Tuesday, July 14, 2015

សមាគមយុវជនកំណែទម្រង់រដ្ឋ បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

កាលពី​ថ្ងៃទី​១៣ ​ខែ​កក្កដា ​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ​ប្រធាន​សមាគម​យុវជន​កំណែ​ទម្រង់​រដ្ឋ​បាន​ចេញ​ សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ចំពោះ ​ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បន្ទាប់​ពី​ច្បាប់​នេះ ​ត្រូវបាន​អនុម័ត​ដោយ​សមាជិក​រដ្ឋសភា​សម្លេងភាគ​ច្រើនក្នុង​សម័យប្រជុំ​ពេញ​អង្គ​រដ្ឋសភា​លើក​ទី៤​ នីតិកាល​ទី៥​ កាលពី​ថ្ងៃ​ទី១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​។

លោក​ ប៉ុល​ សីហា​ ប្រធាន​សមាគម​យុវជន​កំណែ​ទម្រង់​រដ្ឋ​បាន​ឱ្យ​ដឹងថា​ សេច​ក្តីព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ពិត​ជា​មាន​ភាព​ចាំ​បាច់​យ៉ាង​ខ្លាំង​ ដើម្បី​ឱ្យ​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា ​ភិបាល​ក្លាយ​ជានីតិ​បុគ្គល​ស្រប​ច្បាប់​ និង​ទទួល​បានការ​គាំពារ​ដោយ​ច្បាប់​ ហើយ​ជាក់​ស្តែង​ការ​ពិគ្រោះ​ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពីឆ្នាំ​១៩៩៥​មក​ម្ល៉េះ។​ ជាមួយ​គ្នានេះ​ដែរ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ក៏ធ្លាប់​បាន​ស្នើ​ឱ្យ​បង្កើត​ច្បាប់នេះ​តាំង​ពីឆ្នាំ​១៩៩៩​ បើយោង​តាម​សេច​ក្តីថ្លែង​ហេតុ​ របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ ចុះថ្ងៃ​ទី១៣ ​ខែធ្នូ​ ឆ្នាំ​១៩៩៩​ ដោយមាន​ការចុះ​ហត្ថលេខា​តំណាង​ដោយ​ឯកឧត្តម​ ថាច់​ សេដ្ឋា។​
លោក​ប្រធាន​សមាគម​ក៏បាន​បន្ត​ថា ​លោកមាន​ការ​សោក​ស្តាយ​បំផុត​ចំពោះ​អ្នក​តំណាង​រាស្ត្រ​គណបក្ស ​ប្រឆាំង​ ដែល​បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ដ៍មាន​សារៈ​សំខាន់​នេះ ​ដែល​បាន​ធ្វើ ​ឱ្យ​ខ្លួន​ប្រាស​ចាក​ពីតួនាទី​តំណាង​រាស្ត្រដែល​ទទួល​អណត្តិ​ក្នុងមុខងារ​របស់​ខ្លួន​។ លោក ​ប៉ុល ​សីហា ​ក៏​បាន​បន្ថែម​ទៀត​ថា ​ទង្វើរ​របស់​អ្នក​តំណាង​រាស្ត្រគណបក្ស​ប្រឆាំង​គឺ​ បាន​និង​កំពុង​តែ​ដើរ​ផ្ទុយ​ពីគោល​ ការណ៍​នីតិរដ្ឋ​។

លោក ​ប៉ុល ​សីហា ​ប្រធាន​សមាគម​យុវជន​កំណែ​ទម្រង់​រដ្ឋ​ ក៏បាន​អំពាវ​នាវ​ដល់​សមាគម​ និង​អង្គការ​មិន​ មែន​រដ្ឋា​ភិបាល​ ក៏ដូច​ជា​គណបក្ស​នយោបាយ​ទាំង​អស់​ មេត្តា​ចូលរួម​បន្ត​ពិនិត្យ​តាមដាន​លើ​ការ​អនុវត្តន៍​ ច្បាប់​នេះប​ន្ទាប់​ពីចូល​ជាធរ​មាន​។ លោក​ប្រធាន​សមាគម​ក៏បាន​អំពាវនាវ​បន្ថែម​ទៀត​ដល់​សមាគម​ និង​ អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ទាំង​អស់​ ឱ្យគោរព​តាម​ខ្លឹមសារ​ច្បាប់ដែល​បាន​អនុម័ត​ដោយ​សមាជិក​រដ្ឋសភា ​ក្នុង​សម្លេង​គាំ​ទ្រលើស​ពី​ពាក់​កណ្តាល ​ព្រោះ​ការ​អនុម័ត​ច្បាប់នេះ​គឺ​ជា​ដំណើរ​ការវិជ្ជ​មាន​ស្រប​តាម​គោល​ ការណ៍​ប្រជាធិបតេយ្យ​នីយកម្ម​ និងនីតិរដ្ឋ​៕

