រសួង​ការ​បរទេស​អាមេរិក ពាក់ព័ន្ធ​បញ្ហា​ព្រំដែន រវាង​ខ្មែរ ជាមួយ​ថៃ និងវៀតណាម





សម្តេចតេជោ ហ៊ុន សែន ផ្ញើជូន​លិខិត​លោក អូបាម៉ា ប្រធានា​ធិបតី​សហរដ្ឋ​អាម៉េរិក ពាក់ព័ន្ធ​នឹងរឿង​ផែនទី នៃព្រំដែន​ប្រទេស​កម្ពុជា



សម្តេច​តេជោ ហ៊ុន សែន ផ្ញើលិខិត​ជូនប្រធានា​ធិបតី​បារាំង លោក ហូឡង់ ពាក់ព័ន្ធនឹង​រឿងរ៉ាវ​ផែន​ទី នៃព្រំដែន​ប្រទេសកម្ពុជា



ក្នុង​រយៈ​ពេល​៣​ខែ គ.ជ.ប បាន​ពិភាក្សា​កែ​ទម្រង់​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន ជាមួយ​ភាគី​អន្តរជាតិ រហូត​ដល់​ជាង ១០​លើក

គិតត្រឹម​​​​ថ្ងៃ​ច័ន្ទ​ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥​ ពោល​គឺ​រយៈ​ពេល​៣ខែ​គត់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​អន្តរជាតិ​ចំនួន​ជាង ១០​លើក​​ដើម្បី​បង្កើន​សមត្ថភាព និង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត។​
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ចុះ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥​ បាន​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​៣ខែ​កន្លង​ទៅ​ គ..ប បាន​ជួប​ជាមួយ​ភាគី​សហភាព​អឺរ៉ុប រួម​ជាមួយ​ភាគី​ជប៉ុន​ចំនួន ២លើក​ ស្តី​ពី​ជំនួយ​ជួយ​ដល់​ គ..ប បន្ទាប់​មក​ គ..ប បាន​ជួប​ជាមួយ​ភាគី​ជប៉ុន ចំនួន​៣លើកទៀត ស្តីពី​ជំនួយ​របស់​ជប៉ុន​ជួយ​ដល់​ គ..ប និង​ស្តី​ពី​អនុសាសន៍​របស់​ជប៉ុន​លើ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិ​វិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី និង​ស្តី​ពី​បច្ចេក​ទេស​ប្រព័ន្ធ​កុំព្យូទ័រ​សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​គ្រប់​គ្រង​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​។
ក្រៅពីនេះ​ គ..ប បាន​ជួប​ជាមួយ​គណៈ​ប្រតិភូ​សមាជិក​សភា​សហព័ន្ធ​អាល្លឺម៉ង់ ចំនួន​១លើក ស្តី​ពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ និង​បាន​ជួប​ជាមួយ​ភាគី​ក្រុម​ហ៊ុន SCYTL innovating Democracy ស្តីពី​ឧបករណ៍​បម្រើ​ការ​ចុះ​បោះ​ឆ្នោត​ និង​ការ​រក្សា​ទុក​ទិន្នន័យ​អ្នក​បោះ​ឆ្នោត​។
គួរបញ្ជាក់​ផង​ដែរ​ថា​ នៅ​ថ្ងៃ​សុក្រ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៥​ខាង​មុខ​នេះ គណៈកម្មការ​ចំពោះ​កិច្ច គ..ប ទទួល​បន្ទុក​សហការ​ជាមួយ​សហភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន លើ​ការងារ​រៀបចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ដឹកនាំ​ដោយ​ឯកឧត្តម​ គួយ​ ប៊ុន​រឿន អនុប្រធាន​ គ..ប និង​ជា​ប្រធាន​គណៈកម្មការ និង​ជួប​ជាមួយ​សហភាព​អឺរ៉ុប ស្តីពី​អនុសាសន៍​របស់​សហភាព​អឺរ៉ុប លើ​សេចក្តី​ព្រាង​បទ​បញ្ជា និង​នីតិវិធី សម្រាប់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​៕
ដោយៈ ជា សុភ័ក្ត្រ


