Tuesday, May 26, 2015

សាក្សី៖ ការដ្ឋានការងារទំនប់ ១ មករា នៅខេត្តកំពង់ធំជាសមរភូមិ ពលកម្មក្តៅ

លោក នេត្រ ភ័ក្ត្រា ​មន្ត្រីអ្នកនាំពាក្យសាលាក្តី​ខ្មែរក្រហម ​នៅថ្ងៃទី ​២៦ ខែឧសភា ​ឆ្នាំ២០១៥នេះ ​បានឲ្យដឹងថា ​សាក្សីដែលត្រូវបានកោះហៅ​មកផ្តល់សក្ខីកម្ម​នៅចំពោះមុខអង្គជំនុំ​ជម្រះសាលា​ដំបូងនៃសាលាក្តីខ្មែរ​ក្រហមបានថ្លែងថា​ ការដ្ឋានការងារទំនប់ ​១មករា នៅក្នុង​ខេត្តកំពង់ធំគឺជា​សមរភូមិពលកម្មក្តៅ។​ អ្នកស្រី មាស​ ឡៃហួរ​ ដែលជាអតីតនារី​កងចល័តនៅក្នុងការដ្ឋានការងារ​នេះបានមានប្រសាសន៍ថា ​ការ​ធ្វើការ​នៅ​ការដ្ឋាន​ទំនប់ ១ មករា ក្នុង​ខេត្ត​កំពង់ធំនោះ ជា​សមរភូមិ​ពលកម្ម​ក្ដៅ ព្រោះ​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់​ទេ ហើយ​មាន​គ្រោះថ្នាក់។
ការផ្តល់សក្ខី​របស់អ្នកស្រី ​មាស ឡៃហួរ ​ដែលចាប់ផ្តើម​ធ្វើនៅថ្ងៃទី២៥ ​ខែឧសភា ឆ្នាំ ​២០១៥ ​បញ្ចប់នៅល្ងាចថ្ងៃទី២៦​ ខែឧសភា ​ឆ្នាំ ២០១៥ ​ហើយអង្គជំនុំ​ជម្រះសាលា​ដំបូងនឹង​ស្តាប់ការផ្តល់​សក្ខីកម្ម​របស់ដើមបណ្តឹង​រដ្ឋប្បវេណីមួយរូបទៀត​ ទាក់ទង​នឹង​អង្គហេតុការដ្ឋាន​ ការងារទំនប់​ ១ មករា នេះ។
​បើតាមការបញ្ជាក់​របស់សាក្សីរូបនេះ​ ក្រុមខ្មែរក្រហមបានចែក​ដីឱ្យពលរដ្ឋជីក​ក្នុងមួយថ្ងៃ​មួយម៉ែត្រគូប​ ហើយធ្វើការងារ​ពីព្រឹកព្រលឹម​រហូតដល់ម៉ោង ​១២ យប់​ ដោយឈប់សម្រាក​នៅម៉ោង​ ១២ ថ្ងៃត្រង់​ ហើយសម្រាក​ហូបបាយដែលគេចែកឲ្យ​។ អ្នកស្រីបានបញ្ជាក់ថា ​ប្រជាជនត្រូវបាន​បង្ខំឱ្យធ្វើការងារយ៉ាងធ្ងន់ធ្ងរ ​ប៉ុន្តែរបបអាហារ ​ដែលផ្តល់ឱ្យមិនគ្រប់គ្រាន់​ឡើយ។ ​អ្នកស្រីបានឱ្យដឹងថា​របបអាហារពេលនោះ​មានគុណភាព​តិចជាងបបរបាយជ្រូក​សព្វថ្ងៃនេះទៀត ​ដោយគ្រាន់តែស្ងោរ​ត្រកួនដាក់អំបិលចែកគ្នា ​ហូប ​និងគ្មានការតវ៉ាអ្វី​ឡើយ ប្រសិនបើតវ៉ា​ នោះនឹង​ត្រូវគេយកទៅ​សម្លាប់ចោល។
តាមការរៀបរាប់​របស់សាក្សី ​ប្រជាជនទាំងឡាយ​ត្រូវបង្ខំឱ្យទៅធ្វើការ ​ទោះបីជាមានជំងឺក៏​ដោយ ​ព្រោះខ្លាចត្រូវខ្មែរ​ក្រហមហៅយក​ទៅកសាង​ និង​ធ្វើទារុណកម្មបង្អត់អាហារ។​ អ្នក​ស្រីបានថ្លែងប្រាប់​ទៅកាន់​អង្គជំនុំជម្រះថា មាន​ពលករ​ធ្វើ​ការ​នៅ​ទំនប់ ១ មករា ជា​ច្រើន​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​ការ​រស់​នៅ និង​ការ​បរិភោគ​មិន​មាន​អនាម័យ ជា​ពិសេស​គឺ​ទឹក​មិន​ស្អាត  ហើយ​ពេល​ឈឺ មិន​មាន​ពេទ្យ​ព្យាបាល​ត្រឹមត្រូវ​ទេ។
​សាក្សី មាស ឡៃហួរ បានឆ្លើយ​ទៅនឹងសំណួររបស់​ភាគីពាក់​ព័ន្ធនានាក្នុងដំណើរ​ការសវនាការដោយលោកស្រី​បានជម្រាបថា អ្នក​ធ្វើ​ពលកម្ម​នៅ​សមរភូមិ​ទំនប់ ១ មករា​នោះ គឺ​ជា​កង​ចល័ត​ពិសេស ដែល​មាន​ទាំង​ប្រជាជន​ចាស់ និង​ប្រជាជន​ថ្មីរួមគ្នា។ កង​ចល័ត​ទាំង​នោះ​ត្រូវ​ធ្វើការ​លើក​ធ្ងន់​ដោយ​បង្ខំ ប្រមាណ ១៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​មាន​កង​ឈ្លប និង​យោធា​យាម​ឃ្លាំមើល​ផង។ អ្នកស្រីបានបញ្ជាក់ថា​អ្នកដែលមិន​ធ្វើការត្រូវបាន​គេចោទថាប្រឆាំងនឹងអង្គការហើយគេ​នឹងយកទៅ​សម្លាប់ចោល ​នៅមន្ទីរសន្តិសុខនៅវត្ត​បារាយណ៍ជាន់ដែក​ដែលស្ថិតនៅក្នុងស្រុកបារាយ ​ខេត្តកំពង់ធំ ដែលមានទីតាំង​នៅក្បែរតំបន់​ការដ្ឋានការងារ​នោះ។
លោក​ នេត្រ ភ័ក្ត្រា ​មន្ត្រីនាំពាក្យ​នៃអង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា​ បានថ្លែងថា​នៅក្នុងដំណើរការ​ស្តាប់ការផ្តល់​សក្ខីកម្មសាក្សីនេះ​ វីដេអូឯកសារទាក់ទង​នឹងការដ្ឋាន​ការងារទំបន់ ​១ មករា​ ក៏ត្រូវបានស្នើឲ្យចាក់ ​បញ្ចាំងដោយក្រុមមេធាវី​ការពារក្តីជនជាប់​ចោទ នួន ជា ​ផងដែរ។ ​លោក នេត្រ ភក្ត្រា​ បានមានប្រសាសន៍ថា ​បន្ទាប់ពីការចាប់ផ្តើម​ដំណើរការសវនាការវគ្គទី២​ លើសំណុំរឿង ​០០២ វគ្គ០២ ​ទាក់ទងនឹងការដ្ឋាន​ការងារទំនប់ ​១ មករា​នេះ ​សាក្សីបីរូបហើយដែល​ត្រូវបានកោះហៅ​មកផ្តល់សក្ខីកម្ម​ គឺលោក ឱ ហូ ​លោក ប៉ិច​ សុខា​ និងអ្នកស្រី ​មាស ឡៃហួរ។
