NGOs ជាដៃគូដ៏មាន សក្តានុពលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងការពារធនធានធម្មជាតិនៅកម្ពុជា។ នាពេលបច្ចុប្បន្ន ដើម្បីអោយការងារមួយប្រកប ដោយមានភាពរលូន និងទទួលបានប្រសិទ្ធិភាពខ្ពស់ NGOs គួរតែបំពេញការងារដោយមានការសហការជាមួយរាជ រដ្ឋាភិបាល ដើម្បីជាប្រយោជន៍ដល់សង្គម ដើម្បីជម្រុញប្រសិទ្ធិភាពការងាររបស់ខ្លួន វាប្រសើរ ជាងការធ្វើសកម្មភាពដោយគ្មានមូលដ្ឋានច្បាស់លាស់ អំពីការព្រួយបារម្ភពាក់ព័ន្ធការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចិរភាព។ ម៉្យាងទៀតរាជរដ្ឋាភិបាលគួរតែមាន យន្តការយ៉ាងណា និងបើកទូលាយអោយ NGOs បានក្លាយជាដៃគូ ក្នុងការជួយជ្រោមជ្រែង នូវគោលនយោបាយរបស់ខ្លួន។
តួយ៉ាងក្នុងសន្និសិទ្ធិសារព័ត៌មានរបស់អង្គការមាតាធម្មជាតិ (Mother Nature) ដែលបាន រៀបចំកាលពីព្រឹកថ្ងៃច័ន្ទនេះ តំណាងអង្គការមាតាធម្មជាតិ បានបង្ហាញកង្វល់អំពីភាពមិនប្រក្រតីរបស់ក្រុមហ៊ុន Direct Access Co, ltd។ ក្រុមហ៊ុននេះបានកំពុងធ្វើប្រតិបត្តិការតាមបណ្តោយ ព្រែកអណ្តូងទឹក ឃុំអណ្តូងទឹកស្រុកបុទុមសាគរ ខេត្តកោះកុង។ ខាងតំណាងអង្គការលើក ឡើងពីការបូមខ្សាច់ខុសទីតាំង មិនគោរពតាមលក្ខខណ្ឌក្នុងអាជ្ញាប័ណ្ឌរបស់ក្រុមហ៊ុនដែលទទួល បានអាជ្ញាប័ណ្ឌ។ ក្នុងពេលនោះដែរពួកគេបានស្នើសុំអោយមានការរៀបចំវេទិកាសាធារណៈមុននឹងផ្តល់អាជ្ញាប័ណ្ឌអោយក្រុមហ៊ុនណាមួយ និងធ្វើការវាយតម្លៃផលប៉ះពាល់ធម្មជាតិអោយ បានច្បាស់លាស់។
ធនធានធម្មជាតិ វាមិនមែនជារបស់បុគ្គលណាមួយ ឬសមាជិកណាម្នាក់ក្នុងរាជរដ្ឋាភិបាល នោះទេ តែវាជារបស់ប្រជាជនទូទៅ ជារបស់ជាតិទាំងមូល។ដូចនេះ យើងមានការគាំទ្រនូវ សកម្មភាពណាដែលគាំពារ និងគាំទ្រដល់ ការការពារ និងប្រើបា្រស់ធនធានប្រកបដោយចីរភាព និងត្រឹមត្រូវទៅតាមបច្ចេកទេស ស្របទៅតាមច្បាប់។ ត្រលប់ទៅមើលសកម្មភាពរបស់អង្គការ មាតាធម្មជាតិ យើងសង្កេតឃើញថា គឺចង់ការពារធនធានធម្មជាតិ ប៉ុន្តែអង្គការមាតាធម្មជាតិ មិនបានធ្វើការសិក្សាអោយបានគ្រប់ជ្រុងជ្រោយទៅតាមស្តង់ដាបច្ចេកទេស ដែលវានឹងពិបាក ជាអំណះអំណាងដ៏ជាក់លាក់ និងទទួលយកបានពីសំណាក់រាជរដ្ឋាភិបាល និងមជ្ឈដ្ឋានទូទៅ។ ទោះបីជាក្រុមហ៊ុននោះ បានប្រព្រឹត្តខុសក៏ដោយ តែវាគ្រាន់តែជាការព្រួយបារម្ភ និងភាពមន្ទិល សង្ស័យរបស់ក្រុមមនុស្សមួយក្រុមប៉ុណ្ណោះ។ ហើយមិនមានភស្តុតាងជាក់លាក់ណាមួយមក បញ្ជាក់ថាក្រុមហ៊ុនពិតជាអនុវត្តខុសពីអាជ្ញាប័ណ្ឌ ហើយខ្លួនមិនមែនជាអ្នកបចេ្ចកទេស ដែល អាចវិភាគពីផលប៉ះពាល់ពិតប្រាកដ។
យ៉ាងណាមិញ មុននឹងឈានដល់ការចេញអាជ្ញាប័ណ្ឌក្រសួងរ៉ែ និងថាមពលតែងសិក្សាយ៉ាងច្បាស់ពីការវាយតម្លៃផលប៉ះពាល់ធម្មជាតិនិងការធ្វើវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ អោយប្រជាជននៅជុំវិញទីតាំងផ្តល់អាជ្ញាប័ណ្ឌយល់ពីអត្ថប្រយោជន៍ នៃការធ្វើអាជីវកម្ម។ មិនតែ ប៉ុណ្ណោះ ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពមិនប្រក្រតីផ្សេងៗ ក្រសួងបានរៀបចំក្រុមអធិការ កិច្ចចុះពិនិត្យជាក់ស្តែងទៅតាមទីតាំងធ្វើអាជីវកម្ម។ ទោះបីជាក្រសួងមានយន្តការបែបនេះក៏ ដោយ ក៏វាមិនអាចឆ្លើយតបអោយបានគ្រប់ជ្រុងជ្រោយដែរ ដែលចាំបាច់អោយមានការចូលរួម ពីគ្រប់មជ្ឈដ្ឋាន ដែលប្រៀបបានជាភ្នាក់ងារដ៏មានឥទ្ធិពលពាក់ព័ន្ធភាពអសកម្មណាមូយ។
សរុបមកប្រសិនបើអង្គការមាតាធម្មជាតិ មានឆន្ទះពិតប្រាកដក្នុងការការពា និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។ អង្គការមាតាធម្មជាតិ គួរតែសហការជាមួយរាជ រដ្ឋាភិបាល ព្រោះខ្លួនមានការធ្វើការយ៉ាងជិតស្និតជាមួយធម្មជាតិ។បើអាចសម្របខ្លួនក្លាយជា ភ្នាក់ងារ ដែលធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្តាត់រាល់សកម្មភាព មិនប្រក្រតីរបស់ក្រុមហ៊ុនទុច្ចរិតមួយចំនួន វាប្រសើរជាងការធ្វើបាតុកម្មប្រឆាំងតវ៉ា ដោយមិនបា មានការពិភាក្សាអោយបានច្បាស់លាស់ជាមួយភាគីរាជរដ្ឋាភិបាល។ ការធ្វើការរួមគ្នានេះ គឺដើម្បី ជាប្រយោជន៍ជាតិទាំងមូល មិនមែនជាប្រយោជន៍របស់គណបក្ស ឬរបស់អង្គការណាមួយឡើយ។ យើងគួរតែរួមគ្នាការពារ និងប្រើប្រាស់ធនធានធម្មជាតិ អោយមានតម្លាភាព និង គណនេយ្យភាព ជាជាងធ្វើសកម្មភាពទាំងឡាយណាដែលប្រឆាំងគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីកេញចំណេញនយោបាយ ដែលអាចរារាំងដល់ការអភិវឌ្ឍជាតិ។
អត្ថបទដោយ គឹម នារីរ័ត្ន