Wednesday, November 4, 2015

សម្តេច​តេជោអនុញ្ញា​តិអោយប្រ​ធានរដ្ឋសភាហុ​ងគ្រីនិងទូត​គុយបា​ចប់អាណត្ត​ ចូលជួបសំ​ដែងការ​គួរសម និង​ពិភាក្សាកា​រងារ

ព្រឹកថ្ងៃទី ៤ខែ​ វិច្ឆិកា ឆ្នាំ ២០១៥ សម្តេច អគ្គមហាសេ​នាបតីតេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានអនុញ្ញាតអោយឯកឧត្តម ឡូស្លូកូវែរ (Laszlo KOVER)  ប្រធានរដ្ឋសភានៃប្រទេសហុងគ្រីចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយក​រដ្ឋមន្ត្រីបានបញ្ជាក់ប្រាក់អ្នកសារព័ត៌មាន ក្រោយជំនួបថា​ ឯកឧត្តម  ប្រធានរដ្ឋស​ភានៃប្រទេស​ហុងគ្រីធ្វើដំណើរ​ទស្សនកិច្ចនៅប្រទេស កម្ពុជាជាលើកទី១។ ​តាមរយៈនេះលោកបានសំដែង​នូវការអប់អរសាទរចំពោះ​ការរីកចម្រើននៅកម្ពុជា។ ដំណើរទស្សនកិច្ច​របស់លោកលើកនេះ ដើម្បីជំរុញកិច្ច​សហប្រតិបត្តិការរវាងប្រទេសទំាងពីរ អោយកាន់តែសកម្មថែម​ទៀតដោយឈរលើមូលដ្ឋានទំនាក់ទំនង​រវាងដែលមានស្រាប់។

ឯកឧត្តម ឡូស្លូ កូវែរ បា​នជំរាបជូន​សម្តេចតេជោថា ហុងគ្រីក៍មានទិ​សដៅជំរុញកិច្ច សហប្រតិការលើវិស័យ​ពិណិជ្ជកម្ម និងសេដ្ឋកិច្ច​រវាងប្រទេសទំាងពីរផងដែរ។
បើតាម ឯកឧ​ត្តម ប្រធានសភាហុងគ្រី នៅចុង​ឆ្នាំនេះនឹងមានដំណើ​រទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅកម្ពុ​ជាដើម្បី ពង្រឹងទំនាក់ទំនង និងចុះ​នូវកិច្ចព្រមព្រៀ​ងនានាពាក់ព័ន្ធ         វិស័យពាណិជ្ជកម្ម ទេសចរណ៍ ជាដើម ព្រមទាំងសម្ពោធបើកការិយាល័យ​ពាណិជ្ជ​កម្មហុងគ្រីជាផ្លូវការនៅរាជធា​នីភ្នំពេញ ដើម្បីសម្រួលដល់​ការធ្វើ​ពាណិជ្ជ​កម្មរវាងហុងគ្រី និងកម្ពុជា។
ជាការឆ្លើយ​តបសម្តេចតេជោ នាយករដ្ឋមន្ត្រី​បានថ្លែងអំណរគុណ​ចំពោះការជួយរបស់ហុងគ្រី មកកម្ពុជាកន្លងមកក្នុងនោះ​រួមទំាងកា​របណ្តុះបណ្តាល​ផ្នែកធនធានមនុស្សផងដែរ។ បន្ថែម លើសសម្តេចក៍បានស្វាគមន៍ និងគំាទ្រចំពោះការជំរុញ​ទំនាក់ទំនងរវាងប្រទេសទំាងពីរ អោយកាន់តែសកម្ម ថែមទៀតដែលជាគោល​បំណងរួម ។ សម្តេចនាយករ​ដ្ឋមន្ត្រីបាន​ ស្នើ