​លោក នេត្រ ​ភ័ក្ត្រា បានថ្លែងថា​ នៅថ្ងៃទី១៩ ​ខែឧសភា ​ឆ្នាំ ២០១៥​ កន្លងទៅ ​អង្គជំនុំជម្រះ​សាលាដំបូង​នៃអង្គជំនុំ​ជម្រះវិសាមញ្ញ​ក្នុង​តុលាការកម្ពុជា​ បានចាប់ផ្តើម​សវនាការវគ្គទី២ ​ដែលផ្តោតទៅ​លើការដ្ឋានការងារ។ ​អង្គជំនុំជម្រះសាលា​ដំបូងនឹងធ្វើ​សវនាការលើ​ការដ្ឋាន ​ការងារចំនួនបី​តាមលំដាប់លំដោយ​ដូចតទៅ៖​ ទំនប់ ១ មករា​ (ខេត្តកំពង់ធំ) ​ការដ្ឋានព្រលាន​យន្តហោះ​ខេត្តកំពង់ឆ្នាំង​ និងទំនប់ត្រពាំងថ្ម ​(ខេត្តបន្ទាយមានជ័យ)។ ​អង្គជំនុំ ​ជម្រះនឹង​រៀបចំស្តាប់ការ​ផ្តល់សក្ខីកម្មពីដើម​បណ្តឹងរដ្ឋប្បវេណី​ និងសាក្សីចំនួន ​១០​ រូប សម្រាប់អង្គ​ហេតុទាក់ទងនឹង​ការដ្ឋានការងារទំនប់ ១ ​មករានៅក្នុងខេត្តកំពង់ធំ។​
សូមបញ្ជាក់ថា ​សវនាការលើអង្គហេតុថ្មី​ក្នុងវគ្គទី២នៃសំណុំរឿង​ ០០២ វគ្គ០២​ នេះធ្វើឡើង​​បន្ទាប់ពីអង្គជំនុំជម្រះ​សាលាដំបូង​បានបញ្ចប់សវនា​ការវគ្គទី១​ លើអង្គហេតុសហករណ៍​ត្រាំកក់ ​និងមន្ទីរសន្តិសុខ​ក្រាំងតាចាន់។ ​ចាប់តាំងពីបើកសវនាការ​ស្តាប់សក្ខីកម្មនៅថ្ងៃទី៨ ​ខែមករា​ ឆ្នាំ ២០១៥ ​រហូតមកដល់ថ្ងៃទី២៦ ​ខែឧសភា ​អង្គជំនុំជម្រះសាលាដំបូង ​ បានបើក​សវនាការរយៈពេល​ ៥៥ ថ្ងៃ ​និងបានស្តាប់ការផ្តល់​សក្ខីកម្មរបស់សាក្សី ​អ្នកជំនាញ ​និង​ដើម ​បណ្តឹងរដ្ឋប្បវេណីចំនួន ​៤០ រូប ​ក្នុងនោះសាក្សី ២១​ រូប ​ដើមបណ្តឹងរដ្ឋប្ប​វេណីចំនួន ​១៨ រូប និងអ្នកជំនាញ​ ១ រូប៕
អត្ថបទ៖ សុភាព

អភិបាលក្រុងប៉ោយប៉ែត អះអាងថា បាតុកម្មតវ៉ានៅមុខ ការិយាល័យគយ នៅប៉ោយប៉ែត គឺមានមន្ត្រីគណបក្ស សង្គ្រោះជាតិនៅពីក្រោយ

យោងតាមរបាយការណ៍​ស្តីពីបាតុកម្មហឹង្សា​របស់កម្មករអូសរទេះ ​នៅចំណុចមុខ​ការិយាល័យគយ ​និងរដ្ឋាករ​ ក្រុងប៉ោយប៉ែត​ ដែលចេញដោយគណៈ​បញ្ជាការឯកភាពរដ្ឋបាល ​ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី ២៥ ​ខែឧសភា ​ឆ្នាំ ២០១៥​កន្លងទៅ ​បានឲ្យដឹងថា ​ករណីផ្ទុះជាអំពើ​ហិង្សានៅចំណុច​មុខការិយាល័យគយ​ និងរដ្ឋាករក្រុងប៉ោយប៉ែត ​បានកើតឡើងនៅព្រឹកថ្ងៃទី​ ២៥ ​ខែឧសភា ​ឆ្នាំ២០១៥ ​ដោយក្នុងនោះក្រុមកម្មករ​អូសរទេះបានធ្វើបាតុកម្ម​បិទផ្លូវជាតិលេខ៥ ​ដោយទាមទារលក្ខខ័ណ្ឌ​ចំនួន២ចំណុច​ ទី១-ទាមទារមិនឲ្យមាន​ការបង់ពន្ធសម្រាប់​ទំនិញដែលមានចំនួន ៣០កេស​ ក្នុងមួយជើង និងទី២​-ស្នើសុំឲ្យលោក ឈួន ហៃ​ ប្រធានការិយាល័យគយ​ និងរដ្ឋាករ ​ចេញមកធ្វើការដោះស្រាយ។
​នៅក្នុងរបាយការណ៍ដដែល​បានបញ្ជាក់ទៀតថា​ ដោយលោក ឈួន ហៃ​ ជាប់បំពេញបេសកម្មនៅ​រាជធានីភ្នំពេញ​ និងបានផ្ទេរសិទ្ធិជូន ​លោក នួន វុទ្ឍី​ ជាអ្នកទទួលខុសត្រូវរួម។ ​នៅក្នុងកិច្ចដំណើរ​ការសម្របសម្រួល​អាជ្ញាធរក្រុង ​និងលោក នួន វុទ្ឍី ​បានធ្វើការសម្រុះសម្រួល​ជាមួយប្រជាពលរដ្ឋ​ដែលជាកម្មករអូស​រទេះជាច្រើនលើក​នៅតែពុំបានលទ្ធផល ​ដោយសារតែពួកគាត់​នៅតែទទូចសុំ​ឲ្យលោក ឈួន ​ហៃ មកជួប ​និងពុំព្រមស្តាប់​ការបកស្រាយរបស់អាជ្ញាធរ។​ លុះដល់ម៉ោង ១២.៣០នាទី ​ថ្ងៃត្រង់កម្លាំង​គណៈបញ្ជាការ​បានសម្រេចចូលអូសរទេះ​ យកចេញពីលើផ្លូវ​ដើម្បីយកទៅទុកនៅទី​តាំងផ្សាររ៉ាថ្មី​ និងសំណូមពរឲ្យពួកគាត់​ទៅទីនោះដើម្បីធ្វើ​ការចរចារដោះស្រាយ​សម្រុះសម្រួល ​និងបានបើក​ឲ្យចរាចរណ៍​ដំណើរការបានធម្មតាវិញ។
​ប៉ុន្តែនៅម៉ោង ​១៣ និង៥០នាទី​ ដោយមានការញុះញង់​ពីជនមួយក្តាប់តូច ​បានបញ្ឆេះកំហឹងកម្មករ​ឲ្យផ្ទុះសារជាថ្មី ​ដោយបានទាញរទេះមក​ក្រឡាប់ផ្ងារជើងបិទផ្លូវជាតិលេខ ៥ ​សាជាថ្មីម្តងទៀត ​និងបានដុតពូក​ សំបកកង់​ ម៉ូតូ ឡាន ​តែប៉ុណ្ណោះនៅវេលាម៉ោង​ ១៤ និង៤០នាទី ក្រុមកម្មករបាន​គប់ដុំថ្ម ​និងវាយទ្វាររបងសម្រុក​ចូលការិយាល័យគយ ​ធ្វើឲ្យរថយន្តរបស់មន្ត្រីគយចំនួន ​០៧​គ្រឿង ​បានរងការខូចខាត ទ្វារ បង្អួច ​កញ្ចក់ ជាដំណាំ​ និងបានធ្វើឲ្យរបួសដល់​សន្តិសុខគយចំនួន ​០១នាក់។​
