Saturday, July 26, 2014
គណៈអចិន្ត្រៃយ៍រដ្ឋសភាឯកភាពលើសំណើសុំប្រកាសសុពលភាព ឯកឧត្តម សម រង្ស៊ី ជាសមាជិករដ្ឋសភា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤
គណៈកម្មាធិការគណៈអចិន្ត្រៃយ៍រដ្ឋសភា ដែលបាន បើកប្រជុំ នៅរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឯកភាពលើសំណើសុំប្រកាស សុពលភាព នៃអាណត្តិរបស់ឯកឧត្តម សម រង្ស៊ី ជាសមាជិករដ្ឋសភានីតិកាលទី ៥នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា អង្គប្រជុំបានប្រគល់ភារកិច្ចជូន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាពិនិត្យ និងសិក្សា លើការធ្វើវិសោ ធនកម្មប្រការ៦ថ្មី នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា និងបានកំណត់កាលបរិច្ឆេទ សម័យ ប្រជុំ ពេញ អង្គរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៥ នៅថ្ងៃចន្ទទី២៨ ខែកក្កដា ឆ្នាំ២០១៤វេលាម៉ោង៨ព្រឹក ដើម្បី ប្រកាសសុពលភាព នៃអាណត្តិរបស់ឯកឧត្តម សម រង្ស៊ី ជាសមាជិករដ្ឋសភានីតិកាលទី៥៕
ដោយ ជ័យ ភូមិពល
អាល្លឺម៉ង់សាទរចំពោះការបញ្ចប់ភាពតានតឹងផ្នែកនយោបាយ រវាងគណបក្សទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តម សាយ ឈុំអនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម Baron von Marschall ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។
ឯកឧត្តម សាយ ឈុំ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ក៏ដូចជា ប្រជាជនអាល្លឺម៉ង់ ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាជាច្រើន តាម រយៈអង្គការសង្គមស៊ីវិលផ្សេងៗ ជាពិសសកិច្ចសហប្រតិបត្តិការដ៏ល្អរបស់មូលនិធិខុនរ៉ាដអា ឌិនណៅអ៊ែរ ដែលបានជួយដល់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងលើវិស័យនានាក្នុងការ កំណែទម្រង់រដ្ឋបាល វិមជ្ឈការ ការពង្រឹង គណបក្សនយោបាយ ការអប់រំនយោបាយ និងការ អភិវឌ្ឍសកម្មភាពនៅក្នុងព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីកំណែទម្រង់ច្បាប់ និងអភិវឌ្ឍន៍ច្បាប់ និងវិស័យព័ត៌មានផងដែរ។
ឯកឧត្តម Baron von Marschall បានសម្តែងការអបអរសាទរចំពោះកិច្ចពិភាក្សាបញ្ចប់ ភាពតានតឹង ផ្នែកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅអំឡុងក្រោយ ការបោះ ឆ្នោតនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា នឹងបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលប្រជាជនសហព័ន្ធអាល្លឺម៉ង់ និងតាមរយៈមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរនឹងបន្ត ជួយគាំទ្រដល់កម្ពុជាបន្តទៀត៕
ដោយ ជឹម ណារី
