Friday, July 25, 2014

អង្គរ និងការ​បំពុល​បរិយាកាស ការវាយ​តំលៃ និង​ដំណោះ​ស្រាយ​លើ​ផល​ប៉ះ​ពាល់

អាជ្ញាធរជាតិអប្សរាសូម​ស្វាគមន៍នូវ​រាល់​ការ​យក​ចិត្តទុក​ដាក់អំពី​បញ្ហាប​រិយាកាស​ដូចដែល លោកស្រី Denise Hruby បាន​សរសេ​រអត្ថបទ​មួយមាន​ចំណង​ជើងថា ”In Cambodia, toxic air threatens timeless ruins” ចេញ​ផ្សាយ​នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ លើ​ទំព័រ​កាសែត Cambodia Daily ។ អាជ្ញាធរ​ជាតិ​អប្សរា សូមបង្ហាញ​នូវ​ចំណុច​​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងប្រវត្តិ និង ការពន្យល់​អំពីការ​ខិតខំប្រឹ​ងប្រែង របស់អាជ្ញា​ធរជាតិ​អប្សរា​លើ​បញ្ហានេះ។

ប្រវត្តិ
នៅឆ្នាំ១៩៩២ អង្គរការយូ​ណេស្កូ បានចុះ​បញ្ជីអង្គរ​ជាសម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក ដោយផ្អែក​លើ​លក្ខ​ខណ្ឌ​ចំនួន ០៤ ផ្សេង​​គ្នា។ អង្គ​រមិន​ត្រឹម​តែទទួល​ស្គាល់​ជា “ស្នាដៃដ៏​អស្ចារ្យ របស់​មនុស្ស” ប៉ុណ្ណោះទេ ប៉ុន្តែតម្លៃ​នៃ​ទេសភាព​វប្បធម៌ ការតាំង​លំនៅ​ស្ថាន​របស់​ប្រជា​ពលរដ្ឋ ជុំវិញអង្គរតាំង​ពីបុរាណ​កាល និងការ​ទំនាក់​ទំនង​រវាងមនុស្ស និងធម្មជាតិ​ក៏ត្រូវ​បាន​ទទួល ស្គាល់​ផងដែរ។ ការអភិរក្ស​បាននូវតម្លៃទាំងនេះ​ធ្វើឲ្យអង្គ​រ​កាន់តែ​លេចធ្លោ ហើយនេះគឺជា បេសកកម្ម​ដ៏ចម្បង​របស់​អាជ្ញាធរ​ជាតិ​អប្សរា។ ជាពិសេសរយៈ​ពេលប្រមាណ ២០ ឆ្នាំមកនេះ ដោយមាន​កិច្ចសហ​ប្រតិបត្តិការ​យ៉ាងជិត​ស្និតជា​មួយ​សហគមន៍​អន្តរជាតិ អាជ្ញាធរ​ជាតិ​អប្សរា បានអនុវត្ត​គោលនយោបាយ​និង​វិធានការ ដើម្បីអោយការងារ​អភិរក្ស​រមណីយ​ដ្ឋាន កាន់តែមាន ប្រសិទ្ធភាព។ ទោះបីជាការងារអភិរក្សបន្ទាន់ បានក្លាយជាការព្រួយបារម្ភដ៏ចម្បងនាពេលដំបូង ការកើន​ឡើង​ចំនួន​ភ្ញៀវ​ទេសចរ ការគ្រប់គ្រងវិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានក៏បាន ក្លាយជាការ​ព្រួយបារម្ភ​ដ៏ចម្បង​នាពេល​បច្ចុប្បន្ន ហើយការកើនឡើងចំនួនភ្ញៀវទេសចរ ការ គ្រប់គ្រងវិស័យទេសចរណ៍ និងការថែរក្សាបរិស្ថាន បាននិង​កំពុង​យក​ចិត្ត​ទុកដាក់​ខ្ពស់ ពីអាជ្ញាធរជាតិអប្សរា។

ស្ថានភាពបច្ចុប្បន្ន
ចំនួនភ្ញៀវទេសចរមកកាន់អង្គរមានការកើនឡើង ដែលក្នុងឆ្នាំ២០១៣ មានចំនួនប្រមាណ ៤លាននាក់។ ដូច្នេះហើយ​ចំនួនយាន​យន្ត និងការធ្វើដំណើរទៅវិញទៅមកក៏បានកើនឡើង ដូចគ្នាដែរ ហើយយាន​យន្តភាគ​ច្រើនជាយាន​យន្តចាស់ៗ បាន​បញេ្ចញ​ផ្សែងពុលតាមរយៈ ចំហេះ។ ជាមួយគ្នានេះដែរ កំណើ​នយាន​យន្ត​ទាំងនេះ​ក៏បានបង្កើនឲ្យមានការកកស្ទះ ហើយ​ការ​កកស្ទះ នេះ មិនត្រឹមតែ​ធ្វើឲ្យមាន​ការធ្លាក់​ចុះនៃ​គុណ​ភាព​ទស្សនារបស់ភ្ញៀវប៉ុណ្ណោះទេ តែក៏អាចបញ្ចេញ នូវឧស្ម័ន​ពុល​ជាច្រើនទៀតផងដែរ។

ហេតុផលផ្សេងទៀតដែលជម្រុញឲ្យមានការបំពុលបរិយាកាសដែលនោះ គឺសហគមន៍ ប្រជាពលរដ្ឋ​នៅតែបន្ត​ទម្លាប់​ដុត​សម្រាម ដុតស្លឹកឈើ និងកំទេចកំទីមែកឈើ។ ម្យ៉ាងវិញ ទៀតដើម្បីការពារមនុស្សនិងសត្វពាហនៈ ប្រជាពលរដ្ឋ​ធ្វើការ​ដុត​សម្រាម ដើម្បីដេញសត្វមូស ដែលសម្រាម​ទាំងនោះ​កាល​ពីមុន​មានតែ​សារធាតុ​សរីរាង្គ​ដូចជាស្លឹកឈើឬចំបើង ប៉ុន្តែផ្ទុយ​ទៅ វិញបច្ចុប្បន្ននេះសម្រាមរបស់ពួកគាត់ភាគច្រើនសម្បូរទៅដោយ ថង់​ផ្លា​ស្ទិច ទុយោជ័រ ដែលមាន សារធាតុពុល​នាំឲ្យ​គ្រោះថ្នាក់​ដល់សុខភាពមនុស្ស សត្វ និង បរិស្ថានផងដែរ។

ជារៀងរាល់ឆមាសអាជ្ញាធរជាតិអប្សរា តែងតែជួបប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តរជាតិ ដើម្បីអភិរក្ស​និង​អភិវឌ្ឍន៍​រមណីយ​ដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា “ICC”។ គណៈកម្មាធិការ​នេះបង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣ ដែលមាន​សមាស​ភាព​មក​ពីប្រទេស​ផ្តល់ជំនួយ អ្នក​ជំនាញ​ជាតិ​និង​អន្តរ​ជាតិ​ក្នុង​ផ្នែក​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយចីរភាព ហើយក៏​បានធ្វើ ការងារ​ជាមួយ​អាជ្ញាធរជាតិអប្សរាច្រើនឆ្នាំមកហើយដែរ។ ក្នុង​នោះ​លោកបណ្ឌិត Shinji Tsukawaki បានបញ្ជាក់ក្នុងអត្ថបទ ”In Cambodia, toxic air threatens timeless ruins”  ក៏ជា អ្នកជំនាញមួយរូប ដែលធ្វើការក្នុង​ផ្នែក​អភិវឌ្ឍន៍​ប្របក​ដោយ​ចីរភាព​នៃ ICC ។

នេះគឺជាតឹកតាងបញ្ជាក់ថា បញ្ហាបំពុលបរិយាកាសមិនមែនជាបញ្ហាថ្មីៗនេះទេ។ ដើម្បី ដោះស្រាយ​បញ្ហា​អាកាសធាតុ​កាល​ពីប្រមាណ​ឆ្នាំមុន អាជ្ញាធរជាតិអប្សរាបានតម្លើងស្ថានីយ៍ អាកាសធាតុ ដែលបច្ចុប្បន្ន​កំពុង​តែធ្វើការ​កត់ត្រា​ទុកនូវ​ទិន្នន័យ​អាកាស​ធាតុដូចជា ល្បឿនខ្យល់ និងចំនួនទឹកភ្លៀង ។ល។