​ដើម្បីទប់សភាពការណ៍​កំពុងតែធ្ងន់ធ្ងរនេះ​ និងដើម្បីរក្សាទ្រព្យសម្បត្តិរដ្ឋ​ ក្រោមការដឹកនាំរបស់​ប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលក្រុង ​កម្លាំងអាវុធហត្ថ ​ដែលនៅការពារ​ទ្រព្យសម្បតិ្តក្នុងទី​តាំងការិយាល័យគយ ​បានបាញ់បង្អើលឡើង​លើចំនួន ០៤គ្រាប់ ​ដោយអាវុធខ្លី​ ពេលនោះក្រុមបាតុករ​បាននាំគ្នាដកថយចេញ​ពីបរិវេណទីតាំងមុខ​ការិយាល័យគយ។ ​តាមរបាយការណ៍ ​ដែលចុះហត្ថ​លេខា ដោយលោក​ ង៉ោ ម៉េងជ្រួន​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ និងប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលក្រុង ​បានគូសបញ្ជាក់ថានៅក្នុង​កិច្ចដំណើការបាតុកម្មនោះ ​គឺមានការ​ដឹកនាំដោយបុគ្គល​មួយចំនួនក្នុងនោះមាន​ លោក ចៅ វាសនា ចៅ​សង្កាត់រងទី២​ សង្កាត់ប៉ោយប៉ែត​ ​មកពីគណបក្ស​សង្គ្រោះជាតិ, លោក ​ឌិត ពុទ្ធី​ ប្រធានសមាគមន៍​អភិវឌ្ឍន៍សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​ប៉ោយប៉ែត និងគូកន​មួយចំនួនដែល​មិនបានស្គាល់​អត្តសញ្ញាណ។
​តាមការឲ្យដឹងពី​ ឯកឧត្តម ​គោស៊ុំ សារឿត ​អភិបាលនៃគណៈ​អភិបាលខេត្តបន្ទាយ​មានជ័យបាន​ឲ្យដឹងថា ​ការធ្វើបាតុកម្មតវ៉ាពី​សំណាក់ក្រុមកម្មករ​អូសរទេះ​ កាលពីថ្ងៃទី ២៥​ ខែឧសភា​ ឆ្នាំ២០១៥ ​ម្សិលមិញ ​បានធ្វើឲ្យស្ថាប័នគយ​នៅក្រុងប៉ោយប៉ែត ​បានបាត់បង់ថវិកា​ប្រមូលពន្ធចំនួនជាង ​១៥០០លានរៀល៕

អត្ថបទ៖​ សុភាព

ក្រសួងប្រៃសណីយ៍ លើកឡើងថា សេចក្តីព្រាងច្បាប់គ្រប់គ្រងបច្ចេកវិទ្យា និងទូរគមនាគមន៍ មិនទាន់ជាអាទិភាពនៅឡើយទេ

យោង​តាម​សេចក្តី​បំភ្លឺ​ ទាក់​ទង​នឹង​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​
គមនាគមន៍​ និង​ព័ត៌មាន ​(ICT)​ របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ចុះ​ថ្ងៃទី​ ២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៥​ បាន​បញ្ជាក់​ថា​ រយៈ​ពេល​ចុង​ក្រោយ​នេះ​ មាន​ការ​ពិភាក្សា​ ការ​សួរ​
ដេញ​ដោល ​និង​ការ​ធ្វើ​ប្រតិកម្ម​ជា​ច្រើន​ ជុំ​វិញ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​
បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ រហូត​នាំ​ដល់​ការ​បញ្ចេញ​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​ នឹង​ការ​
គំរាម​កំហែង​ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណេត។ ​ការ​បង្ហាញ​ពី​ក្តី​ព្រួយ
​បារម្ភ​ខាង​លើ​ត្រូវ​បាន​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​យល់​ឃើញ​ថា​ វា​បាន​ដើរ​ផ្ទុយ​
ពី​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ព្យាយាម​ធ្វើ​យ៉ាង​ណា ​ឲ្យ​វិស័យ​បច្ចេក
​វិទ្យា​ នៅ​កម្ពុជា​មាន​ភាព​រីក​ចំរើន​។នៅ​ក្នុង​សេចក្តី​បំភ្លឺ​ដដែល​ បាន​បញ្ជាក់​ថាការ​តាក់តែង​សេចក្តីព្រាងច្បាប់​នេះ​ គឺ​មាន​ការ​សហការ​ពី​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​តួយ៉ាង​ប្រទេស​ថៃ​
 ឥណ្ឌូ​ណេស៊ី​ ហ្វីលីពីន​ អូស្រា្តលី​ និង​ណូវេល​ហ្សេឡង់។​ សិក្ខា​សាលា​មួយ​ត្រូវ​បានរៀបចំ
​ឡើង​ជា​លក្ខណៈ​អន្តរ​ក្រសួង​ ក្រោម​ប្រធាន​បទ​ «ការ​យល់​ដឹង​អំពី​ការ​តាក់តែង​ច្បាប់​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​»
 យ៉ាង​ណា​ក៏​ដោយ​ ដំណើរ​ការ​ព្រាង​ច្បាប់​នេះ​ ទើប​តែ​បាន​ចង​ក្រង​ឡើង​ដោយ​ប្រមូល​ឯកសារ​ពាក់​ព័ន្ធ​នានា​ ដាក់​បញ្ចូល​គ្នា​ និង​បាន​ធ្វើ​ការ​ពិភាក្សាខ្លះៗ​ ក្នុង​កំរិត​ការងារ​បច្ចេក​ទេស​តែ​ប៉ុណ្ណោះ​។
