Thursday, June 11, 2015

លិខិតរបស់ក្រសួងមហាផ្ទៃ ជម្រាបជូនលោកនិពន្ធនាយកសារព័ត៌មាន Phnom Penh Post



មហាក្សត្រ និង​គណៈ​ប្រតិ​ភូស្ថាប័ន​កំពូល ចូល​គោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច ជាស៊ីម

នាព្រឹកថ្ងៃទី១០ ខែមិថុនានេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា​ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ  បានយាងចូលគោរពវិញ្ញាណក្ខន្ធនៃសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអធិបតីកិត្តិយស​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទទួលមរណៈភាពកាលពី វេលាម៉ោង១៥និង៤៥នាទី រសៀលថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៥ ដោយរោគាពាធ ក្នុងជន្មាអាយុ​៨៣ឆ្នាំ។​ ពិធីបុណ្យសព ត្រូវបានរៀបចំធ្វើនៅភូមិគ្រឹះរបស់សម្តេចអគ្គមហាធម្មពោ​ធិសាល​​​​ជា ស៊ីម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយព្រះរាជក្រឹត ចេញ​កាលពីថ្ងៃទី៨ ខែមិថុនាឆ្នាំ២០១៥ បានបង្គាប់ឲ្យបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសពនេះ​ឲ្យបានល្អសក្តិសមទៅនឹងឋានៈរបស់សម្តេច។
រីឯវត្តមានរបស់គណៈប្រតិភូស្ថាប័នរដ្ឋសភាដែលចូលគោរពវិញ្ញាណក្ខន្ធ គឺដឹកនាំដោយ​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏មានវត្តមានឯកឧត្តម កឹម សុខា អនុប្រធានទី១ រដ្ឋសភាផងដែរ។  ដោយឡែកសម្តេច តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា​បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូល​គោរពវិញ្ញាណក្ខន្ធសពសម្តេចអគ្គមហាធម្មពោ​ធិសាលជាស៊ីម នាព្រឹកថ្ងៃទី១០ ខែមិថុនា​នេះ​ផងដែរ។
វត្តមានជាបន្តបន្ទាប់ដែលចូលគោរពវិញ្ញាណក្ខន្ធ មានដូចជាគណៈប្រតិភូព្រឹទ្ធសភា ដឹកនាំ​ដោយ ឯកឧត្តម សាយ ឈុំ ដែលទើបបាន​ទទួលសំលេង​បោះឆ្នោតជា​ប្រធានថ្មីនៃ​ព្រឹទ្ធសភា កាលពីថ្ងៃទី ៩ ខែមិថុនាឆ្នាំ២០១៥នេះ។ គណៈប្រតិភូនៃក្រសួងព្រះបរមរាជវាំង ដឹកនាំដោយ​សម្តេច ចៅហ្វាវំាង គង់ សំអុល និងគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
បើតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាចេញកាលពីថ្ងៃទី៨ ខែមិថុនាកន្លងមកនេះ​ បានបញ្ជាក់ថា នឹងយកថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៥ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ដោយនៅក្នុង​ថ្ងៃ​កាន់​ទុក្ខនោះ គ្រប់ក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ព្រមទាំងប្រជាជនទូទំាងប្រទេស ត្រូវបង្ហូត​ទង់ជាតិត្រឹមមួយភាគបីនៃដងទង់ជាតិចាប់លើ។ រីឯគ្រប់ស្ថានីយវិទ្យុទូរទស្សន៍​ជាតិ និងឯកជន គឺត្រូវផ្អាកការសម្តែងនិងការចាក់ផ្សាយដែលមានលក្ខណៈ​សប្បាយគគ្រឹក​គគ្រេង​ផងដែរក្នុងថ្ងៃកាន់ទុក្ខនោះ។ ហើយនៅក្នុងកម្មវិធីបុណ្យសពនេះ បានបញ្ជាក់ថា សពរបស់​សម្តេចអគ្គមហាធម្ម​ពោធិសាល ជាស៊ីម នឹងត្រូវធ្វើពិធីរំកិលចេញទៅលើរថយន្តបុស្បុក​និង​ដង្ហែ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ។
គួររំលឹកថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បានក្លាយជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាចាប់តាំងពីឆ្នាំ១៩៩១មកដល់ពេលបច្ចុប្បន្ន។ ហើយពីឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩៩ ជា​ប្រធាន​​រដ្ឋសភា។ ពីឆ្នាំ១៩៩៩មកដល់ពេលទទួលមរណៈភាព គឺជាប្រធានព្រឹទ្ធសភា ដោយ​នៅក្នុង​ឆ្នាំ២០១០​​​ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម បានទទួលសញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែកទស្សនវិជ្ជា និងផ្នែកជាអ្នកដឹកនាំកិច្ចការព្រឹទ្ធសភាពីសាកលវិទ្យាល័យ ឌីអូជិន សឺមីណឺរី សហរដ្ឋអាមេរិក។
ចំពោះគ្រឿងឥស្សរិយយស និងគោរមងារវិញ សម្តេច​អគ្គមហាធម្មពោធិសាល ជា ស៊ីម បាន​ទទួលងារជា សម្តេច ពីព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ​១៩៩៣ និងបានទទួលងារជា សម្តេចអគ្គមហាធម្មពោធិសាល ពីព្រះករុណាសម្តេចព្រះបាទ ព្រះបរម​នាថ នរោត្តម សីហមុនី កាលពីឆ្នាំ២០០៧។​ និងក្នុងឆ្នាំ ២០១១ បានទទួលគោរមងារជា កិត្តិព្រឹទ្ធបណ្ឌិត នៃរាជបណ្ឌិតសភាកម្ពុជា ពីព្រះមហាក្សត្រ។
ក្រៅពីនេះ ក្នុងឆ្នាំ២០០៩ក៏បានទទួលគ្រឿង​ឥស្សរយយសមាស ខ្ពស់បំផុត ពីប្រធានរដ្ឋសភា​នៃប្រជាធិបតេយ្យប្រជាមានិតឡាវ។ និងក្នុងឆ្នាំ២០១៣កន្លងមកនេះ បានទទួលគ្រឿង​ឥស្សរិយយស ថ្នាក់ខ្ពស់បំផុតនៃប្រទេសជប៉ុន ដែលហៅថា Grand cordon of the Orders of the Rising Sun ពីអធិរាជជប៉ុនផងដែរ៕       

