Saturday, July 19, 2014
សម្ដេចតេជោនាយករដ្ឋមន្ត្រីមិនយល់ស្របការ ប្រើភាសា«មូស្លីមនិយមជ្រុល»
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤—
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការមិនយល់ស្របទៅ និងការប្រើភាសារបស់សារព័ត៌មាន និង ទូរទស្សន៍ធំៗ នៅលើពិភពលោក ដែលតែងមានការនិយាយទៅដល់មូស្លីមនិយមជ្រុល ដោយសម្ដេចគិតថា ភាសានេះពិតជាមានការខុសឆ្គងដ៏ធ្ងន់ធ្ងរនៅក្នុងបញ្ហាការបែងចែកតំបន់ និងពិភពលោក និង ការរើសអើង ជាតិសាសន៍នៅក្នុងពិភពលោកតែម្ដង។
ថ្លែងក្នុងពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នារាត្រីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលមានការអញ្ជើញចូលរួមពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងនោះ សម្ដេចតេជោថ្លែងថា បញ្ហានិយមជ្រុល មិនមែនចេញមកពីប្រភពរបស់មូស្លីមនោះទេ ជ្រុលនិយមវា មានចេញមកពីគ្រប់ជាតិសាសន៍ និងគ្រប់សាសនាទាំងអស់ ដូច្នេះមិនគួរនិយាយឡើង«មូស្លីមនិយមជ្រុល» នោះទេ ហើយរឿង នេះពិតជាមិនអាចទទួលយកបាន មិនថា ករណីបងប្អូនជាមូស្លីមនោះទេ ប៉ុន្តែខ្ញុំជាអ្នកកាន់ សាសនាព្រះពុទ្ធ ខ្ញុំក៏មិនអាចទទួលយកបាន ដោយចោទប្រកាន់ថាឲ្យតែមូស្លីមសុទ្ធតែនិយម ជ្រុល។ និយមជ្រុលចេញពីព្រះពុទ្ធក៏និយមជ្រុល ហិនណ្ឌូក៏និយមជ្រុល គ្រិស្តក៏និយមជ្រុល ក្នុងមូស្លីមក៏និយមជ្រុល ដូច្នេះមិនអាចប៉ាវទៅលើផ្នែកណាមួយបានទេ សូម្បីតែនៅកម្ពុជាក៏ មានក្រុមតូចមួយនិយមជ្រុលដែរ ហើយក្រុម នោះក៏មិនមែនជាឥស្លាមទៅទៀត នៅប្រទេស នានាមានដូចគ្នា ដូច្នេះបញ្ហានេះទាមទារឲ្យ មានការ ប្រុងប្រយ័ត្ន។
សម្ដេចតេជោបន្តថា ខ្ញុំកាន់តែមិនយល់ស្រប ហើយថែមទាំងរកគ្រប់វិធី ដើម្បីរារាំងនូវការចោទប្រកាន់ផ្សេងៗ របស់ប្រទេសខ្លះពាក់ព័ន្ធទៅនឹងសកម្មភាពរបស់មូស្លីមកម្ពុជា ដូចជាការចោទប្រកាន់ថា មូស្លីមកម្ពុជា បានទៅ ប្រយុទ្ធនៅទីនេះ ឬទីនោះ ហើយចុងក្រោយនេះមានការលើកឡើងពីពួកក្រុម ដែលធ្វើសកម្មភាពនានាថា មូស្លីមកម្ពុជាមានការចូលរួមចំណែកប្រយុទ្ធនៅកន្លែងនេះ ឬនៅកន្លែងនោះ។
ម្យ៉ាងទៀតខ្ញុំក៏សូមជម្រាបជូនបងប្អូនថ្នាក់ដឹកនាំឥស្លាមក៏ដូចជាសាសនិកឥស្លាមផងដែរថា បន្ទាប់ពីមានសំណើ របស់ឯកឧត្ដម អូស្មាន ហា ស្សាន់ រួចមក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលដឹកនាំ ដោយឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើការសិក្សាហើយនៅពេលខាងមុខនេះ កម្ពុជានឹងស្នើ សុំចូលជាអ្នកសង្កេតការណ៍ នៃប្រទេសជាសន្និសីទឥស្លាម កម្ពុជានឹងខិតខំដើម្បីជំរុញខ្លួនឲ្យ ក្លាយទៅជាអ្នក