សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ម៉្ងៃៗឃើញតែដើរថា បើបោះឆ្នោតឲ្យគេ គេនឹងដោះស្រាយនេះ ដោះស្រាយនោះ ក៏ប៉ុន្តែខ្ញុំសូមហ៊ាននិយាយថា អស់លោកនៅទីនេះ (អ្នកមាន)សុទ្ធតែជាសត្រូវរបស់ពួកគេ អញ្ចឹងតើអាហ្នឹងសុខទេ? បើគេចាត់ទុកលោកឧកញ៉ាទាំងឡាយសុទ្ធតែជាសត្រូវវណ្ណៈរបស់គេ ហើយថានឹងរឹបអូស ហាង អូតែល ឲ្យទៅអ្នកក្រ អញ្ចឹងតើវាសុខទេ? ដែលខ្ញុំនិយាយថាវា នឹងកើតសង្គ្រាមមិនមែនគ្មានហេតុផលទេ ព្រោះដោយសារចំនុច២ដែលត្រូវលើកយកមកនិយាយ ចំនុចទី១-គឺចាត់ទុកអ្នកមានជាសត្រូវរបស់គេទៅហើយ នឹងចំនុចទី២-យកប្រទេសជិតខាងធ្វើជាសត្រូវ»។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំណុចសំខាន់ៗខាងលើនេះ គឺប្រជាពលរដ្ឋទាំងអស់គួរគិតឡើងវិញ។
អាចថាថ្លែងសំដៅទៅរក ឯកឧត្តម សម រង្ស៊ី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាយុយើងកាន់តែចាស់ហើយ ហើយអ្នកឯងចាស់ជាងខ្ញុំទៀត ធម្មតាក្មេងចូលមកជំនួសចាស់ វាមិនដែលមនុស្សចាស់មកជំនួសក្មេងវិញ។ សម្តេចតេជោបានបន្តថា «ខ្លួនឯងឡើងសន្លឹកឆ្នោតតិចតួចថាឈ្នះ នឹងថាបើគេកុំលួចសន្លឹកឆ្នោតឈ្នះ ហើយអាណាលួច? ឥឡូវស្បថឲ្យត្រូវគ្រាប់ងាប់ និយាយអញ្ចឹងតែម្តង កុំឲ្យវាណាស់ពេក ចាំឈ្នះនៅជាតិក្រោយទៅ។ ហ៊ុន សែន នៅឈរធ្វើអី ហ៊ុន សែន បើប្រជាជនបោះឆ្នោតឲ្យខ្ញុំធ្វើទៀត»។