អោយប្រទេស​ទំាងពីរ ក​ម្ពុជា ហុងគ្រីពិនិត្យបន្ថែមទៅ​លើកិច្ចសហប្រ​តិបត្តិរវាងនិតិបញ្ញត្តិ និងផ្នែកផ្សេងៗទៀតពិ​សេសរវាងប្រ​ជាជននិងប្រជាជនផងដែរ​ទៅលើកិច្ចសហប្រតិបត្តិការ លើផ្នែកដទៃផ្សេងទៀ​តដែលអាច​ធ្វើទៅបាន៕



ប្រធានរដ្ឋសភាកម្ពុជានិងហុងគ្រីបេ្តជ្ញារួមគ្នាក្នុងការជំរុញវិស័យពាណិជ្ជកម្មប្រទេសទំាងពីរ

ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​ ការវិនិយោគ​ រវាងប្រទេស​ទំាងពីរ​ឲ្យមាន​កំណើន​ខ្ពស់​ ជា​ប្រធាន​បទសំខាន់ ដែលសម្តេច​អគ្គមហា​ពញាចក្រី​ ហេង ​សំរិន ​ប្រធាន​រដ្ឋសភា​ នៃ​ព្រះរាជា​ណាចក្រកម្ពុជា​ និង​    ឯកឧត្តម ​ឡាស្លូ ​កូវើ ​( László KÖVÉR) ​ប្រធាន​រដ្ឋសភា​ នៃប្រទេស​ហុងគ្រី​ លើក​មក​ជជែកគ្នា​ នៅក្នុង​ជំនួប​ទ្វេភាគី​ ដែលបាន​ធ្វើឡើង​នៅព្រឹក​ថ្ងៃអង្គារ​ ទី០៣ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ​ នៅវិមាន​រដ្ឋសភា​ ខណៈ​ដែល​ ឯកឧត្តម ​ឡាស្លូ ​កូវើ ​បានដឹក​នាំគណៈ​ប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ ប្រទេស​ហុងគ្រី​ មកបំពេញ​ទស្សន​កិច្ចផ្លូវការ​ និងមិត្តភាព​ នៅព្រះរាជា​ណាចក្រកម្ពុជា​ ។
គណៈប្រតិភូ​ជាន់ខ្ពស់​ រដ្ឋសភា​ប្រទេស​ហុងគ្រី​ ដឹកនាំដោយ ​ឯកឧត្តម​ ឡាស្លូ ​កូវើ ​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​ និងជាមិត្ត​ភាព​ នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​ រយៈពេល ​៥ថ្ងៃ ​ចាប់ពីថ្ងៃ​ទី០៣​ ដល់ថ្ងៃ​ទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៥ ​នៅរាជធានី​ភ្នំពេញ​ និងចាប់ពី​ថ្ងៃទី០៦​ ដល់ថ្ងៃ​ទី០៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​ នៅខេត្ត​សៀមរាប​។ នៅក្នុង​ជំនួប​ពិភាក្សា​ការ​ងារជាមួយ​សម្តេច​អគ្គមហា​ពញាចក្រី​ ហេង ​សំរិន​ ឯកឧត្តម​ប្រធានគណៈ​ប្រតិភូ​ បានលើក​ឡើងថា ​ចាប់ពី​ឆ្នាំ២០១០មក​ គោលនយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​ហុងគ្រី ​បានបាញ់​ឆ្ពោះមក​ទិសខាង​កើតគឺ​តំបន់​អាស៊ី​អាគ្នេយ៍នេះ​ ដោយក្នុង​នោះមាន​ប្រទេស​កម្ពុជា​មួយ​ដែរ​។
