Tuesday, July 22, 2014

ជំនួប​កំពូល គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ បញ្ចប់​បញ្ហា​នយោបាយ

ភ្នំពេញ៖ នៅទីបំផុត បញ្ហានយោបាយ ដែលអូស​បន្លាយ​ជិតមួយឆ្នាំ ក្រោយការបោះឆ្នោត តំណាង​រាស្ត្រ ២៨កក្កដា២០១៣ បានបញ្ចប់នៅថ្ងៃនេះ បន្ទាប់​ពី​ជំនួបកំពូល រវាងថ្នាក់ ដឹកនាំ គណបក្ស​ប្រជា​ជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅឯ​វិមាន​ព្រឹទ្ធសភា ចំការមន ។ អ្វីដែល​គណ​បក្ស​ទាំង​ពីរ បានព្រម​ព្រៀង​គ្នា​នោះ ផ្អែកលើមូលដ្ឋាន នៃការ​ព្រម​ព្រៀងគ្នា ជាគោលការណ៍ នៃជំនួប​កំពូល​តាម​ទូរស័ព្ទ រវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមេសាឆ្នាំ២០១៤ ។

ជាចំណុចសំខាន់ គឺអ្នកតំណាងរាស្ត្រ ជាប់​ឆ្នោត​គណ​បក្សសង្គ្រោះជាតិ នឹងចូលសភា ដើម្បីធ្វើការ បន្ទាប់​​ពីស្បថ បំពេញអភ័យឯកសិទ្ធិ ក្នុងពេល​ឆាប់ៗ​នេះ ។

អ្នកតាមដានសភាពការណ៍នយោបាយ និង​មហា​ជន​នានា បានកត់សំគាល់ថា បញ្ហា​ជាប់​គាំង ខាង នយោ​បាយ នៅប្រទេសកម្ពុជា តែងតែកើតឡើង ស្ទីលដដែលៗ ក្រោយ​ការ​បោះ​ឆ្នោត តំណាងរាស្ត្រ ប៉ុន្មាន​អាណត្តិ​មកហើយ មិនមានអ្វីត្រូវឆ្ងល់ទេ! ជាពិសេស​អ្នក​ចាញ់ឆ្នោត តែងតែឡាំប៉ាជាដរាប ប៉ុន្តែមហាជន ដឹង! ហើយ​ហ៊ានទាយ ទុកមុនថា ចុង​បញ្ចប់​នៃរឿង វាទៅជាយ៉ាងម៉េច! ។

ចំណែកបញ្ហាអូសបន្លាយពេលជិតមួយឆ្នាំនោះ ក្នុង​ការត្រូវគ្នាឬមិនត្រូវគ្នា របស់​គណ​បក្ស​ជាប់ឆ្នោត ត្រូវបាន​សន្និដ្ឋានថា គ្រាន់តែជាការពន្យារពេល ដើម្បី សម្រន់ កំដៅពុះ​កញ្ជ្រោល របស់អ្នកគាំទ្រមួយចំនួន ដែលង​ប់​នឹង​ល្បែងនយោបាយ ប៉ុណ្ណោះ ឬក៏ថានឹង​ត្រូវ​គ្នា​ភ្លាម ក្រែងមើលទៅមិនសមភ្នែកញាតិ ព្រោះ​ធ្លាប់​ជេរ​ប្រមាថ​គ្នា កប់ៗមាត់ ដោយ​ពេល​ខ្លះ​ថែម​ទាំងបង្ហាញនូវជំហរដាច់ខាត ថាយ៉ាង​ណាៗ​នោះ​ទៅទៀត  ដូច្នេះ​ហើយ​បើ​នឹង​ត្រូវគ្នាឆាប់ពេក ខ្មាសគេ! អ៊ីចឹង អូសពេលឱ្យយូរ ធ្វើឱ្យមានឆាកល្អមើល ច្រើន​បន្តិច​សិន សឹមបញ្ចប់រឿង! ។ ទោះយ៉ាងណាក៏ដោយ មហាជន ក៏បន់ស្រន់ ឱ្យបញ្ហា ត្រូវបាន​បញ្ចប់​ឆាប់ៗទៅ ដើម្បី​បញ្ចៀស​រឿង​ផ្សេង​ទៀតដែលអាចជះឥទ្ធិពល ប៉ះពាល់ ដល់​សេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម ឬមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ជារួមជំនួប​កំពូល​រវាង​ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្ស​សង្គ្រោះ ជាតិ នៅ​ព្រឹក​ថ្ងៃ ​អង្គារ ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ បានដោះស្រាយ ទាំងស្រុង នូវបញ្ហា​នយោ​បាយ ដែល​អូសបន្លាយជិត​មួយ​ឆ្នាំ​កន្លង​មក ក្រោយ​ការបោះឆ្នោតសភា តំណាងរាស្ត្រ ថ្ងៃ​ទី​២៨ ខែ កក្កដា ឆ្នាំ ២០១៣ ​។​

ជំនួប​កំពូលនេះ បានចាប់ផ្ដើមពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជិត២រសៀល។ សមាស​ភាព​ដែល​ចូល​រួម​តុ​ចរចា ម្ខាងៗមាន ៨រូប ក្នុងនោះ ខាងគណបក្សប្រជាជនកម្ពុជា ,ថ្នាក់ដឹក​នាំ​គណបក្សចំនួន៣រូប រួមមាន សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន , ឯកឧត្តម សាយ ឈុំ, ឯកឧត្តម ស ខេង និងជំនួយការ៥រូប គឺ ឯកឧត្តម ប្រាក់ សុខុន, កឧត្តម ព្រុំ សុខា, ឯកឧត្តម សោម សឿន,ឯកឧត្តម សក់ សេដ្ឋា, និង ឯកឧត្តម កើត រិទ្ធ។

ខាងគណបក្សសង្រ្គោះជាតិ ថ្នាក់ដឹកនាំគណបក្ស មាន ឯកឧត្តម សម រង្ស៊ី , ឯកឧត្តម កឹម សុខា និង ឯកឧត្តម ប៉ុល ហំម , រីឯជំនួយការ មាន ឯកឧត្តម យឹម សុវណ្ណ, ឯកឧត្តម យ៉ែម បុញ្ញាឫទ្ធិ, ឯកឧត្តម សុន ឆ័យ, ឯកឧត្តម គួយ ប៊ុនរឿន, និង ឯកឧត្តម អេង ឆៃអ៊ាង។              

បន្ទាប់ពីបញ្ចប់ជំនួបកំពូលនេះ កិច្ចព្រមព្រៀង ស្ដីពីដំណោះស្រាយនោយបាយ រវាង គណ​បក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិ មានចុះហត្ថលេខា តំណាង គណ​បក្សប្រជាជនកកម្ពុជា មាន សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន , ឯកឧត្ដម សាយ ឈុំ, ឯកឧត្ដម ស ខេង ហើយ តំណាងខាង​គណបក្ស​សង្គ្រោះជាតិ មាន ឯកឧត្ដម សម រង្ស៊ី , ឯកឧត្ដម កឹម សុខា និង ឯកឧត្ដម ប៉ុល ហំម ។

កិច្ចព្រមព្រៀងនេះ មាន៧ប្រការ ដោយមានខ្លឹមសារជាអាទិ៍ថា ៖
-ដោយយល់ឃើញថា ដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា ជាមធ្យោបាយ ដ៏ល្អតែមួយគត់ ក្នុង​ការ​ដោះស្រាយបញ្ហានយោបាយដែលកើតមាន ក្រោយ ការបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ នីតិកាល​ទី៥ នៃរដ្ឋសភា នាថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣

-ដោយគោរពតាម ឆន្ទៈរបស់ប្រជាពលរដ្ឋ និងដើម្បី ជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម នៃប្រទេសជាតិ ។        