ក្រសួងព័ត៌មានផ្តល់ហ្រេកង់វិទ្យុដល់អង្គការជនពិការកម្ពុជា ដោយមិនបាច់បង់ពន្ធ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍នៅក្នុង ពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពីការទទួលបានព័ត៌មានរបស់ជនពិការ នាព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញថា ក្រសួងព័ត៌មានបាន សម្រេចផ្តល់ជូនហ្រេកង់វិទ្យុដល់អង្គការជនពិការកម្ពុជា ដោយមិនបាច់បង់ពន្ធ ជូនរដ្ឋ ហើយក្រសួងក៏កំពុងរៀបចំឲ្យមានវិទ្យុជនពិការ នៅតាមបណ្តាខេត្ត មួយចំនួនទៀត ដើម្បីបង្កលក្ខណៈឲ្យជនពិការមានចំណូល និងមានការងារធ្វើ ជាពិសេសពួកគាត់អាចទទួលបានព័ត៌មានសព្វគ្រប់បែបយ៉ាង ទាំងព័ត៌មាន សង្គម ព័ត៌មានបំណិនជីវិត និងព័ត៌មានផ្សេងៗទៀត ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា សង្គមបច្ចុប្បន្ន នៅទូទាំងពិភពលោករស់ នៅមិនអាចខ្វះព័ត៌មានបានទេ ហើយព័ត៌មាននេះវាមានសារសំខាន់ណាស់នៅ ក្នុងសង្គមប្រជាធិបតេយ្យ ដែលប្រជាជនត្រូវទទួលបានព័ត៌មានគ្រប់គ្រាន់ ដើម្បី ឲ្យពួកគាត់អាចធ្វើការជ្រើសរើស និងសម្រេចចិត្តធ្វើអ្វីមួយបានត្រឹមត្រូវ ដែល ទាំងនេះជាសិទ្ធិរបស់មនុស្សទូទៅ។ បច្ចុប្បន្នក្រសួងព័ត៌មានកំពុងរៀបចំច្បាប់ សិទ្ធិទទួលបានព័ត៌មាន ប៉ុន្តែចំពោះជនពិការមានលក្ខណៈពិសេសមួយទៀត នោះគឺសិទ្ធិរស់នៅពេញសិទ្ធិដូចជាមនុស្សធម្មតា ដូច្នេះព័ត៌មានសម្រាប់ជន ពិការមានលក្ខណៈដោយឡែក ដើម្បីឲ្យពួកគាត់ទទួលបានព័ត៌មានដូចយើង គ្រប់ៗគ្នាផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងផងដែរថា ទូរទស្សន៍ជាតិកម្ពុជាបានរៀបចំកម្ម វិធីសម្រាប់ជនពិការគ ថ្លង់ នៅចុងសប្តាហ៍មុនគេបង្អស់ ដើម្បីពួកគាត់បានដឹង នូវព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗក្នុងសង្គម ដោយមានការជួយឧបត្ថម្ភពីអង្គ ការក្រៅរដ្ឋាភិបាលមួយចំនួន។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ថា ទូរទស្សន៍ ជាតិក៏មានបំណងរៀបចំកម្មវិធី សម្រាប់ជនពិការនេះជារៀងរាល់ថ្ងៃផងដែរ ប៉ុន្តែ យើងនៅខ្វះថវិកា និងធនធានមនុស្សដូច្នេះយើងរៀបចំបានតែនៅរៀងរាល់ចុង សប្តាហ៍តែប៉ុណ្ណោះ។
ពាក់ព័ន្ធទៅនឹងសំណើរបស់ជនពិការ ដែលស្នើសុំឲ្យមានការបញ្ចុះតម្លៃ ឬក៏មិនយកថ្លៃចំពោះការសិក្សានៅមហាវិទ្យាល័យ ស្នើសុំឲ្យមានផ្លាកសញ្ញា សម្គាល់សម្រាប់ជនពិការ ដើម្បីសុំការបញ្ចុះតម្លៃចំពោះទំនិញផ្សេងៗនោះ ឯក ឧត្តមរដ្ឋមន្រ្តីបានគាំទ្រចំពោះសំណើនេះ ហើយបានជំរុញឲ្យសមាគមជនពិការ ធ្វើលិខិតមួយជូនទៅរាជរដ្ឋាភិបាល ដើម្បីសុំសេចក្តីសម្រេចចំពោះការងារទាំង អស់នេះ ។
ពាក់ព័ន្ធទៅនឹងសំណើរបស់ជនពិការ ដែលស្នើសុំឲ្យមានការបញ្ចុះតម្លៃ ឬក៏មិនយកថ្លៃចំពោះការសិក្សានៅមហាវិទ្យាល័យ ស្នើសុំឲ្យមានផ្លាកសញ្ញា សម្គាល់សម្រាប់ជនពិការ ដើម្បីសុំការបញ្ចុះតម្លៃចំពោះទំនិញផ្សេងៗនោះ ឯក ឧត្តមរដ្ឋមន្រ្តីបានគាំទ្រចំពោះសំណើនេះ ហើយបានជំរុញឲ្យសមាគមជនពិការ ធ្វើលិខិតមួយជូនទៅរាជរដ្ឋាភិបាល ដើម្បីសុំសេចក្តីសម្រេចចំពោះការងារទាំង អស់នេះ ។
លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជាបានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៣មក អង្គការជនពិការកម្ពុជាបានអនុវត្តន៍គម្រោងការធ្វើឲ្យ មានដំណើរការល្អក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដោយផ្តោតលើ ការអនុវត្តមាត្រា២១នៃអនុ សញ្ញាស្តីពីសិទ្ធិជនពិការទាក់ទងនឹងសេរីភាព នៃការ សម្តែងមតិ យោបល់ និងសិទ្ធិទទួលបានព័ត៌មាន ។ លោកនាយកប្រតិបត្តិបាន ជម្រាបទៀតថា គម្រោងនេះបានអនុវត្តដោយមានការសហការជាមួយអង្គការ ជនពិការអន្តរជាតិនៅកម្ពុជា ព្រមទាំងមានការគាំទ្រពីអង្គការជនពិការអន្តរជាតិ ថ្នាក់តំបន់ប្រចាំនៅប្រទេសឡាវ និងការគាំទ្របច្ចេកទេសពីគណៈកម្មការពិគ្រោះ យោបល់ថ្នាក់ជាតិ ដែលមានក្រសួងព័ត៌មានជាប្រធាន និងអង្គការជាសមាជិក រួមមានៈ សមាគមទូរទស្សន៍ និងវិទ្យុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា សមាគមនៃជនពិការភ្នែកកម្ពុជា (ABC) គ្រួសារថ្មី (KT) អង្គការជន ពិការអន្តរជាតិ (HI) វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ក្រុមប្រឹក្សា សកម្មភាពជនពិការ (DAC) កម្មវិធីជាតិសុខភាពភ្នែក និងសមាគមអ្នកសារព័ត៌ មាន។
លោកនាយកប្រតិបត្តិអង្គការជនពិការកម្ពុជាក៏បានបញ្ជាក់ថា ក្នុងការ អនុវត្តន៍គម្រោងនេះ អង្គការជនពិការកម្ពុជាបានផលិតរបាយការណ៍ស្រាវជ្រាវ ពីគោលប្រតិបត្តិល្អទាំងប្រាំស្តីពីការទទួលបានព័ត៌មានរបស់ជនពិការ រៀបចំ សិក្ខាសាលា លើកកម្ពស់ការយល់ដឹងរបស់សហគមន៏ស្តីពីការទទួលបានព័ត៌មាន របស់ជនពិការ បានជួបប្រជុំជាមួយមន្រ្តីក្រសួងព័ត៌មាន ដើម្បីស្នើសុំឲ្យសម្រប សម្រួលឲ្យស្ថានីយទូរទស្សន៍ទាំងអស់ បានដាក់បញ្ចូលភាសាសញ្ញានៅក្នុងកម្ម វិធីព័ត៌មាន ការផលិតផ្ទាំងរូបភាពអប់រំ និងការរៀបចំគោលការណ៍ណែនាំស្តីពី ការបោះពុម្ព ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ៕
ដោយ ហ៊ុន យុទ្ធគុណ
ព្រះករុណាព្រះមហាក្សត្រកសព្វព្រះរាជហឫទ័យចំពោះ ដំណោះស្រាយរបស់គណបក្សទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះទ័យ ចំពោះដំណោះ ស្រាយរបស់ គណបក្ស ប្រជាជន កម្ពុជានិងគណបក្សសង្គ្រោះជាតិ ដោយព្រះអង្គមានសេចក្ដីសង្ឃឹម និងជឿជាក់ថា ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរពិតជាមានការយោគយល់ចំពោះបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋ ដែលប្រាថ្នាចង់បានសេចក្ដីសុខ សេចក្ដីចម្រើន ហើយខិតខំអស់ពីសមត្ថភាព លទ្ធភាព និងបញ្ញាញាណ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានារបស់ជាតិក្នុងស្មារតីគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីភាពរុងរឿងនៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាឲ្យដឹងថា នាវេលាម៉ោង១៦រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតជូនថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ឯកឧត្ដម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មានឯកឧត្ដម