Thursday, June 5, 2014
បដិមាបីអង្គ ទុរយោធន៍ ភីម និងពលរាម បានវិលត្រឡប់មកកម្ពុជាវិញ ក្រោមការដឹកនាំនយោបាយរបស់រាជរដ្ឋាភិបាល
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីស្វាគមន៍ការវិលត្រឡប់មកវិញនៃបដិមាទាំងបីនេះមកកាន់មាតុភូមិរបស់យើង នាពេលនេះ បានមានប្រសាសន៍ថា ដំណើររឿងនេះបានចាប់ផ្ដើមតាំងពីជាងមួយពាន់ឆ្នាំមុនម្ល៉េះ នៅពេលដែលព្រះបាទជ័យវរ្ម័នទី៤ បានសម្រេចឱ្យគេឆ្លាក់រូបពិព័ណ៌នាអំពីឈុតឆាកប្រយុទ្ធដ៏ល្បីល្បាញមួយ នៅក្នុងរឿងទេវកថាសាសនាហិណ្ឌូ មហាភារតៈ នៅលើប្រាសាទចិន ដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទនានារបស់ព្រះអង្គ។ បន្ទាប់ពីដំណើរដ៏វែងឆ្ងាយជាង៤០ឆ្នាំ ឆ្លងកាត់សង្គ្រាមស៊ីវិល ការលួចការជួញដូរខុសច្បាប់ និងការធ្វើដំណើរទូទាំងពិភពលោក នៅពេលនេះ បដិមាទាំងបីបានទទួលនូវសេរីភាពនិងបានត្រឡប់មកកាន់ទីឋានកំណើតរបស់ខ្លួនវិញហើយ។
បដិមាដ៏ធំនៃដៃគូប្រយុទ្ធគ្នាគឺ ទុរយោធន៍ និង ភីម រួមជាមួយនឹង ពលរាម ដែលជាសាក្សីនៃឆាកប្រយុទ្ធដ៏អស្ចារ្យនោះ បានត្រឡប់មកកាន់ទីឋានកំណើតរបស់ខ្លួនវិញ ដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមជាដៃគូជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក អង្គការយូណេស្កូ សាលាបារាំងចុងបូព៌ា(EFEO) និងអ្នកជំនាញដទៃទៀតជាច្រើននាក់។
បដិមា ទុរយោធន៍ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាវិញកាលពីខែមុននៅទីក្រុងញូវយ៉ក បន្ទាប់ពីជោគជ័យនៃការតស៊ូក្ដីដែលរៀបចំឡើងដោយការិយាល័យអគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ Southern District of New York រួមជាមួយនឹងការគាំទ្រយ៉ាងសកម្មរបស់ក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ច័ន្ទ តានី។
រីឯបដិមា ភីម ដែលសារមន្ទីរ Norton Simon នៅទីក្រុង Pasadena រដ្ឋ California បានទិញនៅក្នុងឆ្នាំ១៩៧៦ ក៏ត្រូវបានបញ្ជូនត្រឡប់មកទីឋានកំណើររបស់ខ្លួនវិញដែរ បន្ទាប់ពីមានកិច្ចចរចារដោយផ្ទាល់ ដ៏វែងអន្លាយ ប៉ុន្តែប្រកបដោយភាពយោគយល់គ្នាជាមិត្តភាព រវាងរាជរដ្ឋាភិបាលកម្ពុជា និងសារមន្ទីររួចមក។ ទន្ទឹមនឹងនេះដែរ បដិមា ពលរាម ក៏បានត្រឡប់ មកវិញ តាមរយៈការព្រមព្រៀងគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនដេញថ្លៃ Christie’s។
ឥឡូវនេះ ការពិតនានាត្រូវបានរកឃើញ ហើយដំណើរផ្សងព្រេងដ៏វែងឆ្ងាយត្រូវបានបញ្ចប់នៅទីនេះ។ និមិត្តរូបដ៏មានតម្លៃនៃបេតិកភណ្ឌរបស់យើងនេះ បានជួបម្ចាស់ដើមពិតប្រាកដរបស់ខ្លួនវិញហើយ។
ថ្ងៃនេះ គឺពិតជាថ្ងៃមួយដ៏វិសេសវិសាល ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផលមួយដ៏សំខាន់នៃគោលនយោបាយរបស់យើងដើម្បីការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មនិងខ្ជាប់ខ្ជួន នៅក្នុងក្របខ័ណ្ឌនៃ «អនុសញ្ញាអង្គការយូណេស្កូឆ្នាំ១៩៧០ស្ដីពីការហាមប្រាមនិងការទប់ស្កាត់ការនាំចូល ការនាំចេញ និងការបញ្ជូនដោយខុសច្បាប់នូវសម្បត្តិវប្បធម៌។»
