បើតាមប្រជាពលរដ្ឋខ្មែរជាច្រើន ដែលតែងតែតាមដានព័ត៌មាន តាមបណ្តាញសង្គម ហ្វេសប៊ុក បានបញ្ជាក់ថា កាលពីវេលាម៉ោង ១និង៥៣ នាទីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ក្នុងទំព័រ facebook របស់លោក សម រង្ស៊ី បានផ្សាយ វីដេអូមួយក្រោមចំណងជើងថាលោក ហុង សុខហួរ អ្នកជំនាញកិច្ចការព្រំដែនមកពីគណបក្សសង្គ្រោះជាតិ ពន្យល់បន្ថែមចំនួន ២ ចំណុច ជុំវិញបញ្ហាព្រំដែននៅប្រទេសកម្ពុជា រួមមាន ៖- បញ្ហាអក្សរវៀតណាម នៅលើផែនទី ដែលគណបក្សសង្រ្គោះជាតិ ប្រគល់ជូនរាជបណ្ឌិត្យសភាកម្ពុជា និង- បញ្ហា សន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩។
គេបានដឹងថាក្នុងវីដេអូឃ្លីបនេះ លោក ហុង សុខហួរ បានបង្ហាញ និងពន្យល់ពីសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ ត្រង់ប្រការ៤ ថា ភាគីទាំងពីរសុខចិត្តដោះស្រាយតាមកិច្ចចរចាដោយ សន្តិវិធីនូវទំនាស់ ជាយថាហេតុក្នុងទំនាក់ទំនងទ្វេភាគីរបស់ខ្លួន។ ភាគីទាំងពីរនឹងធ្វើកិច្ចចរចា ដើម្បីចុះហត្ថលេខាដើម្បីរំលាយព្រំដែនជាតិប្រទេសទាំង។ លោក ហុង សុខហួរ បានបញ្ជាក់បន្ថែមថាសន្ធិសញ្ញាត្រង់ប្រការ៤នេះហើយជាហេតុដែលធ្វើឲ្យបង្គោលព្រំដែន ដួលជាច្រើន និងដើម្បីរាជរដ្ឋាភិបាលចរចាជាមួយវៀតណាមបោះបង្គោលសារថ្មី។
តែនៅវេលាម៉ោង១០ និង៥៧ នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ វីដេអូបកស្រាយបញ្ហាព្រំដែនរបស់លោក ហុង សុខហួរនេះត្រូវបានអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី លប់ចេញពីទំព័រភ្លាម facebookបន្ទាប់ពីគេបានដឹងថាអ្វីដែល លោក ហុង សុខហួរបានលើកមកបកស្រាយពីសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ត្រង់ប្រការ៤ ថាជាការក្លែងបន្លំឯកសារសាធារណៈ ព្រោះក្នុងសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ពិតប្រាកដមិនបានដូចអ្វីដែលលោក ហុង សុខហួរបានលើកឡើងនោះទេ តែសន្ធិសញ្ញា កម្ពុជា-វៀតណាម ឆ្នាំ ១៩៧៩ត្រង់ប្រការ៤ពិតប្រាកដ បានចែងថា ភាគីទាំងពីរសន្យាថា នឹងដោះស្រាយរាល់ទំនាស់អាចកើតឡើងក្នុងការទាក់ទងជាមួយគ្នាតាមរយៈការចរចាដោយសន្តិវិធី។ ភាគីទាំងពីរ នឹងចរចាគ្នា ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាមួយ តំរូវព្រំដែនរដ្ឋរវាងប្រទេសទាំងពីរ លើព្រំដែននាបច្ចុប្បន្ននេះ ហើយប្តេជ្ញាចិត្ត កសាងព្រំដែននោះទៅជាព្រំដែន សន្តិភាព មិត្តភាព ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
តបទៅនឹងការក្លែងបន្លំឯកសារសាធារណៈនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៏មួយ ដោយបាន បដិសេធចោលទាំងស្រុង និងថ្កោលទោស យ៉ាងដាច់អហង្ការចំបោះទង្វើឧក្រិដ្ឋរបស់ឯកឧត្តម ហុង សុខហួរ ដែលបានក្លែងឯកសារសាធារណៈ ដើម្បីបម្រើឲ្យនយោបាយប្រជាភិថុតរបស់ក្រុមខ្លួន បោកប្រាស់សាធារណៈមតិ ដែលទង្វើនេះបាននាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញបញ្ហានេះដែរលោក គឹម សន្តិភាព បានលើកឡើងថា «អភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភា មិនអាចរារាំងការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួន ក្នុងករណីប្រព្រឹត្តបទលើ្មសព្រហ្មទណ្ឌជាក់ស្តែង យោងតាមរដ្ឋធម្មនុញ្ញមាត្រា ១០៤ថ្មី និងមាត្រា១២ នៃច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភា ។ សម្រាប់ករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង គ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជននោះ ទៅប្រគល់ជូនមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតបំផុត នេះបើយោងតាមមាត្រា៨៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ»។
សរុបមកការលុបវីដេអូនេះភ្លាមៗចេញពីទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បង្ហាញពីឆន្ទៈ បំផ្លាញភស្តុតាង និងជាការយករួចខ្លួនមិនទទួលខុសត្រូវពីបទចោទ ក្លែងបន្លំឯកសារសាធារណៈ ដែលជាបទល្មើសព្រហ្មទណ្ឌ ពីសំណាក់លោក សម រង្ស៊ីយ៉ាងពិតប្រាកដ។