Thursday, July 24, 2014

ប្រទេសបារាំងស្វាគមន៍កិច្ចព្រមព្រៀងរវាងគណបក្សដឹកនាំរដ្ឋាភិបាល និងគណបក្សប្រឆាំង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នៅថ្ងៃទី២៤ ខែកក្កដា នេះបានប្រទេសបារាំង បានបង្ហាញជា ផ្លូវការនូវការគាំទ្ររបស់ខ្លួន ចំពោះកិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយដ៏មានសារសំខាន់ បំផុត រវាងគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ កន្លងមក នោះ។
ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៤ បានចេញសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសបារំាង ធ្វើនៅប៉ារីស៍ ថ្ងៃទី២៣ ខែកក្កដា ​ឆ្នាំ​២០១៤ ដែលបាននិយាយថា «ប្រទេសបារាំងសូមស្វាគមន៍កិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើង​កាល​ពី​ថ្ងៃ​ទី២២ ខែកក្កដា​ ឆ្នាំ២០១៤ រវាង​គណបក្ស​ដឹក នាំរដ្ឋាភិបាល និងគណបក្សប្រឆាំង នៃប្រទេសកម្ពុជា។​
អំណឹះតទៅ​​ វាជាពេលដែលអ្នក​នយោបាយខ្មែរធ្វើការរួមគ្នាក្នុងន័យស្ថាបនា ដើម្បីអនុវត្ត​ន៍កិច្ច​ព្រម​ព្រៀង​នេះ ​និងដើម្បីអភិវឌ្ឍលទ្ធិ​ប្រជា​ធិប​តេយ្យ សេដ្ឋ​កិច្ច​ និងសង្គម របស់ជាតិ។​
ប្រទេសបារាំងនឹងបន្តគាំទ្រប្រទេសកម្ពុជា ដើម្បីជួយប្រទេសនេះ ពង្រឹង​ស្ថាប័នប្រជាធិប​តេយ្យនានា​​របស់​ខ្លួន។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយ CPP និង CNRP នោះរួម មាន៖ប្រការ ១-គណបក្សទំាងពីរបានឯកភាពគ្នាលើដំណោះស្រាយនយោបាយដោយចូលរួមធ្វើការជាមួយគ្នានៅក្នុង  ស្ថាប័នរដ្ឋសភា ដើម្បីឈានទៅ ដោះស្រាយ បញ្ហានានារបស់ប្រទេសជាតិ ស្របតាមគោលការណ៍នៃលិទ្ធប្រ ជាធិបតេយ្យ និងនីតិរដ្ឋ។
ប្រការ២-ផ្អែកតាមស្មារតី នៃសេចក្តីប្រកាសរួមនៃ ជំនួបកំពូលរវាង CPP និង CNRP កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ គណបក្សទំាងពីរបានឯកភាពគ្នា ដើម្បីកែទម្រង់ការបោះឆ្នោតដោយរៀបចំ ស្ថាប័នរៀបចំការ បោះឆ្នោតជាស្ថាប័ន ដែលមានឯករាជ្យពេញលេញ ដោយបានចែងក្នុងជំពូកមួយដោយ ឡែកក្នុងរដ្ឋធម្មនុញ្ញ ហើយសមាសភាពស្ថាប័ន នេះត្រូវជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិក រដ្ឋសភាទំាងមូល។
សមាសភាពគណៈកម្មាធិការជាតិរៀបចំលើការបោះឆ្នោតមានចំនួន០៩រូប ក្នុងនោះមាន សមាសភាព០៤ រូប ជ្រើសរើសដោយ គណបក្សដឹកនាំរាជរដ្ឋាភិបាល សមាសភាព០៤ រូប ជ្រើសរើសដោយ គណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមក្នុងរាជរដ្ឋាភិបាល ហើយសមាសភាព០១រូប ទៀតគឺត្រូវ ជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្ស ដែលមានអាសនៈក្នុង រដ្ឋសភា។
គណៈកម្មាធិការអចិន្រៃ្តយ៍ នៃរដ្ឋសភា ត្រូវដំណើការរៀបចំឲ្យមានការជ្រើសរើសដោយបើកចំហ និងតម្លាភាព នូវ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ជូនរដ្ឋសភា ដើម្បីបោះឆ្នោតទុកចិត្ត។ក្នុងករណី ដែលខកខានមិនបានរៀបចំសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សមាសភាពគណៈកម្មា- ធិការជាតិ រៀបចំការបោះឆ្នោត ដែលមានស្រាប់ត្រូវបន្តការងាររបស់ខ្លួនតទៀត និង មានសមត្ថកិច្ច ដើម្បីចាត់ ចែងរៀបចំការបោះឆ្នោតតាមច្បាប់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានថវិកាស្វយ័តសម្រាប់ ដំណើរការ ។
គណបក្សទំាងពីរឯកភាពគ្នាឲ្យគណៈកម្មការចម្រុះ ដែលមានស្រាប់ បន្តពិភាក្សាគ្នារៀបចំក្របខណ្ឌកំណែ ទម្រង់ការបោះឆ្នោត នាពេលខាងមុខ ស្របតាមសេចក្តីប្រកាសរួមរវាងក្រុមការងាររវាងCPP និងក្រុមការងារ CNRP កាលពីថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៤ ក្នុងនោះដោយ រួមទំាងការរៀបចំបញ្ជី ឈ្មោះបោះឆ្នោតជាថ្មី។
ប្រការ៣-គណបក្សទំាងពីរឯកភាពគ្នាកំណត់ឡើង នូវកាលបរិច្ឆេទសម្រាប់ការ បោះឆ្នោតនាពេលខាងមុខ។
ប្រការ៤-គណបក្ស ទំាងពីរឯកភាពគ្នា ក្នុងការរៀបចំឲ្យមានការបែងចែកអំណាចដាច់ពីគ្នារវាងអំណាច នីតិប្បញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ។ គណបក្សទំាំងពីរឯកភាពគ្នា ធ្វើការសិក្សាដើម្បីឈានទៅធ្វើវិសោធន  កម្ម បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដើម្បីឲ្យស្ថាប័ននេះអាចបំពេញតួនាទីរបស់ខ្លួនបានត្រឹមត្រូវ និងកាន់តែមាន ប្រសិទ្ធភាព ក្នុងនោះលើកកម្ពស់តួនាទី និងសិទ្ធិអំណាចរបស់គណបក្សមាន អាសនៈក្នុងរដ្ឋសភាដែលមិន ចូលរួមក្នុងរាជរដ្ឋាភិបាល ស្របតាមរដ្ឋធម្ម នុញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
គណបក្សទំាំងពីរឯកភាពគ្នា រៀបចំក្បាលម៉ាស៊ីរដ្ឋសភា ដោយបែងចែកតួនាទីដឹកនាំនៅក្នុងគណៈកម្មាធិការ អចិន្រៃ្តយ៍នៃរដ្ឋសភា តាមរូបមន្ត៧ ទល់៦ ដោយត្រូវបង្កើតបន្ថែមគណៈ កម្មការជំនាញថ្មីមួយទៀត ហើយ ដោយមានប្រធានរដ្ឋសភាមកពីCPP អនុ ប្រធានទី១ មកពី CNRP និងអនុប្រធានទី២ មកពីCPP។
គណៈកម្មការដែលបង្កើតថ្មីជាគណៈកម្មការទី១០ មានឈ្មោះថា គណៈកម្មការអង្កេតបោសសម្អាតនិងប្រឆាំង អំពើពុករលួយ ដោយបំបែកចេញពីគណៈកម្មការទី៤ ហើយដូរឈ្មោះគណៈកម្មការទី៤ មកជាគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។ គណៈកម្មការ ដែល CPP ជាប្រធាន និងធ្វើជាលេខា ធិការ រួមមានគណៈកម្មការទី២ គណៈកម្មការទី៤ គណៈកម្មការទី៥ គណៈ កម្មការទី៦ និងគណៈកម្មការទី៩។
គណៈកម្មការ ដែល CNRP ធ្វើជាប្រធាន និងធ្វើជាលេខាធិការរួមគណៈកម្មការទី១ គណៈកម្មការទី៣ គណៈកម្មការ ទី៧ គណៈកម្មការទី៨ និងគណៈកម្មការទី១០។ គណៈកម្មការនីមួយៗមាន០៩ រូប។ គណៈកម្មការដែលគណបក្សណាធ្វើជាប្រធាន គណបក្សនោះមាន ០៥ រូប និងគណបក្សមួយទៀតមាន០៤ រូប។
ប្រការ៥-គណបក្សទំាងពីរ ឯកភាពគ្នាពិនិត្យរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា។
ប្រការ៦-គណបក្សទំាងពីរឯកភាពគ្នាធ្វើការកែទម្រង់ និងពង្រឹងស្ថាប័នជាតិសំខាន់ៗ ជាពិសេសស្ថាប័ន ឯករាជ្យនានាឲ្យអាចបំពេញការងារបម្រើជាតិនិងប្រជាពលរដ្ឋស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ និងប្រការទី៧-គណបក្សទាំងពីរឯកភាពគ្នាក្នុងការសិក្សា ដើម្បីឈានទៅ ធ្វើ  វិសោធនកម្មបទដ្ឋានគតិយុត្ត ពាក់ព័ន្ធដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀង នេះ៕
ដោយ ជ័យ ភូមិពល

