Wednesday, June 17, 2015

Cambodia Foreign Affairs Protest Note No. 1418 MFA-IC/CL4 to the Embassy of the Socialist Republic of Vietnam Phnom Penh

កំណត់​ទូត​លេខៈ ​​​​១៤១៨ ​​​​កបទ.សអ/កស៊៤ របស់​​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ ជូន​ចំពោះ​​ស្ថាន​ទូត​នៃ​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម

លេខៈ ​​​​១៤១៨  ​​​​កបទ.សអ/កស៊៤

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូម​សំដែង​​គារវកិច្ច​ ជូន​ចំពោះ​ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានកិត្តិយស​សូមទាញ​ការចាប់អារម្មណ៍របស់ស្ថានទូតដូចខាងក្រោមៈ
-          នៅក្នុងកំណត់ទូតរបស់ក្រសួងលេខ​ ១៣១៨ កបទ.សអ/កស៊៤ ចុះថ្ងៃទី​ ០៨ មិថុនា ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំអោយរដ្ឋាភិបាលនៃសាធារណរដ្ឋ​សង្គមនិយម​​វៀតណាម បញ្ឈប់ការជីកដីធ្វើគ្រឹះសំរាប់ការសាងសង់ប៉ុស្តិ៍យោធានៅត្រង់ចំណុច​និយាមការ​​ WT-06065-07703 នៅជាប់ភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កម្ពុជា។
-          នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការចំរុះព្រំដែននៃប្រទេសទាំងពីរ នៅទីក្រុងហាណូយ ថ្ងៃទី ២៤​ មេសា ២០១៥ ភាគីកម្ពុជា​ បានស្នើសុំអោយភាគីវៀតណាមបញ្ឈប់​ការសាង​សង់​នេះ។
-          អាជ្ញាធរខេត្តកណ្តាល កម្ពុជា បានស្នើសុំអោយអាជ្ញាធរខេត្តអានយ៉ាង វៀតណាម នៅ​ថ្ងៃ​ទី ២១ មេសា ២០១៥ និងថ្ងៃទី ០៩ មិថុនា ២០១៥ អោយបញ្ឈប់សកម្មភាព​ទាំងនេះ។
-          ប៉ុន្តែអាជ្ញាធរខេត្តអានយ៉ាងវៀតណាម នៅតែបន្តការសាងសង់ប៉ុស្តិ៍យោធា​ក្នុងទ្រង់​ទ្រាយ​​ធំ​ជាងមុន។
-          អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំសារជាថ្មីចំពោះរដ្ឋាភិបាល​នៃសាធារណ​រដ្ឋ​សង្គមនិយមវៀតណាម អោយបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ រហូតដល់​គណៈ​កម្មការចំរុះព្រំដែននៃប្រទេសទាំងពីរ បានបោះបង្គោលព្រំដែនក្នុងតំបន់នេះ​ ចប់ជា​ស្ថាពរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមឆ្លៀតឧកាសនេះ​សំដែងសារជាថ្មី​ចំពោះស្ថានទូត នូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ភ្នំពេញ, ថ្ងៃទី ១៧ ខែ មិថុនា​ ​​​ឆ្នាំ ២០១៥

សារលិខិតចូលរួមរំលែកទុក្ខ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ រ៉ាអ៊ូល កាស្រ្តូ រ៉ូហ្ស លេខាបក្សទី១ នៃគណបក្សកុម្មុយនីស្តគូបា និងជាប្រធានក្រុមប្រឹក្សារដ្ឋ និងក្រុមប្រឹក្សារដ្ឋមន្ត្រី នៃសាធារណរដ្ឋគូបា ផ្ញើជូន សម្តេចតេជោ ហ៊ុន សែន


គ្រួសារកុមាររងគ្រោះ ដោយលង់ទឹកស្លាប់ទាំង៣នាក់ បងប្អូន នៅស្រុកសំរោង ខេត្តតាកែវ ទទួលអំណោយ ពីកាកបាទក្រហមកម្ពុជា

