Thursday, July 9, 2015

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​សុខ អាន​ បង្ហាញពី​មូលហេតុ​ដែលអង្គរវត្ត​ជាប់លំដាប់​ថ្នាក់លេខ​ ១ នៅលើ​សកលលោក ​ដែលទាក់​ទាញភ្ញៀវទេសចរណ៍ឲ្យ​ចង់​មកទស្សនា

ក្នុងចំណោម​បេតិកភណ្ឌ​ពិភព​លោក​ដ៏​អស្ចារ្យ​ជា​ច្រើន​នៅ​លើ​សកល​លោក ​​គឺ​ប្រាសាទ​អង្គរវត្ត​ របស់​កម្ពុជា​ត្រូវ​បាន​ស្រង់​ស្ថិតិ​ជុំវិញ​ពិភពលោក ​រួចលទ្ធផល​បង្ហាញ​ថា​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ​យើង​ជាប់​លំដាប់​ថ្នាក់​លេខ​១។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​ អង្គរ​កំពុង​តែ​ឈាន​ឡើង​ល្បី​ល្បាញ​ខ្លាំង​ណាស់​ ភាព​ល្បី​ល្បាញ​នេះ​កត្តា​ចម្បង​គឺ​​ដោយ​សារ​កិច្ច​សហប្រតិបត្តិ​ការ​​​​​អន្តរជាតិ ​ និងអ្នកជំនាញ​ដែល​គេ​មក​កាន់​ប្រទេស​កម្ពុជា​គេតែង​តែ​លើក​​សសើរ​ប្រាសាទ​​អង្គរ​ ​ ដូច្នេះ​យន្តការ​ធំៗមួយ​ចំនួន​​របស់​សកល​លោក​បាន​ធ្វើ​ចំណាត់​ថ្នាក់​ ហើយ​បាន​ចាត់​ទុក​ថា​អង្គរ​គឺជា​រមណីយដ្ឋាន​ ជាបេតិកភណ្ឌ​ពិភព​លោក​មួយ​ដែល​សម្មត​ថា​ជាប់​លេខ​១ ​នៅ​លើ​ពិភព​លោក​។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បន្ថែម​ទៀត​ថា ប្រាសាទអង្គរវត្ត​ ត្រូវបាន​ជាប់​លំដាប់​ថ្នាក់​លេខ​មួយ​ក្នុង​ការ​ទាក់​ទាញចិត្ត​ភ្ញៀវ​​ទេសចរណ៍​ឲ្យ​គេ​ជ្រើសរើសចង់​មក​ទស្សនា​ ​​​ ព្រោះ​គេ​បាន​ធ្វើ​ការ​សិក្សា​ស្ទង់​​មតិ​ភ្ញៀវ​ទេសចរណ៍​នៅ​ទូ​ទាំង​ពិភពលោក​ ថា​បើ​សិន​ជា​មាន​ឱកាស​បាន​​ទៅ​ទេសចរណ៍​ ​តើ​អ្នកទេសចរណ៍​ទាំង​នោះ​ចង់​ទៅ​ទី​ណា​? ដូច្នេះ​ស្ថិតិ​ទេសចរណ៍​ដែល​គេ​ចង់​មក​ទស្សនា​អង្គរ​វត្ត​ គឺ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កន្លែង​ដ៏ទៃ​ទៀត​ នេះ​ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាសាទអង្គរវត្ត​ជាប់​លេខ១​។  
ក្រៅ​ពី​នេះ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បញ្ជាក់​ថា​ ប្រាសាទ​មួយ​ដែល​គេ​ចោះ​ភ្នំ​ធ្វើ​នៅ​ប្រទេស​ ប៉េ​រ៊ូ​ ដែល​គេ​ហៅ​ថា​ ប្រាសាទ​ម៉ាឈូពីឈូ ប្រាសាទ​នោះ​គឺ​ចម្លែកព្រោះ​គេ​ចោះភ្នំ​​សង់​ប្រាសាទនោះ​ ដែល​ប្រាសាទ​នោះ​ត្រូវបាន​ជាប់​លំដាប់​ថ្នាក់​លេខ២​ ជាង​នេះ​ទៅ​ទៀត​​ប្រាសាទ​ តាស្មាហាល់ របស់​ប្រទេស​ឥណ្ឌា គឺ​ជាប់លំដាប់​ថ្នាក់​​លេខ៣ តែ​ប៉ុណ្ណោះ​ សូម្បី​ទីតាំង​ដែល​យើង​ស្គាល់​ថា​អស្ចារ្យ​​នោះ​ក៏​ចាញ់​អង្គរ​វត្ត​របស់​ខ្មែរ​យើង​ដែរ​ ដូច្នេះ​យើង​ឃើញ​ថា​ កាល​​ណា​របស់​អ្វី​មួយ​ដែល​ជោគ​ជ័យ​ខ្លាំង​ គឺ​ប្រាកដ​ជា​មាន​ការ​ចង់​ធ្វើ​តាម​ហើយ​។ ហេតុ​ដូចនេះ​ ទើប​ប្រទេស​ឥណ្ឌា​មាន​បំណងចង់​ចម្លង​ប្រាសាទ​អង្គរ​វត្ត​ដើម្បី​សាង​សង់​ប្រាសាទ​ដ៏​ល្បី​ល្បាញ​នេះ​នៅ​ប្រទេស​គេ​ ប៉ុន្តែ​ឯកឧត្តម​ ឯបនាយករដ្ឋមន្ត្រី​ សុខ អាន​ បាន​បញ្ជាក់​ថា​ កម្ពុជា​មិន​អនុញ្ញាតិ​ឲ្យ​ប្រទេស​ឥណ្ឌាសាងសង់​ប្រាសាទ​អង្គរវត្ត​នៅ​លើ​ទឹកដី​ប្រទេស​ឥណ្ឌា​នោះ​​ឡើយ​។​