តើអ្វីជាការប៉ះពាល់?
ចំហេះមិនសព្វពីរថយន្ត (ប្រេងសាំង/ប្រេងម៉ាស៊ូត) បានបង្កើតនូវធាតុល្អិតៗ​ (អតិសុខុម ប្រាណ) ដែលធាតុ​ល្អិតៗ​ទាំង​នេះ​ធ្វើឲ្យ​ទឹកភ្លៀងមានសារធាតុអាស៊ីតនឹងធ្វើឲ្យមានផលប៉ះពាល់ ដល់ប្រាង្គប្រាសាទ បរិស្ថាន​ធម្មជាតិ និងមនុស្ស សត្វ។ វាបាន​បង្ក​ការខូចខាតដល់សារធាតុ បន្សំនៃថ្មដូចជា ធ្វើឲ្យថ្មមានពណ៌ស្រអាប់ ងាយ​ស្រួល​នឹងបាក់បែក ព្រមទាំង​សឹក​រេច​រិល​ក្បាច់ ចម្លាក់។ ក្រៅពីភ្លៀងអាស៊ីត ធាតុ​ល្អិត​ៗ​ដែល​បង្ក​ឡើង​ដោយ​ចំហេះមិនសព្វនេះ ទឹកក៏នឹងអាច បង្ករជម្ងឺ​ផ្លូវ​ដង្ហើម​និង​ជម្ងឺ​មហារីកដល់មនុស្សផងដែរ។

នៅពេលដែលយើងនៅអាចមើលឃើញស្លែ និងសារធាតុសរីរាង្គផ្សេងទៀតនៅលើថ្ម និងដើមឈើ យើងអាច​សន្និដ្នាន​​បាន​ថា កម្រិតនៃការបំពុលបរិយាកាសមិនទាន់ដល់ស្ថានភាព ប្រកាសអាសន្ននៅឡើយទេ។ ការ​សន្និដ្ឋាន​បែបនេះក៏ព្រោះតែស្លែ និង​សារធាតុសរីរាង្គផ្សេង ទៀតនឹងផុតពូជ ប្រសិន​បើពួក​វាស្ថិត​ក្នុង​ស្ថាន​ភាព​ដែលមានការបំពុលបរិយាកាសខ្លាំង។ លទ្ធ​ផល​ជាក់ស្តែងទាំងនេះ បានធ្វើឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​រិះរក​វិធាន​ការណ៍​បង្ការបញ្ហានេះកុំឲ្យ កើតមាននៅថ្ងៃអនាគត។ គឺមិន​ខុសអ្វីពីពាក្យស្លោកមួយពោលថា “ការការពារ ប្រសើរជាង ព្យាបាល” 

តើអ្វីជាយុទ្ធសាស្ត្ររបស់យើង?
ដើម្បីទទួលបានជោគជ័យក្នុងការគ្រប់គ្រងអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រកប ដោយចីរភាព​និងយក​ចិត្តទុក​ដាក់​ខ្ពស់​លើផ្នែកបរិស្ថាន នៅចុងឆ្នាំ២០១៣ អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារមួយ ដើម្បី​អនុវត្ត​ផែនការ​គ្រប់គ្រង​ទេសចរណ៍ ហើយក្រុមការងារនេះ មានអ្នកជំនាញជាតិនិងអ​ន្តរជាតិ ដោយមាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គការ​យូណេស្កូ និង ការគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលី ផែនការ​សកម្មភាព​អាទិភាព​មួយក្នុងផែនការគ្រប់គ្រងនោះ គឺសម្រួល​ការ​ទស្សនា​របស់ភ្ញៀវទេសចរដោយកែលម្អចរាចរណ៍ក្នុងឧទ្យានអង្គរ ដើម្បី​បញ្ជាស ការកក​ស្ទះចរាចរណ៍​ដូច​ពេល​បច្ចុប្បន្ន​។ ​ពេលនោះការបញ្ចេញឧស្ម័នពីរថយន្ត នឹងមានការ ថយចុះ។

ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារពិសេសមួយទៀត ដើម្បី ប្រមូល​ទិន្នន័យ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ ពាក់ព័ន្ធនឹងការបញេ្ចញឧស្ម័ន និងសារធាតុពុល ព្រមទាំងផលប៉ះពាល់ផ្សេងៗ ដើម្បី​ត្រៀមវិធានការណ៍ ​និង​ដំណោះ​ស្រាយ​ដែលមានប្រសិទ្ធ ភាពក្នុងការបញ្ជៀសផលប៉ះពាល់ជាអវិជ្ជមាន ដែល​ដំណោះស្រាយទាំងនោះរួមមាន៖

   ១.បង្កើនសមត្ថភាពស្ថានីយ៍តាមដានគុណភាពខ្យល់ដែលមានស្រាប់ ហើយ​បង្កើត ស្ថានីយថ្មីៗបន្ថែមទៀត ដើម្បី​ទទួល​បាន​នូវព័ត៌មានច្បាស់លាស់អំពីកម្រិតនៃការបំពុលបរិយា កាស ជាពិសេសសារ​ធាតុអាស៊ីត​នៅក្នុង​ទឹកភ្លៀង។

   ២.ជម្រុញនិងលើកទឹកចិត្តការប្រើប្រាស់ឡើងវិញនូវផលិតផលធម្មជាតិដូចជា ស្លឹកឈូក ស្លឹកចេក..ល។ តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​ដល់សហគមន៍ប្រជាពលរដ្ឋ ដើម្បីជម្រុញឲ្យតំបន់អង្គរ កាន់តែមានភាពបៃតង និងការ​កាត់បន្ថយ​ការ​ចំណាយ​ទិញ​ថង់ប្លាស្ទិក ដើម្បីលើកស្ទួយជីវភាព ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។

   ៣.ពិនិត្យលទ្ធភាពក្នុងការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនភ្ញៀវទេសចរ ដែលមានការប៉ះ ពាល់​តិច​បំផុត​ដល់​បរិស្ថាន ហើយ​មិន​​ប៉ះពាល់ចំណូលប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរដឹក ជញ្ជូននេះទេ។

សេចក្តីសន្និដ្ឋាន
បញ្ហាបំពុលបរិយាកាសនៅអង្គរមិនមែនជារឿងថ្មីៗនេះទេ។ ដូចគ្នានេះដែរអង្គរក៏មិន មែនជា​បេតិកភណ្ឌ​ពិភព​លោកតែមួយ ដែល​រងការបំពុលបរិយាកាសនោះទេ គឺមាន Acropolis ប្រទេសក្រិច Taj Mahal នៅឥណ្ឌា Yungang និងGrottoes នៅ​ប្រទេស​ចិន និង sevillle cathedral នៅប្រទេសអាស្ប៉ាញផងដែរ។ ប៉ុន្តែ​រមណីយ​ដ្ឋានប្រវត្តិសាស្រ្តអង្គរ គឺជាសម្បត្តិបេតិ កភណ្ឌ​ពិភពលោកដំបូងគេបង្អស់ដែលទទួលបាន វិញ្ញាបនបត្រ ISO ១៤០០១ នៅឆ្នាំ២០០៤។

អាជ្ញាធរជាតិអប្សរា ប្តេជ្ញាអនុវត្តនូវដំណោះស្រាយដែលមានលក្ខណៈរួមដើម្បីជម្រុញ ការយកចិត្ត​ទុក​ដាក់​អំពីបរិស្ថាន និង​ទេស​ចរណ៍បៃតង។ការប្រមូលទិន្នន័យដែលមានលក្ខណៈ ជាប្រព័ន្ធ និង​វិទ្យាសាស្ត្រ នឹង​អាច​ធ្វើអោយ​យើង​ធ្វើការ​វាយ​តម្លៃ​បាន​ច្បាស់​លាស់​អំពីផលប៉ះ ពាល់នៃការបំពុលបរិយាកាសនៅអង្គរ។ រាល់ការ​ខិត​ខំនឹងត្រូវបានពង្រឹងតាមរយៈដំណោះ ស្រាយ​តាម​បែបបរិស្ថាន ដើម្បីកាត់បន្ថយផ្សែងពុល និង​លើ​កម្ពស់​គុណភាពខ្យល់អាកាស។ ដូចច្នេះ​រាល់ការ​រៀបរាប់​ខាង​លើនេះ​នឹងនាំមក​នូវការកាត់​បន្ថយ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន  និង លើកម្ពស់គុណភាពទស្សនាចររបស់ភ្ញៀវទេសចរ និង​លើក​​លើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅ​ក្នុង​តំបន់ផងដែរ។ សកម្មភាពនេះគឺជាលក្ខខ័ណ្ឌគោលក្នុងការការពារ និងរក្សា​គុណ​តម្លៃ រមណីយដ្ឋាន​ប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។


អត្ថបទដោយ: សុខ សង្វារ

ប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរតំបន់អង្គរ

ប្រតិភូកូរ៉េ ចុះទស្សនៈកិច្ចបូរីកុមារកំព្រា ខេត្តបាត់ដំបង

លោក Boum Joong Kim ប្រតិភូ នៃប្រទេសកូរ៉េខាងត្បូង បានដឹកនាំ និស្សិតចុះទស្សនៈកិច្ចសិក្សា ​ស្វែងយល់ នៅមណ្ឌល​បុរីកុមារ​កំព្រាបាត់ដំបង២ ស្ថិតក្នុងសង្កាត់សំរោង ក្រុងបាត់ដំបង។