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធិផលដ៏វិសេសវិសាលនេះ។ ក្នុងនោះ បានកោតសរសើរជាពិសេស ចំពោះកិច្ចការរបស់លោក Simon Warrack ដែលនៅក្នុងឆ្នាំ២០០៧ ជាមនុស្សទីមួយរកឃើញនូវទំនាក់ទំនងរវាងជើងទម្រនៅឯប្រាសាទចិន នៃរមណីយដ្ឋានកោះកេរ ដែលស្ថិតនៅតំបន់ដាច់ស្រយាលភាគខាងជើងនៃប្រទេសកម្ពុជា ជាមួយនឹងបដិមាដែលបានបាត់បង់។ ជាមួយគ្នានេះក៏សូមអបអរសារទរផងដែរចំពោះសាលាបារាំងចុងបូព៌ា(EFEO) ជាពិសេសលោកបណ្ឌិត Eric Bourdonneau និងលោកបណ្ឌិត Bertrand Porte ដែលបានធ្វើការងារជាច្រើន ពាក់ព័ន្ធនឹងប្រាសាទចិន ដែលបាននាំទៅដល់ការបញ្ជាក់យ៉ាងជាក់ច្បាស់នូវភាពជាម្ចាស់កម្មសិទ្ធិរបស់កម្ពុជាលើបដិមា ទុរយោធន៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានបន្តថា យើងក៏មិនត្រូវភ្លេចឡើយថា ការប្តេជ្ញាចិត្តនិងសមត្ថភាពជំនាញរបស់អង្គការយូណេស្កូគឺជាជំនួយដ៏ចាំបាច់ មិនមែនត្រឹមតែនៅក្នុងរឿងក្ដីនេះមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអភិរក្សវប្បធម៌ផ្សេងៗទៀតរបស់កម្ពុជាផងដែរ និងថែមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ ចំពោះការគាំទ្រនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរខុសច្បាប់ និងឆន្ទៈដ៏មុះមុតក្នុងការលើកកម្ពស់មិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជាតិយើងទាំងពីរ។
ជាការពិត ការបញ្ជូនត្រឡប់មកវិញនូវបដិមាទាំងប្រាំរូបនេះ នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់របស់ក្រុមការងារកម្ពុជាយើងនោះទេ។ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះឯកឧត្តម ច័ន្ទ តានី ពីទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហាប់ ទូច ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា ក្រុមអភិរក្សនៃសារមន្ទីរជាតិ និងក្រុមអ្នកច្បាប់ដែលដឹកនាំដោយលោក Bretton Sciaroni ។
ឯកឧត្តម បានបញ្ជាក់ថា « ជឿជាក់ថា មិនមែនគ្រាន់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺពិភពលោកទាំងមូល ដែលនឹងមានសេចក្តីរីករាយ ចង់ឃើញនូវទីបញ្ចប់នៃការបែកខ្ញែកនៃក្រុមបដិមាដ៏មានសារសំខាន់ និងការវិលត្រឡប់មកទីឋានកំណើតរបស់បដិមាទាំងនេះ» ។
ជាទីបញ្ចប់ រាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់សារមន្ទីរដទៃទៀត និងអ្នករក្សាទុកវត្ថុបុរាណនៅទូទាំងពិភពលោកទាំងអស់ សូមធ្វើតាមគំរូនេះ ដោយប្រគល់វត្ថុបុរាណដែលត្រូវបានលួចទៅឱ្យម្ចាស់ដើមពិតប្រាកដវិញ ជាផ្នែកមួយនៃយុទ្ធនាការសកលដើម្បីការពារសម្បត្តិបេតិកភណ្ឌវប្បធម៌។