Friday, May 30, 2014

សាលាដំបូងក្រុងភ្នំពេញសម្រេចដោះលែងក្រុមលោក វ៉ន ពៅ ទាំង២១នាក់អោយមានសេរីភាពវិញ ប៉ុន្តែ ម្នាក់ៗត្រូវផ្តន្ទាទោសទៅតាមបទល្មើសរៀងៗខ្លួន

ព្រឹក​ថ្ងៃ​សុក្រ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤នេះ សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ បាន​សម្រេចដោះ​លែង​ក្រុម​លោក វ៉ន ពៅ សមាគមឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ អោយ​មាន​សេរី​ភាព​វិញ​ ប៉ុន្តែ អ្នក​អស់​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការព្យួទោស ទៅ​តាម​បទ​ល្មើសរៀង​ៗខ្លួន​ដែល​បាន​បង្កចលាចល​ដល់​សង្គម​ ប៉ះ​ពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ។

តាម​ប្រភព​ពី​មន្ត្រី​នៅ​តុលាការ​បាន​អោយ​ដឹង​ថា ក្នុង​ចំ​ណោម​ជន​ទាំង​២១រូប​ ដែល​ត្រូវ​ដោះ​លែង​នោះ មាន​ ​៤នាក់​ បាន​រួច​ទោស មាន​ឈ្មោះ​ រ៉េត រដ្ឋា , ឡូ សំ​អន ,លន់ សាន និង​ឆេង​ វុទ្ធី។ ក្រៅ​ពី​នេះមេក្លោង​ក្នុង​ការ​ប្រព្រឹត្តបទ​ល្មើស រួម​មាន​លោក វ៉ន ពៅ  លោក ចាន់ ពុទ្ធិ​សក្តិ លោក គុណ សម្បត្តិវាសនា ត្រូវ​ផ្តន្ទាទោស៤ឆ្នាំ​៦ខែ និង​ពិន័យ​ជា​ប្រាក់​៨លាន​រៀល ចំ​ណែក​ឯលោក តេង សារឿន ជាប់​ទោស៤ឆ្នាំ និង​អ្នក​មួយ​ចំ​នួន​ទៀត​ផ្តន្ទាទោស អ្នក​ខ្លះ​៣ឆ្នាំ​ ខ្លះ​២ឆ្នាំ​កន្លះ ប៉ុន្តែ ទោសដាក់​ពន្ធ​នាគារ​ គឺគិត​ចាប់​ត្រឹម​ពី​ថ្ងៃ​ឃុំ​ខ្លួន​រហូត​មក​ដល់​ថ្ងៃ​នេះ រី​ឯទោសនៅ​សល់​ព្យួរ។

ការដោះ​លែង​ជន​ទាំង​អស់​នោះ​អោយ​មាន​សេរីភាព​វិញ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជន​ទាំង​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ថ្ងៃ​ទី២‑៣ ខែមករា ឆ្នាំ​២០១៤ ខណៈដែល​ពួក​គេបាន​នាំគ្នា​ប្រើអំ​ពើ​ហឹង្សា វាយ​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិសាធារណៈរដ្ឋ​ ឯកជន​ និង​បង្ក​ចលាចល​ ប៉ះ​ពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ​ដែល​ក្រុមអ្នក​តវ៉ាទាំង ២១នាក់នោះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ននៅ មណ្ឌលកែ​ប្រែ​ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម ក្រោយការផ្ទុះអំពើហិង្សា ជាមួយសមត្ថកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញនិងលើផ្លូវវ៉េងស្រេង ក្នុង​ខណៈ ដែល​មាន​ការ​ធ្វើ​មហាបាតុកម្ម​ទាម​ទារដំ​ឡើង​ប្រាក់​ខែ១៦០​ដុល្លារ​ដល់​កម្មករ ដែល​បាតុកម្ម​នោះ ត្រូវ​បាន​គេគិត​ថា មាន​ការ​ញុះ​ញង់​ពី​ក្រោយ​ខ្នង​ដោយ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​។
បើ​ទោះ​ជា​មាន​ការ​ដោះ​លែង​ក្តី​ ប៉ុន្តែ គេបាន​មើល​ឃើញ​ថា តុលាការ​បាន​ចាត់​ការ​ត្រឹម​ត្រូវ​តាម​និតិវិធី​ច្បាប់ ក្នុង​ការ​សាកសួរ ស្រាវ​ជ្រាវ​ស៊ើប​អង្កេត ប្រមូល​ភ័ស្តុតាង ក្នុង​ការ​ដាក់​បន្ទុក ហើយ​បាន​រក​ឃើញ​ថា ក្នុង​ចំ​ណោមជន​ទាំង​២១រូប គឺតុលាការ​បាន​រក​ឃើញ​បទ​ល្មើសជាក់​ស្តែង​ដែល​ពួក​គេបាន​ប្រព្រឹត្តពិត​ប្រាកដ មិន​មែន​បាន​ន័យ​ថា ការ​ចាប់​ឃុំ​ខ្លួន​នោះ ធ្វើ​ឡើង​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ ឬ​រក​កំ​ហុសមិន​ឃើញ ដូច​ការ លើក​ឡើង​របស់​ក្រុម​បក្ស​ប្រឆាំង និង​អង្គការ​ សមាគម សហជីព​មួយចំ​នួន​បាន​ចោទ​ប្រកាន់​នោះ​ទេ៕