លោកស្រី នូ សុម៉ាលី នាយិកាមណ្ឌល បុរីកុមារកំព្រា បាត់ដំបង២ បានមានប្រសាសន៍ថា៖ បុរីកុមារកំព្រា បាត់ដំបង២​ បានបង្កើត​ឡើងក្នុងឆ្នាំ១៩៩៧ បានដាក់អោយដំណើរការ ទទូលកុមារឲ្យស្នាក់នៅ ក្នុងឆ្នាំ១៩៩៨ ដោយមានបុគ្គលិកចំនួន ១៥នាក់ ។បច្ចុប្បន្នមណ្ឌល បានទទូលកុមារឲ្យស្នាក់ នៅមានចំនួន ៩៦នាក់ ស្រី ៤៤នាក់ ​មានអាយុចាប់ពី ៣ឆ្នាំ ដល់ ១៨ឆ្នាំ ហើយមណ្ឌល​បាន​បញ្ចូន​ កុមារគ្រប់អាយុ អោយទៅសិក្សា នៅសាលារដ្ឋ ដែលចាប់ពី ថ្នាក់មតេ្តយ្យ ដល់ថ្នាក់ទី១២​។​ មណ្ឌលបានទំនុកបំរុង​អាហារបីពេល ក្នុងមួយថ្ងៃ។ មណ្ឌលបានបង្រៀន ភាសារអង់គ្លេស បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកកសិកម្ម សិប្បកម្ម សិល្បៈនិង​កុំព្យូទ័រ ជាដើម ។ កុមារដែលមណ្ឌល បានទទូលយកមកចិញ្ចឹម រួមមានកុមារ ដែលឪពុកម្តាយស្លាប់ ដោយជម្ងឺអេដស៍ កុមារដែល​គេបោះបង់ចោល កុមារកំព្រា​ឪពុកម្តាយ មានជីវភាព ក្រីក្រលំបាក និងកុមារ ដែលឪពុកម្តាយ ធ្វើចំណាកស្រុក ​ស្វែងទៅរកការងារ​ធ្វើនៅក្រៅប្រទេស ។ ក្នុងនោះដោយមាន ការយកចិត្តទុកដាក់ ទំនុកបំរុងពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងមន្ទីរសង្គម​កិច្ចអតីត​យុទ្ធជន​និង យុវនីតិសប្បទា និង អង្គការ SPK បានធ្វើឲ្យកុមារ មានការហូបចុក ស្នាក់នៅ និងមានសម្លៀកបំពាក់ បានសមរម្យ ។ក្នុងឳកាសសិក្សា ស្វែងយល់ លោក Boum Joong Kim បានសម្តែងនូវ មនោសញ្ចេតនារីករាយ ប្រកបដោយភាពស្និតស្នាល និង​បានកោតសរសើរ ចំពោះការយកចិត្តទុកដាក់ ទៅលើកុមារ ដែលកំព្រា ឪពុកម្តាយ កុមារដែលត្រូវគេបោះបង់ និងកុមារក្រីក្រ​ ជួប​ការ​លំបាក។ លោកបានផ្តាំផ្ញើរ ដល់កុមារ​ទាំងអស់ ត្រូវខិតខំប្រឹងប្រែង ​ឧស្សាហ៍ព្យាយាមរៀនសូត្រ ​បន្ថែមទៀតនូវ ចំណេះដឹង​មុខជំនាញវិជ្ជាជីវៈនិងមានសីលធម៌ល្អ ដើម្បីក្លាយជា ទំពាំងស្នងឬស្សី សំរាប់គ្រូសារ និងសង្គមជាតិ  ។

ក្នុងឳកាសនោះ ​ប្រតិភូបានជួយឧបត្ថម្ភ សម្ភារៈផ្ទះបាយ សំលៀកបំពាក់ និងថវិកា ២០០ដុល្លាអាមេរិក ​ព្រមទាំងរៀបចំ ​អាហារពីរ​ពេលអោយដល់កុមារ ដើម្បីបង្ហាញពី ចំណង់មិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការ រវាងប្រជាជន​ នៃប្រទេស​យើងទាំងពី​កម្ពុជាកូរ៉េ ៕

ព្រុយណេបង្ហាញពីបំណងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជានៅលើវិស័យជាច្រើន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

ឯកអគ្គរាជទូតនៃប្រទេសព្រុយណេប្រចាំកម្ពុជា បានបង្ហាញ ពីបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​នៅលើវិស័យជាច្រើន ដូចជា វិស័យអាកាសចរណ៍ ការនាំចេញអង្ករ វិស័យឧត្តមសិក្សា និងកិច្ចសហប្រតិបត្តិការ​លើវិស័យវប្បធម៌ សិល្បៈ និងកីឡាផងដែរ។

លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាន នៃទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងបន្ទាប់ ពីជំនួប រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីទទួល បន្ទុក ទីស្តីការ គណៈរដ្ឋ មន្ត្រីនិង ឯកឧត្តមPengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតព្រុយណេប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នៅវិមានមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រីថា កិច្ច ពិភាក្សានៅក្នុងជំនួបនោះ បានផ្តោតទៅលើការជំរុញឲ្យមានការហោះហើរត្រង់ពីព្រុយណេមកកម្ពុជា និងការផ្តល់ អាហារូបករណ៍ ដល់និស្សិត កម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិក ដែលឧបត្ថម្ភដោយប្រទេសព្រុយណេ ការនាំអង្ករ ចេញទៅព្រុយណេ និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងការ បណ្ដុះបណ្ដាល កីឡាបាល់ទាត់ក្រោមអាយុ២៣ឆ្នាំផងដែរ។

ប្រភពដដែលឲ្យដឹងបន្តថា ឯកអគ្គរាជទូតព្រុយណេបានជម្រាបជូនឯក ឧត្តមឧបនាយករដ្ឋមន្ត្រីថា ប្រទេស ព្រុយណេមានបំណងចង់ហោះហើរត្រង់ពីព្រុយណេមកភ្នំពេញ និងខេត្តសៀមរាប ដោយសារ ប្រទេស កម្ពុជា មានសក្ដានុ ពលវិស័យទេសចរណ៍ខ្ពស់ ដែលមានកំណើនទេសចរ១៨% ក្នុង១ឆ្នាំៗ ហើយនៅឆ្នាំ២០១៣ កន្លងទៅកម្ពុជាទទួលភ្ញៀវទេសចរបាន៤,២លាននាក់ នាំមកនូវប្រាក់ ចំណូល ប្រមាណ ២.៥០០លាន ដុល្លារអាម៉េរិកចូលក្នុងថវិកាជាតិរួមចំណែកប្រមាណ១៦%នៅក្នុងផលទុនជាតិ។

ឯកឧត្តមទូតបានស្វាគមន៍ និងចង់ឃើញនិស្សិតកម្ពុជាទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកថ្នាក់បណ្ឌិត ក្រោមការជួយឧបត្ថម្ភរបស់ប្រទេសព្រុយណេ។ ឯកអគ្គរាជទូតក៏បានលើកឡើងផងដែរថាប្រទេស កម្ពុជា បានផលិត ស្រូវក្នុង១ ឆ្នាំជាង៩លានតោន ហើយនៅសល់ប្រមាណ៤លានតោន លើសពីសេចក្តី ត្រូវការ ហើយប្រទេសព្រុយណេ ដែលធ្លាប់តែនាំអង្ករចូលពីប្រទេសវៀតណាម និងថៃ ប៉ុន្តែឥឡូវនេះ បានងាក មកសម្លឹងមើលការនាំចូលអង្ករពីប្រទេសកម្ពុជាវិញម្តង។ ប្រទេសកម្ពុជាជាអ្នកកាន់សាសនាព្រះពុទ្ធ ហើយ ប្រទេសព្រុយណេ កាន់សាសនាឥស្លាម ប៉ុន្តែប្រទេសទាំងពីរមានសុខដុមរមនាជាមួយគ្នាដូច សាសនិក ឥស្លាមនៅកម្ពុជាដែរ ហើយថ្មីៗនេះ ក្នុងពិធីបុណ្យរ៉ាម៉ាឌន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួម ស្រាយបួសពិសារអាហារជាមួយសាសនិកឥស្លាមនៅកម្ពុជា ដែលជាការបង្ហាញ ឲ្យឃើញថា រាជរដ្ឋាភិបាលចង់ឃើញអ្នកកាន់សាសនាផ្សេងៗ នៅកម្ពុជាមាន សុខដុមរមនា ជាមួយគ្នា។ រាជរដ្ឋាភិបាលព្រុយណេក៏ចង់ឲ្យមានការចុះអនុស្ស រណៈ ដើម្បីពង្រឹង ទំនាក់ទំនង ផ្នែកយុវជន កម្ពុជា និងព្រុយណេ និងវប្បធម៌ និង វិចិត្រលិល្បៈរវាងប្រទេសទាំងពីរ។