នាវា SEA PRINCESS នាំភ្ញៀវជិត២.០០០នាក់ចូលចត​នៅកំពង់ផែ​អន្តរជាតិក្រុងព្រះសីហនុ

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ លោក ស៊ាង ឡេង ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែ ​អន្តរជាតិ​ក្រុង ព្រះ​សីហនុ​បាន​ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤នេះ នាវា SEA PRINCESS សញ្ជាតិ BARNUDA ដែលធ្វើដំណើរមកពីប្រទេសវៀតណាម បានចូលមកចតនៅកំពង់ផែអន្តរជាតិ ក្រុង ព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច រយៈពេលមួយថ្ងៃ មុនពេលចេញដំណើរទៅកាន់ប្រទេសថៃនៅរសៀលថ្ងៃ ដដែលនោះ។

នាវា SEA PRINCESS មានបណ្តោយ២៧១ ម៉ែត្រ ទទឹង៣២ ម៉ែត្រ មាន​នាវិក​បម្រើការចំនួន៨៥៩ នាក់ និងមាន ភ្ញៀវ​ទេសចរ​ចម្រុះជាតិសាសន៍ ចំនួន១.៩៦៦ នាក់ និងចំនួន​១៩ សញ្ជាតិ​ផ្សេងគ្នា ហើយភ្ញៀវ​​ដែលមានច្រើន ជាងគេមានគឺសញ្ជាតិអូស្រ្តាលីចំនួន១.៧១៦ នាក់ ស្វាស៊ីឡង់ចំនួន៧៩ នាក់ អង់គ្លេសចំនួន៧៣ នាក់ និង​ក្រៅ​ពីនោះមានសញ្ជាតិផ្សេងៗទៀត។

លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែ​អន្តរ​ជាតិ​ ក្រុងព្រះ​សីហនុ​បាន​ឲ្យដឹង​ថា នៅពេលដែលមាននាវា ទេសចរណ៍បរទេសចូលមកម្តងៗ យើង បានជួយ​សម្រួលការងារសព្វបែបយ៉ាង ដើម្បី​ឲ្យ​ភ្ញៀវមានពេលវេលា វែង ក្នុង ការទៅទស្ស​នា​នៅ​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្រ្ត ដូចជា​ព្រះបរម​​រាជវាំង សារមន្ទីរជាតិ វត្តភ្នំ​ក្នុងរាជធានី​ភ្នំពេញ និងទៅ​កម្សាន្ត​នៅប្រាសាទអង្គរ ខេត្ត សៀមរាប ក៏ដូចជារមណីយដ្ឋាននានា​ក្នុង​ខេត្តព្រះ​សីហនុផងដែរ ដោយមិន​ឲ្យមាន​ការរាំង​ស្ទះ​ ដើម្បីឲ្យភ្ញៀវអាចវិលត្រឡប់មក​ទាន់​ពេល​វេលា ដែលការ នេះជាការផ្តល់ជំនឿទុកចិត្តឲ្យភ្ញៀវ​ចង់មកលេងកម្សាន្តនៅកម្ពុជា ម្តងហើយ ម្តងទៀតនោះ។

លោក សេង ខា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងផង ដែរថា ក្នុង​រយៈ​ពេល៦ខែដើម ឆ្នាំ២០១៤ នេះ មាននាវាទេសចរណ៍បរទេស ចូលចតធ្វើទស្សកិច្ចនៅ​ខេត្ត​ព្រះសីហនុចំនួន២១ លើក និងមានភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន១១.៣៣០ នាក់៕
ដោយ ងូ សុមុនី

អាល្លឺម៉ង់ផ្ដល់ហិរញ្ញប្បទាន៦៤លានដុល្លារអាម៉េរិកសម្រាប់អនុវត្តន៍គម្រោងបីនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤​  កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ឆ្នាំ២០១៣ និងកិច្ចព្រម ព្រៀងស្ដីពី​កិច្ច​​សហប្រតិបត្តិការបច្ចេកទេស ឆ្នាំ២០១៣ ដែលមានទឹកប្រាក់ចំនួន៦៤លាន​ដុល្លារ ​អា​ម៉េរិកសម្រាប់អនុវត្តន៍វិស័យជាអាទិភាពចំនួន០៣ នៅកម្ពុជា ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដម​ គាត ឈន់ ឧប​នាយករដ្ឋមន្ត្រីប្រចាំការ អនុ​ប្រ​ធា​នទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯក​ឧត្ដ​ម​ Joachim Baron   Von Marcshall ឯកអគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ ២០១៤ នៅក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុ​ជា​។

កិច្ចព្រមព្រៀងទាំងពីរ ដែលបានចុះហត្ថលេខានេះមានហិរញ្ញប្បទាន សរុប៤៧,០៥ លា​ន​អឺរ៉ូ សមមូលនឹង៦៤ លានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការអនុវត្ត​គម្រោង​ក្នុងវិស័យអាទិភាពទាំងបី នៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-អាល្លឺម៉ង់ ដែលរួមមានវិស័​យ​សុខាភិបាល វិស័យអភិវឌ្ឍន៍ជនបទ និង អភិបាលកិច្ច (ដូចជាយេនឌ័រ កំណែទម្រង់​រដ្ឋ​បា​ល និងការអភិវឌ្ឍតាមបែបប្រ ជាធិតេយ្យថ្នាក់ក្រោមជាតិ) ដែលសុទ្ធសឹង​ជាវិស័យអាទិភាព​របស់​រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការអនុវត្តឲ្យបានសម្រេចនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា ប្រកបដោយចីរភាព បរិយាប័ន្ន និងសមធម៌ ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុ កោណដំណា​ក់​កាលទី៣។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង២ នេះក៏ ជាការអនុវត្តលទ្ធផល​នៃ​កិច្ច​ចរចា​កម្ពុជា-​អាល្លឺម៉ង់ នាថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញផងដែរ។

រដ្ឋាភិបាល នៃសាធារណរដ្ឋអាល្លឺម៉ង់បានផ្ដល់ហិរញ្ញប្បទាន​ឥតសំ​ណ​ង សរុបប្រមាណ៤៣២ លានដុល្លារ​អាម៉េរិក។ ហិរញ្ញប្បទាននេះមិនតំណាងឲ្យ​ទំ​ហំ​ហិរញ្ញប្បទានទាំងអស់របស់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់​នោះឡើយ ព្រោះថាអាល្លឺ​ម៉​ង់​​បានផ្ដល់ធនធានដល់សហគមន៍អឺរ៉ុប ដែលមានប្រមាណ២០% នៃធនធានសរុប​របស់​សហ​គ​​ម​ន៍អឺរ៉ុប និងបានផ្ដល់ដល់ស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ និងស្ថាប័នពហុភាគីជាច្រើនទៀត ដូចជា​​ ធនាគារពិភពលោក ធនាគារ អភិវឌ្ឍន៍អាស៊ី និងអង្គការសហប្រជាជាតិជាដើម។ លើ​ស​ពីនេះ អាល្លឺម៉ង់បាន និងកំពុងអនុវត្តន៍កម្មវិធីថ្នាក់តំបន់ និងកិច្ចសហប្រតិបត្តិការត្រីកោណជាច្រើន ទៀត។

