Monday, June 29, 2015
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនយកចិត្តទុកដាក់ ដល់សុវត្ថិភាព របស់ប្រជាពលរដ្ឋកម្ពុជា
អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង បានចាត់ទុកទង្វើរបស់អ្នកតំណាងរាស្ត្រ រៀល ខេមរិន្ទ បានដឹកនាំយុវជន និងសង្ឃមួយចំនួនទៅបង្កភាពអាណាធិបតេយ្យនៅតំបន់ព្រំដែននោះ គឺរំលោភលើវប្បធម៌សន្ទនា ហើយមិនឈរលើមូលដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។
យោងតាមការបង្ហោះផ្សាយតាមបណ្តាញផ្សព្វផ្សាយសង្គមនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ គេបាន ឃើញអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ បានបង្កភាពអណាធិបតេយ្យ ដែលបានដឹកនាំ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋខ្មែរ បង្កហិង្សា ជាពិសេសបានយកទង់ជាតិខ្មែរវាយទៅលើភាគីវៀតណាម និងការប្រតាយប្រតប់ប្រឈមមុខគ្នា បណ្តាលឲ្យមានអ្នករបួសធ្ងន់ និងស្រាល។ ការបង្កហិង្សាដែលលោក រៀល ខេមរិន្ទ ដឹកនាំបានដើរផ្ទុយពីវប្បធម៌សន្ទនា ដែលមេដឹកនាំបក្សទាំងពីរប្រកាន់យក ពោលគឺដោះស្រាយបញ្ហាដោយសន្តិវិធីតាមនិតិវិធីច្បាប់ និងដោយសន្តិវិធី។
គួរបញ្ជាក់ផងដែរថានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ មានការប៉ះទង្គិចគ្នាកើតឡើងរវាងប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋវៀតណាម នៅត្រង់ចំណុចបង្គោលព្រំដែនកម្ពុជាវៀតណាមលេខ ២០៣ ស្ថិតនៅក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលបង្កឲ្យមានអ្នករងរបួសចំនួន ១៨នាក់ ក្នុងនោះខ្មែរ១០នាក់ និងវៀតណាម ៨នាក់។
ការប៉ះទង្គិចគ្នានេះកើតឡើងបណ្តាលមកពី ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនយកចិត្តទុកដាក់ និងមិនបានគិតពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរដែលក្រុមខ្លួនបានដឹកនាំទៅទាល់តែសោះ ព្រោះមិនបានជូនដំណឹងឲ្យសមត្ថកិច្ចនៅតាមមូលដ្ឋានឲ្យបានដឹងដើម្បីមកការពារសុវត្ថិភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀងចុះថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៥ បានឲ្យដឹងថា ការប៉ះទង្គិចគ្នានេះបណ្តាលមកពីលោក រៀល ខេមរិន្ទ្រ បានដឹកនាំសកម្មជនគណបក្សសង្រ្គោះជាតិ និងប្រជាពលរដ្ឋខ្មែរ មកធ្វើការត្រួតពិនិត្យព្រំដែនដោយមិនបានជូនដំណឹងមកអាជ្ញាធរ និងសមត្ថកិច្ច ឲ្យបានដឹងជាមុនដើម្បីរៀបចំការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជូនដំណឹងទៅភាគីវៀតណាម។
អ្នកនាំពាក្យបន្តទៀតថាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមិនគោរពចំពោះសមត្ថកិច្ចកម្ពុជាដែលប្រចាំការនៅទីនោះ នៅពេលទៅដល់ព្រំដែន សមត្ថកិច្ចកម្ពុជា បានព្យាយាមពន្យល់ និងហាមឃាត់មិនឲ្យក្រុមខាងលើទៅពិនិត្យ ព្រោះបារម្ភពីបញ្ហាសុវត្ថិភាព ណាមួយមិនបានជូនដំណឹងទៅភាគីវៀតណាមជាមុនដើម្បីបញ្ចៀសហេតុការណ៍ផ្សេងៗកើតឡើង ប៉ុន្តែពួកគាត់នៅតែជម្នះទៅពិនិត្យតំបន់ព្រំដែនដោយចិត្តឯង។
អ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង បានប្រកាសមិនទទួលខុសត្រូវចំពោះផ្លូវច្បាប់ណាមួយ លើហេតុការណ៍ដែលបានកើតឡើង ព្រោះសកម្មភាពនេះ ធ្វើឡើងដោយមិនបានជូនដំណឹង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឡើយ គឺក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខតាមព្រំដែន ផ្ទុយទាំងស្រុងពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផ្ទុយទាំងស្រុង ពីវប្បធម៌សន្ទនា ដែលមេដឹកនាំបក្សទាំងពីរ បានប្រកាន់យក ក្នុងការពិភាក្សាបញ្ហាប្រទេសជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព ជាមួយប្រទេសជិតខាងជាប់ព្រំដែនដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន៕
ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ការចោទប្រកាន់របស់គណបក្សប្រឆាំង គឺជាការកេងចំណេញផ្នែកនយោបាយ
ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន
បានមានប្រតិកម្មតបយ៉ាងខ្លាំង ចំពោះឯកឧត្តម សម រង្ស៊ី ដែលបានចោទប្រកាន់ថាបាត់បង់ទឹកដី
ដោយយកផែនទីប្រទេសកម្ពុជាពីប្រទេសបារាំងមកអះអាងក្នុងបំណងញុះញង់មតិសាធារណៈដោយអគតិ
មិនសមហេតុផលធ្វើប្រជាភិថុត និយាយបំភ្លើស បំភាន់ ភូតកុហកសាធារណៈមតិជាតិ
និងអន្តរជាតិក្នុងគោលបំណង ទុច្ចរិតបម្រើ ផលប្រយោជន៍នយោបាយបក្ខពួក និងក្រុមរបស់ខ្លួន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដំណើរការនៃការបោះបង្គោលព្រំដែន
គឺបានអនុវត្តដោយជោគ ជ័យកន្លងមកដោយផ្អែកលើផែនទីភូមិសាស្រ្តឥណ្ឌូចិន ដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង
បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យភាពជាតិនៅឆ្នាំ១៩៥៣មកម្ល៉េះ ហើយឯកឧត្តមក៏បានបន្ថែមទៀតថា
គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា ធ្វើការងារដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃ
ខ្សែព្រំដែនមិនកែប្រែនៅពេលដែលកម្ពុជាបានឯករាជ្យ ដូចមានកំណត់ក្នុងមាត្រា២នៃរដ្ឋធម្មនុញ្ញ
និងស្រប តាមព្រះរាជតម្រិះរបស់ព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តមសីហនុ
ព្រះវររាជបិតាជាតិខ្មែរ ដែលព្រះអង្គបានយកផែនទីកម្ពុជា វៀតណាមទាំងព្រំដែនគោក
ទាំងព្រំដែនសមុទ្រទៅតម្កល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤។
ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី សុំបដិសេដមិនឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍
របស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិដែលបានចោទប្រកាន់ថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ
២០០៥បានធ្វើឱ្យទឹកដីខ្មែរបាត់បង់បន្ថែមទៀតទៅភាគីវៀតណាម និងការទាមទារឱ្យបង្កើតគណៈកម្មាធិការចម្រុះ
។ ឯកឧត្តមក៏បានបន្ថែមទៀតថា កិច្ចការងារព្រំដែននេះ គឺជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលជាអ្នកដោះស្រាយទៅតាមគោលការណ៍ច្បាប់ជាតិ
និងអន្តរជាតិ សំដៅរក្សាបានសុខសន្តិភាព និងភាពរីកចម្រើនរុងរឿង ទាំងខាងសង្គមកិច្ច
សេដ្ឋកិច្ច និងនយោបាយ។
ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ក៏បានបញ្ជាក់សារជាថ្មីផងដែរថា
កម្ពុជាបាននិងកំពុង តែប្រើប្រាស់ផែនទីខ្នាត១លើ១០០ពាន់ ដែលបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ
ក្នុងការកំណត់ព្រំដែនខ័ណ្ឌសីមាជាមួយប្រទេសវៀតណាមជាយូរយារណាស់មកហើយ ហើយអ្វីដែលឯកឧត្តម
សម រង្ស៊ី បានធ្វើ នោះគឺគ្រាន់តែជាការកេងចំណេញនយោបាយតែប៉ុណ្ណោះ។
បើតាមទស្សនៈរបស់ក្រុមអ្នកវិភាគមួយចំនួន យល់ឃើញថា ក្នុងនាមជាអ្នកតំណាងរាស្រ្ត
គួរតែធ្វើកិច្ចការណាដែលបម្រើដល់ផលប្រយោជន៍ជាតិពិតប្រាកដ និងធ្វើការងារដែលមាននីតិវិធីត្រឹមត្រូវ
ប្រកបដោយតម្លាភាព មិនមែនធ្វើការចោទប្រកាន់ដោយគ្មានហេតុផល និងបង្ករការញុះញង់ដែលនាំឱ្យមានគ្រោះថ្នាក់អាចប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន
ដូចជាការបង្ករហិង្សានៅតាមព្រំដែនជាដើម។
អត្ថបទៈ មាន មេត្តា
បទអត្ថាធិបាយ៖ តើកម្ពុជាអាចជួយសហរដ្ឋអាមេរិកបែបណា?