លោក ឯក ថា បានឲ្យដឹងបន្តថា ឯកឧត្តម សុខ អាន បានស្នើឲ្យលោក ទូតព្រុយណេ ពិភាក្សា ពីនីតិវិធី ក្នុងការនាំចេញអង្ករ ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដោយបញ្ជាក់ពីសេចក្តីត្រូវការរបស់ប្រទេសព្រុយណេ ដើម្បីឲ្យសហព័ន្ធស្រូវអង្ករកម្ពុជាអាចពិនិត្យលើការចុះអនុស្សរណៈជាមួយគ្នាបាន។ ឯកឧត្តមមាន ប្រសាសន៍ថា កន្លងទៅប្រទេសកម្ពុជានៅសល់ស្រូវអង្ករច្រើន ហើយបានលក់ចេញទៅកាន់ប្រទេសវៀតណាម និង ប្រទេសថៃ ដោយតម្លៃថោក ដូចនេះកម្ពុជាត្រូវការការ វិនិយោគ ពីក្រៅប្រទេស លើការកែច្នៃអង្ករ សម្រាប់ នាំចេញ។ ពាក់ព័ន្ធការហោះហើរត្រង់ពីព្រុយណេមកកម្ពុជា ឯកឧត្តម សុខ អាន បានបញ្ជាក់ថា អាជ្ញាធរ អាកាសចរណ៍កម្ពុជាកំពុងរៀបចំបែបបទសម្រួលឲ្យបានលឿន ដើម្បីបង្កើននូវ ភ្ញៀវទេសចរ មកកាន់កម្ពុជានោះ៕
ដោយ ពេជ្រ ណារិទ្ធ

ក្រុមជនពិការស្នើឲ្យមានការកែសម្រួល បញ្ហាពិការភាព​នៅក្នុង​ប្រព័ន្ធបោះឆ្នោត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

ក្រុម​ជន​ពិការ​នៅ​ទូទាំង​ប្រទេស បាន​ជំរុញ​ឲ្យគណៈ​កម្មាធិការ​ជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) ចាប់ផ្តើមគិតគូរធ្វើការកែសម្រួលអំពីបញ្ហាពិការភាពមួយ ចំនួន​នៅក្នុង​ប្រព័ន្ធបោះឆ្នោត ខណៈដែល គ.ជ.ប គ្រោងធ្វើការកែទម្រង់ឡើង វិញនៅពេលឆាប់ៗនេះ។

ក្នុងជំនួបទ្វេភាគីរវាងអង្គការជនពិការកម្ពុជា ជាមួយ គ.ជ.ប កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្នាក់​ការគ.ជ.ប ក្នុងក្រសួងមហាផ្ទៃ លោក ងិន សៅរត្ន័ ប្រធានអង្គការជនពិការកម្ពុជា និងតំណាង​ឲ្យជនពិការ​ទាំងអស់នៅ ទូទាំងប្រទេសបានឲ្យដឹងថា ជនពិការបានជួបឧបសគ្គជាច្រើន ក្នុងដំណើរការ បោះឆ្នោតកន្លងមក ដែលទាមទារឲ្យមានការដោះស្រាយជាបន្ទាន់ ដើម្បីឲ្យពួក គេបានចូលរួម​បោះឆ្នោត​ប្រកបដោយ​ភាពពេញ​លេញស្របតាមច្បាប់។ លោក បានបញ្ជាក់ថា បញ្ហាប្រឈមធំៗ ដែលបានជួបប្រទះជារឿយៗ សម្រាប់បងប្អូន ជនពិការក្នុងដំណើរការបោះឆ្នោត ពួកគេលំបាកទាំងការទៅចុះឈ្មោះបោះ ឆ្នោត និងការចេញទៅបោះឆ្នោត ពិសេសក្នុងអំឡុងពេលបោះឆ្នោត ដែល ការិយាល័យបោះឆ្នោតមួយចំនួន ពុំបានបង្កលក្ខណៈ​ងាយស្រួល​ដល់ជនពិការ ទេ ដូចជាគ្មានជម្រាល ឬបង្កាន់ដៃសម្រាប់ជនពិការ ការខ្វះរទេះ ឬជំនួយពីអ្នក ដទៃ ដែលការ​គិតគូរពីបញ្ហាពិការភាពរបស់បងប្អូនជនពិការ នៅក្នុងដំណើរការ បោះឆ្នោត ចាប់ពីពេលនេះ​ទៅជារឿង​សំខាន់បំផុត។

ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានទទួលស្គាល់អំពីភាព ចន្លោះប្រហោងមួយចំនួន ដែលបាន​រៀបចំចំពោះជនពិការ ប៉ុន្តែឯកឧត្តមអះ អាងថា ការបោះឆ្នោតនីមួយៗ សម្រាប់ជនពិការ ត្រូវបានយក​ចិត្ត​ទុកជាអាទិ ភាព ដើម្បីឲ្យជនពិការបានទៅបោះឆ្នោតគ្រប់ៗគ្នា ក្នុងនោះមានទាំងការអប់រំ ទីតាំង ដំណើរការ​ចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និងការទៅបោះឆ្នោត។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់សំណើចង់​ឲ្យមាន​ការកែតម្រូវបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយបង្ហាញអត្តសញ្ញាណជនពិការនោះ អាចធ្វើទៅបាន​លុះត្រាតែ​មានការកែ ទម្រង់ថ្មី មានច្បាប់ត្រឹមត្រូវដែលអនុម័តដោយរដ្ឋសភា ហើយជាមធ្យោបាយ ដើម្បីឲ្យជន​ពិការកាន់តែមានភាពងាយស្រួលក្នុងការបោះឆ្នោត តាមរយៈការកែ ទម្រង់នាពេលខាងមុខនេះ គួរតែមាន​ការពិភាក្សា រួមគ្នារវាងគណបក្សនយោ បាយ និងគ.ជ.ប និងតំណាងជនពិការ ដើម្បីបង្ហាញពីបញ្ហាប្រឈម និងលើក ជាអនុសាសន៍ក្នុងការកែតម្រូវឡើងវិញ។

តាមការអង្កេតកន្លងទៅដោយអង្គការជនពិការកម្ពុជា ដែលគាំទ្រដោយទី ភ្នាក់ងារ​សហរដ្ឋ​អាមេរិកសម្រាប់​ការអភិវឌ្ឍអន្ដរជាតិ (USAID) បានរកឃើញថា មានជនពិការតែ៦១.៦% ប៉ុណ្ណោះ​ដែលបាន​ចូលរួមក្នុង​ការបោះឆ្នោត ហើយ បញ្ហាប្រឈមដែលរារាំងជនពិការមិនអាចទៅបោះឆ្នោតបាន គឺដោយសារពុំបាន ទៅចុះឈ្មោះបោះឆ្នោត និងពិបាករកមធ្យោបាយធ្វើដំណើទៅបោះឆ្នោតជា ដើម៕
ដោយ អ៊ុន រិទ្ធី

សាលាបាយបន្តផ្តល់ជំនាញផ្នែកទេសចរណ៍ ដល់សិស្សក្រីក្រដោយមិនមានបង់ប្រាក់

AKP ខេត្តសៀមរាប ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤

សាលា​បាយ​ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប ដែល​បាន​ផ្តល់​ ជំនាញ​ផ្នែក​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ដល់​សិស្ស​ក្រីក្រ​ ដោយ​មិនមាន​បង់​ ប្រាក់​នោះ​ បាន នឹង​កំពុង​ជ្រើស​រើស​សិស្ស​ចំនួន១០០​ នាក់បន្ថែម​ទៀត​សម្រាប់​ ការបណ្តុះ​បណ្តាល​ក្នុង​វគ្គជំនាន់​ទី១៣​ ក្នុង​ ឆ្នាំ២០១៤​ នេះ ​បន្ទាប់ពីសិស្សជំនាន់​ ទី១២ បានបញ្ចប់ ​និងទទួល​បានវិញ្ញាបន​បត្របញ្ជាក់​ការសិក្សា​កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤។

លោក Claude Colombie នាយកសាលាបាយ បានឲ្យដឹងនៅក្នុងពិធី ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាថា នៅក្នុងរយៈពេល១២ ឆ្នំាកន្លងមកនេះ សាលាបាយបានបណ្តុះបណ្តាលដល់សិស្ស ដែលគ្រួសារ​មានជីវភាព​ក្រីក្រ បាន ចំនួន១ ១០០ នាក់ ដោយឥតគិតថ្លៃនៅទូទំាងប្រទេស លើជំនាញផ្សេងៗដូចជា ផ្នែកភោជ​នីយ​ដ្ឋាន ចុងភៅ គេហកិច្ច និងការិយាល័យជួរមុខ…ដោយបានធ្វើឲ្យគ្រួសារបស់សិស្សប្រមាណជា៦០ ០០០ នាក់​មាន​ជីវភាពធូរធាជាងមុន។ បច្ចុប្បន្ន សាលាបាន នឹងកំពុងជ្រើសរើសសិស្ស ដែលជាកូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០ នាក់មកធ្វើការបណ្តុះបណ្តាលបន្ត។

ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​កម្ពុជា ដែលមិនទាន់មានការងារធ្វើ និង គ្មានជំនាញច្បាស់លាស់ប្រញាប់ប្រញាល់ចូលរៀននៅសាលាបាយ និងនៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនានានៅទូទំាងប្រទេសកម្ពុជា ដើម្បីទទួលបាន ជំនាញមួយ​ច្បាស់​លាស់ សម្រាប់បម្រើការងារនៅក្នុងប្រទេស ដោយទទួលបានប្រាក់ខែខ្ពស់ ហើយមិនចំាចាច់​ទៅធ្វើចំណាក​ស្រុក ខណៈបច្ចុប្បន្នទីផ្សារការ ងារនៅក្នុងប្រទេសកំពុងតែត្រូវការធនធានមនុស្សច្រើន ជាពិសេសលើវិស័យ ទេសចរណ៍។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រ សាសន៍ថា បើតាមការព្យាករណ៍​របស់ក្រសួងទេសចរណ៍នៅ ឆ្នំា២០២០ កម្ពុជា នឹងទទួលបានភ្ញៀវទេសចរចំនួន៨លាននាក់ជាមួយ និង​ប្រាក់ចំណូលប្រមាណ ជាង៥ ០០០ លានដុល្លារ និងផ្តល់ការងារដល់ប្រជាពលរដ្ឋដោយផ្ទាល់ប្រមាណ ជាង៨០០ ០០០ នាក់ ដែលពេលនោះប្រជាពលរដ្ឋកម្ពុជា ជាធនធានមនុស្ស ស្នូលក្នុងការទ្រទ្រង់ និងផ្តល់​សេវាដល់អ្នកទេសចរទំាងនោះ ខណៈដែលបច្ចុប្បន្នយើងនៅមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់​បម្រើឲ្យវិស័យទេសរណ៍នៅឡើយ៕
ដោយ ហង្ស សៀក

វប្បធម៌ជាមូលដ្ឋានគ្រឹះសម្រាប់ផ្សារភ្ជាប់ ភាពប្រេះឆាក្នុងសង្គម

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤—

ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ គាត​ ឈន់ ​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​បាន​ថ្លែង​ថា​ សិល្បៈ​ច​ម្រៀង​ជា​ផ្នែក​មួយ​ នៃវប្បធម៌​ ដែល​ជា​ព្រលឹង​ជាតិ ជា​មូលដ្ឋាន​គ្រឹះ​ដ៏រឹង​មាំ​សម្រាប់​ផ្សារភ្ជាប់​ការប្រេះឆា​ក្នុងសង្គម​ ជាស្ពាន​ នៃសេចក្ដីយោគយល់ ជាការពង្រឹងសន្តិភាព ការបង្រួបបង្រួមជាតិ ការលើកស្ទួយសីលធម៌សង្គម ផ្សព្វផ្សាយចំណេះដឹង អប់រំបំផុសមនសិការសង្គម និងការបណ្ដុះបណ្ដាល​ស្មារតីស្នេហាជាតិដល់ប្រជាជន មហាជន និងយុវជន ព្រមទាំង​ជាប្រភព​មិនចេះរីងស្ងួត​សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។

ក្នុងពិធីបើកមហោស្រពសិល្បៈចម្រៀងខ្មែរជាសកលលើកទី៣ ឆ្នាំ២០១៤ នៅសាល មហោស្រព នៃមជ្ឈ​មណ្ឌល​ពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ឯក ឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ការ ប្រឡងជ្រើសរើសនេះនឹងទទួលបាននូវលទ្ធផលផ្លែផ្កាគាប់ប្រសើរ។ ដូច្នេះបេក្ខជន បេក្ខនារី ទាំងអស់ ត្រូវខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេព្យកោសល្យ ក្នុងការដណ្ដើម​យកជ័យ លាភី ព្រោះថា លទ្ធផលចុងក្រោយ ដែលទទួលបានពីការសម្រិតសម្រាំងប្រកបដោយគុណ ភាពនេះ គឺជាយន្តការមួយយ៉ាងសំខាន់ ក្នុងការប្រមូលជ្រើសរើសយកនូវបណ្ដាស្នាដៃផលិត ផល នៃវិស័យចម្រៀង​ឲ្យបានកាន់តែច្រើន ដើម្បីផ្ដល់សេវាជូនដល់សាធារណជនគ្រប់មជ្ឈ ដ្ឋានបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ តាមរយៈនេះ យើងអាចបង្កើតបានទីផ្សារផលិត ផលចម្រៀងខ្មែរសម្រាប់ទាញយកផលកម្រៃផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើនគុណភាពជីវភាពរស់ នៅ និងលើកកម្ពស់ឧត្ដមភាព​ជាតិរួមចំណែកមួយ​ផ្នែកដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង វប្បធម៌ ក៏ដូចជារួមចំណែកលើកកម្ពស់កិត្យានុភាព និងតម្លៃវប្បធម៌របស់ជាតិ ស្របតាម គោលដៅកម្ពុជា ព្រះរាជាណាចក្រវប្បធម៌ រួមជាមួយនឹងយុទ្ធនាការទេសចរណ៍កម្ពុជាព្រះ រាជាណាចក្រអច្ឆរិយ តាមរយៈរូបភាពសិល្បៈដើម្បីសិល្បៈ សិល្បៈដើម្បីការអប់រំ សិល្បៈដើម្បី ភាពរីករាយ សិល្បៈដើម្បីការអភិវឌ្ឍ សិល្បៈដើម្បីផលកម្រៃ និងសិល្បៈដើម្បីវប្បធម៌សន្តិ ភាព។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា ក្នុងមហោស្រពសិល្បៈ ចម្រៀង ខ្មែរជាសកលលើកទី៣ ដែលជាការប្រឡងជម្រើសជ័យលាភីនេះ មានបេក្ខជន បេក្ខនារីក្នុងស្រុកចំនួន៦៦រូប ស្ត្រី៣៤រូប និងបេក្ខជន បេក្ខនារីមកពីបរទេសចំនួន១៨រូប ស្ត្រី៧រូប ដោយ ការរៀបចំមហោស្រពនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការ ជាមួយ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដូចជាទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងវិស័យឯកជនរួមមានធនាគារកាណាឌីយ៉ា និងស្ថានីយវិទ្យុ ទូរទស្សន៍បាយ័ន។

ពិធីបិទមហោស្រពនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ទី៣១ កក្កដា ឆ្នាំ២០១៤ ក្រោម អធិបតីភាព ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដី ការគណៈរដ្ឋមន្ត្រីតំណាង ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ជឹម ណារី

ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ចូលគាល់ព្រះមហាក្សត្រ



ភ្នំពេញ: ថ្នាក់ដឹកនាំ ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាព​ម្ខាង ៣ រូប ដឹកនាំ​ដោយ​សម្តេច​ហ៊ុន​សែន និង​លោក​សម​រង្ស៊ី បាន​ចូល​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ ពី​លទ្ធផល​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ កាលពី​ម៉ោង ៤ រសៀល ថ្ងៃទី​២៤​កក្កដា​នេះ​។ រហូតដល់​ម៉ោង ៥ និង ៣០ នាទី ថ្នាក់ដឹកនាំ​កំពូល​ទាំងពីរ បាន​ចាកចេញ​ពី​ព្រះបរមរាជវាំង​វិញ​ហើយ​។​ ​ចំណែក​ក្រុម​អ្នកកាសែត​ជាច្រើន​នាក់ បាន​រង់ចាំ​នៅ​ក្រៅរបង​ព្រះបរមរាជវាំង ដើម្បី​យក​ព័ត៌មាន​។​

បន្ទាប់ ​បញ្ចប់​ការចូលគាល់​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោង​៥​និង​៣០​នាទី​នៅពេល​ចេញមក​វិញ លោក​សមរង្ស៊ី មានប្រសាសន៍​ខ្លី​ពីលើ​រថយន្ត​បើក​កញ្ចក់​និង​បរ​សន្សឹមៗ​ប្រាប់​ អ្នកសារព័ត៌មាន​ថា ៖ មាន​បរិយាកាស​ល្អ សង្ឃឹម​ច្រើន ព្រះករុណា​លោក​បាន​ប្រទាន​ពរជ័យ​ឲ្យ​ជោគជ័យ​។ ជាមួយគ្នា​នោះដែរ លោក​កឹម សុខា អនុប្រធាន​គណបក្ស ក៏បាន​មានប្រសាសន៍​នៅលើ​រថយន្ត​ដោយឡែក​មួយទៀត បាន​បញ្ជាក់ថា ព្រះករុណា​ព្រះអង្គ​គាំទ្រ​កិច្ចព្រមព្រៀង​នៃ​គណបក្ស​ទាំងពីរ (​កិច្ចព្រមព្រៀង​ស្តីពី ដំណោះស្រាយ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ២២​កក្កដា ២០១៤ នៅ​វិមាន​ព្រឹទ្ធសភា​) និង​នៅ​ចំពោះ​ព្រះភ័ក្ត្រ ព្រះករុណា នា​រសៀល​ថ្ងៃ​នោះដែរ ក៏មាន​ការពិភាក្សា​អំពី​ការដាក់​ឈ្មោះ​លោក​សម រង្ស៊ី ចូល​ជា សមាជិកសភា​នីតិកាល​ទី​៥​នេះ​ផងដែរ​។​


