ភាពគគ្លើនមិនស្គាល់ខុសត្រូវមិនមែនទើបតែជាលើកទីមួយនោះទេដែលលោកប្រ៊ែដអាដាមតែងតែចេញមកវាយប្រហាមកលើប្របុខរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងណាស់ កាលពី ពេលកន្លងទៅនេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់មានប្រសាសន៍ ប្រាប់ទៅអតីតឯកអគ្គ រាជទូតសហរដ្ឋអាមេរិកផុតអាណត្តិដែលលោកបានជួបថាលោកអាចធ្វើជាគ្រូបង្រៀនប្រធានា ធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីនៃប្រទេសផ្សេងៗទៀតអំពី "ការផ្លាស់ប្ដូរ"។
ប៉ុន្តែអ្វីដែលចម្លែកនោះមន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោកប្រ៊ែដ អាដាម បែរជាចេញមកអះអាងថា នាយករដ្ឋមន្ត្រី ហ៊ុនសែន មិនមែនជាសាស្ត្រាចារ្យនៃការផ្លាស់ប្ដូរនោះទេ។
តើសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន អាចមានគុណសម្បត្តិគ្រប់គ្រាន់ជាសាស្ត្រាចារ្យគំរូសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីនៃប្រទេសផ្សេងៗទៀតនៅលើពិភពលោកបានទេ? ចុះហេតុដូចម្តេចបានជាលោកប្រ៊ែដអាដាមហ៊ានចេញមកអះអាងថា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនមិនមែនជាសាស្ត្រាចារ្យនៃការផ្លាស់ប្ដូរនោះទៅវិញ។
ទោះបីជាមានការអះអាងក្រោមហេតុផលផ្សេងៗយ៉ាងណាក៏ដោយក៏អ្នកតាមដានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាតិនិងអន្តជាតិអំពីកម្ពុជាបានមើញឃើញយ៉ាងច្បាស់ថា: ក្នុងរយៈពេល៣០ឆ្នាំក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនការផ្លាស់ប្តូរពិតជាកើតមានរួចហើយលោកពិតជាសក្តិសមជាសាស្ត្រាចារនៃការផ្លាស់ប្ដូរយ៉ាងប្រាកដព្រោះ៖ សក្ខីភាពនៃប្រវត្តិសាស្រ្តពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញថាសម្ដេចតេជោ៖
- ជាអ្នកដែលបានផ្លាស់ប្តូរ បញ្ចប់របបប្រល័យពូជសាសន៍និងសង្គ្រោះជីវិតមនុស្សចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៧ មករា ១៩៧៩ គឺមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ជារបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលបានបំផ្លាញហេដ្ឋារចនាសង្គមក្លាយជាផេះធ្វើទារុណកម្មកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ និងបានបន្សល់ទុកនូវវិបត្តិសង្គមដ៏ធ្ងន់ធ្ងរដែលមានផ្នែកជាច្រើនមកដល់បច្ចុប្បន្ននេះ។
- ជាអ្នកដែលបានផ្លាស់ប្តូរបង្កើតអោយមានការចាប់ផ្ដើមកិច្ចប្រឹងប្រែងចរចាសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំងនាចុង ឆ្នាំ១៩៨៧ ក្រោមរបបរដ្ឋកម្ពុជាដោយបានបញ្ចប់ក្នុងរយៈ ពេលបួនឆ្នាំក្រោយមកទៀត គឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងការផ្សះផ្សាដើម្បីសន្តិភាព។
