Thursday, October 8, 2015

ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់ The Gusi Peace Prize ក្នុងចំណោមជនល្បីៗ១៩នាក់លើពិភពលោក

យោងតាមគេហទំព័រ The Gusi Peace Prize ដែលបានបង្ហោះផ្សាយក្នុងពេលថ្មីៗនេះ បានបង្ហាញថា កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបានពានរង្វាន់ The Gusi Peace Prize ក្នុងចំណោមជនល្បីៗចំនួន១៩នាក់ លើពិភពលោក ហើយពិធីចែករង្វាន់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដែលឯកឧត្តម ហ៊ុន ម៉ានី ឈ្នះលើផ្នែក Youth Leadership and Humanitarianism and Advocate of Cultural Heritage

ពានរង្វាន់ The Gusi Peace Prize គឺកើតចេញពីមូលនិធិ Gusi Peace Prize ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយជនល្បីៗដែលទទួលពានរង្វាន់ចំនួន១៨នាក់ផ្សេងទៀត មានមកពីអាល្លឺម៉ង់ អូស្ត្រាលី បង់ក្លាដែស បេឡារុស ចិន ឆេក អូទ្រីស ជប៉ុន កាហ្សាក់ស្ថាន គៀកហ្ស៊ីសស្ថាន ហូឡង់ ហ្វីលីពីន ព័រទុយហ្គាល់ កាតា រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក។


ជ័យលាភីក្នុងចំណោមទាំង១៩នាក់នោះមាន លោក Stanislav Shushkevich អតីតប្រធានាធិបតី BELARUS, លោក Akskar Akayev អតីតប្រធានាធិបតី Kyrgyztan លោក Antonio Eanes អតីតប្រធានាធិបតី Portugal  និងថ្នាក់ដឹកនាំសំខាន់ជាច្រើនទៀត ហើយឯកឧត្តម ហ៊ុន ម៉ានី ដែលជាតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា គឺជាឥស្សរជនទី១ របស់កម្ពុជា ដែលបានឈ្នះពានរង្វាន់នេះក្នុងចំណោមឥស្សរជនចំនួន១៨នាក់ លើពិភពលោក ដែលឈ្នះពាន Gusi Peace Prize

អគ្គិសនីកម្ពុជា៖ ប្រកាសផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាច្រើនកន្លែងនៅភ្នំពេញ និងតាមបណ្តាយផ្លូវជាតិលេខ៨ កណ្តាល-ព្រៃវែង

អគ្គិសនីកម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ បានចេញ​សេចក្តី​ជូនដំណឹងមួយដល់អតិថិជនរបស់អគ្គីសនីកម្ពុជា ដោយ​បញ្ជាក់ពីការផ្អាកផ្គត់ផ្គង់ ចរន្តអគ្គិសនីជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ និងបណ្តាយផ្លូវជាតិលេខ៨ ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខែ្សបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖
- ថ្ងៃព្រហស្បតិ៍ទី០៨ ខែតុលា ឆ្នាំ២០១៥ ចាប់ពីម៉ោង០៩:០០ ដល់ម៉ោង១៦:០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី (១)តំបន់ភ្លើងលេខP552 ស្ថិតនៅភូមិត្រពាំងក្រសាំង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និង(២)តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចាប់ពីស្រុកខ្សាច់កណ្តាល ក្នុងខេត្តកណ្តាលរហូតដល់ស្រុកពារាំង ក្នុងខេត្តព្រៃវែង។

- ថ្ងៃសុក្រទី០៩ ខែតុលាឆ្នាំ២០១៥ ចាប់ពីម៉ោង០៨:០០ ដល់ម៉ោង១៣:០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខ ប.ត131 ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋបានចំនួនជាង៤លានប័ណ្ណ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ អំពីលទ្ធផលនៃការចែកប័ណ្ណកម្មសិទ្ធិគិតមកដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ លទ្ធផលសរុបនៃការចេញប័ណ្ណកម្មសិទ្ធិជូនដល់ដៃប្រជាពលរដ្ឋបានចំនួនជាង ៤លានប័ណ្ណ។