អត្ថបទដោយ៖ ជា សុភ័ក្ត្រ


ប្រទេស​អាល្លឺម៉ង់​យក​កម្ពុជា​ធ្វើ​ជា​គំរូ​


ឯកអគ្គរដ្ឋទូត ​អាល្លឺម៉ង់ បាន​ថ្លែង​នូវ​ការ​​កោតសរសើរ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជាថា កាល​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី ៣៧ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កន្លង​មក​ ​បាន​ប្រព្រឹត្ត​ទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ទើប​កិច្ច​ប្រជុំ​លើក​ទី​ ៣៩ ឆ្នាំ​នេះ​ត្រូវ​បាន​ប្រទេស​អាល្លឺម៉ង់​យក​​ធ្វើ​ជា​គម្រូ​។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​មោទនភាពដ៏ធំ​មួយ​មិន​មែន​ជា​របស់​ខ្ញុំ​តែ​ម្នាក់​នោះ​ទេ ប៉ុន្តែ​​ជា​របស់កម្ពុជា និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់​​។ ឯកឧត្តម​បន្ត​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​មួយ​ដែល​ធំ​នោះ​ទេ គឺ​កម្ពុជា​​មាន​ប្រជាពលរដ្ឋ​ចំនួន​ ១៥លាននាក់ប៉ុណ្ណោះ​ប៉ុន្តែ​​ ប្រទេសដែល​​ធំដូចជា​ប្រទេស​អាល្លឺម៉ង់​ ដែល​មាន​ប្រជាជនរហូតដល់​ជិត​ ៨១លានអ្នក ​គេ​មិនងាយ​ហ៊ាន​និយាយ​ថា​​ គេ​រៀន​សូត្រ​តាមខ្ញុំ​ និងគេ​មិន​ងាយ​ហ៊ាន​និយាយ​ថា​គេ​រៀន​សូត្រ​តាម​ប្រទេសដែល​តូច​ដូច​កម្ពុជា​នោះ​ទេ​​។ ប៉ុន្តែ​ដោយ​ការ​ចាប់​អារម្មណ៍​ខ្ពស់​ ការ​រំភើប នឹង​អរិយធម៌ខ្មែរ​ និង​ពេញចិត្ត​នឹង​ការ​រៀបចំ​ដែល​មាន​របៀប​រៀប​រយ​របស់​ប្រទេស​កម្ពុជា ដែល​ល្អ​បែប​នេះ​​ មិន​មែន​មាន​តែ​ទូត​អាឡឺម៉ង់​ម្នាក់​ទេ​ដែល​កោត​សរសើរ​ គឺ​មាន​ទូតនៃ​បណ្តា​ប្រទេស​ជា​​ច្រើនទៀត​និយាយថា ​សុំ​សសើរ និង​សុំ​រៀន​សូត្រ​ថ្ងៃ​ក្រោយ​ គឺ​ដក​ពិសោធន៍​ពី​ការ​ប្រជុំ​នៅ​ភ្នំពេញ។​​
នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​ ៣៩ ឯកឧត្តម បណ្ឌិតMichael Worbs ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ មាន​ប្រសាសន៍​ថា​ «កម្ពុជា គឺ​ជា​គំរូ​ដ៏​ល្អ​មួយ​»។ ឯកឧត្តមឯកអគ្គរដ្ឋទូត​បាន​បន្ត​ថា​ កាល​ពី២​ឆ្នាំ​មុន ​នៅ​ទី​ក្រុង​ភ្នំពេញវា​ជា​លើក​ទី​១ហើយ ​ដែល​គាត់​បាន​ចូល​រួម​ប្រជុំ ដែល​មាន​ឯកឧត្តម​ សុខ​ អាន​ ជា​ប្រធាន​គណៈកម្មាធិការ​​បេតិកភណ្ឌពិភព​លោក​​។​
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​បញ្ជាក់​បន្ថែម​ថា អគ្គរដ្ឋ​​ទូត​អាល្លឺម៉ង់​​បាន​និយាយ​បែបនេះមែន​ ខ្ញុំ​​បាន​​ជួប​គាត់​ដោយ​មាន​មូល​ហេតុ​ពីរ​គឺ​ ទី១ គឺ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ឯកឧត្តម​ដែល​បាន​​រៀបចំ​ពិធីការ​ទទួល​​ខ្ញុំ​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​ក៏​ឲ្យ​មាន​លក្ខណៈ​ពិសេសជាង​គណៈប្រតិភូ​ដទៃ​ទៀត​។ ឯកឧត្តម បណ្ឌិតMichael Worbs ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ​បាន​ឆ្លើយ​តបថា​​​រូប​លោក​ធ្វើ​បែប​នេះ​គឺ​ដើម្បី​​​ឆ្លើយ​តប​ នូវ​បដិសណ្ឋារកិច្ច​ដ៏​ល្អ​ដែលគាត់​​បាន​ទទួល​ និង​អារម្មណ៍​ដ៏​រីករាយ​ដែល​គាត់​​បាន​ទទួល​ក្នុង​ព្រះ​រាជាណាចក្រ​​​​​កម្ពុជា​។
អគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកឧត្តមបណ្ឌិត Michael Worbs បានបន្ថែម​ថា​​ នេះ​ជា​ការ​រៀប​ចំ​នូវ​បដិ​សណ្ឋារកិច្ច​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​។ ឯកឧត្តម​សង្កត់​ធ្ងន់​ថា​៖ «កម្ពុជា​គឺឥត​ខ្ចោះ​ រាត្រី​ចុង​ក្រោយកាល​ដែល​រូប​លោក​បាន​ចូល​រួម​នៅ​​នៅ​អង្គ​រ​វត្ត​ វា​ជា​ការ​ចង​ចាំ ​និង​មិន​អាច​បំភ្លេច​បាន​ គាត់​ក៏​បាន​​​រក្សា​ស្តង់​ដារ​របស់​កម្ពុជា ហើយ​ក៏​បាន​យក​គំរូ​តាម​កម្ពុជា»​ ដោយ​ក្នុង​ការ​ប្រជុំ​នេះ​​គាត់​​ក៏​បាន​រៀប​ចំ​ដំណើរ​ទស្សនកិច្ចដូច​កាល​នៅ​អង្គរ​វត្ត ដល់​អ្នក​ចូល​រួម​សម័យ​ប្រជុំ​លើក​ទី​៣៩​នេះ​ ព្រម​ជាមួយ​ការ​រៀប​ចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ និង​ការ​ប្រជុំ​នានាដូច​នៅ​អង្គរ​វត្ត​​ ខ្ញុំ​គិត​ថា​វា​វិជ្ជមាន​ណាស់​ មាន​ន័យ​ថា​យើង​បាន​ចម្លង​ពី​កម្ពុជា​ យើង​បាន​រៀបចំ​កន្លែង​ប្រជុំ​ឲ្យ​មាន​លក្ខណៈ​​ស្ថាបត្យកម្ម​ បទពិសោធន៍​ពី​កម្ពុជា​។
ក្រៅ​​ពី​​នេះ​ឯកអគ្គរដ្ឋ​ទូតអាល្លឺ​ម៉ង់ ឯកឧត្តមបណ្ឌិត Michael Worbs បាន​ថ្លែង​កោត​សរសើរ​ថា​ ​យើង​នឹង​សាក​ល្បង​ដោះ​ស្រាយ​ជំលោះ​តាមរយៈកិច្ច​សន្ទនាតាម​តែ​អាច​ធ្វើ​ទៅ​បាន ហើយ​ចំណុច​នេះ​ ឯកឧត្តម សុខ អាន​ ធ្វើ​បាន​ដោយ​ជោគ​ជ័យ​ គាត់​រៀប​ចំ​ឲ្យ​មាន​ការ​ពិភាក្សា​ជា​ក្រុម​​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​លំបាក​នៅ​ក្រៅ​សម័យ​ប្រជុំ​។ ខ្ញុំ​គិត​ថា​ប្រធាន​ត្រូវ​ធ្វើ​ដូច​គាត់​ ក្នុង​ន័យ​រក្សា​ឲ្យ​សម័យ​ប្រជុំ​បន្ត​​ហើយ​ឈាន​ដល់​ដំណោះ​ស្រាយ​ និង​កិច្ច​បញ្ចប់​ប្រកប​ដោយ​ផ្លែ​ផ្កា​ និង​ក្នុង​ន័យ​ស្ថាបនា។​​


ឯកឧត្តម​ កើត​ រិទ្ធ៖ ក្រុមប្រឆាំង​បកស្រាយ​ខុសអំពី​សេចក្តី​ព្រាងច្បាប់​ ស្តីពីសមាគម​ និងអង្គ​ការមិនមែនរ​ដ្ឋាភិបាល​

ក្នុងសិក្ខាសា​លាថ្នាក់ជាតិ​ ស្តីពី​ ការពិ​គ្រោះយោប​ល់លើសេ​ចក្តីព្រាង​ច្បាប់ ​ស្តីពីសមា​គម និ​ងអង្គការមិ​នមែនរដ្ឋាភិ​បាល​ កាលពីថ្ងៃ​ទី ០៨ ​ខែកក្កដា ​ឆ្នាំ២០១៥​នៅវិមាន​រដ្ឋសភា ​ឯកឧត្តម​ កើត​ រិទ្ធ ​រដ្ឋលេខាធិ​ការ​ក្រសួង​យុត្តិធម៌ ​បានមានប្រសាសន៍​ថា ​ឯកឧត្តម​បានសង្កេត​ឃើញថា មា​នការលើក​ឡើងខុសពី​ការពិត ​និងបក​ស្រាយខុស​ជាច្រើនអំ​ពីសេច​ក្តីព្រាងច្បា​ប់ សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល ​ដែលក្នុង​នោះឯកឧត្ត​មបានចាប់​អារម្មណ៍ថា ​«ជាការពិត​ច្បាប់នេះមិន​មានអ្វីអា​ក្រក់ទេ ​គ្រាន់តែមា​នអ្នកខ្លះ​យកទៅបក​ស្រាយខុស​ ក្នុងគោល​បំណង​ប្រឆាំងនឹ​ងការរៀបចំ​របស់រាជ​រដ្ឋាភិបាល»​។