សង្កេតការណ៍ ដោយសារប្រទេសរបស់ខ្លួនក៏មានបងប្អូនមូស្លីម ហើយម្យ៉ាង ទៀតបើសិនជាយើងអាចរួម ចំណែកបាននៅក្នុងការធ្វើសុខដុមនីយកម្មជាតិសាសន៍ សាសនា នៅលើពិភពលោកវាក៏ជាការប្រសើរ។ សុខដុមនីយកម្មជនជាតិ និងសាសនាពិតជាមានសារសំខាន់ខ្លាំងណាស់ នៅក្នុងស្ថិរភាពជាតិ ឯកភាពជាតិ របស់កម្ពុជា ដូច្នេះតាំងពីដើមរហូតដល់ ចប់ បន្ទាប់ពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ តាំងពីដំណាក់កាលទី១ យើងបានយកចិត្តទុកដាក់ បំផុតទៅលើការធ្វើសុខដុមនីយកម្មរវាងជនជាតិ និងសាសនា ដែលក្នុងនោះបន្ទាប់ ពីព្រះពុទ្ធ សាសនា គឺមានឥស្លាមសាសនា។ នៅកម្ពុជាយើងមានមោទនភាពមិនត្រឹមតែបញ្ហានិកាយ ខុសគ្នា ប៉ុណ្ណោះទេ ក៏ប៉ុន្តែសាសនាខុសគ្នាដែលរួមមានសាសនាទីទៃៗពីគ្នា ក៏មិនដែលមាន បញ្ហាជាមួយគ្នានោះទេ ហើយនេះជាការបង្ហាញអំពីសាមគ្គីភាពនៅក្នុងប្រទេសរបស់យើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវក្ដីមោទនភាពថែមទៀត ចំពោះគោលនយោបាយ ដែលសម្ដេច បានដាក់ចេញនោះគឺ គោលនយោបាយអនុញ្ញាតឲ្យសិស្ស និស្សិត ដែល ជាសាសនិក ឥស្លាមអាច ស្លៀកសម្លៀកបំពាក់របស់ខ្លួនចូលទៅតាមសាលាគ្រប់កម្រិត តាំងពី បឋមរហូតទៅដល់សាកលវិទ្យាល័យ ដោយសម្ដេចបានបញ្ជាក់ថា នៅប្រទេសមួយចំនួនបាន រារាំងនិស្សិតមូស្លីមមិនអនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់ តាមបែបមូស្លីមចូលទៅក្នុងសាលានោះទេ ក៏ប៉ុន្តែសម្រាប់កម្ពុជា ដោយមើលឃើញថា មានការចាំបាច់នូវ ការគោរពប្រណិប័តន៍ ជាពិសេសគឺនិស្សិតជាស្ត្រី ដែលមិនអាចឲ្យអ្នកផងទាំងពួងអាចមើលឃើញនូវត្រចៀក ឬក៏រូបកាយ ឬអាថ៌កំបាំងយ៉ាងណានោះ គឺរាជរដ្ឋាភិបាលសម្រេចចិត្តបើកឱកាសសម្រាប់ស្ត្រី ឬក៏ជាបុរស អាចស្លៀកពាក់បានយ៉ាងដូច្នេះ ដែលការនេះក៏ជាការដោះរបាំងមួយ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងសាស និកឥស្លាមផងដែរ៕
ដោយ ជឹម ណារី
ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាចុះសាកសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤—
ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា កាលពីដើមសប្តាហ៍នេះបានដឹកនាំសមាជិក សមាជិកា នៃគណៈកម្មការ រួមជាមួយលោក ជាសុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញចុះបំពេញបេសកកម្មការងារសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព និងប្រជាសហគមន៍តំបន់ធម្មជាតិ៣ កន្លែងក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
