Wednesday, August 12, 2015
បទអត្ថាធិប្បាយ ដោយ៖ សួន ចំរើន, រឿងអាស្រូវរបស់បក្សយើង
មកដល់ពេលនេះ រឿងអាស្រូវថ្មីមួយទៀតត្រូវបានហែកកេរ្តិ៍ និងញាំញ៉ីនៅក្នុងគណបក្សសង្គ្រោះជាតិម្តងទៀតហើយ ដោយសារតែទំនាស់ផលប្រយោជន៍រវាងមន្ត្រីគណបក្សប្រឆាំងមួយនេះ ជាមួយសកម្មជនគាំទ្ររបស់ខ្លួន។ តំណាងរាស្រ្ត រៀល ខេមរិន្រ្ទ ត្រូវបានគេប្តឹងចោទប្រកាន់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)ពីបទកេងប្រវ័ណ្ឌប្រាក់៥៥,០០០ ដុល្លារអាមេរិក ពីការរៀបចំដំណើរទៅមើលព្រំដែន កម្ពុជា-វៀតណាម នាពេលកន្លងមក។
យោងតាមសារព័ត៌មាន ដែលបានផ្សព្វផ្សាយព្រោងព្រាត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នោះមានពាក្យបណ្តឹងចំនួន៣ បានចោទប្រកាន់លោក រៀល ខេមរិន្ទ្រ ថាបានកេងប្រវ័ណ្ឌយកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក មកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ដែលពាក្យបណ្តឹងទី១មានទឹកប្រាក់ ១៥,០០០ដុល្លារ ពាក្យបណ្តឹងទី២មានទឹកប្រាក់ ២០,០០០ដុល្លារ និងពាក្យបណ្តឹងទី៣ មានទឹកប្រាក់២០,០០០ដុល្លារ (សរុបទាំង៣ពាក្យបណ្តឹងនោះមានទឹកប្រាក់ចំនួន ៥៥,០០០ដុល្លារ)។ ក្រោយពីមានពាក្យបណ្តឹងនេះ លោក រៀល ខេមរិន្រ្ទ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ស្នើឲ្យចូលខ្លួនទៅធ្វើការបំភ្លឺជុំវិញការចោទប្រកាន់នេះ ដើម្បីធ្វើការវាយតម្លៃ មុននឹងសម្រេចបន្តនីតិវិធី។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ បានវាយតម្លៃថា មកដល់តំណាក់កាលនេះ បក្សសង្គ្រោះជាតិ កាន់តែឈានដល់ការប្រេះឆាផ្ទៃក្នុងធ្ងន់ធ្ងរហើយ ដោយសារ អំពើពុករលួយ និងទំនាស់ផលប្រយោជន៍ រវាងប្រធាន និងអនុប្រធានបក្ស និងមួយផ្នែកទៀតរវាងសកម្មជនដែលគាំទ្រ និងមន្ត្រីគណបក្សដែលពុករលួយនៅក្នុងជួរគណៈកម្មាធិការនាយក។ រឿងអាស្រូវពុករលួយនេះ ត្រូវបានសកម្មជន និងមន្ត្រីជាន់ខ្ពស់ជាច្រើនបានធ្វើការតវ៉ា ជាច្រើនលើកច្រើនសារជាបន្តបន្ទាប់ ហើយអ្នកដែលហ៊ានក្រោកឡើងរិះគន់ គឺត្រូវបានបណ្តេញចេញពីបក្ស ឬត្រូវគេបញ្ឈរជើង ហើយទីបំផុតក៏ត្រូវសុំលាលែងមុខតំណែង។
ជាក់ស្តែង លោកស្រី ឡាក់ សុភាព ត្រូវបានគណបក្សសង្រ្គោះជាតិ សម្រេចបណ្តេញចេញពីគណបក្ស កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់ពីលោកស្រី ហ៊ានទម្លាយរឿងបែកបាក់ផ្ទៃក្នុង របស់គណបក្សសង្រ្គោះជាតិ និងរឿងពុករលួយ របស់មេដឹកនាំកំពូលនៃគណបក្សនេះប្រាប់ដល់អ្នកសារព័ត៌មាន។ លោកស្រី បានបកអាក្រាតថា លោក សម រង្ស៊ី បានយកលុយពីគណបក្សប្រជាជនកម្ពុជា បាន២០លានដុល្លារ ក្នុងចំណោម ៤០លានដុល្លារ ក្នុងការចរចាបញ្ចប់បញ្ហានយោបាយ នៅក្នុងប្រទេសកម្ពុជា ហើយរឿងនេះត្រូវបានលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ លើកឡើងជាញឹកញាប់ ក្នុងពេលប្រជុំគណៈកម្មាធិការនាយកម្តងៗ ប៉ុន្តែចុងក្រោយពួកគេបែរជាទម្លាក់កំហុសនេះ មកលើរូបលោកស្រីទៅវិញ ។