ជំរាបជូន លោក វីលីយ៉ាំ ហៃដត៍ (William Heidt) ជាទីរាប់អាន :
ជាបឋម ខ្ញុំសូមអបអរសាទរក្នុងការសំរេចតែងតាំងរូបលោកជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា។
ខ្ញុំមានការចាប់អារម្មណ៍បន្ទាប់ពីបានអានរឿងរាវក្នុងសារព័ត៌មាន ដែលបានផ្សាយពីបទ សម្ភាសន៍របស់លោក ដោយគណៈកម្មការទំនាក់ទំនងការបរទេសព្រឹទ្ធសភា លោកបាននិយាយថា «ចំណុចអាទិភាព» របស់លោក ក្នុងឋាន:ជាឯកអគ្គរដ្ឋទូត គឺដើម្បី «ពង្រឹងស្ថាប័នប្រជាធិបតេយ្យរបស់កម្ពុជា» ពិសេស ដើម្បីជំរុញការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតសកលឆ្នាំ២០១៨ ឲ្យមានភាព «សេរី និងយុត្តិធម៌» ។
ខ្ញុំយល់ឃើញថា ពាក្យសម្តីទាំងនេះហាក់ដូចជាផ្លែកបន្តិច នៅក្នុងទិដ្ឋភាពពីរ ៖ ទីមួយ ខ្ញុំមានការចាប់អារម្មណ៍ថា ចំណុចអាទិភាពជាទូទៅ របស់បណ្តាស្ថានទូត គឺការការពារ និងការជួយយកអាសារអ្នកទេសចរណ៍មកពីប្រទេសរបស់ពួកគេ និងជួយសម្រួលដល់ពាណិជ្ជកម្ម និងការងារផ្សេងៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសពួកគេ និងប្រទេសម្ចាស់ផ្ទះ។ ខ្ញុំមិនបានដឹងថាឥឡូវនេះ ការងារដំបូងរបស់ឯកអគ្គរដ្ឋទូត គឺដើម្បីប្រាប់ឲ្យប្រទេសម្ចាស់ផ្ទះនូវរបៀបរៀបចំការបោះឆ្នោតនោះទេ។ (ប្រហែលជាខ្ញុំគួរតែអាចស្មានដឹងពីឥរិយាបទរបស់ឯកអគ្គរដ្ឋទូតកាន់ដំណែងមុនលោក ដែលជារឿយៗ បានផ្តល់ការណែនាំជាសាធារណៈ អំពីរបៀបរៀបចំការបោះឆ្នោតរបស់កម្ពុជា ឬអំពីច្បាប់ណាដែលរដ្ឋសភាគួរអនុម័ត ឬមិនគួរអនុម័ត។)
ទីពីរ វាជាការចម្លែកខ្លាំងមែនទែន ដែលថា រដ្ឋាភិបាលអាមេរិកកំពុងតែប្រាប់ប្រទេសកម្ពុជា --ឬគេរាល់គ្នា -នូវរបៀបរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នោះ។ តើលោកនៅចាំទេកាលពីពេលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០០០? នៅមុនការបោះឆ្នោតនោះ អភិបាលរដ្ឋ Florida លោក Jeb Bush -ជាប្អូនប្រុសរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក George W. Bush -បានដកឈ្មោះអ្នកបោះឆ្នោតស្បែកខ្មៅរាប់សិបពាន់នាក់ (ដែលពួកគេភាគច្រើនបានបោះឆ្នោតឲ្យគណ បក្សប្រជាធិបតេយ្យ) ចេញពីបញ្ជីបោះឆ្នោតអេឡិចត្រូនិក។ លោក Bush បានឈ្នះឆ្នោតនៅរដ្ឋ Florida មិនលើសពី៦០០សន្លឹកប៉ុណ្ណោះ ហើយបានជាប់ជាប្រធានាធិបតី -ទោះបីជាគាត់ត្រូវទទួលបានការបញ្ជាពីតុលាការកំពូល ដើម្បីរារាំងការរាប់សន្លឹកឆ្នោតនៅរដ្ឋFlorida ឡើងវិញ (តាមភាពជាក់ស្តែង តាមច្បាប់របស់អាមេរិក ការរាប់សន្លឹកឆ្នោតឡើងវិញ ត្រូវបានចាត់ទុកថា មិនយុត្តិធម៌ចំពោះបេក្ខជនដែល ត្រូវបានប្រកាសថាជាអ្នកឈ្នះដោយប្អូនប្រុសគាត់នោះ។)
នៅចន្លោះឆ្នាំ២០០០ និង២០០៤ មធ្យោបាយអេឡិចត្រូនិកត្រូវបានគេប្រើប្រាស់ច្រើនទៅៗសម្រាប់ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត នៅសហរដ្ឋអាមេរិក។ បែបនេះ ការធ្វើឲ្យមានសុក្រឹតភាពនៃការបោះឆ្នោត គឺអាស្រ័យលើភាពស្មោះត្រង់ និងជំនាញកុំព្យូទ័ររបស់អ្នកដែលគ្រប់គ្រងប្រព័ន្ធ នោះ ឬបានចូលប្រព័ន្ធនោះ -រួមនឹងសមត្ថភាពរបស់ពួកគេក្នុងការទប់ស្កាត់ការលួចចូលផង។
នៅពេលរាប់សន្លឹកឆ្នោតនៅយប់នៃថ្ងៃបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៤ រួច ក្រោយរំលងអធ្រាត្របន្តិច អ្នកជំនាញខាងបោះឆ្នោតនៅតាមកញ្ចក់ទូរទស្សន៍បានព្យាករណ៍ថា លោក John Kerry នឹងឈ្នះនៅរដ្ឋ Ohio ដែលនឹងនាំឲ្យគាត់ក្លាយជាប្រធានាធិបតី។ ប៉ុន្តែបន្ទាប់មក មាន «កូនបញ្ហា» មួយ កើតឡើង នៅក្នុងប្រព័ន្ធកុំព្យូទ័រ ពេលដែលកំពុងប្រមូលផ្តុំសន្លឹកឆ្នោតរបស់រដ្ឋOhio ។ ប្រព័ន្ធនោះត្រូវបានចុះកិច្ចសន្យាដោយលេខាធិការ រដ្ឋ Ohio (ខាងគណបក្សសាធារណរដ្ឋ) ដែលស្ថិតនៅចំងាយរាប់រយគីឡូម៉ែត្រពីរដ្ឋ Ohio គឺស្ថិតនៅក្នុងក្រុង Chattanooga នៃរដ្ឋ Tennessee ឯណោះ។ ប្រព័ន្ធដូចគ្នានោះ ជាកន្លែងទីតាំងអ៊ីម៉ែលរបស់លោក Karl Rove ដែលជាអ្នកពិគ្រោះយោបល់នយោបាយដ៏មានឥទ្ធិពលរបស់គណបក្សសាធារណរដ្ឋ និងជាទីប្រឹក្សាដ៏យូរអង្វែងរបស់លោកប្រធានាធិបតី George W. Bush។ ១ម៉ោងកន្លះក្រោយមក «កូនបញ្ហា» មួយនោះត្រូវបានដោះស្រាយ ហើយកុំព្យូទ័របានបង្ហាញអំពីការផ្លាស់ប្តូរតួលេខដ៏គួរឲ្យភ្ញាក់ផ្អើល ចំនួន៦% នៃសន្លឹកឆ្នោត ដោយផ្តល់ឲ្យលោក Bush ទទួលជ័យជំនះ។
មន្ត្រីគណបក្សប្រជាធិបតេយ្យខ្លះមានការសង្ស័យ និងបានប្តឹងទៅតុលាការ។ តុលាការសហ ព័ន្ធមួយ បានបញ្ជាថា សន្លឹកឆ្នោតរបស់រដ្ឋ Ohio ត្រូវតែប្រមូលទុកក្នុងទីតាំងតែមួយ ដើម្បីអាចអនុ ញ្ញាតឲ្យគេពិនិត្យមើលបាន។ ប៉ុន្តែមានស្រុក (county)ចំនួន៥៥ ក្នុងចំណោមស្រុកទាំង៨៨ របស់រដ្ឋនោះ មិនបានអនុវត្តនូវបញ្ជានោះទេ ហើយបានបំផ្លាញសន្លឹកឆ្នោតចោល ដែលញ៉ាំងឲ្យការរាប់ឡើងវិញមិនអាចធ្វើទៅបាន។ (ខ្ញុំគិតថា រដ្ឋាភិបាលអាមេរិកហៅប្រព័ន្ធបែបនេះថាជា «នីតិរដ្ឋ»។)
ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ក្នុងដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក មានការកើន កាន់តែច្រើនទៅៗ ជាទូទៅលើប្រព័ន្ធកុំព្យូទ័រ ដែល «មានលក្ខណៈជាកម្មសិទ្ធ» មានន័យថា សាធារណ:ជនគ្មានវិធីពិនិត្យមើលខាងបចេ្ចកវិទ្យាប្រព័ន្ធកុំព្យូទ័រនោះទេ។ ជាធម្មតា ប្រព័ន្ធទាំងនោះ មិនបានបន្សល់ទុកនូវក្រដាសស្នាម ឬរបាយការណ៍ផ្សេងៗ ដែលអាចប្រើប្រាស់ក្នុងការពិនិត្យលើសុក្រឹតភាព នោះឡើយ។
ការបោះឆ្នោតជ្រើសតាំងសមាជិកនៃសភាទាំងពីរ ទោះបីជាច្រើនឬតិច ក៏មិនសូវមានភាពសេរី និងយុត្តិធម៌ ដូចការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នោះទេ។ ការចំណាយលុយដ៏សន្ធឹកសន្ធាប់ ការទាញប្រយោជន៍ពីការកំណត់ខ្សែព្រំដែនថ្មីនៃមណ្ឌលបោះឆ្នោតនោះ វាស្ទើរតែធានាដល់មុខរបរមួយជីវិតសំរាប់សមាជិកភាគច្រើននៅសភាទាំងពីរ រួចទៅហើយ។ ជាទូទៅ នៅក្នុងការបោះឆ្នោតសភាតំណាងរាស្រ្ត មានចំនួន៩០-៩៨% នៃអ្នកក្នុងមុខតំណែងស្រាប់ ត្រូវបានជាប់ឆ្នោតឡើងវិញ។ ការបោះឆ្នោតឆ្នាំ២០១៤ មានតែបេក្ខជនសភាតំណាងរាស្ត្រចំនួន៧៧រូបប៉ុណ្ណោះ ក្នុងចំណោមទាំងអស់៤៣៥រូប ត្រូវបានគេចាត់ទុកថាមានលក្ខណៈប្រកួតប្រជែង ដែលតាមពិតទៅមានតែសមាជិក១៩រូបប៉ុណ្ណោះ ដែលបានប្តូរពីគណបក្សមួយក្នុងចំណោមគណបក្សទាំងពីរ ទៅកាន់គណបក្សមួយផ្សេងទៀត ។
មុនពេលបោះឆ្នោតឆ្នាំ២០១៤ មធ្យមភាគនៃការក្រុមស្ទង់មតិសាធារណៈចំនួន៥ក្រុម បានផ្តល់ តួលេខឲ្យដឹងនូវអត្រាយល់ព្រមចំនួន១៤% ទៅសមាជ (រួមសភាទាំងពីរ៖ សភាតំណាងរាស្រ្ត និងព្រឹទ្ធសភា) ប៉ុន្តែអត្រានៃការបោះឆ្នោតនៃអ្នកកាន់តំណែងឡើងវិញ មានចំនួន៩៥%។ ដោយផ្តល់ ឲ្យនូវស្ថិតិទាំងនោះ អត្រាផ្សេងទៀតគឺមិនមានការភ្ញាក់ផ្អើលទេ ពោលគឺថា ការបោះឆ្នោតនេះក៏មាន ចំនួនអ្នកចេញទៅបោះឆ្នោត មានអត្រាទាបបំផុត ក្នុងអំឡុងពេល៧០ឆ្នាំ គឺមានតែ ៣៦,៤% ប៉ុណ្ណោះ ៖ តើមិនបានន័យថា «ចេញទៅបោះឆ្នោតបានប្រយោជន៍អី បើគេនឹងជាប់តែដដែលៗហ្នឹង?»
ដោយសារតែលោកជាអ្នកការទូត ខ្ញុំអាចធ្វើការសន្មត់ថា លោកអាចជៀសគេចពីការផ្ទុះ សំណើចនៅចំពោះមុខព្រឹទ្ធសភាបាន នៅពេលដែលលោក Tim Kaine (ព្រឹទ្ធសមាជិកពីគណបក្សប្រជាធិបតេយ្យ រដ្ឋ Virginia) បានលើកឡើងថា កូនប្រុសទាំងអស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចូលរួមក្នុងឆាកនយោបាយដែរ នោះគឺជាអ្វីដែលត្រូវព្រួយបារម្ភ។
យោងតាមកាសែត Cambodia Daily ចុះថ្ងៃទី២៥ ខែមិថុនា លោក Kaine បានសួរលោកថា៖ «តើសហរដ្ឋអាមេរិកអាចធ្វើអ្វីខ្លះដើម្បីជំរុញឲ្យប្រជាធិតេយ្យកាន់តែរឹងមាំ ដោយមិនត្រូវស្ថិត ក្នុងរង្វង់ក្រុមគ្រួសារតែមួយនោះ?» កាសែតនេះក៏បានរាយការណ៍ពីការឆ្លើយតបរបស់លោកចំពោះឥទ្ធិពលនេះផងដែរថា មិនមានភាពគ្រោះថ្នាក់អ្វីទេដល់កម្ពុជា នៃការឈានចូលពូជពង្សហ៊ុន សែន ទាំងមូលនោះ។ ប្រសិនបើរូបខ្ញុំជាលោកវិញ (ខ្ញុំមិនអាចទេ ព្រោះខ្ញុំមិនមែនជាអ្នកការទូត) ខ្ញុំគួរតែឆ្លើយថា «យើងអាចដាក់សំពាធពួកគេ ដើម្បីទទួលយកប្រព័ន្ធរបស់យើង គឺស្ថិតក្នុងរង្វង់ព្រំដែនប្រជាធិបតេយ្យគ្រួសារពីរ»។
ការពិចារណាខាងលើនេះ គឺជាការចាប់ផ្តើម ដែលធ្វើឲ្យខ្ញុំគិតថា ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងវ៉ាស៊ីនតោន បានដើរមិនទាន់ពេលវេលា មានន័យថា ខ្ញុំរកមិនឃើញនូវកំណត់ត្រាណាមួយស្តីពីការផ្តល់ដំបូន្មានដល់សហរដ្ឋអាមេរិក ថាតើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យការបោះឆ្នោតរបស់ខ្លួនមានភាពប្រសើរឡើងនោះ។ នេះគឺជារឿងគួរឲ្យអាណិត ព្រោះខ្ញុំគិតថា «ខ្មែរអាចផ្តល់គំនិតដ៏មានសារៈសំខាន់មួយចំនួន!»