កម្ពុជា​ជាមិត្ត​របស់​ហុងគ្រី ​និងដោយ​កម្ពុជា​មានសក្តា​នុពល​ កម្ពុជា​បានក្លាយ​ជាគោល​ដៅសេដ្ឋកិច្ច​មួយ​របស់​ប្រទេស​ហុងគ្រី។​ ឯកឧត្តម​ប្រធាន​រដ្ឋសភា​ បានលើក​ឡើងថា ​ដើម្បី​ជំរុញការ​  វិនិ​យោគ​កម្ពុជា​ និងហុងគ្រី​ឲ្យកើន​ឡើង​ នៅក្នុង​ខែវិច្ឆិកា​ ឆ្នាំ២០១៥នេះ​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃប្រទេស​ហុងគ្រី​ នឹងមក​បំពេញ​ទស្សនកិច្ច​ នៅកម្ពុជា​។ នៅពេលនោះ ​កិច្ចការ​ជាច្រើន​និងត្រូវ​ជជែក​រវាងមន្រ្តី​ជំនាញនៃ​ប្រទេសទំាងពីរ​ ដើម្បីធ្វើ​យ៉ាងណា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ និង​ការវិយោគ​ឲ្យមាន​កំណើន​ឡើង​។ បើតាម​ឯកឧត្តម​ប្រធានគណៈ​ប្រតិភូ​នៅពេល​នោះ​សមាគម​វិនិយោគ​ ហុងគ្រី ​កម្ពុជា ​ក៏ទំនង​ត្រូវបង្កើត​ឡើង​ នៅរាជធានី​ភ្នំពេញ ​ទៀតផង​។
ការលើក​ឡើង​របស់​ឯកឧត្តម​ប្រធាន​រដ្ឋសភា ​នៃប្រទេស​ហុងគ្រី​ បែបនេះ​ ស្របពេល​ដែល​សម្តេច​ប្រធានរដ្ឋ​សភា​កម្ពុជា​ បានស្នើ​ដល់​ភាគី​ហុងគ្រី ​ជំរុញ​អ្នកវិនិយោគ​ទុនហុងគ្រី​ មកបណ្តាក់​ទុននៅ​កម្ពុជា​ឲ្យបាន​ច្រើន​ និងជួយ​ផ្សព្វផ្សាយ​ដល់ប្រជាពល​រដ្ឋហុង​គ្រីពី​សក្តានុពល​ទេសចរណ៍​កម្ពុជា ​ដើម្បីជា​ការទាក់​ទាញប្រជាពល​រដ្ឋហុងគ្រី​ ធ្វើដំណើរ​ទេសចរណ៍ ​មកទស្សនា​ទឹកដីអង្គរ​ ឲ្យបាន​ច្រើន ​។
ជាមួយ​គ្នានេះ ​សម្តេចប្រធាន​រដ្ឋសភា​ ក៏បានលើក​ឡើងពី​ចំណងមិត្ត​ភាពកម្ពុជា​ ហុងគ្រី ​ដែលមាន​តំាងពី​ឆ្នាំ១៩៦៣មក​ ប៉ុន្តែបាន​កាត់ផ្តាច់​ទៅវិញ​ នៅឆ្នាំ​១៩៧៥​ ពេលដែល​កម្ពុជាបាន​ធ្លាក់ក្នុង​កម្ពុជា​ប្រជាធិបតេយ្យ ​ដែលដឹកនាំ​ដោយ​ ប៉ុល ​ពត​។ ក្រោយថ្ងៃ​រំដោះ៧​មករា​ ឆ្នាំ​១៩៧៩​ ចំណង​ការទូត​ រវាងប្រទេស​ទំាងពីរ​បានកើត​ឡើងវិញ​និងបាន​រឹងមាំ ​ជាលំដាប់​។
សម្តេចអគ្គ​មហាពញា​ចក្រី ​ហេង ​សំរិន ​បានចាត់​ទុកប្រទេស​ហុងគ្រី ​ជាមិត្ត​កម្ពុជា​នៅគ្រប់​កាលៈទេសៈ។​ ហុងគ្រីបាន​ជួយកម្ពុជា​នៅគ្រា​ដែល​កម្ពុជា​ងើប​ពីសង្រ្គាម​ និងដែល​ត្រូវ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ ដោយប្រទេស​លោក​ខាង​លិច​។ ហុងគ្រី​បានជួយ​ស្វែងរក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា​រហូត​បង្កើតបាន​កិច្ចព្រម​ព្រៀងទី​ក្រុងបារីស​ឆ្នាំ១៩៩១​។ លើសពីនេះ​ក្នុងចំណោម​កងកម្លំាង​រក្សាសន្តិភាព​របស់អង្គការ​សហប្រជា​ជាតិចូលមករៀបចំ​ការបោះឆ្នោត​នៅកម្ពុជា​ក្នុងឆ្នាំ១៩៩៣​ ក៏មាន​កងកម្លំាង​ប្រទេសហុងគ្រីដែរ។​
