Wednesday, June 24, 2015
គណៈអចិន្ត្រៃយ៍ នៃរដ្ឋសភាបញ្ចប់ការពិភាក្សាលើសេចក្តីព្រាងច្បាប់ សមាគម អង្គការមិនមែនរដ្ឋាភិបាល
គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានសមាសភាព១៣រូប បានបញ្ចប់ការពិភាក្សា និងអនុម័ត ទៅលើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលហើយ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ និងបានប្រគល់ជូនគណៈកម្មការជំនាញរបស់រដ្ឋសភាចំនួន៣ ធ្វើការត្រួតពិនិត្យ។ នេះបើតាមការប្រកាស របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៥ ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បានឲ្យដឹងថា គណៈកម្មការជំនាញទាំង៣ ដែលត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះ រួមមានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន , គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។ គណៈកម្មការទាំង៣នេះ ត្រូវសហការគ្នាត្រួតពិនិត្យសេចក្តីព្រាងច្បាប់ NGO រួចបញ្ជូនរបាយការណ៍ មកកាន់គណៈអចិន្រ្តៃយ៍វិញ ។
ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដឹកនាំប្រជុំត្រួតពិនិត្យការងារដែលបាន និងកំពុងធ្វើ និងលើកទិសដៅបន្តសំរាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បានដឹកនាំចុះត្រួតពិនិត្យការងារ ដែលបានអនុវត្តកន្លងមក និងការងារជាអាទិភាពដែលកំពុងធ្វើ ផ្តោតលើដំណើរការការងារសហគមន៍កសិកម្ម ការពង្រឹងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងសកម្មភាពចុះជួយសម្រួលដោះស្រាយតម្រូវការជាក់ស្តែងជូនប្រជាពលរដ្ឋទៅដល់ខ្នងផ្ទះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានជម្រុញឲ្យក្រុមការងារទាំងអស់ តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយបង្កើនសកម្មភាពចុះជួបសួរសុខទុក្ខ និងដោះស្រាយបញ្ហាដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យដល់ខ្នងផ្ទះនៅតាមមូលដ្ឋានភូមិឃុំ។ ជាមួយនឹងការប្រកាសអំពីការរៀបចំឲ្យដំណើរការនូវសហគមន៍កសិកម្មចំនួន ១៤សហគមន៍ នៅក្នុងស្រុកគិរីវង់ ដែលបានជួយសម្រួលដល់ប្រជាពលរដ្ឋបង្កើតបានជាក្រុមជួយគ្នាទៅវិញទៅមក ដោយពួកគាត់អាចខ្ចីប្រាក់ពីសហគមន៍ក្នុងអាត្រាការប្រាក់ទាបជាងមីក្រូហិរញ្ញវត្ថុនានានៅមូលដ្ឋាន និងប្រជាពលរដ្ឋបានទទួលនូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជា មានលទ្ធភាពទិញជី ពូជស្រូវនិងធានានូវប្រាក់ចំណូលខ្ពស់មកវិញតាមរយៈកិច្ចសហការជាមួយសហព័ន្ធស្រូវអង្ករ ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងបានជម្រុញឲ្យគ្រប់ស្រុកទាំងអស់ក្នុងខេត្តតាកែវត្រូវសិក្សាដើម្បីបង្កើតសហគមន៍កសិកម្មឲ្យបានច្រើនថែមទៀត។ ក៏ប៉ុន្តែ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកផងដែរដល់ប្រជាពលរដ្ឋ សូមឈប់បន្តចាញ់ឧបាយកលរបស់ក្រុមប្រឆាំងមួយចំនួន ដែលដើរឃោសនាបោកប្រាស់ឲ្យប្រជាពលរដ្ឋទៅខ្ចីលុយពីស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនដោយយកការប្រាក់ខ្ពស់ ហើយសន្យាថានៅពេលបក្សគេជាប់ឆ្នោតនឹងសងជំនួស គឺជាការបោកប្រាស់ ភូតកុហកទាំងស្រុង ពីព្រោះមីក្រូហិរញ្ញវត្ថុទាំងអស់នោះ គឺជារបស់ក្រុមហ៊ុនឯកជន មិនមែនជារបស់រដ្ឋទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានមានប្រសាសន៍ផងដែរអំពីការផ្សារភ្ជាប់ចលនាជាមួយប្រជាពលរដ្ឋជាពិសេស ជាមួយស្ត្រីទើបសម្រាលកូនរួច តាមរយៈការចុះចែកឃីតជាសំភារៈសម្រាប់ស្ត្រីជាមាតា និងទារកប្រើប្រាស់ ដោយក្រុមការងារថា្នក់ជាតិចុះមូលដ្ឋានសហការជាមួយ យុវជនសាខាកាកបាទក្រហមខេត្តស្រុក ឃុំ និងចូលរួមពីក្រុមយុវជនកាយរិទ្ធ សមាគមនារី យុវជនបក្ស ចុះទៅជួបសួរសុខទុក្ខដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដោយត្រូវរៀបចំកម្មវិធីចុះឲ្យបានទៀងទាត់មួយខែម្តងៗ ធ្វើឲ្យបានទាំងជាង ១០០ឃុំ ក្នុងខេត្តតាកែវ និងស្វែងយល់ពីបញ្ហាជាក់ស្តែងជាច្រើនទៀតរបស់ប្រជាពលរដ្ឋដើម្បីយកមកពិនិត្យ និងរកលទ្ធភាពដោះស្រាយបន្ត៕
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ក៏បានមានប្រសាសន៍ឲ្យដឹងផងដែរអំពីការបង្កើតបាន និងកំពុងដំណើរការនូវមូលនិធិគ្រូបង្រៀននៅកំរិតថ្នាក់ខេត្ត ស្រុក ឃុំ ដោយមិនចាំបាច់ដាក់បញ្ចាំផ្ទះ ឬដីធ្លីនោះទេ ដើម្បីសម្រួលទុក្ខធុរៈដល់គ្រូបង្រៀន គឺពួកគាត់អាចមានលទ្ធភាពខ្ចីប្រាក់ពីមូលនិធិគ្រូបង្រៀននេះយកទៅប្រើប្រាស់ដោះស្រាយការលំបាកចំពោះមុខ ដោយគ្រាន់តែសម្រេចពីគណៈគ្រប់គ្រងមូលនិធិ ដែលត្រូវបានជ្រើសរើសចេញពីនាយកសាលា និងគ្រូបង្រៀន ចំនួនប្រមាណ ៩រូប ដែលពួកគាត់ដឹងច្បាស់ពីសុខទុក្ខពិតប្រាកដរបស់គ្រូបង្រៀន និងតម្រូវការប្រឈមជាក់ស្តែង។
ក្រៅពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បានជម្រុញឲ្យក្រុមការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវចូលរួមពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលប់បំបាត់ឲ្យអស់ពីមូលដ្ឋាននូវ ការចរាចរណ៍លក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បងតូចបងធំ ក្មេងទំនើង ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានក្រើនរំលឹកឲ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈឲ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រមរណៈភាព ។ល។ និងមន្ត្រីអនុវត្តការងារទាំងអស់មិនត្រូវទាលុយបន្ថែមពីប្រជាពលរដ្ឋនោះទេ តែជំនួសវិញគឺត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងឲ្យបានលឿនរហ័ស ទើបអាចឆ្លើយតប ទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា ក៏បានចែករំលែកនូវបទពិសោធន៍ការងារ វិធានការនៃការពង្រឹងការអនុវត្តសេវាសាធារណៈ ការធានានូវភាពកក់ក្តៅជូនប្រជាពលរដ្ឋដោយទប់ស្កាត់កុំឲ្យមានល្បែងស៊ីសង គ្រឿងញៀន ដូចអ្វីដែលអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំ នៃស្រុកបាទី បានសន្យាអនុវត្តឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព និងលើកសំណូមពរមួយចំនួនដោយស្នើរឲ្យក្រុមការងារទាំងអស់ត្រូវចាប់ផ្តើមធ្វើការងារពីពេលនេះតទៅជាប្រចាំ និងខិតខំរកវិធីដោះស្រាយជាក់ស្តែងជូនប្រជាពលរដ្ឋដូចជាតម្រូវការទឹកប្រើប្រាស់ ការជួយដោះស្រាយទុក្ខលំបាកដល់គ្រូបង្រៀន និងកម្មករ និងគិតគូរដល់សុខទុក្ខដល់មនុស្សចាស់ជរា ដោយត្រូវខិតខំធ្វើអំពើល្អ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតដើម្បីធានាថា ប្រជាពលរដ្ឋមានភាពជឿជាក់ និងមានទំនុកចិត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានគាំទ្រយ៉ាងពេញទំហឹងនូវការលើកឡើង របស់ឯកឧត្តម ស្វាយ ស៊ីថា និងបានជំរុញឲ្យក្រុមការងារទាំងអស់ដកបទពិសោធន៍នេះ ដើម្បីពង្រឹងសមត្ថភាពខ្លួនក្នុងការអនុវត្តការងារឲ្យបានជោគជ័យ៕
ឯកឧត្តម ថេន សេន និងលោកជំទាវ រៀបចំពិធីលាងសាយភោជន៍ ជូនបណ្តាមេដឹកនាំ និង គណៈប្រតិភូ ACMECS
នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឯកឧត្តម ថេន សេន ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និងលោកជំទាវ បានរៀបចំពិធីលាងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពស់បំផុត ជូនសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃប្រទេសកម្ពុជា ឡាវ វៀតណាម ថៃ និងអគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ារ វៀតណាម (CLMV) លើកទី៧ និងកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ (ACMECS) លើកទី៦ នៅទីក្រុងណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។
ប្រមុខរដ្ឋាភិបាលនៃប្រទេស ACMECS ដែលមានវត្តមានអញ្ជើញចូលរួមក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពស់បំផុតនេះ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងស៊ីន ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ង្វៀន តាន់យ៉ុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ និងលោកជំទាវ ឯកឧត្តម ឡេ លួងមិញ អគ្គលេខាធិការអាស៊ាន និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ជាច្រើនរូប។
ថ្លែងសុន្ទរកថាក្នុងពិធីលាងសាយភោជន៍ជាមហាកិត្តិយសនោះ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋាភិបាល អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូនៃប្រទេស ACMECSទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួមដើម្បីចូលរួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ារ វៀតណាម (CLMV) លើកទី៧ និងកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ា មេគង្គ (ACMECS) លើកទី៦ នៅទីក្រុងណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។
ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា វត្តមានរបស់សម្តេច ឯកឧត្តម និងគណៈប្រតិភូទាំងអស់នៃប្រទេស ACMECS ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គឺជាការចូលរួមចំណែកមិនអាចកាត់ថ្លៃបាន ក្នុងការកសាង និងអភិវឌ្ឍន៍តំបន់របស់យើងទាំងមូល ឲ្យកាន់តែមានភាពរីកចំរើនទ្វេឡើងថែមទៀត ពិសេសការរួមគ្នាកាត់បន្ថយនូវគម្លាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេស ជាសមាជិកអាស៊ានចាស់ ជាមួយនិងប្រទេសជាសមាជិកអាស៊ានថ្មី តួយ៉ាងដូចជាប្រទេសកម្ពុជា ឡាវ មី យ៉ាន់ម៉ារ និងវៀតណាម។
ឯកឧត្តមប្រធានាធិបតីក៏បានប្រសិទ្ធពរជ័យ ជូនបណ្តាមេដឹកនាំទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងមានជោគជ័យក្នុងការស្នាក់អាស្រ័យបំពេញការងារ នៅទីក្រុងណៃពិដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ ដើម្បីជានិម្មិតរូបនៃភាពសុខដុមរមនា និងភាពចំរើនជឿនលឿនរបស់ប្រ ជាជាតិនៃប្រទេស ACMECS ក៏ដូចជាប្រជាជាតិក្នុងតំបន់អាស៊ានទាំងមូល៕
ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ រិះគន់ពីការប្រឈមមុខដាក់គ្នារវាងយុវជន នៃគណបក្សនយោបាយទាំងពីរក្នុងរឿងស្បថ ថាជាបញ្ហានាំឲ្យបែកបាក់សាមគ្គីភាពជាតិ
លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នេះ បានបង្ហាញនូវគោលជំហររបស់ខ្លួនក្នុងនាមជាយុវជនមួយរូប ឈរលើជំហរអព្យាក្រិត្យ មិនប្រកាន់គណបក្សនយោបាយណាមួយ និងដែលស្រឡាញ់ ចង់ឃើញសង្គមធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ បានយល់ឃើញថា អ្វីដែលមេដឹកនាំគណបក្សនយោបាយទាំងពីរ និងក្រុមអ្នកគាំទ្រ បាន និងកំពុងធ្វើនៅពេលនេះ គឺគ្រាន់តែជាការសំដែងឡើងដើម្បីទាញចំណេញនយោបាយរៀងៗខ្លួនតែប៉ុណ្ណោះ ។
លោក ប៉ុល សីហា បានពិនិត្យឃើញថា សកម្មភាពរបស់ក្រុមយុវជនគាំទ្រគណបក្សនយោបាយកាន់អំណាច និងបក្សប្រឆាំង ដែលបបួលគ្នាស្បថ ហើយកាលពីថ្ងៃទី២១ ខែមិថុនា ក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច បានទៅស្បថនៅព្រះអង្គដងកើ ជាមួយនឹងពាក្យសច្ចាថា សូមឲ្យស្លាប់តាមដងផ្លូវដោយគ្រោះថ្នាក់ចរាចរណ៍ និងស្លាប់ដោយរន្ទះបាញ់ ដើម្បីការពារភាពស្អាតស្អំរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលរងការចោទថា បានលួចបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ២០១៣។