ឧទាហរណ៍ ខណៈដែលការបោះឆ្នោតរបស់សហរដ្ឋអាមេរិកមើលទៅហាក់ដូចជាបង្កើតឲ្យមានស្ថានភាពមួយ ដែលលទ្ធផលត្រូវបានកំណត់ដោយភាគីដែលបានដាក់ពង្រាយអ្នកចូលលួចទិន្នន័យដ៏ពួកែ រីឯការបោះឆ្នោតនៅកម្ពុជាវិញ គឺត្រូវបានធ្វើតាមរយៈសន្លឹកឆ្នោត ដែលត្រូវបានរក្សា ទុកក្នុងមួយរយ:កាល ប្រសិនបើហេតុការណ៏អាចឈានដល់មានការរាប់សន្លឹកឆ្នោតឡើងវិញ។
សន្លឹកឆ្នោតនេះមិនបានរាប់តាមប្រព័ន្ធកុំព្យូទ័រទេ (ដែលការណែនាំគ្មានគេយល់) គឺរាប់ដោយមនុសុ្ស៖ មន្ត្រីអ្នករៀបចំការបោះឆ្នោត។ ពួកគេរាប់សន្លឹកឆ្នោតតាមរយៈការបើកសន្លឹកឆ្នោតម្តងមួយសន្លឺកៗ ដោយលើកវាឡើង បង្ហាញគេរាល់គ្នាដែលមានវត្តមាននៅទីនោះ ហើយកត់ត្រាសន្លឹកឆ្នោតនីមួយៗទុក។ គណបក្សដែលមានបេក្ខភាព អាចមានអ្នកតំណាងចូលត្រួតពិនិត្យ មើលដំណើរការរាប់សន្លឹកឆ្នោតនេះ ហើយស្ថានីយបោះឆ្នោតភាគច្រើនក៏មានអ្នកសង្កេតការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតសកលនាពេលថ្មីៗនេះផងដែរ។ អ្នកសង្កេតការណ៍បានចុះហត្ថលេខាទៅលើបែបបទរបាយរាយការណ៍ ដើម្បីបញ្ជាក់ថាការរាប់នេះពិតជា ត្រឹមត្រូវ។ បែបបទនិតិវិធីតម្លាភាពនេះ ក៏ត្រូវធ្វើដូចគ្នា នៅគ្រប់ដំណាក់ក្នុងការរាប់សន្លឹកឆ្នោត។
ហេតុនេះហើយ បើទោះបីជាគណបក្សចាញ់ឆ្នោត សង្គ្រោះជាតិ បានអះអាងថា ខ្លួនត្រូវបានគេលួចបន្លំ ដើម្បីជ័យជំនះនេះក៏ដោយ ក៏គ្មានធុនរដ្ឋ Florida ឬ Ohio នៅក្នុងបោះឆ្នោតកម្ពុជា នាឆ្នាំ២០១៣ នោះឡើយ។ គ្មានខេត្តណាមួយ ដែលគណបក្សប្រឆាំងនេះ អាចបង្ហាញ ហើយនិយាយថា «ការបោះឆ្នោតនៅទីនេះខុសទាំងស្រុងនោះដែរ»។ ប៉ុន្តែប្រសិនបើពួកគេបានបង្កើតករណីនៅកន្លែងផ្សេងណាមួយ ដើម្បីធ្វើឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ យ៉ាងហោចណាស់សន្លឹកឆ្នោតទាំងនោះនឹងត្រូវបានត្រួតពិនិត្យ ហើយនឹងត្រូវរាប់ឡើងវិញ គឺពុំមែនគ្រាន់តែជាប្រព័ន្ធកុំព្យូទ័រប្លីពៗដែលមកពីណាពីណីនោះទេ។
តាមពិត គណបក្សសង្គ្រោះជាតិបានរកឃើញទីតាំងមួយចំនួន ដែលមន្ត្រីរៀបចំការបោះឆ្នោតបានសរសេរលទ្ធផលនៅក្នុងទម្រង់បែបបទខុស ឬស្រដៀងគ្នានេះដែរ មិនបានធ្វើតាមនិតិវិធី ដែលបានបង្គាប់។ តែក្រោយពីមានសំណើ ក្រដាស់ស្នាមដែលជាប់ទាក់ទងនោះត្រូវបានបើក និងត្រួតពិនិត្យឡើងវិញ។ នេះមិនបានបង្កឲ្យមានការផ្លាស់ប្តូរណាមួយនៅក្នុងលទ្ធផលនោះទេ។
វាទំនងជាច្បាស់ណាស់ចំពោះខ្ញុំ ដែលថា និតិវិធីសម្រាប់ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតរបស់កម្ពុជា វាល្អជាងប្រព័ន្ធបោះឆ្នោតដែលបានប្រើប្រាស់នៅសហរដ្ឋអាមេរិក ឆ្ងាយណាស់។កម្ពុជាត្រូវតែស្នើសុំបញ្ជូនអ្នកជំនាញរៀបចំការបោះឆ្នោតទៅកាន់សហរដ្ឋអាមេរិក ដើម្បីពន្យល់សភាទាំងពីរ ថាអ្វីដែលជាការចាំបាច់ ដើម្បីចាប់ផ្តើមនាំនូវការបោះឆ្នោតឲ្យមានភាព «សេរី និងយុត្តិធម៌» ទៅក្នុងប្រទេសមួយនេះ៕
ដោយ Allen Myers
កម្ពុជាវាយតម្លៃខ្ពស់ចំពោះ គំនិតផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់មួយ វិថីមួយ (One Belt, One Road)»
ឯក ឧត្តម បណ្ឌិត សភា ចារ្យ សុខ អាន ឧប នាយក រដ្ឋ មន្ត្រី រដ្ឋមន្ត្រី ទទួល
បន្ទុក ទីស្តី ការ គណៈរដ្ឋមន្ត្រីបានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះ គំនិតផ្ដួចផ្ដើម
«ខ្សែក្រវ៉ាត់មួយ វិថីមួយ (One Belt, One Road)» របស់ ឯក ឧត្តម ស៊ី ជិនភីងប្រធា នាធិប តីនៃ សាធារណៈ រដ្ឋប្រជា មានិត
ចិនថា មានតួនាទីយ៉ាង សំខាន់ ណាស់ ដើម្បី ជួយ ធ្វើឲ្យ មាន សុខ មាល ដល់ សេដ្ឋ
កិច្ចពិភព លោក តាម រយៈ នយោ បាយ នៃ ការ តភ្ជាប់ នេះ។
ក្នុង ឱកាស អញ្ជើញ ជា អធិបតី
ក្នុងពិធីបើកកិច្ចសន្ទនាស្ដីពី «កិច្ចសហប្រតិបត្តិការចិន-កម្ពុជា៖
កាលានុវត្តភាព និងបញ្ហាប្រឈម» កាលពីរ សៀលថ្ងៃទី២៦ ខែមិថុនា
ឆ្នាំ២០១៥ នៅនៅសណ្ឋាគារ អាំង ទែរ កុង ទីណង់ តាល់ រាជធានី ភ្នំពេញ ឧត្តមបណ្ឌិត សភា
ចារ្យ សុខ អាន បាន មាន ប្រសាសន៍ ថា៖គំនិត ផ្ដួច ផ្ដើម «ខ្សែក្រវ៉ាត់
និងវិថី» ផ្ដល់ ផល ប្រយោជន៍ ដល់ពិភព លោក
មិនត្រឹមតែរួមចំណែក ដល់ សន្តិភាព សន្ដិសុខ ពិភព លោក និងកិច្ច សហ ប្រតិ បត្តិការ
ជិត ស្និទ តាម រយៈទំនាក់ ទំនងទៅវិញទៅមកប្រជាជន និង ប្រជា ជនប៉ុណ្ណោះ ទេ
ប៉ុន្តែថែមទាំងរួមចំណែកដល់ការ អភិវឌ្ឍ ហេដ្ឋា រចនា សម្ព័ន្ធថ្មីៗ ទៀត ដល់
វិស័យ ពាណិជ្ជ កម្មនិង វិនិយោគ។
ឧត្តម បណ្ឌិត សភាចារ្យ សុខ អានបាន មាន ប្រសាសន៍ ឲ្យដឹង ថា
ដើម្បីគាំទ្រដល់ការ កសាង ដោយ ជោគជ័យនូវគំនិត ផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់
និងវិថី» មូលនិធិវិថីសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
ដែលកម្ពុជាជាសមាជិកស្ថាបនិកដែរនោះ
ត្រូវបានបង្កើតឡើងដើម្បីសម្រេចនូវគម្រោងនេះ សំដៅធានានូវការអភិវឌ្ឍ
និងវិបុលភាពទាំងអស់គ្នា សម្រាប់បណ្តាប្រទេសតាមបណ្ដោយខ្សែក្រវ៉ាត់ និងវិថី
នេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមអំពីតួនាទីចិននិងកម្ពុជាលើឆាកអន្តរជាតិថា៖ប្រទេសកម្ពុជា
និងចិន ក៏ជាដៃគូ
នៅក្នុងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិផងដែរ
តាមរយៈយន្តការនានា ដូចជា «អាស៊ានបូកចិន ជប៉ុន និងកូរ៉េខាងត្បូង»
«កិច្ចប្រជុំកំពូលអាស៊ីបូព៌ា» «វេទិកាតំបន់អាស៊ាន»
«កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន» និង «កម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងមហាអនុតំបន់មេគង្គ»។ កម្ពុជា និងចិន
សហការគ្នាយ៉ាងជិតស្និទក្នុងការអនុវត្តកិច្ចព្រមព្រៀងនានាដែលមេដឹកនាំប្រទេសចិននិងអាស៊ានសម្រេចបានក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ
សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម
ការភ្ជាប់ទំនាក់ទំនងដែនសមុទ្រសង្គមវប្បធម៌និងវិស័យផ្សេងៗទៀតនិងក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន
ឱ្យដល់កម្រិតខ្ពស់ជាងមុន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព
ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។ក្នុងឋានៈជារដ្ឋសមាជិកអាស៊ាន
ប្រទេសកម្ពុជាគាំទ្រពេញទំហឹងចំពោះកិច្ចខិតខំរួមគ្នារបស់ចិន និងអាស៊ាន
ដើម្បីបន្តការអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយនូវសេចក្ដីថ្លែងការណ៍ DoC
នៅក្នុងសមុទ្រចិនខាងត្បូង។
កម្ពុជាបានកត់សម្គាល់នូវដំណើរការចរចា ដើម្បីសម្រេចបាននូវក្រមប្រតិបត្តិ CoC
ក្នុងសមុទ្រចិនខាងត្បូង
សំដៅលើកកម្ពស់វិធានការកសាងជំនឿទុកចិត្ត ដើម្បីទប់ស្កាត់ការរីកសាយភាយនៃការប្រណាំងប្រជែងសព្វាវុធនៅក្នុងតំបន់
និងដើម្បីពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងតំបន់។
ដោយឡែកទាក់ទងនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរកម្ពុជាចិនឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អានបានរំលឹកឡើងថា៖ទំនាក់ទំនងការទូតនៃប្រទេសទាំង២
ត្រូវបានបង្កើតឡើងកាលពី
៥៧ឆ្នាំមុន។ចាប់តាំងពីពេលនោះមកទំនាក់ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន
ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងនិងពូនជ្រំដោយលោកប្រធាន ម៉ៅ សេទុង
លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ និងថ្នាក់ដឹកនាំជំនាន់មុនៗរបស់ចិន
ព្រមទាំងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
ត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។ នាពេលថ្មីៗនេះ ទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ ត្រូវបានពង្រឹងនិងពង្រីកកាន់តែខ្លាំងក្លាបន្ថែមទៀត
ដោយថ្នាក់ដឹកនាំបច្ចុប្បន្នរបស់សាធារណរដ្ឋប្រជាមានិតចិន
និងថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសឯកឧត្តមប្រធានាធិបតី
ស៊ី ជិនភីងនិងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ទាំងនេះបានផ្តល់ជាមូលដ្ឋានយ៉ាងសំខាន់ដល់ការរីកចម្រើនគួរឱ្យកត់សម្គាល់
នៃទំនាក់ទំនងទ្វេភាគីនៅក្នុងវិស័យជាច្រើន ដូចជានយោបាយ សន្តិសុខ
សេដ្ឋកិច្ច សង្គម និងវប្បធម៌។ ទំនាក់ទំនងកម្ពុជា-ចិន
បានវិវត្តយ៉ាងខ្លាំងចាប់តាំងពីកិច្ចសហប្រិតបត្តិការទ្វេភាគី
រហូតដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់កិច្ចសហប្រតិបត្តិការ
ក្នុងឆ្នាំ២០១០។
ជាមួយនិងការវាយតម្លៃថាដោយសារកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា
និងមិត្តភាពយូរអង្វែងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២
បានរីកចម្រើនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
បានមានប្រសាសន៍ឲ្យដឹងថា៖ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ
ដោយមានជំនួយពីប្រទេសចិន
កម្ពុជាបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបានជាច្រើន
ដូចជាផ្លូវថ្នល់ ស្ពាន សំណង់វារីអគ្គីសនី និងប្រព័ន្ធទូរគមនាគមន៍។
ការវិនិយោគដោយផ្ទាល់របស់ចិន ក្នុងប្រទេសកម្ពុជា
បានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ១៩៩៤ ដោយឡើងរហូតដល់ជាង
១០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៥ធ្វើឱ្យប្រទេសចិនក្លាយជាអ្នកវិនិយោគបរទេសដ៏ធំជាងគេបំផុតនៅប្រទេសកម្ពុជា។
កំណើននៃពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ខ្ពស់ជាងគេ
បើប្រៀបធៀបនឹងពាណិជ្ជកម្មរវាងប្រទេសចិននិងរដ្ឋសមាជិកអាស៊ានដទៃទៀត។
នៅអំឡុងឆ្នាំ២០០០-២០១៣ ពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានកើនឡើង ពីត្រឹមតែ
១៣៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០០០ ដល់ ៣,៣ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៣។
លើសពីនេះទៀត ប្រទេសទាំង២ បានប្ដេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគី ឱ្យកើនដល់
៥ពាន់លានដុល្លារអាមេរិកត្រឹមឆ្នាំ២០១៧។
ចំពោះកិច្ចសហប្រតិបត្តិការណ៍ក្នុងវិស័យវប្បធម៌ឯកឧត្តមបណ្ឌិតសភាចារ្យសុខអានបានមានប្រសាសាន៍ឲ្យដឹងថា៖
កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
ត្រូវបានពង្រឹងបន្ថែមទៀតនាពេលថ្មីៗនេះ
ដោយប្រទេសចិនធ្វើជាសហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ប្រាសាទព្រះវិហារ
(ICC-Preah
Vihear) ហើយប្រទេសជាច្រើនទៀត រួមមានសហរដ្ឋអាមេរិក ជប៉ុន
កូរ៉េខាងត្បូង ប៊ែលហ្ស៊ីក និងបារាំង ចូលរួមជាសមាជិកស្ថាបនិក។
ដោយមានប្រទេសចិននិងឥណ្ឌា ធ្វើជាសហប្រធាន ICC-Preah Vihear នឹងទទួលបាននូវការគាំទ្រផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុកាន់តែច្រើនបន្ថែមទៀត
សម្រាប់ការអភិរក្ស ការជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាព
នូវរមណីយដ្ឋានបេតិកភណ្ឌពិភពលោកជាទីសក្ការៈនេះ។
នៅក្នុងក្របខ័ណ្ឌនៃ ICC-Angkor ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតទំព័រប្រវត្តិសាស្ត្រដ៏ជោគជ័យ
សម្រាប់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលនៅទីនោះ
ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលចិន
បាននិងកំពុងអនុវត្តបានយ៉ាងល្អនូវគម្រោងជួសជុលអភិរក្សប្រាសាទចៅសាយទេវតា
និងប្រាសាទតាកែវ ជាមួយនឹងសហគមអន្តរជាតិ ជាពិសេស
អ្នកជំនាញកម្រិតអន្តរជាតិ។ រតនសម្បត្តិវប្បធម៌ដ៏វិសេសវិសាលទាំងនេះ
ផ្តល់ឱ្យកម្ពុជានូវឧត្តមភាពប្រៀបធៀប ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍
ក៏ដូចជាចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងវប្បធម៌ទៅវិញទៅមក។
កិច្ចសន្ទនាស្ដីពី «កិច្ចសហប្រតិបត្តិការចិនកម្ពុជា៖កាលានុវត្តភាពនិងបញ្ហាប្រឈម»ដែលសហការរៀបចំដោយសមាគមប្រជាជនចិន ដើម្បីសន្តិភាព
និងកាត់បន្ថយសព្វាវុធ ស្ថានទូត
ចិនប្រចាំនៅកម្ពុជា
និងវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាដោយមានវត្តមានចូលរួមពីឯកឧត្តមហាន
ឈីទើ ន (Han Qide)អនុប្រធានសភា ប្រឹក្សានយោបាយ
ប្រជាជនចិននិងជាប្រធានសមាគមប្រជាមានិតចិនដើម្បីសន្តិភាពនិងការកាត់បន្ថយសព្វាវុធ(CAPAPD) លោកជំទាវ ប៊ូ ជាំងគូ (BuJiangguo)ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមលោកជំទាវជាភ្ញៀវជាសិក្ខាកាមនិងជាវាគ្មិនជាច្រើននាក់ផ្សេងទៀត។
ជាមួយនិងការថ្លែងអំណរគុណដល់អ្នករៀបចំ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានបានមានប្រសាសន៍វាយតម្លៃថា៖កិច្ច
សន្ទនានេះនឹងជួយជំរុញនូវការយោគយល់គ្នាកាន់តែប្រសើរបន្ថែមទៀត
ដើម្បីធ្វើឱ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំង២ត្រូវបានពង្រឹង
និងពង្រីកកាន់តែទូលំទូលាយ រឹងមាំ និងស៊ីជម្រៅឯកឧត្តមបណ្ឌិតសភាចារ្យ សុខ
អានបានមានប្រសាសន៍បញ្ជាក់ថា៖ដើម្បីសម្រេចបានគោលដៅនេះ
ខ្ញុំសូមស្នើឱ្យស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដែលមានអ្នកស្រាវជ្រាវ
និងបញ្ញវន្តមកពីតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន
ធ្វើការរួមគ្នាឱ្យបានជិតស្និទជាងមុន
ដោយមានការចូលរួមពីអង្គការសង្គមស៊ីវិល
ដើម្បីលើកកម្ពស់ការយល់ដឹងទៅវិញទៅមកកាន់តែស៊ីជម្រៅសំដៅបង្កើតមិត្តភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យនានាបន្ថែមទៀត
សម្រាប់ការអភិវឌ្ឍនិងវិបុលភាពជាមួយគ្នា។
គួរគប្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងនានា
ដើម្បីសម្របសម្រួលឱ្យមានតួនាទីកាន់តែសំខាន់សម្រាប់អង្គការមិនមែនរដ្ឋាភិបាលផងដែរ
សំដៅលើកកម្ពស់ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន មិត្តភាព
និងកិច្ចសហប្រតិបត្តិការ។ លើសពីនេះទៀត
ខ្ញុំក៏សូមស្នើឱ្យពិនិត្យមើលលទ្ធភាព
ក្នុងការបង្កើតបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលចិន-អាស៊ីអាគ្នេយ៍
សម្រាប់ការផ្លាស់ប្ដូរយោបល់ កិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងកិច្ចសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានឃុំកុមាររាជា នាំយកថវិកាជាង១លានរៀល សម្រាប់ធ្វើទ្វារទឹក និងឧបត្ថម្ភសម្ភារៈមួយចំនួនជូនប្រជាពលរដ្ឋ
តាងនាមឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ និងតំណាងឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំកុមាររាជា នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្តម ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា និងក្រុមការងារ បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ១០០នាក់ក្នុងភូមិព្រៃខ្លា ឃុំកុមាររាជា ស្រុកបាទីខេត្តតាកែវ។
បន្ទាប់ពីលោកមេភូមិព្រៃខ្លា ឡើងធ្វើចំណាប់អារម្មណ៍ និងអានរបាយការណ៍អំពីបញ្ហានានាក្នុងភូមិ ដែលប្រជាពលរដ្ឋកំពុងប្រឈមទាក់ទង និងបញ្ហាភូមិឃុំមានសុវត្តិភាព បញ្ហាខ្វះទឹកប្រើប្រាស់ និង បញ្ហាសេវាសាធារណៈក្នុងភូមិព្រៃខ្លារួចមក ឯកឧត្តម ទិត សុធា បានមានប្រសាសន៍ថា អ្វីដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល ក៏ជាកង្វល់របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជាដែរ។ កន្លងមកក្រុមការងារបានខិតខំដោះស្រាយបញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋ តាមបណ្តាលភូមិទាំង១៣ក្នុងឃុំកុមាររាជា ប៉ុន្តែជាក់ស្តែងដំណោះស្រាយរបស់ក្រុមការងារ មិនទាន់អាចសំរេចបានទាំងស្រុងទៅតាមសំណើររបស់ប្រជាពលរដ្ឋទាំងអស់បានទេ ព្រោះនៅតាមបណ្តាលភូមិទាំង១៣គឺមានបញ្ហាច្រើន និងមានបញ្ហាមួយចំនួនជាបញ្ហាអាទិភាពដែលត្រូវដោះស្រាយមុន និងបញ្ហាមួយចំនួនទៀតត្រូវដោះស្រាយជាបន្តបន្ទាប់ទៀត។
ឯកឧត្តម ទិត សុធា ក៏បានរំលឹកផងដែរ ពីលទ្ធផលការងារកន្លងមកដែលក្រុមការងារបានធ្វើ ជាក់ស្តែងបន្ទាប់ពីកិច្ចប្រជុំនៅស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ២២ ឧសភា ឆ្នាំ២០១៥ បន្ទាប់ពីក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា បានជួបប្រជុំជាមួយស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក ប៉ូលីសប៉ុស្ត ស្មៀនឃុំ សមត្ថកិច្ចពាក់ព័ន្ធ និងមេឃុំ ប្រធានភូមិទាំង១៣នៃឃុំកុមាររាជា ក្រោមការដឹកនាំរបស់ឯកឧត្តម ស្វាយ ស៊ីថា ស្តីពីការពង្រឹងឡើងវិញ នូវកិច្ចការនានាក្នុងឃុំរួចមក ពិនិត្យឃើញថា សកម្មភាពប្រើប្រាស់ ជួញដូរគ្រឿងញៀន និងការលេងល្បែងស៊ីសងក្នុងឃុំទាំងមូលត្រូវបានកាត់បន្ថយ។ ចំណែកឯបញ្ហាសេវាសាធារណៈក៏មានភាពល្អប្រសើរជាងមុន ដោយមន្ត្រីពាក់ព័ន្ធទាំងអស់បានបញ្ឈប់ការទារប្រាក់លើសពីតំលៃដែលរដ្ឋបានកំណត់ និងបានជួយសម្រួលជូនប្រជាពលរដ្ឋបានល្អប្រសើរជាងមុន។ ក្រៅពីនេះ កាលពីសប្តាហ៍កន្លងទៅ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា ដែលមានឯកឧត្តម ស្វាយ ស៊ីថា ជាប្រធានក៏បាននាំយកនូវកញ្ចប់ឃីតចំនួន ២៨ ចែកជូនដល់ស្ត្រីទើបនឹងសំរាលបុត្រក្នុងភូមិទាំង១៣ ដែលកញ្ចប់ឃីតនេះ បានមកពីជំនួយសប្បុរសធម៌ កាកបាទក្រហមកម្ពុជាខេត្តតាកែវ ដែលជាអំណោយរបស់សប្បុរសជននានា។ ឯកឧត្តម ទិត សុធា បានបន្តថាកិច្ចការចែកឃីតដល់ស្ត្រីទើបសំរាលបុត្រនេះ និងបន្តធ្វើជាបន្តបន្ទាប់ទៀត ដោយក្នុងនោះឯកឧត្តមបានផ្តាំផ្ញើឲ្យមេភូមិទាំងអស់ បន្តចុះស្រង់ស្ថិតិអំពីចំនួនស្រ្តីទើបសំរាលបុត្របន្ថែមទៀតក្នុងខែមិថុនានេះ។ ដោយឡែកចំពោះបញ្ហាភូមិឃុំមានសុវត្ថិភាព ឯកឧត្តម ទិត សុធា ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋក្នុងភូមិមេត្តា កុំប្រព្រឹត្តល្បែងស៊ីសងពីព្រោះល្បែងតែងនាំឲ្យវិនាសទាំងខ្លួនឯងគ្រួសារ និងសហគមន៍ទាំងមូល។ ហើយចំពោះបញ្ហាការជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ឯកឧត្តម ទិត សុធា ក៏បានធ្វើការបញ្ជាក់ជូនប្រជាពលរដ្ឋថា បំណុលដែលបងប្អូនប្រជាពលរដ្ឋជំពាក់នោះជាកម្ចីប្រាក់ពីស្ថាប័នឯកជនសុទ្ធសាធ ខុសពីការលើកឡើងរបស់ក្រុមអគតិមួយចំនួនដែលបោកប្រាស់ប្រជាពលរដ្ឋថា ប្រាក់ដែលប្រជាពលរដ្ឋខ្ចីពីមីក្រូហិរញ្ញវត្ថុនានាជារបស់រដ្ឋ។