ស្រ្តីម្នាក់ឆ្លងទន្លេកូនភ្លោះ៤នាក់ ដំបូងគេ កើតនៅខេត្តព្រះវិហារ

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នេះ គឺជាលើកដំបូងដែលស្រុកខ្មែរមានស្រ្តីឆ្លងទន្លេម្តងបានកូនដល់ទៅ ៤ នាក់ ហើយស្ត្រីជាម្ដាយ និងទារក ទារិកាទាំង៤ កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។
ស្រ្តីដែលឆ្លងទន្លេកូនភ្លោះ ៤ នាក់ ដែលមានស្រីពីរ ប្រុសពីរនោះ មានឈ្មោះ ឆាយ សុផា អាយុ ២៤ ឆ្នាំ ដែលមានប្តី ឈ្មោះ សេម ផានិត អាយុ ២៥ ឆ្នាំ ជាគ្រូបង្រៀននៅសាសាបឋមនៅឃុំព្រឹករស្មី ស្រុករវៀង ខេត្តព្រះវិហារ។ កូនភ្លោះទាំង ៤ នាក់ស្រីពីរប្រុសពីរនេះ ជាកូនលើកទី ២ហើយ របស់គ្រួសារនេះ ប៉ុន្តែកូនលើកទីមួយនោះ ក៏បានស្លាប់ហើយបន្ទាប់ពីកើតបានប៉ុន្មានខែ។
បើយោងតាមលោក ឯក សារ៉ូ អភិបាលស្រុករវៀង ខេត្តព្រះវិហារ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ៨ ជិត ៩ នៅមណ្ឌលសុខភាពស្រុករវៀង មានស្រ្តីម្នាក់បានសម្រាលកូនមកបាន ៤ នាក់មែន។ លោក អភិបាលស្រុករូបនេះបញ្ជាក់ថា កូនភ្លោះ ៤ នាក់នោះ គេមានសុខភាពល្អទេក្នុងនោះមានស្រី២ ប្រុស២ ល្អណាស់ស្មើគ្នាល្អណាស់។
លោក គង់ បាន ប្រធានមណ្ឌលសុខភាពស្រុករវៀង ជាទីដែលកូនភ្លោះ ៤ នាក់ប្រសូតនោះបានឲ្យដឹងថា ម្តាយកូនគេនោះ មានសុខភាពល្អទេ បើទោះជាម្តាយនោះបង្កើតកូនម្តងភ្លោះ ៤ នាក់ក្តី ដោយម្តាយមានសម្ពាធឈាមធម្មតា និងកូនក៏មិនអីដែរពេលនេះ។ ដោយលោកមានការព្រួយបារម្ភពីបញ្ហាសុខភាពមាតា និងទារក ទើបលោកបានសម្រេចចិត្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តវិញ។ លោកក៏បានរៀបរាប់ពីទារកទាំងបួនថាកូនទី ១ កើតមកមានទម្ងន់មួយគីឡូពីរខាំ កូនទីពីរ មួយគីឡូប្រាំបីខាំ កូនទីបីទម្ងន់មួយគីឡូកន្លះ និងកូនទីបួនទម្ងន់មួយគីឡូបីខាំវិញ។
តាមការបញ្ជាក់ពីលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា គិតមកទល់ពេលនេះ គ្រួសារមានកូនភ្លោះ ៣ នាក់នៅទូទាំងប្រទេស មានប្រមាណ ២៧១ គ្រួសារ ដោយឡែកគ្រួសារដែលមានកូនភ្លោះ ៤ នាក់មិនធ្លាប់មានទេពីមុន ទើបតែមាននៅខេត្តព្រះវិហារថ្មីៗនេះ។ ក្រៅពីបង្ហាញភាពភ្ញាក់ផ្អើល និងសរសើរថា កូនភ្លោះ ៤ នាក់នេះល្អណាស់ មានស្រីពីរ ប្រុសពីរនោះ លោក សេង ទៀង បានបញ្ជាក់ថា កន្លងមកកូនភ្លោះ៣នាក់ ទទួលបានការឧបត្ថម្ភពីសម្តេចនាយករដ្ឋមន្រ្តី ចំនួន ៣ លានរៀល និងមិនហៅថាកូនសម្តេចទេ ឥឡូវដូចជាដាក់ថាចៅសម្តេចវិញ។ តែដោយឡែកជាលើកទីមួយហើយដែលមានកូនភ្លោះ ៤ នេះ លោកមិនទាន់ដឹងថា សម្តេចលោកប្រទានប៉ុន្មាននោះទេ ដោយលោកបានប្រាប់ថាចាំមើលលោកចុះទៅជួបសិន។
អត្ថបទៈ តាំង ថៃហេង




ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា របស់លោក សោម អូន បានស្នើ៤ចំណុចធំៗ ឲ្យមានការកែសម្រួល ពាក់ព័ន្ធទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីសហជីព

ការចូលរួមក្នុងគោលបំណង សម្រួលការងារមួយចំនួន របស់សហជីពទាក់ទិននឹងសេចក្តីព្រាងច្បាប់ សហជីពនេះ លោក សោម អូន ប្រធានក្រុមប្រឹក្សា សហជីពជាតិកម្ពុជា ហៅកាត់ថា «CCNU» បានសរ សេរនៅក្នុងAccount Facebook ផ្ទាល់ខ្លួន របស់លោកដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ថា យើងស្វាគមន៍” ឲ្យមានច្បាប់សហជីព ដែលអន្តរក្រសួងរបស់រាជរដ្ឋាភិបាល កំពុងតែ ដំណើរការពិភាក្សាហើយសង្ឃឹមថាមិនយូរមិនឆាប់នឹងត្រូវបានរដ្ឋសភាអនុម័ត នៅពេលខាងមុខនេះ ។
លោកបានបញ្ជាក់ថា សមាជិកក្រុមប្រឹក្សាភិបាល CCNU ដែលមានសមាជិក ចំនួន៦៥សហព័ន្ធ សហជីព បានឯកភាពគ្នា និងបានធ្វើលិខិតស្នើជូន យោបល់ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះរួចហើយ នូវកង្វល់ធំៗ របស់ខ្លួនចំនួន៤ចំណុច ទី១- ស្នើសុំឲ្យកែសម្រួល ចំនួនភាគរយនៃការបង្កើតសហជីពមូលដ្ឋានពី ២០%មកត្រឹមចំនួនតិចបំផុត ឫកំណត់ចំនួនជាក់លាក់ ណាមួយនៅក្នុងចន្លោះពី ១០នាក់ ទៅ២០នាក់ នៃកម្មកររោងចក្រមួយ ដែលយើងអាចមានសិទ្ឋិបង្កើត សហជីពបាន ដោយកុំគិតជា ចំនួន ភាគរយ ពីព្រោះការកំណត់ ចំនួន២០% វាជាតួរលេខខ្ពស់មួយនឹងធ្វើឲ្យពិបាកដល់ការបង្កើត សហជីព នៅរោងចក្រ សហគ្រាស ក្នុងគោលដៅការពារសិទ្ឋិ និងផលប្រយោជន៍ របស់កម្មករ  ទី២- ស្នើសុំបន្ទាប់ពីច្បាប់នេះ ត្រូវបានរដ្ឋសភាអនុម័ត គឺមិនត្រូវតម្រូវឲ្យសហព័ន្ធសហជីព ឫ សហជីពមូលដ្ឋាន ដែលបានចុះ បញ្ជីការួចហើយនោះ ត្រូវចុះបញ្ជីការ ឡើងវិញនោះទេ ដែលនាំឲ្យបង្កើតនូវការលំបាក និងស្មុគ្រស្មាញ ដល់ការរៀបចំបែបបទ ចុះបញ្ជីការជាថ្មី និងត្រូវចំណាយពេលវេលា និងថវិកា   ទី៣- ស្នើសុំឲ្យរក្សាចំណុចកាត់ប្រាក់ ភាគទានសមាជិកសហជីពចំនួន១%នៃប្រាក់ខែកម្មករ ដើម្បីឲ្យសហជីព ធានាបាននូវនិរន្តរភាពការងារ និងសេដ្ឋកិច្ចក្នុងការទ្រទ្រង់ ដំណើរការសកម្មភាពរបស់ខ្លូន  ទី៤- ស្នើសុំមុននឹងសេចក្តីព្រាងច្បាប់ សហជីពនេះបញ្ជូនទៅសមាជិកក្រុមប្រឹក្សាអ្នកច្បាប់គណៈរដ្ឋមន្ត្រី សូមរៀបចំសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ យ៉ាងហោចណាស់ឲ្យបាន២ដង ដើម្បីផ្តល់ឱកាស ចុងក្រោយដល់ភាគីពាក់ព័ន្ធ ទាំងអស់ផ្តល់យោបល់ ដើម្បីឲ្យច្បាប់នេះក្លាយទៅជាច្បាប់មួយមានតម្លាព សម្រាប់ភាគីអនុវត្ត និងអនុវត្តដោយរលូតសម្រាប់ទៅ អនាគតបន្ទាប់ពីរដ្ឋសភាអនម័ត។
លោក សោម អូន បានបន្ថែមទៀតថា ចំណុចដែលភាគីសហជីពបារម្មណ៍ជាងគេ គឺការកំណត់ចំនួន២០% នៃកម្មករសរុបក្នុងមួយរោងចក្រ ទើបអាចបង្កើតសហជីព ។ ឧទាហរណ៍ បើសិនជារោងចក្រ មួយមានកម្មករ២០០០នាក់ ទាល់មានសមាជិក៤០០នាក់ ជាមុនសិនទើបអាចបង្កើតសហជីពបាន ។ យើងអាចដាក់ជាសំនួរថា បើមិនទាន់មានរចនាសម្ព័ន្ឋ សហជីពផង តើបានសមាជិកពីណា រហូតដល់៤០០នាក់នោះ
លោកសង្ឃឹមថា ចំណុចនេះ គួតែធ្វើការកែសម្រួលដោយពុំចាំបាច់ កំណត់ចំនួនភាគរយនោះទេ ហើយអាចកំណត់ចំនួនជាក់លាក់ ក្នុងចន្លោះពី១០ទៅ២០នាក់បានហើយ ដើម្បីឲ្យកម្មករមានសិទ្ឋិបង្កើត សហជីពនៅក្នុងរោងចក្រសហគ្រាសមួយ៕
អត្ថបទៈ តាំង ថៃហេង