ថ្នាក់ដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួប ប្រជុំ​ពិភាក្សាគ្នា នាថ្ងៃ​ទី២២ កក្កដា ឆ្នាំ២០១៤នេះ នៅវិមានព្រឹទ្ធសភា បានព្រម ព្រៀងគ្នា លើដំណោះស្រាយ នយោបាយ​ដែលមាន​ខ្លឹមសារដូចខាងក្រោម៖

ប្រការ១.គណបក្សទាំងពីរបានឯកភាពគ្នាលើដំណោះស្រាយ នយោបាយដោយចូល រួមធ្វើការ ជាមួយគ្នា​នៅក្នុង​ស្ថាប័ន រដ្ឋសភា ដើម្បីឈានទៅដោះស្រាយ បញ្ហានានារបស់ ប្រទេសជាតិ  ស្របតាម​គោល​ការណ៍​នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

ប្រការ២.ផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃជំនួបកំពូលរវាងគណបក្សទាំងពីរនាថ្ងៃទី ១៦កញ្ញា ឆ្នាំ​២០១៣ គណបក្សទាំងពីរបានឯកភាពលើកំណែទម្រង់ការបោះឆ្នោតដោយ រៀបចំស្ថាប័នរៀប​ចំការបោះ​ឆ្នោត​ជាស្ថាប័ន ដែលមានឯករាជ្យពេញលេញដោយមានចែង ក្នុងជំពូកមួយដោយឡែកក្នុងរដ្ឋធម្មនុញ្ញ ហើយ​សមាសភាពនៃស្ថាប័ននេះ ត្រូវជ្រើសតាំង ដោយរដ្ឋសភា តាមមតិភាគ​ច្រើនដាច់​ខាតនៃ​ចំនួនស​មាជិក​រដ្ឋសភាទាំងមូល។ សមាស ភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន៩រូប ក្នុងនោះ​សមាស​ភាព៤ រូប ជ្រើសដោយគណបក្សមានអាសនៈនៅក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល ហើយ​សមាស​ភាព១រូបទៀត គឺត្រូវជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្ស ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ត្រូវដំណើរ ការរៀបចំ ឱ្យមានការជ្រើសរើសដោយបើកចំហរ និងតម្លាភាព នូវសមាសភាព គណៈ​កម្មា​ធិការ​ជាតិ រៀបចំការបោះឆ្នោតដែលមានស្រាប់ ត្រូវបន្តការងារ របស់​ខ្លួនបន្តទៀត និងមាន​សមត្ថកិច្ច ដើម្បីចាត់ចែងរៀបចំការបោះឆ្នោតតាមច្បាប់។ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត មានថវិកាស្វយ័តសម្រាប់ដំណើរការ។

គណបក្សទាំងពីរឯកភាពគ្នា ឱ្យគណៈកម្មការចម្រុះដែលមានស្រាប់ បន្តពិភាក្សា គ្នា រៀបចំ ក្រប​ខណ្ឌ​កំណែ​ទម្រង់​ការបោះឆ្នោតការបោះឆ្នោតនាពេលខាងមុខ ស្របតាម សេចក្តី ប្រកាស​រួមរវាងក្រុមការងារ គណ​បក្ស​ប្រជាជនកម្ពុជា និងក្រុមការងារគណបក្ស សង្គ្រោះ​ជាតិ កាលពីថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងនោះ ដោយ​រួម​ទាំងការរៀបចំ បញ្ជីឈ្មោះបោះ ឆ្នោតជាថ្មី។

ប្រការ៣៖ គណបក្សទាំងពីរឯកភាពគ្នាកំណត់ឡើងវិញ នូវកាលបរិច្ឆេទ សម្រាប់ការ​បោះ​ឆ្នោត នាពេល​ខាងមុខ ។

ប្រការ៤៖ គណបក្សទាំងពីរឯកភាពគ្នា ក្នុងការរៀបចំ ឱ្យមានការ​បែងចែក​អំណាច​ដាច់​ពីគ្នា រវាង​អំណាច​នីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ ។