ក្រោយ​មក​សេចក្តី​ព្រាង​ច្បាប់នេះ​ ក៏​ត្រូវ​បាន​ទុក​មួយ​អន្លើ​សិន​ ដោយ​សារ​រាជ​រដ្ឋាភិបាល​បាន​ប្រមូល​ផ្តុំ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ពិនិត្យ​ច្បាប់​ ឯកសារ​គតិ​យុត្តិ​ ក៏ដូច​ជា​ជាប់​ដោះ​ស្រាយ​ការ​ងារ​នានា​ដែល​មាន​លក្ខណៈ​បន្ទាន់​ និង​អាទិភាព​ជាង។​
ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​មើល​ឃើញ​ថា​ ឧក្រិដ្ឋកម្ម​ និង​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​មាន​ច្រើន​ប្រភេទ​ហើយ​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ជា​ច្រើន​ រាប់​ពី​ការ​ភ្ជាប់​ដោយ​ខុស​ច្បាប់​ទៅ​កាន់​ប្រព័ន្ធ​កុំព្យូទ័​រអ្នក​ដ៏​ទៃ​ ការ​ជ្រៀត​ជ្រែក​ទិន្នន័យ​-ប្រព័ន្ធ​ការ​ផលិត​ ចែក​ចាយ​រូបភាព​អាស​អាភាស​កុមារ​ ការ​ឆបោក​ ការ​ក្លែង​បន្លំ​តាម​រយៈ​កុំព្យូទ័រ​ ដ៏​ដូច​ជា​បទ​ល្មើស​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​ឯករាជ្យ​ អធិបតេយ្យភាព​ សន្តិសុខជាតិ​។ល។​ ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ដែល​ប៉ះពាល់​ដល់​ប្រពៃណី​ល្អ​របស់​សង្គម​ជាតិ​ រាប់ទាំង​ការ​ញុះញង់​ឲ្យ​មាន​ការ​ប្រកាន់​ពូជសាសន៍​ ជំនឿ​សាសនា​ ឬ​ការ​មួល​បង្កាច់​ បរិហាកេរ្តិ៍ ​និង​ការ​ជេរ​ប្រមាថ​ជា​ដើម​ ក៏​នឹង​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​បទ​ល្មើស​នានា​ដែរ​។
ជា​ការ​គួរ​ឲ្យ​សោក​ស្តាយ​ដែល​ថាក្នុង​ខណៈ​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ទាន់​ទាំង​បាន
ឈាន​ដល់​ចំណាក់​កាល​នៃ​ការ​បើក​ឲ្យ​​មាន​ការ​ពិគ្រោះ​យោបល់​ផង​ ស្រាប់​តែ​មាន​មតិ​មួយ​ចំនួន​ចោទ​ប្រកាន់​រាជ​រដ្ឋា​ភិបាល​ថា​ មាន​បំណង​ត្រួត​ត្រា​ប្រព័ន្ធ​អ៊ីនធឺណេត​ក្នុង​ស្រុក​ និង​បំបិទ​គ្រប់​ការ​រិះ​គន់​ទាំង​អស់​តាម​រយៈ​អ៊ីន​ធឺ​ណេត​។ ក្រសួង​ប្រៃសណីយ៍​ បន្ថែម​ទៀត​ថា​តាំង​ពី​អាណត្តិ​មុនៗ​មក​ម្ល៉េះ រាជ​រដ្ឋា​ភិបាល​តែង​បាន​ប្រកាន់​គោល​នយោបាយ​ជំរុញ​ការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ឲ្យ​មាន​លក្ខណៈ​ទំនើប​ និង​ប្រកប​ដោយ​គុណភាព​ខ្ពស់​ស្រប​តាម​ស្តង់​ដា​អន្តរជាតិ​ មាន​ថ្លៃ​ប្រកួត​ប្រជែង​ និង​មាន​សេវា​គ្រប​ដណ្តប់​ទូទាំង​ប្រទេស​ ដែល​ប្រជាជន​ទូ​ទៅ​អាច​ប្រើ​ប្រាស់​បាន​ និង​ទទួល​បាន​ផល​ប្រយោជន៍​គ្រប់​ៗគ្នា​ពីសេវា​នេះ។​

ការ​រីក​ចំរើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ នៃ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​នៅ​កម្ពុជា​ មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ​។ សព្វ​ថ្ងៃ​នេះ​ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ៣​ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​លើ​អត្រា​នៃ​អ្នក​ជាវ​ស៊ីមកាត​ (Sim Card)​ ទូរស័ព្ទ​ចល័ត​ (139%)​ ឯ​ចំនួន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណេត​បាន​ហក់​ពី ​៣២០.០០​ នាក់​ក្នុង​ឆ្នាំ២០១០​ មក​ដល់​ ៥.០៧៤.៦០០ ​នាក់​ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ២០១៥​ គឺ​កើនឡើង​ដល់​ទៅជិត​ ១៦ដង​។ បច្ចេក​វិទ្យា​ថ្មី​មាន​ 4G​ ជា​ដើម​ កំពុង​ត្រូវ​បាន​បញ្ចូល​ក្នុង​ទីផ្សារ​ ហើយ​បន្ថែម​ពី​លើ​បណ្តាញ​ខ្សែ​កាប្លិ៍​អុបទិច​ ដែល​មាន​ប្រវែង​ជាង​ ២ម៉ឺន​ គីឡូម៉ែត្រ​ ក្នុង​ទូទាំង​ប្រទេស​ កម្ពុជា​នឹង​ត្រូវ​តភ្ជាប់​ដោយ​ខ្សែ​កាប្លិ៍​នៅ​បាត​សមុទ្រ​ដែល​នឹង​អនុញ្ញាត​ឲ្យ​សេវាអ៊ីន​ធឺណេត​រឹត​តែលឿន​ និង​រឹត​តែ​ខ្លាំង​ថែម​ទៀត​។ នេះគឺ​ដោយ​សារ​នយោបាយ​ជំរុញ​លើក​ទឹក​ចិត្ត​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​និយាយ​ជា​រួម​ និង​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និយាយ​ដោយ​ឡែក​ ដែល​ទើប​បាន​អនុ​មតិកាល​ពី​ឆ្នាំ​២០១៤ថ្មីនេះ នូវ​ផែនការ​មេស្តី​ពីបច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​របស់​កម្ពុជា​ឆ្នាំ​២០២០​ ដែល​មាន​អាទិភាព​សំខាន់​ក្នុង​ការ​ជំរុញ​សេវា​អេឡិចត្រូនិក​ (ឬអ៊ី-សេវា-e-service)​ មាន​ដូច​ជា ​អ៊ី-​រដ្ឋាភិបាល​, អ៊ី-ពាណិជ្ជកម្ម​, អ៊ី​-អប់រំ​, និងអ៊ី-ទេសចរណ៍​។

ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ យល់​ថាវា​ជាការ​ឆាប់​ពេក​ក្នុង​ការ​ជជែក​ដេញដោល​ និង​វិនិច្ឆ័យ​លើ​សេច​ក្តីព្រាង​មួយ​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​នៃ​ការ​ផ្គុំ​ឯកសារ​បញ្ចូល​គ្នា​នៅឡើ​យ ​ប្រៀប​បាន​នឹង​ការ​ភ្លក់​សម្ល​មួយ​ដែល​មិន​ទាន់​ទាំង​បង់​គ្រឿង​ក្រៅ​នៅ​ឡើយ​ផង​។ ការ​វិនិច្ឆ័យ​តាម​របៀប​នេះ ជា​ការ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពង្រីក​មធ្យោបាយ​របស់​ប្រជាពល​រដ្ឋ​ក្នុង​ការទទួល ​និង​ការ​ចែក​រំលែក​ព័ត៌មាន​ ចំណេះ​ដឹង​ និង​ទស្សនៈ​៕

អត្ថបទ៖ មៀច សុភាព




សម្តេច​តេជោ ហ៊ុន សែន ជម្រុញ​លើក​​ទឹក​ចិត្ត​ឲ្យក្រសួង​ពាណិជ្ជ​កម្ម កម្ពុជា‑ ចិន បន្ត​កិច្ច​​សហការ​វិនិយោគ​​បន្ថែម​ទៀត

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណា​ចក្រកម្ពុជា ​  បាន​លើកទឹកចិត្តជំរុញឱ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួង​ពាណិជ្ជកម្មកម្ពុជា និងចិន​បន្ត​​កិច្ចហការគ្នាធ្វើយ៉ាងណា ឱ្យមានអ្នកវិនិយោគចិន មកវិនិយោ​គ នៅតំបន់​នេះឱ្យ​កាន់តែច្រើន។
សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងឱ្យកាស សម្តេច ​អនុញ្ញាត​ឱ្យលោកជំទាវ Gao yan អនុរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មចិនចូលជួបសំដែងការគួរសម និង​ពិភាក្សា​ការងារនៅ​វិមាន​សន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នំា២០១៥។
នៅក្នុងជំនួបនេះ លោកជំទាវ Gao yan​ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាមិត្តចាស់របស់ចិន និងជាអ្នកជំរុញទំនាក់ទំនងកម្ពុជា ចិន ឱ្យបាន​កាន់​តែស៊ី ជម្រៅ។ លោកជំទាវបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបជាមួយឯកឧត្តម ស៊ីជិនពីង នៅ ប្រទេសឥណ្ឌូនេស៊ី ហើយក្នុងជំនួបនោះ បានយល់ព្រមគ្នា លើចំណុចជាច្រើន ហើយ​ដំណើ​រ ទស្សនកិច្ចរបស់លោកជំទាវមកកម្ពុជា នាពេលនេះ ដើម្បីធ្វើការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា ដើម្បីរៀបចំនូវដំណើរកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមដែលបានអនុវត្ត​ជាក់​ស្តែង​កន្លង​មក។ លោកជំទាវ បានមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្មជាមួយកម្ពុជាឱ្យស្របទៅនឹងទិសដៅនយោបាយរបស់ចិន ចំពោះផ្លូវសូត្រនិង សូត្រសមុទ្រ សម្រាប់សទវត្សទី២១ ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បន្ទាប់ពីជំនួប​របស់​លោក​ជំទាវ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មកម្ពុជា នៅ​ល្ងាច​ថ្ងៃទី​​២៥ ខែ​ឧសភានេះ សម្តេចតេជោ សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស​វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយសម្តេច​បានមាន​ប្រសាសន៍ថា កាលពីឆ្នាំ ២០១២ ថ្នាក់ដឹកនាំកម្ពុជា និងចិន បានយល់ព្រមជាមួយគ្នាថា នឹង​ជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យបាន៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧ខាងមុខ។ ក្នុងន័យនេះ សម្តេច បានមានប្រសាសន៍ថា កន្លងមក ពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​​​ពង្រីក ប៉ុន្តែទោះជាយ៉ាងណា ក៏មានសក្តានុពលឱ្យប្រទេសទាំងពីរសហការគ្នាបាន ជា​ពិសេស​តំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ ដែលភាគីចិន បានជួយគាំទ្រ​ហើយ​នោះ  ហើយ​ឥឡូវនេះ គឺធ្វើយ៉ាងណា ឱ្យមានអ្នកវិនិយោគចិនមកវិនិយោគ នៅតំបន់នេះឱ្យ​កាន់​តែច្រើន។