សម្តេចតេជោ ហ៊ុន សែន ជួប​គណៈ​ប្រតិ​ភូបក្ស​កុំម្មុយ​នីស្តវៀតណាម

នៅក្នុងជំនួបសម្តែងការគួរសមរបស់ ឯកឧត្តម ឡឺ ហុងអាញ់ សមាជិកការិយាល័យ​នយោបាយ​នៃគណបក្សកុំម្មុយនីស្តវៀតណាម នារសៀលថ្ងៃទី០៩ ខែមិថុនានេះ​ នៅវិមាន សន្តិភាព​សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲរដ្ឋាភិបាលវៀតណាមបន្ត រក្សា ស្ថានភាព ស្ងៀមស្ងាត់នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ជាពិសេសក្នុងតំបន់ ព្រំដែន នៃ ខេត្តរតនគិរីរបស់កម្ពុជា ដែលរដ្ឋាភិបាលប្រទេសទាំង២​កំពុងធ្វើការសំរបសំរួល និងរក ដំណោះស្រាយលើបញ្ហាមិនទាន់ឯកភាពគ្នា ធ្វើយ៉ាងណាឲទំនាក់​ទំនងភាគីប្រទេសទាំង​២កម្ពុជា-វៀតណាមនៅតែល្អ​ដដែល។ ចំពោះសំណើរនេះ គណៈប្រតិភូវៀតណាម ក៏បាន ឯកភាពបន្តរក្សាស្ថានភាពរវាងប្រទេសទាំង២ដដែល។
សម្តេចតេជោ ហ៊ុនសែន ក៏បានជំរាបជូនថា នាពេលខាងមុខ គណបក្សប្រជាជនកម្ពុជា នឹង រៀបចំ សមាជពិសេសមួយ ដើម្បីរៀបចំអ្នកដឹកនាំគណបក្ស ប៉ុន្តែនៅក្នុងទ្រង់ទ្រាយយ៉ាង ណានោះ គណបក្សប្រជាជនកម្ពុជា មិនទាន់បានបញ្ជាក់នៅឡើយ។
ក្នុងជំនួបនោះដែរ ភាគីកម្ពុជា-វៀតណាម ក៏បានពិភាក្សាគ្នា​ជាច្រើនធ្វើយ៉ាងណាឲ្យ​ទំហំ​ពាណិជ្ជកម្ម​​រវាងប្រទេសទាំង២អាចបន្តកើនឡើងរហូតដល់៥ពាន់លាន​ដុល្លារអាមេរិកក្នុង​មួយឆ្នាំ ដោយបច្ចុប្បន្ន​​ទំហំ​​ពាណិជ្ជកម្មរវាង ប្រទេសកម្ពុជានិងវៀតណាម មានជាង​២ពាន់​លាន​ដុល្លារអាមេរិក៕  

សារ​លិខិត​ថ្លែង​អំណរ​គុណ របស់​ឯកឧត្តម សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា គោរពជូន សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន


អ្នកនាំពាក្យគណបក្សប្រជាជន ថា ឯកឧត្តម សម រង្ស៊ី ឆ្លើយបង្វែងដាន

ថ្មីៗនេះ ​បន្ទាប់ពីមានលើកឡើងសារជាថ្មី​ពីគណបក្សសង្គ្រោះជាតិ ​ចោទប្រកាន់មកលើរាជ​រដ្ឋាភិបាលកម្ពុជា​ ដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជា​ ថាបានលួច​បន្លំសន្លឹកឆ្នោតក្នុងការបោះ​ឆ្នោតសកល ​អាណត្តិទី ៥​ ឆ្នាំ២០១៣កន្លងទៅ ​និងបានលើក​ឡើងថា ​កាកបាទក្រហមកម្ពុជា​ ធ្វើការងារប្រកាន់បក្ខពួកនោះ​ សម្តេចតេជោ ​បានមាន​ប្រសាសន៍​នៅក្នុងរដ្ឋសភាជាតិ ​កាលពីថ្ងៃទី ០៨ ​ខែមិថុនា​ ឆ្នាំ២០១៥ ថា​ សម្តេចហ៊ាន ​ស្បថ និងហៅ ​ឯកឧត្តម សម រង្ស៊ី ​មកស្បថជាមួយក្នុងរឿងនេះ។ ​ឆ្លើយតបនិងការលើក​ឡើងរបស់សម្តេច​ ឯកឧត្តម សម រង្ស៊ី ​ប្រធានគណបក្សសង្គ្រោះជាតិ​ និងជាប្រធានក្រុម​មតិភាគតិចនៃរដ្ឋសភា ​បាននិយាយនៅព្រលានយន្យ​ហោះភ្នំពេញថា ​លោកព្រមស្បថ តែ​សូមឲ្យមានការ​រាប់សន្លឹកឆ្នោតឡើងវិញ។ ​
ការទាមទារឲ្យមានការរាប់​សន្លឹកឆ្នោតឡើងវិញ​នេះ​ ត្រូវបានឯកឧត្តម ​សួស​ យ៉ារ៉ា អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា​ បញ្ចេញការយល់​ឃើញថា​ ចម្លើយរបស់ ​ឯកឧត្តម សម រង្ស៊ី​ គឺហាក់មានចេតនាបង្វែងដាន ​ទៅជារឿងផ្សេង។
​ឯកឧត្តម សួស យ៉ារ៉ា ​មានប្រសាសន៍ ​ប្រាប់គេហទំព័រ ​GNN Cambodia ​នៅល្ងាចនេះថា «​ខ្ញុំយល់ថាពាក្យស្បថ​មួយម៉ាត់ហ្នឹង​ គឺគាត់មិនបានឆ្លើយតបឲ្យ​ចំជាមួយនឹងសំនួរទេ​ គឺគាត់​បង្វែងរឿងផ្សេងវិញ។ ​ខ្ញុំយល់ថាគ្រាន់តែជារឿង​បំប៉ោងពាក្យសំដី ​ព្រោះសម្តេច​នាយករដ្ឋមន្ត្រីមានប្រសាសន៍ ​ក្នុងសភាចង់ឲ្យសមាជិកសភា​ឆ្លើយតបរឿងហ្នឹង ​តែគាត់បង្វែររឿង​ហ្នឹងឆ្លើយរឿងផ្សេង ​ខ្ញុំមើលទៅដូចជាបង្កប់ន័យអ្វីម៉្យាង​ នៅក្នុងការឆ្លើយតបរបស់គាត់។»​