ធនាគារអភិវឌ្ឍអាស៊ី ផ្តល់ប្រាក់កម្ចី ជាង១៨លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនៅ តំបន់ឆ្នេរនៅកម្ពុជា

ក្រសួងទេសចរណ៍កម្ពុជា​ កាលពីម្សិលមិញ ​បានចាប់ផ្តើមពិភាក្សា​ជាមួយនឹង​ ធនាគារ​អភិវឌ្ឍអាស៊ី​ (ADB)លើគម្រោងអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ នៅបណ្តាខេត្តចំនួន៣ ​ជាប់មាត់​សមុទ្ររបស់កម្ពុជា។​ គម្រោងនេះ​ មានទឹកប្រាក់​ប្រមាណ​ ១៨៧៧លាន​ដុល្លារ ​ដែលនឹង​អភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ ​នៅខេត្តកោះ​កុង​ កំពត​ និងខេត្តកែប ​ឱ្យកាន់តែ​ប្រសើរឡើង។​
លោក ទិត ​ចន្ថា​ រដ្ឋលេខា​ធិការក្រសួង​ទេសចរណ៍​ និងជា​នាយកគម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ទេសចរណ៍ ​សម្រាប់កំណើន​ប្រកបដោយ​បរិយាប័ណ​ ក្នុងតំបន់មេគង្គ ​បានឱ្យ​ដឹងថា ​គម្រោងនេះ​ មានដូចជា​អភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍​នៅខេត្តកំពត ​ការធ្វើឱ្យប្រសើរ​ឡើង​ ផ្នែកបរិស្ថាន​នៅតំបន់ផ្សារ​ក្រោម ​ក្នុងខេត្តកែប​ជាដើម​ ហើយថា​ក្នុងគម្រោង​ទាំងមូលអាច ​ស្រូបយក​កម្លាំងពលកម្ម ​យ៉ាងហោច​ណាស់ ​ក៏ជាង៥០០០នាក់​ មកបំរើការងារ ​ហើយ​ពលរដ្ឋនៅ​ក្នុងសហគមន៍​ក្នុងតំបន់នេះ ​ក៏នឹង ​ទទួលបានផល​យ៉ាងក្រាស​ក្រែល​ពីវិស័យទេសចរណ៍​ផងដែរ។
បើយោង​តាម​ ឯកឧត្តម ​ថោង​ ខុន​ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍​ បានមាន​ប្រសាសន៍ថា​ រាល់​ហេដ្ឋារចនា​ សម្ព័ន្ធ​ដែលបង្កើត​ឡើងទាំងអស់ ​ត្រូវតែធានា​នូវកម្រិត​ស្តង់ដា​អន្តរជាតិ ​ព្រោះ​ថាការ​កំណត់​បែបនេះ ​វាជា​ប្រព័ន្ធ​ដែលអាច​ស្រូបយក​ភ្ញៀវទេស​ចរណ៍ ​ជាតិ​និង​អន្តរជាតិ​ មកពី​ប្រទេសនា​នា​នៅលើពិភព​លោក​តាមច្រកផ្លូវ​ទឹក​ឱ្យបាន​តាមគម្រោង​ផែនការ៕
អត្ថបទៈ តាំង ថៃហេង




ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកាសបើកសម័យប្រជុំ នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខក្រោម អធិបតីភាពព្រះមហាក្សត្រ

