ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពិធីផ្តល់ប្រាក់រង្វាន់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជ័យលាភីក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី២៨ នៅសឹង្ហបូរី ឆ្នាំ២០១៥ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ដែលប្រារព្ធឡើងនៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា «កីឡាមិនត្រឹមតែនាំមកនូវសុខភាពល្អ ភាពសប្បាយរីករាយ និងស្មារតីសន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាពនិងសហប្រតិបត្តិការរវាងគ្នានិងគ្នា ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិផងដែរ។ ដូច្នេះ កីឡាករ កីឡាការិនី ប្រៀបបានដូចជាអ្នកការទូត ដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងផ្នែកទំនាក់ទំនងអន្តរជាតិ»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានលើកឡើងថា វិស័យអប់រំកាយ និងកីឡា គឺអាទិភាពដ៏សំខាន់ ដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាពនិងសមធម៌។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានចាប់អារម្មណ៍ថា ជាការពិត ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម គឺបាននាំមកនូវបទពិសោធន៍ថ្មីៗ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្តបន្ថែមទៀត ហើយបទពិសោធន៍ទាំងនេះនឹងជួយក្មួយៗកីឡាករ កីឡាការិនី ត្រៀមខ្លួនឱ្យកាន់តែប្រសើរថែមទៀត សម្រាប់ការប្រកួតជាអន្តរជាតិនាពេលអនាគត ជាពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បន្តថា «ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍវិស័យកីឡានៅកម្ពុជាឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៥មក កម្ពុជាយើងបានចូលរួមឡើងវិញក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយរហូតមកកម្ពុជាស្ថិតនៅលំដាប់ថ្នាក់ទី៩ ឬទី១០ ចំណាត់ថ្នាក់ក្រោមប្រទេសឡាវជានិច្ច ប៉ុន្តែសម្រាប់ការប្រកួតស៊ីហ្គេមលើកទី២៨ នៅសង្ហឹបូរីនេះ ដែលមាន១១ប្រទេសចូលរួម កម្ពុជាយើងឈរនៅចំណាត់ថ្នាក់ទី៨ ខណៈដែលប្រទេសឡាវឈរនៅចំណាត់ថ្នាក់ទី៩។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានផ្តល់ជាអនុសាសន៍ថា «ដើម្បីបន្តរក្សាល្បឿននៃភាពលូតលាស់របស់វិស័យកីឡា និងដើម្បីទទួលបានជោគជ័យកាន់តែខ្លាំងថែមទៀត ជាពិសេសក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ គួរបន្តជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកកីឡាប្រកបដោយគុណភាព និងវិន័យខ្ពស់ តាមរយៈការពង្រឹងអង្គភាព ស្ថាប័នហ្វឹកហ្វឺនកីឡាជាតិ និងការផ្តល់ឱកាសបន្ថែមទៀត ដល់ក្មួយៗយុវជនដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យផ្នែកកីឡា កីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីជំនាញកីឡា ទៅសិក្សា និងបណ្តុះបណ្តាលទាំងនៅក្នុងប្រទេស ក៏ដូចជានៅបណ្តាប្រទេសនានាដែលមានជំនាញខ្ពស់ផ្នែកកីឡាទាំងនោះ។ ជាមួយគ្នានេះដែរ ការរៀបចំផែនការមេសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ គួរត្រូវបានយកចិត្តដាក់ខ្ពស់ដើម្បីឱ្យផែនការមេនេះមានធាតុផ្សំ និងខ្លឹមសារគ្រប់ជ្រុងជ្រោយ ជាលក្ខណៈវិទ្យាសាស្រ្តផង និងបច្ចេកទេសកីឡាផង សំដៅពង្រឹងវិស័យកីឡាជាតិឆ្ពោះទៅរកឧត្តមភាព និងសក្តានុពលភាពកាន់តែធំធេងបន្ថែមទៀត»៕