ក្រសួងដែនដីបានបញ្ជាក់ថាតាមលទ្ធផលសម្រេចបានលើការអនុវត្តបទបញ្ជាលេខ ០១ បប នយោបាយចាស់សកម្មភាពលើវិស័យដីធ្លីក្នុងការវាស់វែងដីធ្លី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរួមមាន ប្រកាសតំបន់វិនិច្ឆ័យចំនួន៣៥៧ ឃុំ បំពេញសលាកបត្របានជាង ៧១ ម៉ឺនក្បាលដី វាស់វែងបាន៧១ ម៉ឺនក្បាលដី បិទផ្សាយបាន៧១ម៉ឺនក្បាលដី និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានជិត៦២ ម៉ឺនប័ណ្ណ។ ការសម្រេចលើឯកសារគតិយុត្តបម្រើឲ្យបទបញ្ជាលេខ ០១ បប រាជរដ្ឋាភិបាលបានធ្វើអនុបយោគកាត់ផ្ទៃដីសរុបទំហំជាង ១,២លាន ហិកតា ដែលក្នុងនោះ ទំហំ ជិត៣៩ ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ១៤២ និងទំហំជាង ២៧ ម៉ឺនហិកតា កាត់ចេញពីក្រុមហ៊ុនព្រៃសម្បទានចំនួន ១៧ និងទំហំ ៥៥ ម៉ឺនហិកតា កាត់ចេញពីដីរដ្ឋនិងដីព្រៃមានដីកាដកហូតដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ តាមរយៈព្រះរាជក្រឹត្យចំនួន ១០២ អនុក្រឹត្យចំនួន ៧៤១ និងសេចក្តីសម្រេចផ្តល់គោលការណ៍របស់រាជរដ្ឋាភិបាលចំនួន ៨០៥ ស.ជ.ណ។ លទ្ធផលសម្រេចបានលើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ តាមរយៈកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី(LASSP) ទាំង ២៥ រាជធានី-ខេត្ត បាននិងកំពុងអនុវត្តនៅស្រុកចំនួន ១០៣ ស្រុក ឃុំចំនួន ៤៧១ ឃុំ និងភូមិចំនួន ៤.១៣៧ ភូមិរួមមាន៖ បញ្ចូលទិន្នន័យបានជាង ៣,៤ លានក្បាលដី បិទផ្សាយចប់បានជាង ៣,១ លានក្បាលដី និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបានជាង ២,៨លានប័ណ្ណ។ ជាមួយគ្នានេះដែរលទ្ធផលសម្រេចបានលើការចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំបានចំនួនជាង ៦០ម៉ឺនប័ណ្ណ។

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារនយោបាយសំខាន់ៗ៣ចំណុចអំពី «នយោបាយដ៏គ្រោះថ្នាក់»





សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌទី៩ នៅវត្ត មុនីសុវណ្ណ ហៅចំពុះក្អែក

សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា និងសម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួម​ទាំង​មាតា​របស់​សម្តេច​គឺ​មហា​ឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ក្រុមគ្រួសារ បាន​អញ្ជើញ​​ទៅចូល​រួម​ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌនៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​នៅក្នុងថ្ងៃ​បុណ្យកាន់​បិណ្ឌទី៩ (ថ្ងៃ៩រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ២៥៥៩)​ត្រូវ​នឹង​ថ្ងៃទី៦ខែ​តុលា ឆ្នាំ២០១៥​ ។
បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត   ​ដែលប្រជារាស្រ្តខ្មែរ នៅទូ​ទាំង​​ប្រទេស តាំងពីបុរាណរៀងមក តែងតែប្រារព្ធមិនដែល​ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូត​ដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែល​យើងហៅថាបិណ្ឌ១, រហូត​ដល់បិណ្ឌ១៥ដែលគេហៅថា ថៃ្ង "ភ្ជុំបិណ្ឌ"។
វត្តមានដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញ​ទៅកាន់​វត្តមុនីសុវណ្ណ ហៅចំពុះក្អែក សង្កាត់ព្រែកថ្មី  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក្នុងថ្ងៃបិណ្ឌទី៩​ នាពេលនេះក៏ដូចជាការ​អញ្ជើញ​ទៅកាន់​ទីអារ៉ាមផ្សេងៗ​នា​រយៈពេលកន្លងមក ជាសក្ខីភាព​បង្ហាញ​ឱ្យ​ឃើញ​ពី ការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ក្នុងការ​គោរពបដិបត្តិ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់រដ្ឋ រួមជា​មួយ​ពុទ្ធបរិស័ទប្រមាណ​​៩០% នៅទូទាំង​ប្រទេសដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយ​វត្ត​មាន​របស់ស​ម្តចមកកាន់​ទីវត្ត​អារ៉ាម​នានា សម្តេច​​​តែង​តែ​នាំមកនូវបច្ច័យ​ ទេយ្យ​ទាន យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​មកប្រគេនព្រះសង្ឃ សម្រាប់​ចាត់ចែង ជាចង្ហាន់របស់ព្រះសង្ឃ និង​ការអភិវឌ្ឍ កសាងសមិទ្ធ​ផល​នានា​ ទាំង​ក្នុង​វិស័យពុទ្ធចក្រ និង​អាណាចក្រឱ្យរីកចំរីនរុងរឿង​ជាបន្ត​ទៀត ព្រោះថា វិស័យពុទ្ធចក្រ និង​អាណាចក្រ ត្រូវ​តែ​មាន​​ការអភិវឌ្ឍរីកចំរីនរុងរឿង​ដោយដើរ​ទន្ទឹម​គ្នា​ដែលមិនអាចខ្វះ​មួយណាបាន​ឡើយ។​  មាន​ន័យថានៅក្នុងវិស័យទាំងពីរនេះ បើពុទ្ធបរិស័ទ មានជីវភាពធូរធារ វិស័យ​ពុទ្ធចក្រ ក៏ទទួល​បាន​ការ​ទ្រទ្រង់​ពីសប្បុ​រសជន ជាពុទ្ធបរិស័ទផងដែរ  ។
សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម​ទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុម គ្រួសារ ​បានអញ្ជើញ​ធ្វើកិច្ច​តាម​ប្រពៃណី នៃព្រះ​ពុទ្ធ​សាសនា ដោយបាន​បូជា​ទៀនធូប ផ្កាភ្ញី ថ្វាយបង្គំ ព្រះពុទ្ធរូបនិងព្រះសង្ឃ ធ្វើបទនមស្ស​ការ​ព្រះរតន​ត្រៃ ​សមាទានសិល បង្សុ​កូល​ រាប់បាត្រ ប្រគេនបច្ច័យ ទេយ្យទានដល់ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផល្លាអានិសង្ឃ ជូន​ទៅ​ដល់​ដួង​វិញ្ញាណក្ខន្ធ បុព្វការីជន មាន មាតា បិតា    ជាពិសេសវិញ្ញាណក្ខន្ធ មហា​ឧបាសិកា   ឌី ប៉ុក វិញ្ញាណ​​ក្ខន្ធ​អ្នក​ឧកញ៉ាមហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង ដែល​ត្រូវ​ជាឪពុក ម្តាយ បង្កើត​របស់​សម្តេច​​​​តេជោនាយករដ្ឋមន្ត្រី ,វិញ្ញាណក្ខន្ធ លោកមហាឧបាសក លីនគ្រី ដែល​ត្រូវ​ជាឪពុក​បង្កើត​របស់​សម្តេច​​កិត្តិ​ព្រឹទ្ធបណ្ឌិត​, និងដួងព្រះវិញ្ញាណ​ក្ខន្ធ​អតីត​ព្រះមហា​ក្ស​ត្រ, ព្រះមហាក្ស​ត្រ​យានី ​​គ្រប់​ជំនាន់​វិញ្ញា​ណ​ក្ខន្ធ ជីដូន​ ជីតា, វិញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ បុត្រ​ច្បង​របស់​សម្តេច​​ដែលបានបាត់បង់​ជីវិតនៅ​ក្នុង​របប​ប្រល័យពូជ​សាសន៍​​ប៉ុលពត ,វិញ្ញាណក្ខន្ធ ញាតិ​ការ​ទាំង​៧​សន្តាន​ ​និងវិញ្ញាណក្ខន្ធ​​ថ្នាក់ដឹក កម្មាភិបាល យុទ្ធ​ជន យុទ្ធ​នារី​អ្នកស្នេហាជាតិ​ដែលបាន​ពលីជីវិត​នៅក្នុង​បុព្វ​ហេតុ​ជាតិ មាតុភូមិ សូមឱ្យដួងវិញ្ញាណក្ខន្ធ របស់អស់​លោក​អ្នក​ទាំងនោះ​មេត្តាទទួល​យក​នូវ​នូវផល្លាអានិសង្ឃ​ដ៏ថ្លៃថ្លា និងងាក​ក្រោយឱ្យពរជ័យ ដល់រូប​សម្តេច​ទាំងពីរ និង​មាតា​របស់សម្តេច​គឺលោក​មហា​ឧបាសិកា ប៊ុន ស៊ាងលី​ ព្រម​ទាំង​ក្រុម​គ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី​ជាទី​ស្រឡាញ់ សូម​ ​ឱ្យមាន​សុខភាព​ល្អ ប្រាជ្ញា​ឆ្លាតវៃ និង អាយុយឺនយូរ ។ ​
រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក ផ្លូវការរបស់សម្តេច គឺ​សម្តេច​​បានផ្ញើសារ ទៅកាន់ ព្រះសង្ឃនិង​ជនរួម​ជាតិថា៖ អ្វីៗ​ដែល​យើង​សប្បាយ​រីករាយ ជួបជុំ​ក្រុម​គ្រួសារ​បាន​នៅ​ពេលនេះ គឺប្រទេស យើង​បាន​ឆ្លង​កាត់​រឿងរ៉ាវ ប្រវត្តិ​សាស្ត្រ​​ដ៏ជូរចត់ជាច្រើន ។ ក្នុងន័យនេះ សម្តេច ចង់រម្លឹកថា ព្រះ​តេជ​គុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ប្រជា​ពល​រដ្ឋ​នៅទូទាំងប្រទេស  ពិតជាបានដឹងច្បាស់ហើយ នៅពេល​ដែល​កម្ពុជា​ប្រជាធិ​បតេ​យ្យ​(ខ្មែរក្រហម) បាន​ឈ្នះ​សង្គ្រាម កាន់កាន់កម្ពុជាអស់រយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ កាល​ពី​ឆ្នាំ១៩៧៥ គឺដោយ​សារការ​បំផុស​ មនោគមន៍វិជ្ជា អូសទាញ​ពីគ្រប់​ស្រទាប់​ពលរដ្ឋ ជាពិសេស​ក្នុងចំណោមយុវជន  ដោយពួកគេ បាន​និយាយ​​បំផុស​អំពីការ​ផ្លាស់ប្តូរ​ដែល    គ្មាន​អ្នកមាន គ្មាន​អ្នកក្រ គឺអ្វីៗត្រូវ​តែមាន​ភាពស្មើគ្នា​ដោយគ្មាន​ប្រកាន់​វណ្ណៈទាំងអស់។   ​ ​ និយាយ​រួម​គឺសិទ្ធិ​សេរីភាព របស់​ពលរដ្ឋ ត្រូវបាន​ដកហូតចេញទាំងអស់។ មិន​តែ​​ប៉ុណ្ណោះ គឺប្រជា​ពលរដ្ឋ​បានស្លាប់​ដោយ​អត់​បាយនិងមួយចំនួន ធំទៀត ត្រូវបានធ្វើទារុណកម្ម និង​សម្លាប់​ចោលដោយគ្មានការតវ៉ា។ នយោ​បាយ និងមនោគមន៍ បំផុសឱ្យមានការផ្លាស់ប្តូរ ដោយ​មេដឹក​នាំជំនាន់នោះ គឺធ្វើ​ឱ្យប្រជា​ពល​រដ្ឋជាង​៣លាននាក់ ត្រូវបាន សម្លាប់ យ៉ាងវេទនា បំផុត។ ​ដោយមាន ការចូលរួមសហ​ការពីប្រទេស​វៀត​ណាម​ផង​ដែរនោះ នៅថ្ងៃទី៧​ខែមករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃប្រវត្តិ​សាស្ត្រ។​  ​  ដូច្នេះហើយក្នុង​ឯកសណ្ឋានជា​ទាហាន​គ្រប់​ពេលរបស់ សម្តេច​ក្នុងការដឹកនាំ​គ្រប់ស្ថាន​ការណ៍​  គឺ​​ដើម្បី ធានា​សន្តិភាព និង​សុវត្ថិភាពរស់​នៅរបស់ប្រជា ពលរដ្ឋ ដោយ​មិន​គិត​អំពី​សេចក្តី​សុខ​ផ្ទាល់​ខ្លួនឡើយ។ ក្នុងសភាពការណ៍នោះ សម្តេចក៏បានសម្រេច ថាត្រូវ តែបង្រួបបង្រួម ចរចា​ជាមួយ​គ្រប់ភាគី​ទាំង​អស់ដើម្បី​បញ្ចប់​សង្គ្រាម​កុំឱ្យ​មានការបង្ហូរឈាមខ្មែរតទៅទៀត ព្រោះយើង​ទើប​បាន​រួចផុត​ពីរបប​ខ្មែរក្រហមថ្មីៗនិង ក្រៅៗ​នៅ​ឡើយ។ ការតស៊ូដោះស្រាយគ្រប់បញ្ហា ជា​បន្តបន្ទាប់ ទោះបី​ជាមាន​ការបោះ​ឆ្នោត​កើត​ឡើង​រួច​ហើយក៏នៅមានបញ្ហាមួយចំនួនទៀត នៅបន្តកើត​មាន​ឡើង​នៅតំបន់​ផ្តាច់ខ្លួន​និងគ្រប់​គ្រងដោយ​កម្ពុជាប្រជាធិបតេយ្យ។ ​នៅឆ្នាំ១៩៩៦-១៩៩៨​ សម្តេច​បាន សម្រេចជ្រើសរើសនយោបាយ​ឈ្នះ​​ឈ្នះ​ចុងក្រោយក្នុង​ការ​បង្រួបប​ង្រួមនិង ធ្វើ​សមាហរ​ណ​កម្មក្រុមកម្ពុជា ប្រជាធិបតេយ្យ​ទាំង​អស់​ឱ្យ​បាន​វិលមក​រួមរស់​នៅក្នុងសង្គមជាតិវិញ ដែល​យើង​បាន​បញ្ចប់​សង្គ្រាម​កម្ពុជា​ទាំងស្រុង​ជា​ស្ថាពរ។ ​គឺខ្មែរ​ឈ្នះទាំងអស់គ្នា។ ដូច្នេះ សន្តិភាព គឺជាសេចក្តី​ត្រូវ​ការ​ចាំបាច់​បំផុត​ទាំង​ក្នុង​ការ​រស់នៅ និង​ក្នុង​ការ​កសាងប្រទេស។ សន្តិភាព​បាន​ផ្តល់​ឱកាសដល់កម្ពុជា បានរៀបចំ​ការ​បោះ​ឆ្នោត រៀងរាល់អាណត្តិ ហើយ​រាជ​រដ្ឋាភិបាល​មាន​ពេល​វេលាស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ។ សន្តិភាព គឺបានធ្វើឱ្យប្រជាពលរដ្ឋ  ​ញញឹម​ប្រកប​ដោយក្តី​សង្ឃឹម​ទាំង​អស់គ្នាក្នុង​ការ​អភិវឌ្ឍន៍សង្គម  ក្រុមគ្រួសារ ឱ្យរីកចំរីន។ សន្តិភាព​ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចំរើនបោះជំហាន​ទៅមុខ និងធ្វើឱ្យប្រជា​ពល​រដ្ឋរស់​នៅជួប​ជុំ សុខ​សប្បាយរីករាយ​ជា​មួយ​ក្រុមគ្រួសារ ​និងមាន​ឱកាស​ធ្វើ​បុណ្យទានទៅតាមប្រពៃ​ណីទំនៀម​ទំលាប់ដូច​ជាពិធី​បុណ្យភ្ជុំ​បិណ្ឌ​នៅពេល​នេះជាដើម។ 