សម្តេចប្រធាន​រដ្ឋសភា​បានលើក​ឡើងថានៅក្នុង​ពេលបច្ចុប្បន្ននេះ ​រាជរដ្ឋាភិបាល​កម្ពុជា​ បានខិត​ខំជាខ្លំាងក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ ជាក់ស្តែងរយៈ​ពេលចុងក្រោយ​នេះកម្ពុជាមាន​កំណើនសេដ្ឋកិច្ច​ជាមធ្យម៧%​។ អត្រាប្រាក់​ចំណូលរបស់​ប្រជាពលរដ្ឋខ្មែរ​ ជាមធ្យម​នៅក្នុងឆ្នាំ​២០១៤មាន​ប្រមាណ ​១១៣០ដុល្លារ ​ក្នុង១នាក់​។
“រដ្ឋសភាកម្ពុជា ​សូមគំាទ្រជានិច្ច ​រាល់កិច្ចសហប្រតិបត្តិការ ​រវាងប្រទេសទំាងពីរ​ និងសូម​ឲ្យរដ្ឋាភិបាល​កម្ពុជា ហុងគ្រី ​បង្កើតកិច្ចសហ​ប្រតិបត្តិការខាង​ពាណិជ្ជកម្ម​ និងទេសចរណ៍ ​បន្ថែមទៀត” ​នេះជាប្រសាសន៍​សង្កត់ធ្ងន់​ របស់សម្តេច​អគ្គមហាពញាចក្រី ​ហេងសំរិន​។
ចំពោះទំនាក់​ទំនងរដ្ឋ​សភាប្រទេស​ទំាងពីរវិញ ​សម្តេចប្រធាន​រដ្ឋសភា​ បានស្នើសុំ​ដល់ថ្នាក់​ដឹកនាំ​រដ្ឋសភា​ហុងគ្រី​ ពិនិត្យ​លទ្ធភាព ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិ​ការទំាងទ្វេ​ភាគីនិង​ពហុភាគ្រី ​រវាង​រដ្ឋសភា​ប្រទេស​ទំាងពីរ​។ ការលើក​ឡើងរបស់​សម្តេច ​បែបនេះបាន​ទទួលការ​គំាទ្រ ​ពីឯកឧត្តម​ប្រធានរដ្ឋសភា ​ប្រទេសហុងគ្រី។

ឆ្លើយតប​ នៅក្នុងការ​ទំនាក់ទំនង​ កិច្ចសហប្រតិបត្តិការ ​រវាងរដ្ឋសភា​ទំាងពីរ​ប្រទេសនេះ ​ឯកឧត្តម​ ឡាស្លូ ​កូវើ ​បានលើកឡើងថា​កន្លងមក​អនុប្រធាន​រដ្ឋសភា​ប្រទេសហុងគ្រី ធ្លាប់​បានមក​បំពេញ​ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជា​ ហើយប្រធាន​រដ្ឋសភាកម្ពុជា​ ក៏ធ្លាប់បាន​បំពេញ​ទស្សន​កិច្ចនៅប្រទេស​ហុងគ្រី ​ដែរ​។ ជាថ្មីម្តង​ទៀត ​ឯកឧត្តម​ សូមគោរពអញ្ជើញ​សម្តេចប្រធាន​រដ្ឋសភា ​ដឹកនាំគណៈ​ប្រតិភូ​រដ្ឋសភា​ កម្ពុជា ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវការ​ និងមិត្តភាព​នៅប្រទេស​ហុងគ្រី ​តាមពេលវេលា​សមស្របណាមួយ​។