ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ វេលាម៉ោង៨
និង ៣០នាទី នៅវិមានសន្តិភាពមានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង
៖
១- សេចក្តីព្រាងច្បាប់
ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
២- សេចក្តីព្រាងព្រះរាជក្រឹត្យ
ស្តីពី កំណត់ស្តង់ដាគោលជាតិគីឡូក្រាម
៣- សេចក្តីព្រាងគោលនយោបាយជាតិ
ស្តីពី វិស័យវប្បធម៌។
៤- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តីដើម្បីស្នើសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញតិលើ៖
៤.១ ពិធីសារណាហ្គូយ៉ាស្តីពីសិទ្ធិទទួលផលពីធនធានសេនេទិក
និងការបែងចែកផលប្រយោជន៍ការប្រើប្រាស់ធនធានសេនេទិកដោយស្មើភាព
និងសមធម៌នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវចម្រុះ។
៤.២ កិច្ចព្រមព្រៀង
ស្តីពីសហប្រតិបត្តិការវប្បធម៌
រវាងរដ្ឋាភិបាលនៃរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី
១- សេចក្តីព្រាងច្បាប់ ស្តីពី
វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ
និងសិប្បកម្មមានចំនួន ៥៧ មាត្រា ចែកចេញជា ៨ជំពូក ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០២ ខែឧសភា
ឆ្នាំ ២០០៦ នាសម័យប្រជុំរដ្ឋសភា លើកទី៤
នីតិកាលទី៣ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ឡាយព្រះហស្ត លេខាប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ
នស/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០០៦។
ក្នុងអាណត្តិទី៥ នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣
របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា
ក្នុងនោះ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបានចែកចេញជាពីរក្រសួងគឺ
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងរ៉ែ និងថាមពល។
ដោយពិនិត្យឃើញថាច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
ដែលត្រូវបានដាក់ឲ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/០៦០៦/០១៨ ចុះថ្ងៃទី ២៣
ខែមិថុនា ឆ្នាំ ២០០៦ នេះមានការពាក់ព័ន្ធនឹងឈ្មោះក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល
ដែលជាក្រសួងចាស់
និងដើម្បីបន្តដំណើរការនៃការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ
និងសិប្បកម្ម ស្របទៅតាមឈ្មោះ និងសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម
និងសិប្បកម្មនោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
បានស្នើសុំធ្វើវិសោធនកម្មលើគ្រប់មាត្រាទាំងអស់ដែលពាក់ព័ន្ធ នឹងពាក្យ
«ឧស្សាហកម្ម រ៉ែ និងថាមពល» ប្តូរទៅជា « ឧស្សាហកម្ម និងសិប្បកម្ម» វិញ
ដែលមានចំនួន ៥៥ ចំណុច ដោយខ្លឹមសារនៃបទបញ្ញត្តិ
ក្រៅពីនេះនៅរក្សាទុកជាធរមានដដែល។