ឯកឧត្តម ទិត សុធា បានលើកឡើងទៀតថា កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមប្រឆាំងបានទៅនិយាយភូតកុហក ប្រជាពលរដ្ឋក្នុងភូមិថ្មី ឃុំកុមាររាជា ដោយបាននិយាយបំភ្លើសពីបញ្ហាមួយចំនួន និងបានដើរញុះញង់ប្រជាពលរដ្ឋតាមមូលដ្ឋានថា វៀតណាមបានរំលោភចូលដីខ្មែររាប់ពាន់ម៉ែត្រ ប៉ុន្តែជាក់ស្តែងក្រសួងជំនាញ និងប្រមុខរាជរដ្ឋាភិបាលធ្លាប់បានបកស្រាយពន្យល់រួចអស់ហើយ ថាមិនមានការបាត់បង់ទឹកដីខ្មែរ សូម្បីតែមួយម៉ែត្រការ៉េ ទៅប្រទេសជិតខាងនោះទេ។ ប៉ុន្តែបន្ទាប់ពីមានការជីកស្រះចូលដីខ្មែរ និងការរំកិលប៉ុស្តយាមតាមច្រកព្រំដែនកាលពីពេលកន្លងទៅ ក្រសួងការបរទេសនៃប្រទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ាទៅប្រទេសវៀតណាមភ្លាមៗផងដែរ ដោយផ្នែកលើគោលការណ៍ច្បាប់ ដើម្បីតវ៉ាទៅប្រទេសជិតខាង បញ្ចៀសនូវជម្លោះ និងហិង្សា ដែលខុសពីការលើកឡើងរបស់ក្រុមប្រឆាំង ដែលថាកម្ពុជាព្រងើយកន្តើយមិនគិតគូរបញ្ហាព្រំដែន។
បន្ទាប់ពីសណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងលោកតាលោកយាយរួចមក ឯកឧត្តម ទិត សុធា ក៏បានពាំនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវ ដើម្បីចែកជូនលោកតាលោកយាយ និងប្រជាពលរដ្ឋនៅក្នុងសាលាបុណ្យក្នុងភូមិព្រៃខ្លា។ អំណោយទាំងនោះរួមមាន ទឹកប្រាក់ចំនួន ១.២០០.០០០រៀល សំរាប់ធ្វើទ្វារទឹក១ ក្នុងភូមិព្រៃខ្លា, វ៉ែនតាមនុស្សចាស់ចំនួន ៥០ សរុបជាថវិកាប្រមាណ ៥០០ដុល្លា, សៀវភៅធម៌ចំនួន១០០ក្បាល និង ព្រះពុទ្ធរូបចំនួន ២០០សន្លឹក សម្រាប់ប្រជាពលរដ្ឋគោរពបូជា និងសិក្សាប្រតិបត្តិ។ ក្រៅពីនេះ ក្រុមការងារដែលដឹកនាំដោយឯកឧត្តម ទិត សុធា ក៏បានទៅចូលរួមរំលែកទុក្ខគ្រួសារសពលោក ហែម សាធ អាយុ ៦៨ នៅក្នុងភូមិ ខ្នាទង់ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៥ នៅវេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ នៅមន្ទីរពេទ្យរុស្ស៊ី ដោយជំងឺលើសឈាម និង បានឧបត្ថម្ភថវិកាចំនួន ៣០០.០០០រៀល ដល់គ្រួសារសពផងដែរ៕
អត្ថបទ៖ សុភាព
សុន្ទរកថា សម្តេច តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី ៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
សុន្ទរកថា
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន
សែន ប្រធានគណបក្សប្រជាជនកម្ពុជា
ថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរ ីយ៍ លើកទី
៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(២៨.០៦.១៩៥១-២៨.០៦.២០១៥)
សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី,
សម្តេចព្រះសង្ឃរាជ,
សម្តេចព្រះរាជា- គណៈនិង ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ,
សម្តេច, ឯកឧត្តម, លោកជំទាវ, លោកស្រី, អស់លោក, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសមាជិកសមាជិកានៃអង្គមីទ្ទិញ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !
ថ្ងៃនេះ ជាទិវាមួយដ៏មហោឡារិក
ដែលយើងបានជួបជុំគ្នាដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី ៦៤
នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិដ៏រុងរឿង
ជាគណបក្សដឹកនាំចលនាតស៊ូរបស់ ប្រជាជនប្រឆាំងនឹងបរទេសឈ្លានពាន
ដើម្បីឯករាជ្យជាតិ, ជាកម្លាំងនយោបាយតែមួយគត់ដែល
បានដឹកនាំការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
ដើម្បីសង្គ្រោះជាតិឱ្យមានជីវិតរស់ ឡើងវិញ
និងជាគណបក្សដែលបានដឹកនាំការពារ មាតុភូមិឱ្យស្ថិតស្ថេរគង់វង្ស, ការពារមិនឱ្យមាន
ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ព្រមទាំងបានដឹកនាំស្តារ, កសាង និងអភិវឌ្ឍ
ប្រទេសជាតិឱ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ។
តាំងពីថ្ងៃចាប់បដិសន្ធិមកទល់ បច្ចុប្បន្ន, គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង
និងឧត្តមគតិរបស់ ខ្លួន ដែលផ្សារភ្ជាប់ទៅនឹងគោលការណ៍
“ប្រជាធិបតេយ្យប្រជាជន” ក្នុងន័យថា
គណបក្សប្រជាជន កម្ពុជា គឺជាគណបក្សដែលកើតពីប្រជាជន, មានអត្ថិភាពដោយសារប្រជាជន
និងដើម្បីប្រជាជន, នៅជាមួយប្រជាជន, រួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ, ធ្វើជាស្នូលនៃការ
បង្រួបបង្រួមជាតិ
និងបង្រួបបង្រួមកម្លាំងប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់
ដោយគ្មានការរើសអើង ជាកម្លាំងមហាសាមគ្គីជាតិដ៏ធំទូលាយ
ពុះពារឆ្លងកាត់គ្រប់ឧបសគ្គ ហើយហ៊ានធ្វើពលិកម្មឥតរួញរា
ដើម្បីបុព្វហេតុនៃប្រទេសកម្ពុជាមួយឯករាជ្យ, សន្តិភាព, សេរីភាព, ប្រជាធិបតេយ្យ, អព្យាក្រឹត
និងវឌ្ឍនភាពសង្គម។ នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលប្រជាជនទូទាំងប្រទេស
បានយល់ដឹងយ៉ាង ច្បាស់
និងជាមូលដ្ឋានគ្រឹះនៃការគាំទ្រដ៏រឹងមាំពីសំណាក់ប្រជាជនដ៏ច្រើនកុះករក្នុងទូទាំងប្រទេសចំពោះ
តួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាង ៣៦
ឆ្នាំកន្លងមកនេះ។
ថ្ងៃនេះ, យើងប្រារព្ធពិធីនេះឡើង
ក្នុងស្មារតីគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះយុទ្ធជន, យុទ្ធនារី
និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់, ហ៊ានលះបង់សាច់ឈាម
និងឤយុជីវិត ប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបុព្វហេតុជាតិ
និងប្រជាជន, ធ្វើឱ្យយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ និងតទៅអនាគត។
ជាការតបស្នងចំពោះ ពលិកម្មមិនឤចកាត់ថ្លៃបានទាំងអស់នេះ យើងទាំងអស់គ្នាប្តេជ្ញាខិតខំថែរក្សាពូនជ្រំនូវរាល់សមិទ្ធផល
នៃសង្គមជាតិ
ហើយបន្តពុះពារការពារមាតុភូមិកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សជារៀងដរាប
និងកសាង
ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿនលឿនដូចឤរិយប្រទេសឯទៀតនៅក្នុងតំបន់
និងសកល លោក។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមសម្តែងគារវភក្តីភាព
និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម
មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ
និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ដែលកំពុងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប
និងសូមគោរពថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង
សម្តេចព្រះវររាជមាតាជាតិ ជាទីសក្ការៈ សូមមាន ព្រះកាយពលមាំមួន, ព្រះបញ្ញាញាណភ្លឺថ្លា
និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះ
ទៅកាន់ត្រើយវឌ្ឍនភាពដ៏រុងរឿង។
នៅក្នុងឱកាសនេះដែរ
អង្គមីទ្ទិញសូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត
ចំពោះមរណភាពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
ដែលជាការបាត់បង់មួយដ៏ធំរបស់ គណបក្សប្រជាជនកម្ពុជា និងប្រជាជាតិកម្ពុជា។
សម្តេចជាកុលបុត្រខ្មែរ, ជាឥស្សរជន និងជាវីរជនដ៏ឆ្នើម
ដែលបានបូជាអស់កម្លាំងកាយចិត្ត ស្មារតី ដើម្បីឯករាជ្យជាតិ
ជាពិសេសបានចូលរួមដឹកនាំការតស៊ូ រំដោះប្រទេស
និងប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានរួមចំណែកយ៉ាងសកម្មក្នុង
ការកសាងសុខសន្តិភាព, ស្ថិរភាពនយោបាយ ព្រមទាំងការស្តារ
និងអភិវឌ្ឍន៍ប្រទេសឱ្យមាន ការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។
យើងទាំងអស់គ្នាសូមចារឹកទុកក្នុងដួងចិត្តនូវគំរូវីរភាព
និងគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សម្តេច
និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់សម្តេចបានទៅ
កាន់សុគតិភពជារៀងរហូតទៅ។
ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ក៏ដូចជាក្នុងនាមថ្នាក់ដឹកនាំនៃគណបក្ស- ប្រជាជនកម្ពុជា
ព្រមទាំងក្នុងនាមខ្លួនខ្ញុំផ្ទាល់, ខ្ញុំសូមសម្តែងនូវការគោរព
និងសេចក្តីស្រឡាញ់ដ៏កក់ក្តៅ បំផុតជូនជនរួមជាតិទាំងអស់ នៅគ្រប់ទិសទី
ជាកសិករ, កម្មករ, និយោជិត, ឤជីវករ, ព្រះសង្ឃ, បព្វជិតនៃគ្រប់សាសនា, គ្រប់ជនជាតិ, មន្ត្រីរាជការ
និងកងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ ដែលបានរួមសាមគ្គីគ្នាជាធ្លុងមួយ
ហើយចូលរួមអនុវត្តយ៉ាងសកម្មនូវ កម្មវិធីនយោបាយ និង
យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣
របស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិជាទីស្រឡាញ់ នៃយើងទាំងអស់គ្នា
មានសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈដ៏រឹងមាំ, សេដ្ឋកិច្ច
និងសង្គមជាតិមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លា, កិត្តិយស និងកិត្យានុភាពជាតិ
ត្រូវបានលើក កម្ពស់ឥតឈប់ឈរ
ហើយជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើងជា
លំដាប់។
អង្គមីទ្ទិញ, ជនរួមជាតិជាទីគោរពស្នេហា
!