សកម្មភាពនៃការប្រកាសស្បថប្រកបដោយគ្រោះថ្នាក់បែបនេះ ត្រូវបានលោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ កត់សម្គាល់លើទិដ្ឋភាពពីរយ៉ាង គឺទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពខាងផ្លូវច្បាប់ ។ ជាទិដ្ឋភាពបច្ចេកទេស លោក ប៉ុល សីហា បានថ្លែងថា ផ្អែកលើការចរចាស្វែងរកដំណោះស្រាយជាច្រើនលើកច្រើនសាររវាងគណបក្សនយោបាយទាំងពីរ រួមជាមួយការកាត់សេចក្តីពីសំណាក់ស្ថាប័នមានសមត្ថកិច្ចកំពូលៗ ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញរួចមក គណបក្សទាំងពីរបានព្រមព្រៀងគ្នាចូលសភា ហើយបានធ្វើការងារជាមួយគ្នាជិតមួយឆ្នាំទៅហើយ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សនយោបាយទាំងពីរ បានទទួលស្គាល់ទាំងស្រុងនូវលទ្ធផលបោះឆ្នោត ឆ្នាំ២០១៣ ដូចនេះការរាប់សន្លឹកឆ្នោតសារឡើងវិញវាមិនអាចទៅរួចនោះទេ និងជាទិដ្ឋភាពនយោបាយ លោក ប៉ុល សីហា បានអត្ថាធិប្បាយថា « អ្វីដែលគណបក្សសង្គ្រោះជាតិនៅតែលើកឡើងដោយបានចោទ ថា មានការលួចសន្លឹកឆ្នោតនោះ គឺគ្រាន់តែចង់ បញ្ជាក់ប្រាប់សាធារណៈជនថាគោលជំហររបស់គណបក្សខ្លួននៅដដែល ប៉ុន្តែ ការចោទប្រកាន់នេះ មិនមានមូលដ្ឋានច្បាស់លាស់ និងខ្វះភាពតក្កវិទ្យា មិនសមហេតុសមផល » ។ លោក ប៉ុល សីហា បានថ្លែងថា មេដឹកនាំគណបក្សប្រឆាំងបានទទួលយកអំណាចមួយចំនួនក្នុងសភា បន្ទាប់ពីបានដឹកនាំធ្វើបាតុកម្មតាមដងផ្លូវ ពហិការមិនចូលប្រជុំសភា ហើយត្រូវបានគណបក្សកាន់អំណាចចោទថា ជាសកម្មភាពប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលពុំបានសម្រេច។
ដូច្នេះ អ្វីដែលគណបក្សនយោបាយទាំងពីរ បាននិងកំពុងធ្វើនៅពេលនេះ គឺគ្រាន់តែជាការសំដែងឆាកល្ខោនដើម្បីស្វែងរកការគាំទ្រពីមហាជនតែប៉ុណ្ណោះ ដែលពុំគួរគប្បីសកម្មជនអ្នកគាំទ្រ នៃគណបក្សនយោបាយនាំគ្នាបង្កើតឲ្យមានជម្លោះ ឬភាពអាប់អួរក្នុងសង្គម តាមរយៈការសម្ញែញសាច់ដុំដាក់គ្នា នាំឲ្យជះឥទ្ធិពលអាក្រក់ដល់ស្រទាប់យុវជនជំនាន់ក្រោយ មានគំនិតផ្ចាញ់ផ្ចាលគ្នា និងប្រកាសស្បថដាក់អាយុជីវិតនោះទេ ពីព្រោះ បើអ្នកនយោបាយភាពមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ គឺជាការស្រេច ដោយមិនចាំបាច់ដើរនិយាយសម្អុយកេរ្ត៍ឈ្មោះគ្នាទៅវិញទៅមកនោះទេ។
ទោះជាយ៉ាងនេះក្តី លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋ យល់ឃើញថាការប្រជែងគ្នាស្វែងរកការគាំទ្ររបស់អ្នកនយោបាយ នឹងជះឥទ្ធិពលដល់យុវជន ដែលអាចបណ្តាលឲ្យមានការបែកបាក់ និងមានការបែងចែកជាបក្ខ ជាពួក ផ្សេងៗគ្នាជាច្រើន ទាំងដែលពួកគេជាជាតិខ្មែរតែមួយ និងបង្ហាញពីការខ្វះការសាមគ្គីភាពរវាងខ្មែរតែមួយទៀតផង។
ជាទស្សនៈយល់ឃើញរបស់ លោក ប៉ុល សីហា លោកចង់បាន យុវជនគួរតែរំពឹងគិតទៅថ្ងៃអនាគត គឺការបោះឆ្នោតនៅអណត្តិក្រោយ ឆ្នាំ២០១៨ដែលនឹងមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយត្រូវនាំគ្នាជម្រុញឲ្យថ្នាក់ដឹកនាំគណបក្សនយោបាយគោរពលើគោលការណ៍សមធម៌ តម្លាភាព និងត្រូវតែរក្សាឲ្យបាននូវអព្យាក្រិត្យភាព និងគប្បីបញ្ចៀសឲ្យបានជាដាច់ខាតនូវជម្លោះ និងការបែកបាក់សាមគ្គីភាពជាតិ នោះទើបធានាបាននូវសេចក្តីសុខ និងភាពរីកចម្រើនជូនប្រជាពលរដ្ឋ។