ឧត្តមក្រុមប្រឹក្សា​នៃអង្គចៅក្រម​បានឲ្យដឹងថា​ នៅថ្ងៃសុក្រ ​ទី១៧​ ខែកក្កដា​ ឆ្នាំ២០១៥​ វេលាម៉ោង ១០:០០នាទី​ព្រឹក​ ខាងមុខនេះ ​នៅព្រះបរម​រាជវាំង​ ឧត្តមក្រុមប្រឹក្សា​នៃអង្គចៅក្រម​ នឹងបើកសម័យ​ប្រជុំពេញ​អង្គលើកទី២៦ ​ ក្រោមព្រះរាជាធិបតី​ដ៏ខ្ពង់ខ្ពស់​ ព្រះករុណាជាអម្ចាស់​ជីវិតលើត្បូង ​ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ​ព្រះប្រធានឧត្តមក្រុមប្រឹ​ក្សានៃអង្គ​ចៅក្រម ​ដើម្បីពិនិត្យ ​ពិភាក្សា​ និងអនុម័ត​ លើរបៀបវារៈចំនួន ០៩​ រួមមានដូច​តទៅ៖ ១-របាយការណ៍​ ស្តីពីសកម្មភាពការងារ​របស់ឧត្តមក្រុម​ប្រឹក្សានៃអង្គ​ចៅក្រម​ អង្គការ តុលាការ​ និងអង្គការ​ និងអង្គការ​អយ្យការ​នៃព្រះរាជា​ណាចក្រកម្ពុជា ​ប្រចាំឆ្នំា២០១៤ ​២-​របាយការណ៍​ ស្តីពីសកម្មភាព​ការងាររបស់​សមាជិកឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម​ចន្លោះ​សម័យ​ប្រជុំលើក​ទី២៦ ​៣-ពិនិត្យ ​និងសម្រេច ​អំពីការផ្លាស់ប្តូរ​ចៅក្រម​នៃឧត្តម​ក្រុមប្រឹក្សានៃ​អង្គ​ចៅក្រម ​និង​សមាសភាព​នៃ​ក្រុមអធិការ​កិច្ច​នៃឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅ​ក្រម​ ៤-ពិនិត្យ ​និង​សម្រេច ​អំពីការបែងចែក​ជំនាញ ​និង​ទីកន្លែង​បំពេញ​ការងារ​សម្រាប់​សិស្សចៅក្រម​ជំនាន់​ទី៦ ​សាលាភូមិន្ទ​ចៅក្រម​នៃរាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​ ៥​-ពិនិត្យ ​និង​សម្រេច​ អំពីការ​ផ្លាស់ប្តូរ​ចៅក្រម ​តាមវេន​បួន​ឆ្នាំម្តង​ សម្រាប់​ឆ្នាំ២០១៤ ​៦-ពិនិត្យ ​និង​សម្រេច ​អំពីការតែងតាំង ​ប្រធាន​ អនុប្រធាន​ សាលាជម្រះ​ក្តីមួយចំនួន​ ៧-ពិគ្រោះ​យោបល់​លើសំណើ​តែងតាំង ​ផ្លាស់ប្តូរ ​និងផ្ទេរភារៈកិច្ច​ ព្រះរាជអាជ្ញា​មួយចំនួន ​៨-​ពិនិត្យ និង​សម្រេច ​លើ​សំណើសុំអនុញ្ញាត​ច្បាប់សម្រាក​រយៈពេល ០​១ឆ្នាំ​របស់លោក ​យូ ​ប៊ុនណា ​ចៅក្រម​សាលា​ឧទ្ធរណ៍ ​ចេញ​ទៅបន្ត​ការសិក្សា និង​ទី៩-និយាយ​អំពីបញ្ហាផ្សេងៗ​មួយចំនួន។