រយៈពេល ៦៤ ឆ្នាំកន្លងមកនេះ, ទោះបីត្រូវឆ្លងកាត់ការលំបាក
និងបញ្ហាស្មុគស្មាញ ជាច្រើនអនេកយ៉ាងណាក្តី, ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅរួមសុខ
រួមទុក្ខជាមួយប្រជាជន ជានិច្ច
និងបានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ
និងប្រជាជនក្នុងគ្រប់ដំណាក់កាល រួមមាន
ការឆ្លងកាត់ការតស៊ូប្រឆាំងនឹងរបបឤណានិគម, សង្គ្រាមដែលបង្កឡើងដោយរបបសាធារណរដ្ឋ ខ្មែររបស់ពួកលន់នល់
និងពួកបរទេសឈ្លានពានពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ និងជាពិសេស គឺការ
តស៊ូរំដោះជាតិ និងប្រជាជនពីទារុណកម្ម
និងការសម្លាប់រង្គាលយ៉ាងឃោរឃៅព្រៃផ្សៃបំផុតនៃរបប
ប្រល័យពូជសាសន៍ប៉ុលពតរយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ
ដែលបានបំផ្លិចបំផ្លាញប្រទេសជាតិខ្ទេចខ្ទី ឱ្យធ្លាក់ចុះដល់ចំណុចសូន្យ។
មហាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា
នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ លើរបប ប្រល័យពូជសាសន៍ប៉ុលពតបានសង្គ្រោះជាតិ
និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានជាថ្មីឡើងវិញ។
លើមូលដ្ឋាននៃជ័យជម្នះនេះ, ប្រជាជនកម្ពុជាបានទទួលមកវិញនូវសិទ្ធិសេរីភាព, ប្រជាធិបតេយ្យ, កិត្តិយស
និងសេចក្តីថ្លៃថ្នូរ ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុលពត។
តាមរយៈមហាជ័យជម្នះជា ប្រវត្តិសាស្ត្រនេះ
កម្ពុជាបានបិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន
ហើយបើកឡើងនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ, សេរីភាព, ប្រជាធិបតេយ្យ, និងវឌ្ឍនភាពសង្គម។
ក្នុងរយៈពេលជាង ៣៦ ឆ្នាំចុងក្រោយនេះ, ឤស្រ័យដោយមានការគាំទ្រយ៉ាងរឹងមាំពីប្រជាជន
គ្រប់ស្រទាប់ជាន់ថ្នាក់, គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ
និងការលំបាកយ៉ាង ច្រើនឥតគណនា ហើយសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ
និងមិនឤចកាត់ថ្លៃបាន យ៉ាងច្រើន ជូនជាតិមាតុភូមិ។ ពុំមានអ្នកណាឤចភ្លេចបានទេថា, ក្រោយរបបប្រល័យពូជសាសន៍, កម្ពុជាត្រូវចេញ
ដំណើរពីចំណុចសូន្យ ដោយគ្មានបានទទួលមរតកអ្វីសោះ ក្រៅតែពីគំនរផេះផង់
និងផលវិបាកដែល សង្គ្រាម និងរបបប្រល័យពូជសាសន៍បានបន្សល់ទុកឱ្យ។
យើងបានចាក់គ្រឹះស្ថាបនាឡើងវិញនូវរចនា សម្ព័ន្ធសង្គមជាតិដែលត្រូវបានបំផ្លាញខ្ទេចខ្ទី
ឱ្យកើតជារូបរាងពេញលេញ និងបានដឹកនាំស្តារ
និងកសាងជាតិឱ្យមានសភាពរឹងមាំ និងទទួលបាននូវការរីកចម្រើនជាលំដាប់។
នៅក្នុងស្ថានភាពដែល ពិភពលោកត្រូវបានបន្តគ្របដណ្តប់ដោយមនោគមវិជ្ជា
និងនយោបាយសង្គ្រាមត្រជាក់, យើងបានពុះពារ ជម្នះគ្រោះទុរភិក្ស, ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍
ព្រមទាំងដឹកនាំស្តារ និងកសាងសង្គមជាតិលើគ្រប់វិស័យ
ក៏ដូចជាកសាងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញឱ្យមាន ស្ថិរភាពជាជំហានៗ
រហូតមានការរីកចម្រើនដូចបច្ចុប្បន្ន។
យើងបានដើរតួនាទីស្នូលនៅក្នុងការស្វែងរក សន្តិភាព
និងការបង្រួបបង្រួមជាតិ ជូនប្រជាជនតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស
នៅឆ្នាំ ១៩៩១
និងបានបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរទាំងស្រុងដោយគ្មានការបង្ហូរឈាមតាមរយៈ
“នយោបាយឈ្នះ-ឈ្នះ” ដែលបង្កើតបាននូវសន្តិភាព
ពេញលេញ និងការឯកភាពជាតិ, ឯកភាពទឹកដីទាំងស្រុង។ ព្រមជា មួយនេះ យើងបានការពារ
យ៉ាងរឹងមាំនូវខឿន ឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដី, បង្កើត ទំនាក់ទំនង
និងកិច្ចសហ ប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយសហគមន៍អន្តរជាតិ
និងបានចូលរួមយ៉ាង សកម្ម, ដោយស្មើភាព និងស្មើសិទ្ធិ, ក្នុងនាមជាប្រទេសជាតិមួយដែលមានឯករាជ្យ
និង អធិបតេយ្យពិតប្រាកដ, នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ
ព្រមទាំងបានប្រែក្លាយខ្លួនពីប្រទេស ដែលទទួលយកទាហានមួកខៀវរបស់អង្គការសហប្រជាជាតិ
មកជាប្រទេសដែលបញ្ជូនកងកម្លាំង
របស់ខ្លួនឱ្យពាក់មួកខៀវទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុង
ប្រទេសមួយចំនួនដែលជាចំណុចក្តៅនៅលើសកលលោកវិញ។
សមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាទាំងអស់នេះបានធ្វើឱ្យប្រជាជាតិខ្មែរយើងឤចងើបមុខឡើង
វិញ
ក្នុងនាមជាប្រជាជាតិមួយដែលធ្លាប់មានវប្បធម៌ និងអរិយធម៌ដ៏រុងរឿង, ជាប្រជាជាតិដែលមាន
សេរីភាព, មានសាមគ្គីភាព និងមានមូលដ្ឋានខាងស្មារតី និងសម្ភារៈ
ដើម្បីធ្វើជាម្ចាស់លើជោគវាសនា របស់ខ្លួន។
ការផ្លាស់ប្តូរជាវិជ្ជមានទាំងអស់នេះ
គឺជាមោទនភាពដ៏ធំធេងបំផុតរបស់សង្គមជាតិកម្ពុជា។ នៅលើកំណាត់ផ្លូវជា ប្រវត្តិសាស្ត្រនេះ, គណបក្សប្រជាជនកម្ពុជាបានកសាង, ពង្រឹង
និងពង្រីកខ្លួនឥត ឈប់ឈរលើគ្រប់វិស័យ ដើម្បីរ៉ាប់រងនូវភារកិច្ចរាប់ម៉ឺនជំពូកដែលប្រជាជនបានប្រគល់ឱ្យ។
ផ្អែកលើ គោលការណ៍ “ប្រជាធិបតេយ្យប្រជាជន” គណបក្សបានធ្វើជាស្នូលនៃសាមគ្គីភាព
និងឯកភាព ជាតិទាំងមូល
ហើយដឹកនាំប្រទេសជាតិឱ្យឈានទៅមុខជានិច្ចតាមទិសដៅដ៏ត្រឹមត្រូវ។
លើមូលដ្ឋាននេះ គណបក្សសរុបបាននូវបណ្តាមេរៀនជាបទពិសោធន៍ដ៏មានតម្លៃ
និងជាកត្តានៃជ័យជម្នះក្នុងការដឹកនាំ រំដោះជាតិ ព្រមទាំងការពារ
និងកសាងជាតិ គឺៈ គណបក្សមានភាពត្រឹមត្រូវខាងនយោបាយ នៅគ្រប់កាលៈទេសៈ, មានការគាំទ្រដ៏រឹងមាំពីប្រជាជន, មានវិន័យម៉ឺងម៉ាត់ និងរបៀបធ្វើការម៉ត់ចត់, មានជួរធនធានមនុស្សដ៏សំបូរបែប ប្រកបដោយសមត្ថភាព
មនសិការស្នេហាជាតិ និងការទទួល ខុសត្រូវខ្ពស់ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ។ ស្នាដៃ
និងសមិទ្ធផលធំៗទាំងអស់នេះ មិនគ្រាន់ តែជាបុព្វបទសម្រាប់ការបន្តកសាង និងការពារមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងទាំងអស់គ្នា
ប៉ុណ្ណោះទេ, តែក៏ជាមរតកមានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ។
អង្គមីទ្ទិញ, ជនរួមជាតិជាទីគោរពស្នេហា
!
ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី
៥ នៃរដ្ឋសភា
បានផ្តល់ឱកាសដ៏ពេញលេញឱ្យគណបក្សបន្តបំពេញបេសកកម្មជាប្រវត្តិសាស្រ្ត
ក្នុងការបម្រើ ជាតិ និងប្រជាជន
ដើម្បីប្រែក្លាយកម្ពុជាទៅជាទឹកដីដ៏ពិសិដ្ឋ មានការអភិវឌ្ឍរស់រវើក
ប្រកបដោយ សុខសន្តិភាព និងវិបុលភាព ជាមួយនឹងស្នាមញញឹម
និងក្តីសង្ឃឹមរបស់ប្រជាជន ដែលរស់នៅក្នុងភាព សុខដុមរមនា។
ការធានាបានល្អប្រសើរនូវសន្តិភាព, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈក៏
ដូចជាការសម្រេចបាននូវភាពធូរស្រាលនៃសភាពការណ៍នយោបាយនៅចុងឆ្នាំ ២០១៤
ដើមឆ្នាំ ២០១៥ នេះ បានបង្កល័ក្ខខ័ណ្ឌអំណោយផលដល់ដំណើរការអភិវឌ្ឍន៍សង្គមជាតិ។
ទន្ទឹមនឹងការសម្រេចបាន
នូវលទ្ធផលល្អប្រសើរនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងនយោបាយ ថ្ងៃទី ២២
កក្កដា ២០១៤ ពិសេស គឺការរៀបចំបាននូវច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
ព្រមទាំងការបង្កើតឡើងនូវគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតថ្មី
ដែលនឹងធានាឱ្យការបោះឆ្នោតលើកក្រោយឤចប្រព្រឹត្តទៅកាន់តែល្អប្រសើរ
ប្រកបដោយការជឿទុកចិត្ត និងបញ្ចៀសមិនឱ្យមានភាពជាប់គាំង ខាងនយោបាយក្រោយ
ពេលបោះឆ្នោត, គណបក្សនយោបាយដែលមានឤសនៈក្នុងរដ្ឋសភាក៏បានឯកភាពគ្នាប្រកាន់យក
“វប្បធម៌សន្ទនា” ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាជាតិ
និងសង្គម ដែលភាគីទាំងពីរឤចមានទស្សនៈមិនទាន់ស្របគ្នា
ដោយភាពស្មោះត្រង់ជាមួយគ្នា, គោរព និងឱ្យតម្លៃ គ្នាទៅវិញទៅមក។ នេះ
គឺជាបុរេល័ក្ខខ័ណ្ឌដ៏សំខាន់មួយទៀត ដែលផ្តល់ នូវភាពជឿជាក់លើការបន្ត
បោះជំហានទៅមុខរបស់កម្ពុជា។
នៅក្នុងវិស័យសេដ្ឋកិច្ច, ទោះជាត្រូវបន្តប្រឈមនឹងភាពមិនប្រាកដប្រជា
និងហានិភ័យធំៗមួយ ចំនួន, ទាំងនៅក្នុង និងក្រៅប្រទេស, រួមមានដូចជា
គ្រោះមហន្តរាយធម្មជាតិ, អស្ថិរភាពនយោបាយ ក៏ដូចជាចលាចល
និងភាពមិនច្បាស់លាស់នៅក្នុងទីផ្សារពលកម្មនៅក្រោយពេលបោះឆ្នោត
ព្រមទាំងការ
បន្តនៃភាពមិនប្រាកដប្រជានៅក្នុងស្ថានភាពសេដ្ឋកិច្ចសកលយ៉ាងណាក៏ដោយ, ក៏កម្ពុជានៅតែឤច
សម្រេចបាននូវកំណើនសេដ្ឋកិច្ច ក្នុងអត្រា ៧,៣ ភាគរយ ក្នុងឆ្នាំ ២០១៣
និងប្រមាណ ៧ ភាគរយ ក្នុងឆ្នាំ ២០១៤ ហើយនៅឆ្នាំ ២០១៥ ការព្យាករណ៍បង្ហាញថា
សេដ្ឋកិច្ចកម្ពុជានឹងឤចសម្រេចបាន កំណើនជុំវិញ ៧ ភាគរយ បន្តទៀត។ ផសស
សម្រាប់ប្រជាជនម្នាក់ ត្រូវបានរំពឹងថា នឹងបន្តកើនឡើងពី ១០៤២
ដុល្លារឤមេរិក នៅឆ្នាំ ២០១៣ ដល់ ១១២៣ ដុល្លារឤមេរិក នៅឆ្នាំ ២០១៤ និង
ឤចកើនដល់ ១២២០ ដុល្លារឤមេរិក នៅឆ្នាំ ២០១៥។ អតិផរណាមធ្យមប្រចាំឆ្នាំ
ត្រូវបានគ្រប់គ្រងឱ្យស្ថិតនៅក្រោម កម្រិត ៥ ភាគរយ
ពោលគឺស្ថិតនៅក្នុងរង្វង់ ៣,៥ ភាគរយ ក្នុងឆ្នាំ ២០១៤ និងក្នុងឆ្នាំ ២០១៥។
អត្រាប្តូរប្រាក់ក៏ត្រូវបានធានាឱ្យមានស្ថិរភាពជាទូទៅ ក្នុងរង្វង់ ៤០៥០
រៀល ក្នុងមួយដុល្លារឤមេរិក។
អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅក្រោម ១៨ ភាគរយ នៅឆ្នាំ ២០១៣។
លើសពីនេះទៀត ផលផ្លែផ្កានៃកំណើនសេដ្ឋកិច្ច
ក៏ត្រូវបានបែងចែកក្នុងលក្ខណៈកាន់តែមានសមធម៌ឡើង ដែលត្រូវបាន
ឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះនៃមេគុណវិសមភាពនៃការប្រើប្រាស់ពី ០,៤១ នៅឆ្នាំ ២០០៧
មកនៅ ត្រឹម ០,២៩
នៅឆ្នាំ ២០១២ ជាមួយនឹងការរំពឹងថា តួលេខនេះបន្តមានការធ្លាក់ចុះថែមទៀត
នៅក្នុងឆ្នាំ ២០១៣, ២០១៤ និង ២០១៥ នេះ។
ការអនុវត្តថវិកាឆ្នាំ ២០១៤ បានបង្ហាញឱ្យឃើញនូវលទ្ធផលគួជាទីលើកទឹកចិត្តមួយចំនួននៃការ
កែទម្រង់ស៊ីជម្រៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ការប្រមូលចំណូលថវិការដ្ឋ ពិសេសចំណូល គយ និងពន្ធដារ
ត្រូវបានពង្រឹងក្នុងកម្រិតគួរឱ្យកត់សម្គាល់
ដែលត្រូវបានឆ្លុះបញ្ជាំងឱ្យឃើញ តាមរយៈកំណើនយ៉ាងខ្លាំងនៃចំណូលចរន្តថវិការដ្ឋក្នុងឆ្នាំ
២០១៤ ក្នុងអត្រាប្រមាណ ១១,៧% លើសពីគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ
២០១៤ ឬបានកើនប្រមាណ ២៤,៦%
ធៀបនឹង ការអនុវត្តក្នុងឆ្នាំ ២០១៣។ ក្នុងប្រតិបត្តិការចំណាយសាធារណៈ, គោលការណ៍វិចារណកម្ម
ចំណាយ
ដែលសំដៅធានាឱ្យចំណាយថវិកាមានការឆ្លើយតបកាន់តែល្អប្រសើរឡើងទៅនឹងគោល
នយោបាយ ជាឤទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងគោលការណ៍បង្កើនប្រសិទ្ធភាព
និងស័ក្តិសិទ្ធភាព នៃចំណាយ, ទាំងក្នុងកម្រិតវិភាជន៍ ទាំងក្នុងកម្រិតបច្ចេកទេស
និងប្រតិបត្តិការ, ក៏ត្រូវបានប្រកាន់ និងជំរុញ អនុវត្តយ៉ាងខ្ជាប់ខ្ជួន។
ចំណុចលេចធ្លោជាងគេបំផុតនៅក្នុងនេះ គឺការដំឡើងបៀវត្សជូនមន្ត្រីរាជការ, យោធិន, នគរបាលជាតិ
និងនិវត្តជន ពិសេសជូនគ្រូបង្រៀន និងគ្រូពេទ្យ, ទន្ទឹមនឹងការកែទម្រង់ ប្រព័ន្ធបៀវត្ស
និងប្រព័ន្ធរដ្ឋបាល សាធារណៈ ដែលផ្តោតជាសំខាន់លើការធានាបើកប្រាក់បៀវត្ស
ជូនមន្ត្រីរាជការឱ្យបានទាន់ពេលវេលា ក្នុងសប្តាហ៍ទី ៤
នៃខែនីមួយៗតាមប្រព័ន្ធធនាគារដោយបើក
ផ្តល់ត្រង់ចូលទៅក្នុងគណនីរបស់មន្ត្រីរាជការម្នាក់ៗនៅក្នុងធនាគារពាណិជ្ជ។
អង្គមីទ្ទិញ, ជនរួមជាតិជាទីគោរពស្នេហា
!
សោកនាដកម្ម, ការឈឺចាប់, ការភ័យខ្លាច
និងការបាត់បង់ ដែលប្រជាជាតិយើង បានជួបប្រទះ ក្នុងអតីតកាលថ្មីៗនេះ
បានកន្លងផុតទៅហើយ។ បច្ចុប្បន្ននេះ យើងកំពុងរស់នៅលើទឹកដីមួយដែល
មានសន្តិភាពពេញលេញ, មានស្ថិរភាពនយោបាយ, មានការបង្រួបបង្រួមជាតិ
និងឯកភាពផ្ទៃក្នុងជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ, មានលទ្ធិប្រជាធិបតេយ្យកំពុងចាក់គ្រឹះរឹងមាំក្នុងសង្គមជាតិ
និងមាន ខឿនសេដ្ឋកិច្ចសង្គមកិច្ច ដែលកំពុងរីកលូតលាស់ ប្រកបដោយថាមពល
និងជវភាព។ ទាំងអស់នេះ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាបំផុត ដែលកើតចេញ
ពីការប្រឹងប្រែង ប្រកបដោយទឹកចិត្តប្តូរផ្តាច់របស់សមាជិក
សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប, របស់មន្ត្រីរាជការ
ក៏ដូចជាកងកម្លាំងប្រដាប់ឤវុធគ្រប់ ប្រភេទ និងប្រជាជនយើងគ្រប់សមាសភាពសង្គម, ព្រមទាំង
ពីការរួមវិភាគទានដ៏ថ្លៃថ្លាពីសំណាក់ដៃគូ
និងបណ្តាប្រទេសជាមិត្តជិតឆ្ងាយទាំងអស់ចំពោះបុព្វហេតុសន្តិភាព, ប្រជាធិបតេយ្យ
និងការអភិវឌ្ឍ នៅកម្ពុជា។ ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា
សុទ្ធតែកំពុងទទួលបានផលប្រយោជន៍ ពីសមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ។
នៅក្នុងបរិការណ៍នេះ, គណបក្សប្រជាជនកម្ពុជា, ដែលបានទទួលឤណត្តិពីប្រជាពលរដ្ឋ
តាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី ៥, មានការប្តេជ្ញាចិត្តយ៉ាងហ្មឹងម៉ាត់ឥតរាថយ
ក្នុងការជំរុញអនុវត្ត កម្មវិធីនយោបាយ របស់ខ្លួនឱ្យសម្រេចបានលទ្ធផល
ល្អប្រសើរលើគ្រប់វិស័យ។
គណបក្សប្រជាជនកម្ពុជាប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការថែរក្សាការពាររាល់សមិទ្ធផលនៃសង្គម-ជាតិ
ជាពិសេសគឺសន្តិភាព
និងស្ថិរភាពនយោបាយដែលជាសមិទ្ធផលដ៏ធំធេងមិនឤចកាត់ថ្លៃបាន
និងជាបុព្វល័ក្ខខ័ណ្ឌសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ក្នុងស្មារតីនេះ គណបក្សនឹងបន្ត អនុវត្តនយោបាយ សាមគ្គីប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ, អតីតកាល, ភេទ, ជំនឿសាសនា, ដើមកំណើតជាតិ
និងឋានៈសង្គម នៅលើមូលដ្ឋាននៃការគោរពប្រតិបត្តិ
ខ្ជាប់ខ្លួននូវរដ្ឋធម្មនុញ្ញ និងបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ដើម្បីថែរក្សា
និងពង្រីករាល់ សមិទ្ធផលដែលសម្រេចបានរយៈពេល ៣៦ ឆ្នាំកន្លងមក
និងធានាជោគជ័យក្នុងដំណើរការកសាង និងការពារមាតុភូមិតទៅមុខទៀត។
លើមូលដ្ឋាននៃការអនុវត្តនយោបាយនេះ យើងនឹងបន្តលើក កម្ពស់ “វប្បធម៌សន្ទនា ” ជាមួយគណបក្សនយោបាយទាំងអស់ ដោយបញ្ចប់ការប្រឈមមុខគ្នា ក្នុង គោលបំណងធានាឱ្យបាននូវស្មារតីសាមគ្គីប្រជាជាតិទាំងមូល, ធានានូវបរិយាកាសនយោបាយល្អ
ប្រសើរប្រកបដោយស្ថិរភាព និងធានានូវភាពសុខដុមរមនាក្នុងសង្គមជាតិ
