Wednesday, October 21, 2015

សម្តេចតេជោនាយករដ្ឋមន្រ្តីជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីវៀតណាម

សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ជួបពិភាក្សាការ​ងារជាមួយ​អនុរដ្ឋមន្រ្តី​ការពារជាតិ​វៀតណាម ​ឯ.ឧ. ង្វៀន ​ជីវិញ ​[Quyen ​Chivinh] ​នៅវិមានសន្តិភាព ​នារសៀល​ថ្ងៃទី១៩ ​ខែតុលានេះ ​ដើម្បីស្វែងយល់​ពីលទ្ធផល ​នៃជំនួបវិស័យ​ការពារជាតិ​រវាងប្រទេស​កម្ពុជា ​និងវៀត​ណាមដែលត្រូវ​បានរៀបចំ​ធ្វើនៅកម្ពុជា​កន្លងមកនេះ ​ដែលចាត់ទុក​ជាកិច្ចសន្ទនា​កំរិតនយោបាយ​មួយរវាង​ ថ្នាក់អនុរដ្ឋមន្រ្តី ​និងរដ្ឋម​ន្រ្តីការពារជាតិ ​នៃប្រទេស​ទាំង២។ ​
ឯ.ឧ​. ង្វៀន ជីវិញ ​បានជំរាបជូន​សម្តេចតេជោថា ​ក្នុងជំនួបវិស័យ​ការពារជាតិ​កំរិតខ្ពស់លើក​ទី១ រវាង​ប្រទេសកម្ពុជា​ និងវៀតណាមនេះ ​គណៈប្រតិភូប្រ​ទេសទាំង២ ​បានពិភាក្សា ​និងផ្លាស់ប្តូរ​ យោបល់គ្នា​ពីការវិវត្តន៍​វិស័យការពារ​ជាតិ ទាំងទ្វេ​ភាគី ក្នុ​ងតំបន់ ​និងអន្តរជាតិ។​
ឯ.ឧ​. ង្វៀនជីវិញ ​ក៏បានស្នើសុំឲ្យ​ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា ​បន្តយកចិត្តទុក​ដាក់លើវិស័យយោធា ​នៃប្រទេស​ទាំង២ ​កម្ពុជា-វៀតណាម ​ដោយប្រទេស​ទាំង២បានឯក​ភាពគ្នាលើ​កិច្ចសហប្រតិ​បត្តិការ​ ទាំងវិស័យន​យោបាយ ​សន្តិសុខ ​និងវិស័យការពារ​ជាតិ។ ​
ដូចគ្នានេះ ​សម្តេចតេជោ ​ក៏ចង់អោយ​បង្កើននូវកិច្ច​សហប្រតិបត្តិការ​ការពារជាតិរវាង​ប្រទេសទាំង២​ ឲ្យបានជិតស្និទ្ធ​ថែមទៀត ​ដោយមើលឃើញ​ថាស្ថានភាព​នយោបាយអន្តរ​ជាតិ ជាពិសេស​ក្នុងតំបន់ ​អាស៊ីប៉ាស៊ីហ្វិក ​កំពុងស្ថិត​ក្នុងស្ថានភាពក្តៅ។ ​ទន្ទឹមនេះ ស​ម្តេចតេជោ ​ហ៊ុន សែន ​ក៏បានលើក ​ឡើងថា ​ជាក់ស្តែងកិច្ច​សហប្រតិបត្តិការ​វិស័យការពា​រជាតិរវាងកម្ពុជានិ​ងវៀតណាម​ គឺមិនត្រឹមតែ​ ថ្នាក់ជាតិនោះទេ ​គឺមានរវាង​ភូមិភាគនិង​ភូមិភាគនៃប្រទសទាំ​ង២ផងដែរ ដើម្បី​ផ្លាស់ប្តូរព័ត៌មាន ​និងយល់​ដឹងពីគ្នា។ ​
យោងតាមការ​ជំរាបជូន​របស់ ឯ.ឧ​. ង្វៀន ជីវិញ ​ក្នុងជំនួបជា​មួយសម្តេចតេជោនេះ ​បញ្ជាក់ថាជំនួបវិស័យ​យោធាកំរិត​នយោបាយនេះ ​នឹងត្រូវធ្វើជា​លើកទី២នៅ​ក្នុងប្រទេសវៀតណាម​វិញម្តង ​នៅឆ្នាំក្រោយ។​



សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង

នៅថ្ងៃទី២០​ ខែតុលា ​ឆ្នាំ២០១៥​ នេះ ក្រសួង​ការបរទេស ​និងសហប្រ​តិបត្តិការ​អន្តរជាតិ ​បានចេញសេចក្តី​ជូនព័ត៌មានថា ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋ​មន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ​នឹងដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់មួយ​ចំនួន ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការនៅសា​ធារណរដ្ឋ​បារាំង​ ពីថ្ងៃទី២៥ ​ដល់ទី២៧ ​ខែតុលា ​ឆ្នាំ២០១៥ ​តាមការអញ្ជើញ​របស់ ឯកឧត្តម​ ហ្រ្វង់ស្វ័រ ​ហូឡង់ ​ប្រធានាធិបតី​នៃសាធារណៈ​រដ្ឋបារាំង។​

គណៈប្រតិភូ​អមដំណើរ​រួមមាន ​ឯកឧត្តមឧបនា​យករដ្ឋមន្រ្តី ​ហោ ណាំហុង ​រដ្ឋមន្រ្តីការ​បរទេស និង​សហប្រតិបត្តិកា​រអន្តរជាតិ ​ឯកឧត្តម ​ថោង ខុន ​រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ​ឯកឧត្តម​ អង្គ វង្សវឌ្ឍានា ​រដ្ឋមន្រ្តីក្រ​សួងយុត្តិធម៌ ​និងសមាជិ​ដទៃទៀត​នៃរាជរដ្ឋាភិ​បាលកម្ពុជា។ ​នៅក្នុងពេលទស្សនកិច្ច​នោះផងដែរ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ​នឹងជួបចរ​ចាជាផ្លូវការ​ជាមួយឯកឧត្តម​ ហ្រ្វង់ស្វ័រ ​ហូឡង់ ​និងជួបជាមួយ ​ឯកឧត្តម ​ឡូរ៉ង់ ​ហ្វាប៊ីយូស រ​ដ្ឋមន្រ្តីការបរទេស ​និងការអភិវឌ្ឍន៍​អន្តរជាតិ​បារាំង ​និងធ្វើជាអធិបតី​ក្នុងពិធី ​ចុះហត្ថលេខា​លើឯកសារមួ​យចំនួនដូច​ជាៈ

១. អ​នុសញ្ញា ស្តី​ពីបត្យាប័នរវា​ងរាជរដ្ឋាភិបា​លកម្ពុជា ​និងរដ្ឋាភិបាល​នៃសាធារណរ​ដ្ឋបារាំង ២.​ កិច្ចព្រមព្រៀង ​ស្តីពីការអនុវត្ត​គំរោងផ្គត់​ផ្គង់ទឹក​ស្អាតនៅខេត្តសៀមរាប​ ៣. កិច្ចព្រម​ព្រៀងស្តីពីការសាង​សង់សាលាបណ្តុះបណ្តាលជា​តិជំនាញទេសចរណ៍ ​និងឧស្សាហកម្ម ​សណ្ឋាគារនៅភ្នំពេញ​និងខេត្តព្រះ​សីហនុ ​៤. កិច្ចព្រមព្រៀងស្តី​ពីការតភ្ជាប់​ និងចែកចាយ​បណ្តាញអគ្គីសនីថ្មី​ នៅខេត្តកំពង់​ចាម ក្រចេះ ​និងកោះកុង ​៥. កិច្ចព្រម​ព្រៀងស្តីពីការ​ប្តូរបញ្ញើវត្ថុ​សិល្បៈ ៦. កិច្ចព្រមព្រៀងស្តី​ពីកម្មវិធីអភិវឌ្ឍន៍វិ​ស័យអប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស ​និងវិជ្ជាជីវៈ​។

ក្រៅពីនេះ ​សម្តេចតេជោ ​ហ៊ុន សែន​ នឹងជួបសំណេះ​សំណាលជាមួយនិ​ស្សិត ​និងជនរួមជាតិកម្ពុជាពី​គ្រប់ ​ទីកន្លែងក្នុង​ប្រទេសបារាំង ​នៅទីក្រុងប៉ារីស​ផងដែរ​។