ឯកឧត្តម​ កើត ​រិទ្ធ ​បានលើក​ឡើងថា ​យោងតាម​ច្បាប់រដ្ឋ​ធម្មនុញ្ញនៃ​ព្រះរាជាណា​ចក្រកម្ពុជា ​មាត្រា៤២​ ប្រជាព​លរដ្ឋខ្មែរ​ មានសិទ្ធ​បង្កើតសមា​គម​ និងគណបក្ស​នយោបាយ ​សិទ្ធិនេះត្រូវ​កំនត់ក្នុ​ងច្បាប់ ​ហើយនៅក្នុងនោះ ​ច្បាប់ស្តីអំ​ពីគណប​ក្សនយោបាយ​គឺមានហើ​យ និងបាន​អនុវត្តមក​ដល់បច្ចុប្បន្ន ​ប៉ុន្តែដោយឡែ​កច្បាប់សមា​គម​ គឺអត់ទា​ន់មានទេ។ ​

ឯកឧត្តម​ មានប្រ​សាសន៍ថា ​« ឥលូវយើង​ចោទជាសំនួ​រថា តើវាដល់​ពេលត្រូវមា​នច្បាប់ហើយឬ​នៅ? តើ​នៅក្នុងពិភ​ពលោកនេះប្រ​ទេសណាខ្លះដែ​លមិនទា​ន់មានច្បាប់​ស្តីពី ​NGO ?​ ខ្ញុំគិតថាប្រ​ហែលជា​កម្ពុជាស្ថិតនៅក្នុ​ងចំណោម​ប្រទេសភា​គតិចបំ​ផុត ដែល​មិនទាន់មាន​ច្បាប់នេះ ​ការរៀប​ចំច្បាប់គឺមាន​ភាពចាំបាច់នៅក្នុង​ការធានា​ការពារសិទ្ធិ ​ហើយនិងការ​លើកកម្ពស់នី​តិរដ្ឋនៅ​កម្ពុជា »​ ។ ឯកឧត្តមប​ន្តថា យើ​ងបានតាមដាន​ជាប់ជារហូត ​នូវមតិយោបល់​នានាដែល​បានបញ្ចេញជា​សាធារណៈ ​ឬក៏មិនចេ​ញជាសាធារ​ណៈ។ យើងតែង​យកយោបល់​នេះក្នុងការ​គិតពិចារ​ណា​ ហើយក្នុង​រយៈកាលចុ​ងក្រោយនេះ ​អ្វីដែលយើង​ពិនិត្យឃើញ គឺ​ថា ​ការដែល​តំរូវឲ្យមាន​ច្បាប់ជាការ​ចាំបាច់បំផុត។



ឯកឧត្តម​ កើត ​រិទ្ធ ​បានមាន​ប្រសាសន៍បន្ថែមថា មា​នការសម្តែ​ងមតិថា​ច្បាប់នេះ ​បិទសិទ្ធ​សេរីភាព ច្បាប់នេះរឹ​តត្បិតរាល់​សកម្មភាព​របស់អង្គការ​ ប៉ុន្តែឯក​ឧត្តម ​បញ្ជាក់ថា ​ការនិយាយនេះ ​គឺបន្ទរពីមាត់​មួយទៅមាត់​មួយ ​ដោយអ្នកខ្លះ​មិនទាន់​ទាំងដឹង​អំពីច្បាប់នេះ​មានន័យ ​និងខ្លឹមសា​រថាយ៉ាង​ម៉េចផង។​  ខ្លះបារម្ភថាច្បា​ប់នេះចេញ​ទៅប្រាកដជាដា​ក់កំហិត​អំពីរចនា​សម្ព័ន្ធរបស់ ​NGO។ ​ឯកឧត្តម​ឆ្លើយតប​វិញថា « ប៉ុន្តែ​ដល់ពេល​មើលច្បាប់​ គឺវាអត់​មានអញ្ចឹង ​គាត់បារម្ភ​ហ្នឹងគឺគាត់បា​រម្ភតាំងពីពេល​អត់ទាន់​បានឃើញច្បាប់ គឺ​ស្ថិតនៅជាសេ​ចក្តីព្រាងនៅឡើយ​ ប៉ុន្តែពេល​គាត់បានឃើញច្បា​ប់គាត់បា​រម្ភអំពីការ​អនុវត្ត​ទៅវិញ»។​ ឯកឧត្ត​មបានបញ្ជាក់​ថា គាត់បា​រម្ភនោះគឺ​ខុសទាំងអ​ស់ ព្រោះខ្លឹម​សារច្បាប់ចេញ​មកអត់​ដូចអ្វីដែលជាការ​បារម្ភរប​ស់គាត់នោះទេ ​ហើយឥលូវ​ច្បាប់នេះ ​អ្វីដែលជាការ​បារម្ភមួ​យគឺការរ​ង់ចាំមើលទិដ្ឋភា​ពក្នុងការអនុ​វត្តន៍។​

ឯកឧត្តម​ មានប្រសា​សន៍ថា ​អ្វីដែលជាអា​ទិភាព​របស់រាជ​រដ្ឋាភិបាល​ក្នុងការរៀបចំសេ​ចក្តីព្រាង​ច្បាប់នេះ គឺរាជ​រដ្ឋាភិបាល​តែងចាត់​ទុកថា ​NGO ​គឺជាដៃគូរ​ដ៏មានសក្ដានុ​ពលសំរាប់​ការអភិវឌ្ឍ​ប្រទេសជាតិ។ សារៈសំ​ខាន់នេះ​មិនអាច​ទាត់ចោល​បានទេនូវ​ការចូលរួមចំ​ណែករបស់NGO គឺ​ជាការចាំបាច់។ ​មានការលើកឡើងថា​ ក្នុងមួយឆ្នាំៗ​ហិរញ្ញប្បទាន​ទៅឲ្យNGO ​មានពី៦០០​.០០០.​០០០ (​ប្រាំមួយរយ​លាន) ទៅ​៧០០.០០០​.០០០​ (ប្រាំពីរ​រយលាន)​ ដុល្លា។ ​ថវិកានេះ​ច្រើនណាស់សំ​រាប់ចូលរួម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ប៉ុន្តែ​NGO ​ដែលទទួលប្រាក់​មួយចំនួ​នមិនបាន​ដឹងពីម្ចាស់ជំ​នួយថាជាអ្នក​ណាផង។ ​នៅអ៊ឺរ៉ុប​ និងនៅប្រទេសស​ង្គមប្រជាធិប​តេយ្យមាន ​NGO​មួយត្រូវបាន​បង្កើតឡើង​ក្នុងគោលដៅផ្ស​ព្វផ្សាយមនោ​គមន៍នយោបាយ ​គឺបង្កើតសំ​រាប់ផ្សព្វផ្សា​យនយោបា​យជារបស់ក្រុ​ម ISIS។ ​ក្នុងពេលប​ច្ចុប្បន្ននេះ ជឿ​ថាគេមិនអនុ​ញ្ញាតឲ្យប​ង្កើតទេ ​ជាបញ្ហាសន្តិ​សុខក្នុង​តំបន់ ​ហើយមួយ​ចំនួនធំ​ ជាការលាង​សម្អាតប្រាក់ ​ការធ្វើហិរញ្ញប្ប​ទានភារវកម្ម​ តែងជ្រក​ក្រោមស្លាកNGO។​

ឯកឧត្តម ​កើត ​រិទ្ធ ​បញ្ជាក់ទៀ​តថា ​អ្វីដែលចង់​ឆ្លុះបញ្ចាំងបំ​ផុតគឺការ​ការពារសិទ្ធិ​សេរីភាព ​បើប្រៀបធៀបជា​មួយច្បាប់ ​NGO​ កាលពីមុន ​ដែលមាននៅ​ក្នុងតំបន់ ​និងនៅក្នុង​ពិភពលោក ​ខ្ញុំមិនហ៊ាន​យកច្បាប់​NGO របស់​កម្ពុជាប្រៀ​បធៀបជា​មួយច្បា​ប់រប​ស់ប្រទេស​អាមេរិច​ រឺប្រទេសប្រជា​ធិបតេយ្យធំៗទេ ​ប៉ុន្តែប្រហែលជា​ប្រទេស​ប្រជាធិប​តេយ្យធំៗ ​មានការរឹ​តត្បិតទៅលើ ​NGO​ ជាងច្បាប់​របស់កម្ពុ​ជាបច្ចុប្បន្ន​ផង។