​ឯកឧត្តម សួស ​យ៉ារ៉ា បន្តថា ​គណបក្សសង្គ្រោះជាតិ​ មិនគួរលើករឿងលួចសន្លឹកឆ្នោត​ មក​​និយាយនៅពេលហ្នឹងនោះទេ​ ព្រោះរាជរដ្ឋាភិបាលបាន​និងកំពុងដំណើការការងារ ​ក្នុង​អាណត្តិទី៥នេះ ​ដោយគណបក្សទាំងពីរ​ក៏បានឯកភាពគ្នាចូលសភា ​និងបង្កើតនូវវប្បធម៌​សន្ទនាដើម្បីដោះ​ស្រាយបញ្ហា​នយោបាយនានា​រវាងបក្សទាំងពីរ។ ​ឯកឧត្តម សួស យ៉ារ៉ា ​សង្កត់ធ្ងន់ថា ​«មិនត្រូវលើកពេលហ្នឹងទេ ​យើងបានប្រើប្រាស់វប្បធម៌​សន្ទនាដោយការជួប​និយាយគ្នា ​រវាងថ្នាក់ដឹកនាំ ​និងថ្នាក់ដឹកនាំ ហើយ​មុននឹងឆ្លើយអ្វីជាមួយ​និងសារព័ត៌មាន​​សាធារណៈនោះគាត់​គួរតែធ្វើការប្រាស្រ័យ​ទាក់ទង​ និងថ្នាក់ដឹកនាំគណបក្ស​ទាំងពីរសិន​ គឺចាំមើលលទ្ធផល​ចុងក្រោយសិន​។ ​មុននិយាយគួរតាម​ដានឲ្យច្បាស់់លាស់ ​វប្បធម៌​សន្ទនាមិន​អនុញ្ញាត​ឲ្យយើងធ្វើកិច្ចការអ្វីមួយ​ ដោយល្មើសទៅ​និងភាពមិនទុកចិត្តទេ​»។
​ឯកឧត្តមបន្ថែមថា​ «ការដែលលើកឡើង ​ហើងចោទថាលួចសន្លឹកឆ្នោត ​គឺជាការ​អុជអាលមួយ ​ដែលធ្វើឲ្យសង្គមយើងមិនបានសុខ។ ​គាត់ត្រូវតែច្បាស់លាស់​ឆ្លើយនឹងសំនួរ ​ព្រមស្បថរឺក៏អត់​ បើមិនចឹងទេ ​គាត់ត្រូវបន្សាបរឿងហ្នឹងទៅវិញ​ តាមរយៈការសន្ទនាជាមួយ​ថ្នាក់ដឹកនាំជាន់ខ្ពស់​របស់គណបក្សទាំងពីរ។​ ហើយគាត់ត្រូវស្រាវជ្រាវ​រកថាតើអ្នកណាជា​​អ្នកបង្កើតភ្លើងនេះឡើង៕​
អត្ថបទ៖ សុភាព