ប្រធាននាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ​កាកបាទក្រហមកម្ពុជា ​លោក អ៊ុយ សំអាត ​នៅថ្ងៃទី១៧ ខែមិថុនា ​ឆ្នាំ២០១៥នេះ​បាននាំយកអំណោយ​ ជាគ្រឿងឧបភោគ បរិភោគ និង​ថវិកា ៣លានរៀល​ទៅឧបត្ថម្ភ​ និងចូលរួមរំលែកមរណទុក្ខ​ ជូនក្រុមគ្រួសារក្រីក្រមួយនៅ​ស្រុកសំរោង ខេត្តតាកែវ ​ដែលជួបគ្រោះអកុសល​កូនស្រីទាំង៣នាក់ ​បានលង់ទឹកប្រឡាយ​ស្លាប់ព្រមគ្នា។​
លោក អ៊ុយ សំអាត​ បានលើកឡើងថា ​ក្រោយទទួលដំណឹង​ដ៏ក្រៀមក្រំនេះ ​សម្តេចគត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ​បានចាត់តាំងភ្លាមៗឲ្យរូប​លោក ​និងមន្រ្តីកាកបាទ​ក្រហមកម្ពុជា​ នាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ​ទៅចែកជូនដល់ក្រុមគ្រួសារសព​ ដើម្បីរំលែកទុក្ខលំបាកមួយចំនួន។ ​អំណោយ​ដែលចែកជូនគ្រួសារសព​នាពេលនេះរួមមាន៖ ​អង្ករ១០០ គីឡូក្រាម មី៥កេស ត្រីខ ៥០​កំប៉ុង ទឹកក្រូច ៥កេស ​ទឹកបរិសុទ្ធ ៥កេស​ និងថវិកា ​៣លានរៀល។
​គួរបញ្ជាក់ថា ​ហេតុការណ៍​ ដ៏គួរឲ្យសោកសង្រេងនេះ ​បានកើតឡើងនាវេលា​ម៉ោងប្រមាណ​ជិត ៦ ល្ងាច ថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៥​ ស្ថិតនៅចំណុចប្រឡាយ​ទឹកទួលក្បាលសែន ​ក្នុងភូមិសំរោង​ ឃុំទ្រា​ ស្រុកសំរោង ខេត្តតាកែវ​ ដោយកូនស្រីតូចៗ​ ចំនួន៣នាក់ ទី១- ​ឈ្មោះ ស៊ន រក្សា អាយុ ​១១ឆ្នាំ, ទី២- ឈ្មោះ​ ស៊ន​ លីនដា អាយុ​ ៧ឆ្មាំ និង ទី៣- ឈ្មោះ ​ស៊ន ម៉ារី អាយុ ៥ឆ្នាំ​ បានលង់ទឹកប្រឡាយស្លាប់ព្រមគ្នា ​នៅពេលដែលពួកគេនាំគ្នាទៅងួត​ទឹកក្នុងប្រឡាយ ​ខណៈឪជាប់រវល់តែ​រកក្តាមនៅឯស្រែ ​ហើយបណ្តោយឲ្យកូនៗដើរត្រឡប់​មកផ្ទះមុន។​
​លោក នៅ ​ធា អាយុ ៣៦ឆ្នាំ មុខរបធ្វើស្រែ​ និងអ្នកស្រី ​លន ស អាយុ ៣៥ឆ្នាំ​ ជាឪពុកម្តាយ​កុមារីរងគ្រៅទាំង៣​បានឲ្យដឹងថា ​នៅមុនពេលកើត ហេតុ ​កូនស្រីទាំង៣នាក់របស់គាត់ ​បានតាមពួកគាត់​ទៅរកក្ដាម ​នៅតាមភ្លឺស្រែ។​ ក្រោយមកគាត់បាន​ឱ្យពួកគេត្រឡប់ ​ទៅផ្ទះ​វិញ ។ ​លុះពេលគាត់ត្រឡប់មក​ផ្ទះវិញមិន​ឃើញកូនក៏នាំគ្នាដើររក ​តែរកមិនឃើញ ។ ​ដោយមានការសង្ស័យ​ ក៏បាននាំគ្នាទៅរកមើល​ក្នុងប្រឡាយ​ ខាងលើ ទើបប្រទះឃើញកូន​​លង់ទឹក ស្លាប់ទាំងបីនាក់​ ទើបស្រែកឆោរឡោ​ ធ្វើឲ្យមានការភ្ញាក់ផ្អើល​តែម្តង៕
អត្ថបទ៖ សុភាព