ក្នុងឱកាសសំណេះណាលជាមួយកងទ័ព និងគ្រួសារកងទ័ព នៅខេត្តឧត្តរមានជ័យ ឯក ឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចប្រមុខដឹកនាំទាំងបីជូនវីរកង ទ័ពក៏ដូចជាកងអង្គរក្ស ព្រមទាំងគ្រួសារយុទ្ធជនទាំងអស់ ដោយបានរំលឹកឡើងវិញពីអនុ សាសន៍ដ៏ថ្លៃថ្លាកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១០ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងការកែ ប្រែតំបន់ពំ្រដែនកម្ពុជា-ថៃឲ្យក្លាយជាតំបន់ អភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន ក្នុងនោះការអភិវឌ្ឍភូមិដ្ឋាន គ្រួសារយុទ្ធជនទាំងអស់។ ឯកឧត្តម បណ្ឌិតបានគោរពកោតសរសើរ និងសូមរៀនសូត្រពីគំរូវីរភាព ដ៏ថ្លៃថ្លារបស់វីរកងទ័ព ក៏ដូចជា គ្រួសារកងទ័ពទាំងអស់ ក្នុងការចូលរួមអនុវត្តន៍នយោបាយ យុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល និង បានឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាននោះ។
ឯកឧត្តមបណ្ឌិតបានកោតសរសើរក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានអនុវត្តន៍នយោបាយ យុទ្ធសាស្រ្ត របស់ រាជរដ្ឋាភិបាលដោយជោគជ័យ គឺសម្រេចកសាងផ្ទះគ្រួសារកងទ័ពរាប់ពាន់ ខ្នងកសាងបាន ហេដ្ឋា រចនា សម្ព័ន្ធផ្លូវលំជនបទរាប់រយគីឡូម៉ែត្រ កសាងសាលារៀន មណ្ឌល សុខភាព ស្រះទឹក អណ្តូងទឹក ដែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឲ្យវីរយុទ្ធជន និងគ្រួសារ យុទ្ធជនបានទទួលផ្ទះស្នាក់នៅសមរម្យ ព្រមទាំងបានដាំដុះដំណាំជុំវិញផ្ទះ ក៏ដូចជាការចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំ។
នៅថ្ងៃទី១៦ និង១៧ ខែកក្កដា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត រួមជាមួយឯក ឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ចាយ សាមិត្រ ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុក តំបន់ការពារធម្មជាតិក្រសួងបរិស្ថាន ក៏បានចុះសំណេះសំណាលជាមួយ ប្រជាសហគមន៍តំបន់ធម្មជាតិ៣ កន្លែងជាសហគមន៍ជនជាតិតំបន់ការពារធម្មជាតិ ជុំរុំជនជាតិ គួយបឹងទន្លេម្រេច ឃុំរមណីខេត្តព្រះវិហារ សហគមន៍ឃុំសេដា ស្រុកលំផាត់ខេត្តមណ្ឌលគិរី និងសហគមន៍ភូមិឡាវកា សង្កាត់សុខដុម ក្រុងសែន មនោរម្យខេត្តរតគិរី។
មានមតិសំណេះសំណាលទៅកាន់ប្រជាសហគមន៍ ឯកឧត្តមបណ្ឌិតក៏បានពាំនាំប្រ សាសន៍ផ្តាំផ្ញើការ សួរសុខ ទុក្ខពីសម្តេចប្រមុខដឹកនាំទាំងបី និងបានលើកឡើងជូនបងប្អូនពី នយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ ក្នុងគោលដៅ ដើម្បីផលប្រយោជន៍សហគមន៍ និងផល ប្រយោជន៍រួម ដែលយើងទាំងអស់គ្នាត្រូវ ចូលរួមចំណែកការពារព្រៃឈើ ក្នុងតំបន់អភិរក្សធម្មជាតិឲ្យបានល្អ ហើយកុំជឿតាមការចោទប្រកាន់ដោយគ្មានមូលដ្ឋានមួលបង្កាច់ការពិតរបស់ជនអគតិមួយចំនួន ដូចជាថា ការលក់ដី លក់ប្រទេសឲ្យជនបរទេស ក្បត់ប្រជាជន ការកាប់បំផ្លាញព្រៃឈើអស់ដីសម្រាប់ប្រជាជន បង្កបង្កើតផលនោះមិនមែនទេ។ ឯកឧត្តមបានបញ្ជាក់ថា នយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុង ការផ្តល់ដីសម្បទានសេដ្ឋកិច្ចគឺដើម្បីផលប្រយោជន៍សំខាន់បី ទី១ ប្រយោជន៍សម្រាប់ជារបៀងបៃតង ការពារព្រៃឈើអភិរក្ស ទី២ ផ្តល់ការងារពលកម្មដល់ប្រជាសហគមន៍ និងទី៣ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ទាក់ទងទៅនឹងសំណើររបស់ប្រជាសហគមន៍ ដែលសុំឲ្យក្រសួងបរិស្ថាន អាជ្ញាធរដែនដី ជួយការពារ ដីព្រៃ សហគមន៍ ដែលត្រូវជនអាណាធិបតេយ្យចូលឈូសឆាយទន្ទ្រានយកដោយគ្មានខ្លាចរអែងនៅបឹងទន្លេម្រេច។ ការសុំឲ្យរៀបចំពំ្រប្រទល់ឲ្យច្បាស់អំពីតំបន់ការពារធម្មជាតិជាមួយក្រុមហ៊ុនវិនិយោគ ដោយគោរពទៅតាមច្បាប់ ជាធរមាន និងគោលនយោបាយរាជរដ្ឋាភិបាលសម្រាប់ជនជាតិដើមភាគតិច។
ទាក់ទងទៅនឹងសំណើររបស់ប្រជាសហគមន៍ ដែលសុំឲ្យក្រសួងបរិស្ថាន អាជ្ញាធរដែនដី ជួយការពារ ដីព្រៃ សហគមន៍ ដែលត្រូវជនអាណាធិបតេយ្យចូលឈូសឆាយទន្ទ្រានយកដោយគ្មានខ្លាចរអែងនៅបឹងទន្លេម្រេច។ ការសុំឲ្យរៀបចំពំ្រប្រទល់ឲ្យច្បាស់អំពីតំបន់ការពារធម្មជាតិជាមួយក្រុមហ៊ុនវិនិយោគ ដោយគោរពទៅតាមច្បាប់ ជាធរមាន និងគោលនយោបាយរាជរដ្ឋាភិបាលសម្រាប់ជនជាតិដើមភាគតិច។
ការស្នើសុំរបស់ប្រជាសហគមន៍នៅភូមិឡាវកាឲ្យក្រសួងបរិស្ថានវាស់ដីស្រែជូនប្រជាសហគមន៍នៅដែនជម្រកសត្វព្រៃភ្នំព្រិចមួយគ្រួសារ២ ហិកតា និង សុំឲ្យក្រសួងបរិស្ថានពង្រឹងការគ្រប់គ្រងព្រៃឈើក្នុងតំបន់ការពារធម្មជាតិ បំបាត់ភាពអណាធិប តេយ្យ និងសុំឲ្យបញ្ចប់កុងត្រា ការដឹកឈើចេញពីដីសម្បទាន សេដ្ឋកិច្ចរបស់ ក្រុមហ៊ុន សម្បទាន សេដ្ឋកិច្ច (វីឡាឌឺវីឡុធូម៉ន់) ដែលបានសិទ្ធិវិនិយោគ៦០០ ហិកតា ប៉ុន្តែការដឹកឈើចេញជារៀង រាល់ថ្ងៃមិនមែនជាឈើចេញពីដីសម្បទាននោះទេ គឺជាឈើបន្លំដឹកចេញពីព្រៃតូ្រវអភិរក្សដោយសហគមន៍ និងសំណូមពរមួយចំនួននូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់សាលារៀនជាដើម ដល់ សហគមន៍នោះ ឯកឧត្តមបណ្ឌិតបានសន្យាថា នឹងពាំនាំនូវបញ្ហាប្រឈមទាំងនេះជូនរាជរដ្ឋាភិ បាល ក៏ដូចជាក្រសួងបរិស្ថាន ដើម្បីជួយដោះស្រាយ។
ឯកឧត្តមប្រធានគណៈកម្មការទី៣ បានសំណូមពរដល់ក្រសួងបរិស្ថាន និងអាជ្ញាធរដែន ដី ដើម្បីដោះស្រាយ បញ្ហាទាំងអស់នេះឲ្យបានទាន់ពេលវេលាជូនដល់ប្រជាសហគមន៍ ហើយ ជាចុងបញ្ចប់ឯកឧត្តមក៏បានផ្តល់ មីចំនួន៣០០ កេសដល់គ្រួសារកងទ័ព និងកងអង្គរក្សផងដែរ៕