By: Cambodia News

Thursday, May 29, 2014

ទេវរូប៣អង្គ ដែលបានឃ្លាតឆ្ងាយពីកម្ពុជា នឹងធ្វើពិធីទទួលជាផ្លូវការ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ បន្ទាប់ពីបញ្ជូនត្រឡប់មកពីសហរដ្ឋអាមេរិកវិញ

រូបច​ម្លាក់​ទុរយោធន៍ (DURYODHANA) ដែល បាន​ឃ្លាតឆ្ងាយ​ពីកម្ពុជា​អស់​រយៈ​ពេលជាង​៤០ ឆ្នាំនឹង​​ធ្វើ​ពិធី​ទទួល​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៤ បន្ទាប់​ពី​បញ្ជូន​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក​វិញ​។ ពិធី​ទទួល​ជា​ផ្លូវ​ការ​នោះ ធ្វើ​ឡើង​ក្រោមអធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋ មន្ត្រី នៅ​វិមាន​មិត្ត​ភាព​ Lobby Hall នៃ​ទី​ស្តី​ការ​គណៈ រដ្ឋ មន្ត្រី​។

សូម​រំ​លឹក​ថា កាលពី​ថ្ងៃ​ទី​ ០៧ - ឧសភា - ២០១៤ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​ផ្សព្វ​ផ្សាយ​សេចក្តី​ប្រកាសព័ត៌មាន​មួយ​ដោយ​បញ្ជាក់​ថា រូប​ចម្លាក់​ទុរយោធន៍​ នឹង​វិល​មក​កម្ពុជា​វិញ​បន្ទាប់​ពី​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក-​រដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​អញ្ជើញបំពេញទស្សនកិច្ច ពិសេសទៅ កាន់សហរដ្ឋ អាមេរិក​ ក្នុងនាម​រាជ​រដ្ឋា​ភិបាលកម្ពុជាដឹកនាំដោយ​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា ដើម្បីចូលរួមពិធីប្រគល់-ទទួលរូបចម្លាក់​ទុរយោធន៍ (DURYODHANA) នៅទីក្រុងញូវយ៉ក កាល​ពីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ ជាមួយ​​នឹង​វត្តមា​ន របស់លោក Preet Bharara រដ្ឋអាជ្ញាប្រចាំតំបន់ភាគខាងត្បូង ​ទីក្រុង​ញូវ​យ៉ក សហរដ្ឋ​អាមេរិក។ ដំណើរ​ទស្សនកិច្ចនេះ ផ្តោតសំខាន់​លើសារសំខាន់​នៃគោល​នយោបាយ​របស់​រាជរដ្ឋា​ភិ​បាលកម្ពុជា ក្នុងការទាម​ទារ​មកវិញ​នូវ​បុរាណ​វត្ថុ​ខ្មែរ​ដែល​ត្រូវ​បាន​លួច។
ពិធីនេះ​ក៏ទទួលបាន​ការចូលរួមផងដែរពី​តំណាង​ក្រសួង​សន្តិ​សុខ​ជាតិ​សហរដ្ឋអាមេរិក អង្គការ យូណេស្កូ​ សាលា​បារាំងចុងបូព៌ា និងរាជរដ្ឋាភិបាល​កម្ពុជា ជា​សាក្សី​នៃ​ពិធី​នេះ។