ពលករខ្មែរចំនួន ២៣០នាក់ នឹងត្រឡប់មកកាន់កម្ពុជាវិញ បន្ទាប់ពីជាប់ក្នុងទូកនេសាទថៃនៅ ឥណ្ឌូនេស៊ី

យោងតាមលិខិត​របស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ​នៃព្រះរាជាណា​ចក្រកម្ពុជា ​ចេញផ្សាយនៅថ្ងៃទី១៧​ ខែមិថុនា ​ឆ្នាំ២០១៥ នេះ​ បានឲ្យដឹងថា​ ពលករខ្មែរ ​ចំនួន ២៣០នាក់ ​នៅកោះ អំបន់ ​(Ambon) ​ប្រទេសឥណ្ឌូនេស៊ី ​នឹងត្រឡប់មកកម្ពុជាវិញ ​នៅវេលាម៉ោង៦ព្រឹក ​ថ្ងៃទី១៨ ​ខែមិថុនា ឆ្នាំ២០១៥ស្អែកនេះ។​
តាមការណែនាំ​របស់ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ស្ថានទូតកម្ពុជាប្រចាំ​ប្រទេសឥណ្ឌូណេស៊ី​ បានជួបធ្វើការ​ជាមួយសម្ព័ន្ធក្រុមហ៊ុន PT. ​Maribu Industries Group ​ដែលជាក្រុមហ៊ុនតំណាង​ភាគីម្ចាស់​ទូកនេសាទថៃ ​ក្នុងការរៀបចំមាតុភូមិនិវត្តន៍​របស់ពលករខ្មែរ ​ចំនួន២៣០នាក់ ​ពីកោះ អំបន់ ​(Ambon) ។
លិខិតដដែលបានបញ្ជាក់ថា​ តាមការទាមទាររបស់​ស្ថានទូតកម្ពុជា​ ក្រុមហ៊ុននេះបានជួល​យន្តហោះ​១គ្រឿងប្រភេទ ​Boeing 737-900 ER ​អាចផ្ទុកពលករខ្មែរចំនួន ​២១៣នាក់ ដែល​នឹងចេញដំណើរពីកោះ​ អំបន់​ ប្រទេសឥណ្ឌូណេស៊ី​ មកដល់ភ្នំពេញ​ នៅថ្ងៃទី ១៨ ខែ មិថុនា ​ឆ្នាំ ២០១៥ ​វេលាម៉ោង ០៦:០០ នាទីព្រឹក​ ហើយចំណែកឯពលករខ្មែរ​ ដែលនៅសល់ចំនួន ​១៧ នាក់ផ្សេងទៀត ក្រុមហ៊ុន​បានរៀបចំឲ្យធ្វើដំណើរ​តាមជើងយន្តហោះAK 534​ ពីកូឡាឡំពួរ ​មកដល់ភ្នំពេញ ​នៅថ្ងៃទី ១៨ ខែ មិថុនា​ ឆ្នាំ ២០១៥  ​ វេលាម៉ោង ១៥:៥៥ នាទី ។
សូមបញ្ជាក់ថា ​តាមការទាមទាររបស់ស្ថានទូត​កម្ពុជាប្រចាំនៅ​ប្រទេសឥណ្ឌូនេស៊ី​ ក្រុមហ៊ុន​បានដោះស្រាយ​ប្រាក់បៀវត្សរ៍  ​ជូនពលករខ្មែរទាំង ​២៣០នាក់នេះរួចហើយ៕
អត្ថបទ៖ សុភាព

លិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម Mohammad Hamid Ansari អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់សាធារណរដ្ឋឥណ្ឌា


សារលិខិតចូលរួមរំលែកទុក្ខ របស់ឯកឧត្តម Mohammad Hamid Ansari អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ សាធារណរដ្ឋឥណ្ឌា ផ្ញើជូន សម្តេចតេជោ ហ៊ុន សែន