ហិរញ្ញប្បទានទាំងនេះបានបំពេញបន្ថែមឲ្យហិរញ្ញប្បទាន ដែលបានផ្ដល់ ក្នុង​ក្រប​ខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ផងដែរ៕
ដោយ ជឹម ណារី

ឯកឧត្តម មិន ឃិន សម្ពោធអគាររដ្ឋបាល​ថ្មីមន្ទី​រ​ធម្មការ​និង​សាសនា​ខេត្តពោធិ៍សាត់

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ អគាររដ្ឋបាលថ្មីរបស់មន្ទីរធម្មការនិងសាសនា  ខេត្តពោធិ៍សាត់ដែលទើប កសាងរួចរាល់បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣    ខែ កក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្តម មិន ឃិន រដ្ឋមន្រ្តី​ក្រសួង ធម្មការ និងសាសនា និងឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តពោធិ៍សាត់ ដោយ មានការនិមន្តចូលរួមពីព្រះវិចិត្រព្រម្មធរយហថេរោ យ៉ែម ហន ព្រះមេគណខេត្ត ព្រះសង្ឃ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងប្រធាន អនុប្រធានមន្ទីរនានា ក្នុងខេត្តមួយ​ចំនួន​ទៀត។

ឯកឧត្តម មិន ឃិន និងឯកឧត្តម ម៉ៅ ធនិន បានថ្លែងកោតសរសើរដល់ មន្ទីរធម្មការ ​និង​សាសនា​ខេត្ត ដែល បានខិតខំតស៊ូឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងទម្រាំមានកន្លែង​ធ្វើការ​ថ្មី មានអគារសមរម្យនិងទីធ្លាធំទូលាយ ល្អប្រសើរ ជាងមុនបែបនេះ។ អគាររដ្ឋបាលថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ស្របពេល ដែលខេត្តពោធិ៍សាត់ កំពុងតែរៀបចំកែលម្អសោភ័ណភាពក្រុង ដើម្បីឈានទៅប្រកួតប្រជែងទីក្រុងស្អាតជាមួយបណ្ដាខេត្តផ្សេងៗ ទៀតនោះ។

ក្នុងឱកាសនោះ គណៈអធិបតីបានចែកថវិកាជូនលោកតាលោកយាយ ចំនួន៣០ នាក់ ម្នាក់ទទួលបាន៥.០០០ រៀល និងប្រគេនទេយ្យទានដល់វត្ត ចំនួន ០៣ គឺវត្តមណីរតនារាម វត្តសូរិយា និង​វត្តមុនីវង្សារាម(វត្ត​ធម្មយុត្តិ)​ក្នុង មួយវត្តទទួលបានអង្ករ៥០ គីឡូក្រាម ទឹកក្រូច០១ កេស ទឹកបរិសុទ្ធ០២ យួរ ទឹកត្រី០១ យួរ​ ទឹកស៊ីអ៊ីវ០១ យួរ និងមី០១ កេសផងដែរ៕
ដោយ ណៅ ធឿន

ជំរុញចលនាភូមិមួយផលិតមួយគឹលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជនបទ

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ​ឯកឧត្តម កែវ មុយ​ថង អគ្គលេខាធិការរង​ចលនា​ភូមិ​មួយ​ផលិតផល​មួយ នៃ​ក្រុមប្រឹក្សា​ស្ដារ ​និង​​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទបានឲ្យដឹងថា ​ការងារ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ គឺ​ដើម្បីលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ តាមរយៈ​ការលើកស្ទួយ​ផលិតផល​​ក្នុងស្រុក និង​ការ​វេច​ខ្ចប់​ប្រកបដោយ​គុណភាព សោភ័ណភាពនៃផលិតផល​កសិកម្ម និង​សិប្បកម្ម​នានា ដែលអាច​ឆ្លើយតប​នឹ​ង​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​មូល ដ្ឋានផងដែរ​។​
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅសាលាខេត្ត បន្ទាយមានជ័យ​ ឯកឧត្តម កែវ មុយ​ថង បានបញ្ជាក់ទៀតថា ចលនាភូមិមួយផ​លិតមួយនឹង​រួមចំណែកកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ​ស្របតាម គោលដៅ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គឺធានាសម្រេចឲ្យបាននូវការ​កាត់បន្ថយអត្រានៃភាព ក្រីក្រឲ្យលើសពី១% ក្នុងមួយឆ្នាំ។ ​លើកកម្ពស់​ផលិតផល​ជា​វប្បធម៌​ប្រពៃណី​នៅ​មូលដ្ឋាន​ និង​កែច្នៃ​ផលិតផល រួមមានផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម​នានា ​​កាត់បន្ថយ​ការធ្វើចំណាកស្រុករបស់ប្រជាជន ជាពិសេសយុវជន និង​​អភិវឌ្ឍន៍​សេដ្ឋកិច្ចគ្រួ​សារ និង​សហគមន៍​។​
អភិបាលរង​ខេត្ត​​​បន្ទាយមានជ័យ ឯកឧត្តម អោម ចន្ថា ​​បានលើកបង្ហាញ នូវ​សក្ដានុពល​ច្រើន​វិស័យរបស់ខេត្ត ហើយបាន​ស្នើឲ្យអាជ្ញាធរ​ដែនដី មន្ដ្រី​ជំ នាញ និង​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​ផ្នែក​ឯកជន​ចូលរួម​ក្នុងការងារ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ឲ្យសម្រេចបានជោគជ័យ។​
មន្ដ្រី​មន្ទីរ ​អង្គភាព និង​ស្រុក​-ក្រុង​ពាក់ព័ន្ធបាន​លើកយក​លក្ខណៈពិសេស នៃ​ចលនាភូមិ​មួយ​ផលិតផល​មួ​យមក​ដាក់ជូន​អង្គប្រជុំ​ពិភាក្សា​ដូចជា ផលិតផល​សូត្រ ​ស្រុក​ភ្នំស្រុក ផលិតផល​ថ្ម​ចម្លាក់ ​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ផលិតផល​ឧបករណ៍ប្រើប្រាស់ ពិសេស​ឧបករណ៍​នេសាទ​ធ្វើ​ពី​ឫស្សី នៅ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរីជាដើម ដែល​ត្រូវ​ជំរុញ​​ឲ្យដំណើរ​ការរីក​ចម្រើនប​ន្ត ​ដើម្បីចូលរួម ក្នុងការ​ប្រឡងប្រណាំងចលនា ភូមិ មួយផលិតផលមួយនេះ៕
ដោយ ឈុន សារ៉ាត

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់​ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ៥៣រូប

