Sunday, July 20, 2014

រដ្ឋមន្រ្តីក្រសួងព័ត៌មានចង់មានការបង្កើតជាបណ្ឌិតសភាភាពយន្ត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានមាន ប្រសាសន៍ នៅក្នុងពិធីសម្ពោធ ទេសកាលភាពយន្តខ្មែរ ដែលជាកម្មវិធីចាក់ បញ្ចាំងឡើងវិញ នូវខ្សែ ភាពយន្ត ចាស់ៗពី ទសវត្សរ៍ ឆ្នាំ៦០ ដល់ទសវត្សរ៍ឆ្នាំ៩០ នាយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុង រាជធានី ភ្នំពេញថា លោក មាន​បំណង​ចង់​ឲ្យ​បង្កើត​បណ្ឌិត​សភា​ភាពយន្ត​មួយឡើង ដើម្បី បណ្តុះ បណ្តាល ផ្នែកថត ភាពយន្ត ផ្នែកសម្តែង ជាតួ និងផ្នែកផ្សេងៗទៀតនោះ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា កន្លងមកនេះ មានការបង្កើតជាបណ្ឌិតសភាចុងភៅ ដែលអាចបង្ហាត់ បង្រៀនអំពីវិធីធ្វើម្ហូបខ្មែរ និងម្ហូបផ្សេងជាច្រើនទៀត ដូច្នេះការបង្កើតជា បណ្ឌិតសភាភាពយន្តនេះ គឺដើម្បី ធ្វើឲ្យភាពយន្តរបស់ខ្មែរយើងមានគុណភាព និងកាន់តែល្បី ល្បាញនៅឆាកអន្តរជាតិថែមទៀតនោះ។

ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ ចំពោះគំនិតក្នុងការរៀបចំព្រឹត្តិការណ៍ទេសកាល ភាពយន្តខ្មែរនេះឡើង ក្នុងគោលបំណងជ្រើសរើសនូវរឿងល្បីៗ ចាស់ៗតាំងពីទសវត្សរ៍ឆ្នាំ៦០ ដល់ទសវត្សរ៍ឆ្នាំ៩០ យកមក បញ្ចាំងឡើងវិញ ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយៗឲ្យ បានឃើញនូវស្នាដៃដ៏ល្អៗ របស់សិល្បករ ផលិតករ កវីនិពន្ធ និងអ្នកដឹកនាំរឿងជើងចាស់ នា សម័យកាលនោះ។

ម្យ៉ាងវិញទៀតក៏ដើម្បីបង្ហាញពីការលំបាកក្នុងការថត និងសម្តែងតួ ដែល ក្នុងសម័យកាលនោះ មិនទាន់ មានឧបករណ៍ និងសម្ភារទំនើបដូចបច្ចុប្បន្ននេះឡើយ។ ឯក ឧត្តមរដ្ឋមន្រ្តីក៏បានសម្តែងនូវការរីករាយ ដោយ បាន ឃើញភាពរីកចម្រើនរបស់ស្នាដៃយុវជន ខ្មែរជំនាន់ក្រោយនាពេលបច្ចុប្បន្ននេះ ដូចជាក្រុម កុនខ្មែរ កូនខ្មែរ ដែលបានផលិតនូវខ្សែភាព យន្តខ្នាតខ្លី រយៈពេល១៥ នាទីបង្ហាញពីគំនិតល្អៗជាច្រើន ហើយស្នាដៃទាំងអស់ នោះត្រូវ បានយកទៅចាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍នានានោះ។

លោក ស៊ិន ចាន់ឆៃយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយនៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ទេសកាលភាពយន្តខ្មែរនេះ ឡើងគឺដើម្បីឲ្យយុវជន និងផលិតករខ្សែ ភាពយន្តនាសម័យនេះបានស្គាល់ពីស្នាដៃរបស់ សមិទ្ធករជំនាន់មុនៗ ព្រោះថា ខ្សែភាពយន្តខ្មែរជំនាន់ ទសវត្សរ៍ ឆ្នាំ៦០ និង៧០ ស្ទើរតែបាត់ បង់អស់ទាំងស្រុងទៅហើយ។

លោកប្រធាននាយកដ្ឋានបានបញ្ជាក់ទៀតថា ខ្សែភាពយន្តខ្មែរ ជំនាន់ ឆ្នាំ១៩៨០-១៩៩០ មានប្រមាណ៥០០ រឿង ប៉ុន្តែស្នាដៃទាំងនោះបានបាត់បង់ស្ទើរតែ គ្មានសល់ ដោយសារការថែរក្សាមិនបានល្អ តែទោះជាយ៉ាង ណាក៏ដោយមជ្ឈមណ្ឌលធន ធានសោតទស្សន៍បុប្ឆាណាបានខិតខំប្រមូលខ្សែភាពយន្ត ដែលនៅសេស សល់ យកមករក្សា ទុកធ្វើជាសម្បត្តិបេតិកភណ្ឌសោតទស្សន៍របស់ជាតិ។ លោកប្រធាននាយកដ្ឋានទទួលស្គាល់ ថា មានភាពរីកចម្រើនលើវិស័យភាពយន្តខ្មែរនាពេលបច្ចុប្បន្ននេះ ប៉ុន្តែវានៅមិនបានឆ្លើយ តបទៅនឹងតម្រូវការ ទីផ្សារភាពយន្តនៅឡើយ ដោយក្នុងនោះយើងពិនិត្យឃើញថា ផលិតផល ភាពយន្តខ្មែរមាននៅលើទីផ្សារ បានតែ៥ ទៅ១០ ភាគរយប៉ុណ្ណោះហើយប្រមាណ៩០ ភាគរយ ជាភាពយន្តបរទេស ដែលប្រការនេះ ហើយ ទាមទារឲ្យផលិតករទាំងអស់គិតគួរឲ្យបានខ្ពស់ ដើម្បីធ្វើការផលិតខ្សែភាពយន្តខ្មែរ យើងឲ្យបានគ្រប់គ្រាន់ តម្រូវទៅតាមទីផ្សារ ប្រកបដោយ គុណភាពខ្ពស់ និងដើម្បីចូលប្រកួតប្រជែងជាមួយខ្សែភាពយន្តបរទេសនោះ៕
ដោយ ហ៊ុន យុទ្ធគុណ