របៀបវារៈសំខាន់ៗ៥ ត្រូវបានព្រឹទ្ធសភាជាតិ លើកយកមកពិភាក្សានៅថ្ងៃទី១៥ ខែកក្កដានេះ

នៅថ្ងៃទី ១៥ ​ខែកក្កដា​ ឆ្នាំ២០១៥​ នេះ ​ព្រឹទ្ធសភា​ជាតិ​នៃព្រះរាជា​ណាចក្រ​កម្ពុជា ​បានបើក​កិច្ចប្រជុំ​គណៈកម្មា​ធិការអចិន្រ្តៃយ៍​ព្រឹទ្ធសភា ​ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់ ​របស់​សម្តេច​វិបុល​សេនាភក្តី ​សាយ ជុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ​​លើរបៀបវារៈ​សំខាន់ៗ​ចំនួន៥ ដែលក្នុងនោះសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ត្រូវបានលើកមកពិភាក្សាផងដែរ។
របៀបវារៈ​ទាំង៥​ដែលត្រូវ​បានព្រឹទ្ធសភា​លើកមក​ពិភាក្សា​ថ្ងៃនេះ​រួមមាន៖​ ទី១​-ការជ្រើស​រើស​ បំពេញ​សមាជិក​គណៈកម្មការ​អប់រំ​ យុវជន​ និង​កីឡា ​ធម្មការ ​សាសនា​ វប្បធម៌ ​វិចិត្រ​សិល្បៈ  ​និងទេសចរណ៍​នៃ​ព្រឹទ្ធសភា, ទី២​-ពិនិត្យ ​និងសម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី២ព្រឹទ្ធ​សភា ​សុំដាក់សេចក្តី​ព្រាងច្បាប់ ​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់រដ្ឋ ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០១៣ ​ទៅក្នុង​របៀបវារៈ​សម័យប្រជុំ​លើកទី៧​ព្រឹទ្ធសភា​នីតិកាលទី៣,​ ទី៣​-ពិនិត្យ ​និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី៦​ព្រឹទ្ធសភា ​សុំដាក់​សេចក្តី​ស្នើច្បាប់​ស្តីពី​ភតិសន្យា​ពិសេស ​ទៅក្នុង​របៀបវារៈ​សម័យប្រជុំ​លើកទី៧ព្រឹទ្ធសភា នីតិកាលទី៣ទី៤-ពិនិត្យ​សំណើ​របស់រដ្ឋ​សភាសុំពិនិត្យ ​និងឲ្យយោបល់​លើសេចក្តី​ព្រាងច្បាប់​ ស្តីពី ​សមាគម ​និងអង្គការ​មិនមែន​រដ្ឋាភិបាល ​និង ទី៥​-កំណត់កាល​បរិច្ឆេទ​ និងរបៀបវារៈ​បន្តសម័យ​ប្រជុំលើកទី៧។
យោងតាម​សេចក្តីជូន​ដំណឹង​ស្តីពីលទ្ធផល ​នៃកិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ ដែលចេញ​ផ្សាយ​នៅរសៀល​ថ្ងៃនេះ ​ដែលចុះហត្ថលេខា​ដោយ​ ឯកឧត្តម​ អ៊ុំ ​សារឹទ្ធ​ អគ្គ​លេខាធិការ​ព្រឹទ្ធសភា ​បានឲ្យដឹងថា ​បន្ទាប់ពី​បានពិនិត្យ ​និង​ពិភាក្សា​រួចមក​ គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ​បានកំណត់​យកថ្ងៃសុក្រ ​ទី១៧​ ខែកក្កដា​ ឆ្នាំ២០១៥​ វេលាម៉ោង​ ៨:០០ព្រឹក​ បើកសម័យ​ប្រជុំលើកទី៧ ​ព្រឹទ្ធសភា ​នីតិកាលទី៣ ​ដែលមានរបៀប​ដូចជា៖ ១. ​ការបោះឆ្នោត​ជ្រើសរើស​បំពេញ​សមាជិកគណៈ​កម្មការអប់រំ​ យុវជន ​កីឡា​ ធម្មការ ​សាសនា ​វប្បធម៌​ វិចិត្រសិល្បៈ​ និងទេសចរណ៍​ នៃព្រឹទ្ធសភា,​ ២. ពិនិត្យ ​និងឲ្យយោបល់​លើសេចក្តី​ព្រាងច្បាប់ ​ស្តីពីការទូទាត់​ថវិកាទូទៅ​របស់រដ្ឋ​ សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ២០១៣​ និង​ ៣.ពិនិត្យ ​និង​ឲ្យយោបល់​លើសេចក្តី​ស្នើច្បាប់​ ស្តីពី​ភតិសន្យា​ពិសេស​៕
អត្ថបទ៖ ច័ន្ទ ទេវី