AKP ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤​ កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤​ នៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុមានរៀប​ចំពិធី​ប្រ​កាស​ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិចំនួន៥៣ រូប ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ យុង ឈុន្នី អគ្គស្នងការ រងនគរបាលជាតិ និងឯកឧត្តម ឈិត សុខុន អភិ​បាល​ខេត្តព្រះសីហនុ ។
ឯកឧត្តមនាយឧត្តមសេនីយ យុង ឈុន្នី បានពាំនាំការផ្តាំផ្ញើសាក​សួរ សុខទុក្ខពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាល    ជាតិ និងបានកោត សរសើរចំពោះលទ្ធផល ដែលស្នងការនគរបាលខេត្តសម្រេចបានក្នុងដើម ឆ្នាំ ២០១៤ ដែលបានធ្វើឲ្យបទល្មើសមានការថយចុះ និងបង្ក្រាបបាន៨០% ដោយមានការសហការឯកភាពគ្នាបានល្អ និងមានការចូលរួមពីគ្រប់អង្គភាព មន្ទីរពាក់ពន្ធនានា និងពីប្រជាពលរដ្ឋទើបសម្រេចបាននូវលទ្ធផលដូចនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍បានផ្តាំផ្ញើដល់មន្ត្រីនគរបាល ដែលទើប ទទួលបានតួនាទីថ្មី ត្រូវខិតខំអនុវត្តន៍​គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងធ្វើវេទិកាសាធារណៈឲ្យបានញឹកញាប់ ដើម្បីបម្រើសេវាជូន ប្រជាពលរដ្ឋ ចៀសវាងយកកម្រៃសេវាលើស ជាហេតុធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រ ជាពលរដ្ឋ។ កងកម្លាំងនគរបាលត្រូវគោរពតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ត្រូវផ្លាស់ប្តូរឥរិយាបទការ​ងារ កាយវិការ សីលធម៌ក្នុងការងារ សុភាពរាបសារតែម៉ឺងម៉ាត់ ហើយត្រូវអនុវត្តន៍តាមបទបញ្ជា និងយកច្បាប់ជា គោល។
ឯកឧត្តមនាយឧត្តមសេនីយ៍មានប្រសាសន៍បន្តទៀតថា កងកម្លាំងនគរ បាលគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្ត ទុកដាក់ក្នុងការបង្កើនសមត្ថភាព ចំណេះ ដឹងថ្មីៗបន្ថែមទៀត ទាំងជំនាញបច្ចេកទេស និងចំណេះដឹងផ្នែក ភាសា ព្រោះខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍មួយសំខាន់ ដែលមានសក្តានុពលផ្នែក កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកលេងកម្សាន្តកាន់តែច្រើនឡើង  ជារៀងរាល់ឆ្នាំ។ ត្រូវមាន សាមគ្គីភាពជាមួយមន្រ្តីក្រោមឱវាទ ប្រកបដោយគុណធម៌ សីលធម៌ល្អ ចូលរួម យ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និង​​​ការទប់ស្កាត់ បង្ក្រាបបទល្មើសទាំងឡាយ ក្នុងដែនសមត្ថ កិច្ចរបស់ខ្លួនក្នុងមូលដ្ឋាន។ ត្រូវធ្វើកិច្ចសហ​ប្រតិបត្តិការជាមួយ អង្គភាព មន្ទីរ ពាក់ពន្ធ ដើម្បី​នាំមក​នូវ​ភាព​ជោគជ័យ នៃការកែទម្រង់ ពិសេសការសហការជាមួយមន្រ្តីកងរាជ អាវុធហត្ថ កងយោធពល​ខេមរភូមិន្ទ និងសាលាដំបូងខេត្ត ដើម្បីធ្វើឲ្យការអនុវត្តការងារទទួលបានប្រសិទ្ធភាព តម្លាភាព និងមានការជឿ ជាក់ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសសម្រាប់ភ្ញៀវទេសចរផង ដែរ។
ពិធីនេះបានប្រកាសតែងតាំងស្នងការរងនគរបាល០១ រូប និងផ្ទេរភារ កិច្ចស្នងការរង០៣ រូប តែងតាំងមុខ តំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រី នគរបាលជាតិ នៃស្នងការដ្ឋាននគរ​បាល​ខេត្ត​ព្រះ​​សីហនុចំនួន៤៩ រូប៕
ដោយ ងូ សុមុនី

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមាន​ចាត់វិធានការ​ប្រឆាំង​មន្ត្រី​របស់ខ្លួន​ដែល​មិន​មក​ធ្វើការ

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​ទើប​ឡើងកាន់ តំណែង ​ថ្មី លោក សាយ សំ​អាល់ បាន​អះអាងថា នាពេល​បច្ចុប្បន្ន មន្ត្រីរាជការ​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​របស់លោក​មួយចំនួន មិនដែល​មក​ធ្វើការ​នោះទេ ពោលគឺ​ចាំតែ​បើក​ប្រាក់ខែ​តែប៉ុណ្ណោះ។  លោក​រដ្ឋមន្ត្រី​វ័យក្មេង បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​ទាំងនោះ។ 

ទើបតែ​មាន​អាយុ ៣៤ ឆ្នាំ និង​ឡើងកាន់តំណែង​មិនទាន់បាន​មួយឆ្នាំ​ត្រឹមត្រូវ​ផង​នោះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​មន្ត្រី​ទាំងឡាយណា ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួងបរិស្ថាន ហើយ​មិន​មក​ធ្វើការ។ បើតាម​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន​មន្ត្រី​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​នេះ​ទាំងអស់​មាន​ចំនួន​តែ ៥០០ នាក់​ប៉ុណ្ណោះ ហើយ​ក្រសួង​កំពុងតែ​ត្រូវការ​បុគ្គលិក​បន្ថែម។ 

