ប្រភព៖ ប្រតិកម្មរហ័ស
ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤នេះថា រាជរដ្ឋាភិបាលនឹងមិនអនុគ្រោះចំពោះសកម្មភាពណាដែលបង្កភាពអណាធិបតេយ្យ ធ្វើឲ្យបាត់បង់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សារណៈនោះឡើយ។
នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ពន្យល់ទៅនឹងអំពើហិង្សាដែលបង្កឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ ដែលបណ្តាឲ្យរងរបួសសន្តិសុខសណ្តាប់ធ្នាប់សាលាខ័ណ្ឌដូនពេញយ៉ាងហោចណាស់ចំនួន ៣៨នាក់ ក្នុងនោះ ២២នាក់ រងរបួសធ្ងន់ និង ៣នាក់កំពុងសង្គ្រោះបន្ទាន់នោះ ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ដោយសម្តែងក្តីសោកស្តាយចំពោះទង្វើរបស់បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំង ដែលបានដឹកនាំក្រុមជនអណាធិបតេយ្យ ធ្វើការវាយប្រហារយ៉ាងកំរោលមកលើកងសន្តិសុខខ័ណ្ឌដូនពេញ ក្នុងគោលបំណងចូលកាន់កាប់ទីលានប្រជាធិបតេយ្យ។
ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍លើកឡើងថា ស្ថានភាពបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ទៅលើបញ្ហាពលករ ដែលជាអាជ្ញាធរថៃ បានចាប់បញ្ជូនឲ្យត្រឡប់មកវិញ បែរជាគណបក្សប្រឆាំងបង្ករបញ្ហា មិនចេះចប់ មិនចេះហើយ។ ដោយចាត់ទុកថា អំពើហិង្សាដែលបង្ករឡើង ដោយកម្លាំងរបស់គណបក្សសង្គ្រោះជាតិទៅលើសន្តិសុខខ័ណ្ឌដូនពេញថា ជាទង្វើដែលមានចេតនារៀបចំគិតទុកជាមុន ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ពន្យល់ថា ពួកគាត់មានជំនាញខាងបង្ករបញ្ហា ។ មេដឹកនាំគណបក្សប្រឆាំងដឹកនាំដោយលោកស្រី មួរ សុខហួរ និងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនទៀត បានប្រកូកប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសបុក ឲ្យទៅរំដោះយកទីលានប្រជាធិបតេយ្យ នាថ្ងៃទី១៥កក្កដា គឺមានការរៀបចំផែនការច្បាស់លាស់។
ឯកឧត្តម កែវ រ៉េមី បញ្ជាក់ថា ឧបករណ៍ដែលយកទៅប្រព្រឹត្តអំពើហិង្សាទៀតសោត គឺមានការរៀបចំទុកជាមុននៅក្នុងស្បោងទៃ មានដូចជា ដំបងទីបដែលមានដាក់ដែកស្នូល និងចាក់បញ្ចូលស៊ីម៉ង់ត៍ថែមទៀត ដំបងមូល ជ្រុង ។ល។ ដែលក្នុងនោះមានអ្នកខ្លះមានពាក់អាវកាក់ព័ណ៌ខៀវ ដែលមានសរសេរនៅខាងក្រោយអាវថា “ក្រុមឃ្លាំងមើលសិទ្ធិមនុស្ស”ថែមទៀត មិនដឹងថា ជាក្រុមសិទ្ធិមនុស្ស ឬក្រុមពួកអណាធិបតេយ្យនោះទេ។ សកម្មភាពពួកគេមកដល់សំពងលើក្រុមសន្តិសុខយកតែម្តង។ ឯកឧត្តម កែវ រ៉េមី បានលើកជាសំណួរថា តើប្រទេសណាដែលមានច្បាប់ឲ្យប្រើអំពើហិង្សាទៅលើសមត្តកិច្ច ដែលមានភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់? នៅប្រទេសអាមេរិក ប៉ូលិសគេមានសិទ្ធិបាញ់ នៅប្រទេសអេស្ប៉ាញ ហ៊ានជេរប្រមាថអាជ្ញាធរសមត្តកិច្ចប៉ូលិស ច្បាប់គេតម្រូវឲ្យផាកពិន័យជាប្រាក់ជាដើម។
ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការប្រព្រឹត្តអំពើហិង្សាកាលពីព្រឹកថ្ងៃទី១៥កក្កដា គឺជាអំពើសាហាវ យង់ខ្នង អមនុស្សធម៌ជាទីបំផុត សូម្បីតែជនរងគ្រោះដូលហើយ ក៏នៅតែព្រួតគ្នាវាយថែមទៀត ក៏ប៉ុន្តែមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងសន្និសីទ្ធកាសែតនាព្រឹកមិញនេះដែរ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ បែរជាចោទទៅលើរដ្ឋាភិបាលជាអ្នកបង្កហិង្សាទៅវិញ។ អ្នកខ្លះបានចោទទៅលើកាកបាទក្រហម ដែលបានទៅជួយដល់ជនរងគ្រោះទៅទៀតថា មានភាពលំអៀង។ ដោយបញ្ជាក់ពីភាពអធ្យាក្រឹត្យរបស់កាកបាទកម្ពុជា ឯកឧត្តម កែវ រ៉េមី បានលើកជាសំណួរថា តើឲ្យទៅជួយយ៉ាងម៉េច បើពួកគាត់គ្មានរបួសផង?។
ទាក់ទងនឹងការចោទប្រកាន់ថា កម្ពុជាជាប្រទេសឯកបក្សដឹកនាំ ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍ពន្យល់ថា ពាក្យឯកបក្សដឹកនាំ មានន័យថា ទាល់តែមានបក្សតែមួយចូលរួមការបោះឆ្នោត តែការបោះឆ្នោតនៅកម្ពុជា មានគណបក្សច្រើនចូលរួម ឯឈ្នះមានតែពីរបក្ស អញ្ចឹងចាប់ពី ២គណបក្សឡើងទៅគេហៅថា ជាប្រព័ន្ធពហុបក្ស។ នេះជាការបំភ្លៃ ព្រោះរដ្ឋធម្មនុញ្ញបានកំណត់ថា គណបក្សនយោបាយណានាំមុខ មានសំលេងលើសពី ៥០ បូក១ គឺអាចបង្កើតរាជរដ្ឋាភិបាលតែឯងបាន។ ហេតុអីបានគាត់នៅតែនិយាយបែបនេះ? មិនយល់។ ដោយរំលឹកទៅដល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ជូនអ្នកនយោបាយដែលចង់ចូលមកគណបក្សប្រជាជន មិនឲ្យមានការគុំគួន ជាមួយគណបក្សនយោបាយចាស់របស់ខ្លួន ក៏ដូចជាមិនត្រូវប្រើប្រាស់គណបក្សប្រជាជនជាឈ្នាន់ដើម្បីធ្វើការសងសឹក ពិសេសការចៀសមិនផុតការធ្វើការជាមួយគ្នា ឯកឧត្តម កែវ រ៉េមី បានអំពាវនាវដល់អ្នកនយោបាយគណបក្សប្រឆាំងឲ្យមានភាពចាស់ចិត្ត គំនិត ក្នុងការដោះស្រាយបញ្ហា។
ទាក់ទងនឹងការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោផ្តាច់ការ ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍លើកបង្ហាញថា នៅឆ្នាំ២០១៣កន្លងមកនេះ មានបាតុកម្មចំនួន ៨៤២ដង គឺក្នុង១ថ្ងៃមានច្រើនជាង ១ដង។ ម្យ៉ាងទៀត បើប្រទេសកម្ពុជាផ្តាច់ការមែន តើបងប្អូនអាចធ្វើការជេរប្រមាថតាមបណ្តាញសង្គមដោយសេរី និងធ្វើបាតុកម្មឥតឈរទៅកើតទេ? តើគណបក្សប្រឆាំងអាចនៅឈរជើងជាប់ទេ បើផ្តាច់ការមែន?។
ទាក់ទងអំពើហិង្សាដែលបង្កឡើងដោយកម្លាំងដែលដឹកនាំ ដោយតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនាព្រឹកថ្ងៃទី១៥កក្កដា ឯកឧត្តម កែវ រ៉េមី បានមានប្រសាសន៍បញ្ជាក់ថា មេខ្លោង និងអ្នករួមគំនិតក្នុងការប្រព្រឹត្តអំពើនេះត្រូវតែទទួលខុសត្រូវនូវអំពើរបស់ខ្លួន។ រាជរដ្ឋាភិបាលនឹងធ្វើការស្រាវជ្រាវ វែកមុខ រកមេខ្លោងជាបន្តទៀត។ យោងតាមមាត្រា ៥២ នៃរដ្ឋធម្មនុញ្ញ ដែលកំណត់ពីតួនាទីរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឯកឧត្តម កែវ រ៉េមី បញ្ជាក់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យក្រុមពួកជនអណាធិបតេយ្យ ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋឡើយ។
ក្នុងនាមរាជរដ្ឋាភិបាល និងទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ មេត្តាចូលរួម និងជួយទាំងអស់គ្នាក្នុងការថែរក្សាសណ្តាប់ធ្នាប់សារណៈ ដើម្បីភាពសុខសាន្ត នៅក្នុងសង្គមរបស់យើង និងដើម្បីកូនចៅយើងទាំងអស់គ្នា៕