 នៅព្រឹកថ្ងៃដដែលនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ បាន​ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម លូ  ហុងចាយ( Liu   Hongcai​) អនុរដ្ឋមន្ត្រី​ក្រសួង​​ទំនាក់​ទំនង អន្តរជាតិនៃគណកម្មាធិការមជ្ឈឹមបក្សកុម្មុនិស្តចិន។
នៅក្នុងជំនួបពិភាក្សានេះលោក លូ  បានគោរពជំរាបជូនសម្តេចតេជោនាយ​ក​រដ្ឋមន្ត្រី​ថា​ដំណើ​រ​​ទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ ទី១ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់​តែស៊ី​ជំរៅខ្លាំងឡើងថែមទៀតរវាងបក្សកម្មុយនិស្តចិន និងគណបក្សប្រជាជនកម្ពុជា ក៏​ដូច​​ជា​មួយ​គណ​បក្សហ្វុនស៊ីនប៉ិចដែរ និងទី២ គឺដើម្បីគោរពអញ្ជើញសម្តេចតេជោ ទៅចូល​រួមក្នុង​កិច្ច​ប្រជុំ​ពិសេស​រវាង​គណ​បក្សនយោ​បាយអាស៊ីនៅខែតុលាខាងមុខនេះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានទទួលយកនូវការអញ្ជើញនេះ ដោយ​សម្តេច​បានចាត់ទុកថា កិច្ចប្រជុំពិសេសរវាងគណបក្សនយោបាយអាស៊ី​នៅទីក្រុង​ប៉េកាំង​នាខែ​តុលា​ខាង មុខ​នេះ៕

ឯកឧត្តម ស្វាយ ស៊ីថា ដឹកនាំ​​ប្រជុំ​​ត្រួត​​ពិនិត្យ​​ការ​ងារ​ និង​ពង្រឹង​​ការ​​អនុវត្ត​​ការ​ផ្ដល់​​សេវា​​សាធារណៈ និង​គោល​​នយោបាយ​​ភូមិ​ឃុំ​​មាន​​សុវត្ថិភាព​

ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ ឃុំកុមាររាជា និងឯកឧត្តម កែវ រ៉េមី សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥ បានដឹកនាំប្រជុំត្រួតពិនិត្យវាយតម្លៃការងារមួយចំនួន​ ដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ដក្នុងមូលដ្ឋានឃុំកុមាររាជា​ នៃស្រុកបាទី​​ ខេត្តតាកែវ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍​​បូកសរុប របស់​ឯកឧត្តម ស្វាយ​ សុវណ្ណរិទ្ធ អនុប្រធាន​ក្រុម​ការងារថ្នាក់​ជាតិចុះ​​មូលដ្ឋាន និងលទ្ធផលនៃការស្រាវជ្រាវរបស់និស្សិតនៃសាកលវិទ្យាល័យ​មួយ​ បានបង្ហាញថា ទន្ទឹមនឹងរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេស​ ​ និងបានប្រែក្លាយជីវភាពរស់​នៅ​របស់​ប្រជាពលរដ្ឋ​ ឲ្យមានភាពល្អប្រសើរ​ ប៉ុន្ដែបញ្ហាប្រឈមមួយចំនួន នៅក្នុងមូលដ្ឋានក៏​នៅ​តែ​ជាក្ដីកង្វល់​ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ ដូចជាការផ្ដល់​​សេវាសាធារណៈ​​មិនបានល្អ បញ្ហាការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយ​​លេចលឺនូវការកើតមានចោរកម្ម ល្បែងស៊ីសង ក្មេងទំនើង ជាពិសេស ការចែកចាយ និងសេពគ្រឿងញៀន ដែលបង្កការភ័យខ្លាចជាប្រចាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ឯកឧត្តម​ ស្វាយ ស៊ីថា បាន​ជម្រុញ​ក្រុម​ការងារ និង​សមត្ថកិច្ច​ពាក់​ព័ន្ធគ្រប់​លំ​ដាប់​ថ្នាក់ត្រូវ​ខិត​ខំ​ពង្រឹងការផ្ដល់សេវាសាធារណៈជូន​ប្រជាពល​រដ្ឋ​​ឲ្យ​បាន​ល្អ និង​លឿនរហ័ស ដោយប្រាប់​ទៅ​ មន្ដ្រីថ្នាក់ឃុំ មេភូមិ និងក្រុមយុវជន​ ត្រូវមានការបិទផ្សព្វផ្សាយ និងអនុវត្តតាមតម្លៃសេវាសាធារណៈដែលកំណត់ដោយរដ្ឋ និង​ត្រូវតែបញ្ឈប់នូវការយកប្រាក់បន្ថែមពីប្រជាពលរដ្ឋលើតម្លៃសេវាដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណ លិខិតបញ្ជាក់អត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​​សំបុត្រមរណ​ភាព។​​ល។ ដោយមន្ដ្រីគ្រប់រូបត្រូវតែបម្រើ​ប្រជា​ពលរដ្ឋដោយស្មោះត្រង់។