​ លោក សមរង្ស៊ី និង​លោក​កឹម​សុខា បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា កិច្ច​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​នឹង​ព្រះមហាក្សត្រ នា​រសៀល​នេះ ធ្វើឡើង​ក្នុង​បរិយាកាស​ល្អ ហើយ​ព្រះមហាក្សត្រ ក៏​បាន​គាំទ្រ​នូវ​ការសម្រេច​បាន​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​ រវាង​គណបក្ស​ទាំង​ពីរ​ផង​ដែរ​។ ព្រះមហាក្សត្រ ក៏បាន​ជូនពរ​ដល់​គណបក្ស​នយោបាយ​ទាំងពីរ ឲ្យ​ជោគជ័យ​ទាំងអស់​គ្នា​។​

​ យ៉ាងណាក៏ដោយ លោក​សម​រង្ស៊ី និង​លោ​កឹម​សុខា មិន​បាន​បញ្ជាក់ថា ពេល​ណា​ទើប​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ រូប ចូល​ធ្វើ​សច្ចាប្រណិធាន នៅក្នុង​ព្រះបរមរាជវាំង មុខ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​នោះ​ទេ​៕​ 


សាលារាជធានីភ្នំពេញបើកការដ្ឋានជួសជុលកែលម្អពង្រីក ផ្លូវយុទ្ធសាស្ត្រ នៅជាយក្រុង១ ខ្សែទៀត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤
សាលា​រាជ​ធានី​ភ្នំពេញ​ បាន​បើក​ការ​ដ្ឋាន​ជួសជុល​កែលម្អ​ពង្រីក​ផ្លូវយុទ្ធ​ សាស្ត្រ ​នៅ​ជាយ​ក្រុង១​ ខ្សែ​ទៀត​ទៅ​តាម​គោល​ការណ៍​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែក្រវាត់​ក្រុង ដើម្បីបញ្ចៀសចរាចរនៅកណ្ដាលរាជធានី ស្របពេលដែលការកកស្ទះចរាចរនៅតែបន្តកើតមាននោះ ហើយ​យុទ្ធ​សាស្ត្រនេះ​ធ្វើឡើងក្នុងគោល បំណងចង់ឲ្យរោងចក្រ សហគ្រាស​មួយ​ចំនួន​ដែល​កំពុង​តែធ្វើ​អាជីវ​កម្ម​រកស៊ីនៅកណ្ដាលក្រុង បង្វែរទិសដៅមកជាយក្រុងវិញ។

ពិធីបើកការដ្ឋាននេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៤ នៅតាមបណ្តោយផ្លូវព្រៃស ក្នុង​សង្កាត់ព្រៃស ខណ្ឌដង្កោ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការ​ចូលរួមពីមន្ត្រីក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។

ឯកឧត្តម ប៉ា សុជាតិវង្ស មានប្រសាសន៍ថា នេះជាផ្លូវយុទ្ធសាស្ត្រនៅជាយ ក្រុង១ ខ្សែទៀត ដែលស្ថាបនា​ឡើងប្រកបដោយគុណភាព បន្ទាប់ពីផ្លូវលេខ៣៧១ ផ្លូវជើងឯក ផ្លូវចោមចៅ និងផ្លូវកប់ស្រូវ ដែលបាន​ជួយ​កាត់បន្ថយការកកស្ទះចរាចរនៅកណ្ដាលក្រុងបានច្រើន ក្រោមការគិតគូ និងផ្តល់លទ្ធភាព​ដោយសម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យសាលារាជធានីភ្នំពេញជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងប្រព័ន្ធលូក្នុងក្រុងឲ្យបានកាន់តែប្រសើរ។

ឯកឧត្តមអភិបាលបានសំណូមពរឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ជួយតាមដាន​ពិនិត្យមើល​សកម្មភាព​ស្ថាបនាផ្លូវរបស់ក្រុមហ៊ុន ជាមួយសាលារាជធា នីភ្នំពេញ ព្រោះបើពឹងផ្អែកតែ​មន្ត្រីជំនាញ​គឺមើល​មិនអស់​ទេ។ សាលារាជធានីភ្នំពេញតែងបានយកចិត្តទុកដាក់ទៅលើការស្ថាបនាផ្លូវ និងលូ ដើម្បីកាត់​បន្ថយការ​លិចលង់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែក៏នៅមិនទាន់បានគ្រប់គ្រាន់ដោយ សារភ្លៀងធ្លាក់​យ៉ាងគំហុក​ក្នុងរយៈពេលចុងក្រោយនេះ ធ្វើឲ្យភូមិសាស្ត្រមួយចំនួនត្រូវជន់លិចដោយសារទឹកហូរមិនទាន់ តែសាលារាជធានីភ្នំពេញពិតជាមិនរាថយក្នុងការងារនេះទេ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា ផ្លូវព្រៃស ដែលត្រូវ​ពង្រីកនាពេលនេះ មានប្រវែង៥ ០០០ ម៉ែត្រ ទទឹង១១ ម៉ែត្រ និងមានកម្រាស់២ តឹក ដោយចាក់ជា​បេតុងឆ្អឹងដែក ចាប់ពីកែងផ្លូវចំការដូងដល់មុខវត្តអង្គមេត្រី ដែលជាការជួសជុលក្នុងជំហានទី១ ក្នុងប្រវែងផ្លូវសរុបជាង១១ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវត្តស្លែងដល់ផ្លូវចំការដូង ប្រសព្វនឹងផ្លូវជាតិលេខ២។ ចំណែកផ្លូវ៦ គីឡូម៉ែត្រទៀតសាលារាជ ធានីភ្នំពេញនឹងបន្តធ្វើនៅឆ្នាំក្រោយ។ កំណាត់ផ្លូវមួយខ្សែនេះត្រូវបានក្រុមហ៊ុន STR ជាអ្នកទទួលម៉ៅការសាងសង់ពីសាលារាជធានី ដោយ​ប្រើប្រាស់​រយៈពេលស្ថាបនា៧ ខែ។ ក្រោយការស្ថាបនាផ្លូវនេះអាចប្រើប្រាស់បានរយៈពេល២០ ឆ្នាំ ដោយទ្រាំទ្រទម្ងន់បាន៣០ តោន។

ផ្លូវព្រៃសនេះ ធ្លាប់បើកការដ្ឋានស្ថាបនាម្តងរួចមកហើយកាលពី ឆ្នាំ២០០៥ ជាប្រភេទផ្លូវកៅស៊ូ DBST តែដោយសារផ្លូវនេះមានការខូចខាតច្រើនទើបសា លារាជធានីភ្នំពេញ​បានសម្រេច​ប្ដូរពីផ្លូវកៅ​ស៊ូមកជា​ផ្លូវបេតុងឆ្អឹងដែកវិញ ហើយជាគម្រោងទៅថ្ងៃអនាគតផ្លូវនេះត្រូវស្ថាបនាមានប្រវែងទទឹង៣០ ម៉ែត្រ៕
ដោយ សួស សំរិត

ក្រុមប្រឹក្សាខេត្តប្រជុំសាមញ្ញលើកទី២អាណត្តិទី២

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤

ព្រឹកថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ ២០១៤ ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី២ ​អាណត្តិ​ទី២​ របស់​ខ្លួន​ក្រោម​អធិ​បតីភាព​ឯក ​ឧត្តម អ៊ុង ​អឿន ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ។

របៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២ នេះរួមមាន ពិនិត្យ ពិភាក្សា និង អនុម័ត​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ក្រុម​ប្រឹក្សា​ខេត្ត​ ពិនិត្យ​ ពិភាក្សា​ និង​អនុម័តសេចក្ដី ព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្ត នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង ប្រតិទិននៃ​កិច្ចប្រជុំសាមញ្ញរយៈពេល១២ ខែ ចាប់ពីខែមិថុនា ឆ្នាំ២០១៤ ដល់ខែ ឧសភា ឆ្នាំ២០១៥ ព្រមទាំងសំណួរ​ចម្លើយ និងការបញ្ចេញមតិយោបល់ និង បញ្ហាផ្សេងៗ ។