តាមរយៈសន្និសីទពត៌មាន ក៏បានធ្វើឡើងក្រោយជំនួបបញ្ចប់ ឯកឧត្ដម ព្រំ សុខា តំណាង​គណ​បក្ស​ប្រជាជនកម្ពុជា និង លោក យឹម សុវណ្ណ តំណាងគណបក្សសង្គ្រោះជាតិ បាន​ពន្យល់​បន្ថែមទៅលើ កិច្ចព្រម​ព្រៀង​ដែលគណបក្សទាំងពីរបានសម្រេច ហើយក៏បាន ឆ្លើយ​តបនឹងសំណួរមួយចំនួន របស់​បណ្ដាញ​ពត៌មាន​ជាតិ អន្តរជាតិ ដោយក្នុងនោះ ពាក់​ព័ន្ធ​នឹង​ការកែទម្រង់ការបោះឆ្នោត ដែល​គណ​បក្ស​ទាំង​ពីរ​ឯកភាព​គ្នា កំណត់ឡើងវិញ នូវកាលបរិច្ចេទសម្រាប់ការបោះឆ្នោតនាពេលខាងមុខនោះ មិនមែនមានន័យថា រៀប​ចំការ​បោះ​ឆ្នោតឡើងវិញមុនអាណត្តិទេ ។ ចំពោះសំណួរពាក់ព័ន្ធ នឹងតំណែង របស់ឯកឧត្ដម សម រង្ស៊ី ដែលមិនមែនជាតំណាងរាស្ត្រ ជាប់ឆ្នោតនោះ , លោក យឹម សុវណ្ណ បានឆ្លើយថា គណបក្សសង្គ្រោះជាតិ, មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនដែលខ្វល់ខ្វាយអំពី មាន​តួនាទី​ឬគ្មានតួនាទី តំណែងមុខងារអ្វីទាំងអស់ ទោះស្ថិតនៅ ក្នុងស្ថានភាពណាក៏ដោយ ។ ចំពោះម​នុស្ស ៨នាក់ ដែលត្រូវឃាត់ខ្លួន ក្នុងនោះ ៧នាក់ ជាតំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់គណបក្សសង្គ្រោះជាតិនោះ គណបក្សទាំងពីរ ព្រមព្រៀង គ្នា ស្នើទៅ​មេធាវី​ដើម្បី​ជំរុញនីតិវិធីឱ្យបានឆាប់ ដើម្បីអនុញ្ញាតឱ្យនៅក្រៅឃុំ ដើម្បីឱ្យពួក គាត់ បានទៅស្បថ បំពេញ​អភ័យឯកសិទ្ធិជាសមាជិកសភា ៕ 
អត្ថបទ៖ PV. Memorial

កិច្ចប្រជុំថ្នាក់ដឹកនាំកំពូល រវាងគណបក្សទាំងពីរ បានបញ្ចប់ !

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការពិភាក្សាគ្នា ទទួលបានជោគជ័យដ៏ធំធេងសម្រាប់ជាតិ។

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអស់រយពេលជាង៥ម៉ោង បានព្រមព្រៀងគ្នាដូចខាងក្រោម៖




កិច្ចប្រជុំកំពូល សម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៊ី បានបញ្ចប់ហើយ

ភ្នំពេញ៖ កិច្ចប្រជុំកំពូល ស្វែងរកដំណោះស្រាយ លើបញ្ហានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបិទបញ្ចប់ហើយនៅវេលាម៉ោង១ និង ៥២នាទី រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤នេះ បន្ទាប់ពីចំណាយពេលពិភាក្សាគ្នាអស់រយៈពេល ៣ម៉ោង។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សា លោក ព្រំ សុខា តំណាងឲ្យគណបក្សប្រជាជនកម្ពុជា និង លោក យឺម សុវណ្ណ តំណាងឲ្យគណបក្សសង្រ្គោះជាតិ បានរៀបចំធ្វើសន្និសីទព័ត៌មានរួមគ្នា នៅពីមុខបន្ទប់ប្រជុំ ដើម្បីផ្តល់លទ្ធផល កិច្ចប្រជុំដល់ក្រុមអ្នកព័ត៌មាន៕