ឯកឧត្ត​បន្តថា ​យើងអាច​ឆែកមើលមហា​ប្រទេសប្រជាធិ​បតេយ្យធំ​ជាងគេ ​គឺឥណ្ឌា តើ​ច្បាប់ឥណ្ឌាចែ​ងអ្វីខ្លះ ដើម្បីធានា​ការពារសន្តិ​សុខជាតិរ​បស់ប្រទេស​គេ? ច្បាប់​របស់បារាំង​ ច្បាប់របស់​អាមេរិចកាំង ​បូករួមទាំងច្បាប់របស់​ជប៉ុន​ ច្បាប់ប្រទេសថៃ​ ច្បាប់របស់ឥណ្ឌូនេស៊ី។​ នៅបែកអា​ស៊ីនេះ ច្បា​ប់ NGO​នៅប្រទេសឥណ្ឌូនេស៊ី​ ដើម្បីអាច​ទទួលហិរញ្ញ​ប្បទាន ​ពីបរទេស​NGO​ ត្រូវទទួលការ​អនុញ្ញាតពីរដ្ឋា​ភិបាល ប៉ុន្តែ​កម្ពុជាមិនដើរលើជំរើ​សនេះទេ។ ​ឯកឧត្តម​បានលើកឡើ​ងថា «​ តើអ្វីទៅដែល​ជាការអាះអា​ងថា ជាការ​រឹតត្បិតសិទ្ធិ​សេរីភាពពិ​តប្រាកដ ​និងថាច្បាប់នេះ​គឺមហាអាក្រក់​ ប៉ុន្តែតាមយោប​ល់ពីភាគីនា​នា ដូចជាមិ​នអាក្រក់ដូ​ចដែលអ្វី​ដែលបាន​លឺពីខាង​ក្រៅនោះទេ។​ សូមសំឡឹង​មើលចំនុចវិ​ជ្ជមានរបស់ច្បា​ប់នេះវិញ ព្រោះ​មុននឹងធ្វើ​ច្បាប់នេះ ​ក្រុមការងា​របានស្រាវ​ជ្រាវច្បាប់ច្រើ​នណាស់ ​តាំងពីពេលធ្វើ​ពង្រាងច្បាប់នេះ​មកម៉្លេះ»៕



ក្រសួងធន​ធាន​ទឹក​ និងឧតុនិយម​ ចេញសេច​ក្ដីជូនដំណឹង​ ស្តីពី​ ស្ថានភាព​អាកាសធាតុ​ នៅប្រទេស​កម្ពុជា

បន្ទាប់ពីធ្វើការតាម​ដាន និងព្យាករណ៍​លើស្ថាន​ភាពអាកាស​ធាតុ រួចមក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូន​ដំណឹង​ដល់សាធារណ​ជន ថា បច្ចុប្បន្ន ព្រះរាជាណា​ចក្រកម្ពុជា​កំពុងទទួលរងឥទ្ធិពល​ខ្យល់មូសុង​និរតី និងឥទ្ធិពល​ប្រព័ន្ធសម្ពាធទាប ITCZ ដែល​បាន និងកំពុង​អូសបន្លាយ ​កាត់​លើភាគខាងត្បូង​ប្រទេសឡាវ និង​លើអាង​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ និង​ប្រទេសឡាវ ។ ទន្ទឹម​នឹងនេះ នៅក្នុង​សមុទ្រចិន​ខាងត្បូង និងមហាសមុទ្រ​ប៉ាស៊ីហ្វិក ក៏មាន​កើតឡើង​នូវព្យុះ​ចំនួន ០៣ បន្តបន្ទាប់​គ្នា។
ឥទ្ធិពលរបស់បាតុភូត​ធម្មជាតិខាង​លើនេះ និងធ្វើ​ឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៥ មាន​ស្ថានភាព​ដូចជា តំបន់ខ្ពង់រាប​ខាងជើង និងខ្ពង់រាបភាគ​សានដែល​​រួមមានខេត្ត​ ឧត្តរមាន​ជ័យ ព្រះវិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី ​មណ្ឌលគិរី មានភ្លៀង​ធ្លាក់ពីបង្គួរ​ទៅ​ច្រើន។ តំបន់ទំនាប​កណ្តាល រួមមាន ខេត្តសៀម​រាប កំពង់ធំ កំពង់ចាម ព្រៃ​វែង មានភ្លៀងពីមធ្យមទៅបង្គួ និងតំបន់​មាត់សមុទ្រ​ រួមមាន​ខេត្តកោះ​កុង កែប កំពត និងខេត្តព្រះ​សីហនុ មានភ្លៀង​ពីមធ្យម​ទៅច្រើន។
ដោយផ្អែក​លើស្ថានភាពអាកាស​ធាតុ ដែលបាន​ជម្រាបជូន​ខាងលើបងប្អូនប្រជាពលរដ្ឋ ​ពិសេសចំពោះបងប្អូន​ប្រជា​នេសាទសមុទ្រ និងអ្នក​ធ្វើដំណើរតាមសមុទ្រ សូមបង្កើន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ដើម្បីចៀស​វាងនូវ គ្រោះថ្នាក់​ផ្សេងៗ ដែលអាចកើត​មានឡើង​ជាយ​ថាហេតុ។
ជាមួយគ្នា​នេះដែរក្រសួង​ធនធាន​ទឹក និងឧតុ​និយម បាន និង​កំពុង​ធ្វើ​ការតាម​ដានស្ថានភាព​អាកាសធាតុ​ជាប្រចាំ ហើយនិង​ធ្វើសេចក្កីជូន​ដំណឹងប​ន្ថែម ជាបន្តបន្ទាប់​ក្នុងករណីចាំបាច់៕

បទអត្ថាធិប្បាយដោយ´៖ ឧត្តម សក្តិ , តើកម្ពុជាគប្បីមានច្បាប់ NGOs ឬដាក់ឲ្យ NGOs ប្រតិបត្តិការសកម្មភាពរបស់ខ្លួនតាមបែបអនាធិបតេយ្យ?

