យោងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមាររាជា ឯកឧត្តម ទិត សុធា និងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ តំណាងរបស់ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីគណៈរដ្ឋមន្ត្រី បាននាំយកកញ្ចប់ឃីត ជាសម្ភារៈសម្រាប់ស្ត្រី និងទារកទើបសម្រាល យកទៅចែកជូនដល់ប្រជាពលរដ្ឋប្រមាណ២០គ្រួសារ នៅក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។
សកម្មភាពលើកទី២ នៃការចុះចែកឃីតជាសម្ភារៈជូនដល់ស្ត្រី និងទារក បានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដែលជាអំណោយសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន តំណាងអនុសាខាកាកបាទក្រហមស្រុក‑ ឃុំ ក្រុមប្រឹក្សាឃុំ ប្រធានភូមិ យុវជនកាយរីទ្ធកម្ពុជា និងក៏មានការចូលរួមផងដែរពីក្រុមសម្ព័ន្ធយុវជនកម្ពុជា ដែលបានបង្ហាញពីការអនុវត្តនូវវប្បធម៌ចែករំលែក ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួល និងលើកកម្ពស់នូវជីវភាពរស់នៅ ក៏ដូចចជាការចែកឃីតជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការឡើយ។
ឯកឧត្តម ទិត សុធា រួមទាំងឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំចំពោះស្ត្រីជាម្តាយ និងឪពុក ដែលទើបសម្រាលកូន ជាមួយនឹងការរំលឹកដល់ពួកគាត់ឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាពជាប្រចាំ និងត្រូវនាំកូនយកទៅចាក់ថ្នាំបង្កានានា ហើយបានជូនពរឲ្យគ្រួសារពួកគាត់នីមួយៗ មានជីវភាពកាន់តែប្រសើរ និងសូមឲ្យទទួលបាននូវសុខភាពល្អ និងសុភមង្គល។
នៅថ្ងៃដដែលនោះដែរ ក្រុមការងារថ្នាក់ជាតិ ក៏បានពាំនាំយកទៅជាមួយនូវទានព្រះវស្សា និងថវិកាប្រមាណជាង៥០ម៉ឺនរៀល រួមទាំងទ័យវត្ថុមួយចំនួន រួមមាន អង្ករ ភេសជ្ជៈ ទឹកត្រី អំបិល ស្កសរ ទឹកស៊ីអ៊ីវ ត្រីងៀត ឆៃប៉ូវ ប្រគេនចំពោះព្រះសង្ឃនៅក្នុងវត្តក្រាំងពង្រ ក្នុងឃុំកុមាររាជា ក្នុងឱកាស ដែលនឹងចូលព្រះវស្សានៅពេលខាងមុខ សម្រាប់ជាការរួមចំណែកដ៏មានសារៈសំខាន់ ក្នុងការគោរពប្រតិបត្តិ និងទ្រទ្រង់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋផងដែរ៕
អត្ថបទ៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឃុំកុមាររាជា