Friday, August 1, 2014

ទស្សនៈ Brad Adams មិនយល់ទាល់តែសោះអំពី «កិច្ចព្រមព្រៀងថ្ងៃទី២២ កក្កដា ២០១៤» ជាពិសេសគឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលអាចបង្កើតឡើងថ្មីមួយ និង សមាជិកទី៩ របស់គណៈកម្មាធិការនេះ


នៅក្នុងបទសម្ភាសន៍ជាមួយនឹង Chi Vita ដែលបានបង្ហោះលើគេហទំព័រវិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ លោក Brad Adams បានបើកការវាយប្រហារបង្កាទុកជាមុន ដើម្បីរារាំងឱកាស​ដ៏ល្អមួយ​សម្រាប់​ឱ្យ ប្រជាជនកម្ពុជាមាននូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយ ដែលល្អជាង​គណៈ​កម្មាធិការ​ដែល​មាន ស្រាប់នេះរាប់រយរាប់ពាន់ដង។

ប្រការ២នៃកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រវាងCPP និងCNRP បានចែងអំពីការបង្កើត គ.ជ.ប ដែលមានសមាជិកចំនួនប្រាំបួនរូប ដែលបួនរូបតែងតាំងដោយគណបក្សកាន់អំណាច (គឺគណ​បក្ស​ប្រជា​ជនកម្ពុជា) បួនរូបតែងតាំងដោយគណបក្សដែលមិនមែននៅក្នុងរដ្ឋាភិបាល (គឺគណបក្សសង្គ្រោះជាតិ) ហើយ​សមាជិក​ទី៩ តែង តាំងដោយការយល់ព្រមជាឯកច្ឆន្ទរវាងគណបក្សនយោបាយដែលមានអាសនៈនៅក្នុង រដ្ឋ​សភាជាតិ។


 ការររៀបចំសមាសភាពនៃគ.ជ.ប បែបនេះ មិនបានផ្តល់ប្រៀបទៅឱ្យ CPPCNRP នោះទេ។ សមាជិកទី៩ ប្រសិនបើត្រូវបានរកឃើញ ហើយត្រូវបានតែងតាំងដោយកុងសង់ស៊ីសពីគណបក្សទាំងអស់ និងត្រូវ​បាន​ទទួល​យក ដោយអ្នកដែលត្រូវបានតែងតាំងនោះ នឹងនាំមកនូវតុល្យភាព និងអព្យាក្រឹតភាពនៅក្នុងដំណើរការនៃ គ.ជ.ប។ អាស្រ័យ ដោយមានមហិច្ឆតាសងសឹងដោយងងឹតងងល់របស់ខ្លួនមកលើមេដឹកនាំ និងប្រជាជន​កម្ពុជា Brad Adams បាន បង្ហាញនូវ​ប្រភេទ​ទស្សនៈអួតអាង​លើកតំកើង​ខ្លួនឯងដ៏​អាក្រក់​របស់លោក​ដោយ​ខកខានមិនព្រមទទួលយកការពិត និងភាពត្រឹមត្រូវនៃអ្វីៗដែលមិនមែនជាគំនិត និងដំបូន្មានរបស់លោក។


 នៅថ្ងៃទី២៨ ខែកក្កដា សេចក្តីរាយការណ៍ព័ត៌មានក្នុងប្រទេសកម្ពុជា បានផ្តល់ព័ត៌មានថា CPP និង CNRP បានយល់ព្រមតែងតាំងសមាជិកទី៩នៃគ.ជ.បហើយ ដែលនេះ គឺជាវិញ្ញាសារ​ធំបំផុត​ដំបូង​សម្រាប់​សាក​ល្បង សមត្ថភាពរបស់គណបក្សទាំងពីរនេះនៅក្នុងការសម្របសម្រួល។ ប្រសិនបើអ្នក​ដែលត្រូវ​បាន​តែងតាំងនេះ ទទួល យកការតែងតាំងជាសមាជិកទី៩នេះ នោះវានឹងកាន់តែធ្វើឱ្យមានតុល្យភាព និង​អព្យា​ក្រឹតភាព​នៅក្នុងដំណើរការ គ.ជ.ប ថែមទៀត។ ត្រឹមម៉ោង៧យប់ថ្ងៃដដែលនោះ ស្ថាប័នព័ត៌មាន​មួយ​ចំនួនក្នុងកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ថាក្រោយពេល​ដែលមានការ​ឆ្លើយឆ្លង​លិខិតទៅ​វិញទៅ​មករ​វាង​អ្នកដែលត្រូវបានតែងតាំងនោះ ជាមួយនិង CPP និង CNRP លោកស្រី ពុង ឈីវកេក ប្រធានអង្គការ LICADHO កម្ពុជា ត្រូវបានបង្ហាញថាជាអ្នកដែលត្រូវបានតែងតាំងនោះ ហើយ ហើយលោក​ស្រីក៏បាន​យល់ព្រម​ធ្វើជាសមាជិកទី៩នៃ គ.ជ.ប ក្រោយពេលទទួលបានកិច្ចព្រមព្រៀងជាមូលដ្ឋាន មួយពីគណ​បក្សនយោបាយ​ទាំងពីរ ដើម្បីអាចឱ្យលោកស្រីអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយឯករាជ្យពេញលេញ និង ស្មារតីសេ្នហាជាតិ និងគ្មានសម្ពាធនយោបាយ។


 ការប្រញាប់ប្រញាល់របស់Brad Adams ដោយគ្មានការគិតពិចារណាក្នុងការបង្ខូចតម្លៃ «កិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤ រវាងCPP និងCNRPនោះ» និងជាពិសេសគ.ជ.ប ថ្មីដែលនឹងត្រូវបង្កើតឡើងនោះ និងក្នុង ការបញ្ចេញភាពខ្វះជំនឿរបស់លោកនៅក្នុងដំណើរការជ្រើសរើសសមាជិកទី៩ គឺជាភ័ស្តុតាង​គ្រប់​គ្រាន់​​សម្រាប់ប្រាប់ ទៅកាន់ពិភពលោកទាំងមូលថា «លោកធ្វើការងារទៅតាមតែរបៀបវារៈរបស់ខ្លួន ទោះ​ជាវាជាអ្វីក៏ដោយ ហើយមិនមែន សម្រាប់បុព្វហេតុនៃប្រជាជនកម្ពុជា ដូចដែល​លោក​ធ្លាប់​ប្រកាស​ថាបានខ្វល់ខ្វាយជាច្រើនដងមកពីមុនហើយនោះ ទេ។»


 ប្រជាជនកម្ពុជា នឹងតាមមើលថាតើរដ្ឋសភាជាតិនឹងបោះឆ្នោតដូចម្ត៉េច នៅក្រោមនីតិវិធីសម្លេងភាគច្រើន ៥០% បូក១ ដើម្បីផ្តល់តំណែងដល់សមាជិកទាំង៩រូបនៅគ.ជ.ប។ នេះគឺជាវិញ្ញាសារដ៏ធំមួយ​ទៀតអំពីឥ​រិយាបទ​នយោបាយ ថ្មីនៃរដ្ឋសភាជាតិក្នុងចំនួនសមាជិកពេញលេញ។ បន្ទុកសម្រាប់​ការទទួល​ខុសត្រូវ​របស់​សមាជិក​សភា CPP នឹងធ្ងន់ ជាងបន្ទុករបស់សមាជិកសភា CNRP

Brad Adams នឹងជាអ្នកឈ្នះចុងក្រោយគេ ប្រសិនបើលទ្ធផលនៃវិញ្ញាសារដ៏ធំនេះបញ្ជាក់ថាវាស្របទៅនឹង គំនិតរបស់លោក។
  
សាស្ត្រាចារ្យ ប៉ែន ងឿន
ទីប្រឹក្សាសកលវិទ្យាល័យពុទ្ធិសាស្ត្រ ភ្នំពេញ កម្ពុជា