Tuesday, June 16, 2015
កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើពិធីផ្ទេរតំណែងស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងប្រគល់ភារកិច្ចទទួលខុសត្រូវ ជូនស្នងការរង
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកអង្គប្រជុំស្តីពីការផ្ទេរតំណែងស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងប្រគល់ភារកិច្ចទទួលខុសត្រូវ ជូនស្នងការរង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារបុគ្គលិក និង ឯកឧត្តម ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងមានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ នៃស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នេះគឺជាការផ្ទេរតំណែងក្នុងស្នងការ បន្ទាប់ពីបានប្រារព្ធពិធីផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរសក្តិនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ កន្លងទៅ។
ការកែទម្រង់ដ៏ធំរបស់កងរាជអាវុធហត្ថ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៥៩ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធ ក្របខណ្ឌចាត់តាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រកូតាំង
នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គឺឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រកូតាំង ចូលជួបពិភាក្សា និងជំរាបលា បន្ទាប់ពីបញ្ចប់អាណត្តិរបស់ខ្លួន នៅខែកញ្ញា ឆ្នាំ២០១៥ខាងមុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានថ្លែងអំណរគុណចំពោះឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រកូតាំង ដែលបានចួលរួមចំណែកធ្វើឲ្យទំនាក់ទំនងល្អ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសហភាពអឺរ៉ុប លើវិស័យពាណិជ្ជកម្ម ដោយសារតែសហភាពអឺរុបមានប្រទេសធំៗចំនួន២៨ ដែលមានសក្កានុពលវិស័យសេដ្ឋកិច្ច។
កន្លងមកប្រទេសកម្ពុជាបាននាំចេញទំនិញទៅកាន់សហភាពអឺរ៉ុប ក្រោមកម្មវិធីមួយហៅថា Everything But Arm (EBM) គឺប្រព័ន្ធពាណិជ្ជកម្មដែលអនុញ្ញាតឲ្យនាំចេញទំនិញគ្រប់យ៉ាងលើកលែងតែគ្រឿងសព្វាវុធចេញ (EBM)។
ឯកឧត្តម សុខ អាន បានវាយតំលៃខ្ពស់ លើបេសកម្មដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រកូតាំង និងបានលើកឡើងថា ការធ្វើទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជា ផ្នែកសេដ្ឋកិច្ចគឺមានសារៈសំខាន់ណាស់ ហើយយើងនឹងបន្តទំនាក់ទំនងល្អនេះជាមួយគ្នាបន្តទៀត នឹងខិតខំធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា និងសហភាពអឺរ៉ុប។
ឯកឧត្តម សុខ អាន ក៏បានជំរុញឲ្យសហភាពអឺរ៉ុប បង្កើនការវិនិយោគរបស់ខ្លួនមកកាន់កម្ពុជាបន្ថែមទៀត។ ឯកឧត្តម ក៏បានចាប់អារម្មណ៍ឃើញថា មានប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបមើលឃើញថា ប្រទេសកម្ពុជាហាក់ដូចជាប្រទេសទើបតែងើបផុតពីសង្គ្រាម ប៉ុន្តែជាការពិតបច្ចុប្បន្នប្រទេសកម្ពុជាមានការរីកចំរើនជាលំដាប់។ ឯកឧត្តម សុខ អាន បានបន្តថា យើងចង់ឲ្យពួកគេនៅអឺរ៉ុប មើលឃើញប្រទេសកម្ពុជា ជាប្រទេសចាស់ទុំ មានស្ថិរភាពនយោបាយល្អ មានសុខសន្តិភាព ហើយជាប្រទេសដែលមានកំណើនវិស័យទេសចរខ្ពស់ជិត២០%ក្នុង១ឆ្នាំ និងជាប្រទេសដែលគួរឲ្យមានទំនុកចិត្តសំរាប់អ្នកវិនិយោគ។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រកូតាំង បានមានប្រសាសន៍ថា បើគិតជាការវិនិយោគត្រង់ពីបរទេស គិតជាទឹកប្រាក់គឺមាន២៤% ដែលមកកាន់ប្រទេសអាស៊ានទាំង១០ ហើយដែលក្នុងនោះ មានតែ២-៣% នៃតំលៃវិនិយោគប៉ុណ្ណោះដែលមកកាន់កម្ពុជា។
ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រកូតាំង ក៏បានលើកឡើងផងដែរថា កាលដែលឯកឧត្តម មកបំពេញបេសកម្មនៅកម្ពុជា នៅឆ្នាំ២០១៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហភាពអឺរ៉ុបមានតំលៃ ១៧០០លានអឺរ៉ូ ហើយមកដល់បច្ចុប្បន្នគឺបានកើនឡើងជាង២ដង។ ឯកឧត្តមបន្តថាកន្លងមក សហភាពអឺរ៉ុបក៏បានជួយជ្រោមជ្រែងដល់ការអភិវឌ្ឍន៍សង្គមផងដែរ ដូចជាផ្នែកអប់រំ និងសុខាភិបាល៕
អត្ថបទ៖ ច័ន្ទ ទេវី
វិចារណកថា៖ដោយ ពង្ស សុក្រឹត្យ, កុំចាក់ទឹកបំពង់ រង់ចាំទឹកភ្លៀង
សុភាសិតបុរាណខ្មែរ តែងផ្តល់ដំបូន្មានមួយនេះ ដល់កូនចៅជំនាន់ក្រោយ កុំឲ្យដេកស្រមើស្រមៃ ថានឹងមានភ្លៀងផ្គរបាក់មេឃ ហើយសង្ឃឹមថានឹងមានទឹកប្រើហូរហៀរ ដោយគ្រាន់តែមានពពកខ្មៅហោះកាត់ដំបូលផ្ទះ ក៏នាំគ្នាចាក់ទឹកបាតបំពង់ចោលអស់។
ក៏ដូចគ្នានេះដែរ អ្នកនយោបាយ និងអ្នកវិភាគមួយចំនួន ជាពិសេសក្រុមអ្នកវិភាគដែលមាននិន្នាការប្រឆាំង គឺមិនត្រូវដេកស្រមើស្រមៃតែផ្តេសតែផ្តាស់ ដើម្បីកេងចំណេញនយោបាយសម្រាប់ក្រុមខ្លួន តាមរបៀបការធ្វើវិភាគបែបស្ទើរភ្លើងនោះទេ។
ក្រោយពីមរណៈភាពរបស់លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាមក មានទស្សនៈ របស់អ្នកវិភាគ និងអ្នកនយោបាយមួយចំនួន ខ្លះថាអាចនឹងមានការប្រេះឆាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា បើលោក ហ៊ុន សែន មិនបានយកចិត្តក្រុមលោក ស ខេង ហើយខ្លះទៀតថាមិនអាចមានភាពរង្គោះរង្គើផ្ទៃក្នុងបក្សទេ។
តើការបាត់បង់ លោក ជា ស៊ីម នឹងធ្វើឲ្យគណបក្សកាន់អំណាចមួយនេះរង្គោះរង្គើផ្ទៃក្នុងដែរឬទេ?
បើតាមប្រវត្តិ គណបក្សប្រជាជនកម្ពុជាបានបដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលជាគណបក្សមានអាយុចាស់វស្សា បើប្រៀបធៀបនឹងគណបក្សនយោបាយដទៃទៀតនៅកម្ពុជា ហើយបានវិវឌ្ឍរីកចម្រើន និងទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងឆាកនយោបាយ។
ចាប់តាំងពីឆ្នាំ១៩៩៣ ដែលកម្ពុជា បានប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមបែបរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញមក គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលទទួលបានការគាំទ្រឈានមុខគេ ដោយទទួលបានជ័យជំនះលើការបោះឆ្នោតជាបន្តបន្ទាប់ ចំនួន ៤ អាណត្តិរួចមកហើយក្នុងរយៈពេលចុងក្រោយនេះ។ កត្តាចម្បង ដែលធ្វើឲ្យអ្នកវិភាគរឿងនយោបាយ ចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺគណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយមិនដែលមានរឿងអាស្រូវ ឬបញ្ហាបែកបាក់ផ្ទៃក្នុងបក្ស ដូចគណបក្សដទៃឡើយ។ ការបាត់បង់លោក ជា ស៊ីម ដែលជាប្រធានបក្សជាង ២០ឆ្នាំនោះ មិនអាចធ្វើឲ្យគណបក្សនេះមានភាពរង្គោះរង្គើផ្ទៃក្នុងបានទេ ផ្ទុយទៅវិញ វារឹតតែធ្វើឲ្យបក្សនេះ កាន់តែខ្លាំង និងរឹងមាំថែមទៀត។