រដ្ឋសភាជម្រាបជូន តំណាងរាស្រ្ត គណបក្ស សង្គ្រោះជាតិ អំពី ការស្នើសុំរាជរដ្ឋាភិបាល ផ្អាកការបោះបង្គោលព្រំដែន ជាមួយវៀតណាម

យោងតាម​លិខិតរបស់​ អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា​ ចុះថ្ងៃទី១៤ ​ខែកក្កដា​ ឆ្នាំ២០១៥​ រដ្ឋសភា​ជាតិនៃព្រះរាជា​ណាចក្រកម្ពុជា​ បានបញ្ជាក់ថា​ កិច្ចការបោះ​បង្គោលព្រំដែន ​រដ្ឋសភា​បានសម្រេច​អនុម័ត​ប្រគល់ជូន​រាជរដ្ឋាភិបាល ​បង្គើតគណៈ​កម្មាធិការជាតិ​ព្រំដែន​ ដើម្បីឲ្យ​ទទួលខុស​ត្រូវលើកិច្ចការ​នេះរួចហើយ។ ​
ដូច្នេះចំពោះ​សំណូមពរ​ ររបស់តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ​ ដែលស្នើសុំ​រាជរដ្ឋាភិបាល​ផ្អាកការបោះ​បង្គោលព្រំដែន ​ជាមួយវៀតណាម​រហូតដល់ក្រោយ​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ​តាមរយៈ​រដ្ឋសភា​ជាតិនោះ ​សម្តេចអគ្គ​មហាពញាចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា ​ពុំចុះហត្ថលេខា​តាមសំណូមពរ​នេះនោះទេ៕
អត្ថបទ៖ ច័ន្ទ ទេវី

រាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញអង្គការ UNESCO មិនគាំទ្រគម្រោងសាងសង់រូបចម្លងប្រាសាទអង្គរ ដោយអង្គការសាសនានៅឥណ្ឌា