ថ្វីបើប្រ​ទេសកម្ពុ​ជាតូចមួយ ​ប៉ុន្តែ​ កម្ពុជា​មានសមា​គម​-អង្គកា​រមិនមែន​រដ្ឋាភិបាល ​ទាំងអង្គការជា​តិ ទាំងអង្គ​ការអន្តរជា​តិ ​រហូតទល់​បច្ចុប្បន្ននេះ ​ប្រមាណ ​៤,៤៩៧​ ដែលបាន​ តម្កល់ឯកសារ​នៅក្រសួង​មហាផ្ទៃ ​ដែលក្នុងនោះ​មានសមា​គម ១​,៧៣៩​ និងអង្គ​ការមិន​មែនរដ្ឋាភិបាល ២,​៧៥៨។ ​ចំនួនដ៏ច្រើ​នសន្ធឹក​សន្ធាប់នេះ ​ត្រូវពិភ​ពលោកមើល​ឃើញថា​ កម្ពុជាជាដ្ឋានសួគ៌ា​នៃអង្គការ​-សមាគ​មមិនមែនរ​ដ្ឋាភិបាល ​ដែលដ្ឋានសួ​គ៌ាមួយនេះ​បានធ្វើឲ្យ​អង្គការ-​សមាគមខ្លះ​បានដើរ​ហួសពី​តួនាទី​របស់ខ្លួន​ ដោយតាំង​ខ្លួនជាអ្នក​ប្រឆាំងរា​ជរដ្ឋាភិបាល​ជាប់ឆ្នោ​តស្របច្បាប់​នោះទៅវិ​ញ។ បើបែប​នេះ ​តើកម្ពុជា​គប្បីមាន​ច្បាប់​ NGOs ឬដាក់ឲ្យ NGOs ប្រតិបត្តិ​ការស​កម្មភាពរបស់​ខ្លួនតាមបែ​បអនាធិប​តេយ្យ ​គ្មានច្បាប់ប​ន្តទៅទៀត?
ក្នុងបរិ​បទមួយដែ​លកម្ពុជា​កំពុងតែបោះ​ជំហានយ៉ាងស្វា​ហាប់លើកា​រពង្រឹងនី​តិរដ្ឋដែល​ជាមូលដ្ឋាន​គ្រឹះរឹងមាំនៃ​លទ្ធិប្រជា​ធិបតេយ្យ ​ដែលពិភ​ពលោកទាំង​មូលបាន​ដឹងយ៉ាងច្បា​ស់ណាស់ថា​ ប្រជាធិប​តេយ្យសេរីនៃ​ព្រះរាជាណា​ចក្រកម្ពុជា ​ជាប្រជាបធិ​បតេយ្យដែល​មានការ​ធានាយ៉ាង​ច្បាស់ថា ​រាជរ​ដ្ឋាភិបាលគឺ​ជាតំណាង​យ៉ាងពិត​ប្រាកដរ​បស់ពលរដ្ឋ​។ នៅក្នុងមា​ត្រា ៤២​ នៃរដ្ឋធ​ម្មនុញ្ញ ​បានចែងច្បា​ស់ពីការ​ផ្ដល់សិទ្ធិសេរីភាព​ជូនដល់ពល​រដ្ឋក្នុង​ការបង្កើត​សមាគម ​ឬគណប​ក្សនយោបាយ ​តែសិទ្ធិនេះ​ត្រូវកំណត់​ក្នុងច្បាប់។​
ចំណុចនេះ​អាចសម​ល្មមឲ្យអ​ង្គការ​-សមាគម​មិនមែន​រដ្ឋាភិបាលមួ​យចំនួន​ និងគណប​ក្សប្រឆាំងអា​ចយល់ច្បា​ស់ថា ​រាជរដ្ឋា​ភិបាលមាន​កាតព្វ​កិច្ចពេញ​លេញក្នុង​ការព្រា​ងច្បាប់​ស្ដីពីអង្គ​ការ-សមាគ​មនេះ ​ដើម្បីការពា​រសន្តិភាព ​និងស្ថេរ​ភាពជាតិ ​ផលប្រយោជ​ន៍របស់ប្រ​ជាពលរដ្ឋ​។ ហើយតួនា​ទីរបស់​អង្គការ-​សមាគម​នៅក្នុង​សង្គមប្រជា​ធិបតេយ្យ ​មានសិទ្ធិ​ត្រឹមតែប្រឹក្សា ​ពិគ្រោះផ្ដល់​យោបល់ ​តាមដាន​ការអនុវត្ត​កម្មវិធីន​យោបាយរប​ស់រាជរ​ដ្ឋាភិបាលជា​ប់ឆ្នោតតែប៉ុ​ណ្ណោះ។ ​អង្គការ-​សមាគម​ រួមទាំង​គណបក្ស​ប្រឆាំង​ដែលមានសំ​ឡេងភាគ​តិច មិនមែន​តំណាងឲ្យប្រ​ជាពល​រដ្ឋខ្មែរទូ​ទាំងប្រទេស​ទេ ​គឺមានតែរា​ជរដ្ឋាភិបាលជាប់​ឆ្នោតតាម​បែបល​ទ្ធិប្រជាធិប​តេយ្យ ​ដែលតំណា​ងឲ្យប្រជាពល​រដ្ឋម្ចាស់ឆ្នោ​ត។
បើ​រាជរដ្ឋាភិបា​លដែលតំណា​ងឲ្យប្រជាព​លរដ្ឋម្ចាស់​ឆ្នោតធ្វើច្បាប់ ​ដើម្បីការពារ​សន្តិភាព ​និងស្ថេរភា​ពជាតិ ​ផលប្រយោជន៍​របស់ប្រជាព​លរដ្ឋ ​ហេតុដូចម្តេច​បានជា ​NGOs ​មួយចំនួន​ និងគណប​ក្សប្រឆាំង ​មិនគាំទ្រច្បា​ប់នេះទៅវិញ​តើការប្រឆាំង ​ជាការយល់​ទាស់លើបញ្ហាប​ច្ចេកទេស ​ឬជាការកា​រពារលើផ​លប្រយោជន៍​ផ្ទាល់ខ្លួន ​ក្រុម ​និងគណបក្ស​?
បើតាម​អនុសញ្ញា​អន្តរជាតិ​ស្តីពីការលុប​បំបាត់ចោលនូ​វការផ្តល់ហិ​រញ្ញប្បទានដ​ល់អំពើ​ភេរវកម្ម ឆ្នាំ ​១៩៩៩ ​ដែលរដ្ឋសភាអនុម័ត​យល់ព្រមថ្ងៃទី ​២ ខែកញ្ញា ឆ្នាំ​ ២០០៥​ ត្រង់មាត្រា២, , , ​៩,១០​ និង​ ១២ តម្រូវ​ឲ្យរដ្ឋភាគីប​ង្កើត ​នឹងចាត់វិ​ធានការ​ក្នុងច្បាប់ជាតិ ​ពាក់ព័ន្ធនឹ​ងបទ​ល្មើសខាងលើ។​
សេចក​ម្តីព្រាងច្បាប់​ថ្មីនេះបញ្ជាក់​អំពីកាតព្វ​កិច្ចខាងលើ​របស់កម្ពុជា ​ដូចមានចែ​ងក្នុងមាត្រា​ ១០ ត​ម្រូវឲ្យសមា​គម ​ឬអង្គការមិន​មែនរដ្ឋាភិ​បាលក្នុងស្រុ​កជូនដំណឹង​ជាលាយលក្ខ​ណ៍អក្សរអំពីរា​ល់ព័ត៌មាន ​រាល់គណនីដែ​លត្រូវ​បើកសម្រាប់​រាល់ប្រតិប​ត្តិការរបស់​ខ្លួននៅធនាគា​រកម្ពុជាទៅ​ក្រសួងមហា​ផ្ទៃ  ​ក្រសួងសេដ្ឋ​កិច្ច និ​ងហិរញ្ញវត្ថុ​ ក្នុងរយៈពេល ៣​០ ថ្ងៃ គិ​តពីថ្ងៃចុះប​ញ្ជី។ ​មាត្រា ​១៧ ​តម្រូវឲ្យស​មាគម ​ឬអង្គការមិនមែ​នរដ្ឋាភិបាល​បរទេសជូនដំ​ណឹងជាលា​យលក្ខណ៍អ​ក្សរអំពីរា​ល់ព័ត៌មាន រា​ល់គណនីដែ​លត្រូវបើក​សម្រាប់​រាល់ប្រតិប​ត្តិការរ​បស់ខ្លួន​នៅធនាគារ​កម្ពុជា ​ទៅក្រសួងកា​របរទេស ​និងសហប្រតិ​បត្តិការអ​ន្តរជាតិ​ និងក្រសួ​ងសេដ្ឋកិ​ច្ចនិងហិរ​ញ្ញវត្ថុ​ ក្នុងរយៈពេល ​៣០ ​ថ្ងៃ គិតពីថ្ងៃចុះប​ញ្ជី។ ​មាត្រា ២៥ ​តម្រូវឲ្យ​អង្គការមិ​នមែនរ​ដ្ឋាភិបាលក្នុ​ងស្រុកផ្ញើរ​បាយការណ៍បូ​កសរុបសកម្ម​ភាពការងារ ​និងរបាយកា​រណ៍ហិរញ្ញវ​ត្ថុប្រចាំឆ្នាំមិ​នឲ្យហួសពីបំ​ណាច់ខែកុ​ម្ភៈនៃឆ្នាំបន្ទាប់ ​ទៅក្រសួងម​ហាផ្ទៃ ​និងក្រសួងសេ​ដ្ឋកិច្ច ​និងហិរញ្ញ​វត្ថុ ឬរ​បាយការណ៍​ថតចម្លងចេញពី​ឯកសារ​ដើមដែលផ្ញើ​ទៅម្ចាស់ជំនួយ ​ក្នុងអំឡុង​ពេល ​៣០ ​ថ្ងៃ គិតពីថ្ងៃផ្ញើទៅ​ម្ចាស់ជំនួ​យ។
តើចំ​ណុចដូចដែល​បានរៀបរាប់​ខាងលើនេះឬ ​ដែលសមាគ​ម-អង្គកា​រមិនមែន​រដ្ឋាភិបាលត្រូ​វខ្លាច?ហើយមិន​ចង់ឲ្យមាន​ចំណុចអស់​ទាំងនេះ​បើក្នុងនាមជា​ NGOs ​សុច្ចរិតស្រប​ច្បាប់ តើ​ហេតុដូច​ម្តេច ត្រូវ​ខ្លាចច្បាប់? តើកម្ពុជា​ត្រូវរង់ចាំ​ពេលណាទៀ​ត ទើបអា​ចដើរតាម​លំអានប្រទេ​សប្រជាធិ​បតេយ្យលើ​សកលលោ​ក ដែលគេ​រៀបចំច្បា​ប់មួយដើ​ម្បីឲ្យអង្គកា​រមិនមែន​រដ្ឋាភិបា​លមានច្បា​ប់ទម្លាប់​ក្នុងស្រុកនោះ?
ទោះជាយ៉ា​ងណាក៏ដោ​យ ប្រជាព​លរដ្ឋ ​រួមជាមួយ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយកម្ពុ​ជាមើលឃើញ ​ហើយដឹងយ៉ាង​ច្បាស់ថា​ ច្បាប់ស្តីពីស​មាគម-​អង្គការមិ​នមែនរ​ដ្ឋាភិបាលមាន ​៩ ជំពូក​ ៣៩ ​មាត្រា ​គឺមិនមាន​មាត្រាណាមួយ​បិទសិទ្ធិសេ​រីភាពប្រជា​ពលរដ្ឋ ​ឬបិទសិទ្ធិ​អង្គការ​-សមាគមទេ។​ ផ្ទុយទៅវិញ ​ច្បាប់នេះនឹ​ងចូលរួ​មធានាបាន​គណនេយ្យ​ភាព តម្លាភាព ​ការពា​រកិត្តិយស ​និងផលប្រ​យោជន៍ស្រប​ច្បាប់ ​ស្របតាមបេ​សកកម្ម​របស់ NGOs ក្នុងកា​របម្រើផល​ប្រយោជន៍​ប្រជាជន​ ដោយមិន​ធ្វើនយោបាយ ​និងមិនរ​កប្រាក់ចំណេ​ញ នឹងរួ​មចំណែករ​ក្សាការពា​រសន្តិសុខ​ជាតិ ​សណ្តាប់ធ្នាប់​សាធារណៈ ​ទប់ស្កាត់ការលា​ងលុយកខ្វក់តា​មរយៈ ​NGOs​ និងសមាគម​ ដែលមានបំ​ណងប្រើប្រាស់ខុ​សគោលដៅ​សង្គម និ​ងមនុស្សធម៌​។