លោក ប៉ុល សីហា បញ្ជាក់ថា អ្វីដែលយុវជនទាំងឡាយត្រូវតែគិត និងវិភាគស្វែងយល់សម្រាប់អានាគតថា តើគណបក្សនយោបាយមួយណាដែលអាចអភិវឌ្ឍប្រទេសពិតប្រាកដ និងគណបក្សណាបោកប្រាស់ ពោល គឺ មិនមែនស្គាល់ប្រជាពលរដ្ឋតែពេលឃោសនាបោះឆ្នោតនោះទេ ។
គួររំលឹកថា ការស្បថនេះបានកើតឡើងដោយសារតែកន្លងទៅមេដឹកនាំបក្សប្រឆាំងធ្លាប់ចោទប្រកាន់មកលើគណបក្សកាន់អំណាច ថា បានលួចបន្លំសន្លឹកឆ្នោត ហើយការចោទប្រកាន់ នេះធ្លាប់ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញប្រតិកម្មតបវិញធ្ងន់ៗរហូតបបួល លោក សម រង្ស៊ី ទៅស្បថ មុខព្រះអង្គដងកើ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ហើយត្រូវបានប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស ឆ្លៀតឱកាសតម្លើងតម្លៃខ្លួនខ្ពស់ហួសហេតុ ប្រកាសបបួល សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅស្បថ ជំនួសមេដឹកនាំបក្សប្រឆាំង នៅមុខព្រះអង្គដងកើ ហើយត្រូវបានក្រុមក្មេងវត្ត និងក្រុមយុវជនមួយឈ្មោះថា សម្ព័ន្ធសេនានាគ ចេញមុខមកបបួល លោក ម៉ៅ ពិសេស ស្បថ ដោយមិនបាច់ស្បថជាមួយលោក ហ៊ុន សែន នោះទេ ប៉ុន្តែ នៅពេលក្រុមសម្ព័ន្ធសេនានាគចេញមុខស្បថ បែរជាមិនឃើញ លោក ម៉ៅ ពិសេស មិនហ៊ានចេញមុខមកស្បថតតាំងជាមួយយុវជនគណបក្សប្រជាជនកម្ពុជាទៅវិញ។
ដូច្នេះ សូមក្រុមអ្នកគាំទ្រនយោបាយត្រូវតែប្រកាន់យកនូវសច្ចធម៌ ក្នុងន័យថា « ចេះឯង សូមឲ្យក្រែងចេះគេផង» និងគួរចៀសវាងនូវរាល់សកម្មភាពណា ដែលនាំឲ្យខ្មែរបែកបាក់៕
បក្សប្រឆាំងរួមទាំងអង្គការសង្គមស៊ីវិលតិចជាង ១% មិនគាំទ្រសេចក្តីព្រាងច្បាប់សមាគម អង្គការក្រៅរដ្ឋាភិបាល ខណៈអង្គការច្រើនជាង ៩៩% ទៀតគាំទ្រ
ក្រោយពីសេចក្តីព្រាងច្បាប់ស្តីពីសមាគម អង្គការក្រៅរដ្ឋាភិបាល បានបញ្ជូនទៅដល់រដ្ឋសភារួចមក នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានប្រកាសគាំទ្រឲ្យផ្អាកការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម អង្គការក្រៅរដ្ឋាភិបាល។ ការប្រកាសគាំទ្ររបស់មេបក្សប្រឆាំងឲ្យផ្អាកការពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់នេះ គឺធ្វើឡើងក្រោយជំនួបរវាង លោក សម រង្ស៊ី និងតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួនតែជាង ១០ស្ថាប័នប៉ុណ្ណោះ នារដ្ឋសភា នៅរសៀលថ្ងៃទី២២ មិថុនា។
ក្រោយពីការប្រកាសគាំទ្ររបស់មេបក្សសង្គ្រោះជាតិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹងថាគណបក្សសង្រ្គោះជាតិនឹងស្នើដល់សភាឲ្យផ្អាកការពិភាក្សា និងពន្យារពេលអនុម័តសេចក្តីព្រាងច្បាប់នេះ ប៉ុន្តែតាមប្រសាសន៍របស់ ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រាប់បណ្តាញ ព័ត៌មានរាជរដ្ឋាភិបាល(GNN) ថាឯកឧត្តម មិនទាន់បានឃើញសំណើរណាមួយនោះទេពីបក្សប្រឆាំង។