សម្តេច​តេជោ អញ្ជើញ​ពិនិត្យ​ដំណើរ​ការ​នៃការ​សាង​សង់​មេន បូជា​សព​សម្តេច​អគ្គ​មហា​ធម្ម ពោធិសាល ជា ស៊ីម នៅមុខ​វត្តបុទុមវតី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង អនុប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសព បានអញ្ជើញ​ត្រួត​ពិនិត្យទីតាំង សាង​សង់​មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន​ព្រឹទ្ធ​​សភាជាតិ នៃព្រះរាជា​ណា​ចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានទីតាំង​ស្ថិត​នៅមុខវត្តបុទុមវតី ខណ្ឌដូនពេញ រាជធានីភ្នំ​ពេញ នៅរសៀល​ថ្ងៃទី១៥ ខែមិថុនា ​​​។   
នៅក្នុងឱកាសនៃការអញ្ជើញចុះ​ត្រួត​ពិនិត្យ​ដល់ទីកន្លែង នៃការសាងសង់​មេនបូជា​សព​សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី បាន​ពិនិត្យ​យ៉ាងយក​ចិត្តទុកដាក់​ទៅលើគំរោងប្លង់មេ ដែលរៀបចំរចនាដោយក្រុមហ៊ុន​សំណង់។ តាមរយៈនោះ​ដែរ​សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់​ក្រុមហ៊ុនសំណង់​ត្រូវយកចិត្ត​ទុក​ដាក់​រៀបចំ កសាង​មេនបូជា​សពស្របតាមរចនាបទខ្មែរ និងមានលក្ខណៈ​បច្ចេក​ទេសរឹងមាំ។ ជាមួយគ្នានេះ​សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី​ បានដាក់នូវវិធានការមុតមាំ ដល់ក្រុម​ហ៊ុនសាងសង់ធ្វើយ៉ាងណា ខិតខំសាងសង់​មេនបូជាសពសម្តេច​អគ្គ​មហាធម្មពោធិសាល ជា ស៊ីម ឲ្យបានហើយ​រួចរាល់​ទៅតាមពេលវេលា​ដែលបាន​គ្រោងទុក ពិសេសត្រូវ​រៀប​ចំកសាងនូវសោភណ​ភាពឲ្យមាន​លក្ខណៈ​ស្របបំព្រង និងប្រកបទៅដោយការ​ទាក់ទាញ សក្តិសមទៅ​នឹងកត្តិនាមដ៏ឧត្តង្គ​ឧត្តម​របស់សម្តេចអគ្គ​មហាធម្មពោធិសាល ជា ស៊ីម ដែលក្នុងមួយជីវិតរបស់សម្តេច សម្តេចបាន​បូជានូវ​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការបំរើជាតិ សាសនា ព្រះមហាក្សត្រ​រហូតដល់ដំណាក់កាលចុងក្រោយដែលគ្មាន​ការវិលត្រឡប់វិញ​បាន​នោះ។
សូម បញ្ជាក់ដែរថា មេនបូជាសពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ត្រូវបាន​ក្រុម​ហ៊ុនសំណង់ បានខិតខំ​កសាងយ៉ាងសំរិតសំរាំង ស្របទៅតាមស្តង់ដានិងរចនាបទខ្មែរ ពិសេស​​ការសាងសង់នូវសោភណភាពនៅ ជុំវិញបរិវេណនៃទីកន្លែងបូជាសព តាមរយៈការ​តុបតែងភ្លើងពណ៌ផ្កាភ្ញីផ្សេងៗ។ បើតាមការអះអាងពីក្រុមហ៊ុនសាងសង់បានឲ្យដឹងថា មេន​បូជា​សព​ដែលបាន​សាងសង់​រយៈពេលជិត១សប្តាហ៍មកនេះ រាល់​សំ​ណង់​ដែល​ជាផ្នែក​រឹង​ស្ទើរ​តែបញ្ចប់ការងារ​សាងសង់រួចរាល់​ហើយ នៅឡើយតែការតុបតែងលំអនិងការកែ​សំរួល​នៅតាមបណ្តា​ផ្នែកមួយចំនួន នៃទីតាំងបូជាសពទាំងមូល។ តំណាងក្រុម​ហ៊ុនក៏​បាន​បញ្ជាក់​ដែរថា រាល់សំណង់ទាំងអស់នៃការដ្ឋានសាងសង់មេនបូជាសព