Tuesday, July 28, 2015

រាជរដ្ឋាភិបាល​សម្រេច​កាត់បន្ថយរយៈ​ពេល នៃការផ្តល់ដី​សម្បទានសេដ្ឋកិច្ច​មកនៅត្រឹម​ ៥០ឆ្នាំយ៉ាង​យូរបំ​ផុត

យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់​ក្រសួងបរិស្ថាន ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៥នេះ ស្តីពីលទ្ធផលនៃការវាយ​តម្លៃ លើក្រុមហ៊ុនសម្បទាន​ដីសេដ្ឋកិច្ចចំនួន​ ១៦ នៅក្នុងខេត្ត​មណ្ឌលគិរី រតនគិរី និងកំពង់ស្ពឺ ក្រោមការ​គ្រប់គ្រង​របស់ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា ក្រោយដោះ​ស្រាយពីផលប៉ះពាល់រួច ក្រុម​ហ៊ុនទាំង១៦នេះ នឹងត្រូវចុះ​កិច្ចសន្យាឡើង​វិញ និងកាត់បន្ថយរ​យៈពេល​នៃការវិនិ​យោគ ដែលផ្តល់​ឲ្យពីមុនមក​មាន ៩៩ឆ្នាំ ៨០ ឆ្នាំ និង៧០ឆ្នាំឲ្យមក​នៅត្រឹមរយៈពេល ៥០ឆ្នាំវិញ។
ក្រសួងបរិស្ថាន​បានឲ្យដឹងថា កាលពីពេល​ថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេចអនុញ្ញាត​ឲ្យក្រុមហ៊ុន ១៦ ដែលទទួលបាន​សិទ្ធិវិនិយោគលើផ្ទៃ​ដីសេដ្ឋកិច្ច នៅតំបន់ប្រើប្រាស់​ដោយចីរភាព​នៃដែនជម្រកសត្វព្រៃ​ភ្នំណាម​លៀរ ដែនជម្រក​សត្វព្រៃភ្នំពេ្រច នៅខេត្តរតនៈគិរី មានចំនួន ៤ក្រុមហ៊ុន  ដែលទទួលបាន​សម្បទានដីសេដ្ឋកិច្ច នៅដែន​ជម្រកសត្វ​ព្រៃលំផាត់ និងក្នុងខេត្តកំពង់​ស្ពឺមាន​ចំនួន៧ ដែលទទួល​បានសម្បទាន​ដីសេដ្ឋកិច្ច​នៅតំបន់ដែន​ជម្រកសត្វព្រៃភ្នំ​ឱរ៉ាល់ និងឧទ្យានជាតិ​សុរាម្រិត-កុសុមៈ គិរីរម្យ បន្តអនុវត្ត​គម្រោង​និងបំពេញ​នីតិវិធីលើ​ផ្ទៃដីដែល​បានដោះ​ស្រាយ​ផលប៉ះពាល់​រួច ដោយត្រូវចុះកិច្ចសន្យា​ឡើង​វិញ និងកាត់​បន្ថយរយៈ​ពេលនៃ​ការវិនិយោគ​ដែលផ្តល់​ឲ្យពីមុនមក​មាន ៩៩ឆ្នាំ ៨០ ឆ្នាំ និង៧០ឆ្នាំឲ្យមកនៅ​ត្រឹមរយៈពេល ៥០ឆ្នាំវិញ។ សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេចជាគោលការណ៍ ក្នុងការកាត់​បន្ថយរយៈពេលនៃការអនុវត្តគ​ម្រោងវិនិយោគអភិវឌ្ឍន៍ សម្បទាន​ដីសេដ្ឋកិច្ចទាំង​អស់មកនៅ​ត្រឹមយ៉ាង​យូរ៥០ឆ្នាំ។
តាមសេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួង​បរិស្ថាន រហូតមក​ដល់ពេលនេះ ក្រសួងបា​នពិនិត្យ និងវាយតម្លៃគម្រោង​វិនិយោគអភិវឌ្ឍន៍ទាំង​អស់ចំនួន ១១៣ ដែលមាន​ផ្ទៃដីសរុប ៦២៨ ២៩៨,៧៥ ហិកតា ដែលក្នុង​នោះគម្រោង​ចំនួន ៨១ ត្រូវបាន​ដាក់ឆ្លងអង្គ​ប្រជុំគណៈកម្មាធិការ​អន្តរក្រសួង ដើម្បី​ពិភាក្សា និងលើក​សំណើជូន​ប្រមុខរាជរដ្ឋាភិបាល​ក្នុងការពិនិត្យ និងសម្រេច ហើយ​ជាលទ្ធផល​គម្រោង​របស់ក្រុមមហ៊ុន​ចំនួន ២៣ ដែលមាន​ផ្ទៃដីសរុប ៩០ ៦៨២ ហិកតា ត្រូវបានរាជរដ្ឋាភិបាល​សម្រេចនិរាករណ៍ សិទ្ធិវិនិយោគដោយ​សារតែក្រុម​ហ៊ុនទាំងនោះ មិនបាន​គោរពតាមគោល​ការណ៍ និងនីតិវិធីនានា​ដែលបានកំណត់។
ក្រសួង​បរិស្ថានបានបញ្ជាក់​ផងដែរថា ការត្រួត​ពិនិត្យ វាស់វែង និងវាយ​តម្លៃគម្រោង​សម្បទាន​ដីសេដ្ឋកិច្ចឡើង​វិញនេះ ពិតជាមាន​សារៈសំខាន់​ណាស់ ដើម្បីគ្រប់​គ្រងឲ្យមាន​ប្រសិទ្ធិភាព​លើសម្បទានដីសេដ្ឋកិច្ច ដែលស្ថិត​ក្រោមការគ្រប់គ្រងរបស់​ក្រសួងបរិស្ថាន បំណង​ដើម្បីផ្តល់ភាពកក់ក្តៅ​ដល់អ្នកវិនិយោគទុន ក៏​ដូចជាដោះស្រាយ​លើផលប៉ះពាល់ទាំងឡាយ​ឲ្យបានត្រឹមត្រូវ និងកំណត់​ច្បាស់លាស់​ថា សម្បទាន​ដីសេដ្ឋកិច្ច​ទាំងអស់នឹងមិនមាន​ការប៉ះពាល់ដល់​ដីធ្លីរបស់​ប្រជាពលរ​ដ្ឋ៕
អត្ថបទ៖ សុភាព