តាមពិត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សុទ្ធតែជាអ្នកចាស់ទុំខាងនយោបាយ។ គណបក្សតែងគិតគូរ និងបានគូសវាសគន្លងនយោបាយសម្រាប់ដឹកនាំបក្សយ៉ាងល្អិតល្អន់សម្រាប់ពេលអនាគត ដូច្នេះ បើទោះបីជាមានការបាត់បង់ប្រធានគណបក្សរបស់ខ្លួន ក៏បក្សមួយនេះនៅតែរឹងមាំដដែល។ មូលហេតុដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា រឹងមាំនោះ គឺដោយសារគណបក្សនេះមានប្រជាធិបតេយ្យផ្ទៃក្នុង ហ៊ានទទួលយកនូវការរិះគន់ និងកែលំអរ គណបក្សក៏មានបទបញ្ជាផ្ទៃក្នុងបក្សយ៉ាងត្រឹមត្រូវ និងមានគោលនយោបាយជាក់លាក់។ ម្យ៉ាងទៀត គណបក្សនេះមានចំណុចខ្លាំងមួយ គឺការចេះថែរក្សាគ្នា ទោះបីសមាជិកណាម្នាក់មានវ័យចំណាស់ក៏ដោយ ក៏គេនៅតែថែរក្សាឲ្យមានតួនាទីក្នុងបក្ស និងក្នុងជួររដ្ឋាភិបាលដែរ ដែលចំណុចនេះ គណបក្សដទៃទៀតគ្មាន និងតែងតែបោះបង់សមាជិកខ្លួនចោល ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
ម៉្យាងទៀត ចរិតរបស់មន្ត្រីបក្សប្រឆាំងដែលតែងតែរិះគន់ និងវាយប្រហារមកលើមេដឹកនាំគណបក្សប្រជាជនកម្ពុជាកន្លងមក បែរជានៅពេលដែលលោក ជា ស៊ីម ទទួលមរណៈភាព ទើបលើកពីវីរៈភាពបែបនេះ គឺអាចក្នុងន័យ លើកពីគុណសម្បត្តិមេដឹកនាំម្នាក់ ក្នុងគោលបំណងបង្ហាញពីគុណវិបត្តិមេដឹកនាំម្នាក់ទៀតវិញប៉ុណ្ណោះ។ ដូច្នេះ នេះគឺជាការបញ្ជាក់អំពីចរិតនយោបាយខ្មៅកខ្វក់ ដើម្បីចិញ្ចឹមចិត្តឡើងកាន់អំណាចតាមគ្រប់មធ្យោបាយទៅវិញទេ។ សូមក្រុមប្រឆាំងកុំដេកស្រមើស្រម៉ៃរបៀប «ចាក់ទឹកបំពង់ រង់ចាំទឹកភ្លៀង» នោះ។
ជារួម ការប្រើវោហាសាសន៍ ញុះញង់មន្ត្រីដែលធ្លាប់ជាមនុស្សស្និតនឹងលោក ជា ស៊ីម ឲ្យស្អប់បេក្ខភាពប្រធានគណបក្សថ្មី គឺលោក ហ៊ុន សែន នោះគឺមិនអាចមានឥទ្ធិពលមកបំបែកបំបាក់ផ្ទៃក្នុងគណបក្សបានឡើយ ហើយទស្សនៈ ដែលរំពឹងថាអាចនឹងមានការបែកបាក់ផ្ទៃក្នុងរបស់គណបក្សនោះ គឺជារឿងស្រមើស្រមៃ៕
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តពោធិ៍ ខេត្តតាកែវ
អំណោយច្រើនមុខដូចជាឃីត(កញ្ចប់សម្ភារៈ)សម្រាប់ស្ត្រីឆ្លងទន្លេ កង់ សម្រាប់សិស្សពូកែ និងសិស្សក្រីក្រ ប្រឡាយទឹកជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល និងសម្ភារៈមួយចំនួនទៀតត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីប្រកាសផ្តល់ជូនប្រជាពលរដ្ឋខេត្តតាកែវនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពោធិ៍ និងសម្ពោធអគារសាលាបឋមសិក្សា និងអនុវិទ្យាល័យ សុខ អាន វត្តពោធិ៍» ស្ថិតក្នុងភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់ខេត្តតាកែវឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ប្រធាន ក្រុមការងារថ្នាក់ជាតិជួយខេត្តតាកែវ ដោយមានវត្តមានចូលរួមពី សមាជិករដ្ឋសភាព្រឹទ្ធសភា និងមន្រ្តីរាជរដ្ឋាភិបាលផងនោះឯកឧត្តមបានមានប្រសាសន៍ឲ្យដឹងថា៖ កាកបាទក្រហមខេត្តតាកែវដែលទទួលបានការគាំទ្រពីសប្បុរសជនតាមរយៈនៃការអំពាវនាវរបស់ឯកឧត្តមបានរៀបចំជាឃីតសម្ភារៈដែលមួយកញ្ចាប់ៗ មានសម្ភារៈសម្រាប់ទារក