គណបក្សសង្គ្រោះជាតិ ក្រោយពីការបាត់បង់ប្រជាប្រិយភាព ដោយសារការក្បត់ឆន្ទៈរាស្ត្រ ក្នុងការដែលតំណាងរាស្ត្រខ្លួនសម្រេចចិត្តចូលសភា ដើម្បីទទួលបានអំណាច តួនាទី និងលាភសក្ការៈ ដ៏សន្ធឹកសន្ធាប់មកនោះ គឺបានផ្លាស់ប្តូរវិធីទាក់ទាញប្រជាប្រិយភាព សារជាថ្មីទៀត តាមរយៈការប្រើនយោបាយបែបប្រជាភិថុតិ លើបញ្ហាព្រំដែនវិញម្តង។
យើងទាំងអស់គ្នាពិតជានៅចងចាំបានថា អ្នកនយោបាយជាច្រើនជំនាន់មកហើយ សុទ្ធតែបានប្រើប្រាស់ការចោទប្រកាន់មកលើរាជរដ្ឋាភិបាល ស្តីពីបញ្ហាព្រំដែននេះ ជាពិសេសបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងគោលបំណងញុះញង់ ធ្វើឲ្យមានការភាន់ច្រឡំនៅក្នុងចំណោមសាធារណៈមតិជាតិ និងអន្តរជាតិ ដើម្បីកេងចំណេញខាងនយោបាយ សម្រាប់ការឈានទៅផ្តួលរំលំរបបមួយ ក្នុងគោលដៅបម្រើមហិច្ឆិតាអំណាចរបស់ខ្លួន ដោយមិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលឡើយ។
រឿងនេះ មិនមែនជារឿងប្លែក និងថ្មីសម្រាប់កម្ពុជានោះទេ។ យុទ្ធសាស្ត្របែបនេះ ធ្លាប់ត្រូវបានអ្នកនយោបាយប្រឆាំង យកមកប្រើរួចមកហើយ នៅក្នុងប្រវត្តិសាស្ត្រនយោបាយរបស់កម្ពុជា។ ដូចជានៅដើមទសវត្សឆ្នាំ១៩៧០ លោក លន់ នល់ ក៏ធ្លាប់បានប្រើប្រាស់ការចោទប្រកាន់បែបនេះដូចគ្នាចំពោះ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ ដែលព្រះអង្គជាព្រះប្រមុខរដ្ឋនៅពេលនោះថា «លក់ទឹកដីឲ្យយួន» ជាលេសមួយសម្រាប់ការធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ ពីអំណាចផងដែរ។ នៅពេលពួកគេ បានអំណាច មិនត្រឹមតែមិនបានដោះស្រាយបញ្ហាព្រំដែន ឬរកឲ្យឃើញនូវទឹកដីដែលពួកគេតែងចោទថាបាត់បង់នោះទេ ក៏ប៉ុន្តែថែមទាំងបញ្ឆេះកម្ពុជាឲ្យមានសង្រ្គាមស៊ីវិល ការកាប់សម្លាប់គ្នា និបំផ្លាញប្រទេសជាតិស្ទើរសូន្យ។
ដូច្នេះ រឿងនេះ គឺជារឿងដដែលៗ ដែលគណបក្សសង្គ្រោះជាតិ និងក្រុមប្រឆាំង មានបំណងយកបញ្ហាព្រំដែន ដែលជាបញ្ហារសើបបំផុតសម្រាប់ប្រទេសជាតិ មកធ្វើអាជីវកម្មនយោបាយនាពេលនេះ ក្នុងគោលបំណងវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ពិសេសមកលើរាជរដ្ឋាភិបាលតែម្តង។ ការធ្វើបែបនេះ គឺដើម្បីពួកគេអាចប្រមូលប្រជាប្រិយភាពបានមកវិញខ្លះ ពិសេសគឺផលប្រយោជន៍ នយោបាយរបស់ក្រុមខ្លួនតែប៉ុណ្ណោះ។