រូបចម្លាក់ទុរយោធន៍ត្រូវបានលួចចេញក្នុងទសវត្សឆ្នាំ១៩៧០ ពីប្រាសាទ​ចិន​នៃ​រមណីយ​ដ្ឋាន​កោះ​កេរ​ដែល ជាទីតាំងបុរាណវិទ្យាដ៏ឆ្ងាយដាច់ស្រយាលមួយ នៅភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា ដែល​ជាគោល​ដៅនៃ​ការ​លួចគ្រប់ទិសទី ក្នុងអំឡុង​សង្រ្គា​ម​ស៊ីវិល​រយៈ​ពេល​២​ទសវត្ស នៅកម្ពុជា ​ដែល បានចាប់ផ្តើមឡើង​ចាប់ពី​ចុងទសវត្សឆ្នាំ១៩៦០ ដោយ​រួម​បញ្ជូល​ទាំងរបបមហាវិនាសកម្មខ្មែរ ក្រហមផងដែរ។

នៅខែមីនា ឆ្នាំ២០១១ ក្រុមហ៊ុនលក់វត្ថុបុរាណ Sotheby’s បានដាក់ដេញថ្លៃលក់រូបចម្លាក់ ទុរយោធន៍ ​របស់ កម្ពុជា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅក្នុងសៀវភៅប ញ្ជីបុរាណវត្ថុ របស់ខ្លួន​សម្រាប់ការ​លក់​ដេញ​​ថ្លៃ ឈ្មោះសប្តាហ៍អាស៊ី ហើយការលក់ដេញថ្លៃមួយត្រូវបាន កំណត់ ឱ្យចាប់ផ្តើមនៅថ្ងៃច័ន្ទនៃសប្តាហ៍បន្ទាប់ នៅ ទីក្រុងញូវយ៉ក។

ក្រុមអ្នកស្រាវជ្រាវនៃសាលា​ បារាំងចុងបូព៌ាពិតជាបានជួយបង្ហាញឱ្យឃើញយ៉ាងច្បាស់​នូវសិទ្ធិ របស់​កម្ពុជា លើរូបចម្លាក់ទុរយោធន៍​ បន្ទាប់ពីការរកឃើញនូវជើងទម្រ​នៅប្រាសាទចិន ក្នុង រមណីយដ្ឋានកោះកេរ ប្រទេស​កម្ពុជា។

ការដាក់ដេញថ្លៃត្រូវបានកំណត់នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ ប៉ុន្តែត្រូវបានបញ្ឈប់ទៅវិញ នៅ ពេល​ដែល​រាជរដ្ឋាភិបាលកម្ពុជាបានសរសេរ​លិខិត​មួយទៅកាន់ក្រុមហ៊ុន Sotheby’s ដោយស្នើឱ្យ ក្រុមហ៊ុនផ្អាក​ការ​ដាក់ លក់ដេញថ្លៃនេះ ហើយប្រគល់រូប​ចម្លាក់ទុរយោធន៍ មកឱ្យកម្ពុជាវិញ។ គួររំលឹកផងដែរថា គំនិតផ្តួចផ្តើម​នេះ គឺផ្តើមចេញមកពីការពិភាក្សាប្រកបដោយផ្លែផ្ការវាងឯកឧត្តម ច័ន្ទ តានី រដ្ឋលេខាធិការនៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី និងឯកឧត្តម Jeff Daigle ភារធារីស្តីទី ស្ថានទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។

កាលពីខែមេសា ​ឆ្នាំ២០១២ ក្នុងនាមកម្ពុជា រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹង​រដ្ឋ ប្បវេណី​ទៅ​តុលាការសហព័ន្ធដើម្បីទាមទារឱ្យមានការរិបអូសរូបចម្លាក់នេះ។

ដំណើរការនីតិវិធីនៅតុលាការបានបញ្ចប់នៅខែធ្នូឆ្នាំ២០១៣ នៅពេលដែលក្រុមហ៊ុនលក់វត្ថុបុរាណ Sotheby’s សម្រេចដោះស្រាយជម្លោះ ដោយព្រមព្រៀងប្រគល់រូបចម្លាក់ទុរយោធន៍មកកម្ពុជាវិញ។

By: Cambodia News

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅ Vladivostok សហព័ន្ធរុស្សី

នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០១៤នេះ នៅ​អាកាសយាន្ត​ដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី បាន​ដឹក​នាំ​គណៈ​ប្រតិភូមួយ​ចំ​នួន​​ទៅ​បំ​ពេញ​ទស្សនកិច្ច​ការងារ​នៅVladivostok ​សហព័ន្ធ​រុស្សី ។ 