ដោយៈ តាំង ថៃហេង



សម្តេចក្រឡាហោម ស ខេង​ ដឹកនាំ​កិច្ចប្រ​ជុំផ្សព្វផ្សាយអំ​ពីបច្ចុប្បន្ន​ភាពការ​ងារកំណត់​បង្គោល​ខណ្ឌសីមា​ និងបោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ នឹងប្រទេស​វៀត​ណាម​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដឹកនាំ​កិច្ចប្រជុំផ្សព្វផ្សាយ​អំពីបច្ចុប្បន្ន​ភាពការងារ​កំណត់បង្គោល​ខណ្ឌសីមា និងបោះ​បង្គោលព្រំ​ដែនរវាងប្រទេសកម្ពុជា និងប្រទេស​វៀតណាម នៅព្រឹក​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥  នៅទីស្តីការក្រសួងមហាផ្ទៃ។ 
កិច្ចប្រ​ជុំនេះ ក៏មាន​ការចូល​រួមពីសំ​ណាក់ឯ​ឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹម​ហុង ប្រធាន​គណៈកម្មការកិច្ចការ​ព្រំដែន អភិបាល​ខេត្ត ស្នងការខេត្ត​នៅជាប់បណ្តោយ​ព្រំដែនរវាង​កម្ពុជា-វៀតណាម រួមទាំងម​ន្ត្រីយោធា និងមន្ត្រី​ជំនាញ​ព្រំដែន។
សម្តេច​ក្រឡាហោម ស ខេង បានថ្លែង​នៅក្នុងកិច្ច​ប្រជុំថា កិច្ចប្រជុំ​នេះ ទាក់ទង​សភាពការណ៍ និងកិច្ចការ​ព្រំដែន ហើយកិច្ចប្រជុំនេះ បានប្រព្រឹត្ត​ទៅចំពេល​ដែលគណៈកម្មការកិច្ច​ការព្រំដែន​កម្ពុជា-វៀតណាម កំពុងតែ​ដោះស្រាយ គឺការបោះ​បង្គោលព្រំដែនជាក់​ស្តែង​លើដី ដែលបានព្រមព្រៀង​គ្នា និងបន្តជជែកដោះ​ស្រាយ​នូវព្រំដែនដែល​មិនទាន់​ដាច់​ស្រេច និងមិនទាន់ស្រុះស្រួលគ្នា។
សម្តេចក្រឡា​ហោម​បន្តថា ស្របពេល​ដែលព្រឹត្តិការណ៍​តាមព្រំដែនបាន​កើតមានបញ្ហា​ជាបន្តបន្ទាប់ ហើយការប្រជុំ​នេះ គឺទាក់ទង​និងបញ្ហា​ព្រំដែន គឺមានបំណង​សំខាន់ៗ៣ រួមមាន៖
ទី១. ធ្វើការផ្សព្វ​ផ្សាយអំពីគោល​ការណ៍ សភាព​ការណ៍ និងបច្ចុប្បន្នភាព នៃការបោះ​បង្គោលព្រំដែន​ជាក់ស្តែង ដើម្បីខណ្ឌសីមា​ព្រំប្រទល់រវាង​កម្ពុជា និងវៀត​ណាម ព្រមទាំង​ផ្តល់​នូវឯកសារចាំ​បាច់មួយ​ចំនួនពាក់​ព័ន្ធ និងការងារព្រំ​ដែនដល់អាជ្ញាធរ​ពាក់ព័ន្ធទាំង​អស់ដែល​ឈរជើងនៅតាមខ្សែបន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម។ ទី២. កំណត់វិធានការចាំបាច់​នានាក្នុង​ការគ្រប់គ្រង​ព្រំដែន ការថែរក្សាការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ហើយ​ទាំងអស់គ្នារួមគ្នាក្នុង​ការពារបូរណភាព​ទឹកដីនៅតាម​ព្រំដែន។ ទី៣.លើកកំពស់កិច្ច​សហប្រតិបត្តិការ​រវាងអាជ្ញាធរ និងកម្លាំង​មានសមត្ថកិ្ចតាម​បណ្តោយខ្សែព្រំ​ដែន ដើម្បីបន្ត​ថែរក្សា​សន្តិសុខ ស្ថិរភាព ខិតខំ​បន្តអនុវត្តគោលការណ៍​របស់រាជ​រដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាល​វៀតណាម ដោយឈរលើ ស្មារតីសហប្រតិបត្តិ​ការ និងសន្តិវិធី ដោយ​មិនប្រើប្រាស់​កម្លាំងប្រាប់​អាវុធ ដើម្បីដោះស្រាយបញ្ហាទេ។
សម្តេចក្រឡា​ហោម ស ខេង បានលើក​ឡើងថា កន្លងមកនេះ យើងក៏​បាន​ដឹងថា ប្រជាពលរដ្ឋរបស់​យើងភាគ​ច្រើនលើសលប់​បានលើកកំពស់​នូវទឹកចិត្ត​ស្នេហាជាតិដ៏​ឧត្តង្គ​ឧត្តមក្នុងការការពារបូរណភាព​ទឹកដី ប៉ុន្តែវា​ក៏មាន​មនុស្សខ្លះ បាន​ឆ្លៀតប្រើប្រាស់​បញ្ហាព្រំ​ដែន ទៅជាបញ្ហា​នយោបាយ បម្រើ​ឲ្យផល​ប្រយោជន៍ទៅ​ក្រុមបក្ខពួក​របស់ខ្លួន យើង​គិតថា បញ្ហា​នេះ វាមិនជា​ការល្អប្រសើ​រទេ បើគ្រាន់​តែធ្វើ​នយោបាយ ដើម្បី​បម្រើផល​ប្រយោជន៍​ក្រុម​ណាមួយនោះ ផ្ទុយ​ទៅវិញ យើងចង់​ឃើញ ចង់បាន ហើយ​ក៏អំពាវនាវឲ្យមាន​ការចូលរួម ដើម្បី​ការពារផលប្រយោជន៍​រួមរបស់​ប្រទេសជាតិ​របស់យើង បម្រើផល​ប្រយោជន៍ឲ្យ​គ្រប់​និន្នាការនយោបាយ​ដែលមាន​នៅប្រទេស​កម្ពុជា