តាមពិត កិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ គឺជាភារកិច្ច និងជាកាតព្វកិច្ចសំខាន់ជាងគេ និងមុនគេបង្អស់របស់រាជរដ្ឋាភិបាលរួចស្រេចទៅហើយ។ គោលជំហរស្នេហាជាតិ និងទឹកដីនេះ គឺពុំមែនជាសិទ្ធិផ្តាច់មុខ របស់បុគ្គល ឬគណបក្សនយោបាយណាមួយ ម្នាក់ឯងនោះទេ។ ដូច្នេះ គណបក្សសង្គ្រោះជាតិនៅពេលនេះ មិនគួរលើកយកបញ្ហាព្រំដែននេះ មកធ្វើអាជីវកម្ម កេងចំណេញនយោបាយ ហើយគ្មានការទទួលខុសត្រូវចំពោះផលវិបាក ដែលបង្កដោយការញុះញង់ អុជអាលរបស់ខ្លួននោះទេ។
ដោយសារតែ មហិច្ឆតាអំណាច និងផលប្រយោជន៍របស់បុគ្គល ក្រុម ឬគណបក្សរបស់ខ្លួន គណបក្សប្រឆាំង និងក្រុមអ្នកតំណាងរាស្ត្រពួកគេ មិនត្រូវប្រើមធ្យោបាយ ប្រជាភិថុតិ បំផ្លើស និងការបង្កើតឲ្យមានការភាន់ច្រឡំ លើបញ្ហាព្រំដែននេះ ដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណមតិ អន្តរជាតិនោះទេ ព្រោះផលវិបាក អាចនឹងនាំមកនូវការបង្កសង្គ្រាមជាមួយប្រទេសជិតខាង ដែលនឹងធ្វើឲ្យប្រទេសជាតិ និងប្រជាជនធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរ។
បទពិសោធន៍របស់កម្ពុជា នៅក្នុងប្រវត្តិសាស្ត្រកន្លងមក និងរបស់បណ្តាប្រទេសផ្សេងៗទៀតជាច្រើន បានបង្ហាញឲ្យឃើញថា ទង្វើញុះញង់លើបញ្ហាព្រំដែន ដោយគ្មានការទទួលខុសត្រូវ វានឹងនាំមកនូវអរិភាពជាតិសាសន៍ បង្កការខូចខាតដល់ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងអ្នកជិតខាងល្អ រវាងប្រទេស ជាប់ព្រំដែនគ្នា ហើយឈានទៅដល់ការកើតឡើងនូវជម្លោះរវាងប្រទេស និងប្រទេស ដែលនឹងនាំឲ្យមានអស្ថេរភាពផ្ទៃក្នុង និងការបាត់បង់នូវផលប្រយោជន៍សង្គម និងសេដ្ឋកិច្ចជាតិថែមទៀតផង។
ជារួម ដំណោះស្រាយដែលសមស្របលើជម្លោះព្រំដែននាពេលបច្ចុប្បន្ននេះ គឺត្រូវឈរលើការដោះស្រាយតាមរយៈកិច្ចការទូត ទ្វេភាគី ជាចម្បង ដោយមិនត្រូវប្រើប្រាស់ចរិតតវ៉ា លើកគ្នាជាក្រុម ទាំងហ្វូងដូចហ្វូងគោ ដេញវាយតប់គ្នាប្រសាច ដូចមេដឹកនាំ និងតំណាងរាស្ត្រ បក្សសង្គ្រោះជាតិនោះទេ។ ចំណុចនេះ ក៏បានបញ្ជាក់ អំពីគោលនយោបាយ ដ៏ទន់ខ្សោយ លើកិច្ចការដោះស្រាយបញ្ហាព្រំដែន របស់គណបក្សសង្គ្រោះជាតិ រវាងប្រទេសជិតខាង ផងដែរ។ ដូច្នេះ សូមជនរួមជាតិយើងទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទឹកដីនេះ ដោយមិនត្រូវធ្វើជាមួយក្រុមនេះ ឬក្រុមនោះ ឬសកម្មជននេះចុះទៅមើល ឬសកម្មជននោះចុះទៅមើល ដោយមិនបានប្រមូលផ្តុំកម្លាំងសរុបនោះ វានឹងនាំឲ្យមានបញ្ហាដល់ខ្លួនឯង។ ម្យ៉ាងទៀត ការចុះទៅមើលព្រំដែននេះ គឺមិនធ្វើនៅក្នុង សា្មរតីសេ្នហាជាតិពិតប្រាកដនោះទេ តែវាជាប្រធានបទសម្រាប់ដើម្បីទទួលបានប្រជាប្រិយភាព របស់បុគ្គល ឬក្រុម និងគណបក្សនយោបាយ ដែលបាត់បង់ប្រជាប្រិយភាពកន្លងមកប៉ុណ្ណោះ៕