Tuesday, 22 July 2014 13:57 ដោយៈ ដើមអម្ពិល (DAP)-ID: 010

កិច្ច​ប្រជុំ​រក​ដំណោះ​ស្រាយ លើ​បញ្ហា​នយោបាយ ចាប់​ផ្តើម​ហើយ

ភ្នំពេញ៖ វិបត្តិនយោបាយនៅកម្ពុជា ដែលបានជាប់គាំង អស់រយៈពេល ជិតមួយ ឆ្នាំកន្លង មកនេះ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ប្រមុខដឹកនាំកំពូលនៃ គណបក្សមានទំនាស់ ទាំងពីរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជា លោក សម រង្ស៊ី ប្រធានគណ បក្សសង្រ្គោះជាតិ និងលោក កឹម សុខា រួមនឹងក្រុម ការងារជាច្រើននាក់ ផ្សេងទៀត បានបើកកិច្ចប្រជុំ តទល់មុខគ្នាហើយ ដើម្បីបញ្ចប់នូវ ការខ្វែងគំនិត ទាំងឡាយ។
សូមបញ្ជាក់ថា ជំនួប ថ្នាក់ដឹកនាំកំពូលនៃ គណបក្សនយោបាយទាំងពីរ ធ្លាប់បានជួបពិភាក្សាគ្នា រួចម្តងមកហើយ កាលពីខែកញ្ញា ឆ្នាំ២០១៣ តែជំនួបលើកនោះ ទទួលបានផ្លែផ្កាជាច្រើន តែមិនទាន់សម្រេចបាន លទ្ធផលត្រូវចិត្តគ្នា ១០០ភាគរយនោះទេ។
នៅក្នុងជំនួបថ្នាក់ដឹកនាំ កំពូលលើកទីពីរនេះ ថ្នាក់ដឹកនាំបក្ស នយោបាយទាំងពីរ សុទ្ធតែបានប្តេជ្ញា ចិត្តខ្ពស់ឈរក្នុង ស្មារតីបង្រួបបង្រួមជាតិ បញ្ចប់នូវបញ្ហាខ្វែង គំនិតទាំងអស់ ដើម្បីស្វែងរក ឧត្តមប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាជន។
ជាមួយនឹងការប្តេជ្ញាចិត្ត ប្រកបដោយឆន្ទៈមោះមុតរបស់ ថ្នាក់ដឹកនាំកំពូលគណបក្ស នយោបាយទាំងពីរ បានធ្វើឲ្យប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតសម្តែងការសាទរ និងផ្តល់នូវក្តីសង្ឃឹមជាខ្លាំងថា កិច្ចប្រជុំនឹងទទួលបាននូវផ្លែផ្កាល្អ ប្រសើរ បញ្ចប់ការខ្វែងគំនិតគ្នាទាំងឡាយ រួមគ្នាស្វែងរកឧត្តមប្រយោជន៍ ជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕
Tuesday, 22 July 2014 09:28 ដោយ៖ ដើមអម្ពិល (DAP), ID-009
Photo: Cambodian News
Photo: Cambodian News
Photo: Cambodian News
Photo: Cambodian News
Photo: Cambodian News
Photo: Cambodian News
Photo: Cambodian News
Photo: Cambodian News

មុនផ្តើមកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន សាកសួរថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ រឿងធ្វើចំការ