យុវជន​ខ្មែរពីររូប​ ដណ្តើម​បានជ័យ​លាភីលេខ​១​ ពីការប្រកួត​ប្រជែង​ដំឡើង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ ក្នុងវិស័យ​ឧស្សា​ហកម្ម ​នៅប្រទេ​សចិន​

យុវជន​ខ្មែរពីររូប បាន​ដណ្តើម​យកជ័យលាភី​លេខ១ ពីយុវជន​មកពីមាន​វិស័យ​ឧស្សាហកម្មជឿន​លឿន ដូច ជា អាល្លឺម៉ង់ អេស្ប៉ាញ ស៊ីប៉ាវេ ថៃ និងម៉ាឡេស៊ី ក្នុង​ការដំឡើង​ម៉ាស៊ីនដំណើរការដោយ​ស្វ័យប្រវត្តិក្នុង​វិស័យ ឧស្សាហកម្ម (Industrial Automation) ក្នុង​ព្រឹត្តិការ​ណ៍ប្រកួត​ប្រជែង​មុខជំនាញ​ចិន​ឆ្នាំ២០១៥ (China’s Skill Competition 2015)។
លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួងការងារ និង បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា ការប្រកួត​ប្រជែង​ខាងលើ​នេះ បានប្រព្រឹត្ត​ទៅកាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកក្កដា។
ក្រសួងការងារ បាន​បញ្ជូនយុវជន​ពីររូប ឈ្មោះ ជា សិទ្ធា និង ធី សុភា ដែល​ទទួលការ​បណ្តុះបណ្តាលពីមជ្ឈ មណ្ឌល​ក្រុមង៉ុយ ទៅចូលរួម​ប្រកួត​ប្រជែង​ជាមួយ​យុវជន ៧ក្រុម​ផ្សេងទៀត ស្មើ១៤នាក់ មកពី ០៦ប្រទេស រួមមាន៖ អាល្លឺម៉ង់ អេស្ប៉ាញ ស៊ីមប៉ាវេ ថៃ និងម៉ាឡេស៊ី។ សំរេចជា​លទ្ធផល យុវជន​កម្ពុជា ទទួលបាន​ជ័យលាភី​លេខ១។
លោក តឹប អឿន អគ្គនាយករង នៃអគ្គនាយក​ដ្ឋានអប់រំ បណ្តុះបណ្តាល និង​បច្ចេកទេស នៃក្រសួងការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រាប់​ផង​ដែរថា China’s Skill Competition 2015 ត្រូវរដ្ឋាភិបាលចិន រៀប​ចំឡើងជារៀងរាល់​ឆ្នាំ តែសម្រាប់​កម្ពុជាវិញ ចិន អនុញ្ញាតឲ្យចូលរួម​ប្រកួតប្រជែង​រៀងរាល់ ២ឆ្នាំម្តង។ កាល​ពីឆ្នាំ២០១៣ កម្ពុជា ក៏បានបញ្ជូន​យុវជនទៅចូលរួមប្រកួត​ប្រជែងផង​ដែរ តែមិនទទួល​បានលទ្ធផល​ល្អនោះ ទេ។
លោក តឹប អឿន បានពន្យល់​ថា វិញ្ញាសារ ដែល​គេដាក់​ឲ្យយុវជន​កម្ពុជា រួមនិង​យុវជន​មកពីបណ្តាប្រទេស ៥ ផ្សេងទៀត​ប្រកួត​ប្រជែងនេះ គឺការដំឡើង​ម៉ាស៊ីន ដែល​ដំណើរការ​ដោយស្វ័យប្រវត្តិក្នុង​វិស័យឧស្សាហ​កម្ម។ ការប្រកួត​ប្រជែងមាន ៣ដំណាក់​កាលរួម​មាន៖ ទី១. ការដំឡើង​ម៉ាស៊ីនទី២. ការតភ្ជាប់បណ្តាញ​អគ្គិសនី​ក្នុង​ម៉ាស៊ីន និងទី៣. ការសរសេរ​កម្មវិធី កំណត់​ឲ្យម៉ាស៊ីន​ដំណើរ។
លោក តឹប អឿន បានហៅ​ការដណ្តើម​ជ័យលាភី​លេខ១ របស់​យុវជនកម្ពុជា​ទាំង​ពីររូប​ថា ជាមោទនភាព​ជាតិមួយ និង​បង្ហាញ​ពីការរីក​ចម្រើនខ្លាំង​របស់យុវជន​កម្ពុជា ទៅលើការ​ប្រើប្រាស់បច្ចេកវិទ្យា​ខ្ពស់ក្នុង​វិស័យ​ឧស្សាហកម្ម។ ជាពិ​សេស ពួកគេបាន​ដណ្តើមជ័យ​ជម្នះពីបណ្តាប្រទេស ដែល​មានការរីក​ចម្រើន និងមានភាពជឿន​លឿន​ទៅលើ វិស័យ​ឧស្សាហកម្ម។
បើតាមលោក តឹប អឿន ការដណ្តើម​បានជ័យលាភីយុវជន ជា សិទ្ធា និង ធី សុភា ទទួល​បានពានមួយ និងលិខិត បញ្ជាក់​មួយ។ ហើយ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏គ្រោងនឹងរៀប​ចំកម្មវិធី​លើក ទឹកចិត្ត​ដល់ពួក​គេផង​ដែរ៕