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ លោក ថៅ វាសនា ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ដែលមានអង្គការសមាគមជាង៣០កំពុងធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននៅកម្ពុជាមានអង្គការក្រៅរដ្ឋាភិបាលរហូតទៅដល់ជាង ៤០០០ ហើយមានតែ ១០ ទៅ ២០ អង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះដែលមិនពេញចិត្តទៅនឹងសេចក្តីព្រាងច្បាប់នេះ ក្រៅពីនេះអង្គការក្រៅរដ្ឋាភិបាលភាគច្រើនបានទទួលស្គាល់ និងស្វាគមន៍ទៅលើសេចក្តីព្រាងច្បាប់នេះ និងជម្រុញឲ្យសភាអនុម័តឲ្យបានឆាប់។
លោក ថៅ វាសនា បានបន្តទៀតថា នៅក្នុងខ្លឹមសារសេចក្តីព្រាងច្បាប់ទាំងអស់ គឺគ្មានមាត្រាមួយណាដែលធ្វើឲ្យប៉ះពាល់ ឬ ក៏បន្ទុចបង្អាក់ដល់សេរីភាព និងការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជាទេ ដោយឡែកផ្ទុយទៅវិញគឺសេចក្តីព្រាងច្បាប់នេះបានគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាល ធ្វើសកម្មភាពស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធានានូវតម្លាភាព ទប់ស្កាត់នូវការលាងលុយកខ្វក់ តាមរយៈអង្គការក្រៅរាជរដ្ឋាភិបាល។ លោកបន្តទៀតថាច្បាប់នេះពេលដែលអនុម័ត នឹងមានការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ចំពោះអង្គការក្រៅរដ្ឋាភិបាលដែលធ្វើសកម្មភាពត្រឹមត្រូវ បំរើផលប្រយោជន៍សាធារណៈជន គឺគេមិនខ្លាចច្បាប់នេះទេផ្ទុយទៅវិញ គឺគេស្វាគមន៍ច្បាប់នេះ ព្រោះពេលច្បាប់នេះចេញទៅវាធានាសិទ្ធិស្របច្បាប់ សិទ្ធិក្នុងការធ្វើសកម្មភាពស្របច្បាប់របស់អង្គការក្រៅរាជរដ្ឋាភិបាល។
លោក ប៉ុល សីហា ប្រធានសមាគមយុវជនកំណែទម្រង់រដ្ឋបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃនេះដែរដោយប្រកាសគាំទ្រឲ្យមានការអនុម័តច្បាប់ស្តីពីអង្គការ សមាគមនេះ ព្រោះដោយមើលឃើញថា មានមនុស្សខិលខូចមួយចំនួន បានប្រមូលគ្នាជាក្រុមបង្កើតជា សមាគម រឺ អង្គការមិនមែនរដ្ឋាភិបាល ដោយឆ្លៀតឱកាសដែលប្រទេសកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងសមាគម រឺ អង្គការមិនមែនរដ្ឋាភិបាល ពួកគេបានធ្វើសកម្មភាព មួយចំនួនដូចជា បង្កចលាចលក្នុងសង្គមខ្មែរ បោកប្រាស់ប្រាក់ជំនួយបរទេសក្នុងនាមប្រទេសកម្ពុជាក្រោមហេតុផលអភិវឌ្ឍ និងធ្វើសកម្មភាពលាងលុយដែលបានមកពីប្រភពមិនស្របច្បាប់នានា ដែលសកម្មភាពទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវរបស់សមាគម រឺ អង្គការមិនមែនរដ្ឋាភិបាលដែលមានសកម្មភាពស្របច្បាប់និងបានធ្វើឲ្យកិត្តិយស កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិធ្លាក់ចុះជាលំដាប់។
គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម អង្គការក្រៅរដ្ឋាភិបាល ត្រូវបានក្រសួងមហាផ្ទៃ រៀបចំតាក់តែងចំនួន ៤ លើក ចាប់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ដោយបានសហការជាមួយអ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងអង្គទូតជាច្រើន ដោយមានទាំងការពិគ្រោះយោបល់យ៉ាងទូលំទូលាយផងដែរ។
នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានសមាសភាព ១៣ រូបបានប្រជុំសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះទៅកាន់គណៈកម្មាធិការជំនាញទាំង ៣ នៃរដ្ឋសភាដើម្បីពិនិត្យ និងសិក្សាមុននឹងបញ្ជូនទៅកាន់កិច្ចប្រជុំពេញអង្គរដ្ឋសភាដើម្បីប្រជុំអនុម័ត៕
សាលាក្តីខ្មែរក្រហម បានតែងតាំងចៅក្រមអន្តរជាតិថ្មី
យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីការតែងតាំងចៅក្រមថ្មី នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ បានឲ្យដឹងថា ដោយមានការចាត់តាំងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម បាន គីមូន និង ការអនុម័ត យល់ព្រមពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានតែងតាំងចៅក្រមឈ្មោះ BAIK Kang Jin (ជនជាតិកូរ៉េខាងត្បូង) ជាចៅក្រមអន្ដរជាតិថ្មីនៅអង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា អ.វ.ត.ក។ ការតែងតាំងចៅក្រមថ្មីនេះ គឺជំនួសចៅក្រម រូវ៉ាន់ ដោននីង (ជនជាតិអូស្រ្តាលី) ដែលបានលាលែងពីតំណែងកាលពីដើមឆ្នាំ២០១៥ នេះ។
កន្លងមកនេះ ចៅក្រម BAIK Kang Jin បានបំពេញការងារជាចៅក្រមនៅតុលាការកំពូលក្រុងសេអ៊ូល ចាប់តាំងពីឆ្នាំ២០១៣មក ហើយលោកបានបំពេញការងារជាតំណាងពិសេស នៃក្រុមប្រឹក្សាទទួលខុសត្រូវផ្នែកកម្មសិទ្ធបញ្ញា និងជាសមាជិកមិនអចិន្រៃ្តយ៍ នៃគណៈកម្មការ ការពារព័ត៌មានផ្ទៃក្នុងរដ្ឋាភិបាលកូរ៉េ។
ចៅក្រម BAIK Kang Jin ត្រូវបានតែងតាំងតំណែងជាចៅក្រមលើកដំបូងនៅឆ្នាំ១៩៩៤ ហើយលោកបានចូលរួមក្នុងការជំនុំជម្រះក្ដីលើសំណុំរឿងឧក្រិដ្ឋកម្មមួយចំនួន នៅក្នុងតុលាការថ្នាក់ក្រោមបីផ្សេងគ្នា ក្នុងប្រទេសកំណើតរបស់លោក។ នៅក្នុងឆ្នាំ១៩៩២ លោក BAIK Kang Jin បានទទួលបរិញ្ញាបត្រផ្នែកច្បាប់ពីសាកល វិទ្យាល័យជាតិសេអ៊ូល និងបានបំពេញកម្មវិធី SJD ជាមួយនឹងសាកលវិទ្យាល័យច្បាប់ជាតិសេអ៊ូល ក្នុង ឆ្នាំ២០១០។
ដោយឡែក នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា លោកសាស្រ្តាចារ្យ Michael Bohlander (ជនជាតិអាលឺ្លម៉ង់) ត្រូវបានតែងតាំងជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិបម្រុងថ្មី ជំនួសចៅក្រម Olivier Beauvallet (ជនជាតិបារាំង) ដែលត្រូវតែងតាំងជាចៅក្រមអន្តរជាតិនៃអង្គបុរេជំនុំជម្រះកាលពីពេលកន្លងមក ក្នុងឆ្នាំនេះ។
អត្ថបទដោយ៖ សុភាព
Subscribe to:
Posts (Atom)