- ជាអ្នកផ្លាស់ប្តូរ បង្កើតអោយមានថ្ងៃកំណើតទី២នៃរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតសកលចំនួន៤លើកមកហើយ គឺនៅឆ្នាំ ១៩៩៨, ២០០៣, ២០០៨ និងចុងក្រោយនេះ នៅថ្ងៃទី២៨ កក្កដា ២០១៣។ តាមរយៈការបោះឆ្នោតជាច្រើនលើកមកនេះដោយរួមទាំងការបោះឆ្នោតដែលរៀបចំដោយ អ.ស.ប នាឆ្នាំ១៩៩៣ ផងនោះកម្ពុជាបានក្រេបជញ្ជក់លទ្ធិប្រជាធិបតេយ្យដែលប្រជាពលរដ្ឋទូទាំងប្រទេសបានសម្ដែងឆន្ទៈដោយបានធ្វើសេចក្ដីសម្រេចជ្រើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសតាមរយៈរដ្ឋសភានិងរាជរដ្ឋាភិបាល។
- ជាអ្នកផ្លាស់ប្តូរពីការបញ្ចប់សង្គ្រាមផ្ទៃក្នុងមកសុខសន្តិភាពដូចបច្ចុប្បន្ននេះដោយសារ នយោបាយបង្រួបបង្រួមជាតិនិងនយោបាយឈ្នះឈ្នះរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនដែល បានចប់ជាស្ថាពរនៅចុង ឆ្នាំ១៩៩៨ ។
- ជាអ្នកផ្លាស់ប្តូរឈានពីបែកបាក់ជាតិមកផ្សះផ្សាបង្រួបបង្រួមជាតិពីសង្រ្គាមមកសន្តិភាពពីឯកបក្សមកពហុបក្ស ពីគូសត្រូវប្រដាប់អាវុធមកជាដៃគូនយោបាយពីប្រជាធិបតេយ្យ សម្រុះសម្រួលមកជាប្រជាធិបតេយ្យអាចតតាំងគ្នាបាន ។ល។
- ជាអ្នកផ្លាស់ប្តូរក្នុងការជួយអោយកម្ពុជាចេញពីភាពឯកកោត្រឡប់ចូលទៅក្នុងឆាកអន្តរជាតិវិញក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាសមាជិកសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (ASEAN)និងបានបង្កលក្ខណៈអោយវិនិយោគិនបរទេសជាច្រើនចូលមកកម្ពុជា ។ល។
- ជាអ្នកផ្លាស់ប្តូររយៈពេល៣០ឆ្នាំ កន្លងមកនេះ កម្ពុជាបានឆ្លងកាត់ពីតំណាក់កាល ប្រទេសមួយស្ងាត់ជ្រងំមានតែបាតដៃទទេ រហូតដល់ក្លាយទៅជាប្រទេសមួយទទួលបាននូវទំនុក ទុកចិត្ដពីបណ្ដាប្រទេសអ្នកផ្ដល់ជំនួយ អ្នកវិនិយោគទុនសហគ្រាសក្រុមហ៊ុនធំៗនានា ទាំងក្នុង ស្រុក-ក្រៅស្រុក បាននាំគ្នាចូលមករកស៊ីយ៉ាងគគ្រឹកគគ្រេង។ ផលិតផលក្នុងស្រុកបានកើនយ៉ាងសន្ធឹកសន្ធាប់ ផលិតផលនាំចេញក៏បានកើនជាលំដាប់ កម្ពុជាត្រូវបានអន្ដរជាតិវាយតម្លៃ ថាមានកំណើនសេដ្ឋកិច្ចខ្ពស់។
ទាំងនេះជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោសែនក្នុងការទប់ស្កាត់ឲ្យបានទោះក្នុងតម្លៃប៉ុនណាក៏ដោយ គឺមិនបណ្តែតបណ្តោយឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាមជាថ្មីដាច់ខាត ហើយកម្ពុជាត្រូវការការអភិវឌ្ឍន៍ និងការធ្វើឲ្យប្រសើរឡើងលើគ្រប់វិស័យ។ តាមរយៈអំណាចស្របច្បាប់របស់រាជរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមានកាតព្វកិច្ចត្រូវបំពេញឲ្យមានប្រសិទ្ធភាពដើម្បីសន្តិភាពសន្តិសុខជាតិការអភិវឌ្ឍន៍ និងប្រជាធិបតេយ្យមានសណ្តាប់ធ្នាប់ សម្រាប់សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជាជនកម្ពុជា។
នេះមិនមែនជារឿងសាមញ្ញដែលអ្នកដឹកនាំទូទៅនៅលើលោកអាចធ្វើបាននោះទេ។ ហើយក៏សមល្មមអោយ លោក ប្រ៊ែដ អាដាម បើកបេះដូងទទួលយកការពិតហើយខិតខំស្វែងយល់ឱ្យកាន់តែច្បាស់អំពីកត្តាប្រវត្តិសាស្ត្រកម្ពុជាពិសេសអំពីប្រវត្តិនិងសមទ្ធលជាស្នាដៃរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ ជៀសវាងការឆ្លើយតបប្រតិកម្មឬវាយប្រហារដោយភាពងងិតងងល់ ល្ងីង្លើមិនដឹងខ្យល់ ប្រៀបបាននឹងមនុស្សអវិជ្ជាគ្មានការអប់រំ។