សម្តេចអគ្គ​មហា​ធម្មពោធិ​សាល ជា ស៊ីម នឹង​បញ្ចប់​ទៅតាមពេលវេលាដែលបានគ្រោងទុក។  សូម​បញ្ជាក់​ដែរ​ថា សម្តេច​​អគ្គមហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា​និងជាប្រធានគណ​បក្សប្រ​ជាជន​កម្ពុជា បានទទួលមរណភាពកាលពីវេលាម៉ោង​៣និង៤៥នាទី រសៀលថ្ងៃទី​៨មិថុនាឆ្នាំ២០១៥ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។
សពសម្តេចអគ្គ​មហា​ធម្មពោធិ​សាល ជា ស៊ីម បាន​ប្រារព្ធតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងត្រូវបានអនុញ្ញាតឲ្យ​គណៈ​ប្រតិភូ​ជាន់ខ្ពស់ជាតិ អន្តរជាតិ ចូលគោរពវិញ្ញាណ​ក្ខន្ធ​ពីថ្ងៃទី​១០ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែមិថុនា ជា​មួយ​គ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវ​អនុ​ក្រិត​ដោយកំណត់យកថ្ងៃទី១៩មិថុនា ជាថ្ងៃបុណ្យកាន់ទុក្ខជា​ផ្លូវការ ចំពោះសពរបស់​សម្តេច​អគ្គមហា​ធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណ​បក្ស​ប្រជាជនកម្ពុជា។ សូមបញ្ជាក់ដែរថា សពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នឹងប្រារព្ធពិធីដង្ហែ ចាក​ចេញ​ពីភូមិគ្រឹៈចំការមន មកប្រារព្ធពិធីបូ​ជាសពជាផ្លូវការ​នៅថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៥ នៅសួន ឧទ្យានមុខវត្តបុទុមវតី រាជធានីភ្នំពេញ។ ​
ក្នុងការសាងសង់មេនបូជាសព និងទីតាំងនៃកន្លែង​ប្រារព្ធពិធីបូជាសព សម្តេចអគ្គមហាធម្ម​ពោធិសាល ជា ស៊ីម រហូត​មកដល់​ពេល​នេះ ជិត​បញ្ចប់ការសាង​សង់១០០%ហើយ។
សូមបញ្ជាក់​ដែរថា ក្នុងសារ​លិខិត​របស់សម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឡើង​កាលពីថ្ងៃទី៨មិថុនា បានចាត់ទុកថា មរណភាព​របស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ​ប្រធាន​ព្រឹទ្ធសភា និងជាប្រធានគណបក្ស​ប្រជាជនកម្ពុជា គឺជាការបាត់បង់ដ៏ធំធេងរបស់សង្គមជាតិកម្ពុជាទាំង​មូល​។ សម្តេចតេជោ​មានជំនឿយ៉ាងមុតមាំថា ប្រជាជនកម្ពុជាគ្រប់រូបនឹងចងចាំជានិច្ច នៅក្នុងក្រអៅបេះ​ដូង នូវ​គុណូបការៈដ៏ប្រពៃថ្លៃថ្លារបស់សម្តេចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមាតុភូមិ​ជាទី​ស្នេ​ហា នៃយើង ដែលនេះគឺជាគំរូវីរភាព​ដ៏ឧត្តុង្គឧត្តម​បំផុត សម្រាប់ប្រជាជាតិខ្មែរទាំង​មូល​ចង​ចាំមិនអាចបំភ្លេច​បាន ៕ 




សារលិខិតរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង គោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា


សារាចរស្តីពីការអនុញ្ញាត ឲ្យមន្ត្រីរាជការទាំងអស់ បានឈប់សម្រាក ពីការងារនៅថ្ងៃបូជាសពសម្តេច ជា ស៊ីម