សម រង្ស៊ី ប្រធានគណបក្ស ឯកឧត្ដម កឹម សុខា អនុប្រធានគណបក្ស និងឯកឧត្ដម ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ចូលក្រាបបង្គំគាល់នៅមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង ដើម្បីទូលថ្វាយអំពីលទ្ធផលដ៏ប្រសើរ ដែលគណបក្សទាំងពីរបានខិតខំដោះស្រាយបញ្ហាប្រទេសជាតិ ក្នុងកិច្ចចរចានៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានទូលថ្វាយព្រះករុណាថា ថ្ងៃនេះជាថ្ងៃដ៏ប្រសើរថ្លៃថ្លា ដែលថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរបានចូលក្រាបថ្វាយបង្គំគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដើម្បីទូលថ្វាយអំពីលទ្ធផលគួរជាទីមោទនភាពខ្ពស់របស់ជាតិយើង ដែលខ្មែរនិងខ្មែរបានព្រមព្រៀងស្រុះស្រួលគ្នា ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។
សម្ដេចតេជោបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែប្រោសព្រះរាជទាននូវការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ ដើម្បីកម្ពុជារក្សាបាននូវសេចក្ដីសុខសន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ និងភាពចម្រុងចម្រើនគ្រប់ប្រការ។
សម្ដេចតេជោបានទូលថ្វាយអំពីកិច្ចការជាច្រើន ដែលនឹងត្រូវអនុវត្តន៍នាពេលខាង មុខ ដូចជាការរៀបចំថ្នាក់ដឹកនាំរបស់រដ្ឋសភា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងវិសោធនកម្មច្បាប់បោះឆ្នោតជាដើម។
ឯកឧត្ដម សម រង្ស៊ី ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សសង្គ្រោះជាតិ សូមថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំ ផុត ដែលជានិច្ចជាកាលព្រះអង្គមានព្រះរាជហឫទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជកិច្ច ផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ ដង្ហែតាមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ធ្វើឲ្យសង្គមកម្ពុជាទទួលបាននូវសេចក្ដីសុខ សន្តិភាព ឯកភាពជាតិ និងវឌ្ឍនភាពនូវគ្រប់កាលៈទេសៈ។ ឯកឧត្ដម សម រង្ស៊ី បានទូលថ្វាយ បន្តថា គណបក្សសង្គ្រោះជាតិនឹងបន្តចូលរួមក្នុងការដោះស្រាយនូវរាល់កិច្ចការទាំងឡាយ របស់ប្រទេសជាតិចូលរួមក្នុងសភា និងសច្ចាប្រណិធាន។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្ដែងនូវសេចក្ដីអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សទាំងពីរ ដែលបានព្រមព្រៀងគ្នាលើដំណោះស្រាយនយោបាយ តាមរយៈការចរចាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះនៅវិមានព្រឹទ្ធសភា ក្នុងគោលបំណងបន្តថែរក្សាសន្តិភាព ស្ថិរភាពប្រទេសជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពរុងរឿង ភាពថ្លៃថ្នូររបស់ជាតិយើង ព្រះអង្គសូមថ្នាក់ដឹកនាំនៃគណបក្សទាំងពីរមេត្តាសហការ គ្នា ប្រកបដោយស្មារតីយោគយល់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំខាន់ៗជាឧត្ដមប្រយោជន៍ជាតិយើង។