ក៏ដូចជាធានានូវការជឿ ទុកចិត្តរបស់អ្នកវិនិយោគទាំងក្នុង
និងក្រៅប្រទេស។
នៅក្នុងផ្នែកសង្គម-សេដ្ឋកិច្ច, គណបក្សប្រជាជនកម្ពុជាគាំទ្រយ៉ាងក្លៀវក្លា
និងពេញទំហឹង
ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញអនុវត្ត
យុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី ៣ ព្រមទាំង
ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ឱ្យសម្រេចបានជោគជ័យតាម
ការរំពឹងទុក ដោយផ្តោតឤទិភាពលើ កិច្ចការសំខាន់ៗដូចតទៅ៖
១-ការបន្តពង្រឹងសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ
និងសណ្តាប់ធ្នាប់សាធារណៈ;
២-ការបន្តជំរុញអនវុត្តគោលនយោបាយលើកកម្ពស់កំណើន, ការងារ, សមធម៌
និងប្រសិទ្ធភាព សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន
និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ដល់គ្រប់
ស្រទាប់វណ្ណៈនៃប្រជាជន
តាមរយៈការបន្តធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាប្រចាំ
ឆ្នាំជាមធ្យមប្រមាណ ៧ ភាគរយ, ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
និងស្ថិរភាពហិរញ្ញវត្ថុ ដោយ
គ្រប់គ្រងអតិផរណាឱ្យស្ថិតនៅក្នុងកម្រិតក្រោម ៥ ភាគរយ
និងរក្សាស្ថិរភាពនៃអត្រាប្តូរប្រាក់, ការបន្ត ខិតខំកៀរគរចំណូល
និងធានាប្រសិទ្ធភាពចំណាយថវិកាជាតិ ព្រមទាំងការបង្កើនភាពធន់នៃសេដ្ឋកិច្ច
ជាតិចំពោះវិបត្តិ និងហានិភ័យផ្សេងៗ
គួបផ្សំនឹងការបន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ
ចាំបាច់នានា ក៏ដូចជាការរៀបចំឱ្យមាននូវប្រព័ន្ធឡូជីស្ទីកដ៏រស់រវើក
និងការធានានូវភាពសុខដុមរមនា នៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងក្នុងទីផ្សារការងារ
សំដៅបង្កើនភាពទាក់ទាញសម្រាប់
ការវិនិយោគ, ជំរុញបង្កើតការងារ និងបង្កើនចំណូលសម្រាប់ប្រជាពលករ កម្ពុជា;
៣-ការបន្តផ្តល់ឤទិភាពដល់ការដំឡើងប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការ
និងកងកម្លាំង ប្រដាប់ឤវុធ ឆ្ពោះទៅសម្រេចគោលដៅឱ្យបានជាង ១ លានរៀល
នៅឆ្នាំ ២០១៨ ដោយផ្សារភ្ជាប់ ទៅនឹងការកែទម្រង់ប្រព័ន្ធបៀវត្ស, ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញ-
វត្ថុសាធារណៈ និងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ, ទន្ទឹមនឹងការបន្តផ្តោតការយកចិត្តទុកដាក់លើ
ការធានាល័ក្ខខ័ណ្ឌការងារសមរម្យ
និងការលើកកម្ពស់ជីវភាពរបស់កម្មករ-កម្មការិនី ព្រមទាំងការខិតខំ
ដោះស្រាយបញ្ហាជាក់ស្តែងមួយចំនួនទៀតដែលពាក់ព័ន្ធដោយផ្ទាល់
ចំពោះជីវភាពប្រចាំថ្ងៃរបស់ ប្រជាជនរួមមានដូចជា បញ្ហាថ្លៃអគ្គិសនី, ថ្លៃទឹក
និងបណ្តាញផ្គត់ផ្គង់ទឹកស្អាត, ថ្លៃកសិផល និងបញ្ហា
មីក្រូហិរញ្ញវត្ថុសម្រាប់គ្រួសារកសិករ ជាដើម ;
៤-ការបន្តធានាអនុវត្តកម្មវិធីកែទម្រង់ចាំបាច់នានារបស់រាជរដ្ឋាភិបាលឱ្យមានលក្ខណៈកាន់តែ
ស៊ីជម្រៅ និងទទួលបានលទ្ធផលជាផ្លែផ្កាជាក់ស្តែងជាបណ្តើរៗ រួមមាន
ការកែទម្រង់កងកម្លាំងប្រដាប់ ឤវុធ, ការកែទម្រង់វិមជ្ឈការ
និងវិសហមជ្ឈការ, ការកែទម្រង់ ប្រព័ន្ធយុត្តិធម៌ និងតុលាការ, ការកែទម្រង់ដីធ្លី
និងការគ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធានព្រៃឈើ, ធនធានជលផល និងធនធានរ៉ែ
ដោយផ្សារភ្ជាប់ទៅនឹងការបន្តខិតខំពង្រឹងស្ថាប័នជាតិ
និងប្រព័ន្ធអភិបាលកិច្ច ដើម្បី ធានាប្រសិទ្ធភាព, គណនេយ្យភាព, តម្លាភាព, សមធម៌
និងយុត្តិធម៌សង្គម;
៥-ការបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស
តាមរយៈការលើកកម្ពស់គុណភាពអប់រំ, ការបណ្តុះ- បណ្តាលជំនាញវិជ្ជាជីវៈ
និងបច្ចេកទេស ព្រមទាំងការលើកកម្ពស់គុណភាពសេវាសុខាភិបាល, ទន្ទឹមគ្នា
នឹងការបង្កើនការយកចិត្តទុកដាក់លើការលើកស្ទួយវិស័យវប្បធម៌, សិល្បៈ, កីឡា និងសង្គមកិច្ច
ឱ្យឆ្លើយ តបនឹងសំណូមពរនៃការជំរុញល្បឿនកសាងជាតិ, ការកែលម្អគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន, ការតម្កើងតម្លៃសីលធម៌
ព្រមទាំងការការពារលើកកម្ពស់មរតកវប្បធម៌ និងអត្តសញ្ញាណជាតិ; និង
៦-ការលើកកម្ពស់គុណភាព
និងប្រសិទ្ធភាពនៃសេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹង សំណូមពរ និង
សេចក្តីត្រូវការរបស់ប្រជាជន
ហើយទទួលបាននូវការពេញចិត្តពីសំណាក់ប្រជាជន។
បន្ថែមលើនេះ
គណបក្សប្រជាជនកម្ពុជាផ្តល់ឤទិភាពពិសេសទៅលើការអភិវឌ្ឍយុវជន ដែលជា
សសរទ្រូង និងជាកម្លាំងបន្តវេន ក្នុងការកសាង និងការពារប្រទេសជាតិ, ក៏ដូចជាការលើកកម្ពស់សិទ្ធិស្ត្រី កុមារ
និងជនពិការ
ព្រមទាំងការជួយគាំពារដល់ក្រុមជនងាយរងគ្រោះក្នុងសង្គមឱ្យមានជីវភាពរស់នៅ
បានសមរម្យ ស្របជាមួយការរីកចម្រើននៃសង្គមជាតិ។
គណបក្សប្រជាជនកម្ពុជាគាំទ្រការបង្កើតច្បាប់ស្តីពីសមាគម
និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីសហជីព
ដើម្បីការពារទ្រទ្រង់សិទ្ធិ, សេរីភាព
និងផលប្រយោជន៍របស់សមាគម, អង្គការ
មិនមែនរដ្ឋាភិបាល និង សហជីពទាំងអស់ និងផលប្រយោជន៍សាធារណៈ
ព្រមទាំងធានាឱ្យកិច្ចដំណើរ ការរបស់អង្គការទាំងនេះ
ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ស្របតាមគោលការណ៍នីតិរដ្ឋ
និងអភិបាលកិច្ចល្អ។ គណបក្សប្រឆាំងដាច់ខាត
ចំពោះរាល់ទង្វើជ្រៀតជ្រែកពីមជ្ឈដ្ឋានបរទេសចូល ក្នុងដំណើរការនេះ
ដែលជាការរំលោភបំពានលើឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ហើយអំពាវនាវ
ឱ្យមានការគោរពចំពោះព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋអធិបតេយ្យ
និងជាសមាជិកមួយនៃ អង្គការសហប្រជាជាតិ។
គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងចំពោះការប្តេជ្ញាចិត្តមោះមុតរបស់រាជរដ្ឋាភិបាល
ក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី
ជាពិសេសការខិតខំដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង
ដោយឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញ,
ច្បាប់ជាតិ, ច្បាប់អន្តរជាតិ និងឯកសារ គតិយុត្តពាក់ព័ន្ធនានា
ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនទាំងមូលជាមួយប្រទេសជិតខាង ទៅជាព្រំដែន
ស្ថិរភាព, សន្តិភាព, មិត្តភាព,
សហប្រតិបត្តិការ
និងអភិវឌ្ឍន៍។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ
ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេស ជាមិត្ត, ដៃគូបរទេស និងអង្គការអន្តរជាតិទាំងអស់
ដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុ ដ៏ត្រឹមត្រូវ របស់ប្រជាជនកម្ពុជា
ព្រមទាំងកំពុងតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយ
ព្រះរាជាណា- ចក្រកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់មួយមិនឤចខ្វះបាន
ដើម្បីសន្តិភាព, ប្រជាធិបតេយ្យ
និងការអភិវឌ្ឍនៅកម្ពុជា។
ជាថ្មីម្តងទៀត, ក្នុងនាមគណបក្សប្រជាជនកម្ពុជា, ខ្ញុំសូមសម្តែងនូវសេចក្តីគោរព
និងការដឹង-គុណដ៏ជ្រាលជ្រៅបំផុត ជូនជនរួមជាតិនៅគ្រប់ទិសទី
ដែលបានឃើញយ៉ាងច្បាស់នូវសច្ចភាពនៃការរស់ច ឡើងវីញ
និងការរីកចម្រើនរបស់ប្រទេសជាតិ ហើយបានផ្តល់ជំនឿ
និងការគាំទ្រដ៏ធំធេងចំពោះគណ- បក្សនៅគ្រប់ដំណាក់កាល។ ដោយផ្អែកលើមូលដ្ឋាននៃការគាំទ្ររបស់ប្រជាជន, គណបក្សប្តេជ្ញាបន្ត
ប្រមូលផ្តុំកម្លាំងមហាសាមគ្គីជាតិ និងប្រឹងប្រែងអស់ពីសមត្ថភាព
ដើម្បីជំរុញអនុវត្តបេសកម្មជាប្រវត្តិ- សាស្រ្តរបស់ខ្លួន
នៅក្នុងនីតិកាលទី ៥ នៃរដ្ឋសភានេះឱ្យបានសម្រេចជោគជ័យដ៏ត្រចះត្រចង់។
ជាទីបញ្ចប់, ទូលព្រះបង្គំ,
ខ្ញុំព្រះករុណា, ខ្ញុំ, សូមថ្វាយ, ប្រគេនពរ និងប្រសិទ្ធពរ ជូនសម្តេច, ឯកឧត្តម,
លោកជំទាវ, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, សមាជិក-សមាជិកានៃអង្គមីទ្ទិញ
និងជនរួមជាតិទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺៈ ឤយុ, វណ្ណៈ, សុខៈ, ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរព្រះគុណ
សូមអរគុណ!
Subscribe to:
Posts (Atom)