រឿងអាស្រូវមួយទៀតគឺ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ សកម្មជនសំខាន់ៗមកពីខេត្តសៀមរាប ប្រមាណជា១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការគណបក្សសង្រ្គោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ទាមទារឲ្យផ្លាស់ប្តូរលោកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តសៀមរាប។ ការតវ៉ានេះត្រូវបានពួកគេអះអាងថា ការដឹកនាំរបស់លោកស្រីតំណាងរាស្រ្តរូបនេះ ដឹកនាំគ្មានយុត្តិធម៌ គ្មានតម្លាភាព បក្សពួកនិយម គ្មានស្មារតីសាមគ្គីភាព ដែលជាប្រភពនាំមកនូវភាពបែកបាក់ផ្ទៃក្នុង។
ស្រដៀងគ្នានេះដែរ លោក វ៉ាន់ សំអឿន ដែលជាអតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានអះអាងថា ការលាឈប់ពីតំណាងរាស្ត្ររបស់លោក ក៏ដោយសារតែ ភាពរមិលគុណ និងបោកប្រាស់របស់លោក កឹម សុខា ដែលកន្លងមកបានទៅបញ្ចុះបញ្ចូលលោក ក្នុងការកៀងគរលុយនៅសហរដ្ឋអាមេរិក បានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានសុំស្នាក់នៅផ្ទះរបស់គាត់ថែមទៀត ប៉ុន្តែ នៅពេលដែល លោក កឹម សុខា បានអំណាច ឡើងបុណ្យសក្តិជាអនុប្រធានរដ្ឋសភា ក៏ធ្វើឬកក្រអើតក្រទម លែងស្គាល់រូបគាត់ថែមទៀត។
ក៏នៅមានលេចឮរឿងអាស្រូវពុករលួយជាច្រើនទៀត រវាងក្រុមយុវជន ហ្វ៊េសប៊ុក របស់ កញ្ញា ធី សុវណ្ណថា និងសកម្មជនយុវជននៅតំបន់អារ៉ែង ដែលពួកគេបានចោទថា កញ្ញា ធី សុវណ្ណថា បានកាក់កបយ៉ាងខ្លាំង ពីការរៃអង្គៀសប្រាក់ទៅសាងសង់បន្ទប់ទឹកមួយនៅតំបន់អារ៉ែងអស់ទឹកប្រាក់ដល់ជាង៣ពាន់ដុល្លារ។
ដូច្នេះ សកម្មភាពរបស់ក្រុមមេខ្យល់ ទាំងនោះ គឺមិនមែនជារឿងស្នេហាជាតិអីនោះទេ។ តាមពិត វាជារឿងបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីលាភសក្ការៈ និងភាពហឺហារបស់ក្រុមមេខ្យល់ និងកូនចៅជំនិតរបស់ពួកគេតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅចាំបានថា នៅស្ទើតែគ្រប់ទីកន្លែង មុនពេលទទួលបានអំណាច ទាំងមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត ទាំងលោក សម រង្ស៊ី ទាំងលោក កឹម សុខា និងលោក រៀលខេមរិន្ទ្រ ព្រមទាំងមន្ត្រីបក្សសង្គ្រោះជាតិ បានដើរឃោសនាគ្រប់ច្រកល្ហកឡើងស្អកក ប្រាប់សកម្មជនខ្លួនថា ពួកគេនឹងធ្វើការតស៊ូប្តូរផ្តាច់ស្លាប់រស់ ប្រឆាំងនឹងអំពើពុករលួយ បក្ខពួកនិយម មិនរាថយ មិនក្បត់ឆន្ទៈរាស្ត្រឡើយ និងធ្វើការផ្លាស់ប្តូរឲ្យខាងតែបាននូវការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេស ការដឹកនាំរបស់លោក ហ៊ុន សែន ។ ប៉ុន្តែទីបំផុតអ្វីៗដែលពួកគេ បានសន្យាពីមុន គឺជាការបោកប្រាស់ ជាឧបាយកល្បទាក់រាស្ត្រឆាន់ មិនមែនដើម្បីឆន្ទៈរាស្ត្រឡើយ។
ជាការកត់សម្គាល់របស់ប្រជាពលរដ្ឋ បើមិនទាន់បានឡើងកាន់អំណាចផង មេបក្ស និងមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តិអំពើពុករលួយគ្រប់ច្រក កុហក់រាស្ត្រគ្រប់វិធី សន្យាខ្យល់ច្រើនរឿង ទិញឡាន ទិញវីឡា ទិញដីចម្ការសន្ធឹកសន្ធាប់បែបនេះទៅហើយ ចុះទម្រាំបានកាន់អំណាចទៀតនោះ ជាតិ និងប្រជាជននឹងទៅជាយ៉ាងណា? ដូច្នេះ មិនមែនជា គណបក្សសង្គ្រោះជាតិ ទេ តែជាគណបក្សបំផ្លាញជាតិ ទើបត្រឹមត្រូវ៕
Subscribe to:
Posts (Atom)