Wednesday, May 28, 2014

លោក កឹម គុណវឌ្ឍន៍ ត្រូវបានបន្តដំណែងជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាដដែល

នៅថ្ងៃពុធ ​ទី​២៨​ឧសភានេះ លោក​ កឹម គុណវឌ្ឍន៍​ត្រូវបន្ត​ធ្វើការ​ក្នុងតំណែង​ជា​អគ្គនាយក​ទូរទស្សន៍ជាតិ​កម្ពុជា (ទទក) ឡើងវិញ បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ​ប្រកាស​មិនទទួលយក​ការសុំលាលែង​របស់​លោក កឹម គុណវឌ្ឍន៍។ លោក កឹម គុណវឌ្ឍន៍​បាន​សុំលាលែង​ពី​តួនាទី​ជា​អគ្គនាយក​ ទទក កាលពីថ្ងៃទី​១៧​ឧសភា ដោយសារតែ​មិនបានរៀបចំ​ការ​ផ្សាយបន្តផ្ទាល់ ព្រះរាជពិធីច្រត់ព្រះនង្គ័ល​។


យោងតាម​លិខិត​ដែល​ផ្ញើ​ទៅ​លោក​ កឹម គុណវឌ្ឍន៍​នៅ​ថ្ងៃនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​សរសេរបញ្ជាក់​ប្រាប់​លោក កឹម គុណវឌ្ឍន៍ ថា លោក​បាន​កោះប្រជុំ​មន្ត្រីសំខាន់ៗ​របស់ក្រសួង​ ក្រោយពី​ការ​ការ​សុំលាលែង​របស់​ កឹម គុណវឌ្ឍន៍ ហើយថា មន្ត្រី​សំខាន់ៗ​ទាំងនោះ​មិនបានយល់ព្រម​តាម​ការ​ស្នើសុំ​របស់​លោក​ កឹម គុណវឌ្ឍន៍ឡើយ។


លោក កឹម គុណវឌ្ឍន៍​ បានឱ្យ​​ដឹងថា លោក​បាន​ទទួល​លិខិត​សម្រេចរបស់​លោករដ្ឋមន្ត្រី​នៅព្រឹកមិញនេះ ដែល​សម្រេចមិនអនុញ្ញាត​អោយលោក​លាឈប់ពីតំណែងឡើយ។ លោក កឹម គុណវឌ្ឍន៍ បញ្ជាក់យ៉ាង​ដូច្នេះថា៖«លោករដ្ឋមន្ត្រី​បាន​ផ្តាំ​ខ្ញុំ​បន្ថែមថា អោយខ្ញុំ​ខិតខំ​ធ្វើការងារ​បន្ត និង​ប្រយ័ត្ន​ប្រយែង​កុំអោយ​មាន​បញ្ហាទៀត»