ទណ្ឌិត វីរ៉ាក់ ស៊ូមខ្វាមឃីត |
លោកវីរៈ ស៊ុមខ្វាមឃីត មេចលនាដឹកនាំក្រុមអាវលឿងថៃ ដែលបានជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជាអស់រយៈពេលប្រមាណ៣ឆ្នាំមកនោះ ពីបទ លបចូលក្នុងទឹកដីប្រទេសកម្ពុជាខុ សច្បាប់ និង ចូលក្នុងទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងបទប្រមូលផ្ដុំព័ត៌មានសម្ងាត់ ប៉ះពាល់ដល់សន្តិសុខជាតិកម្ពុជា នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ នេះបើតាមការបញ្ជាក់របស់លោកគុយ ប៊ុនសន អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានអោយដឹងថា « ការដោះលែងឲ្យ វីរៈ ស៊ុមខ្វាមឃីត អោយមានសេរីភាពនេះ គឺជាថ្នូរនឹងការដោះលែងពលករខ្មែរ ១៤នាក់ ដែលត្រូវបានអាជ្ញាធរយោធាថៃចាប់ ឃាត់ខ្លួន ក្រោមបទចោទប្រកាន់ក្លែងបន្លំ ឯកសារ ពេលថៃចាប់បញ្ជូនមកកម្ពុជាកាលពី ដើមខែមិថុនាកន្លងទៅ។
ការសម្រេចដោះលែងទណ្ឌិត វីរៈ ស៊ុមខ្វាមឃីត បានកើតមានឡើង នៅក្នុងជំនួបរវាងសម្តេចតេជោហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងការបរទេស ស្តីទី របស់ថៃ លោក Sihasak Phuangketkeow និងជា តំណាងមេបញ្ជាការកងទ័ពជើងគោកថៃ ប្រាយុទ្ធ ចាន់អូឆា នាវិមានសន្តិភាព ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ នេះ ។
លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន នៅក្រោយជំនួបរបស់ សម្តេចតេជោ និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យ វីរៈ ស៊ុម ខ្វាមឃីត មានសេរីភាពឡើងវិញ បន្ទាប់ពីការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងបរទេសថៃ ក៏ដូចរដ្ឋាភិបាលយោធាថៃផងដែរ។ លោក អ៊ាង សុផល្លែត ក៏បានថ្លែងឲ្យដឹងផងដែរថា ទណ្ឌិត វីរៈ ស៊ុមខ្វាមឃីត នឹងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញ នៅថ្ងៃទី០២ ខែកក្កដា ស្អែកនេះ ជាមួយនឹងគណៈប្រតិភូរបស់ថៃ ។
លោក គុយ ប៊ុនសន អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា លោក វីរះស៊ុមខ្វាមឃីត ត្រូវបានដោះលែង ចេញពីពន្ធនាគារ នៅម៉ោងជិត៦ល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤នេះ ។ លោក គុយ ប៊ុនសន បានបន្តទៀតថា នៅពេលចេញពីពន្ធនាគារនោះ មានមន្រ្តីស្ថានទួតថៃ មួយចំនួនទៅទទួល។
សូមរំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១១ បានសម្រេចផ្តន្ទា ទោស លោក វីរៈ ស៊ុមខ្វាមឃីត (Veera Somkwamkid) ឲ្យជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ និងផាក ពិន័យចំនួន ១,៨លានរៀល ចូលថវិការដ្ឋ ពីបទ លបចូលក្នុងទឹកដីប្រទេសកម្ពុជាខុ សច្បាប់ និង ចូលក្នុងទីលានយោធាកម្ពុជា ក្នុងបំណងទុច្ចរិត និងបទប្រមូលផ្ដុំព័ត៌មានសម្ងាត់ ប៉ះពាល់ដល់សន្តិសុខជាតិ។ ក្នុងករណីនោះដែរ នាង រ៉ាទ្រី រតនាផៃប៊ូន ដែលជាអ្នករួមដំណើរជាមួយ លោក វីរ៉ាក់ ស៊ុមខ្វាមឃីត ក៏ជាប់ពន្ធនាគារផងដែរ ប៉ុន្តែ មួយរយៈក្រោយមកត្រូវបានដោះលែងវិញ ។
ការចាប់ខ្លួនក្រុមសកម្មជនអាវលឿងថៃ បានកើតមានឡើង កាលពីឆ្នាំ២០១១ ក្នុងអំឡុងគ្រាដែលប្រទេសកម្ពុជា កំពុងមានវិវាទជាមួយថៃ ក្នុងរឿង ជម្លោះព្រំដែន បង្កឡើងដោយការឈ្លានពានពីសំណាក់យោធាឈុតខ្មៅថៃ វ៉ៃលុកទន្រ្ទានរំលោភលើអធិបតេយ្យភាពរបស់កម្ពុជានៅតាមបណ្តាយព្រំដែន ជាពិសេសតំបន់ប្រាសាទព្រះវិហារ។ ខណៈ នោះ សមត្ថកិច្ចកម្ពុជា ក៏បានឃាត់ក្រុមសកម្មជនអាវលឿង និងសមាជិកសភាគណបក្សរបស់ អាប់ភីស៊ីត វេចាជីវ៉ាក់ មួយចំនួនទៀតផងដែរ តែភ្លាមៗជនទាំងអស់នោះ ត្រូវបានដោះលែងវិញអស់តាមសំណើរដ្ឋាភិបាលថៃ ដែលនៅសល់តែមេក្លោងធំជាងគេ គឺ វីរ៉ាក ស៊ុមខ្វាមឃីតនេះឯង ដែលជាប់ពន្ធនាគាររហូតមកដល់ពេលនេះមានរយៈពេលជាង៣ឆ្នាំមកហើយ។