ឯកឧត្តម​ តុប សំ ​ជាប់ឆ្នោតជា​ថ្មី​ បន្តធ្វើ​ជាប្រធាន​ក្រុមប្រឹក្សា​ជាតិប្រឆាំង​អំពើពុក​រលួយ​

សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទាំង១១រូប បានបោះឆ្នោតគាំទ្រឯកឧត្តម តុប សំ ឲ្យក្លាយជាប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ខណៈលោកជំទាវ ម៉ែន សំអន ជាប់ជាអនុប្រធាននៅរសៀលថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ ២០១៥ នាទីស្ដីការអង្គភាពប្រឆាំងអំពើពុករលួយ ។
បន្ទាប់ពីបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១ អាណត្តិទី២ នៅរសៀលថ្ងៃទី១៣ ខែកក្កដានេះរួចមក លទ្ធផលគឺឯកឧត្តម តុប សំ ក្លាយជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយទទួលបានសំឡេងគាំទ្រ ១១លើ១១សំឡេង រីឯលោកជំទាវ ម៉ែន សំអន ជាប់ជាអនុប្រធានក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ដោយទទួលបានសំឡេងគាំទ្រ ១១លើ១១ សំឡេង។
សូមជំរាបជូនថា សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទាំង១១រូប រួមមាន៖
១.ឯកឧត្តម តុប សំ២.លោកជំទាវ ម៉ែន សំអន៣.ឯកឧត្តម ឱម យិនទៀង ៤.លោកជំទាវ សោម គឹមសួគ៌,៥.ឯកឧត្តម លី ណារុន៦.ឯកឧត្តម គុយ សុផល៧.ឯកឧត្តម អង្គ វង្សវឌ្ឍានា៨.ឯកឧត្តម យ៉េត ចរិយា៩. ឯកឧត្តម ហេង វង្សប៊ុនឆាត១០.ឯកឧត្តម ស៊ុយ ម៉ុងលាង និងទី១១. ឯកឧត្តម កែវ រ៉េមី៕



បទយក​ការណ៍​​​ស្តីពី​​ការ​​ផ្តល់សេ​វា​ណែនាំ​អំពី​ជំនាញ និងអាជីព​ដល់​សិស្សា​​នុ​សិស្ស​​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្តិ