គណៈប្រតិភូកម្ពុជា បានបន្តថា គោលបំណងសំខាន់នៃច្បាប់នេះ គឺដើម្បីបង្កើតអោយមានបរិយាកាសអំណោយផល តម្លាភាព កិច្ចសហប្រតិបត្តិការ និងសេរីភាព របស់សង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលមិនមានបំណងរឹតត្បិតសេរីភាពរបស់សមាគម និងអង្គការក្រៅរដ្ឋាភិបាលទាំងនោះឡើយ។ គណៈប្រតិភូកម្ពុជា បានបញ្ជាក់ថា នៅក្នុងពិភពលោកនេះ ពុំមានប្រទេសណាមួយដែលមានអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលរាប់ពាន់ ដែលអាចធ្វើសកម្មភាព និងសេរីភាពពេញលេញដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះទេ។
ទោះបីយ៉ាងនេះក៏ដោយ ព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការក្រៅរដ្ឋាភិបាល ដែលបានជួយកម្ពុជាចាប់តាំងពីទសវត្សរ៍ទី៨០ បន្ទាប់ពីការបំផ្លិចបំផ្លាញដ៏ឃោរឃៅរបស់របបខ្មែរក្រហម។ គណៈប្រតិភូកម្ពុជា ក៏សូមថ្លែងអំណរគុណ ដល់គណៈប្រតិភូនៃប្របទេសជប៉ុន ដែលជាអ្នកដឹកនាំធ្វើសេចក្តីព្រាង ស្តីពីការផ្តល់ប្រឹក្សា និងជំនួយបច្ចេកទេស សម្រាប់កម្ពុជានៅក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សលើកទី៣០នេះ។
ព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរការខិតខំប្រឹងប្រែង និងសហប្រតិបត្តិការរបស់គណៈប្រតិភូជប៉ុនដែលបានអនុម័ត សេចក្តីសម្រេចប្រកបដោយការប្តេជ្ញា និងភាពជាអ្នកដឹកនាំឈានទៅរកលទ្ធផលដែលអាចទទួលបានពីគ្រប់ភាគី។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា នឹងអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព អព្យាក្រឹត្យភាព និងឯករាជ្យភាព មិនស្ថិតក្រោមឥទ្ធិពល ឬការជ្រៀតជ្រែកពីភាគីដ៏ទៃ។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការ និងការសន្ទនាក្នុងន័យស្ថាបនាជាមួយអ្នករាយការណ៍ពិសេស៕