នៅ​សហព័ន្ធ​រុស្សីនាឱកាសនោះ​នឹងមាន​ការ​ជួប​ប្រជុំ​នៃក្រុម​គណបក្សនយោបាយ​នៅ​តំ​បន់​អាស៊ី (ICAPP)ដោយ​ពិភាក្សាពាក់ព័ន្ធ​លើ​ការងារ​មួយ​ចំ​នួន​។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​នឹង​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៤។
លទ្ធផល​នៃ​ដំ​ណើរទស្សនកិច្ចការងារ​​នេះ នឹង​អាច​មាន​ការ​ផ្សព្វ​ផ្សាយតាម​បណ្តាញ​ព័ត៌មាន​ វិទ្យុ​ ទូរទស្សន៍ គេហទំ​ព័រ នេះ​បើ​តាម​ការ​អះ​អាង​របស់​មន្ត្រី​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​។
By: Cambodia News

Wednesday, May 28, 2014

លោក កឹម គុណវឌ្ឍន៍ ត្រូវបានបន្តដំណែងជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាដដែល

នៅថ្ងៃពុធ ​ទី​២៨​ឧសភានេះ លោក​ កឹម គុណវឌ្ឍន៍​ត្រូវបន្ត​ធ្វើការ​ក្នុងតំណែង​ជា​អគ្គនាយក​ទូរទស្សន៍ជាតិ​កម្ពុជា (ទទក) ឡើងវិញ បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ​ប្រកាស​មិនទទួលយក​ការសុំលាលែង​របស់​លោក កឹម គុណវឌ្ឍន៍។ លោក កឹម គុណវឌ្ឍន៍​បាន​សុំលាលែង​ពី​តួនាទី​ជា​អគ្គនាយក​ ទទក កាលពីថ្ងៃទី​១៧​ឧសភា ដោយសារតែ​មិនបានរៀបចំ​ការ​ផ្សាយបន្តផ្ទាល់ ព្រះរាជពិធីច្រត់ព្រះនង្គ័ល​។


យោងតាម​លិខិត​ដែល​ផ្ញើ​ទៅ​លោក​ កឹម គុណវឌ្ឍន៍​នៅ​ថ្ងៃនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​សរសេរបញ្ជាក់​ប្រាប់​លោក កឹម គុណវឌ្ឍន៍ ថា លោក​បាន​កោះប្រជុំ​មន្ត្រីសំខាន់ៗ​របស់ក្រសួង​ ក្រោយពី​ការ​ការ​សុំលាលែង​របស់​ កឹម គុណវឌ្ឍន៍ ហើយថា មន្ត្រី​សំខាន់ៗ​ទាំងនោះ​មិនបានយល់ព្រម​តាម​ការ​ស្នើសុំ​របស់​លោក​ កឹម គុណវឌ្ឍន៍ឡើយ។


លោក កឹម គុណវឌ្ឍន៍​ បានឱ្យ​​ដឹងថា លោក​បាន​ទទួល​លិខិត​សម្រេចរបស់​លោករដ្ឋមន្ត្រី​នៅព្រឹកមិញនេះ ដែល​សម្រេចមិនអនុញ្ញាត​អោយលោក​លាឈប់ពីតំណែងឡើយ។ លោក កឹម គុណវឌ្ឍន៍ បញ្ជាក់យ៉ាង​ដូច្នេះថា៖«លោករដ្ឋមន្ត្រី​បាន​ផ្តាំ​ខ្ញុំ​បន្ថែមថា អោយខ្ញុំ​ខិតខំ​ធ្វើការងារ​បន្ត និង​ប្រយ័ត្ន​ប្រយែង​កុំអោយ​មាន​បញ្ហាទៀត»


ក្រុម​ប្រឹក្សាភិបាល​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ ផ្ញើ​លិខិត​ថ្លែង​អំ​ណរគុណ​ចំ​ពោះលោក សោម អូន ដែលបានជួយដល់​កម្មករ៦រូប រួច​ពី​ការ​ឃុំ​ខ្លួន​

នេះជាខ្លឹម​សារ​លិខិត​ថ្លែង​អំ​ណរគុណចំ​ពោះ​លោក សោម អូន​ 


សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