ដោយ ប៉ាល់ សុង
សម្តេចតេជោនឹងអញ្ជើញចូលរួមពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាជារៀងរាល់ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤—
នៅពេលអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសារអាហារស្រាយបួសខែ រ៉ាម៉ាឌន នៃសាសនិកឥស្លាមកម្ពុជានៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាលពីរាត្រី ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា នេះជាការចាប់ផ្តើមនៅឆ្នាំទី១ ហើយយើងនឹងជួបគ្នាជារៀងរាល់ឆ្នាំសម្រាប់កម្មវិធីដ៏មាន សារសំខាន់នេះ។
សម្តេចតេជោមានប្រសាសន៍ក្នុងពិធីដែលមានការ ចូល រួម ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថា ជាការពិត ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសាសនិកឥស្លាមពុំមែនទើប តែនឹងមានលើកទី១ ដូចយើងឃើញក្នុងពិធីនេះប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការនេះ បានកើតមាន ឡើងតាំងពីការចាប់ផ្តើមរៀបចំស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងក្រោយថ្ងៃរំដោះ៧ មករាមកម្ល៉េះ។ ជាក់ស្តែង ក្នុងពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសាសនា ឥស្លាមស្មើគ្នាទៅនឹងសាសនាដទៃទៀត ដោយមានការចូលរួមជួយកសាងព្រះវិហារ ការលើក កម្ពស់ការប្រណិបត័ន៍របស់សាសនិកឥស្លាម ពិសេសគឺការបង្កើតឲ្យមានស្ថាប័នកំពូលរបស់ ឥស្លាមកម្ពុជាជាដើម ហើយឈរលើមូលដ្ឋាននេះ សាសនាឥស្លាមនៅកម្ពុជាបានទទួលនូវ ភាពរីកចម្រើន ហើយអាចឈរដោយស្មើមុខស្មើមាត់ជាមួយនឹងសាសនា នៃប្រទេសក្នុងតំបន់ និងបណ្តាប្រទេសផ្សេងទៀត នៅក្នុងពិភពលោក។
ដោយរំលេចឲ្យឃើញពីការគាំទ្រចំពោះការបួសរបស់សាសនាឥស្លាមនោះ សម្តេច តេជោ មានប្រសានស៍ថា ជាការពិត បួស មាននៅគ្រប់សាសនា សាសនាណាក៏មានការបួសដែរ គ្រាន់តែខុសគ្នាត្រង់ការប្រណិប័តន៍តែប៉ុណ្ណោះ ដូចជា មានអ្នកខ្លះតមអាហារពេលថ្ងៃ ខ្លះតម ពេលយប់ ខ្លះបួសក្នុងរយៈពេលមួយកំណត់ ខ្លះបួសមួយជីវិត ខ្លះតមសាច់ទទួលទានតែបន្លែ ខ្លះតមស៊ុតជាដើម។ ពិតមែនតែការប្រណិប័តន៍ នៃការបួសមានលក្ខណៈខុសគ្នាយ៉ាងដូច្នេះ ក៏ដោយ ប៉ុន្តែគោលបំណងនៃការបួសឬការតមអាហារ មិនជាខុសគ្នាឆ្ងាយប៉ុន្មាននោះទេ។ ជា រួមការបួសទាំងនៅក្នុងសាសនាផ្សេង និងនៅក្នុងសាសនាឥស្លាមគឺនៅក្នុងបំណងស្វែងរកទី សុខសន្តិភាព ស្ថិរភាព និងភាពស្ងប់ស្ងាត់ក្នុងខ្លួនរបស់អ្នកបួសម្នាក់ៗ ដែលតាមរយៈនេះយើង អាចនិយាយបានថា ការបួសនឹងនាំទៅកាន់សន្តិភាព និងស្ថិរភាពទាំងក្នុងគ្រួសារ សហគមន៍ សង្គម និងប្រទេសជាតិទាំងមូល។ ក្នុងនោះ អ្នកបួសតែងទទួលអារម្មណ៍ស្ងប់ ដែលជាការ ហាត់ពត់លត់ដំចិត្ត កាយ វាចា និងអាកប្បកិរិយាឲ្យឈានទៅដល់កម្រិតនៃព្រហ្មវិហារធម៌ ដែលមាន មេត្តា គឺផ្សាយសេចក្តីរាប់អានទៅរកសព្វសត្វលោក ករុណា គឺផ្សាយសេចក្តី អាណិតស្រឡាញ់ទៅរកសព្វសត្វលោក មុទិតា គឺផ្សាយអំណរសាទរទៅរកសព្វសត្វ ដែល បានទទួលបាននូវសេចក្តីសុខចម្រើន ពោលគឺមានអំណរនឹងសព្វសត្វលោក ដែលនូវសេចក្តី សុខចម្រើន ឧបេក្ខា គឺផ្សាយសេចក្តីស្មោះស័្មគ្រទៅរកសព្វសត្វលោកទាំងអស់ ហេតុនេះយើង អាចយើងអាចមើលឃើញថា បួស គឺពិតជានាំមកនូវសន្តិភាព ទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត។
សម្តេចនាយករដ្ឋមន្រ្តីថ្លែងថា ជាការពិត សមិទ្ធផលសំខាន់ៗ ដែលសាសនិកឥស្លាម ទទួលបាន បន្ទាប់ពីថ្ងៃរំដោះមកដល់បច្ចុប្បន្ន ដែលមានរយៈពេលជាង៣០ ឆ្នាំមកនេះ គឺបាន ឈរលើបរិយាកាសសង្គមមួយ ដែលប្រកបដោយលក្ខណៈអំណោយផល មានសន្តិភាព ស្ថិរ ភាព និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈនេះ យើងក៏អាចមើល ឃើញយ៉ាងប្រត្យក្សផងដែរថា អ្វីៗដែលយើងទទួលបានក្នុងពេលនេះ មិនមែនជារឿងធម្មតា នោះទេ ពីព្រោះថា ក្នុងអំឡុងពេលដែលកម្ពុជាកំពុងកសាងប្រទេសជាតិមួយពីគំនរនៃផេះផង់ ដែលស្ថិតក្នុងកម្រិតសូន្យ ឬក្រោមសូន្យ នៅក្រោយថ្ងៃ៧ មករា១៩៧៩ នោះ កម្ពុជាក៏ត្រូវធ្វើ ឲ្យមានសុខដុមនីយកម្ម ក្នុងចំណោមសាសនិកនានា នៅលើទឹកដីកម្ពុជាទាំងមូល។ កិច្ចខិតខំ ប្រឹងប្រែងមិនខ្លាចនឿយហត់របស់យើង បានធ្វើឲ្យកម្ពុជាទទួលបាននូវសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ហើយកម្ពុជាអាចធ្វើសមាហរណកម្មជាមួយសហគមន៍ អន្តរជាតិ ទាំងក្នុងក្របខណ្ឌអនុតំបន់ និងក្របខណ្ឌតំបន់ មានទំនាក់ទំនងមិត្តភាព និងកិច្ច សហប្រតិបត្តិការល្អជាមួយគ្រប់ប្រទេស ហើយបាននាំមកនូវការគាំទ្រ និងជំនួយឧបត្ថម្ភយ៉ាង ច្រើនសម្រាប់ការអភិវឌ្ឍកម្ពុជា រួមទាំងការលើកកម្ពស់សាសនាឥស្លាមកម្ពុជាផងដែរ។
សម្តេចតេជោមានប្រសាសន៍ ជារួមបងប្អូនសាសនិកឥស្លាម មិនត្រឹមតែបានចាកផុត ពីក្តីកង្វល់ទាំងឡាយ ដែលរារាំងដល់ការប្រណិប័តន៍សាសនារបស់ខ្លួន ហើយរស់នៅដោយ មានសេចក្តីសុខ ប្រកបដោយភាពសុខដុមរមនាប៉ុណ្ណោះទេ ប៉ុន្តែសមិទ្ធផលផ្សេងៗទៀតខាង វិស័យសាសនាឥស្លាមក៏បានរីកស្គុះស្គាយយ៉ាងខ្លាំងក្លាផងដែរ ដោយបងប្អូនឥស្លាមនៅប្រ ទេសនានា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា បាននាំមកនូវជំនួយឧបត្ថម្ភផ្សេងៗ ទាំងខាង ផ្នែកសាសនា និងមនុស្សធម៌ជូនដល់បងប្អូន និងសហគមន៍ឥស្លាមកម្ពុជាទៀតផង៕
ដោយ ជ័យ ភូមិពល
Subscribe to:
Posts (Atom)