តំ​ណាងក្រុម​ការងារ​ថ្នាក់​ក្រោម​ជាតិ បានឡើង​ប្តេជ្ញា​អនុវត្តការ​ផ្តល់​សេវា​សាធារណ ជូនប្រជា​ពលរដ្ឋ​ ក៏​ដូច​ជាសន្យាធ្វើ​ការ​ផ្សព្វ​ផ្សាយនូវ​តម្លៃ​សេវាសាធារណៈឲ្យបាន​ទូលំ​ទូលាយ​ បន្ទាប់​ពី​ឯកឧត្តម ស្វាយ ស៊ីថា បានជំរុញឲ្យមេភូមិទាំង​ ១៣ នៅក្នុងឃុំ​ សហការជាមួយក្រុមយុវជនក្នុងការសម្រួលបញ្ហា​ប្រឈម​នានាជូន​ប្រជា​ពលើរដ្ឋ​ ដូច​ការ​អះ​អាង​របស់​មេភូមិ និង​លោក សំ សុវណ្ណ ស្មៀនឃុំកុមាររាជា ដូច​តទៅ​នេះ៖ការ​ធ្វើ​អត្រា​នុកូលដ្ឋាន​​ ដែល​កំណត់​ដោយ​ច្បាប់​របស់​រដ្ឋ គឺ​ឃុំ​ និង​ខ្ញុំ​ជា​ស្មៀន​ឃុំ​ សូម​ប្ដេជ្ញា​ចិត្ត​ថា ធ្វើ​ទៅ​តាម​គោល​ការ​ណ៍​របស់​រដ្ឋ ដែលបាន​កំណត់​ ។ ដូចនេះ​ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត​ថា រាល់​ការ​ងារ​​ដែល​ធ្វើ​អត្រា​នុកូលដ្ឋាន​ទាំង​អស់ គឺ​ប្ដេជ្ញា​ធ្វើ​ទៅ​តាម​ច្បាប់​របស់​រដ្ឋ ហើយ​បើ​បងប្អូន​អាច​ឲ្យ លើស​ពី​ការ​កំណត់ គឺ​យើង​ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ត​ មិន​ទទួល​ទាំង​អស់។ ដូចនេះ ខ្ញុំ​សូម​ប្ដេជ្ញាចិត្ត​ថា ធ្វើ​ឲ្យ​បាន​ ១០០%។
​ឯកឧត្តម​ ស្វាយ ស៊ី​ថា បាន​រំ​លឹក​ឡើង​វិញ​បន្ទាប់​ពី​មន្ត្រី​មូលដ្ឋាន​បាន​ប្រកាសថា នឹង​គោរព​អនុវត្ត​ឲ្យ​បាន​ប្រសិទ្ធភាព​លើ​ការ​ងារ​ផ្តល់​តម្លៃ​សេវាសាធារណៈនេះ ដោយ​ឯកឧត្តម​ បញ្ជាក់​ថា ចាប់​ពី​ពេល​នេះ​តទៅ​ត្រូវ​តែ​បញ្ឈប់ទាំង​ស្រុង​នូវការិយាធិបតេយ្យ ៖ «ទាំង​ក្រុម​ប្រឹក្សា​ឃុំ​ ទាំងថ្នាក់ដឹកនាំភូមិ​​ទាំង ១៣ គឺ​បាន​ឯកភាព​គ្នា ទីមួយ ផ្សព្វ​ផ្សាយ​​ជា​សាធារណៈ​ឲ្យ​បាន​ទូលាយ នូវ​តម្លៃ​សេវា​សាធារណៈ ដែល​រដ្ឋ​បាន​កំណត់​។ ទីពីរ​ ឯកភាព​អនុវត្ត​ឲ្យបាន​ត្រឹម​ត្រូវ​ ទៅ​តាម​ការ​​កំណត់​​តម្លៃ​សេវា​សាធារណៈ​របស់​រដ្ឋ​។ ទីបី ក្រុមការ​ងារ​របស់​យើង សហការ​បោះ​ពុម្ព​ ជួយ​បិទ​ផ្សព្វ​ផ្សាយ​ទាំង ១៣ ភូមិ និង​នៅសាលា​ឃុំ​។ ទីបួន ក្រុមការ​ងាររបស់យើង ប្រើ​ប្រាស់​យុវជន​របស់​យើង​ គឺ​ទីមួយ ផ្សព្វ​ផ្សាយ​រឿង​ហ្នឹង និង​ទីពីរ តាម​ដាន​ឃ្លាំមើល​ការ​អនុវត្ត​ ការ​យក​តម្លៃ​សេវា​សាធារណៈ ដែល​រដ្ឋ​បាន​កំណត់»
ពាក់​ព័ន្ធនឹង​ការងារផ្ដល់សេវាសាធារណៈ ក្នុងនោះបញ្ហាការ​ធ្វើ​លិខិត​បញ្ជាក់អត្រានុកូល​ដ្ឋាន​ដែល​ជា​ការងារ​ធ្លាប់​ទទួល​រង​នូវ​ការ​រិះ​គន់​ថា​ មន្ត្រី​មួយ​ចំ​នួនមាន​ការ​ទទួល​លុយ​កាក់​ពី​ប្រជា​ពលរដ្ឋ​ ជាថ្នូរនៃ​ការ​ទទួល​សេវាបានលឿន រហ័ស ឯកឧត្តម កែវ រ៉េមី ក្នុងនាមជាសមាជិក១រូប​នៃក្រុមប្រឹក្សាជាតិប្រឆាំអំពើពុករលួយ ក៏បានក្រើនរំលឹកដល់មន្ដ្រីក្រុមប្រឹក្សាឃុំ​ ស្មៀន ត្រូវតែបញ្ឈប់ការទទួលយកប្រាក់ពីប្រជាពលរដ្ឋលើសតម្លៃសេវា​​កំណត់ដោយរដ្ឋ បើទោះបីប្រជា​ពលរដ្ឋឲ្យលុយក្រៅសេវា​ ក៏មិនត្រូវទទួលយកដែរ ដើម្បី​បញ្ចៀសបាន​នូវ​ការ​ប្រឈមមុខផ្លូវ​ច្បាប់ ។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បានហាមប្រាម​យ៉ាង​ម៉ឺង​ម៉ាត់​ឲ្យ​បញ្ឈប់ការទារ​ប្រាក់​បន្ថែមពី​ប្រជា​ពលរដ្ឋលើតម្លៃធ្វើអត្តសញ្ញាណប័ណ្ណ​ដែល​រដ្ឋ​កំ​ណត់យកតម្លៃត្រឹមតែ១០០០០រៀល គឺ​​សមត្ថ​កិច្ចមិន​ត្រូវ​ទារ​បន្ថែម ២០០០រៀលទៀត​នោះ​ទេ បើ​ទោះ​បី​ថា ប្រាក់​២០០០រៀល​នេះ ដើម្បី​សម្រួល​ការ​ដឹក​ជញ្ជូនសម្ភារៈ ចុះដល់​ភូមិ និង​ការហូប​ចុក​របស់​មន្ត្រី​ក្រុម​ការងារ​ក្តី​ គឺត្រូវ​ធ្វើ​ធ្វើ​យ៉ាង​ណាកុំ​ឲ្យ​មានការគាប​សង្កត់​បន្ថែម​លើការ​លំ​បាករបស់​ប្រជាពលរដ្ឋ​។
ការ​លើកឡើង​នេះ​ត្រូវ​បាន​លោក ង៉ាន់ សារី អធិការ​នគរបាល​ស្រុក​បាទី​​ទទួល​យកទៅ​អនុវត្ត​ និងក៏បាន​ធ្វើការ​ទាក់​ទង​ភ្លាម​ៗទៅអ្នក​ជំ​នាញដែល​កំ​ពុង​ធ្វើ​អត្តសញ្ញាណប័ណ្ណ ​នៅ​តាម​ភូមិ​មួយ​​ចំ​នួន​ទៀត ក្នុង​ឃុំកុមារ​រាជា​​ឲ្យ​បញ្ឈប់​​យក​ប្រាក់​២០០០រៀលពី​ប្រជា​ពលរដ្ឋ​​ ចាប់​ពី​ពេល​នេះ​តទៅ!