នៅក្នុង​សន្និសីទ​ការ​សែត​លើក​ទី ១ ជាមួយ​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក សាយ សំ​អាល់ បានបញ្ជាក់​ដូច្នេះ​ថា៖« មន្ត្រី​របស់​យើង​មិន​មក​ធ្វើការ ក៏មាន​ច្រើន​ដែរ តែ​ឥឡូវ​យើង​កំពុងធ្វើការ​ជាមួយ​គាត់។ ពេលខ្លះ​យើង​មិនទាន់បាន​ផ្ទេរ​ភារកិច្ច​ដល់​គាត់ តែ​មន្ត្រី​ខ្លះ​ក៏​គាត់​ខ្ជិល គាត់​មិន​មក​ធ្វើការ។ បន្តិចទៀត​យើង​នឹងមាន​វិធានការ​ចំពោះ​គាត់»។

លោក​រដ្ឋមន្ត្រី ដែលជា​កូនប្រុស​លោក សាយ ឈុំ រូបនេះ បាន​អះអាងថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​ក្រោម​ការដឹកនាំ​របស់លោក កំពុង​ធ្វើ​ទំនើបកម្ម​ថ្មី។ ទំនើបកម្ម ដែល​លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់ថា ចាប់ផ្តើម​ពី​ការ​និត្យ​លើ​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ​ដែល​បម្រើកា​រងារ​នៅក្នុង​ស្ថាប័ន​នេះ តាមរយៈ​ការផ្តល់ប្រាក់​បេសកម្ម ការគ្រប់គ្រង​ចំណូល​របស់​ក្រសួង ផ្តល់ប្រាក់​លើកទឹកចិត្ត និង​តម្លើង​ប្រាក់ខែ​តាមរយៈ​ពេលវេលា​នៃ​ការធ្វើការ។ 
តែ​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ដដែល បាន​និយាយថា ការធ្វើ​ទំនើបកម្ម​ក្រសួងបរិស្ថាន​នេះ មិនមែន​មានន័យថា រដ្ឋមន្ត្រី​ដែល​គ្រប់គ្រង​ក្រសួង​នេះ​មុន មិនបាន​គិតគូរ​ពី​បញ្ហា​នេះឡើយ ឬ​ធ្វើ​មិនបាន​ល្អ​ឡើយ។ លោក​ថា អ្វីដែល​លោក​ធ្វើ​ពេលនេះ គ្រាន់តែ​ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​តែប៉ុណ្ណោះ។

សូម​រម្លឹកថា កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ លោក សាយ សំ​អាល់ កូនប្រុស​របស់លោក សាយ ឈុំ អគ្គលេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​នីតិកាល​ទី ៥ តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ជំនួស​លោក ម៉ុក ម៉ារ៉េត។ លោក សាយ សំ​អាល់ ដែល​ពេលនេះ មាន​អាយុ ៣៤ ឆ្នាំ គឺជា​រដ្ឋមន្ត្រី​ក្មេង​ជាងគេ​នៅក្នុង​រដ្ឋាភិបាល​អាណត្តិ​នេះ។

តាមពិត​ទៅក្នុង​អាណត្តិ​ទី ៥ នេះ លោក សាយ សំ​អាល់ ក៏បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​កំពង់ចាម​ផងដែរ តែ​លោក​មិនបាន​ជាប់ឆ្នោត​នោះទេ។ លោក​រដ្ឋមន្ត្រី កើត​នៅ​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៨០ បានទទួល​ការអប់រំ​ផ្នែក​បរិស្ថាន នៅក្នុង​ប្រទេស​អូ​ស្រា្ត​លី៕

ដោយ ជា ធីរិទ្ធ, thmeythmey

តារាងលេខទូរស័ព្ទមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួួយទទួលបន្ទុកសង្កេតការណ៍តាមមណ្ឌលប្រឡងនានា





Anti-Corruption Unit