សរុប​មក ​បក្សប្រឆាំ​ង រួមទាំ​ងសមាគម​-អង្គការ​មិនមែន​រដ្ឋាភិបាល ​គួររួមគ្នា​គោរពច្បាប់ ស្ថិត​ក្រោមច្បាប់​ មិនគួគប្បី​ប្រឆាំងចំពោះ​ការបង្កើតច្បា​ប់ស្តីពីការគ្រ​ប់គ្រងសមា​គមអង្គ​ការមិន​មែនរដ្ឋា​ភិបាលនោះ​ទេ ឬមួយ​អស់លោកច​ង់ប្រតិ​បត្តិការ​សកម្មភា​ពរបស់​ខ្លួនតាមបែ​បអនាធិ​បតេយ្យ ​ក្រៅច្បាប់?ព្រោះមានតែ​ក្រុមក្រៅច្បា​ប់ទេ ​ដែលមិន​ចង់ឲ្យមានច្បា​ប់គ្រប់គ្រង​ ងាយស្រួ​លពួកគេប្រ​ព្រឹត្តបទ​ល្មើសបំផ្លាញ​សង្គមជាតិ៕​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំកម្មវិធី សំនួរ-ចម្លើយ សំរាប់ការយល់ដឹងពីអាស៊ាន


ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ​ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​ ​០៨ ​ខែកក្កដា​ ឆ្នាំ​២០១៥​ បាន​បង្ហោះ​នូវ​សេចក្តី​ជូនព័ត៌​មាន​ស្តី​ពីកម្ម​វិធី​«សំណួរ​-ចម្លើយ​ សំរាប់​ការ​យល់​ដឹង​អំពី​អាស៊ាន​»​ នៅ​លើ ​Facebook Page​ របស់​ឯកឧត្តម​ផ្ទាល់​ ដែល​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ បាន​បន្តថា​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​ និង​មាន​ការ​សំរប​សំរួល​ពីទូរទស្សន៍​ជាតិ​កម្ពុជា​ ។ កម្ម​វិធី​នេះនឹង​ចាប់ផ្តើម​នៅថ្ងៃ​ទី​ ១៧​ ២៤​ និង​ ៣១​ កក្កដា​ ២០១៥​ ហើយ​នឹងចាក់​បញ្ចាំង​ផ្សាយនៅ​លើ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ហោ​ ណាំហុង​ បាន​បញ្ជាក់​ថា ដើម្បី​ឲ្យ​​យុវជន​យើង​ដែល​ជា​អ្នក​បន្ត​វេន​ក្នុងការ​អភិវឌ្ឍ​ជាតិ​ បាន​យល់ដឹង​បន្ថែម​ទៀតអំពី​អាស៊ាន​ និង​សហគមន៍​អាស៊ាន​ ដែល​ត្រូវ​ប្រកាស​នៅ​ចុងខែ​ធ្នូ ​ឆ្នាំ២០១៥​ខាង​មុខ​នេះ ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ​ បាន​រៀបចំ​កម្ម​វិធី​ «សំនួរ​-ចំម្លើយ​ សំរាប់​ការ​យល់ដឹង​អំពី​អាស៊ាន​ » ដើម្បី​ជា​ជំនួយ​ស្មារតី​សំរាប់​យុវជន​ខ្មែរ​ និង​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​យុវជន​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត។

ឯកឧត្តម​បន្តថា​សំនួរ-ចម្លើយ ​សំរាប់​កម្ម​វិធី​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​សំដៅ​លើក​កម្ពស់​ការ​យល់​ដឹង​ជាពិសេស​អំពី​នយោបាយ ​និង​សន្តិសុខ​ក្នុង​សហគមន៍​អាស៊ាន​ និង​ភាពរឹង​មាំដែល​ធ្វើឲ្យ​ប្រជាជន​រស់នៅ​ប្រកប​ដោយ​សន្តិសុខ​ ស្ថិរភាព​ និង​សន្តិភាព ​ព្រមទាំង​លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​មនុស្ស ​និង​សេរីភាព​របស់​ប្រជាជន​អាស៊ាន​ ​ដើម្បី​កសាង​សហគមន៍​មួយ​ដែល​មាន​ប្រជាធិប​តេយ្យ ​តម្លាភាព​ យុត្តិធម៌​ ផ្នែក​លើ​ច្បាប់​ និង​ពង្រឹង​សហ​ប្រតិបត្តិការ ដើម្បី​ដោះ​ស្រាយ ​និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រឹដ្ឋ​កម្ម​ឆ្លង​ដែន​ ខិត​ខំ​ជំរុញ​ឲ្យ​អាស៊ាន​គ្មាន​គ្រឿង​ញៀន​ ប្រឆាំង​ការ​រត់​ពន្ធ​មនុស្ស​ និង​ការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ ដើម្បី​ធ្វើ​ឲ្យ​មាន​សុខ​ដុមរមនា​ក្នុង​អាស៊ាន​។