ដោយឡែក ឆ្លើយតបចំពោះកង្វល់អំពីកម្សោយនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិ​ភាព ដោយការកើតមាន ចោរកម្ម ល្បែងស៊ីសង ជាពិសេស បញ្ហាគ្រឿងញៀនក្នុងភូមិមួយចំនួនក្នុងឃុំ ឯកឧត្តម ស្វាយ ស៊ីថា ចាត់ទុកថា បញ្ហា​គ្រឿង​ញៀន គឺជាភ្នក់ភ្លើង​ដែលត្រូវតែពន្លត់ និងចាំបាច់ត្រូវតែលើកកម្ពស់គុណភាព អនុវត្តឲ្យ​មាន​ប្រសិទ្ធភាព​ ធ្វើយ៉ាង​ណា​ធានាបាន​នូវ​សុខសន្តិភាព​ និង​ទំ​នុក​ចិត្តសម្រាប់ប្រជាពលរដ្ឋ​ ។
លោក ឃុត ឡូ អធិការរងនគបាលស្រុកបាទី និងលោក ណុប ស៊ីម៉ុន នាយប៉ុស្ដិ៍នគរបាលឃុំកុមារ​រាជា ក៏បានឡើងប្ដេជ្ញាចិត្ត ថា៖ ខ្ញុំបាទវរសេនីយត្រី ឃុត ឡូ អធិការងទទួលបន្ទុកយុត្តិធម៌ស្រុកបាទី ខ្ញុំ​បាទ​ប្ដេជ្ញា​​យក​ចិត្ត​ទុកដាក់ និងបង្ក្រាប​គ្រប់បទល្មើសផ្សេងៗ គ្រប់ប្រភេទនៅស្រុកបាទី ទាំង ១៥​ឃុំ​ ពិសេសឃុំកុមារាជា​មិនឲ្យមានសកម្មភាពចែកចាយ និងប្រើ​ប្រាស់​គ្រឿងញៀនតទៅទៀត​ខ្ញុំ​សូ​ម​ប្ដេជ្ញា​មុខអង្គប្រជុំថា នឹងខិតខំអនុវត្តបង្ក្រាប​រាល់​បទល្មើសផ្សេងៗ ពិសេស​ឃុំ​កុមារាជានេះ​ឲ្យ​ទៅ​​ជាឃុំគំរូ ។ ខ្ញុំសូមប្ដេជ្ញាចិត្ត យកចិត្តទុកដាក់ ១០០%​។
សម្តីរបស់លោក ស៊ី​ម៉ុន ៖ ខ្ញុំ​សន្យាថា រដ្ឋអនុវត្ត​ហើយ ពេលឲ្យលុយក្នុង​ ឬក្រៅ លើតុក៏ដោយ ក្រោមតុក៏ដោយ​ឲ្យ​ប្រពន្ធ​ក៏​ដោយ គឺខ្ញុំមិនយក ខ្ញុំ​ប្ដេជ្ញាថា​មិនយកជាដាច់ខាត។
បន្ទាប់ពីបានលឺនូវការប្ដេជ្ញាចិត្តរបស់អាជ្ញាធរពាក់ព័ន្ធហើយនេះ ឯកឧត្តម ស្វាយ ស៊ីថា ក៏បានជំរុញឲ្យក្រុមការងារ សមត្ថកិច្ចពាក់ព័ន្ធ​​ទាំងអស់ ត្រូវតែអនុវត្តនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ គឺត្រូវចូលរួមកម្ទេចឲ្យអស់នូវរាល់បទល្មើស ចែកចាយគ្រឿងញៀននៅក្នុងមូលដ្ឋាន គឺសូមឲ្យមានវិធានការជាក់ស្ដែង។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារថ្នាក់ជាតិចុះមូលដ្ឋាន នាឱកាសនោះដែរ ឯកឧត្តម ស្វាយ ស៊ីថា ក៏ផ្ដោតជាកង្វល់នៅក្នុងឃុំកុមារាជា អំពីបញ្ហាកង្វះខាតទឹកប្រើប្រាស់ ទាំងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ទទួលទានប្រចាំថ្ងៃ ទឹកសម្រាប់ធ្វើស្រែចំការ​ ដាំដំណាំ និងសូម្បីតែទឹកសម្រាប់សត្វពាហនៈ ក៏ស្ទើរតែគ្មានផងនោះ ដោយមាន​ប្រសាសន៍ថា នឹង​ខំប្រឹងរិះរកវិធីដោះស្រាយបញ្ហានេះ​ ដូចជាចលនាឲ្យមានការជីកស្រះ ស្ដាស្រះ ជួសជុលអណ្ដូង និងប្ដេជ្ញា​ខិតខំដោះស្រាយជាជំហានៗ ដោយតុល្យភាព តម្លា​ភាព និង​កំណត់ភូមិជាអាទិភាពដើម្បីដោះស្រាយបញ្ហាប្រឈមចំ​ពោះ​មុខ ដើម្បីបម្រើប្រជាពលរដ្ឋដោយមិន​ប្រកាន់និន្នាការនយោ​បា​យឡើយ​។
ឯកឧត្តម ស្វាយ ស៊ីថា ក៏បានមានប្រសាសន៍ផងដែរថា នឹងធ្វើការប្រជុំនៅខែក្រោយទៀត  ដើម្បី​​ត្រួត​ពិនិត្យការងារ​ដែលបានឯកភាព​គ្នា​នេះ​      និងស្វែងរកបញ្ហាដែលជាតម្រូវការជាក់​ស្ដែង​​រ​បស់​ប្រជាពលរដ្ឋមកពិនិត្យ និងដោះស្រាយ​ជាបន្ដបន្ទាប់ ដើម្បីលើកកម្ពស់គុណភាព ប្រសិ​ទ្ធ​ភាព ជាពិសេសក្នុងការជំរុញឲ្យពង្រឹង​​ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិ​ភាព និងផ្ដល់​សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ បន្ទាប់​មកក្រុម​ការងារ​ទាំង​អស់​ក៏ បាន​ទទួល​ទាន​អាហារ​​រួម​គ្នា​ នៅ​នឹង​កន្លែងសាល​ប្រជុំ​ ក្នុង​ស្មារតី​​សាមគ្គីឯកភាព​គ្នា​និង​បរិយា កាស ​​ស្និទ្ធ​ស្នាល​​​បំ​ផុត។