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា គ្មានការរីក​រាយ​ណាដែលចេញមកពីសង្គ្រាម អស្ថិរភាពនិង​ការប្រឈមមុខគ្នានោះទេ។​ ដូច្នេះហើយយើង​ត្រូវ​រួម​គ្នា​ការពារនូវអ្វីដែល​យើង​កំពុង​​មាន ពិសេស​គឺ​សន្តិ ភាព។ ក្នុងពិធីកាន់បិណ្ឌទី៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី​និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាននាំយក​អំ​ណោយ​​ជាសំភារៈ និងថវិកា មួយចំនួន ចែកជូនដល់លោកយាយ លោកតា ជាចាស់សិលវន្ត សិលវត្តី ផងដែរ៕





មតិប្រតិកម្មរបស់បុគ្គលិកសិក្សា សិស្ស និស្សិត ចំពោះមេបក្សសង្គ្រោះជាតិ!

ព័ត៌មាន​ទាន់​ហេតុការណ៍!
មតិប្រតិកម្មរបស់បុគ្គលិកសិក្សា សិស្ស និស្សិត ចំ​ពោះ​មេបក្ស​សង្គ្រោះ​ជាតិ!
សិស្ស និស្សិត លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ បញ្ញាវ័ន្ដ ដែលមានសញ្ញាប័ត្រនៅស្រុកខ្មែរចាត់ទុក​សំដី​លោកសម រង្ស៊ី ថា ជាការប្រមាថដល់បញ្ញវ័ន្ដខ្មែរ!
បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានរិះគន់សញ្ញបត្រនៅស្រុកខ្មែរថា គ្មានគុណភាព​រួច​មក សិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបញ្ញាវ័ន្ដ ដែលរៀនបានសញ្ញាប័ត្រនៅ​កម្ពុជាបានចាត់ទុកសំដីលោក សម រង្ស៊ី ថា ជាការប្រមាថទៅលើពួកគាត់យ៉ាងខ្លាំង។
ប្រធានគណបក្សសង្គ្រោះជាតិ បានប្រមាថសញ្ញាបត្រដែលរៀននៅស្រុកខ្មែរ ដូចនេះ បើសង្គ្រោះជាតិ​ឈ្នះ​​​ឆ្នោតពួកខ្ញុំជាសាស្ត្រាចារ្យ និស្សិត សិស្ស អ្នកគ្រូ លោកគ្រូ ទាំងអស់គ្នាប្រហែលមិនមានការ​ងារ​ធ្វើ​ទេ ព្រោះគាត់យកតែអ្នករៀននៅក្រៅប្រទេស! ពិតជាភ័យណាស់ មានតែបន់កុំឲ្យគាត់ឈ្នះឆ្នោតតែម្ដង​។
​នេះជាសំណេរនៅក្នុងគណនីហ្វេសបុករបស់សាស្ត្រាចារ្យម្នាក់ ដែលបង្រៀនមុខវិជ្ជាច្បាប់ នៅតាម​បណ្ដា​មហាវិទ្យាល័យច្បាប់នៅកម្ពុជា។ សាស្ត្រាចារ្យច្បាប់រូបនេះ មានសរសេរនៅក្នុងវង់ក្រចកនៃ​អត្ថ​បទ​​របស់គាត់ថា មាត់អត់គំរប។ ន័យនេះ គឺចង់សំដៅទៅលើប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលបានមើលងាយចំពោះសញ្ញាប័ត្រនៅស្រុកខ្មែរ។
ពាក់​ព័ន្ធ​នឹង​ការ​ប្រមាថ​មក​លើ​វិស័យ​អប់រំនៅកម្ពុជា​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន ​និង​កីឡា លោក ហង់ ជួនណារ៉ុន បានបញ្ចេញ​​ប្រតិកម្មខ្លាំងៗ ដោយ​បានចាត់ទុក​សម្តី​របស់​​លោក ​សម រង្ស៊ី ​ជាការ​មើលងាយ និង​វាយប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដែល​​មិនអាច​ទទួលយក​បាន។ លោក​រដ្ឋមន្ត្រី ក៏បាន​អះអាងថា ក្រោយពី​ការលើកឡើង​នេះ មាន​គ្រូ​បង្រៀន​​ខ្លះ​ចង់​បបួល​​លោក សម រង្ស៊ី ប្រឡង​វិញ្ញាសា​ខ្មែរ​ជាមួយគ្នា ដើម្បី​រក​អ្នកខ្សោយ និង​អ្នក​ខ្លាំង។