ភ្នំពេញ៖ ទោះលើសង្វៀននយោបាយបានប្រើពាក្យ ធ្ងន់ៗ និងមិនពិរោះស្តាប់ដាក់គ្នាយ៉ាងណាក្តី តែពេលជួបមុខគ្នា  អ្នកនយោបាយ បានប្រើទឹកមុខញញឹមញញែមសាកសួរសុខទុក្ខ និងចាប់ដៃស្វាគមន៍គ្នាជាមួយទឹកមុខរីករាយជា  ធម្មតា ហាក់គ្មានរឿងអ្វីកើតឡើងនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា  ដែលជាសមភាគីនៃកិច្ចចរចារឿងនយោបាយ ដ៏សំខាន់នាព្រឹកនេះ គ្រាកំពុងធ្វើដំណើរចូលក្នុងបន្ទប់ប្រជុំ បាន សាកសួរសុខទុក្ខក្រុមការងារគណបក្សសង្រ្គោះជាតិ ព្រមទាំងសាកសួរពីដំណើរការធ្វើចំការម្រេច ល្ហុងខ្វង និងចំការដំឡូង របស់លោក កឹម  សុខា លោក សម រង្ស៊ី និង ប៉ុល ហំម ថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានផ្តើមសំណួរទៅកាន់ លោក កឹម សុខា ថា «ម៉េចហើយ ខា ចំការម្រេចនៅកំំពុងចាម  លូតលាស់ល្អទេ»។ មិនបង្អង់យូរ លោក កឹម សុខា បានតបវិញថា «អត់ដឹងម៉េចដែរសម្តេច កំពុងសាកល្បង ល្អ តើសម្តេច»។
សម្តេចតេជោ ក៏បានសួរទៅ សម រង្ស៊ី ផងដែរថា តើចំការល្ហុងខ្វងលូតលាស់ល្អដែរឬទេ? លោក សម រង្ស៊ី ក៏បាន ឆ្លើយតបទៅវិញទាំងរីករាយថា មិនសូវល្អនោះទេ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសាកសួរ ទៅលោក ប៉ុល ហំម ផងដែរ ពីដំណើរការធ្វើចំការដំឡូង។ លោក ប៉ុល ហំម បានបញ្ជាក់ប្រាប់សម្តេចថា ចំការដំឡូងរបស់លោក គឺរីកលូតលាស់ល្អធម្មតា។
ក្រុមអ្នកព័ត៌មានឃើញពីកាយវិការសាកសួរសុខទុក្ខរវាងអ្នកនយោបាយ ដែលធ្លាប់តែពាក់មុខយក្សលើសង្វៀននយោបាយ បានកោតស្ញប់ស្ញែងជាខ្លាំងដល់សិល្បៈរបស់អ្នកធ្វើនយោបាយ គឺវាផ្ទុយស្រឡះពីក្រុមអ្នកបម្រើនយោ បាយ ពេលខ្លះព្រោះនិន្នាការនយោបាយបានឈ្លោះប្រកែក បង្កអំពើហិង្សា វាយតប់គ្នារងរបួសធ្ងន់ធ្ងរថែមទៀតផង ៕
Tuesday, 22 July 2014 09:39 ដោយ៖ ដើមអម្ពិល (DAP), ID-009

តាមការ​​សេចក្តី​ប្រកាស​​ព័ត៍មាន​រួម របស់ CPP និង CNRP ចុះថ្ងៃទី២០ ខែកក្កដាឆ្នាំ ២០១៤ ស្តីពីការពិភាក្សារវាងថ្នាក់ដឹកនាំកំពូល

ការពិភាក្សារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និង​គណ​បក្ស​សង្គ្រោះជាតិ ព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ គឺជា​ពេល​វេលា​មួយ​ដ៏មាន​សារ​សំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាពល​រដ្ឋ​ខ្មែរ ដែលចង់​បាន​នូវការ​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ ឯកភាពជាតិ និងជាការ​ចង់​ឃើញ​ខ្លាំង​បំផុត​នូវភាព​​សុខដុម​នីយកម្ម​នៃសង្គម​ជាតិទាំងមូល!

ប្រជា​ពលរដ្ឋខ្មែរ បានផ្តល់ក្តី​សង្ឃឹមទៅ​លើសមាស​ភាព​នៃថ្នាក់​ដឹកនាំដែល​នឹងត្រូវ​ចរចាគ្នា ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់​នូវស្ថាន​ភាព​តាន​តឹង​ អោយបានវិលមករកការឯកភាពជាតិទាំងមូល។