អនុប្រធានាធិបតីឥណ្ឌា ឯកឧត្តម Shri Mohammad Hamid Ansari បានមានប្រសាសន៍ថា ពេលដែលមកដល់ប្រទេសកម្ពុជា គឺឯកឧត្តមមានការរំភើបចិត្តយ៉ាងខ្លាំងដោយសារតែឃើញទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងឥណ្ឌា ហើយតាមពិតទៅកម្ពុជា និងឥណ្ឌា គឺមានវប្បធម៌ និងសាសនាដូចគ្នា។ ឯកឧត្តមបន្តថា កន្លងមកនេះ គឺឥណ្ឌាបានជួយជួសជុល ប្រាសាទបាយ័ន ដែលស្ថិតនៅក្នុងក្រុមប្រាសាទអង្គរធំ ហើយឥណ្ឌាក៏មានទំនាក់ទំនងល្អជាមួយប្រទេសនៅក្នុងតំបន់មេគង្គ ដែលហៅថាសហប្រតិបត្តិការ Ganga and Mekong (មេគង្គ -ឥណ្ឌា)។ អនុប្រធានាធិបតីឥណ្ឌា ក៏បានកោតសរសើរពីការរីកចំរើនរបស់ប្រទេសកម្ពុជា ដែលបានឈានដល់កំណើនសេដ្ឋកិច្ច គឺផលិតផលសរុបក្នុងស្រុក (GDP) ប្រមាណជា៧%ក្នុងមួយឆ្នាំ ហើយឥណ្ឌាសង្ឃឹមថាទំនាក់ទំនងសេដ្ឋកិច្ចវិនិយោគ និងទេសចរណ៍រវាងកម្ពុជា-ឥណ្ឌា និងកាន់តែមានភាពប្រសើរឡើងបន្ថែមទៀតដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។
អនុប្រធានាធិបតីឥណ្ឌា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា នៅក្នុងពីរទសវត្សចុងក្រោយនេះ ដោយសារតែប្រទេសកម្ពុជាបច្ចុប្បន្នគឺពោរពេញទៅដោយសន្តិភាព និងការរីកចំរើនយ៉ាងឆាប់រហ័ស ហើយនេះគឺជាការរីកចំរើនដែលគួរឲ្យកត់សំគាល់លក្ខណៈជាប្រវត្តិសាស្ត្រតែម្តង ហើយប្រទេសឥណ្ឌាក៏កំពុងសំលឹងមើលដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានៅពេលអនាគត។ ទន្ទឹមនឹងនេះដែរ អនុប្រធានាធិបតីឥណ្ឌា ក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានជួយជ្រោមជ្រែងភាពជាដៃគូររវាងឥណ្ឌា និងអាស៊ាននាពេលកន្លងមក ហើយប្រទេសឥណ្ឌា ក៏កំពុងសំលឹងមើលកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ និងស៊ីជម្រៅបន្ថែមទៀតទាំងផ្នែកសេដ្ឋកិច្ច និងវិនិយោគ ក៏ដូចជាបង្កើនទំនាក់ទំនងផ្នែកវិនិយោគបរទេសជាមួយប្រទេសកម្ពុជាផងដែរ។
ឯកឧត្តម Shri Mohammad Hamid Ansari បានមានប្រាសាសន៍បន្ថែមទៀតថា ឥណ្ឌានឹងជំរុញការបង្កើនទំនាក់ទំនងផ្នែកវិស័យទេសចរណ៍ ដូច្នេះហើយបានយើងមានការចុះហត្ថលេខាទៅលើការពង្រីកទៅលើវិស័យទេសចរនេះ។ ចំពោះផ្នែកពាណិជ្ជកម្ម និងវប្បធម៌ ឥណ្ឌាមើលឃើញប្រទេសកម្ពុជាគឺនៅចំកណ្តាលបេះដូងនៃសមាគមអាស៊ានតែម្តង ដូច្នេះឥណ្ឌានិងសំលឹងមើលពីសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាមួយប្រទេសកម្ពុជាបន្ថែមទៀត ទាំងផ្នែកពាណិជ្ជកម្ម វិនិយោគ និងផ្នែកទេសចរណ៍។ ឯកឧត្តម បានលើកឡើងថាកន្លងមកនេះ ឥណ្ឌាក៏បានជួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ ដូចជាផ្នែកបច្ចេកវិទ្យា ហើយឥណ្ឌាក៏បានកសាងនូវមជ្ឈមណ្ឌលសម្ភារៈសូត្រ ដែលបានសាងសង់ឡើងនិងកំពុងដំណើរការនៅខេត្តសៀមរាប។ ឯកឧត្តម Shri MohammadHamid Ansari បញ្ជាក់ឲ្យដឹងថា ការដែលឥណ្ឌាបានជួយជួសជុលនៅប្រាសាទបាយ័ន នៅអង្គរធំគឺបានឆ្លុះបញ្ចាំងឲ្យឃើញនូវការយល់ស្របគ្នាតែមួយទៅលើបេតិកភណ្ឌវប្បធម៌ ហើយបច្ចុប្បន្នឥណ្ឌាកំពុងតែជួសជុលប្រាសាទតាព្រហ្មផងដែរ និងសំលឹងមើលជាបន្តបន្ទាប់ដើម្បីជួសជុលជួយអភិរក្សប្រាង្គប្រាសាទបេតិកភណ្ឌពិភពលោករបស់កម្ពុជាបន្ថែមទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ ហើយអ្វីដែលជាចំណុចសំខាន់របស់កម្ពុជានោះគឺថា ទេសចរណ៍វប្បធម៌ ព្រោះកម្ពុជាមានប្រាង្គប្រាសាទបុរាណដ៏ច្រើនសំបើមណាស់ ហើយគ្រាន់តែប្រាង្គប្រាសាទនៅខេត្តសៀមរាប មានប្រហែលជា១០០ប្រាង្គប្រាសាទ ដូច្នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ចង់ឲ្យមានសហប្រតិបត្តិការទេសចរណ៍ និងវប្បធម៌ថែមទៀត ព្រោះកាលណាទេសចរមកកាន់កម្ពុជា ក៏ជាការបើកច្រកនូវការវិនិយោគរបស់ឥណ្ឌាមកកាន់កម្ពុជាផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏បានលើកទឹកចិត្តឲ្យមានក្រុមហ៊ុនខ្សែភាពយន្តឥណ្ឌាគឺ Bollywood មកផលិតខ្សែភាពយន្តអំពីរឿងរ៉ាវដែលទាក់ទងសម័យអង្គរ ដែលជាផ្នែកមួយដើម្បីទាក់ទាញឥណ្ឌាមកទស្សនានូវប្រាសាទបុរាណរបស់កម្ពុជា ដូចជាប្រាសាទអង្គរជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏លើកទឹកចិត្តឲ្យមាននូវការហោះហើរដោយត្រង់ពីឥណ្ឌាមកកាន់កម្ពុជាដើម្បីរួមចំណែក ដល់ការដឹកជញ្ជូនភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាឲ្យកាន់តែច្រើនថែមទៀត៕