គួររំលឹកបន្តិច​ថា កាលពីថ្ងៃទី៤ខែតុលា លោក សម រង្ស៊ី បានបោះពាក្យប្រមាថសញ្ញាប័ត្រនៅស្រុកខ្មែរ​ថា គ្មាន​តម្លៃ​នោះទេ គឺនៅចំពោះមុខសកម្មជនរបស់គណបក្សសង្គ្រោះជាតិ គ្រាដែលមេបក្សប្រឆាំង​រូប​នេះ​បាន​ជំទើត​ខ្លួន​​ចែកសញ្ញាប័ត្រ ដល់សកម្មជនក្នុងបក្សនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ​នៅ​ចាក់​អង្រែ។ គេ​មិនដែលឃើញប្រធានគណបក្សប្រឆាំងចែកសញ្ញាប័ត្រនេះទេ កាលពីមុន ទើបតែពេល​នេះ​បាន​ចែក​សញ្ញាបត្រ អត្ថន័យនេះ ក៏ទំនងជាគេអាចសន្និដ្ឋានបានថា មេបក្សប្រឆាំងកំពុងរៀបឬក​រៀប​ពារ​​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រីឧទាហរណ៍សិន ទំរាំចាំអ៊ុតមើលលទ្ធផលឆ្នោតឆ្នាំ២០១៨។
រឿងរៀបឬករៀបពារធ្វើនាយករដ្ឋមន្ត្រីនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​​ចំអកឲ្យ​ម្ដង​រួច​ហើយ ព្រោះ​បាន​ឃើញ​ការរៀបឬករៀបពារនេះម្ដងហើយម្ដងទៀត ឲ្យតែមុនបោះឆ្នោតចាប់ផ្តើម​រៀប​ឬកពារ​​ជា​នាយក​រដ្ឋមន្ត្រីឧទាហរណ៍បណ្ដើរៗ តែក្រោយការបោះឆ្នោត គេមិនដែលឃើញបានខ្មេះ​ស្អី​នោះ​ទេ​។
ងាកមកសញ្ញាប័ត្រវិញ សម្រាប់អ្នកនយោបាយបានចាត់ទុកចរិករបស់មេបក្សប្រឆាំងថា ជារឿងធម្មតា​ទៅហើយ ព្រោះគេមិនដែលឃើញលោក សម រង្ស៊ី សរសើរចំណុចណាររបស់រាជរដ្ឋាភិបាលនោះទេ ខណៈ​ដែលខ្លួនគ្រប់គ្រងតែបក្សមួយមិនទាន់បានល្អឥតខ្ចោះផងនោះ។
មាត់ឥតគំរបរបស់មេបក្សប្រឆាំង ត្រូវបានរងការរិះគន់ពេញទំហឹងពីក្រុមនិស្សិត សាស្ត្រាចារ្យ និង​បញ្ញា​វ័ន្ដនៅស្រុកខ្មែរ។ បើតាមលោក សម រង្ស៊ី សញ្ញាប័ត្រនៅស្រុកខ្មែរគ្មានតម្លៃនោះទេ។ ទំនង​ជា​ត្រូវ​ខ្លះ​ដែរ​​​ព្រោះចឹងហើយ បានជាគេមិនឃើញលោក សម រង្ស៊ី ទុកកូនឲ្យរៀននៅសាលាក្នុងស្រុកខ្មែរ គឺ​បញ្ជូន​​ឲ្យ​​រៀននៅក្រៅប្រទេសអស់ៗ តែអ្នកមានកូនទៅរៀននៅស្រុកគេ នៅក្នុង​ជួរ​គណបក្ស​ប្រឆាំង​មិន​មាន​​ច្រើន​ទេ គឺមានតែកូនរបស់មេដឹកនាំគ្រាក់ៗក្នុងបក្សតែប៉ុណ្ណោះ មានដូចជាកូនស្រីលោក កឹម សុខា កូន​របស់លោកស្រី មួរ សុខហួរ ជាដើម។ តែកូនអ្នកទាំងនោះទៅរៀននៅស្រុកគេហើយ មក​ដើរ​ប្រួក​ប្រាច​​​ពាសពេញផ្លូវនៅស្រុកខ្មែរដែរ ពោលគឺទៅរៀននៅស្រុកគេច្រើនតែចេះបាតុកម្មតាមឪ។ បាតុកម្ម​នៅ​ទី​ណាមិនបាតុទេ បាតុតែនៅក្នុងរាជធានីភ្នំពេញ និងចេះជំនាញមួយទៀត គឺដកខ្លួន មាន​ហេតុផល​ថា ទៅបំពេញទស្សនកិច្ចក្រៅស្រុក នៅពេលមានរឿងក្នុងស្រុកម្ដងៗ។
ដល់ចំណុចនេះ គឺមានន័យថា ក្រៅអំពីអ្នករៀននៅក្រៅប្រទេសនោះ បញ្ញជនដែលនៅក្នុង​ស្រុកខ្មែរ កាន់ស​ញ្ញាប័ត្របណ្ឌិត អនុបណ្ឌិត បរិញ្ញាប័ត្រ បាក់ឌុប ឌីប្លូម ឬសញ្ញាប័ត្រជំនាញជាដើម​ គឺ​គ្មាន​តម្លៃ​ទេ អញ្ចឹងមានន័យថា អ្នករៀនស្រុកខ្មែរគ្មានចេះអីទេ ចេះតែក្រុមកូនលោកដែលបានទៅរៀន​នៅ​បរ​ទេស​​តែប៉ុណ្ណោះ។ សូម្បីតែសាស្ត្រាចារ្យដែលកាន់សញ្ញាប័ត្រនៅស្រុកខ្មែរក៏គ្មានសមត្ថភាពដែរ។​