និងមាតានឹងត្រូវចែកជូនដោយមិនរើសមុខចំពោះស្ត្រីជាមាតាទូទាំងខេត្តតាកែវដែលទើបឆ្លងទន្លេភ្លាមៗ ចាប់ពីខែមិថុនា ឆ្នាំ២០១៥តទៅ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ដោយសារតម្រូវការនៃការប្រើប្រាស់ទឹកសម្រាប់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋពិសេសការធ្វើស្រែប្រាំងក្នុងស្រុកគីរីវង់កើនឡើងរហូតធ្វើឲ្យបឹងទន្លាប់ត្រូវរីងស្ងួត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានប្រកាសឲ្យដឹងពីការជួយជីកប្រឡាយមួយខ្សែប្រវែងជាង៣គីឡូម៉ែត្រដើម្បីនាំយកទឹកពីបឹងទំនប់ទួលលោកមកជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋឃុំកំណប់ប្រើប្រាស់ផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា បណ្តាសេវាមីក្រូហិរញ្ញវត្ថុដែលប្រជាពលរដ្ឋខ្ចីលុយគឺជារបស់ឯកជនមិនមែនជាសេវាផ្តល់ដោយរដ្ឋទេ រដ្ឋមានតែធនាគារជាតិតែមួយគត់។ ដូច្នោះបើប្រជាពលរដ្ឋជំពាក់លុយ គឺជំពាក់ឯកជនមិនមែនរដ្ឋទេ។ ការថ្លែងបែបនេះក្នុងគោលបំណងជួយដោះស្រាយទុនជូនប្រជាពលរដ្ឋឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន បានប្រកាសថា មូលនិធិសហគមន៍កសិកម្ម ខេត្តតាកែវដែលឯកឧត្តមបានបង្កើតថ្មីៗកន្លងមកនេះនឹងផ្តល់ជូនប្រជាពលរដ្ឋជាកសិករខេត្តតាកែវដែលជាសមាជិកសហគមន៍កសិកម្មខ្ចីដោយមិនមានការដាក់បញ្ចាំរបស់ និងយកកម្រៃការប្រាក់ទាបបំផុតបើប្រៀបជាមួយសេវារបស់មីក្រូហិរញ្ញវត្ថុឯកជន។ ដោយឡែកក្នុង«ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តពោធិ៍ និងសម្ពោធអគារសាលាបឋមសិក្សា និងអនុវិទ្យាល័យសុខអានវត្តពោធិ៍» ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន វាយតម្លៃខ្ពស់ចំពោះវត្តមានចូលរួមច្រើនកុះករដោយប្រជាពលរដ្ឋគឺជាការបង្ហាញពីការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនបានកសាង ជាពិសេសគឺចំពេលដែលជនរួមជាតិយើងទាំងអស់ កំពុងចូលរួមកាន់មរណៈទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណៈភាពរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលជាវីរៈជន និងមេដឹកនាំដ៏ឆ្នើមមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបូរជាកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ចូលរួមដឹកនាំកម្លាំងតស៊ូរំដោះប្រទេស និងប្រជាជនយើង ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍជាតិមាតុភូមិឱ្យមានការរីកចម្រើនលើគ្រប់វិស័យផងដែរ។ ជាមួយនិងការនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវជាពិសេសនៅស្រុកគិរីវង់ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន មានប្រសាសន៍ថា៖ ការចូលរួមនេះមិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿ និងការគោរពប្រណិប័តដ៏ជ្រាលជ្រៅរបស់យើងទាំងអស់គ្នាចំពោះព្រះពុទ្ធសាសនាដែលត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីភាព និងការគាំទ្ររបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលក្នុងការស្វែងរកគ្រប់មធ្យោបាយដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុងឧត្តមជូនប្រជាជនយើង សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ថាវត្តពោធិ៍ស្ថិតក្នុងភូមិបាមឃុំគោកព្រេចមានអាយុ២៨០ឆ្នាំ ហើយ ដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ១៧៣៥ មកម៉្លេះ គឺជាបេតិកភណ្ឌវប្បធម៌ជាតិដ៏មានតម្លៃរបស់ជាតិ និងប្រជាពលរដ្ឋ។ ដោយឡែកក្រៅពីធ្វើពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី អគារសិក្សាថ្មីចំនួន ២ខ្នង ដែល ១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សា សុខ អាន វត្តពោធិ៍ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផងដែរនោះ គឺជាអំណោយរបស់សមាគមអាស៊ីខ្មែរ តាមរយៈសប្បុរជន ជនជាតិជប៉ុន លោក កេស៊ី យូកាវ៉ា ហើយ ១ខ្នងទៀត មាន៦បន្ទប់ នៅអនុវិទ្យាល័យសុខ អានវត្តពោធិ៍ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងលោកជំទាវតាមរយៈឯកឧត្តមទួន ស៊ីផាន់ ប្រធានក្រុមការងារចុះជួយឃុំគោកព្រេច។ សូមបញ្ជាក់ដែរថា កន្លងមក ភូមិបាម មានត្រឹមតែបឋមសិក្សាប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះមានដល់កម្រិតអនុវិទ្យាល័យ។
កម្ពុជាផ្ញើកំណត់ទូតទៅវៀតណាមអំពីការឈ្លានពានទឹកដីកម្ពុជា ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរី
យោងតាមកំណត់ទូត របស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៥ ផ្ញើជូនស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនៃគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា និងអាជ្ញាធរកម្ពុជានៅខេត្តរតនគិរី បានរកឃើញស្រះទឹកចំនួន ៣ បន្ថែមទៀត ដែលកំបាំងក្នុងព្រៃ ដែលជីកដោយវៀតណាម នៅចន្លោះបង្គោលព្រំដែន លេខ ៣០ និងលេខ ៤០ ស្ថិតនៅក្នុងភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដែលទីតាំងនោះខ្សែព្រំដែនមិនទាន់បានធ្វើការខណ្ឌសីមានៅឡើយ។
កំណត់ទូតខាងលើ បានបញ្ជាក់បន្ថែមទៀតថា យោងតាមផែនទី បោនខ្នាត ១/១០០.០០០ ស្រះទឹកទាំង៣បានជីកនៅក្នុងទឹកដីកម្ពុជាយ៉ាងជ្រៅ ដោយក្នុងនោះ ស្រះទឹកទី ១ (ទំហំ ១២ម. X ១៨ម.) និយាមការ E៧៧៥៥៨៧, N ១៥១៦៣៩៤ មានចំងាយប្រមាណ ៣១៥ ម. ពីខ្សែព្រំដែន, ស្រះទឹកទី២ (ទំហំ ១៤,៥ម. X១៧ម.) និយាមការ E៧៧៥៦៤៨, N ១៥១៥៨៥៧ មានចំងាយប្រមាណ ៤២៥ម. ពីខ្សែព្រំដែន និង ស្រះទឹកទី ៣ (ទំហំ ១០ម. X ២៤,៥ម.) និយាមការ E៧៧៥៧៤៤, N ១៥១៥៦៦១ ចំងាយប្រមាណ ៣៩០ម. ពីខ្សែព្រំដែន។
ដោយហេតុថា តំបន់នេះពុំទាន់បានខណ្ឌសីមានៅឡើយ រាជរដ្ឋាភិបាលកម្ពុជាស្នើរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គោរពតាមខ្សែព្រំដែននៃផែនទីបោនខ្នាត ១/១០០.០០០ ដែលជាមូលដ្ឋាន នៃសន្ធិសញ្ញាថ្ងៃទី ២៧ ខែធ្នូ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដែលបានចុះហត្ថលេខា នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០០៥ ដើម្បីខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងវៀតណាម។
រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើផងដែរ ឲ្យរដ្ឋាភិបាលនៃសារណរដ្ឋសង្គមនិយមវៀតណាមគោរពចំនុចទី ៨ នៃសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ១៩៩៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕
អត្ថបទ៖ សុភាព
Subscribe to:
Posts (Atom)