ដើម្បីបុព្វហេតុសន្តិភាព និងស្ថិរភាពរបស់ជាតិ និងក្នុងតំបន់ ពិសេសបញ្ចៀសនូវកំហឹងជាតិនិយមជ្រុល និងបង្កើនការជឿជាក់រវាងខ្មែរ និងខ្មែរ ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៥នេះ បានផ្ញើលិខិតមួយច្បាប់ទៅឯកឧត្តម សម រង្ស៊ី ប្រធានក្រុមតំណាងរាស្ត្រមតិភាគតិច និងជាប្រធានគណបក្សសង្គ្រោះជាតិ ដោយស្នើសុំផែនទីបោន (Bonne) ខ្នាត ១/១០០,០០០ ព្រំដែនវៀតណាម-កម្ពុជា ហៅថាផែនទីភូមិសាស្ត្រឥណ្ឌូចិនដែលបានទិញក្នុងតម្លៃ ១៦៨ ដុល្លាអាមេរិច ពីប្រទេសបារាំង សម្រាប់ផ្ទៀងផ្ទាត់ផែនទីពិតរបស់រាជរដ្ឋាភិបាលនៅមន្ទីរដ្ឋសភាដើម្បីសន្តិភាព និងស្ថិរភាព របស់ជាតិ។
យោងតាមការបង្ហោះក្នុងគេហេទំព័រ Facebook របស់ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ គឺឯកឧត្តម សម រង្ស៊ី បានបង្ហោះនូវរូបភាពផែនទី និងវិក័យប័ត្រលេខ ៩៤៣៦៤៧ ចុះថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ២០១៥ ដែលបានបញ្ជាក់ពីការបញ្ជាទិញផែនដីរបស់គណបក្សសង្គ្រោះជាតិ ដូច្នេះក្នុងនាមប្រជាជនអ្នកស្នេហាជាតិ និងចង់បានសន្តិភាព ជាពិសេសអ្នកគាំទ្រវប្បធម៌សន្ទនា ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តមប្រធាន សម រង្ស៊ី ជាស្ថាបនិក ឯកឧត្តម សួស យ៉ារ៉ា សូមស្នើជាផ្លូវការចំពោះឯកសារផែនទីចម្លងខ្នាត ១/១០០,០០០ ព្រំដែនវៀតណាម-កម្ពុជា ដែលឯកឧត្តម បានបញ្ជាទិញក្នុងនាមគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៥ ក្នុងតំលៃ ១៦៨ដុល្លាអាមេរិក ដើម្បីប្រគល់ជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន តាមរយៈឯកឧត្តម អនុប្រធានទី១ កឹម សុខា ធ្វើការដាក់តាំងបង្ហាញ និងប្រៀបធៀបជាមួយផែនទីខ្នាត ១/១០០.០០០ របស់រាជរដ្ឋាភិបាល ដែលបានប្រើប្រាស់ជាមូលដ្ឋានចរចារក្នុងការកំណត់ និងបោះបង្គោលព្រំដែនកន្លងមក ជាពិសេសផែនទីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងមាត្រាទី២ ដែលបានចែងថា «បូរណភាពទឹកដីរបស់កម្ពុជាមិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែន របស់ខ្លួនដែលមានកំណត់ក្នុងផែនទី ខ្នាត ១/១០០,០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩»។
ក្នុងលិខិតរបស់ឯកឧត្តម សួស យ៉ារ៉ា ដែលផ្ញើរទៅឯកឧត្តម សម រង្ស៊ីនៅថ្ងៃនេះបានបន្តថា ប្រជាជនស្នេហាជាតិ និងបូរណភាពទឹកដី ដែលស្រឡាញ់សន្តិភាពកំពុងតាមដាន និងពិនិត្យដោយយកចិត្តទុកដាក់នូវភាពស្មោះត្រង់របស់ថ្នាក់ដឹកនាំ នៃគណបក្សជាដៃគូសន្ទនា។ នៅពេលដែលសម្តេចតេជោ ហ៊ានបង្ហាញការពិត ដោយសរសេរលិខិតស្នើទៅ អគ្គលេខាធិការអង្គការសហប្រជាតិ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង និងប្រធានាធិបតីនៃសហរដ្ឋអាមេរិច ដើម្បីសុំខ្ចីផែនទី និងជំនួយបច្ចេកទេសពីប្រទេសមហាអំណាចទាំងបី រួចទាំងអង្គការសហប្រជាជាតិ ដូច្នេះសូមឯកឧត្តមបង្ហាញ បង្ហាញនូវការពិតដូចគ្នា៕