ប្រសិនបើអ្វីៗដូចជាការលើកឡើងរបស់លោក សម រង្ស៊ី មែន នោះសាស្ត្រាចារ្យដែលបង្រៀន​នៅ​ស្រុក​ខ្មែរ​​​អាចប្រឈមនឹងការបាប់បង់អាជីព ព្រោះបង្រៀនអត់សមត្ថភាព និងសញ្ញប័ត្រគ្មានតម្លៃ ហើយនិង​គ្មាន​កន្លែងសម្រាប់​ឈរជើងនោះទេ។ សិស្សានុសិស្សរាប់លាននាក់ កំពុងរៀនចំណេះដឹងទូទៅ និស្សិត​នៅតាមបណ្ដាមហាវិទ្យាល័យ អ្នកគ្រូលោកគ្រូ សាស្ត្រាចារ្យ និងបញ្ញាវ័ន្ដដែលសិក្សានៅកម្ពុជានឹងក្លាយ​ទៅជាគ្មានតម្លៃផ្នែកចំណេះដឹងនោះទេ។ គឺពួកគេរាល់គ្នានឹងមានសញ្ញាប័ត្រខ្ពស់ៗ តែគ្មានគំនិត គ្មាន​ចំណេះនោះទេ មានតែអ្នកដែលបានទៅរៀននៅបរទេសតែប៉ុណ្ណោះ។
ជាទូទៅគេដឹងថា លោក សម រង្ស៊ី និយាយនេះ ក៏ដើម្បីតែនយោបាយដែរ ក៏ប៉ុន្ដែភាពប្រជាភិថុតិ ឬភាព​បោក​ប្រាស់ដើម្បីបំរើនយោបាយបក្សពួកខ្លួនតែមួយក្រុមនេះ វានឹងធ្វើឲ្យបញ្ញាវ័ន្ដជនជាតិខ្មែរ គ្មាន​តម្លៃ​នោះទេ សម្រាប់ឆាកអន្តរជាតិ ហើយកិត្តិយសរបស់បញ្ញាវ័ន្ដមានដូចជា គ្រូបង្រៀនដែលអ្នកផងគោរព​និងឲ្យតម្លៃជាបញ្ញាវ័ន្ដនោះ អាប់ងើបមុខគ្មានរួចនោះទេ។ ក៏ព្រោះតែភាពចំណេញនយោបាយមេបក្ស​ប្រឆាំងបានទំលាក់តម្លៃគ្រូបង្រៀន ទំលាក់តម្លៃរបស់អ្នកបង្រៀនសិស្សទទួលបាន​សញ្ញា​ប័ត្រថា គ្មាន​តម្លៃ។ បើគិតៗទៅ ធម្មតាទៅហើយ ព្រោះតែចំណុចណាមួយក្នុងវិស័យរាជរដ្ឋាភិបាលក៏ធ្លាប់រងនូវការ​រិះគន់ មានរហូតរិះគន់បំផ្លើសនូវចំណុចដែលរាជរដ្ឋាភិបាលបាន​ និង​កំពុងធ្វើ។
ចំពោះសញ្ញាប័ត្រនៅក្នុងវិស័យអប់រំនេះដែរ លោក សម រង្ស៊ី ពិតជាពូកែរិះគន់មែន ព្រោះគេក៏មិនដែល​ឃើញលោក សម រង្ស៊ី បានប្រើប្រាស់ថវិកាផ្ទាល់ខ្លួន ឬកៀរគររកចំណូលឯណាទៅជួយសាងសង់​សាលារៀន មានតែគៀរគរចំណូលចូលរួមជួយធ្វើបាតុកម្ម ញុះញង់ឲ្យមានការដុតបំផ្លាញឡានប៉ូលីស ឡានទឹក ដុត​កង់ឡាន​ គៀរគររកលុយធ្វើចំការម្រេច ល្ហុងខ្វង អាហ្នឹងប្រហែលអាចមាន។
ជារួម ទោះបែបណាក្ដី សំដីមួយមាត់នេះ គឺវាបានលើសពីការឃោសនានយោបាយបាត់ទៅហើយ ព្រោះ​​ថា មានមនុស្សច្រើនណាស់ដែលបានប្រាស្រ័យផលរបស់សញ្ញាបត្រនៅកម្ពុជានេះ ជាស្ពានក្នុង​ការ​សាងអនាគត មិនថា ទៅរៀនបន្ដនៅស្រុកក្រៅ មិនថា ធ្វើការនៅស្រុកក្រៅ ឬធ្វើការនៅស្រុកខ្មែរ និង​​ធ្វើជំនួញរកស៊ីជួញដូរនានា។
តែទោះយ៉ាងណាគេនៅមិនទាន់ដឹងថា តើគ្រូបង្រៀន សាស្ត្រាចារ្យ ​និស្សិ​ត​ នឹងមានប្រតិកម្មខ្លាំង​ក្លា​យ៉ាង​ណា​ទៀត ប្រឆាំងមេដឹកនាំគណបក្សសង្គ្រោះ​ជាតិ​នោះ​ទេ នេះ​មិន​ទាន់​គិត​អំពី​ទំ​ហំ​ទឹក​ចិត្ត​ នៃ​ការ​ខឹង​សម្បាររបស់មាតាបិតាសិស្ស​ប្រឡង​ជាប់ ដែល​ពួក​គាត់​បាន​ប្រឹង​ប្រែង​ លំបាកសព្វ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​រក​ថវិកាចិញ្ចឹម​ និង​ផ្គត់​ផ្គង់​ឲ្យ​កូន​គាត់​បាន​រៀន​សូត្រ​ ទម្រាំប្រឡងជាប់​នោះ​ឡើយ ដែល​ពុំ​គួរ​គប្បី​ត្រូវ​បាន​មេបក្ស​ប្រឆាំង​មាក់ងាយ តម្លៃ​នៃ​ការ​ខិតខំ​របស់​ពួក​គាត់​ និង​កូន​របស់​ពួក​គាត់​បែប​នេះ​ឡើយ​៕

ដោយ៖ សុខ សុវណ្ណ