ក្រៅពី​នេះក៏​មាន​សំនួរ-ចម្លើយ ​អំពី​តំនិត​ផ្តួចផ្តើម​សម្រាប់​សមា​ហរណ​កម្ម​អាស៊ាន​ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាម៉ារ​ និងវៀតណាម​ ដោយមាន​ផែនការ​ងារទី១ ​និង​ទី២​។ ក្នុង​ពេល​បច្ចុប្បន្ន​ ក្រុម​ការងារ​ជាន់ខ្ពស់​ស្តី​ពី​គំនិត​ផ្តួច​ផ្តើម​សម្រាប់​សមារណ​កម្ម​អាស៊ាន​ កំពុង​រៀបចំ​តាក់​តែង​ផែន​ការ​ងារ​ងារ​ទី៣​ ដើម្បី​ពង្រឹង​ការ​ធ្វើ​សមា​ហរណកម្ម​អាស៊ាន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ​ណាំហុង​ក៏​បាន​បង្ហោះ​ផ្សាយ ​ក្នុង​Facebook Page របស់​ឯកឧត្តម​ ផង​ដែរ​ថា ​អាស៊ាន​មាន​គោល​ដៅ​ចំបង​បង្កើត​នូវ​ទី​ផ្សារ​ និង​មូល​ដ្ឋាន​ផលិត​កម្ម​តែ​មួយ​ ដែល​មាន​លំហូរ​ដោយ​សេរី​នូវ​ទំនិញ​ សេវាកម្ម​ វិនិយោគ​ ពលករ​ជំនាញ​ និង​លំហូរ​មូល​ធន​ប្រសើរ​ជាង​មុន​​​ ជា​តំបន់​សេដ្ឋកិច្ច​ដែល​មានភាព​ប្រកួត​ប្រជែង​ខ្ពស់​ មាន​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​តភ្ជាប់​អាស៊ាន​ ដើម្បី​ធ្វើ​សមា​ហរណកម្ម​ទៅ​ក្នុង​សេដ្ឋកិច្ច​ពិភព​លោក​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម​ បានបន្ត​ថា​អាស៊ាន​យក​ប្រជាជន​ជា​ស្នូល ​និង​មាន​ស្សនៈ​វិស័យ​ប្រកាន់​ខ្ជាប់​សាមគ្គីភាព​ និង​ធ្វើ​ឲ្យ​យល់​ដឹងកាន់​តែ​ច្បាស់​ អំពី​វិស័យ​វប្បធម៌​របស់​ប្រទេស​សមាជិក​អាស៊ាន​ លើក​កម្ពស់​ទំនាក់​ទំនង​ប្រជាជន​ និង​ប្រជាជន​ រួមទាំង​និស្សិត​ ដោយ​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​សកល​វិទ្យាល័យ​ និង​សកល​វិទ្យាល័យ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ព្រមទាំង​ លើក​កម្ពស់​គុណ​ភាព​នៃ​ការ​អប់រំ​ ការពារ​ពលករ​អន្តោ​ប្រវេសន៍​ សិទ្ធិ​របស់​នារី​ កុមារ​ និង​ចាស់​ជរា​ ស្រប​ដូច​មូល​បទ​នៅពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២​ គឺ​ «សហ​គមន៍​តែមួយ​ វាសនា​តែមួយ​»។

លើស​ពីនេះ​ទៀត​ ដើម្បី​លើក​ទឹកចិត្ត​ដល់​បេក្ខ​ជន​ ដែលបាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​សំនួរ-ចម្លើយ​នេះ ​ក្រសួង​ការ​បរទេស​ និង​សហប្រតិ​បត្តិ​ការ​អន្តរជាតិ​ ក៏​បាន​រៀបចំ​រង្វាន់​ជ័យ​លាភី​ សំរាប់​អ្នក​ដែល​បាន​ទទួល​ជោគ​ជ័យ​ ពី​លេខ​១​ ដល់​លេខ​៦ ក្នុង​នោះលេខ​១ទទួល​បាន​រង្វាន់​១៥០០​ដុល្លា​ និង​រង្វាន់​លើក​ទឹក​ចិត្ត​សំរាប់​អ្នក​ចាញ់​ផង​ដែរ​៕

អត្ថបទ៖ មៀច សុភាព



ក្រសួង​មហាផ្ទៃ នឹង​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​រឿង​ព្រំដែន

ក្រសួង​មហាផ្ទៃ​នឹង​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​រឿង​ព្រំ​ដែន នៅ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៥ ខាង​មុខ ​នេះបើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ។ សម្តេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសាសន៍ថាសមាសភាព​​ដែល​ត្រូវ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះគឺ​ ​អាជ្ញាធរ សមត្ថកិច្ច និង​អង្គភាព​យោធា​នៅ​មូលដ្ឋាន​​។ ដោយ​សារ​តែ​រឿង​ព្រំដែន​ គឺជា​រឿង​សំខាន់​ និងទាមទា​រនូវ​ភាព​ច្បាស់លាស់​ខ្ពស់​បំផុត​ តម្រូវ​ឲ្យ​​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើងដោយ​​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​នឹង​​​គណៈកម្មាធិការ​ព្រំដែន​ ដែលជា​ក្រុម​ជំនាញ​ និងមានវិជ្ជាជីវៈច្បាស់លាស់​​ស្តីពី​ព្រំដែន។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​​ជា​រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ។
សម្តេច​ក្រឡា​ហោម​ ស​ ខេង មាន​ប្រសាសន៍​ដូច្នេះ​ក្នុងពិធី​ប្រកាស​មុខតំណែង​ថ្នាក់​អនុរដ្ឋលេខាធិការ​ធិការ នៃ​ក្រសួង​មហាផ្ទៃ​ចំនួន​ ៧រូប និងបំពាក់​ឋាន្តរស័ក្កិ​ជូន​នាយ​នគរបាល​ជាតិ​ជាន់​ខ្ពស់​ចាប់​ពី​ថ្នាក់​ឧត្តម​សេនីយ៍ទោល ដល់​ថ្នាក់​ឧត្តម​សេនីយ៍​ឯក​ចំនួន ៤១​រូប ដែលធ្វើឡើងនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ដោយ​មាន​ការ​ចូល​រួម​ពី​​​រដ្ឋ​លេខាធិការ និង​ថ្នាក់​ដឹកនាំ​អគ្គនាយកដ្ឋាន​ចំណុះក្រសួង​មហាផ្ទៃ​ជា​ច្រើន​អ្នក​ថែម​ទៀត។
​សម្តេច​ក្រឡា​ហោម​ ស ខេង បាន​បន្ថែម​ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​រឿង​ព្រំដែន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ​គឺ​ដើម្បី​​ពង្រឹង​ការ​យល់​ដឹង និង​បំពេញ​​បន្ថែម​​ទៅលើចំណុច​​ខ្វះ​ខាត​ដែល​សមត្ថកិច្ច​ពុំ​ទាន់​មាន ដែលកន្លង​មក​នៅ​ខេត្ត​ខ្លះ ដូចជា​ខេត្ត​កណ្តាល នៅ​ភូមិ​មួយ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រាយការណ៍​ថា ជា​ដី​របស់​វៀតណាម ប៉ុន្តែ​ក៏​មាន​សេចក្តី​រាយការណ៍​ផ្សេង​ទៀត​ថា ជា​ដី​របស់​ខ្មែរ ប៉ុន្តែ​ជាក់​ស្តែង​តំបន់​នោះ មិន​ទាន់​បោះ​បង្គោល​ព្រំដែន​នៅឡើយទេ។
ក្រៅពីនេះ​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ថាសម្តេច​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សមត្ថកិច្ច​ទាំង​អស់​មាន​ចំណេះដឹង​គ្រប់​គ្រាន់ ច្បាស់លាស់ ​អំពីបញ្ហា​ព្រំដែន​ ដែលអាចក្តាប់ឲ្យបាន​នូវ​បញ្ហា​ដែល​កើត​ឡើង​។­
ដោយ: ជា សុភ័ក្ត្រ

លិខិត​មន្ត្រីទូត​ជប៉ុន​ ថ្លែងពី​ “ស្ពានត្សឹបាសា”​

សម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងប្រជាជនកម្ពុជាទាំងអស់ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់
ទូលបង្គំជាខ្ញុំ​-​ខ្ញុំបាទ គូម៉ាម៉ារូ យូជិ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តើសម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់សុខសប្បាយជាទេ​?
ខ្ញុំបានដឹងថា “​ស្ពានត្សឹបាសា​” ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការរួមជាមួយភាពសប្បាយរីករាយនិង អំណរសាទរ កាលពីថ្ងៃទី៦ ខែមេសា កន្លងទៅនេះ ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់ស្ពាននេះក្នុងឱកាសផ្សេងៗថា “​ការឆ្លងកាត់នេ្លទៅមកមានភាពងាយស្រួល និងរហ័សណាស់។ ម្យ៉ាងវិញទៀត ខ្ញុំបានទទួលដំណឹងថា “​ស្ពានត្សឹបាសា​” បានក្លាយទៅជាកន្លែងទេសចរណ៍ដ៏ថ្មីមួយ ដែលទាក់ទាញភ្ញៀវទេសចរណ៍ពីកន្លែងផ្សេងៗជាច្រើននាក់អោយមកទស្សនា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែល “​ស្ពានត្សឹបាសា​” ទទួលបានការស្រឡាញ់​​ពេញចិត្តជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា

​ ស្ពានដែលបានសាងសង់ឡើងក្រោមទឹកប្រាក់សរុបចំនួនប្រមាណ ១២៧លានដុល្លាសហរដ្ឋអាមេរិកនេះ មិនត្រឹមតែជាគម្រោងជំនួយហិរញ្ញប្បទានឥតសំណង “​ធំបំផុត​” ដែលប្រទេសជប៉ុនផ្ដល់ជូនព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ស្ពាននេះក៏ជាស្ពានដែលមានប្រវែង “​វែងបំផុត​” ក្នុងចំណោមស្ពានដែលមានរចនាសម្ព័ន្ធដូចគ្នាក្នុងប្រទេសកម្ពុជាផងដែរ។ ហើយស្ពាន នេះត្រូវបានចុះផ្សាយយ៉ាងទូលំទូលាយតាមរយៈកាសែតនិង ទូរទស្សន៍ក្នុងប្រទេសកម្ពុជា  រួមទាំងប្រទេសជប៉ុនផងដែរថា ជាស្ពានដែល​​ភ្ជាប់ “​ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង​” ពីប្រទេសវៀតណាមមកប្រទេសកម្ពុជាឆ្លងកាត់ទៅប្រទេសថៃឆ្ពោះទៅដល់ប្រទេសមីយ៉ាន់ម៉ា

“​ស្ពានត្សឹបាសា​” ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់រយៈពេលឆ្នាំ និងប្រឈមនិងការលំបាកជាច្រើនក្នុងដំណើរសាងសង់នេះ
ទីមួយ គឺលក្ខខណ្ឌបរិស្ថានរបស់ប្រទេសកម្ពុជា។ ដោយសារកម្រិតកម្ពស់ទឹកទន្លេមេគង្គមានគម្លាតខុសគ្នាជាង ៧ម៉ែត្រ រវាងរដូវប្រាំង និងរដូវវស្សានោះ ដូចនេះហើយទើបមានការងារខ្លះអាចធ្វើឡើងបានតែក្នុងរដូវប្រាំង​ តែប៉ុណ្ណោះ ធ្វើអោយការគ្រប់គ្រងដំណើរការការដ្ឋានមានភាពលំបាកជាពន់ពេក។ ជាពិសេស ច្រាំងនេ្លត្រូវបានហូរច្រោះអស់ ៣០ម៉ែត្របណ្ដាលឲ្យចំណតផែទូក សម្រាប់ដឹកញ្ចូសម្ភារៈសាងសង់ ត្រូវបានទឹកហូរនាំយកទៅបាត់ នៅពេលទឹកជំនន់ធំក្នុងឆ្នាំ ២០១១ ហើយដែលត្រូវការពេលវេលាយ៉ាងច្រើនសន្ធឹកសម្រាប់ធ្វើកាស្ដារឡើងវិញ ​

ទីពីរ គឺការកម្ទេចចោលនូវគ្រាប់មិនទាន់ផ្ទុះ។ គ្រាប់មិនទាន់ផ្ទុះចំនួនប្រមាណ ៤៥០០ គ្រាប់ត្រូវបានរកឃើញនិងកម្ទេចចោល នៅពេលមុននិងក្រោយការបើកដំណើរការការដ្ឋានសាងសង់។ ប្រទេសជប៉ុនក៏ធ្លាប់បានរកឃើញគ្រាប់មិនទាន់ផ្ទុះដែរនៅក្នុង​ ការដ្ឋានសាងសង់កំពង់ផែ តែចំនួនមានច្រើនបំផុតតែប៉ុន្មានគ្រាប់ប៉ុណ្ណោះ។ ជាពិសេស មានគ្រាប់មិនទាន់ផ្ទុះត្រូវបានរកឃើញនៅក្នុងបំពង់បូមខ្សាច់ ក្នុងដំណើរការបុកគ្រឹះ ដើម្បីសាងសង់សសរស្ពាននៅសងខាង “​ស្ពានត្សឹបាសា​” ដែលបានធ្វើឲ្យខូចបំពង់បូមខ្សាច់នោះ។ ដូច្នេះហើយ ការដ្ឋានត្រូវបានផ្អាកដំណើរការអស់រយៈពេលជាងខែ ទើបអាច​​បើកដំណើរការឡើងវិញបានម្ដងទៀត។ ក៏ប៉ុន្តែ អ្វីដែលសំណាងបំផុតនោះគឺថាគ្មានករណីជនរងគ្រោះ ក្នុងអំឡុងពេលសាងសង់ ក៏ដូចជាពេលមានឧប្បត្តិហេតុគ្រាប់មិនទាន់ផ្ទុះនោះឡើយ  បានន័យថាការងារការដ្ឋានធានាបាននូវសុវត្ថិភាពរហូត 

ទីបី គឺភាពខុសគ្នារវាងភាសារបស់អ្នកធ្វើការងារសាងសង់។ ការដ្ឋានសាងសង់ “​ស្ពានត្សឹបាសា​” មានការចូលរួមយ៉ាងច្រើនពីជនជាតិកម្ពុជា ហើយក៏មានជនជាតិជប៉ុន រួមទាំងជនជាតិហ្វីលីពីនជាដើម។ ជាពិសេសមុនពេលចូលរដូវវស្សា មានកម្មករប្រមាណជាង១០០០នាក់បានមកចូលរួមធ្វើការសាងសង់​​​គ្រឹះ​ សម្រាប់សសរស្ពាន ដែលអាចធ្វើបានតែក្នុងរដូវប្រាំង​​​តែ​ ប៉ុណ្ណោះ។ ខ្ញុំគិតថា ប្រតិត្ដិការប្រកបដោយការធានានូវសុវត្ថិភាពនៅក្នុងការដ្ឋានសាងសង់ ​បែបនេះ គឺជាការងារមួយដែលមានការលំបាកជាខ្លាំង

ទោះបីជា “​ស្ពានត្សឹបាសា​” ត្រូវបានសាងសង់ឡើងដោយឆ្លងកាត់ការលំបាកជាច្រើនដូចនេះក៏ពិតមែន តែក៏នៅអាចបើកឲ្យប្រើប្រាស់បានទាន់ពេលវេលាដូចបានគ្រោងទុក​ តាំងពីដើមមក ។ រចនាបទរបស់ស្ពាននេះ ត្រូវបានធ្វើឡើងដើម្បីអាចប្រើប្រាស់បានរយៈពេល ១០០ឆ្នាំ ប្រសិនបើមានការថែទាំគ្រប់គ្រងបានត្រឹមត្រូវទៅថ្ងៃក្រោយ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស្ពាននេះនឹងក្លាយជាស្ពានចំណងមិត្តភាពរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលយូរឆ្នាំទៅមុខទៀត ហើយស្ពាននេះ នឹងត្រូវបានប្រើប្រាស់និងស្រឡាញ់ជារៀងរហូតទៅ ពីសំណាក់ប្រជាជនកម្ពុជាទាំងអស់រដ្ឋា​​​ភិបាល​​ជប៉ុន បាននិងកំពុងផ្ដល់ជំនួយលើវិស័យជាច្រើនដល់ ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជារហូតមក ហើយសម្រាប់ជំនួយដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្នែកសាងសង់ផ្លូវថ្នល់វិញនោះ គឺយើងបានខិតខំយ៉ាងសកម្មក្នុងការផ្ដល់ជំនួយសម្រាប់ការសាងសង់​ ផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ ដែលជាផ្លូវសម្រាប់បង្កើតច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ ទៅថ្ងៃមុខ យើងប្ដេជ្ញានឹងបន្ដជួយដល់ប្រទេសកម្ពុជាធ្វើឲ្យកាន់តែមាន​ ភាពរឹងមាំសម្រាប់ភាពភ្ជាប់ក្នុងតំបន់ឆ្ពោះទៅកាន់សមាហរណកម្មអាស៊ាននៅចុងឆ្នាំ២០១៥នេះ 
 
ជាចុងក្រោយនេះ ទូលបង្គំជាខ្ញុំ​-​ខ្ញុំបាទ សូមអនុញ្ញាតថ្វាយនិងជូននូវសព្វសាធុការពរបវរមហាប្រសើរសូម សម្ដេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងប្រជាជនកម្ពុជាទាំងអស់ប្រកបដោយសុភមង្គលយ៉ាងបរិបូរណ៍នាឱកាសឆ្នាំ ២០១៥នេះ