ព្រះអង្គសូមអរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងឯកឧត្ដម សម រង្ស៊ី ដែលបានឯកភាពគ្នាក្នុងស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រជាជាតិយើង៕
ជឹមណារី
កម្ពុជា-ចិនបង្កើនកិច្ចសហការស្រាវជ្រាវអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤— នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៤លោកសាស្រ្តាចារ្យបណ្ឌិត ជី ហ្ស៊ីយេ (JI ZHIYE) ប្រធានវិទ្យា ស្ថាន ទំនាក់ ទំនង អន្តរជាតិសហសម័យចិន បានជំរុញឲ្យក្រុមការងារមិត្តភាពទំ នាក់ទំនងកម្ពុជា-ចិន បង្កើនកិច្ច សហការ ស្រាវ ជ្រាវអំពីទំនាក់ទំនងរវាងប្រទេស ទាំងពីរ កម្ពុជា និងចិនឲ្យកាន់តែខ្លាំងថែមទៀត។
លោក JI ZHIYE បានបញ្ជាក់ថា ភាគីចិនបានចុះហត្ថលេខាជាមួយនាយក ដ្ឋានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជារួចហើយ ក្នុងការបង្កើតក្រុម ការងារមិត្តភាពកម្ពុជា-ចិននេះ ហើយលោកក៏បានអញ្ជើញភាគីកម្ពុជាទៅធ្វើទស្ស- នកិច្ច នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិសហសម័យចិន ដើម្បីផ្លាស់ប្តូរយោបល់ និងធ្វើទំនាក់ទំនងគ្នាដកបទពិសោធន៍ពីគ្នា ដែលតបតាមការអញ្ជើញនេះ រាជ បណ្ឌិតសភាកម្ពុជាដឹកនាំដោយលោកជំទាវ ខ្លូត ធីតា នឹងទៅបំពេញទស្សនកិច្ច នៅវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិសហសម័យចិននាខែកញ្ញាខាងមុខ។ ជាមួយ គ្នានេះ ភាគីចិនក៏បញ្ជូនអ្នក ជំនាញ ចិនឲ្យមកកម្ពុជា ដើម្បីជួយផ្តល់ព័ត៌មាន និង ផ្តល់ឯកសារដល់ក្រុមស្រាវជ្រាវកម្ពុជា លើទំនាក់ ទំនងមិត្ត ភាពកម្ពុជា-ចិននាពេល ខាងមុខផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានគាំទ្រចំពោះការបង្កើតឲ្យមាន ក្រុមស្រាវជ្រាវនេះ និងបានចាត់ទុកថា ការស្រាវជ្រាវនេះគឺមានតម្លៃណាស់ សម្រាប់កិច្ចអភិវឌ្ឍប្រទេសទាំងពីរ លើការស្រាវជ្រាវផ្នែកនយោបាយ ទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ច និងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា រាជបណ្ឌិតសភាកម្ពុជាបានបង្កើតឡើងនៅឆ្នាំ១៩៦៥ហើយ ហើយ បានផ្អាកមួយរយៈដោយសារសង្គ្រាម។ នៅឆ្នាំ១៩៩៩ បានបង្កើតជាថ្មីឡើងវិញ ដោយបច្ចុប្បន្នមានអ្នកស្រាវជ្រាវសរុបជាង១៧០នាក់ ដែលក្នុងនោះថ្នាក់បណ្ឌិត មានប្រមាណ៣០នាក់៕
ដោយ ពេជ្រ ណារិទ្ធ
បើកការដ្ឋានសាងសង់ស្ពានផ្លូវដែកប៉ោយប៉ែត-អារញ្ញប្រាថេត
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤
ស្ពានផ្លូវដែកប៉ោយប៉ែតខេត្តបន្ទាយមានជ័យ អារញ្ញប្រាថេតខេត្តស្រះកែវ (ព្រំដែនកម្ពុជា-ថៃឡង់) ប្រវែង៤៥ម៉ែត្របានចាប់ផ្តើមសាងសង់ក្រោមហិរញ្ញ ប្បទានពីរាជរដ្ឋាភិបាលថៃនូវទឹកប្រាក់ចំនួនប្រមាណ២៩,៥លានបាតបានបើក ការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នៅមាត់អូរច្រកប៉ោយ ប៉ែតក្រោមអធិបតីភាពឯកឧត្តម អ៊ួន សុង អនុរដ្ឋលេខាធិការក្រសួងសាធារណ ការ និងដឹកជញ្ជូនកម្ពុជា និងលោកជំទាវ សយធីប ត្រៃស៊ុថ អគ្គលេខាធិការ អចិន្ត្រៃយ៍ក្រសួងដឹកជញ្ជូនថៃ។
យោងសេចក្តីប្រកាសព័ត៌មានរួមបានបញ្ជាក់ថា ការសាងសង់ឡើងវិញ ស្ពានផ្លូវដែកប៉ោយប៉ែត-អារញ្ញប្រាថេតនេះ គឺជាការពង្រឹងបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ ហើយក៏ជាការបង្កើននូវចំណងមិត្តភាពឲ្យ កាន់តែរឹងមាំរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រ យោជន៍រួម ក្នុងគោលបំណងលើកកម្ពស់ការជំរុញពាណិជ្ជកម្មអន្តរជាតិ និងកិច្ច សហប្រតិបត្តិការសម្របសម្រួលដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់ទៅ មកប្រទេសទី៣ទៅថ្ងៃអនាគត។ ស្ពានដែកនេះមានសារសំខាន់ទូលំទូលាយ ណាស់ សម្រាប់ការដឹកជញ្ជូនទ្រង់ទ្រាយធំរវាងប្រទេសកម្ពុជា-ថៃ និងរួមចំ ណែកមិនអាចខ្វះបានសម្រាប់ផ្លូវដែកអាស៊ីពីសិង្ហបុរីទៅគុនមីង ប្រទេសចិន ដែលជាគម្រោងផ្លូវដែកដ៏ធំមួយ សម្រាប់ជាឈ្នាន់ដល់ការធ្វើសកលភាវូបនីយ កម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ដោយភ្ជាប់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ ហើយឆ្លង កាត់ប្រទេសកម្ពុជាឆ្ពោះទៅប្រទេសវៀតណាមបន្តរហូតដល់ប្រទេសចិន។
ឯកឧត្តម អ៊ួន សុង ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្រោមកិច្ចសហ ការជាមួយភាគីថៃ រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងជួសជុលស្តារឡើងវិញ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះជំរុញការតភ្ជាប់ផ្លូវដែក កម្ពុជាទៅនឹងបណ្តាញផ្លូវដែកថៃ ដើម្បីឈានទៅសម្រួលដល់ការដឹកជញ្ជូនឆ្លង កាត់ព្រំដែនទៅថ្ងៃអនាគត។ ជួយទ្រទ្រង់ និងជំរុញដល់ការធ្វើពាណិជ្ជកម្ម ទេស ចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ និងសង្គមកិច្ចសំដៅលើកស្ទួយកំណើនសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
ឯកឧត្តមបន្តទៀតថា ដើម្បីធ្វើសមាហរណកម្មទៅក្នុងផ្លូវដែកអាស៊ី ដែល ជាគម្រោងផ្លូវដែកសិង្ហបុរី-គុនមីង រាជរដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងស្វះ ស្វែងរកជំនួយពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដើម្បីយកមក ដំណើរការសាងសង់កំណាត់ផ្លូវដែកនេះ។ ឯកឧត្តមបានឲ្យដឹងទៀតថា ស្ពានផ្លូវ ដែកប៉ោយប៉ែត-អារញ្ញប្រាថេត ត្រូវបានសាងសង់ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ ១៩៤០ ហើយស្ពាននេះ ត្រូវបានបំផ្លិចផ្លាញក្នុងចន្លោះទសវត្សរ៍ ឆ្នាំ១៩៩១-១៩៩៣។ ការសាងសង់ឡើងវិញស្ពានផ្លូវដែកនេះ ត្រូវប្រើរយៈពេលពី៥ឬ៦ខែ ដែលជាការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃនោះ៕
ដោយ ឈុន សារ៉ាត
Subscribe to:
Posts (Atom)