សារលិខិតអបអរសាទរ​ របស់​ ឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ​ អាន​ ជូនឯក​ឧត្តម សាយ ​ឈុំ ប្រធាន​ព្រឹទ្ធសភា ​នៃព្រះរាជាណាច​ក្រកម្ពុជា


សារលិខិតអបអរសាទរ​ ឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខអាន​ និងលោកជំទាវ ​អានី្ន សុខអាន​ ជូនឯកឧត្តម​ នៃ ប៉េណា​ និងលោកជំទាវ


អាជ្ញាធរ​អគ្គីសនី​កម្ពុជា ​ចេញសេចក្តី​បំភ្លឺ​ និងណែ​នាំ ​ចំពោះករណី​​មានការ​សង្ស័យ​​ថាមាន​ការលួចបន្លំ​​ធ្វើឲ្យ​ចំនួន​​ប្រើប្រាស់​​អគ្គីសនី​​កើនឡើង​

យោងតាម​សេចក្តីបំភ្លឺ​របស់អាជ្ញាធរ​អគ្គិសនីកម្ពុជា ចេញផ្សាយ​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥បានលើក​ឡើងថា ដោយ​ក្នុងរយៈ​ពេលប៉ុន្មាន​ខែចុង​ក្រោយនេះ​ អាជ្ញាធរ​អគ្គីសនី​កម្ពុជា​សង្កេតឃើញថា មានការតវ៉ា​ជាបន្តបន្ទាប់​នៅតាម​ដំបន់មួយ​ចំនួនក្នុង​ព្រះរាជាណាច​ក្រកម្ពុជា ទាំងក្នុងតំបន់ផ្គត់​ផ្គង់របស់សហគ្រាស​ឯកជន ដោយ​ប្រជាពលរដ្ឋ​សង្ស័យថា អ្នកផ្គត់ផ្គង់​អគ្គីសនីលួច​បន្លំបង្កើន​តួលេខ​ថាមពល​ប្រើប្រាស់​របស់ខ្លួន។
ក្នុង​សេចក្តី​បំភ្លឺដដែល​របស់អាជ្ញាធរអគ្គីសនី​កម្ពុជា បានសង្កត់​ធ្ងន់ថា បរិមាណ​ថាមពល​អគ្គីសនីដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅទូទាំង​ព្រះរាជាណាច​ក្រកម្ពុជា ត្រូវបាន​កំណត់​ឲ្យវាស់ថ្លឹងដោយ​ជញ្ជីងថ្លឹង​អគ្គីសនី​មួយហៅថា «នាឡិកាស្ទង់» ដែលអ្នក​ផ្គត់ផ្គង់ត្រូវ​តម្លើងនៅគល់​ខ្សែដែលត្រូវ​ផ្គត់ផ្គង់​ឲ្យទីតាំង​របស់អ្នក​ប្រើប្រាស់នីមួយ​ៗ។ ថាមពលអគ្គីសនីដែល​អ្នកផ្គត់ផ្គង់បានផ្តល់​ទៅឲ្យអ្នក​ប្រើប្រាស់ និងត្រូវឆ្លង​កាត់ជញ្ជីង​ថ្លឹងអគ្គី​សនីនេះ រួចត្រូវ​បានវាស់ និងកត់​ត្រាដោយ​ជញ្ជីងថ្លឹងនេះ។ ដូច​ជាជញ្ជីងថ្លឹង​ទំនិញដទៃ​ទៀតដែរ ប្រសិន​បើជញ្ជីង​ថ្លឹងអគ្គីសនីនេះត្រឹមត្រូវមានន័យថា ចំនួនអគ្គីសនីដែលអ្នកផ្គត់ផ្គង់ផ្តល់ឲ្យអ្នកប្រើប្រាស់ក៏ត្រឹមត្រូវដែរ ប៉ុន្តែ បើ​ជញ្ជីងថ្លឹងអគ្គីសនី​នេះមិនត្រឹមត្រូវ​ទេ ចំនួនអគ្គីស​នីដែលអ្នកផ្គត់​ផ្គង់ផ្តល់ឲ្យអ្នក​ប្រើប្រាស់ក៏មិនត្រឹម​ត្រូវដែរ។ ដូច្នេះ​គេមិនអាច​ធ្វើការវាយតម្លៃ​ដោយខ្លួនឯង​ថាចំនួន​ថាមពលប្រើ​ប្រាស់ណាមួយ​ត្រឹមត្រូវ ឬមិន​ត្រឹមត្រូវ ច្រើន ឬតិចជាង​ចំនួនពិត​ប្រាកដ ដោយ​មិនបានធ្វើ​ការត្រួតពិនិត្យជញ្ជីងថ្លឹង​អគ្គីសនីរបស់​អ្នកនោះ​ថាតើវាត្រឹម​ត្រូវ ឬមិនត្រឹម​ត្រូវឡើយ ពីព្រោះ​ជាធម្មតាខែក្តៅការប្រើ​ប្រាស់មានបរិមាណ​ច្រើនជាងខែត្រជាក់។
អាជ្ញាធរអគ្គិសនី បាន​បន្ថែមទៀតថា ក្នុងករណី​អ្នកប្រើប្រាស់​អគ្គិសនី​ណាមួយ​សង្ស័យថា ជញ្ជឹងថ្លឹង​អគ្គិសនីរ​បស់ខ្លួនដើរ​លឿនបណ្តាល​ឲ្យខ្លួនត្រូវបង់​ប្រាក់អស់​ច្រើន អ្នកនោះអាចទំនាក់ទំនង​ជាមួយអាជ្ញាធរ​មូលដ្ឋាន ឃុំ សង្កាត់របស់ខ្លួន ឬទំនាក់ទំនង​ជាមួយមន្ទីររ៉ែ និងថាមពល រាជធានី/ខេត្ត ដើម្បី​អោយអាជ្ញាធរអគ្គិសនី​កម្ពុជាដែល​ជាអាជ្ញាកណ្តាល​ចុះទៅត្រួតពិនិត្យ ភាព​ត្រឹមត្រូវនៃការ​ថ្លឹងអគ្គិសនីរបស់​ខ្លួនបាន។ សូមជម្រាបជូន​ថា អាជ្ញាធរអគ្គិសនីកម្ពុជាមានបរិធានចល័ត ដែល​ទទួលស្គាល់​ដោយមន្ទីរ​ពិសោធន៍​អន្តរជាតិ​សម្រាប់ត្រួត​ពិនិត្យដឹងថា ជញ្ជីង​ថ្លឹងអគ្គិស​នីនីមួយៗ ដើរត្រឹមត្រូវ ដើរយឺត ឬលឿន ក្នុង​កម្រិតប៉ុន្មាន% ដែលអាចកាត់សេចក្តី​ឲ្យសង​នូវអ្វីដែល​បានកត់ត្រា​លើសឬខ្វះ ។ ការត្រួត​ពិនិត្យផ្ទៀង​ផ្ទាត់​របស់​អាជ្ញាធរអគ្គិសនីកម្ពុជានេះ មិនគិតថ្លៃទេ និងអាច​ធ្វើការត្រួតពិនិត្យ​ទាំងក្នុង​តំបន់ផ្គត់ផ្គង់​របស់សហគ្រាស​រដ្ឋគឺ អគ្គិសនីកម្ពុជា និង​ទាំងក្នុងតំបន់​ផ្គត់ផ្គង់របស់សហ​គ្រាសឯកជន​ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ប្រសិន​បើអ្នកប្រើប្រាស់​ណាមួយ នៅតែ​មិនទុកចិត្ត​ការត្រួតពិនិត្យ​ឯករាជ្យរបស់​អាជ្ញាធរអគ្គិសនី​កម្ពុជា យោង​តាម​បទប្បញ្ញាតិ្តស្តីពីលក្ខខណ្ឌទូទៅក្នុ​ងការផ្គត់ផ្គង់អគ្គិសនី​ក្នុងព្រះរាជាណាចក្រ​កម្ពុជា អ្នកនៅមាន​សិទ្ធិស្នើ​សុំបញ្ជូន នាឡិកាស្ទង់” របស់ខ្លួននៅ​មន្ទីរពិសោធន៍ផ្ទៀងផ្ទាត់​នាឡិការស្ទង់​នៅប្រទេសណា​មួយ ដើម្បីឲ្យ​គេពិនិត្យរកយុត្តិធម៌​បាន៕