ឯកឧត្តម អ៊ឹម ភាន់សុផល អភិបាលរងខេត្ត បានលើកឡើងពីផលវិបាក របស់ប្រជាពលរដ្ឋ ក្នុងការ​រក​កន្លែង​ធ្វើ​លិខិតឆ្លងដែន ដើម្បីទៅធ្វើការក្នុងប្រ ទេសថៃ នៅពេលដែល​ប្រជាពលរដ្ឋ​កំពុង​នាំគ្នា​សម្រុក​ស្វែង​រកការងារ​ធ្វើនៅប្រ ទេសថៃនោះ។ ឯកឧត្តមបានបង្ហាញពីក្តីកង្វល់ចំពោះកង្វះកម្លាំងពលកម្មនៅ ក្នុងរោង ចក្រនៃតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្ត ដែលនឹងត្រូវពង្រីកបន្ថែមទៀត នាពេលខាងមុខ។

ចំពោះបញ្ហាទឹក ឯកឧត្តមបានបញ្ជាក់ថា កាលពីដើមរដូវ នៅខេត្តបន្ទាយ មានជ័យទទួលបានទឹកភ្លៀងតិច ធ្វើឲ្យដំណាំស្រូវនៅតំបន់ខ្លះជួបកង្វះទឹក តែ យើងបានជួយបូមទឹកដាក់សង្គ្រោះស្រូវ ប៉ុន្តែ​ឥឡូវ​នេះមាន​ភ្លៀង​ធ្លាក់ជាបន្ត បន្ទាប់ ហើយអាជ្ញាធរខេត្តក៏បានត្រៀមលក្ខណៈ ដើម្បីជួយសង្គ្រោះកសិផលរបស់កសិករ និងបញ្ហាគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតឡើងនៅពេលខាង មុខនេះ។

ឯកឧត្តម អ៊ុង អឿន បានថ្លែងកោតសរសើរដល់គណៈអភិបាល ខេត្ត ស្រុក ក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារទទួល បានលទ្ធផលល្អ និងជោគជ័យ ពិសេស​ការរៀបចំ​បង្កើត​គណៈកម្មាធិការទាំងបី ការជួយសម្រួលដល់ពលករកម្ពុជា ដែលនិវត្តន៍ពីប្រទេសថៃ ហើយឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្តក៏បានជំរុញឲ្យអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តន៍​ឲ្យបាន​ជោគជ័យ​ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឲ្យកាន់ តែរីកចម្រើន ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី៣ របស់រាជរដ្ឋាភិ បាលកម្ពុជា៕
ដោយ ឈុន សារ៉ាត

ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ពិនិត្យសេចក្តីព្រាងអនុក្រឹត្យ ស្តីពីអង្គភាពគ្រប់គ្រងសិទ្ធិរួម

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤
ក្រុមការងារក្រសួងព័ត៌មានដឹកនាំដោយឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌ មាន និងក្រុមការងារ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដឹកនាំដោយឯកឧត្តម គង់ កន្ថារ៉ា អនុ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅទីស្តីការក្រសួងព័ត៌មានបានបើកកិច្ចពិភាក្សាពិនិត្យ និងផ្តល់យោបល់កែសម្រួលអំពី ពាក្យ​ពេចន៍ អត្ថន័យ ឃ្លាឃ្លោង ដែនសមត្ថកិច្ច តួនាទីភារកិច្ច​គ្រប់គ្រង​របស់ក្រសួងនីមួយៗកុំ ឲ្យជាន់គ្នា ដើម្បី​ឲ្យការរៀបចំបទបញ្ញត្តិ អនុក្រឹត្យអង្គភាពគ្រប់គ្រងសិទ្ធិរួមកម្ពុជា (អ.ស.ក) មានភាពរលូន និងមានខ្លឹម​សារ​គ្រប់ជ្រុងជ្រោយ ដើម្បីយកទៅដាក់ឆ្លងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី​ក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម គង់ កន្ថារ៉ា បានលើកឡើងថា សេចក្តីព្រាងអនុក្រឹត្យស្តីពីអង្គភាពគ្រប់គ្រង សិទ្ធិកម្ពុជានេះ​មាន១៨ ជំពូក ចែកចេញជា២៧ មាត្រា បង្កើតឡើងក្នុងគោលបំណងជំរុញ និងពង្រឹងការរីកចម្រើន នៅក្នុង​វិស័យច្បាប់ ដែលទាក់ទងនឹងសិទ្ធិអ្នកនិពន្ធ ជាពិសេសសិទ្ធិ អ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែល​ទាក់ទង​នឹងស្នាដៃតន្ត្រី ដោយធ្វើការគាំទ្រ ឬស្នើ សុំធ្វើវិសោធនកម្មលើបទបញ្ញត្តិច្បាប់ ដើម្បីឲ្យមាន​ការរីកចម្រើន។ ច្បាប់នេះក៏ដើម្បីឈានទៅ ចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនបរទេស ឬអង្គភាព​គ្រប់គ្រងសិទ្ធិរួមបរទេស ដែលមាន លក្ខណៈដូចគ្នា និងមានគោលបំណងការពារ និងពង្រឹង​សិទ្ធិអ្នក​និពន្ធដូចគ្នា ក៏ដូចជារកវិធី សាស្ត្រ ដើម្បីជួយដល់អ្នកនិពន្ធ អ្នកនិពន្ធបទភ្លេង និងដើម្បីចូលរួម​ជាមួយ​អង្គភាព​គ្រប់គ្រង សិទ្ធិរួមអន្តរជាតិ។ អនុក្រឹត្យនេះក៏មានបំណងអនុវត្តន៍ និងការពារសិទ្ធិជំនួសឲ្យសមាជិក ក្រោមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដែលទាក់ទងនឹងស្នាដៃតន្ត្រី ស្នាដៃអក្សរសាស្ត្រ ឬស្នាដៃសិល្បៈ ក្នុងការធ្វើអាជីវកម្ម ការផលិតឡើងវិញ ការសម្តែង ការកែសម្រួល ដែលត្រូវ បានប្រើប្រាស់ក្នុង​ប្រទេស​កម្ពុជាឬបរទេស។ ចំពោះគោលបំណងអង្គភាពគ្រប់គ្រងសិទ្ធិរួម កម្ពុជានោះ មិនត្រូវរកប្រាក់ចំណេញ​ឲ្យបានលើសលប់សម្រាប់សមាជិកនោះឡើយ។

ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមទូរទស្សន៍ កម្ពុជាបាន​បញ្ជាក់​ដែរ​ថា ក្រោយពីអនុក្រឹត្យនេះចេញហើយ កាន់តែធ្វើឲ្យវិស័យឧស្សាហកម្ម វប្បធម៌នៅកម្ពុជា​កាន់តែមាន​ការអភិវឌ្ឍទៅមុខជានិច្ច ព្រោះត្រូវបានរួមចំណែកការពារក្នុង ការបំពេញភារកិច្ចរបស់​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកលើ វិស័យកម្មសិទ្ធិបញ្ញា។ អនុក្រឹត្យនេះនឹងមានវិសាលភាព​គ្រប់គ្រងអង្គភាពគ្រប់គ្រងសិទ្ធិរួម គ្រប់ប្រភេទនៅកម្ពុជា ដូចជាសិទ្ធិសម្តែងជាសាធារណៈ សិទ្ធិផលិត​ជាហ្វូណូក្រាម សិទ្ធិ សម្តែងស្នាដៃនាដកម្ម សិទ្ធិផលិតឡើងវិញ នៃស្នាដៃអក្សរសាស្ត្រ អ្នកនិពន្ធ​អក្សរសាស្ត្រ និង អ្នកបោះពុម្ពផ្សាយស្នាដៃ សិទ្ធិស្នាដៃតូរ្យតន្ត្រី និងសិទ្ធិផ្សព្វផ្សាយតាមអង្គភាពទូរទស្សន៍ ផ្សាយជាដើម ហើយអង្គភាពគ្រប់គ្រងសិទ្ធិរួមនេះជានីតិបុគ្គល ដែលមិនរកប្រាក់ចំណេញ។

ឯកឧត្តម ថាច់ ផែន បានបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យស្តីពីអង្គភាពគ្រប់គ្រងសិទ្ធិ រួមកម្ពុជានេះ គឺធ្វើយ៉ាងណាជំរុញឲ្យបានឆាប់ ដើម្បីយកទៅអនុម័ត និងប្រកាសឲ្យប្រើប្រាស់ ព្រោះអនុក្រឹត្យ​នេះមានគោលបំណងការពារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងនៅបរទេស ព្រមទាំងការធានាការធ្វើអាជីវកម្មស្របច្បាប់លើ ផលិតផលវប្បធម៌។ លើសពីនេះអនុក្រឹត្យនេះ គឺបានលើកទឹកចិត្ត និងជំរុញការបង្កើតស្នាដៃ ថ្មីៗ ក្នុងវិស័យអក្សរសាស្ត្រ វិទ្យាសាស្ត្រ សិល្បៈ ឬតូរ្យតន្ត្រីជាដើម។ ឯកឧត្តមក៏បានសំ ណូមពរផងដែរដល់ក្រសួងវប្បធម៌ និងវិចិត្រ​សីល្បៈរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ ធ្វើយ៉ាង ណាកុំឲ្យមានការជាន់ដែនសមត្ថកិច្ច រវាងតួនាទីភារ​កិច្ចគ្រប់គ្រងរបស់ក្រសួងទាំងពីរ គឺក្រ សួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
ដោយ ប៉ាល់ សុង