ក្រសួងអប់រំប្រកាសហាម មិនឲ្យបេក្ខជន ដែលប្រឡងបាក់ឌុបឆ្នាំនេះ យកឧបករណ៍អេឡិចត្រូនិច ចូលក្នុងមណ្ឌលប្រឡង

យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួងអប់រំ យុវជន​ និងកីឡា ចុះថ្ងៃទី ២៧ ខែ​កក្កដា ឆ្នាំ២០១៥​ ស្តីពីការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិចំណេះទូទៅ​ និងបំពេញវិជ្ជាសម័យ​ប្រឡងថ្ងៃទី ២៤ ​ខែសីហា ឆ្នាំ២០១៥​ បានឲ្យដឹងថា​ ដើម្បីឲ្យដំណើរការប្រឡងប្រពឹត្តទៅ​ប្រកបដោយ​គោលការណ៍ច្បាប់​ យុត្តិធម៌​ តម្លាភាព​ និងលទ្ធផលទទួល​យកបាន ​ក្រសួងអប់រំយុវជន​និងកីឡា ​សូមអំពាវនាវដល់​បេក្ខជនទាំងអស់​ត្រូវគោរពបទប្បញ្ញត្តិនៃការ​ប្រឡងឲ្យ​បានល្អប្រសើរ ​ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិច​ត្រូនិចគ្រប់ប្រភេទ​ចូលក្នុងមណ្ឌលប្រឡង​ ឬបន្ទប់ប្រឡង ​ជាដាច់ខាត។ ​ក្នុងករណីរកឃើញ ​ត្រូវចាត់ទុកថាបាន​ប្រព្រឹត្តសកម្មភាព​ផ្ទុយនឹងបទប្បញ្ញតិ្ត​ និងកម្រិត វិន័យចំពោះបេក្ខជន ​និងត្រូវបានកំណត់​ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។
ការប្រឡងសញ្ញាប័ត្រ​មធ្យមសិក្សាទុតិយភូមិ​ចំណេះទូទៅ​ និងបំពេញ​វិជ្ជាដែលមានថ្នាក់​វិទ្យាសាស្ត្រ ​និងថ្នាក់វិទ្យាសាស្ត្រសង្គម ​រួមមានបេក្ខជន​ប្រឡងសរុបចំនួន ​៨៨៤៨៨ នាក់ ​និងមានមណ្ឌល​ប្រឡងចំនួន​ ១៥០ មណ្ឌល​ចែកចេញជា៣៥៧៦បន្ទប់ ​នៅរាជធានី ខេត្តទាំង ២៥នៃព្រះរាជា​ណាចក្រកម្ពុជា។
ការប្រឡងនេះ ​នឹងត្រូវប្រកាសលទ្ធផល​នៅតាមណ្ឌល​ប្រឡងនីមួយៗ ​នៅរសៀលថ្ងៃទី ​១៥ ខែកញ្ញា ​ឆ្នាំ២០១៥​ សម្រាប់​មណ្ឌលប្រឡងនៅ​រាជធានីភ្នំពេញ ​និងខេត្តកណ្តាល​ និងនៅថ្ងៃទី ១៦​ ខែកញ្ញា ឆ្នាំ២០១៥​ សម្រាប់មណ្ឌលប្រឡង​នៅខេត្តផ្សេងៗទៀត៕
អត្ថបទ៖ សុភាព