អត្ថបទ៖សុភាព


ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួប​ប្រជា​ពលរដ្ឋរង​គ្រោះ​ដោយខ្យល់​កន្ត្រាក់​ បាក់រលំផ្ទះ​នៅភូមិ​កញ្ចាង

ដោយ​អនុវត្ត​តាមពាក្យ​ស្លោក ទុក្ខ​លំបាករបស់​ប្រជាពលរដ្ឋ​ គឺជាក្តី​កង្វល់​របស់រាជរដ្ឋា​ភិបាល នៅព្រឹក​ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៥ ក្រុម​ការងារ​ថ្នាក់ជាតិ ចុះជួយ​ឃុំកុមាររា​ជា ដឹកនាំដោយ​ឯកឧត្តម សៅ សុភៈ ក្រុម​ការងារ និងមាន​ការចូលរួម​ពីសម្ព័ន្ធយុវជន​កម្ពុជា នៅក្នុងមូលដ្ឋាន​ផងដែរ បានចុះទៅពិនិត្យ​ទីតាំងជាក់​ស្តែងរបស់​ប្រជាពលរដ្ឋរង​គ្រោះ ដោយសារ​ខ្យល់កន្ត្រាក់​កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៥ កន្លង​ទៅនេះ ដែលមាន​ការដួល​រលំផ្ទះប្រជាពលរដ្ឋ​ចំនួនពីរខ្នង ក្នុងនោះ​មាន​គ្រួសារលោក ណេន ព្រឿង គ្រួសារលោក​ស្រី អ៊ឹម កញ្ញា អាយុ៤៣ ឆ្នាំ ដែលជា​ស្រ្តីមេម៉ាយកូន​ពីរនៅក្នុងបន្ទុក នៅភូមិកញ្ចាង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ។ ឯកឧត្តម សៅ សុភៈ បាន​ពាំនាំនូវ​ប្រសាសន៍ផ្តាំផ្ញើ សួរសុខ​ទុក្ខរបស់ឯក​ឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការគណៈ​រដ្ឋមន្រ្តី និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិ​ចុះជួយខេត្តតាកែវ ប្រសាសន៍​ផ្តាំផ្ញើសួរ​សុខទុក្ខ​របស់ឯក​ឧត្តម សុខ សូកាន អ្នកតំណាង​រាស្ត្រមណ្ឌលតាកែវ និងប្រសាសន៍​ផ្តាំផ្ញើសួរសុខ​ទុក្ខរបស់ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គ​ភាពព័ត៌​មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី និង​ជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូល​ដ្ឋាន ឃុំកុមាររាជា ។ ឯកឧត្តម សៅ សុភៈ បានចូលរួមសោក​ស្តាយដែល​ឃើញ​ប្រជាពលរដ្ឋកំ​ពុងជួបទុក្ខលំបាកដោយ ឯកឧត្តមចាត់​ទុកថាទុក្ខ​លំបាកនេះ ជាក្តី​កង្វល់របស់រាជ​រដ្ឋាភិបាល ដែល​គណបក្ស​ប្រជាជនកម្ពុជា តែងតែយក​ចិត្តទុកដាក់ និងគិតគូរ​ដល់ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់បងប្អូន។ ឯកឧត្តម ក៏បាន​បន្តទៀត​ថា ពេល​នេះជារដូវវស្សា​ដែលតែង​តែមាន​ភ្ញៀងធ្លាក់ ផ្គរ រន្ទះ លាយទ្បំ និងខ្យល់​កន្រ្តាក់ជាញឹក​ញាប់ ដូច្នេះ​សូមបង​ប្អូន​មានការប្រុង​ប្រយ័ត្ន​ផងនៅពេល​មានភ្ញៀងខ្យល់​ម្តងៗ សូមរត់​ទៅជ្រក​ទីកន្លែង​មានសុវត្ថិភាព​ជាបន្ទាន់​ដើម្បី​ការពារកុំឲ្យ​មានគ្រោះ​ថ្នាក់រហូតបាត់​បង់ជីវិត​ដោយ​ប្រការណាមួយ។ ក្នុងកាស​ជួប សំណេះ សំណាល​សួរសុខទុក្ខនេះដែរក្រុមការងារ​ក៏បានជូន​ថវិកាឧបត្តម្ភ ដើម្បី​សម្រួលដោះស្រាយ​ជីវភាពជាបណ្តោះ​អាសន្នជូន​ប្រជាពលរដ្ឋ​ក្នុងមួយគ្រួសា​រ១៥ម៉ឺនរៀល និងទទួលយក​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដែលស្នើរ​ឲ្យក្រុមការងារ​ថ្នាក់ជាតិជួយ​ជួសជុល សង់ផ្ទះថ្មីជូនពួក​គាត់។ ឯកឧត្តម សៅ សុភៈ បានបញ្ជាក់​ជូនប្រជាពលរដ្ឋថា ក្រុមការងារ​ថ្នាក់ជាតិចុះជួយ​ឃុំកុមាររាជាដឹកនាំ​ដោយឯកឧត្តម ស្វាយ ស៊ីថា និងឯកឧត្តម សុខ សូកាន អ្នកតំណាង​រាស្រ្តមណ្ឌល ខេត្តតាកែវ និង​ជួយសង់ផ្ទះថ្មីជូន​ដល់ពួកគាត់ក្នុងពេលឆាប់ៗ​ខាងមុខនេះ ដើម្បីចូលរួមដោះ​ស្រាយទុក្ខលំបាក​របស់ប្រជាពលរដ្ឋទាំងនោះ។ ប្រជាពលរដ្ឋមាន​សេចក្តីត្រេកអររីករាយ​នូវការយក​ចិត្តទុក្ខដាក់​របស់ក្រុមការងារ​ថ្នាក់ជាតិដែលបាន​ជួយសម្រួល​ទុក្ខលំបាករបស់ពួក​គាត់ ទាន់សភាពការណ៍។ នេះ​ជាការយកចិត្តទុក​ដាក់ខ្ពស់បំផុតកើតចេញ​ពីអ្នកតំណាងរាស្រ្ត នៃគណបក្ស​ប្រជាជនកម្ពុជា ក្រុមការងារថ្នាក់​កណ្តាលជាតិ រួមទាំងសម្ព័ន្ធយុវជន​កម្ពុជា ក៏ដូច​ជាមន្ត្រីមូលដ្ឋាន​ក្នុងកិច្ចខិតខំប្រឹង​ប្រែង​អស់ពីកំលាំងកាយ​កំលាំងចិត្ត ដោះស្រាយរាល់​ទុក្ខលំបាក​ជូនដល់ប្រជាពលរដ្ឋដោយ​ឥតប្រកាន់​និន្នាការនយោបាយ​ណាទាំងអស់ ៕