ក្រុមហ៊ុន NEC មានបំណងសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន និងអាជ្ញាធរកម្ពុជា លើប្រព័ន្ធព័ត៌មានវិទ្យា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤
នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយ​ឯក​ឧត្តម​ ខៀវ ​កាញារីទ្ធ​ រដ្ឋ​មន្រ្តី​ ក្រសួងព័ត៌មាន ​នាព្រឹកថ្ងៃទី២៤​ ខែកក្កដា ​ឆ្នាំ២០១៤​ នៅ​ទីស្តី​ការ​ក្រសួង ​លោក​ Toshiya Matsuki ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ NEC ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​ជម្រាប​ជូន​ពី​ផលិត​ផល​ និង​បច្ចេក​វិទ្យា​ទំនើបរបស់ក្រុមហ៊ុន NEC ជា ពិសេសលោក​មានបំណងចង់​ធ្វើកិច្ច​សហប្រតិបត្តិការ ជាមួយក្រសួង​ព័ត៌មាន ក៏ដូចជាអាជ្ញាធរកម្ពុជា លើផ្នែកជាច្រើន ដែលទាក់ទងទៅនឹងប្រព័ន្ធព័ត៌មាន វិទ្យា ដូចជាការ​ត្រួតពិនិត្យលិខិតឆ្លងដែន ការគ្រប់គ្រងធនធានមនុស្ស និងកិច្ច ការជាច្រើនទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា កន្លងមកយើង ពិនិត្យឃើញថា កិច្ចសហការ​របស់​ក្រុមហ៊ុន NEC ជាមួយប៉ូលីសអន្តរជាតិ Interpol ក្នុងការបង្កើត​ជាមជ្ឈម​ណ្ឌល​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណែត នៅប្រទេសសិង្ហបុរីបានល្អប្រសើរ ហើយនៅពេលមជ្ឈមណ្ឌលនេះដំណើរការ យើង​នឹងបញ្ជូនមន្ត្រីជំនាញ​ទៅ​ពិនិត្យមើលនូវដំណើរការការងារនេះ ដើម្បីធ្វើ កិច្ចសហការជាមួយគ្នា ក្នុងការ​ការពារ និងកំចាត់ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធអ៊ីនធឺ ណែតនេះឲ្យមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងទៀតថា ក្រសួងព័ត៌ មានមាន​គម្រោង​បង្កើត​ជាមណ្ឌល​ថែរក្សា​ឯកសារ​ចាស់ៗ​មាន​ដូចជា រូបថត រូប ភាព វីដេអូ ឯកសារបោះពុម្ភ និងខ្សែអាត់សំឡេងជាដើម ដែលមានតាំងពី ឆ្នាំ ១៩៧៨ មកនោះឲ្យ​នៅប្រមូលផ្តុំគ្នាតែមួយកន្លែង។ ដូច្នេះដើម្បីរក្សាឯកសារ ទាំងអស់នេះឲ្យបានល្អ យើង​ត្រូវ​ត្រៀម​លក្ខណៈ​បង្ការនូវការជ្រៀតចូលរបស់អ្នក ផ្សេង មកបំផ្លាញឯកសារទាំងនេះតាមប្រព័ន្ធអ៊ីនធឺណែត ដែល​ទាមទារ​ឲ្យយើង មានការថែរក្សាការពារក្នុងកម្រិតខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាន៍ថា ទូរទស្សន៍ជាតិកម្ពុជាបានធ្វើការពិនិត្យ ពិចារណា ក្នុងកិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន NEC ដើម្បីរក្សាឯកសារ វីដេអូជាច្រើនរបស់ទូរទស្សន៍ជាតិ ដែលមានតាំងពីយូរ​ណាស់​មកហើយ។ នៅ ក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចាត់ឲ្យមន្រ្តីជំនាញរបស់ក្រសួងព័ត៌ មាន​ធ្វើការទាក់ទងជាមួយក្រុមហ៊ុន NEC តាមផ្នែកនីមួយៗ ដើម្បីពិភាក្សាលើ បច្ចេកទេស សម្រាប់​ធ្វើកិច្ច​សហប្រតិ​បត្តិការជាមួយគ្នា។

ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត ឯកឧត្តមរដ្ឋមន្រ្តីបាន បញ្ជាក់ថា ការបង្រ្កាប និងប្រឆាំង​អំពើឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណែត គឺជាការ ងាររបស់ស្ថាប័នប៉ូលីស ដែលមានភារកិច្ច រីឯ​ក្រសួងព័ត៌​មាន មានតួនាទីត្រឹម តែការពារកុំឲ្យមានការវាយលុកជាយថាហេតុ តាមប្រព័ន្ធអ៊ីនធឺណែតមកលើ គេហទំព័រ និងប្រព័ន្ធថែរក្សាឯកសារតែប៉ុណ្ណោះ៕
ដោយ ហ៊ុន យុទ្ធគុណ

ឯកឧត្តម លន់ លឹមថៃ ប្រគល់អត្តសញ្ញាណប័ណ្ណគំរូថ្មីជូនប្រជាពលរដ្ឋ នៅក្នុងស្រុកកងមាស

AKP ខេត្តកំពង់ចាម ថ្ងៃទី២៤  ខែកក្កដា ឆ្នាំ២០១៤

ប្រ​ជាពល​រដ្ឋ​ចំនួន​១.២៥១​ នាក់​នៅ​ក្នុង​ស្រុក​កង​មាស​ ខេត្ត​កំពង់​ចាម ​បាន​ ទទួល​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋខ្មែរ​គំរូថ្មី​ ពីឯកឧត្តម ​លន់ ​លឹមថៃ​ អភិបាលខេត្ត​ កំពង់​ចាម​នៅ​ថ្ងៃ​ទី២៣ ​ខែកក្កដា ​ឆ្នាំ២០១៤។​

នៅក្នុងពិធីប្រគល់អត្តសញ្ញាណប័ណ្ណនេះ ឯកឧត្តម លន់ លឹមថៃ បានគូស បញ្ជាក់ថា អត្ត​សញ្ញាណ​ប័ណ្ណគឺជាទ្រព្យសម្បត្តិដ៏មានសារសំខាន់ ដើម្បីសម្គាល់ អត្តសញ្ញាណបុគ្គលម្នាក់ៗ សម្រាប់យក​ទៅប្រើប្រាស់ក្នុងកិច្ចការផ្សេងៗ ដូចជា ចូលបម្រើការងាររដ្ឋ ឬឯកជន និងធ្វើលិខិតឆ្លងដែន ។ល។ ដូច្នេះបងប្អូនប្រជា ពលរដ្ឋ ត្រូវថែរក្សាអត្តសញ្ញាណប័ណ្ណប្រជា​ពលរដ្ឋខ្មែរនេះឲ្យបានគង់វង្ស កុំឲ្យ បាត់បង់ ហើយប្រសិនបើមានការបាត់បង់ត្រូវរាយការណ៍ជូន​ប្រធានភូមិ ឬមន្រ្តី នគរបាល​​​​​ក្នុងភូមិ ឃុំ ស្រុក​របស់​បងប្អូនជាបន្ទាន់។

​ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ប្រ មុខដឹកនាំ​រាជរដ្ឋាភិបាល​ជូន​ចំពោះ​បងប្អូនជនរួមជាតិ ដោយមានប្រសាសន៍ថា ដែលជានិច្ច​​កាលសម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ ដទៃទៀត តែងតែបាន​គិតគូខ្ពស់​ដល់សុខទុក្ខ​របស់បងប្អូន​ប្រជាពល​រដ្ឋយើង ជានិច្ច។ ដោយរដូវនេះជា​រដូវភ្លៀង ឯកឧត្តមអភិបាលខេត្ត បានស្នើដល់បងប្អូន ប្រជាពល​រដ្ឋក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពកូនចៅដោយអនុវត្តន៍ ទៅ​តាមទិស​ស្លោកទាំង៣ ប្រការគឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយ ត្រូវឲ្យកុមារសម្រាកក្នុងមុងជានិច្ច។ ​ម្យ៉ាងទៀត​ដោយទឹកទន្លេបានឡើងជាបន្ត បន្ទាប់នោះ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាព ដើម្បីចៀស វាងគ្រោះថ្នាក់ជាយថាហេតុ និងសូមបងប្អូននាំគ្នាចូលរួមអនុវត្តន៍គោលនយោ បាយភូមិ ឃុំមាន​សុវត្ថិភាពទើបមូលដ្ឋានធានាបាននូវសុខសន្តិភាព ដែលជា គោលនយោបាយរបស់រាជ​រដ្ឋាភិបាល៕
ដោយ ឆាយ ម៉ុត